Showing posts with label វិចារណកថា. Show all posts
Showing posts with label វិចារណកថា. Show all posts

Tuesday, April 23, 2013

សំណុំរឿងប្រាសាទព្រះវិហារ ៖ កម្ពុជា និង ថៃ នៅតុលាការយុត្តិធម៌អន្តរជាតិ



លោក ចន ឆរឆីអារី ជាសាស្ត្រាចារ្យ នៅសាកលវិទ្យាល័យមីឈីហ្គេន និង ជាទីប្រឹក្សាច្បាប់ជាន់ខ្ពស់ របស់មជ្ឈមណ្ឌលឯកសារកម្ពុជា
២២ មេសា ២០១៣
ប្រែសម្រួលជាភាសាខ្មែរដោយ ៖ លឹម ជ័យទ័ត្ត
មជ្ឈមណ្ឌលឯកសារកម្ពុជា
ក្រុមអ្នកច្បាប់របស់ប្រទេសថៃ និងកម្ពុជា ទើបតែបានបញ្ចប់ការធ្វើអំណះអំណាងផ្ទាល់មាត់ រៀងៗខ្លួន នៅខណៈដែលតុលាការយុត្តិធម៌អន្តរជាតិពិចារណាចំពោះសំណើរបស់កម្ពុជាសុំឱ្យធ្វើការបក ស្រាយឡើងវិញនូវសាលក្រមឆ្នាំ១៩៦២ ស្តីពីជម្លោះជុំវិញប្រាសាទព្រះវិហារ។ ជម្លោះដែលបានកើត ឡើងសារជាថ្មីចាប់ពីឆ្នាំ២០០៧ ភាគច្រើន គឺបណ្តាលមកពីកម្លាំងនយោបាយជាតិនិយម ជាពិសេស ចលនាអាវលឿងនៅក្នុងប្រទេសថៃ។ ប៉ុន្តែ ទោះបីជាយ៉ាងណាក្តី ជម្លោះនេះបានកើតឡើង ក៏ដោយសារ តែការពុំយល់ស្របគ្នាលើភាពត្រឹមត្រូវផ្នែកគតិយុត្តិ ដែលបច្ចុប្បន្ននេះភាគីទាំងពីរកំពុងលើកឡើងនៅ ចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ មូលដ្ឋានដែលខ្លួនយល់ឃើញថាអត្ថន័យគួរតែមានខ្លឹមសារបែប ណា។ ការពិនិត្យមើលមួយ ឱ្យកាន់តែច្បាស់លើជម្លោះគតិយុត្តិនេះ បានបង្ហាញឱ្យឃើញនូវច្រកមួយ ដើម្បីដោះស្រាយជម្លោះដែលបង្កមហន្តរាយធ្ងន់ធ្ងរ។
ភាពចម្រូងចម្រាស់នាពេលបច្ចុប្បន្ននេះ ផ្តោតទៅលើព្រំដែននៅតំបន់ជុំវិញប្រាសាទព្រះវិហារ។ សាលក្រមឆ្នាំ១៩៦២ បានប្រគល់ប្រាសាទព្រះវិហារមកឱ្យកម្ពុជា និងតម្រូវឱ្យប្រទេសថៃដកកង កម្លាំងសន្តិសុខដែលបានដាក់នៅក្នុងប្រាសាទ ឬ “ក្នុងតំបន់ក្បែរប្រាសាទដែលស្ថិតក្នុងទឹកដីកម្ពុជា”។ តុលាការ បានផ្តល់ហេតុផលថា ថៃបានទទួលស្គាល់ផែនទីឆ្នាំ១៩០៧ អំពីខ្សែបន្ទាត់ព្រំដែន ដែលរៀប ចំឡើងដោយ អ្នកជំនាញគូសផែនទីរបស់បារាំង ដែលបានដាក់ប្រាសាទព្រះវិហារចូលក្នុងទឹកដីប្រទេស កម្ពុជា។ ទោះបីជាយ៉ាងណាក្តី តុលាការពុំបានកំណត់អំពីតំបន់ក្បែរប្រាសាទ ឬពិភាក្សាអំពីស្ថានភាព គតិយុត្តិរបស់ផែនទីឆ្នាំ១៩០៧នៅក្នុងផ្នែកនៃសេចក្តីសន្និដ្ឋានដែលនិយាយអំពីសេចក្តីសម្រេចនោះទេ។
កាលពីសប្តាហ៍មុន ក្រុមអ្នកច្បាប់ប្រទេសថៃបានអះអាងថា សេចក្តីសម្រេចឆ្នាំ១៩៦២របស់ តុលាការ ជាប់ពាក់ព័ន្ធតែនឹងតួប្រាសាទ និងតំបន់ជុំវិញដែលនៅកៀកៗតែប៉ុណ្ណោះ។ អ្នកច្បាប់ទាំងនោះ បានលើកឡើងថា ថៃបានគោរពតាមសាលក្រមដែលតម្រូវឱ្យខ្លួនដកកងកម្លាំងសន្តិសុខចេញពីតួប្រាសាទ និងថា កម្ពុជាបានទទួលយកការអនុវត្តរបស់ថៃហើយ។ ក្រុមអ្នកច្បាប់ថៃ បានលើកឡើងថា ហេតុដូច្នេះ ពុំគួរមានការបកស្រាយឡើងវិញនូវសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិទេ។ ក្រុមអ្នកច្បាប់ កម្ពុជាបានឆ្លើយតបថា ជម្លោះពិតជាបានកើតឡើងមែន ហើយថា សាលក្រមបានបង្ហាញពីលក្ខណៈ ដែលត្រូវប្រតិបត្តិតាមលើខ្សែបន្ទាត់ផែនទី ព្រោះសេចក្តីសម្រេចនៅក្នុងសាលក្រមឆ្នាំ១៩៦២ គឺពុំ អាចកាត់ផ្តាច់ចេញពីសេចក្តីសំអាងហេតុបានឡើយ។ ដូច្នេះ ក្រុមអ្នកច្បាប់កម្ពុជា បានអះអាងថា ទាំងប្រាសាទព្រះវិហារនិងដីទំហំ៤,៦គីឡូម៉ែត្រការ៉េដែលនៅជាប់ផ្នែកខាងលិចគឺជាកម្មសិទ្ធិរបស់កម្ពុជាៈ
នៅពេលពិចារណាអំពីការលើកអំណះអំណាងនេះ  តុលាការយុត្តិធម៌អន្តរជាតិត្រូវប្រឈមនឹង សំណួរគតិយុត្តិជាមូលដ្ឋានចំនួនពីរៈ១)តើជម្លោះរវាងប្រទេសថៃ និងកម្ពុជា ពន្យល់នូវលក្ខណៈស្រប ច្បាប់ឱ្យមានការបកស្រាយឡើងវិញនូវសាលក្រម ឆ្នាំ១៩៦២ ដែរឬយ៉ាងណា? ២)ហើយ ប្រសិន បើតុលាការ សម្រេចបកស្រាយឡើងវិញនូវសាលក្រមនេះមែន តើផ្នែកទាំងអស់ ឬផ្នែកណាមួយ នៃផែនទីឆ្នាំ១៩០៧ គួរត្រូវប្រតិបត្តិតាម?
