Showing posts with label ផ្តើមចេញពីខ្ញុំ. Show all posts
Showing posts with label ផ្តើមចេញពីខ្ញុំ. Show all posts

Friday, July 6, 2012

ពលរដ្ឋខ្មែរ​អាមេរិកាំង​នឹង​ជួបជុំ​នៅ​រដ្ឋ​ Massachusetts​ ដើម្បី​រក​វិធី​ផ្សះផ្សា​ផ្លូវចិត្ត

ពលរដ្ឋខ្មែរ​អាមេរិកាំង​នឹង​ជួបជុំ​នៅ​រដ្ឋ​ Massachusetts​ ដើម្បី​រក​វិធី​ផ្សះផ្សា​ផ្លូវចិត្ត

រូបថត៖ តាំង​ សារ៉ាដា
ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​​ក្រុង​ឡូវែល​ រដ្ឋ​ម៉ាស្សាឈូស៊ែត សហរដ្ឋ​អាមេរិក។

«តុលាការ​គឺ​ជា​យន្តការ​មួយ​ដែល​នឹង​ជួយ​ធានា​ថា​វប្បធម៌​នៃ​ការ​រួចទោសពៃរ៍ ​នឹង​មិន​ត្រូវ​បាន​លើក​​ទឹក​ចិត្ត​ ឬ​បញ្ឈប់​ឱ្យ​បាន​ ប៉ុន្តែ​វា​នឹង​មិន​​ផ្សះផ្សា​បាន​ទាំង​ស្រុង​នូវ​របួស​ពី​ការ​ឈឺចាប់​ដែល​ អ្នក​នៅ​រស់​រាន​មាន​ជីវិត​និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ទទួល​រង​ទេ​ ដូច្នេះ​យើង​ទាំងអស់​គ្នា​ក្នុង​នាម​​ជា​​សហ​គមន៍​ត្រូវការ​បោះ​ជំហាន​ តទៅមុខ​ទៀត​តាម​វិធី​ឱ្យ​បាន​ល្អ​និង​ប្រកប​ដោយ​ផលិតភាព​​ដើម្បី​ធានា​ថា​ មរតក​នៃ​ប្រវត្តិសាស្រ្ត​ខ្មែរ​ក្រហម​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​នឹង​មិន​ មាន​​តែ​​ការ​កាប់​សម្លាប់​មួយ​មុខ​ទេ»។
វិទ្យាស្ថាន​ស្រាវ​ជ្រាវ​អនុវត្តន៍​សង្គម​នៃ​កម្ពុជា​រៀប​ចំ​​ការ​ជួប​ប្រជុំ​​នៅ​ថ្ងៃ​សៅរ៍​ទី​១៤​សីហា​ជាមួយ​ពលរដ្ឋ​​​​ខ្មែរ​អាមេរិកាំង​ដែល​បាន​រងគ្រោះ​ដោយ​របប​ខ្មែរ​ក្រហម​ដើម្បី​ពិភាក្សា​ពី​បញ្ហា​ដែល​ពួកគេ​ជួប​ប្រទះ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ជួយ​ផ្សះផ្សា​របួស​ផ្លូវចិត្ត​របស់​ពួកគេ។
តាម​សេចក្តី​ប្រកាស​ព័ត៌មាន​​ឱ្យ​ដឹង​ថា​ការ​ជួបប្រជុំ​ដែល​នឹង​រៀបចំ​នៅ​ក្នុង​​ទី​ក្រុង​​ឡូវ៉ែល​ រដ្ឋ​ម៉ា​ស្សា​ឈូ​សេត​​នេះ​ក៏​ដើម្បី​បញ្ជាក់​ប្រាប់​សហគមន៍​ខ្មែរ​អាមេរិកាំង​​ពី​​ព័ត៌មាន​ថ្មី​ៗ​ទាក់​ទង​នឹង​ពាក្យ​​បណ្តឹង​​ដែល​ពួកគេ​បាន​ដាក់​ទៅ​សាលាក្តី​ខ្មែរ​ក្រហម​តាម​​រយៈ​​វិទ្យាស្ថាន​ស្រាវជ្រាវ​អនុវត្តន៍​​សង្គម​​នៃ​​​កម្ពុជា​និង​មាន​ការ​ពិភាក្សា​ផ្តោត​លើ​សំណង​ដល់​ជនរង​គ្រោះ​ផងដែរ។
លោកស្រី​បណ្ឌិត​ នូ លក្ខិណា​ នាយិកា​ប្រតិបត្តិនៃ​វិទ្យាស្ថាន​នេះ​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​​សំឡេង​​សហ​រដ្ឋ​​អាមេរិក​ថា​​ វា​ជា​​ការ​សំខាន់​​ណាស់​ដែល​ពលរដ្ឋ​កម្ពុជា​ទាំង​អស់​មិនថា​អ្នក​នៅ​ក្នុង​ប្រទេស​​​ឬ​​​ក្រៅ​ប្រទេស​​ទេ​​ត្រូវ​ស្វែងរក​វិធី​សាស្រ្ត​នានា​ក្នុង​ការ​ផ្សះផ្សា​ផ្លូវចិត្ត​ដោយ​កុំពឹង​ផ្អែក​តែ​​ទៅ​លើ​​យន្ត​ការ​​តុលាការ​តែ​មួយ​មុខ។
«តុលាការ​គឺ​ជា​យន្តការ​មួយ​ដែល​នឹង​ជួយ​ធានា​ថា​វប្បធម៌​នៃ​ការ​រួចទោសពៃរ៍​នឹង​មិន​ត្រូវ​បាន​លើក​​ទឹក​ចិត្ត​ ឬ​បញ្ឈប់​ឱ្យ​បាន​ ប៉ុន្តែ​វា​នឹង​មិន​​ផ្សះផ្សា​បាន​ទាំង​ស្រុង​នូវ​របួស​ពី​ការ​ឈឺចាប់​ដែល​អ្នក​នៅ​រស់​រាន​មាន​ជីវិត​និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ទទួល​រង​ទេ​ ដូច្នេះ​យើង​ទាំងអស់​គ្នា​ក្នុង​នាម​​ជា​​សហ​គមន៍​ត្រូវការ​បោះ​ជំហាន​តទៅមុខ​ទៀត​តាម​វិធី​ឱ្យ​បាន​ល្អ​និង​ប្រកប​ដោយ​ផលិតភាព​​ដើម្បី​ធានា​ថា​មរតក​នៃ​ប្រវត្តិសាស្រ្ត​ខ្មែរ​ក្រហម​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​នឹង​មិន​មាន​​តែ​​ការ​កាប់​សម្លាប់​មួយ​មុខ​ទេ»។
លោកស្រី​បណ្ឌិត​ ​នូ លក្ខិណា​ ដែល​នឹង​ត្រូវ​ចូលរួម​ក្នុង​ពិធី​នោះ​ដែរ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​​ការ​ជួប​ប្រជុំ​ក្នុង​សហគមន៍​គឺ​ជា​រឿង​សំខាន់​ក្នុង​ការ​យល់​ឱ្យ​បាន​ច្បាស់​ពី​ដំណាក់​កាល​នៃ​ការស្វែង​រក​យុត្តិធម៌​និង​កំណត់​ឱ្យ​ច្បាស់​ពី​អ្វី​ដែល​គេ​ចង់​បាន​ក្នុង​ការ​ផ្សះផ្សា​ផ្លូវចិត្ត។
ការ​ជួបជុំ​នៅ​ចុង​សប្តាហ៍​នេះ​នឹង​ដើរ​តួ​ជា​វេទិកា​ដែល​ប្រមូល​ពលរដ្ឋ​ឱ្យ​មក​ជួបជុំ​គ្នា​ បង្កើតជា​ការ​ពិភាក្សា​ និង​ធ្វើការ​រួមគ្នា​លើ​បញ្ហា​យុត្តិធម៌​ ការ​រំលឹក​ដល់​អ្នក​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​និង​ទទួល​យក​ការ​ផ្សះផ្សា​ផ្លូវចិត្ត។
អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ដែល​មាន​ការ​ចូលរួម​ពី​អង្គការ​សហ​ប្រជា​ជាតិ​បាន​កាត់​ទោស​អតីត​មេគុក​ទួលស្លែង​ ឈ្មោះ​ កាំង​ ហ្កេកអ៊ាវ ​ហៅ​ឌុច​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​៣៥ឆ្នាំ។​ ក្រោយ​ពី​ការ​កាត់​ទោស​ មាន​ប្រតិកម្ម​ចម្រុះ​ពី​អតីត​ជនរង​គ្រោះ​ដោយ​មាន​អ្នក​ខ្លះ​ពេញ​ចិត្ត​ទទួល​យក​ និង​អ្នក​ខ្លះ​នៅ​មិន​ទាន់​ពេញ​ចិត្ត​នៅ​ឡើយ។​ ពួកគេ​ក៏​ស្នើ​សុំ​ផង​ដែរ​ថា​បើ​គ្មាន​​សំណង​ជា​បុគ្គល​ទេ​ ក៏​គួរ​មាន​ជា​សំណង​សមូហភាព​ដែល​មាន​ដូច​ជា​វិមាន​រំលឹក​អនុស្សាវ​រីយ៍​ជាដើម។
មេ​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​របប​ខ្មែរ​ក្រហម​ដទៃ​ទៀត​ដែល​មាន​នួន ជា ​ខៀវ សំផន​ អៀង សារី ​និង​អៀង ធីរិទ្ធ ​នឹង​ប្រឈម​មុខ​នឹង​ការកាត់​ទោស​នៅ​ចុងឆ្នាំ​នេះ​ ឬនៅ​ឆ្នាំ​២០១១៕

