Showing posts with label ការសិក្សាEDUCATION. Show all posts
Showing posts with label ការសិក្សាEDUCATION. Show all posts

Monday, October 28, 2013

គ្រូ​បង្រៀន​នៅ​សៀមរាប​មិន​ពេញ​ចិត្ត​ការ​តម្រូវ​ឲ្យ​បង់​លុយ​ពេល​សុំ​ឡើង​កាំ​ប្រាក់

គ្រូ​បង្រៀន​ខ្លះ​នៅ​សាលា​គរុកោសល្យ​ខេត្ត​សៀមរាប បាន​សំដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​​មន្ត្រី​ ការងារ​​រដ្ឋបាល ដែល​​តម្រូវ​ឱ្យ​ពួកគេ​បង់​ប្រាក់​នៅ​ពេល​ដែល​ទទួល​ធ្វើ​សំណុំ​ឯកសារ​ជុំវិញ​ការ​សុំ​ដំឡើង​ថ្នាក់​មន្ត្រី​​រាជការ​នោះ។

ដោយ ហង្ស សាវយុត
2013-10-28

អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព

ក្រុម​គ្រូ​បង្រៀន​បាន​​និយាយ​ថា បច្ចុប្បន្ន​ពួកគេ​ដែល​មាន​តួនាទី​ត្រឹមតែ​គ្រូបង្រៀន គឺ​មិន​​មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​បង់​​ថ្លៃ​ឡើង​ថ្នាក់​បាន​ទេ។
គ្រូបង្រៀន​ថ្នាក់​មធ្យម​នៃ​កម្រិត​មូលដ្ឋាន​ម្នាក់ នៅ​សាលា​គរុកោសល្យ​ខេត្ត​សៀមរាប គឺ​លោក ជួប សំអុល។ លោក​បាន​មាន​ប្រសាសន៍​​កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៦ ខែ​តុលា ថា ជា​ច្រើន​ឆ្នាំ​មក​ហើយ ក្រុម​របស់​​​លោក​ដែល​​​មាន​គ្នា​ប្រមាណ ៦-៧​នាក់ ​បាន​ខិតខំ​ព្យាយាម​ទៅ​រៀន​នៅ​​មហា​វិទ្យាល័យ​ឯកជន លុះ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​​ហើយ គឺ​ស្ថាប័ន​ដែល​លោក​បម្រើ​ការ​បាន​អនុញ្ញាត​ឱ្យ​ឡើង​កាំ​ពិសេស។ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​ក្រុម​របស់​លោក​រៀបចំ​បំពេញ​ឯកសារ ដើម្បី​ឡើង​កាំ​ពិសេស​រួចរាល់ ស្រាប់​តែ​ខាង​​ហិរញ្ញវត្ថុ​តម្រូវ​ឱ្យ​បង់​​ប្រាក់​ម្នាក់ ២០​ដុល្លារ​សហរដ្ឋ​អាមេរិក។
លោក ជួប សំអុល បាន​​​​បញ្ជាក់​ថា លោក​មិន​ពេញ​ចិត្ត​ចំពោះ​​ការ​ដំឡើង​ឋានៈ​មន្ត្រី​រាជការ​តម្រូវ​ឱ្យ​បង់​លុយ​ដូច្នេះ​ទេ៖ «ខ្ញុំ​អត់​សប្បាយ​ចិត្ត ហើយ​ខ្ញុំ​ថា ខ្ញុំ​អត់​បង់​ទេ។ ១​កាំ ៣-​៤​ពាន់​រៀល រួច​ហើយ​ទារ​ដល់​ទៅ ២០​ដុល្លារ​អាមេរិក មាន​ស្អី? ...អយុត្តិធម៌​មែន​ទែន​តែម្ដង។ ធ្វើ​អ៊ីចឹង​គ្រូ​បាក់​ទឹក​ចិត្ត អ្នក​ខ្លះ​នោះ​អត់​ចង់​ធ្វើ ឮ​តែ ២០​ដុល្លារ​ គ្នា​អត់​លុយ​បង់។ ចង់​ឱ្យ​នាយកដ្ឋាន​បុគ្គលិក និង​ហិរញ្ញវត្ថុ ជួយ​ពន្យល់​ពី​បញ្ហា​ដំឡើង​កាំ​ពិសេស​ហ្នឹង ហេតុ​អ្វី​បាន​ជា​យក​លុយ?»
គ្រូបង្រៀន​ដដែល​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​លោក​ជជីក​សួរ​ពី​រឿង​នេះ គឺ​មន្ត្រី​មន្ទីរ​អប់រំ​ថ្នាក់​ខេត្ត​ឆ្លើយ​ថា ជា​គោលការណ៍​ដែល​ចេញ​ពី​ក្រសួង។
ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី ​មិន​អាច​ទាក់ទង​មន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដើម្បី​សុំ​ការ​ពន្យល់​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ។
ចំណែក​ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា ខេត្ត​សៀមរាប លោក អ៊ុង សេរីឌី បាន​បដិសេធ​មិន​​ធ្វើ​ការ​ពន្យល់​​បញ្ហា​នេះ ​ដោយ​លោក​មាន​ប្រសាសន៍​ថា កំពុង​ជាប់​រវល់​ប្រជុំ។
សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​អះអាង​ថា ការ​ដំឡើង​ថ្នាក់​គ្រូបង្រៀន​នៅ​តាម​បណ្ដា​​ខេត្ត​ក្រុង​នានា គឺ​ក្រសួង​អប់រំ​យុវជន​និង​កីឡា មិន​មាន​គោលការណ៍​ណា​មួយ​តម្រូវ​ឱ្យ​បង់​លុយ​ដូច្នេះ​ទេ។
ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន បាន​ចាត់​ទុក​ការ​យក​លុយ​ពី​គ្រូបង្រៀន​នៅ​ពេល​ឡើង​កាំ​មន្ត្រី​រាជការ​​នោះ គឺ​គ្រាន់​តែ​ជា​ការ​ឆ្លៀត​ឱកាស​ពី​ជន​​មួយ​ចំនួន​ដែល​ធ្វើ​ខុស​ច្បាប់៖ «ការ​ដែល​ទារ​ថ្លៃ​ហ្នឹង គ្រាន់​តែ​ជា​ជន​ឆ្លៀត​ឱកាស ដើម្បី​កេង​ចំណេញ​លើ​គ្រូបង្រៀន ឬ​មួយ​ក៏​ជា​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ហើយ»
លោក រ៉ុង ឈុន បាន​ជំរុញ​​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដែល​ទើប​តែ​ឡើង​កាន់​តំណែង​ថ្មី ត្រូវ​ចាត់​វិធានការ​ផ្លូវ​ច្បាប់ ដើម្បី​លុប​បំបាត់​បញ្ហា​ទាំង​នោះ ជៀសវាង​កុំ​​ឱ្យ​មាន​បញ្ហា​ដដែលៗ​នេះ​នៅ​តែ​កើត​មាន​តាំង​តែ​ពី​យូរ​មក​ហើយ និង​បន្ត​ទៅ​មុខ​ទៀត៕