កម្ពុជាគួរតែឈ្នះចំពោះសំណួរទីមួយ។ តុលាការបានសម្រេចកាលពីឆ្នាំ២០១១ថា ជម្លោះទំនង ជាបានកើតឡើងមែនរវាងភាគីទាំងពីរ ហើយការលើកឡើងនៅក្នុងសវនាការផ្ទាល់មាត់ថ្មីៗនេះ ពុំមានអ្វី ដែលគួរឱ្យចៅក្រមត្រូវសម្រេចផ្ទុយពីនេះឡើយ។ នៅក្នុងយុត្តិសាស្ត្រដែលពាក់ព័ន្ធ  ពុំមានការកំណត់ អំពីអាជ្ញាយុកាលស្តីពីការបកស្រាយឡើងវិញនូវសាលក្រមតុលាការយុត្តិធម៌អន្តរជាតិទេ= ហើយជម្លោះ ក៏ពុំចាំត្រូវតែកើតមានឡើងជាផ្លូវការដែរ។ ជម្លោះនោះចាំបាច់ត្រូវតែជាប់ពាក់ព័ន្ធនឹងផ្នែកនៃសេចក្តី សន្និដ្ឋានរបស់សាលក្រម ឬផ្នែកនៃសេចក្តីសំអាងដែលត្រូវបានចាត់ទុកថា “ពុំអាចផ្តាច់ចេញពីសាលក្រម បាន”។ យ៉ាងហោចណាស់ នៅក្នុងឯកសារដែលភាគីទាំងពីរបានដាក់ជូនតុលាការយុត្តិធម៌អន្តរជាតិចាប់
តាំងពី២០១១ បានចង្អុលបង្ហាញថា ភាគីទាំងពីរមានការបកស្រាយផ្ទុយគ្នាចំពោះឃ្លានៅក្នុងសេចក្តី សន្និដ្ឋានដែលនិយាយយោងទៅ “ទឹកដីនៃប្រទេសកម្ពុជា” និង “តំបន់ក្បែរ”ប្រាសាទព្រះវិហារ។ ជាងនេះ ទៅទៀត ក្រុមមេធាវីកម្ពុជាបានបង្ហាញនូវភស្តុតាងយ៉ាងច្រើនដែលបញ្ជាក់ថា ជម្លោះអំពីការបកស្រាយ គឺពុំមែនជារឿងថ្មីនោះទេ។ ពេញមួយទសវត្សរ៍ឆ្នាំ១៩៦០ ព្រះអង្គម្ចាស់នរោត្តមសីហនុ                 និងអ្នក ផ្សេងៗ ទៀត បានសម្តែងនូវការមិនសុខចិត្តចំពោះការដាក់ទាហានរបស់ថៃ និងការដាក់របងខ្សែលួសបន្លានៅក្នុង តំបន់ជម្លោះដែលមានទំហំ៤,៦គីឡូម៉ែត្រក្រឡា។
សំណួរដែលលំបាកជាងនេះគឺថាតើ ឬដល់កម្រិតណា ដែលសេចក្តីសំអាងរបស់តុលាការគួរតែ ត្រូវបានបកស្រាយភ្ជាប់ទៅនឹង សេចក្តីសន្និដ្ឋាននៃសាលក្រមឆ្នាំ១៩៦២ ដែលដាក់ឱ្យប្រតិបត្តិតាម។  ដូចដែលក្រុមអ្នកច្បាប់ថៃបានសង្កត់ធ្ងន់ ថាតុលាការបានបដិសេធយ៉ាងច្បាស់នូវសំណើរបស់កម្ពុជាដែល សុំឱ្យសម្រេចលើស្ថានភាពគតិយុត្តិ នៃផែនទីឆ្នាំ១៩០៧ នៅក្នុងផ្នែកសេចក្តីសន្និដ្ឋាននៃសាលក្រម។ ប្រទេសថៃបានអះអាង ពុំមែនដោយមិនសមហេតុផលនោះទេថា ការមិនសម្រេចលើស្ថានភាពគតិយុត្តិ នៃផែនទីនេះ បង្ហាញថា តុលាការបានមើលឃើញអំពីស្ថានភាពនៃព្រំដែន និងរឿងប្រាសាទ ថាជា សំណួរគតិយុត្តិដាច់ដោយឡែកពីគ្នា ហើយថា កម្ពុជាគឺស្វែងរកការសម្រេចមួយដែលតុលាការធ្លាប់ បានបដិសេធរួចហើយកាលពីឆ្នាំ១៩៦២។ ប៉ុន្តែ ការលើកឡើងនេះ គឺមានបញ្ហា។
ដូចដែលក្រុមមេធាវីកម្ពុជាបានលើកឡើងនៅទីក្រុងឡាអេដូច្នេះដែរថា គេមិនអាចនិយាយសំដៅទៅរក “ទឹកដី”កម្ពុជា នៅក្នុងសេចក្តីសន្និដ្ឋានឱ្យបានប្រសើរនោះឡើយ ដោយ ពុំបានដឹងថាទឹកដីនោះនៅកន្លែងណា។ ដើម្បីសម្រេចអំពីអធិបតេយ្យភាពជុំវិញ “តំបន់ជម្លោះ” ដែល តុលាការបានកំណត់ថាជា“តំបន់ប្រាសាទព្រះវិហារ”តុលាការបានប្រកាសថាសំណួរដែល “ពិតប្រាកដ” និង“សំខាន់”នៅក្នុងសំណុំរឿងនេះគឺ “ថាតើភាគីទាំងពីរយល់ព្រមទទួលយកផែនទី[ឆ្នាំ១៩០៧] និងខ្សែបន្ទាត់ដែលបញ្ជាក់នៅលើផែនទីនោះ ថាបានកើតចេញពីលទ្ធផលនៃការកំណត់ខ្សែបន្ទាត់ព្រំដែន នៅក្នុង តំបន់ប្រាសាទព្រះវិហារដែលផ្តល់នូវលក្ខខណ្ឌសម្រាប់ភាគីទាំងពីរក្នុងការប្រតិបត្តិតាមដែរឬយ៉ាងណា”។ ក្រោយពីការវិភាគយ៉ាងយូរ តុលាការបានសម្រេច “យកតាមខ្សែបន្ទាត់ ដូចដែលបានគូស [នៅក្នុង ផែនទីឆ្នាំ១៩០៧] នៅក្នុងតំបន់ជម្លោះ”។ ការសម្រេចបែបនេះ បានដាក់ប្រាសាទព្រះវិហារឱ្យស្ថិតនៅ ក្នុងទឹកដីកម្ពុជានិងបានធ្វើឱ្យសេចក្តីសំអាងរបស់តុលាការ ពុំអាចកាត់ផ្តាច់ចេញពីសេចក្តីសន្និដ្ឋានរបស់ខ្លួន បានឡើយនេះបើយោងតាមក្រុមមេធាវីកម្ពុជា។
ការអះអាងរបស់កម្ពុជាដែលថា សាលក្រមនេះ បានសម្រេចចំពោះខ្សែបន្ទាត់ព្រំដែនទាំងមូល ដែលត្រូវបានគូសនៅលើផែនទីឆ្នាំ១៩០៧ ក៏មានបញ្ហាដែរ។ បើទោះបីជាពាក្យថា“ទឹកដីកម្ពុជា” តម្រូវ ឱ្យមានការនិយាយយោងខ្លះទៅដល់សេចក្តីសំអាងរបស់តុលាការទាក់ទងនឹងព្រំដែនក៏ដោយ ក៏តុលាការ ពុំមានបំណងដោះស្រាយបញ្ហាខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃទាំងមូលនោះទេ ក្រៅពីតំបន់ជម្លោះមួយ ច្បាស់លាស់តែប៉ុណ្ណោះ។ ប្រការនេះ រួមជាមួយនឹងការបដិសេធពុំព្រមចេញសេចក្តីប្រកាសរបស់ តុលាការ ស្តីពីស្ថានភាពរបស់ផែនទីឆ្នាំ១៩០៧ នៅក្នុងសេចក្តីសន្និដ្ឋានរបស់សាលក្រម បានធ្វើឱ្យការ អំណះអំណាងថា តុលាការទទួលស្គាល់ផែនទីទាំងមូលនៅក្នុងសេចក្តីសន្និដ្ឋានរបស់សាលក្រមមិនសូវរឹង មាំនោះទេ។