ផ្សាយបន្តពី RFA ភាសាខ្មែរ

Thursday, October 24, 2013

ក្រសួង​ប្រកាស​កែ​ទម្រង់​និង​ពង្រឹង​វិស័យ​អប់រំ

រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ទើប​ចូល​កាន់​តំណែង​ថ្មី បាន​ប្រកាស​អំពី​ការ​កែ​ទម្រង់​លើ​វិស័យ​អប់រំ និង​ពង្រឹង​វិស័យ​អប់រំ ឡើង​វិញ។ កន្លង​មក វិស័យ​អប់រំ​កម្ពុជា ទទួល​រង​ការ​រិះគន់​ជាច្រើន ដូច​ជា ប្រាក់​ខែ​មន្ត្រី​រាជការ ពិសេស​គ្រូ​បង្រៀន​មិន​អាច​សមាមាត្រ​នឹង​តម្លៃ​ទំនិញ ដែល​នាំ​ឲ្យ​គ្រូ​ខ្លះ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​គ្រូ​ខ្លះ​យក​ម៉ោង​រដ្ឋ​ទៅ​បង្រៀន​សាលា​ឯកជន​ជាដើម។

ដោយ អ៊ុក សាវបូរី
2013-10-21
RFA
ស្ដាប់ ឬ ទាញ​យក​សំឡេង 
ស្តាប់សំឡេង ថតសំឡេង
ហង់ ជួនណារ៉ុន ៦១០
រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន ថ្លែង​ក្នុង​វេទិកា​ស្ដីពី​ការងារ​អប់រំ យុវជន និង​កីឡា នា​វិទ្យាស្ថាន​ជាតិ​អប់រំ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៣។ RFA/Ouk Savborey
លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី ប្ដេជ្ញា​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​៣ របស់​រាជ​រដ្ឋាភិបាល ដែល​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​នៅ​ក្នុង​អង្គ​ប្រជុំ​គណៈរដ្ឋមន្ត្រី​លើក​ទី​១ សម្រាប់​នីតិកាល​ទី​៥។
រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន ថ្លែង​ថា អាណត្តិ​ថ្មី​របស់​រាជ​រដ្ឋាភិបាល គឺ​ជា​របត់​ថ្មី​មួយ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា គឺ​ត្រូវ​ដណ្ដើម​មក​វិញ​នូវ​បេះដូង​បុគ្គលិក​សិក្សា និង​យុវជន ដែល​ស្ថិត​ក្នុង​វ័យ​សិក្សា។ លោក​ថ្លែង​យ៉ាង​ដូច្នេះ ក្នុង​សន្និសីទ​ស្ដីពី​ការងារ​អប់រំ យុវជន និង​កីឡា ឆ្នាំ​២០១៣ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​តុលា ដែល​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​ក្រសួង និង​មន្ត្រី​ក្រោម​ឱវាទ​ក្រសួង​អប់រំ ប្រមាណ ៩០០​នាក់។
លោក ហង់ ជួនណារ៉ុន៖ «ហើយ​ធ្វើ​ការ​មិន​ចេះ​តែ​បក្ខពួក​គេ តែង​តាំង​តែ​បក្ខពួក​ខ្លួន​ឯង​ទៅ​អ្នក​ផ្សេង​ទៀត​អត់​មើល អ៊ីចឹង​ជា​ចំណុច​មួយ អ្នក​ដែល​គ្នា​ពូកែ គេ​អត់​ចង់​នៅ​ទេ​កន្លែង​ហ្នឹង ធ្វើ​ម៉េច​ត្រូវ​តែ​ចេញ​ទៅ​ធ្វើ​ការ​នៅ​ខាង​ក្រៅ ហើយ​បើ​សិន​ជា​យក​បក្ខពួក​និយម យក​គ្រួសារ​និយម​ទៅ ដូច​បក្ខពួក​ខ្លួន បាន​ឡើង​តំណែង អា​ហ្នឹង​ហើយ​ដែល​បង្កើត​ជា​បញ្ហា​ធំ»
លោក​បន្ត​ថា ក្រៅ​ពី​កែលំអ​គុណភាព​អប់រំ ក៏​ត្រូវ​ពិនិត្យ​កន្លែង​លេង​កីឡា​របស់​សិស្ស​ដែរ៖ «កំណែ​ទម្រង់​វិស័យ​កីឡា​ធំ​ណាស់។ យើង​មើល​ការ​គ្រប់គ្រង​របស់​យើង​កន្លង​ទៅ​នេះ ហាក់​មាន​ការ​ធូររលុង ដោយសារ​តែ​កន្លែង​ដែល​ទាត់​បាល់​កីឡាដ្ឋាន​ជាតិ គេ​យក​ទៅ​ជួល​ទៅ​អី​ធ្វើ​ឲ្យ​មាន​បញ្ហា។ អ៊ីចឹង ត្រូវ​ពិនិត្យ​ឡើង​វិញ អ្នក​ដែល​កាន់​ខាង​កីឡា សុំ​ពិនិត្យ​ឡើង​វិញ ហើយ​កែ​ទម្រង់​វិស័យ​របស់​ខ្លួន»
វេទិកា​បាន​កំណត់​អាទិភាព​នៃ​កំណែ​ទម្រង់​វិស័យ​អប់រំ យុវជន និង​កីឡា ឆ្នាំ​២០១៣ ទៅ​ឆ្នាំ​២០១៨។
លោក ហង់ ជួនណារ៉ុន បន្ត​ថា ដើម្បី​ធ្វើ​កំណែ​ទម្រង់​វិស័យ​អប់រំ ក្រសួង​អប់រំ បាន​រៀប​ចំ​ឯកសារ​ឲ្យ​មាន​ការ​កែ​ទម្រង់​ដូច​ជា ឧត្តម​សិក្សា​ត្រូវ​ជជែក​គ្នា​រវាង​ផ្ទៃ​ក្នុង​ក្រសួង ជាមួយ​នឹង​គ្រឹះស្ថាន​ឧត្តម​សិក្សា ហើយ​អនុវត្ត​ឲ្យ​បាន​ក្នុង​រយៈពេល ៥​ឆ្នាំ។ ទី​២ គោល​នយោបាយ​បណ្ដុះ​បណ្ដាល​បច្ចេកទេស។ ទី​៣ គោល​នយោបាយ​ស្ដីពី​ការ​បង្កើត​ការងារ​ដល់​យុវជន៖ «ពីព្រោះ​យុវជន​ហ្នឹង​សំខាន់​ណាស់ ៥០% នៃ​ប្រជាជន​កម្ពុជា មាន​អាយុ​ពី ១៥​ឆ្នាំ ទៅ ២៤​ឆ្នាំ ហើយ​បើ​គិត​ទៅ​ដល់ ៣០​ឆ្នាំ មាន​ជាង ៧០%។ អ៊ីចឹង ការងារ​យុវជន​នេះ គឺ​សំខាន់​ណាស់ ដែល​យុវជន​យើង​ដែល​មិន​សូវ​មាន​ជំនាញ​អ៊ីចឹង យើង​ត្រូវ​មាន​វគ្គ​បណ្ដុះ​បណ្ដាល​ខ្លី វែង​អ៊ីចឹង ការ​ផ្តល់​អាហារូបករណ៍​អ៊ីចឹង»
លោក ហង់ ជួនណារ៉ុន បន្ថែម​ថា មាន​ការ​រិះគន់​ពី​ការ​ប្រឡង​បាក់​ឌុប ដែល​ត្រូវ​កែលំអ និង​ត្រូវ​ជជែក​គ្នា​តាំង​ពី​ឥឡូវ រហូត​ដល់​ចុង​ឆ្នាំ។ ការ​ជជែក​ត្រូវ​ឲ្យ​អស់​ពី​វិធាន​ការ​ដែល​ត្រូវ​ធ្វើ ហើយ​នៅ​ពេល​ប្រឡង​បាក់​ឌុប លើក​ក្រោយ ត្រូវ​ធ្វើ​ឲ្យ​បាន ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ទាំងអស់​គ្នា​ទទួល​ស្គាល់៖ «ព្រោះ​សង្គម​យើង​គេ​មើល​ការងារ​មិន​ល្អ​មក​ពី​បាក់​ឌុប វា​មិន​កើត។ អ៊ីចឹង​អ្នក​ដែល​ប្រឡង​ចេញ​ហ្នឹង ក៏​មាន​បញ្ហា ហើយ​ទៅ​មុខ​ទៀត ក៏​មាន​បញ្ហា ហើយ​បើ​យើង​ធ្វើ​រឿង​នេះ​មិន​បាន យើង​ចង់​ធ្វើ​អី​ទៀត​ដែល​ល្អ​ក៏​គេ​អត់​ជឿ​ដែរ»
គ្រូ​បង្រៀន ៦១០
បុគ្គលិក​សិក្សា​ចូល​រួម​ក្នុង​វេទិកា​ស្ដីពី​ការងារ​អប់រំ យុវជន និង​កីឡា នា​វិទ្យាស្ថាន​ជាតិ​អប់រំ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៣។ RFA/Ouk Savborey
លោក​បន្ថែម​ថា កន្លង​មក​ការ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ បាន​ធ្វើ​ការ​ផ្ទុយ​គ្នា។ អ្នក​កាន់​គោល​នយោបាយ មិន​បាន​ធ្វើ​ការ​ជាមួយ​អ្នក​កាន់​ថវិកា​ទេ ឥឡូវ​នេះ​ត្រូវ​ប្ដូរ​ឲ្យ​មាន​ការ​អង្គុយ​ជជែក​គ្នា ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​កិច្ច​សហការ​គ្នា ដើម្បី​អភិវឌ្ឍ​ជាតិ​ទាំង​មូល៖ «អ្នក​ដែល​កាន់​គោល​នយោបាយ​មាន​តែ​គោល​នយោបាយ អ្នក​ដែល​កាន់​លុយ​មាន​តែ​លុយ។ ដល់​អ៊ីចឹង វា​អត់​ស៊ី​គ្នា អ៊ីចឹង​យើង​ត្រូវ​ធ្វើ​ម៉េច​ឲ្យ​វា​ស៊ី​គ្នា ពី​រឿង​គោល​នយោបាយ ហើយ​និង​ធនធាន ទាំង​ធនធាន​មនុស្ស ក៏​ដូច​ជា​ធនធាន​ហិរញ្ញវត្ថុ»
ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ថ្លែង​ថា សមាគម​នេះ​រង់ចាំ​មើល​ការ​អនុវត្ត​យុទ្ធសាស្ត្រ​កំណែ​ទម្រង់​វិស័យ​អប់រំ​របស់​ក្រសួង​អប់រំ ដែល​ស៊ី​ជម្រៅ ហើយ​សមាគម​គ្រូ​នឹង​គាំទ្រ​ការ​អនុវត្ត​បាន ប្រសិន​បើ​រដ្ឋមន្ត្រី​ឡើង​កាន់​តំណែង​ថ្មី​ជួយ​ស៊ើប​អង្កេត​ពី​អំពើ​ពុក​រលួយ​នៅ​ពេល​ប្រឡង​គ្រូ​ថ្មីៗ នៅ​តាម​បណ្ដា​ខេត្ត​ដែល​កំពុង​តែ​មាន​សំណូក៖ «ប្រឡង​គ្រូ​ឧត្តម​សិក្សា​ថ្ងៃ​២៩ កញ្ញា កន្លង​ទៅ​នេះ ក៏​ឃើញ​មាន​ការ​ពុក​រលួយ​ពី ៣​ពាន់​ដុល្លារ ទៅ ៣.៥០០​ដុល្លារ ជាប់ ហើយ​ឲ្យ​លោក​រដ្ឋមន្ត្រី​ត្រូវ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត»
សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​ពី​ការ​កែ​ទម្រង់​មាន ទី​១ បញ្ហា​ប្រឈម​ចំពោះ​មុខ ដូច​ជា​ការ​គ្រប់គ្រង​បុគ្គលិក ការ​ប្រឡង​នៅ​គ្រប់​កម្រិត​សិក្សា គុណភាព​អប់រំ​យុវជន​មាន​ជំនាញ​ទាប។ ទី​២ បញ្ហា​គន្លឹះ ដូច​ជា ពង្រឹង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ និង​ការ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​រដ្ឋ ពង្រឹង​ការ​គ្រប់គ្រង​បុគ្គលិក ពង្រឹង​ការ​ប្រឡង​គ្រប់​ប្រភេទ បង្កើត​ធនាគារ​ខួរ​ក្បាល​ក្នុង​វិស័យ​អប់រំ កំណែ​ទម្រង់​ឧត្តម​សិក្សា បង្កើន​គុណភាព​សិក្សា​ឲ្យ​មាន​ការ​អភិវឌ្ឍ​សម្រាប់​យុវជន នូវ​ជំនាញ​បច្ចេកទេស និង​ជំនាញ​ទាន់​ពេល និង​កំណែ​ទម្រង់​ការ​អប់រំ​កាយ និង​កីឡា៕
ផ្សាយបន្តពី៖ ទំព័រព័ត៌មានខ្មែរ 