ចំណុចសំខាន់ពិតប្រាកដនៃជម្លោះគឺថា តើដីទំហំ៤,៦គីឡូម៉ែត្រក្រឡាដែលស្ថិតនៅភាគខាងលិច នៃប្រាសាទព្រះវិហារអាចត្រូវបានចាត់ទុកថាជា ផ្នែកនៃ“តំបន់ក្បែរប្រាសាទដែលស្ថិតក្នុងទឹកដីកម្ពុជា” ដែរឬទេ។ ក្រុមអ្នកច្បាប់ថៃបានអះអាងថា  លោក ឌិន អាឆេសុន ដែលជាមេធាវីកម្ពុជានៅក្នុង សំណុំរឿងដើម បានចាត់ទុកតំបន់ជម្លោះថាមានទំហំ “តូចណាស់”។ ទោះយ៉ាងណាក៏ដោយ ភាគីថៃបាន ជំទាស់ទៅនឹង ការនិយាយយោងទៅដល់ពាក្យថា “តំបន់” ឬ “បរិវេណ”របស់ប្រាសាទ ថាវាមាន ទំហំធំទូលាយពេក។ គួរឱ្យសោកស្តាយ សាលក្រមឆ្នាំ១៩៦២ បានផ្តល់នូវការចង្អុលបង្ហាញតិចតួច ប៉ុណ្ណោះ។ ការខ្វះខាត ភាពច្បាស់លាស់នេះ បានរួមចំណែកទៅដល់ភាពពុំស្ថិតស្ថេរ និងធ្វើឱ្យការបក ស្រាយសាលក្រមឡើងវិញ ជារឿងដែលចាំបាច់ និងសមស្រប។
តុលាការអាចបញ្ជាត្រឹមតែថា ប្រទេសថៃត្រូវដកកងទ័ពដែលឈរ “នៅប្រាសាទ”។ ការបន្ថែម ពាក្យថា “តំបន់ក្បែរ”ប្រាសាទនៅក្នុងសាលក្រម បញ្ជាក់ថាឱ្យ សេចក្តីសម្រេចនេះមានចេតនាភ្ជាប់តំបន់ខ្លះ ដែលនៅហួសពីបរិវេណនៃតួប្រាសាទ។ ទោះបីជាតំបន់ក្បែរនោះ អាចត្រូវបានពង្រីកទៅខាងលិច ប្រាសាទចំនួនពីរបីរយម៉ែត្រដូចនៅក្នុងផែនទីរបស់ភាគីថៃក៏ដោយ ក៏នៅតែមានសំណួរដដែលថាតើតំបន់ នោះស្ថិតនៅក្នុងទឹកដីរបស់ថៃ ឬស្ថិតក្នុងទឹកដីរបស់កម្ពុជា? ការអានសាលក្រមនេះ ដោយភាគីថៃបង្ហាញ ថា ចម្លើយគឺអាស្រ័យទៅលើការព្រមព្រៀងរបស់ភាគី។ ប៉ុន្តែ ដោយសារពុំមានកិច្ចព្រមព្រៀង រវាងភាគីទាំងពីរ បទបញ្ញត្តិនេះ គឺពុំមានប្រសិទ្ធភាពអនុវត្តទេនៅភាគខាងលិចនៃតំបន់ក្បែរប្រាសាទ ដែលជាកន្លែងតុលាការបានដឹងជាស្រេចហើយថាមានទាហានថៃមួយចំនួនបោះទីតាំងនៅទីនោះ។
ទោះបីជាតុលាការបានបដិសេធពុំព្រមប្រកាស អំពីព្រំដែនដែលស្ថិតនៅក្នុងតំបន់ជម្លោះ នៅក្នុង សេចក្តីសន្និដ្ឋានរបស់សាលក្រមក៏ដោយ ក៏ចំណុចនេះអាចឱ្យគេយល់បានតាមរយៈការសម្រេចរបស់ តុលាការដែលថា ភាគីបានទទួលស្គាល់ផែនទីឆ្នាំ១៩០៧។ តាមរយៈការឱ្យហេតុផលបែបនេះ តំបន់ នៅក្នុង “តំបន់ក្បែរ” ប្រាសាទនៅក្នុងខ្សែផែនទីឆ្នាំ១៩០៧ខាងកម្ពុជា ត្រូវស្ថិតនៅក្នុង“ទឹកដី”កម្ពុជា។  មធ្យោបាយដែលសមរម្យបំផុតក្នុងការកំណត់ តំបន់ក្បែរដែលពាក់ព័ន្ធនេះ គឺត្រូវកំណត់វិសាលភាពនៃ សាលក្រមនេះមកនៅត្រឹមតែទឹកដីជាប់នោះដែលតូចបំផុត ដែលមានជម្លោះនៅជាប់នឹងប្រាសាទ ភាគ ខាងលិច និយាយឱ្យចំគឺផ្នែកតូចមួយដែលមានទំហំ៤,៦គីឡូម៉ែត្រក្រឡា ។ តាមរយៈការកំណត់វិសាល ភាពបែបនេះ តុលាការគួរតែធ្វើសេចក្តីសម្រេចគាំទ្រកម្ពុជា។
ភាពសាំញ៉ាំនៃសំណួរគតិយុត្តិទាំងអស់នេះ ឆ្លុះបញ្ចាំងឱ្យឃើញអំពីភាពពុំច្បាស់លាស់នៃសាល ក្រម ដែលគួរឱ្យសោកស្តាយ បានបន្សល់ទុកនូវចន្លោះប្រហោងបន្តឱ្យមានការខ្វែងគំនិតគ្នា និងជម្លោះ ចំពោះការបកស្រាយ។ ទោះបីភាគីណាមួយទទួលបានជោគជ័យ នៅក្នុងតុលាការក៏ដោយ រដ្ឋាភិបាល ទាំងពីរនឹងគោរពយ៉ាងខ្ជាប់ខ្ជួននូវសាលក្រមនេះ។ សម្រាប់ខាងកម្ពុជា សេចក្តីសម្រេចជាអន្តរជាតិនេះ បានផ្តល់នូវវេទិកាយុត្តិធម៌បំផុត នៅក្នុងការដោះស្រាយវិវាទជាមួយនឹងប្រទេសជិតខាង ដែលធំ និងមាន ឥទ្ធិពលជាងខ្លួន ។ សម្រាប់រដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា  ការតតាំងផ្នែកច្បាប់ យ៉ាងខ្លាំងក្លា អាចនឹងផ្តល់ការការពារទល់នឹងការទាមទារ ជាតិនិយមក្នុងស្រុកឱ្យមានការចាត់វិធានការ បើទោះបីជាសេចក្តីសម្រេចរបស់តុលាការ ពុំអាចទទួលយកបានក៏ដោយ ។ ភាគីទាំងពីរ បានបញ្ចោញ សមត្ថភាព និងធ្វើការតតាំងយ៉ាងខ្នះខ្នែងនៅក្នុងតុលាការ ។ សេចក្តីសម្រេចរបស់តុលាការយុត្តិធម៌ អន្តរជាតិស្តីពីបញ្ហានេះ នឹងផ្តល់ដល់ភាគីទាំងពីរនូវខ្សែបែងចែក ដ៏មានសារៈប្រយោជន៍មួយ ពោលគឺ ឱកាសដើម្បីងាកចេញពីនយោបាយចម្រូងចម្រាស់ នៃអតីតកាលថ្មីៗនេះ ដែលបានជួយប្រមូលផ្តុំក្រុម ជាតិនិយមឱ្យជ្រកក្រោមស្លាកទង់ជាតិប្រទេស ប៉ុន្តែប្រការនេះមានជាប់ទាក់ទងតិចតួចណាស់ទៅនឹងផល ប្រយោជន៍យូរអង្វែង របស់ប្រជាពលរដ្ឋរបស់ប្រទេសទាំងពីរ ។

អត្ថបទនេះជា៖ ភាសាអង់គ្លេស(អត្ថបទដើម), ភាសាខ្មែរ, ភាសាថៃ, និងភាសាបារាំង
ប្រភព៖ http://www.dccam.org  

Saturday, February 9, 2013

ព្រះរាជ​ពិធី​រើស​ព្រះ​បរម​អដ្ឋិ​ព្រះ​បរម​រតន​កោដ្ឋ


ព្រះរាជ​ពិធី​រើស​ព្រះ​បរម​អដ្ឋិ​ព្រះ​បរម​រតន​កោដ្ឋ

2013-02-05
ព្រះរាជ​ពិធី​រើស​ព្រះ​បរម​អដ្ឋិ​របស់​ព្រះ​បរម​រតន​កោដ្ឋ ត្រូវ​បាន​រៀបចំ​ឡើង​តាំង​ពី​ម៉ោង​ជាង ៧​ព្រឹក ថ្ងៃ​ទី​៥ ខែ​កុម្ភៈ។ ព្រះ​រាជ​ពិធី​នេះ​ត្រូវ​បាន​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ព្រះ​រាជ​ពិធី​បុណ្យ​បញ្ជាក់​ថា ជា​ព្រះ​រាជ​ពិធី​ដែល​ប្រតិបត្តិ​តាម​ព្រះ​រាជប្បវេណី ដែល​មាន​តាំង​ពី​ព្រះអង្គ​ក្សត្រ​មុន។
RFA/Mom Sophon
ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​អង្គារ​ទៅ​បំប្លែង​នៅ​ទន្លេ​ចតុមុខ នៅ​ព្រឹក​ថ្ងៃ​ទី​៥ កុម្ភៈ ឆ្នាំ​២០១៣។
ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និង​សម្ដេច​ព្រះ​មហា​ក្សត្រី ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ យាង​រើស​ព្រះ​បរម​អដ្ឋិ​ដោយ​ផ្ទាល់​ព្រះហស្ត ដាក់​លើ​តោក​មាស ដោយ​មាន​ក្រុម​បារគូ ថ្វាយ​ទក្ខិណា​ពពិល ៩​ជុំ និង​ភ្លេង​ពិណពាទ្យ​ប្រគំ។
ក្នុង​ពិធី​រើស​ព្រះ​បរម​អដ្ឋិ គេ​ឃើញ​មាន​ការ​និមន្ត​ព្រះសង្ឃ​ចំនួន ១២​អង្គ សម្រាប់​ថ្វាយ​ពរ​ទឹក និង​ថ្វាយ​ប្រែ​ព្រះ​បរម​រូប។
ព្រះមហាក្សត្រ និង​សម្ដេច​ព្រះ​មហា​ក្សត្រី ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ បាន​យក​ទឹក​ដូង និង​ទឹក​បរិសុទ្ធ​មក​ពី​ភ្នំ​គូលែន នៅ​ខេត្ត​សៀមរាប សម្រាប់​សម្អាត​ព្រះ​បរម​អដ្ឋិ។
ព្រះ​មហាក្សត្រ​បាន​ហែ​ព្រះ​បរម​អដ្ឋិ​ពី​ព្រះ​បរម​មេរុ​ទៅ​តម្កល់​ក្នុង​ព្រះ​ពន្លា​ខាង​ត្បូង ដោយ​អម​នឹង​ក្រុម​បារគូ​ថ្វាយ​ស័ង្ខ។ ទ្រង់​បាន​តម្កល់​ព្រះ​បរម​អដ្ឋិ​ចំនួន ២​តោក​មាស ទៅ​លើ​មហា​បញ្ចា ៩​ជាន់ ដែល​មហា​បញ្ចា ៩​ជាន់​នោះ​ឋិត​នៅ​ព្រះ​ពន្លា​ខាង​ត្បូង។ ក្រោយ​ពី​តម្កល់​ព្រះ​បរម​អដ្ឋិ​ហើយ​នោះ ព្រះសង្ឃ​ចំនួន ៩០​អង្គ បាន​ថ្វាយ​ព្រះ​ធម៌​បង្សុកូល​ក្នុង​ពិធី​នោះ។
នៅ​វេលា​ម៉ោង ៥​រសៀល​ថ្ងៃ​ដដែល មាន​ការ​យាង​ព្រះ​បរម​អដ្ឋិ​ឲ្យ​គង់​ក្នុង​ព្រះ​កោដ្ឋ​ពេជ្រ ហើយ​និង​បាន​យាង​ព្រះ​បរម​អដ្ឋិ​គង់​ក្នុង​ព្រះ​កោដ្ឋ​ពេជ្រ​នោះ យក​ទៅ​តម្កល់​ក្នុង​ព្រះ​មេរុ។
ចំពោះ​ព្រះ​អង្គារ (ធ្យូង​ដែល​សល់​ពី​ការ​ថ្វាយ​ព្រះ​ភ្លើង) ព្រះ​មហាក្សត្រ​ក៏​បាន​កើប​ដោយ​ផ្ទាល់​ព្រះហស្ត សម្រាប់​ពិធី​ដង្ហែ​ទៅ​តម្កល់​លើ​តោក​មាស និង​តម្កល់​លើ​ព្រះ​ទីន័ង​រាជ​រថ ហែ​ដោយ​ក្បួន​ទៅ​បំប្លែង​ក្នុង​ទន្លេ​ចតុមុខ។
អនុ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រះ​រាជ​ពិធី​បុណ្យ លោក ញឹក ប៊ុនឆៃ បញ្ជាក់​ថា ពិធី​បំប្លែង​ព្រះ​អង្គារ​នៅ​តាម​ទន្លេ គេ​ឃើញ​មាន​តាំង​ពី​បុរាណ គឺ​តាំង​ពី​អង្គ​ក្សត្រ​មុនៗ ដោយ​គេ​មាន​ជំនឿ​ថា ការ​បាច​ផេះផង់​ទាំង​នោះ​ចូល​ក្នុង​ទន្លេ នឹង​ធ្វើ​ឲ្យ​មាន​ការ​ត្រជាក់ត្រជំ ប្រទេស​ជួប​តែ​សេចក្ដី​សុខ​សន្តិភាព។ ម្យ៉ាង​ការ​បាច​ព្រះ​អង្គារ ឬ​ផេះផង់​នោះ គេ​ក៏​ឃើញ​មាន​ធ្វើ​ឡើង​ចំពោះ​អង្គ​ក្សត្រ​មួយ​ចំនួន​នៅ​ប្រទេស​ថៃ ដែល​គោរព​ប្រតិបត្តិ​សាសនា​ព្រះពុទ្ធ​ដូច​ប្រទេស​កម្ពុជា​ដែរ៖ «ពី​អង្គ​មុនៗ ក៏​គេ​ធ្វើ​អ៊ីចឹង​ដែរ ចង់​បម្លែង​ថា ឲ្យ​ប្រទេស​បាន​សុខ​សន្តិភាព ឲ្យ​សុខ​សប្បាយ»
ទោះ​ជា​យ៉ាង​ណា ព្រះមហាក្សត្រ និង​សម្ដេច​ព្រះ​មហាក្សត្រី​ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ មិន​បាន​ស្ដេច​យាង​ទៅ​ដង្ហែ​ព្រះ​អង្គារ​យក​ទៅ​បំប្លែង​ក្នុង​ទន្លេ​ទេ ដោយ​ស្ដេច​យាង​ប្រទាន​ឲ្យ​សម្ដេច នរោត្តម យុវនាថ ដែល​ជា​បុត្រា​របស់​អតីត​ព្រះ​មហាក្សត្រ រោត្តម សីហនុ ជា​ព្រះរាជ​តំណាង​អម​ដោយ​ព្រះរាជវង្សានុវង្ស។
ព្រះ​អង្គារ​ត្រូវ​បាន​តម្កល់​លើ​ព្រះ​ទីន័ង​ដង្ហែ​តាម​ក្បួន​តុប​តែង​ជា​រាង​រូប​នាគរាជ ដោយ​មាន​សម្ដេច​ព្រះសង្ឃ​រាជ​ទាំង​ពីរ​គណៈ ព្រះរាជវង្សានុវង្ស និង​ក្រុម​បារគូ​ជិត ១០០​នាក់ យក​ទៅ​បំប្លែង​ក្នុង​ទន្លេ​ចតុមុខ ខាង​មុខ​ព្រះ​បរម​រាជវាំង។
មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៦ នៃ​ពិធី​បុណ្យ​ជា​ពិធី​សាសនា ហើយ​នៅ​ពេល​យប់​នឹង​មាន​ការ​អុជ​ប្រទីប​ជ្វាលា​នៅ​ព្រះ​បរម​មេរុ និង​បរិវេណ​ជុំវិញ និង​មាន​ការ​អុជ​កាំជ្រួច​ភ្ញី​ទៀន។ ពិធី​បុណ្យ​ថ្ងៃ​ចុង​ក្រោយ គឺ​ថ្ងៃ​ទី​៧ គឺ​ជា​ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ក្នុង​កោដ្ឋ​ពេជ្រ គង់​លើ​ព្រះរាជ​ទីន័ង​បុស្បុក​ពី​ព្រះ​បរម​មេរុ កាត់​តាម​ផ្លូវ​សំខាន់ៗ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ចូល​មក​តម្កល់​ក្នុង​ព្រះ​បរម​រាជ​វាំង៕

Wednesday, January 16, 2013

ការ​រក្សាសិទ្ធិ៖ តើ​អ្នកនិពន្ធ​ស្នាដៃ​ទទួលបាន​ការ​ការពារ​បែបណា​ខ្លះ?





ការ​រក្សាសិទ្ធិ៖ តើ​អ្នកនិពន្ធ​ស្នាដៃ​ទទួលបាន​ការ​ការពារ​បែបណា​ខ្លះ?
សេង ឌីណា
សេង ឌីណា
©RFI
ដោយ សេង ឌីណា
នៅ​ក្នុង​នាទី​យល់ដឹង​អំពី​ច្បាប់ នៅថ្ងៃនេះ សេង ឌីណា សូម​ធ្វើ​ការ​បកស្រាយ​ពន្យល់​អំពី​សិទ្ធិ​អ្នក​និពន្ធ។ តើ​អ្នក​និពន្ធ​ស្នាដៃ​មួយ​​ទទួល​បាន​ការការពារ​បែបណា​ខ្លះ? តើ​​សាធារណជន​ជាទូទៅ អាច​ប្រើប្រាស់​ស្នាដៃ​មួយ​ត្រឹមកម្រិតណា ដែល​មិនចាំបាច់​សុំ​ការអនុញ្ញាត​ពី​អ្នក​និពន្ធ?
តើ​អ្វី​ទៅ​ជា​ “សិទ្ធិ​អ្នក​និពន្ធ”?
សិទ្ធិអ្នកនិពន្ធ (ការ​រក្សា​សិទ្ធិ) គឺ​ជា​​មែកធាងមួយ នៃ​កម្មសិទ្ធិ​បញ្ញា។

“កម្មសិទ្ធិបញ្ញា” (កម្មសិទ្ធិ + បញ្ញា) គឺ​ជា​សិទ្ធិ​​របស់​បុគ្គល​ណាមួយ (ទោះជា​រូបវ័ន្ត​បុគ្គល​ក៏ដោយ ឬជា​នីតិបុគ្គល​ក៏ដោយ) ​ជា​ម្ចាស់​​កម្មសិទ្ធិ​​ផ្តាច់មុខ​ទៅ​លើ​​​ស្នាដៃ ឬ​ក៏​អ្វី​ផ្សេងទៀត ដែល​ជា​ផលផ្លែ កើតចេញ​ពី​គំនិត-បញ្ញា​របស់​ខ្លួន។  “កម្មសិទ្ធិបញ្ញា” ត្រូវ​ចែកចេញ​ជា​ពីរផ្នែក​ធំៗ៖