Thursday, September 26, 2013

វចនានុក្រម​ខ្មែរ​ចាំ​បាច់​ត្រូវ​ធ្វើ​កំណែ​ទម្រង់​ថ្មី

130926_02
អ្នកកែអក្ខរា​វិរុទ្ធ​ភ្នំ​ពេញ​ប៉ុស្តិ៍ផ្ទៀងផ្ទាត់​ពាក្យ​ក្នុង​វចនា​នុក្រម។ រូបថត លីណា
រាល់​អត្ថបទ​របស់​ខ្ញុំ​ដែល ភ្នំពេញ ប៉ុស្តិ៍ ចុះ​ផ្សាយ​ឲ្យ​ខ្ញុំ​តែង​យក​ចិត្ត​ទុក​ដាក់​អាន​ឡើង​វិញ​ហើយ​សង្កេត​ឃើញ​ថា​ពាក្យ​ពេចន៍​មួយ​ចំនួន ត្រូវ​បាន​កែ​តម្រូវ​ខ្លះៗ​ផ្នែក​ខាង​អក្ខរាវិរុទ្ធ ដែល​នេះ​ជា​មោទនភាព​មួយ​ចំពោះ​ខ្ញុំ​។ នៅ​ភ្នំពេញ ក្មួយ​ស្រី​ម្នាក់​ឈ្មោះ ចិន បាន​ទិញ​សៀវភៅ​វចនានុក្រម​ខ្មែរ​មួយ​ក្បាល​ផ្ញើ​ឲ្យ​ខ្ញុំ ហើយ​ដែល​ខ្ញុំ​ប្រើ​ប្រាស់​ជា​រឿយៗ។ គឺជា​សៀវភៅ​ភាគ​មួយ​និង​ពីរ​បោះពុម្ព​ក្នុង​ឆ្នាំ ១៩៦៨ មាន​ចំនួន​តែ ៩៦៥ ទំព័រ​ប៉ុណ្ណោះ។
ទោះ​យ៉ាង​ណា​ក្នុង​ឱកាស​ដែល​ខ្ញុំ​កំពុង​សរសេរ អត្ថបទ​នីមួយៗ ទោះ​ជា​មាន​សៀវភៅ​នេះ នៅ​ក្បែរ​ដៃ​ក្តី គឺ​ខ្ញុំ​មិន​សូវ​ប្រើ​ប្រាស់​ដើម្បី​ផ្ទៀង​ផ្ទាត់​មើល​អក្ខរាវិរុទ្ធ​ឲ្យ​បាន​ជាក់​លាក់​នោះ​ទេ។ ព្រោះ​ខ្ញុំ​សំអាង​ភាគ​ច្រើន​ទៅ​លើ​ការ​ចង​ចាំ។ តែ​ការ​ចង​ចាំ​របស់​ខ្ញុំ​នោះ នៅ​តែ​មាន​ការ​ភ្លាត់​ភ្លាំង​ហើយ​ក៏​សរសេរ​ខុស​ខ្លះៗ​ជា​ប្រចាំ។ ខ្ញុំ​នឹង ពន្យល់​ពាក្យ (អក្ខរាវិរុទ្ធ) ជា​ពាក្យ (គោល) ដែល​អ្នក​អាន​ខ្លះ ប្រហែល​ជា​មិន​អាច​រក​ពាក្យ​នេះ​ឃើញ​ទេ នៅ​ក្នុង​សៀវភៅ​វចនានុក្រម​ខ្មែរ មួយ​នេះ​បើ​គេ​គ្មាន​ចិត្ត​អត់ធ្មត់ ហើយ​អាន​ឲ្យ​បាន​ហូរ​ហែ នូវ​ពាក្យ​ក្បែរៗ​នោះ​។ តាម​ពិត​ពាក្យ (អក្ខរាវិរុទ្ធ) គេ​អាច​រក​ឃើញ​ក្នុង​ឃ្លា​ពន្យល់​នៃ​ពាក្យ (អក្ខរៈ) ទំព័រ ៨០១-៨០២ ។ ខ្ញុំ​យល់​ថា នេះ​ជា​ការ​ខុស​ឆ្គង​ក្នុង​ការ​តាក់​តែង​វចនានុក្រម​ព្រោះ​ពាក្យ (អក្ខរា វិរុទ្ធ) ជា​ពាក្យ​គោល​ដែល​អ្នក​អាន​មាន​ពេល​ខ្លះ ត្រូវ​ការ​រក​មើល​ដើម្បី​សរសេរ​ឲ្យ​បាន​ត្រឹម​ត្រូវ​ឬ​ក៏​ឲ្យ​បាន​យល់​ន័យ​នៃ​ពាក្យ។ គេ​មិន​គួរ​យក​ពាក្យ​គោល ទៅ​បង្កប់​ក្នុង​ការ​ពន្យល់​នៃ​ពាក្យ​ណា​មួយ​សោះ​ឡើយ​ព្រោះ​វា​នាំ​ឲ្យ ពិបាក​រក។
ដូច​គ្នា​នេះ​ដែរ​ពាក្យ (អតិបរមា) ដែល​ជា​ពាក្យ​គោល ក៏​គេ​ដាក់​បង្កប់​ជាមួយ​ការ​ពន្យល់​នៃ​ពាក្យ (អតិ) ក្នុង​ទំព័រ ៨២០ រួម​នឹង​ពាក្យ​គោល​ដទៃ​ជាច្រើន​ទៀត​ក្នុង​ទីនោះ។ កំហុស​នេះ​គេ​ចាំ​បាច់​ត្រូវ​លុប​ចោល​ហើយ​សូម​តាក់​តែង​ឲ្យ​មាន​ទម្រង់​ថ្មី​ល្អ​ដើម្បី​បង្កើត​ការ​ងាយ​ស្រួល​ចំពោះ​សិស្ស​ឬ​និស្សិត​ខ្មែរ​និង បរទេស។
យើង​ដឹង​ហើយ​ថា ការ​ខិត​ខំ​រៀន​សូត្រ​ដើម្បី​ក្រេប​យក​ចំណេះ​វិជ្ជា​ផ្សេងៗ​ជា​ធម្មតា​មាន​ការ​ពិបាក​ច្រើន យោង​តាម​កម្រិត​នៃ​ចំណេះ​វិជ្ជា​ទាំង​នោះ។ ដូច្នេះ​អ្វី​ដែល​យើង (អាច) កែ​សម្រួល​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​បាន​គឺ​យើង (ចាំបាច់) ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ស្រេច​តែ​ម្តង​ដើម្បី​ជា (ផ្លូវ​ល្អ) សម្រាប់​សម្រួល​ការ​ធ្វើ​ដំណើរ​ក្នុង​ការ​សិក្សា។ ជា​ការ​ប្រាកដ ណាស់​ដែល​ថា កិច្ចការ​នៃ​ការ​បង្កើត​ផ្លូវ​ល្អ​នីមួយៗ​គឺ​គេ​រមែង​ជួប​ប្រទះ​ការ​លំបាក តិច​ឬ​ច្រើន។