១-កម្មសិទ្ធិឧស្សាហកម្ម៖ ដូចជា រូបគំនូរ​ឧស្សាហកម្ម, សញ្ញា​ពាណិជ្ជកម្ម, ការ​រកឃើញ ឬ​ការ​ច្នៃប្រឌិត​អ្វី​មួយ (តក្កកម្ម) ដូចជា ការ​រកឃើញ​ផលិតផល​អ្វីមួយ ឬ​ក៏​ដំណើការ​ផលិតកម្ម​ណាមួយ ។ល។ នៅ​កម្ពុជា សិទ្ធិ​ទាំងនេះ ត្រូវបាន​ការ​ពារ​ដោយ​ច្បាប់​ ស្តីពី​ ប្រកាសនីយបត្រ​តក្កកម្ម, វិញ្ញាបនបត្រ​ម៉ូដែល​មាន​អត្ថប្រយោជន៍ និង​គំនូរ​ឧស្សាហកម្ម ដែល​សភា​អនុម័ត​ កាល​ពីឆ្នាំ​២០០២។

២-សិទ្ធិអ្នកនិពន្ធ៖ គឺ​សំដៅ​លើ​ស្នាដៃ​​ខាងផ្នែក​អក្សរសាស្រ្ត, វិទ្យាសាស្រ្ត, សិល្បៈ, តូរ្យតន្រ្តី ដែល​កើត​ចេញ​ពី​ការ​ច្នៃប្រឌិត បង្កើត​ឡើង​ដោយ​គំនិត​ប្រាជ្ញា​ ឬ​ដោយ​មនោសញ្ចេតនា។ ស្នាដៃ​ទាំង​អស់នេះ​ទទួល​បាន​ការ​ការពារ​ពី​ច្បាប់ ស្តីពី​សិទ្ធិអ្នកនិពន្ធ​ និង​សិទ្ធិ​ប្រហាក់ប្រហែល ដែល​សភា​អនុម័ត កាល​ពី​ឆ្នាំ​២០០៣។

ដើម្បី​ឲ្យ​ស្នាដៃ​មួយ​​ទទួល​បាន​ការការពារ​ដោយ​សិទ្ធិ​អ្នក​និពន្ធ តើ​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​អ្វីខ្លះ?

ដើម្បី​ឲ្យ​ស្នាដៃ​មួយ​អាច​ទទួល​បាន​ការការពារ​ពី​សិទ្ធិ​អ្នក​និពន្ធ ស្នាដៃ​នោះ​​ត្រូវ​តែ​មាន​ទម្រង់​ណាមួយ​ជាក់លាក់ មិនមែន នៅ​ជា​គំនិត​អរូបិយ។ គំនិត ដែល​​ស្ថិត​នៅ​​ជា​លក្ខណៈ​អរូបិយ​​គេ​មិន​អាច​ការពារបានទេ។ គេ​ការពារ​បាន​ លុះត្រាតែ​គំនិត​នោះ ​ត្រូវ​បញ្ចេញ​មក​ខាងក្រៅ ក្នុង​ទ្រង់ទ្រាយណាមួយ​ជាក់លាក់ ដែល​តាម​ច្បាប់ គេ​​ឲ្យ​ឈ្មោះ​ថា “ស្នាដៃ” ដូចជា៖
  • ការ​និពន្ធ​៖ សៀវភៅ, ​បទភ្លេង, ចម្រៀង, ប្រលោមលោក, ភាពយន្ត
  • ការ​សម្តែង៖ ការ​សម្តែង​​របាំ ឬការប្រគំតន្រ្តី
  • ការផ្សាយ​ជា​សំឡេង, រូបភាព ឬ​ឯកសារ​នានា ​តាម​វិទ្យុ ឬ ទូរទស្សន៍ ។ល។
យោងតាម​មាត្រា ៣ នៃ​ច្បាប់​ស្តីពី​សិទ្ធិ​អ្នកនិពន្ធ គឺ​ស្នាដៃ​ទាំងនេះ​ហើយ ដែល​ទទួល​បាន​ការការពារ​ពីច្បាប់។

លក្ខខណ្ឌ​ទី២ ​ស្នាដៃ ដែល​ទទួល​បាន​ការការពារដោយ​សិទ្ធិអ្នកនិពន្ធ ត្រូវតែ​ជា​ស្នាដៃ​ដើម ពោលគឺ​ជា​ស្នាដៃ​ ដែល​បង្កើត​ឡើង​​តាម​គំនិត​ប្រាជ្ញា​ផ្ទាល់​របស់​អ្នក​និពន្ធ មិនមែន​​ធ្វើ​តាម​គេ។

ជាឧទាហរណ៍​ជាក់ស្តែង តើ​ស្នាដៃ​អ្វី​ខ្លះ ដែល​ទទួល​បាន​ការការពារ​ពី​ច្បាប់ ស្តីពី​សិទ្ធិ​អ្នកនិពន្ធ?

ចំណុច​នេះ គឺ​មាន​ចែង​ក្នុង​មាត្រា ៣​ នៃ​ច្បាប់​ ស្តីពី​សិទ្ធិ​អ្នកនិពន្ធ៖
  • សៀវភៅ​អាន​គ្រប់ប្រភេទ ឬ​ក៏​ឯកសារ​ផ្សេងៗ​ទៀត ស្តីពី​អក្សរសាស្រ្ត, សិល្បៈ វិទ្យាសាស្រ្ត និង​ការ​អប់រំ
  • អត្ថបទ​បឋកថា សង្កថា ឬ​ធម្មទេសនា
  • ការតែងទំនុកច្រៀង, ​បទភ្លេង
  • ការសម្តែង​របាំ, ការសម្តែង​សៀក ឬ​ការ​សម្តែង​កាយវិការ
  • ស្នាដៃ​ជា​ផ្ទាំងគំនូរ, រូបចម្លាក់, រូបថត, ផែនទី, ប្លង់​ស្ថាបត្យកម្ម
  • កម្មវិធី​កុំព្យូទ័រ
  • ផលិតផល​សិប្បកម្ម ដូចជា តម្បាញ ឬ​ក៏​ម៉ូដ​សម្លៀកបំពាក់ ។ល។ និង​។ល។
ស្នាដៃមួយ ដើម្បី​ទទួល​បាន​ការការពារ​ពី​សិទ្ធិអ្នក​និពន្ធ តើ​គេ​ត្រូវ​​ធ្វើ​ការ​ចុះ​បញ្ជី​​អ្វី​ដែរ​ឬទេ?
 សិទ្ធិអ្នកនិពន្ធ មិនតម្រូវ​ឲ្យ​មាន​ការ​ចុះ​បញ្ជី​អ្វីទេ។ ឲ្យ​តែ​ស្នាដៃ​នោះ​ កើតឡើង​ចេញ​ជា​ទម្រង់​ជាក់លាក់​ណាមួយ ហើយ​ជា​ស្នាដៃ​ដើម​របស់​អ្នកនិពន្ធ គឺ​អាច​ទទួល​បាន​ការ​ការពារ​ពី​សិទ្ធិ​អ្នក​និពន្ធ។
 យោងតាម​មាត្រា ៥ នៃ​ច្បាប់​ស្តីពី​សិទ្ធិអ្នកនិពន្ធ ឆ្នាំ​២០០៣ ចែងថា ស្នាដៃមួយ ទោះបីពុំទាន់​ចប់សព្វគ្រប់ក្តី ឬពុំទាន់​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈក្តី ស្នាដៃនោះ ត្រូវ​ចាត់ទុក​ថា​បាន​បង្កើតឡើង​ដោយ​ចំណេះដឹង​ពិតប្រាកដ​តែមួយ​គត់​ពីគំនិត​ប្រាជ្ញា​អ្នកនិពន្ធ​ដែរ ពោល​គឺ ត្រូវ​ទទួលបាន​ការការពារ​ពី​សិទ្ធិ​អ្នកនិពន្ធ​ដែរ។

ដូច្នេះ ចំពោះ​សិទ្ធិ​អ្នកនិពន្ធ ច្បាប់​​​មិនតម្រូវ​ឲ្យ​មាន​ការ​ចុះ​បញ្ជី​អ្វី​ទេ។ ក៏ប៉ុន្តែ ការ​យក​ស្នាដៃ​ទៅ​ចុះ​បញ្ជី នៅ​ស្ថាប័ន​មាន​សមត្ថកិច្ច គឺ​វាមាន​ប្រយោជន៍​​ដល់​ម្ចាស់​ស្នាដៃ ព្រោះ​ថា ការចុះបញ្ជី​ គឺ​​ជា​ភស្តុតាង​បញ្ជាក់​​​​អំពី​កម្មសិទ្ធិ​លើ​ស្នាដៃ។

តើ​សិទ្ធិអ្វី​ខ្លះ ដែល​ត្រូវ​បាន​ការពារ​ដោយ​សិទ្ធិ​អ្នកនិពន្ធ?

យោងតាម​​ច្បាប់ ស្តីពី​សិទ្ធិ​អ្នកនិពន្ធ ត្រង់មាត្រា ១៨៖ អ្នកនិពន្ធ​ស្នាដៃ គឺ​ជា​​ម្ចាស់​កម្មសិទ្ធិ​ផ្តាច់មុខ​លើ​ស្នាដៃ​នោះ ហើយ​ជា​សិទ្ធិ ដែល​ជន​គ្រប់រូប​​ត្រូវ​តែ​ទទួល​ស្គាល់។ សិទ្ធិ​នេះ​បែងចែក​ចេញ​ជាពីរ៖

សិទ្ធិសីលធម៌
  • សិទ្ធិ​សម្រេច​អំពី​​ទម្រង់ និង​ពេលវេលា​នៃ​ការផ្សព្វផ្សាយ​ស្នាដៃ​របស់​ខ្លួន​ជា​សាធារណៈ
  • សិទ្ធិ​តម្រូវ​​ឲ្យ​គេ​ដាក់​ឈ្មោះ និង​ឋានៈ សម្រាប់​ទាក់ទង​ជាមួយ​សាធារណជន
  • សិទ្ធិ​ធ្វើការជំទាស់​​នូវ​គ្រប់រូបភាព​នៃ​ការ​បំផ្លើស​ ឬ​ការកែប្រែខ្លឹមសារ ក្នុង​ស្នាដៃ​របស់ខ្លួន ដែល​ជាហេតុ​​ធ្វើ​ឲ្យ​ខូច​​កេរ្តិ៍ឈ្មោះ អ្នក​និពន្ធ
សិទ្ធិបេតិកភណ្ឌ គឺ​សិទ្ធិ​ប្រកបអាជីវកម្ម​លើ​ទ្រព្យ ដែល​ជាស្នាដៃ​របស់​ខ្លួន តាមរយៈ​​ការ​បោះផ្សាយ​ជាសាធារណៈ ឬ​ក៏​តាមរយៈ​​ការ​បង្កើត​ស្នាដៃ​បន្ត។ យោងតាម​មាត្រា ២១ នៃ​ច្បាប់ ស្តីពី​សិទ្ធិអ្នកនិពន្ធ អ្នកនិពន្ធ​មាន​សិទ្ធិ​ផ្តាច់មុខ ធ្វើ​ដោយ​ខ្លួន​ឯង ឬ​ក៏​អនុញ្ញាត​ឲ្យ​គេ​ធ្វើ​បន្ត នូវកិច្ចការ​ដូចតទៅ៖
  • ចែកចាយ​ជា​សាធារណៈ តាម​ការលក់ ការជួល ឬ​តាម​មធ្យោបាយផ្សេង​ទៀត នូវច្បាប់ដើម ឬ​ច្បាប់​ចម្លង
  • ការបកប្រែ​ជា​ភាសា​បរទេស
  • ការយកលំនាំតាម ឬ​ការ​កែសម្រួល​ផ្សេងៗ​ទៀត ដូចជា ការ​យក​រឿងប្រលោមលោក និពន្ធ​ជាសៀវភៅ ទៅ​ធ្វើ​ជា​ខ្សែភាពយន្ត
  • ការផលិត​ស្នាដៃ​ឡើងវិញ ដូចជា ការ​យក​សៀវភៅ​ទៅ​បោះពុម្ពឡើងវិញ ឬក៏យក​ខ្លឹមសារ​ទៅ​ផ្សព្វផ្សាយ​តាមប្រព័ន្ធ​អ៊ីនធ័រណិត ។ល។ និង​។ល។
សូមបញ្ជាក់ថា ទាំងនេះ គឺ​ជាសិទ្ធិ​ផ្តាច់មុខ​របស់​អ្នក​និពន្ធ មានន័យថា មាន​តែ​អ្នក​និពន្ធ​ទេ ដែល​អាច​ធ្វើ​ការ​ទាំងអស់​នេះ​បាន។ គ្មាន​អ្នកណា​ផ្សេង​អាច​ធ្វើ​បានទេ លុះត្រាតែ​មាន​ការ​អនុញ្ញាត​ពី​អ្នក​និពន្ធ។

តើ​​សិទ្ធិអ្នកនិពន្ធ ទទួល​បាន​នូវការការពារ​ពី​ច្បាប់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ?

បើនិយាយ​អំពី​សិទ្ធិសីលធម៌ គឺ​មានលក្ខណៈ​អចិន្រ្តៃយ៍ (​មាត្រា ១៩ ច្បាប់​ស្តីពី​សិទ្ធិ​អ្នក​និពន្ធ)។
បើ​និយាយ​អំពី​សិទ្ធិ​បេតិកភណ្ឌវិញ មានន័យថា សិទ្ធិ​ផ្តាច់មុខ​ក្នុងការប្រកបអាជីវកម្ម​លើ​ស្នាដៃ គឺ​ទទួលបានការការពារ​​ពេញ​មួយ​ជីវិត​របស់​អ្នក​និពន្ធ បូកថែម ៥០​ឆ្នាំ ក្រោយ​ពី​អ្នកនិពន្ធ​ទទួលមរណភាព​ទៀត (មាត្រា ៣០ ច្បាប់​ស្តីពី​សិទ្ធិ​អ្នក​និពន្ធ)។

ផុតពី​រយៈពេល​នេះ​ទៅ ស្នាដៃ​ត្រូវ​ក្លាយ​ជា​សម្បត្តិ​សាធារណៈ ដែល​សាធារណជន​ទូទៅ​អាច​យក​ទៅ​​ប្រើប្រាស់​បាន។

តើ​​ស្នាដៃ ចាំបាច់​ត្រូវ​តែ​មាន​ដាក់​សញ្ញា​ “©រក្សាសិទ្ធិ” ទើប​ទទួល​បាន​ការការពារ​សិទ្ធិ​អ្នកនិពន្ធ ឬ​យ៉ាងណា?

តាមច្បាប់ នៅប្រទេស​ខ្លះ គេ​តម្រូវ​ឲ្យ​​ដាក់​​សញ្ញា​ "©រក្សាសិទ្ធិ" លើ​ស្នាដៃ​ណាមួយ ទើប​អាច​ទទួល​បាន​ការការពារ​​សិទ្ធិ​អ្នក​និពន្ធ។

ក៏ប៉ុន្តែ តាម​ច្បាប់ នៅ​កម្ពុជា ក៏​ដូចជា ប្រទេស​ផ្សេងទៀត ដែល​ជា​ហត្ថលេខី នៃ​អនុសញ្ញាក្រុង​ប៊ែន (Berne) គេ​មិនតម្រូវ​ឲ្យ​មាន​ដាក់​សញ្ញា “©រក្សាសិទ្ធិ”​ទេ។ បើទោះជា​ស្នាដៃ​ ដែល​គ្មាន​ដាក់​សញ្ញា​ “©រក្សាសិទ្ធិ” ក៏​ទទួល​បាន​ការការពារ​​ដោយ​សិទ្ធិ​អ្នកនិពន្ធ​ដែរ។

ក៏ប៉ុន្តែ សញ្ញា “©រក្សាសិទ្ធ” មានប្រយោជន៍ ក្នុង​ការ​ជូនដំណឹង​ដល់​សាធារណជន​ថា ស្នាដៃ​នេះ ស្ថិត​ក្រោម​​ការរក្សាសិទ្ធិ។ ប្រសិន​បើគ្មាន​សញ្ញា “©រក្សាសិទ្ធិ” វា​អាច​ចោទជាបញ្ហា នៅពេល​មាន​ក្តីក្តាំ។ ចុងចោទ​គេ​អាច​ដោះសារថា គេ​មិនបានដឹង ដោយ​ស្មានថា ស្នាដៃ​នេះ​​មិនមាន​រក្សាសិទ្ធិ។ ប្រសិនបើ​មាន​ដាក់​សញ្ញា “©រក្សាសិទ្ធិ” គេ​មិន​អាច​​ដោះសារ​ថា មិន​បាន​ដឹងនោះទេ។

ការចម្លង​ឡើងវិញ​នូវ​ស្នាដៃ​និពន្ធមួយ ដើម្បី​ទុក​ប្រើប្រាស់​ផ្ទាល់​ខ្លួន ដោយ​មិន​យក​ទៅធ្វើ​អាជីវកម្ម តើ​ជា​ការរំលោភ​សិទ្ធិ​អ្នកនិពន្ធ​ដែរឬទេ?