ក៏​ប៉ុន្តែ​លុះ​ការ​អត់​ធ្មត់​ព្យាយាម ក្នុង​ការ​កសាង​ផ្លូវ​ល្អៗ​បាន​សម្រេច​និង​បាន​ប្រសើរ​ជា​បរិបូណ៌​និង ជា​ស្ថាពរ​ហើយ​កម្រិត​នៃ (លទ្ធផល​វិជ្ជមាន) ដែល​វា​ផ្តល់​មក​ពី​ការ​ព្យាយាម​និង​អត់ធ្មត់ សម្រាប់​ជីវិត​រស់​នៅ​គឺ​អាច​មាន​ទំហំ​ធំធេង ដែល​យើង​ប្រហែល​ជា​មិន​អាច​ប៉ាន់​ស្មាន​បាន​ជា​មុន​នោះ​ឡើយ​ពី​ព្រោះ (ការ​ដុះ​ដាល​លូត​លាស់) ទៅ​មុខ​នៃ​ដំណើរ​ជីវិត​ដែល​មាន​ចំណេះ​ចេះ​ដឹង​ជា​ជំនួយ​គឺ (គ្មាន​ព្រំដែន) ឬ​ពេល​វេលា​កំណត់​ទាល់​តែ​សោះ ប្រៀប​បាន​នឹង​ចំណេះ​វិជ្ជា​ផ្នែក​វិទ្យាសាស្ត្រ​ទូទៅ​ក្នុង​សម័យ​ទំនើប នេះ​ដែល​ហាក់​ដូចជា​ហោះ​ហើរ​កាន់​តែ​ខ្ពស់​កាន់​តែ​ឆ្ងាយ​ទៅ​ក្នុង​លំហ​ដ៏​ល្ហល្ហេវ​នៃ​អាកាស​វេហាស៍ គ្មាន​ទំនប់ និង​គ្មាន​របាំង​អ្វី​ទាំង​អស់​នោះ។
ដូច្នេះ​ក្នុង​ចំណោម​កិច្ចការ​រាប់​ពាន់​រាប់​ម៉ឺន​ជំពូក ដែល​យើង​ត្រូវ​បង្កើត​ឬ​ត្រូវ​ធ្វើ​ដើម្បី​សម្រួល​ដំណើរ​ជីវិត​យើង​ឲ្យ​ទទួល​បាន​ជោគជ័យ​ជា​អតិបរមា គឺ​យើង​ត្រូវ​ធ្វើ​ឲ្យ​បាន​សម្រេច​ជា​ដាច់​ខាត​។ ក្នុង​ចំណោម​កិច្ចការ ទាំង​នេះ ខ្ញុំ​មើល​ឃើញ​ថា វចនានុក្រម​ខ្មែរ​គឺ (ជា​ដាច់​ខាត និង​ចាំ​បាច់) ត្រូវ​តែ​មាន​កំណែ​ទម្រង់​ថ្មី តាក់​តែង​រៀបចំ​ឲ្យ​ស្អាត​បាត​ល្អ​ប្រសើរ​ទោះ​ជា​ដំណើរ​នៃ​ការ​កែ​លម្អ​សៀវភៅ​នេះ​នឹង​ជួប​ប្រទះ​នូវ​ការ​ពិបាក​យ៉ាង​ណា​ក្តី។ នេះ​ជា​កិច្ចការ​ពិបាក​ដែល​នឹង​ផ្តល់​នូវ​ផល​វិជ្ជមាន​ធំ ចំពោះ​ជាតិ សាសន៍​ខ្មែរ​។ យើង​ដឹង​ហើយ​ថា ពិភពលោក​នេះ​គឺ​ពោរ​ពេញ​ទៅ​ដោយ​គ្រោះថ្នាក់។ មនុស្ស​ណា​ដែល​ខ្សោយ​ទាំង​កម្លាំង​កាយ កម្លាំង​ចិត្ត​និង​កម្លាំង​ប្រាជ្ញា​គឺ​រស់​មិន​បាន​ស្រួល​មិន​បាន​សុខសាន្ត​ជា​បរិបូណ៌ និង​ស្ថិត​ស្ថេរ​នោះ​ឡើយ​។
វចនានុក្រម​ខ្មែរ ចាំ​បាច់​ត្រូវ​មាន​កំណែ​ទម្រង់​ថ្មី បើ​មិន​អ៊ីចឹង​ទេ (ភាព​លំបាក​លំបិន​ដ៏​ឥត​ចាំ​បាច់) នឹង​ដាក់​បន្ទុក​ធ្ងន់​ធ្ងរ​ទៅ​លើ​ខួរ​ក្បាល​ហើយ​វា​អាច​បង្ក​ឲ្យ​មាន​ភាព​យឺត​យ៉ាវ ក្នុង​ការ​រៀន​សូត្រ​ចេះ​ដឹង ដែល​ជួន​កាល​វា​ធ្វើ​ឲ្យ​អ្នក​រៀន​សូត្រ​មាន​ការ​ធុញ​ទ្រាន់​ខ្លាំង​ដោយសារ​ការ​តាក់​តែង​រៀប​រៀង​សៀវភៅ​មិន​បាន​ល្អ​ហើយ​តម្រេក​នៃ​ការ​រៀន​សូត្រ​អាច​ថម​ថយ​ចុះ​បាន​។ គេ​គួរ​រៀបចំ​សរសេរ​ពាក្យ​គោលៗ​ទាំង​អស់​ឲ្យ​នៅ​ខាង​ដើម​បន្ទាត់​ដើម្បី​ជា​ការ​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក ហើយ​ដែល​វា​មិន​ធ្វើ​ឲ្យ​អ្នក​អាន​ខក​ចិត្ត​មាន​ការ​ធុញ​ទ្រាន់​នឹង​ចំណាយ​ពេល​ច្រើន​ដោយ​មិន​ចាំ​បាច់​ក្នុង​ការ​ប្រើ​ប្រាស់​វចនានុក្រម​នោះ។
ជា​ការ​ប្រសើរ​ណាស់​ទៅ​ទៀត បើ​គេ​អាច​ប្រើ​អក្សរ​ពុម្ព តូច​ធំ ដែល​មាន​ភាព​ច្បាស់​ល្អ​ហើយ​ថែម​ទាំង​មាន​គំនូរ​ឬ​រូបភាព​ផ្សេងៗ បូក​បញ្ចូល​ក្នុង​ទំព័រ​ខ្លះៗ​ផង​ទូទាំង​សៀវភៅ​ដែល​វា​នឹង​ធ្វើ​ឲ្យ​សៀវភៅ​នោះ​មាន​តម្លៃ​ហើយ​អ្នក​ប្រើប្រាស់ មាន​ការ​ចាប់​អារម្មណ៍​ចង់​អាន​ចង់​មើល​រូប​និង​ចង់​ស្រាវជ្រាវ​ជា​បន្ត។ ដូច្នេះ​គំនិត​ប្រាជ្ញា​និង​កំណើន​នៃ​ការ​រៀនសូត្រ​ចេះ​ដឹង​នឹង​ដុះ​ដាល​លូត​លាស់​បាន​ជឿន​លឿន​យ៉ាង​ប្រសើរ​ជា​ពិសេស​ក្នុង​ចំណោម​សិស្សា​នុសិស្ស​នៅ ក្នុង​យុវវ័យ។ រូបភាព​ក្នុង​សៀវភៅ​គឺ​ដូច​ប្រហុក​និង​សត្វ​រុយ​ឬ​ស្ករ និង​ស្រមោច។