បើ​តាម​ច្បាប់ នៅប្រទេស​ខ្លះ (ដូចជា ​បារាំង​ ជាដើម) ការ​ចម្លង​ស្នាដៃ​មួយ ដូចជា ចម្លង​សៀវភៅ​ជាដើម អាច​ធ្វើ​ទៅបាន​ ទាល់តែ​ការ​ចម្លង​នេះ​ធ្វើ​ឡើង​តែ​មួយ​ផ្នែក​តូចមួយ។
ក៏ប៉ុន្តែ នៅ​កម្ពុជា​វិញ ច្បាប់​ស្តីពី​សិទ្ធិអ្នក​និពន្ធ ត្រង់មាត្រា ២៤ ចែងថា ការផលិតឡើងវិញ​ចំនួន​មួយច្បាប់ ជាលក្ខណៈ​ឯកជន​នូវស្នាដៃ ដែល​បាន​បោះពុម្ព​រួចហើយ ដើម្បី​យក​មកប្រើប្រាស់​ផ្ទាល់ខ្លួន គឺ​អាច​ធ្វើ​ទៅបាន ដោយ​មិនចាំបាច់​មាន​ការ​អនុញ្ញាត​ពី​អ្នក​និពន្ធ​ឡើយ។

ក៏ប៉ុន្តែ ​ការចម្លង​​យក​ទៅប្រើប្រាស់​ផ្ទាល់ខ្លួន​នេះ មិនអាច​ធ្វើ​ទៅបាន​ទៅបាន​ទេ ក្នុង​ករណី​មួយចំនួន ដូចជា៖
  • ការចម្លង​កម្មវិធី​កុំព្យូទ័រ
  • ការចម្លង​​​ប្លង់​ស្ថាបត្យកម្ម
  • ការចម្លង​​ចេញ​ពី​​ប្រព័ន្ធ​អ៊ីនធ័រណិត
  • ឬ​ការ​ចម្លង​ ឬ​ការ​ផលិតឡើងវិញ នូវ​ស្នាដៃ​ណាមួយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការធ្វើ​អាជីវកម្ម​ជាប្រក្រតី​​នៃ​​ស្នាដៃ​នោះ ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ស្របច្បាប់​​របស់​អ្នក​និពន្ធ។
ការដកស្រង់ខ្លឹមសារ​មួយ​ផ្នែក​នៃ​ស្នាដៃ​មួយ ដើម្បី​យក​មកផ្សព្វផ្សាយ តើ​ចាំបាច់ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​អ្នក​និពន្ធ​ដែរឬទេ?

ការដកស្រង់ខ្លឹមសារ​នេះ អាច​ធ្វើ​ទៅបាន ដោយ​មិនចាំបាច់​សុំ​ការអនុញ្ញាត​ពី​អ្នក​និពន្ធ​ទេ យោង​ទៅតាម​មាត្រា ២៥ នៃ​ច្បាប់​ស្តីពី​សិទ្ធិអ្នកនិពន្ធ។ ក៏ប៉ុន្តែ ត្រូវមាន​លក្ខខណ្ឌ​ពីរ៖
  • ជាការ​ដកស្រង់​តែមួយផ្នែកខ្លីៗ មិនមែន​ដកស្រង់​ទាំងស្រុង
  • ត្រូវមាន​ការ​បញ្ជាក់​យ៉ាងច្បាស់លាស់​នូវឈ្មោះ​របស់​អ្នកនិពន្ធ និង​ប្រភព​នៃ​ស្នាដៃ៕

ផ្សាយបន្តពីគេហទំព័រ វិទ្យុបារាំងអន្តរជាតិ

Wednesday, January 2, 2013

មនុស្សសំខាន់ៗល្បីដែលមានឥទ្ធិពលលើពិភពលោកនាឆ្នាំ២០១២


មនុស្សសំខាន់ៗដែលមានឥទ្ធិពលលើពិភពលោកនាឆ្នាំ២០១២


            ពេលវេលាទាំងឡាយបានកន្លងផុតទៅគ្មានឈប់ឈរ ភ្លេចៗឆ្នាំ២០១២ ក៏បានចប់ភារកិច្ចហើយចូលជំនួស ដោយឆ្នាំថ្មី២០១៣ ជីវិតទាំងឡាយក៏ហាក់ដូចជានៅតែបន្ត។ ការផ្លាស់ប្តូរទៅនៃឆ្នាំ២០១២ ក៏បានធ្វើឱ្យពិភពលោក មួយដុំនេះរសើបរកទីបំផុតគ្មាន នូវព្រឹត្រឹត្តិការណ៍ ផ្សេងៗ នៅទីនេះប៉ាកកាខ្មែរសូមលើកយកបុគ្គលសំខាន់ និង មនុស្សល្បីនៅពិភពលោកក្នុងឆ្នាំ២០១២កន្លងមួយចំនួនមកចែកជូន៖

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Barack Obama
           នៅក្នុងឆ្នាំនេះ​នរណាក៏បាន​ដឹង​ដែរថា នរណាជាមនុស្សសំខាន់របស់ពិភពលោក និងសហរដ្ឋអាមេរិក​គឺប្រធានាធិបតីបារ៉ាក់ អូបាម៉ា ដែលបានគ្រងតំណែងប្រធានាធិបតីសហរដ្ឋអាមេរិកជាលើកទី២ ។ មិនតែ ប៉ុណ្ណោះបុគ្គលដ៏មាន​ឥទ្ធិពលម្នាក់នេះ​ក៏បាន​​​ទស្សនាវដ្តី Time ជ្រើសរើស​ជាបុគ្គលសំខាន់ប្រចាំឆ្នាំរបស់ខ្លួន ផងដែរ។ ឥទ្ធិពលដ៏ខ្លាំងក្លានេះ ប្រធានាធិបតីពិភពលោករូបនេះ​បាន​ទទួលខុសត្រូវ​នូវរាល់បញ្ហារបស់ ពិភព​លោក ដែលកើតឡើងនាឆ្នាំ២០១២នេះ​យ៉ាងមិនដកដៃ ទោះបីជាសេដ្ឋកិច្ចរបស់សហរដ្ឋហាក់កំពុងតែមាន​វិបត្តិ​ក៏ដោយ ហើយសរុបដោយខ្លី​គឺប្រព័ន្ធហិរញ្ញវត្ថុត្រូវកាត់បន្ថយ​ហើយបន្ថែមផាស៊ីដោយស្វ័យប្រវត្តិ ដើម្បី​បន្ថយ​បំណុលរបស់រដ្ឋាភិបាល​អាមេរិកដែលបានបន្ថែមជាបន្តបន្ទាប់។
             យ៉ាងណាក៏ដោយលោកក៏​ជាប្រធានាធិបតីអាមេរិក​ទី១  នៃប្រវត្តិសាស្ត្រអាមេរិក​ដែល​បាន​ធ្វើដំណើរ​​មក​ប្រទេសកម្ពុជា​ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី​២១ ​នៅប្រទេសកម្ពុជា។  

 ផារ៍គ ជេសាង (Gangnam Style, 강남스타일)


          តារាចម្រៀងជនជាតិកូរ៉េ ខាងត្បូង អាយុ៣៤ ឆ្នាំរូបនេះបានសាងប្រវត្តិសាស្ត្រនៃក្បាបច់រាំរបស់ខ្លួន ដែលធ្វើឱ្យអ្នកគាំទ្រលើពិភពលោករាប់ទាំង Spot ឃោសនាផ្សេងបានត្រាប់តាម។ វប្បធម៌នៃសិល្បៈ​សម្រៀង​ក្បាច់​រាំ Gangnam Style 강남스타일 បានចូលជ្រាបក្នុងស្រទាប់អ្នកស្នេហាសិល្បៈតាំង​ពីកុមាររហូតដល់​មនុស្សចាស់ ហើយមានផលិតកម្មជាច្រើនបានយកលំនាំតាម។ ជាងនេះទៅទៀតបទចម្រៀងនេះត្រូវបានផ្សាយ​លើប្រព័ន្ធ youtube ហើយមានអ្នកចូលទស្សនាច្រើនជា ១,០០០ លាន ដងផងដែរ។

His Royal Highness Prince William Duke of Cambridge; William Arthur Philip Louis.
       ព្រះអង្គម្ចាស់វីលាម នៃចក្រភពអង់គ្លេស។ ចំពោះព្រះអង្គម្ចាស់រូប​នេះ​ក្នុងឆ្នាំ​នេះ​ជាដំណឹង​មួយ​យ៉ាងរីករាយ​ចំពោះចក្រភពអង់គ្លេស និង​ពិភពលោក ដែលមហេសី​ ដាច់ឆេស របស់ខែមប្រីត ឬមនុស្ស​ទូទៅស្គាល់នាងថា ម្នាក់នាង​ ខេត ព្រះជាយាព្រះអង្គម្ចាស់ វីលាម រាជទាយាទទី២ របស់អង់គ្លេស​មាន​ព្រះគភ៌។
អង់គេឡា ដូរ៉ូធា មើរ៍ឃើល (Angela Dorothea Merkel)
               អ្វីដែលមិនអាច​ភ្លេចបាន​នោះគឺស្រី្ត​​ម្នាក់ស្ថិតក្នុងសម័យវិបត្តិសេដ្ឋកិច្ច លោកស្រី អង់គេឡា ដូរ៉ូធា មើរ៍ឃើល(Angela Dorothea Merkel) បាន​ក្លាយ​ជានាយករដ្ឋមន្ត្រីប្រទេសអាល្លឺម៉ង់ ដែលនៅពេលនេះ​ប្រៀប​បាន​នឹងសសរទ្រូងមួយ​យ៉ាង​សំខាន់របស់អឺរ៉ុប​ហើយ​សន្យាថា នឹង​មិនឱ្យសេដ្ឋកិច្ចអឺរ៉ុបស្រុតចុះពិសេស​គឺ​ប្រាក់អឺរ៉ូ ព្រោះកន្លងមក​អាល្លឺម៉ង់ប្រៀបដូចជាបងធំក្នុង​ចំណោម​ប្រទេសក្នុងសហគមន៍អឺរ៉ុប។  
ស៊ី ជីភីង (Xi Jinping, ចិន: 习近平)


          នៅក្នុងអាស៊ីនេះគ្មាននរណាឡើយដែលមានឥទ្ធិពលលើ (Xi Jinping, ចិន: 习近平) ជីភីង ជាប្រធានាធិបតីថ្មីនៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលទើបតែបានទទួលការជ្រើសតាំងកាលពីខែមិថុនាឆ្នាំ២០១២ កន្លងទៅ ឱ្យមានគ្រប់គ្រងមហាយក្សនៅអាស៊ីខណៈនេះ ដោយបន្តតំណែងពីលោក ហ៊ូ ជីនថៅ ហើយនឹងធ្វើការផ្លាស់ប្តូរតំណែងជាផ្លូវការនៅខែមីនាឆ្នាំ២០១៣ នេះ។

 
តេង សេង (ភូមា៖ သိန်းစိန်၊ ဦး)


           ងាកមកប្រទេសក្នុងតំបន់វិញ លោក តេង សេង ត្រូវបានជាប់ឆ្នោតជាប្រធានធិបតីភូមា ហើយបានក្លាយជាចំណុចរសើបគួរឱ្យចាប់អារម្មណ៍របស់ពិភពលោក ក្រោយពេលដែលប្រទេសនេះបានផ្លាស់ប្តូររបបគ្រប់គ្រងមកជាសេរី។ ជាងនេះទៅទៀតវារៈ នៃប្រធានាធិបតីរូបនេះបានដោះលែងលោកស្រីអ៊ុងសាន ស៊ូជី ឱ្យមានសរីភាព ហើយមកអង្គុយក្នុងតំណែងសភាតំណាងរាស្ត្រក្នុងគណក្សប្រឆាំង។ ខណៈនេះតេង សេង បានបំពេញមុខមាត់សមាសភាពនយោបាយដល់ប្រទេសជាតិ ដែលកន្លងមកជារដ្ឋាភិបាលផ្តាច់ការយោធានោះ។ យើងក៏អាចសង្កេតផងដែរថា ភូមាពេលនេះកំពុងជាប់យ៉ាងណែនជាមួយបងធំ អាមេរិក។

 
គីម ជុងអីន និង រី ស៊លជួ


គីម ជុង អីន ជាមេដឹកនាំអាយុទាបបំផុតរបស់កុរ៉ខាងជើង។ លោកគី ជុងអីន មានភរិយា ឈ្មោះ រី ស៊ល ជូ ។

 
ប៉ារ៍គ គីនហេ


      លោកស្រីប៉ារ៍គ គីនហេ ជាប្រធានាធិបតីស្រ្តីទី១ ក្នុងប្រវត្តិសាស្ត្រកូរ៉េ ហើយជាការចាប់អារម្មណ៍​មួយរបស់អាស៊ី ក្រោយពេលបោះឆ្នោតជ្រើសរើសថ្មីៗនេះ។ មិនដឹងថា ប្រជាជនកូរ៉េផុតក្តីកង្វល់ ឬបើថ្នាក់​ដឹកនាំម្នាក់នេះព្យាយាមរួបរួមអំណាចដូចជាឪពុកខ្លួនលោក ប៉ារ៍គ ជុង ហ៊ី អតីតមេដឹនាំផ្តាច់ការរបស់កូរ៉​ខាងត្បូងដែលបានដឹកនាំប្រទេស ពីឆ្នាំ១៩៦១-១៩៧៩ នោះ។

មហាម៉េត ម៉រ៍ស៊ី

              លោក មហាម៉េត ម៉រ៍ស៊ី ប្រធានាធិបតីអេហ្ស៊ីប បានជ្រើសរើសធ្វើជាប្រធានាធិបតី ដោយ​សំឡេងឆ្នោតរបស់ប្រជាជន ក្រោយពីព្រឹត្តិការណ៍បដិវត្តន៍ផ្កាម្លិះ ផ្តូររំលំមេដឹកនាំផ្តាច់ការលោក ហសនី មួបារ៍គ ។

 
ឆារ៍ អាល់ អាស្សាត


                 បាឆារ៍ អាល់អាស្សាត មេដឹកនាំផ្តាច់ការស៊ីរី។ ទោះបីមានការគាបសង្កត់ពីអន្តរជាតិ និងប្រជាជន​ក្នុងប្រទេសដែលប្រឆាំងតស៊ូសង្រ្គាមស៊ីវិលក៏ដោយ អាស្សាត ក៏បានគ្រប់គ្រងអំណាចទុកបានយ៉ាងជាប់ស្អិត ប៉ុន្តែក៏ត្រូវប្តូរជាមួយជីវិតប្រជាជន និងទាហានចំនួន ៤០,០០០ នាក់ ហើយដែលនៅបន្ថែមរឿយៗ។

រូបថត និងអត្ថបទ មកពី ថៃរ៉ាត់

 

Saturday, September 1, 2012

ទស្សនៈ បណ្ឌិតសភាចារ្យ រស់ ច័ន្ទត្រាបុត្រ ជុំវិញ «ចលនាមិនចូល បក្សសម្ព័ន្ធ»

ភ្នំពេញ៖ ប្រិយមិត្តជាទីមេត្រី! នៅថ្ងៃទី៣០-៣១ ខែសីហា ឆ្នាំ២០១២ នាប្រទេសអ៊ីរ៉ង់ គឺមាន ប្រទេសជាង១០០ បានចូលរួមប្រជុំកំពូលលើកទី១៦ នៃចលនាមិនចូលបក្សសម្ព័ន្ធ ក្រោមប្រធានបទ «សន្តិភាពយូរអង្វែងតាមរយៈ អភិបាលកិច្ចរួមគ្នាជាសកល»។ នៅក្នុងកិច្ចប្រជុំនេះ ក៏មានវត្តមានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចូលរួមផងដែរ គឺ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ខ្មែរទៅចូលរួមក្នុងកិច្ចប្រជុំនោះ។
តើមានហេតុផលអ្វី ទើបបណ្តាលឲ្យមាន «ចលនាមិនចូលបក្សសម្ព័ន្ធ»នេះ កើតឡើង? តើប្រទេសណាខ្លះ ដែលបានចំណេញពីចលនានេះ? តើហេតុអ្វី បានជាសាធារណរដ្ឋអ៊ីស្លាម អ៊ីរ៉ង់ ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំលើក ទី១៦ នាពេលនេះ?
ចម្លើយនៃសំណួរខាងលើ ក៏ដូចការយល់ឃើញផ្សេងៗទៀត ជុំវិញ «ចលនាមិនចូលបក្សសម្ព័ន្ធ» គឺលោកបណ្ឌិត សភាចារ្យ រស់ ច័ន្ទត្រាបុត្រ ជាសាស្រ្តាចារ្យបណ្ឌិតផ្នែកវិទ្យាសាស្រ្តនយោបាយ បានបញ្ចេញទស្សនៈរបស់លោក នៅក្នុងនាទីព្រឹត្តិការណ៍ប្រចាំថ្ងៃរបស់វិទ្យុដើមអម្ពិល (ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១២) ដែលមានលោក ប៉ោ សេដ្ឋា ជាអ្នកសម្របសម្រួល មានជា សំឡេងដូចខាងក្រោម៖

ស្តាប់ទាំងស្រុងបទសម្ភាសន៍

 ប្រភព៖ ដើមអម្ពិល