មាន​ពាក្យ​ពេចន៍​ខ្លះៗ​ដែល​ខ្ញុំ (រក​មិន​ឃើញ) ក្នុង​វចនានុក្រម​ខ្មែរ មួយ​នេះ​។ មាន​ដូច​ជា​ពាក្យ (វិរបុរស) (វិរជន) (បរិបូណ៌) ឬ (និរន័យ) ជាដើម។ ពាក្យ (និរន័យ) នេះ​មាន​ន័យ​ថា (ការ​វិនិច្ឆ័យ) ត្រូវ នឹង​ពាក្យ​អង់គ្លេស ឬ​បារាំង​ថា verdict ។ ខ្ញុំ​បាន​រក​ឃើញ​ពាក្យ​នេះ​នៅ​ក្នុង​វចនានុក្រម​បារាំង​ខ្មែរ​ដែល​តាក់​តែង​រៀប​រៀង​ដោយ​លោក លីវូអុង បោះពុម្ព​លើក ទី១​ក្នុង​ឆ្នាំ ១៩៧១ ដោយ ខេមរបណ្ណាគារ ហើយ​ខ្ញុំ​បាន​សង្កេត​ឃើញ​ថា ពាក្យ (មហិច្ឆតា) គឺ​សរសេរ​ខុស​គ្នា​ពី​សៀវភៅ​លោក លីវូអុង ដែល​គេ​សរសេរ​ពីរ​ដង​ថា (មហិច្ឆតា) ត្រូវ​នឹង​ពាក្យ ambitieux & ambition។
ចំណែក​ឯ​ពាក្យ (មោទនភាព) ដែល​យើង​រាល់​គ្នា​ធ្លាប់​ឮ ធ្លាប់​ប្រើ​ក៏​ខ្ញុំ​រក​ពុំ​ឃើញ​សោះ​ដែរ តែ​ខ្ញុំ​រក​ឃើញ​ពាក្យ (មោទកភាព) នៅ​ចុង​បំផុត​នៃ​ទំព័រ ៤៥៥ ដែល​មាន​អត្ថន័យ​ថា​ភាព​ឬ​ភាវៈ​ជា​អ្នក​រីករាយ។ តែ​ពាក្យ​បន្ទាប់​នោះ​គឺ (មោទនា) មាន​ន័យ​ស្រដៀង​គ្នា​នឹង​ពាក្យ (មោទកភាព)។ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ខ្ញុំ​រក​ឃើញ​ពាក្យ (មោទកភាព) នេះ​ព្រោះ​ថា​ជា​រឿយៗ​និង​ជា​ទូទៅ​យើង​រាល់​គ្នា​តែង​តែ​ប្រើ​ពាក្យ (មោទនភាព) ក្នុង​ការ​សរសេរ​សំដៅ​ទៅ​អត្ថន័យ​នៃ​សេចក្តី​រីករាយ​ក្នុង​ដួង​ចិត្ត។ រីឯ​ពាក្យ​ដែល​ខ្ញុំ ធ្លាប់​ឃើញ​គេ​សរសេរ​ថា (ផ្ញើរ) ត្រូវ​បាន​កែ​ប្រែ​ជា (ផ្ញើ) ទៅ​វិញ​ដែល​មើល​ទៅ​ឃើញ​ដូច​ជា​ទាស់​ភ្នែក។
គូរ​ស្រករ​គេ​សរសេរ​កែ​ជា (គូ) ស្រករ។ ពាក្យ​ពត៌មាន​កែ​ជា​ព័ត៌មាន។ល។ ខ្ញុំ​ក៏​បាន​សង្កេត​ឃើញ​ផង​ដែរ​នូវ (ភាព​ខ្ជីខ្ជា​ឬ​ខ្ជិល​ច្រអូស) របស់ អ្នក​តាក់​តែង​បោះពុម្ព​សៀវភៅ​ដ៏​ចាំ​បាច់​មួយ​នេះ​ដោយ​សារ (ទំព័រ ច) ខាង​ដើម​សៀវភៅ​ត្រូវ​បាន​គេ​បោះពុម្ព​បញ្ច្រាស ដែល​គេ​មិន​អាច​អាន​បាន​ឡើយ។ ពាក្យ (ទុព្វលភាព) ក្នុង​ទំព័រ ២១២ គេ​សរសេរ​ថា (ទុព្វភាព) ដែល​ជា​កំហុស​ផ្នែក​អក្ខរាវិរុទ្ធ។ នេះ​ជា​សៀវភៅ​ដ៏​សំខាន់​សម្រាប់​កូន​ខ្មែរ​តែ​គេ​ធ្វើ​ការ​យ៉ាង​ខ្ជី​ខ្ជា​ឲ្យ​តែ​រួច​ពី​ដៃ​គ្មាន​គិត​ពី​តម្លៃ​និង​សារៈ​សំខាន់​របស់​វា​ទាល់​តែ​សោះ។ មនុស្ស​ខ្វះ​សមត្ថភាព ឬ​ខ្ជិល​ច្រអូស​ដូច្នេះ​មិន​គួរ​ធ្វើ​កិច្ចការ​សំខាន់​នេះ​ទេ។
ជា​ចុង​បញ្ចប់ យោបល់​ឬ​សំណូមពរ​ដ៏​ទទូច​របស់​ខ្ញុំ​គឺ​ថា ផ្លូវ​ល្អ​ដ៏​ចាំ​បាច់​ក្នុង​ការ​តាក់​តែង​រូប​រាង​ថ្មី​នៃ​វចនានុក្រម ខ្មែរ គឺ​ដាច់​ខាត​ត្រូវ​តែ​កែ​ប្រែ​បង្កើត​ឲ្យ​បាន ដើម្បី​ជា​លម្អ​នៃ​ទ្រព្យ​សម្បត្តិ​ខ្មែរ និង​ជា​ផល​ប្រយោជន៍​ធំ​ដល់​ប្រជា​រាស្ត្រ និង​ជាតិ​សាសន៍​ខ្មែរ​។ ប្រសិន​បើ​កំណែ​ទម្រង់​នេះ​ឬ​កិច្ចការ​នេះ គេ​មិន​ព្រម​ធ្វើ​ការ​កែប្រែ​ហើយ​ក៏​មិន​អើពើ​ទេ​នោះ​គឺ​ខ្មែរ​ប្រាកដ​ជា មាន (ការ​ពិបាក​ដ៏​ឥត​ចាំ​បាច់) ដទៃៗ​ជាច្រើន​ទៀត នៅ​ស្អេក​ស្កះ​ពាស​ពេញ​ទាំង​ផ្ទៃ​សង្គម​ដ៏​កម្សត់​មួយ​នេះ ដែល​ជាយថាហេតុ​វា​នឹង​នៅ​តែ​បង្កើត​ឲ្យ​មាន​ភាព​តឹង​ស្អិត the friction ក្នុង​ដំណើរ​នៃ​ជីវិត​ខ្មែរ​ទាំង​រាប់​លាន​នាក់ ដោយ​គ្មាន​ពេល​កំណត់​សោះ​ឡើយ៕
ខ្ញុំ ជូលាង ហាក់, អ៊ីមែលៈ hakchou@hotmail.com

Friday, April 5, 2013

ការទទួលខុសត្រូវ​ចំពោះ​ខ្លឹមសារ​ដែល​ចុះផ្សាយ​លើ​ប្រព័ន្ធ​អ៊ីនធ័រនែត


សេង ឌីណា
សេង ឌីណា
©RFI
ដោយ សេង ឌីណា
នៅក្នុងនាទីយល់ដឹង​ពី​ច្បាប់ នៅថ្ងៃ​នេះ សេង ឌីណា សូម​ធ្វើការ​ពន្យល់​ជុំវិញ​ការ​ទទួលខុសត្រូវ ចំពោះ​ខ្លឹមសារ ដែល​ចុះផ្សាយ​នៅលើ​ប្រព័ន្ធ​អ៊ីនធ័រនែត។ នៅពេល​ដែល​ការចុះផ្សាយ​នៅលើ​វិបសៃត៍​ណាមួយ មាន​បង្កប់​នូវ​ខ្លឹមសារ​មិនស្របច្បាប់  តើ​អ្នកណា​ជា​អ្នក​ទទួលខុសត្រូវ?
សំណួរ-នៅ​ក្នុង​សម័យកាល​អ៊ីនធ័រនែត​បច្ចុប្បន្ន​នេះ រាល់ការ​ចុះផ្សាយ​អត្ថបទ រូបភាព ឬ​វីដេអូ គឺ​ជា​រឿង​ដែល​ងាយស្រួល​បំផុត ដែល​នរណា​ក៏​អាច​ធ្វើ​បាន​ដែរ។ ក៏ប៉ុន្តែ ប្រសិនបើ​ការ​ចុះផ្សាយ​ទាំងអស់​នេះ មាន​ចោទ​ជា​បញ្ហា​ច្បាប់ តើ​​អ្នក​ណាខ្លះ ដែល​​ជា​អ្នក​ទទួលខុសត្រូវ?
 
មុននឹង​ពិចារណា​អំពី​ការទទួលខុសត្រូវ យើង​គួរ​ពិនិត្យ​មើល​សិន​ថា តើ​តួអង្គសំខាន់ៗ នៅ​ក្នុងការ​ចុះផ្សាយ​លើ​ប្រព័ន្ធ​អ៊ីនធ័រនែត មាន​អ្នកណា​ខ្លះ?
  • អ្នក​និពន្ធ៖ អ្នកបង្កើត​ខ្លឹមសារ​ដែល​ត្រូវ​ចុះផ្សាយ (អ្នក​និពន្ធ​អត្ថបទ, អ្នក​ថតរូប, អ្នក​ថតវីដេអូ, អ្នកគូរគំនូរ ។ល។)
  • អ្នកទទួលខុសត្រូវ​ចុះផ្សាយ៖ ម្ចាស់វិបសៃត៍, ម្ចាស់ប្លក (Blog), ម្ចាស់ Forum
  • អ្នកផ្តល់​សេវាកម្ម​វិបសៃត៍ (Hébergeur/Host)
  • ក្រុមហ៊ុន​​ផ្តល់​សេវាកម្ម​អ៊ីនធ័រនែត(Fournisseur d’accès à internet/Internet Service Provider)
ឧទាហរណ៍៖ ខ្ញុំ​បង្កើត Blog ផ្ទាល់ខ្លួនមួយ តាមរយៈ​វិបសៃត៍របស់ Blogspot.com​ (dynaseng.blogspot.com)។ តួអង្គសំខាន់ៗ ដែល​ពាក់ព័ន្ធ​នឹង​ខ្លឹមសារចុះផ្សាយ​នៅលើ​ប្លក dynaseng.blogspot.com​ នេះ គឺ​មាន៖
  • Blogspot គឺ​ជា​អ្នក​ផ្តល់​សេវាកម្មវិបសៃត៍ (Héberbeur/Host)
  • ខ្លួន​ខ្ញុំផ្ទាល់ ដែល​ជា​ម្ចាស់ប្លក គឺ​ជា​អ្នក​ទទួលខុសត្រូវ​ចុះផ្សាយ
  • បើសិន​ជា​អត្ថបទ​ ដែល​ចុះផ្សាយ​នៅលើ​ប្លក​នេះ ជា​អត្ថបទ ដែល​ខ្ញុំ​សរសេរ​ដោយ​ខ្លួនឯង ខ្ញុំ​គឺ​ជា​អ្នក​ទទួលខុសត្រូវ​ចុះផ្សាយ​ផង និង​ជា​អ្នក​និពន្ធ​ផង
  • បើ​សិន​ជា​ខ្ញុំ​ចុះផ្សាយ​អត្ថបទ​ ឬ​រូបថត ដែល​សរសេរ ឬ​ថត​ដោយ​អ្នក​ផ្សេង អ្នក​សរសេរ​អត្ថបទ ឬ​អ្នក​ថតរូប​នេះ គឺ​ជា​អ្នក​និពន្ធ ហើយ​ខ្ញុំ​គ្រាន់តែ​ជា​អ្នក​ទទួលខុសត្រូវ​ចុះផ្សាយ​ប៉ុណ្ណោះ។
  • ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​អ៊ីនធ័រនែត បើ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​មាន​ដូចជា Online, CityLink, Angkornet, Camnet ...
​ទាក់ទង​នឹង​បណ្តាញ​​ទំនាក់ទំនងសង្គមវិញ ឧទាហរណ៍ ដូចជា៖
  • Facebook គឺ​​ត្រូវ​ចាត់ទុក​ដូចជា​អ្នក​ផ្តល់​សេវាកម្មវិបសៃត៍ (Héberbeur/Host) ឯ​ម្ចាស់​ទំព័រហ្វេសប៊ុក គឺ​ជា​អ្នក​ទទួលខុសត្រូវ​ចុះផ្សាយ
  • Youtube ក៏​ដូចគ្នា គឺ​​ត្រូវ​ចាត់ទុក​ដូចជា​អ្នក​ផ្តល់​សេវាកម្មវិបសៃត៍ (Héberbeur/Host) ឯ​អ្នក​ដែល​បង្កើត Account នៅលើ​ Youtube គឺ​ជា​អ្នក​ទទួលខុសត្រូវ​ចុះផ្សាយ។
ទាក់ទង​ទៅនឹង​​ការ​ទទួលខុសត្រូវ​លើ​ខ្លឹមសារ ដែល​ចុះផ្សាយ​នៅលើ​វិបសៃត៍ Blog ឬ​បណ្តាញ​ទំនាក់ទំនង​សង្គម​ទាំងអស់នេះ ដោយសារ​តែ​ច្បាប់​ខ្មែរ​នៅ​មាន​ចំណុច​ខ្វះចន្លោះ​ច្រើន​ទាក់ទង​នឹង​បញ្ហា​នេះ ខ្ញុំ​សូម​ធ្វើការ​ពន្យល់ ដោយ​យោងទៅលើ​ច្បាប់​នៅ​ប្រទេស​បារាំង។

ច្បាប់​បារាំង​បាន​កំណត់​នូវ​គោលការណ៍​មួយ​ថា អ្នក​ទទួលខុសត្រូវ​ចុះផ្សាយ មានន័យថា ម្ចាស់វិបសៃត៍ ឬ​ម្ចាស់ Blog គឺ​ជា​អ្នក​ដែល​មាន​ការ​ទទួលខុសត្រូវ​ច្រើន​ជាងគេ និង​មុនគេ ចំពោះ​ខ្លឹមសារ ដែល​ចុះផ្សាយ​នៅលើ​វិបសៃត៍ ឬ​ Blog របស់​ខ្លួន។

ចំពោះ​អ្នក​និពន្ធ គាត់​អាច​មានការ​ទទួលខុសត្រូវ ឬ​ក៏​អត់ គឺ​អាស្រ័យ​ទៅលើ​ករណី​ជាក់ស្តែង។ ធម្មតា អ្នកនិពន្ធ​​ត្រូវ​មាន​ចំណែក​ទទួលខុស​ត្រូវ​ជាមួយ​នឹង​ម្ចាស់វិបសៃត៍ បើសិន​ជា​គាត់​បាន​សហការ​ជាមួយ​ម្ចាស់វិបសៃត៍​ក្នុងការ​ចុះផ្សាយ ឬ​បាន​ព្រមព្រៀង​ឲ្យ​មាន​ការ​ចុះផ្សាយ​ខ្លឹមសារ ដែល​គាត់​បាន​បង្កើត។ អ្នកនិពន្ធ​អាច​ចៀសផុត​ពី​ការទទួលខុសត្រូវ បើសិន​ជា​ម្ចាស់វិបសៃត៍​យក​ស្នាដៃ​របស់​គាត់​ទៅ​ចុះផ្សាយ ដោយ​គ្មាន​ការ​ដឹងឮ គ្មាន​ការ​ព្រមព្រៀង​ គ្មានការ​អនុញ្ញាត​ពី​គាត់។ ក្នុងករណី​នេះ អ្នក​និពន្ធ​អាច​ប្តឹង​ម្ចាស់វិបសៃត៍​វិញ​ផង បើ​សិន​ជា​ចូល​ក្នុងករណី​រំលោភ​លើ​សិទ្ធិ​អ្នក​និពន្ធ។

ចំពោះ​អ្នក​ផ្តល់​សេវាកម្ម​វិបសៃត៍ (Hébergeur/Host) និង​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​អ៊ីនធ័រនែត ច្បាប់​បារាំង​កំណត់​ជាគោលការណ៍​មិន​ឲ្យ​ជាប់ការទទួលខុសត្រូវ ចំពោះ​ខ្លឹមសារ​ ដែល​ចុះផ្សាយ​នៅលើ​ប្រព័ន្ធ​អ៊ិនធ័រនែត​ទេ ក្នុង​ហេតុផល​ថា ទាំង​អ្នក​ផ្តល់​សេវាកម្ម​វិបសៃត៍ និង​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​អ៊ីនធ័រនែត មាន​តួនាទី និង​ការទទួលខុសត្រូវ​ តែ​ទៅលើ​ផ្នែក​បច្ចេកទេស​ប៉ុណ្ណោះ មិនមានតួនាទី​ត្រួតពិនិត្យ​មើល​ខ្លឹមសារ​ ដែល​ចុះផ្សាយ​នៅលើ​វិបសៃត៍ ដែល​ប្រើ​សេវាកម្ម​របស់​គាត់​ទេ។

ក៏ប៉ុន្តែ គោលការណ៍​មិនទទួលខុសត្រូវ​នេះ អាច​មាន​ករណី​លើកលែង គឺ ក្នុងករណី ដែល​អ្នក​ផ្តល់​សេវាកម្ម​វិបសៃត៍ ឬ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​អ៊ីនធ័រនែត​បាន​ដឹងថា មាន​​អត្ថបទ, រូបភាព ឬ​​អ្វី​ផ្សេងទៀត ដែល​មាន​ខ្លឹមសារ​មិន​ស្របច្បាប់ (មានអត្ថន័យ​បរិហាកេរ្តិ៍, រំលោភ​លើ​សិទ្ធិបុគ្គល ឬ​រំលោភ​លើ​កម្មសិទ្ធិបញ្ញា ជាដើម) ត្រូវ​បាន​ចុះផ្សាយ​នៅ​លើ​វិបសៃត៍ ដែល​ប្រើសេវាកម្ម​​​របស់​ខ្លួន ក៏ប៉ុន្តែ មិនបាន​ប្រញាប់ប្រញាល់​បិទខ្ទប់​លែង​ឲ្យ​សាធារណជន​ចូល​ទៅមើល​វិបសៃត៍​ដែល​មាន​ចុះផ្សាយ​​ខ្លឹមសារ​ខុសច្បាប់​ទាំងនេះ។

នៅ​ក្នុងការ​អនុវត្ត​ជាក់ស្តែង តុលាការ​បារាំង​បាន​កំណត់​ថា នៅពេលណា​ ដែល​មាន​ការជូនដំណឹង​ អំពី​ការចុះផ្សាយ​ដោយ​មិន​ស្របច្បាប់​ណាមួយ​ នៅលើ​វិបសៃត៍ ដែល​ស្ថិត​ក្នុង​បណ្តាញ​អ៊ីនធ័រនែត​របស់​ខ្លួន អ្នក​ផ្តល់​សេវាកម្ម​វិបសៃត៍ ឬ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​អ៊ីនធ័រនែត ត្រូវ​តែ​បិទ​វិបសៃត៍​នេះ​ភ្លាម ហើយ “ភ្លាម” ក្នុង​ន័យ​នេះ គឺ​មានន័យថា ទទួល​បាន​ដំណឹង​ថ្ងៃ​ណា ត្រូវ​បិទ​នៅ​ថ្ងៃ​នោះ មិនមែន​ចាំ ពីរ-បី​ថ្ងៃ​ បាន​បិទ​ទេ។
 
សំណួរ-តើ​អ្នក​ដែល​គ្រាន់តែ​​យក​ខ្លឹមសារ ដែល​បាន​ចុះផ្សាយ​រួចហើយ ទៅ​ចុះផ្សាយ​បន្ត ត្រូវ​ទទួលខុសត្រូវ​លើ​ខ្លឹមសារ​នេះ​ដែរ​ឬទេ?
 
បើសិន​ជា​អត្ថបទ ឬ​រូបភាព ដែល​ត្រូវ​បាន​ចុះផ្សាយ​រួចហើយ​នេះ ជា​អត្ថបទ ឬ​រូបភាព ដែល​មាន​អត្ថន័យ​បរិហាកេរ្តិ៍​, ជេរប្រមាថ ឬ​រំលោភ​លើ​សិទ្ធិ​ឯកជនរបស់​អ្នក​ដទៃ អ្នក​ដែល​យក​ទៅ​ចុះផ្សាយ​បន្ត​ ក៏​អាច​មាន​ការ​ទទួលខុសត្រូវ​​ដែរ។ ជនរងគ្រោះ​អាច​ប្តឹង​ទាមទារ​ឲ្យ​អ្នក​ចុះផ្សាយ​បន្ត​នេះ បញ្ឈប់ការ​ចុះផ្សាយ ហើយ​អាច​ទាមទារ​សំណង​ជំងឺ​ចិត្ត​បាន។

ដូច្នេះ អ្នក​ប្រើ​ប្រាស់​អ៊ីនធ័រនែត​ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង ពិនិត្យ​មើល​ឲ្យ​បាន​ហ្មត់ចត់ មុននឹង​យក​អត្ថបទ ឬ​រូបភាព​ណាមួយ ទៅ​ចុះផ្សាយ​បន្ត។ ជាពិសេស អ្នក​ប្រើ Tweeter! នៅលើ​ Tweeter មាន​ប៊ូតុង​មួយ​ សម្រាប់ Tweet បន្ត នូវ​អ្វី ដែល​អ្នក​ផ្សេង​បាន Tweet រួចហើយ ដែល​ហៅ​ថា “Retweet”។ ដូច្នេះ ចង់​ Tweet របស់​គេ​បន្ត ​ស្រួល​ណាស់ ហើយ​មើលទៅ​ សាមញ្ញ​បំផុត ដូចជា​អត់មាន​បញ្ហា​អ្វី​ទាំងអស់។ ក៏ប៉ុន្តែ សូមកុំភ្លេច​ថា Retweet នេះ គឺ​ជា​ការ​ចុះផ្សាយ​បន្ត។ ដូច្នេះ មុននឹង​ចុច Retweet ត្រូវ​ពិនិត្យ ពិចារណា​ឲ្យ​បាន​ច្បាស់ បើ​សិន​ជា​ Tweet ដើម មាន​ខ្លឹមសារ​បរិហាកេរ្តិ៍, ជេរប្រមាថ ឬ​រំលោភ​លើ​សិទ្ធិ​ឯកជន​របស់​អ្នក​ដទៃ ការ​ Tweet បន្ត អាចនឹង​នាំ​ឲ្យ​មាន​ការ​ទទួលខុសត្រូវ​លើ​ខ្លឹមសារ​ខុសច្បាប់​នេះ​ដែរ៕
ពាក្យគន្លឹះ : ច្បាប់ - អ៊ីនធ័រនែត