ប្រភពទាំងស្រុងពី៖ http://www.voanews.com/khmer/news/In-Lowell-Cambodians-Expect-More-from-Tribunal-101018384.html

មន្ទីរ​ពេទ្យ​​ចិត្ត​សាស្ដ្រ​​សម្រាប់​ជន​រងគ្រោះ​ដោយ​សម័យ​ខ្មែរក្រហម

មន្ទីរ​ពេទ្យ​​ចិត្ត​សាស្ដ្រ​​សម្រាប់​ជន​រងគ្រោះ​ដោយ​សម័យ​ខ្មែរក្រហម

«សំណួរ​មួយ​ដែល​យើង​សួរ​ថា​ ​ចុះ​បើ​យើង​មាន​សព្វថ្ងៃ​នេះ​ ​​អ្នក​ដែល​រស់រាន​មាន​ជីវិត​មាន​រហូត​​ដល់​ប្រាំលាន​នាក់​ ​តើ​យើង​អាច​ដឹង​ថា​ ​ក្នុង​ចំណោម​​ប្រាំ​លាន​នាក់​នេះ​មាន​ប៉ុន្មាន​នាក់​ដែល​ទទួល​រង​បញ្ហា​ នេះ? ហើយ​មាន​សេវា​កម្ម​អ្វី​ខ្លះ​ដែល​ផ្ដល់​ជូន​គាត់​ប្រសិន​បើ​គាត់​ត្រូវការ?»
គ្រូពេទ្យ​មួយក្រុម​មក​ពី​ប្រទេស​ចំនួន​បួន​នឹង​ធ្វើ​ការ​សិក្សា​បញ្ចប់​អំពី​តម្រូវ​ការ​នៃ​ការ​បង្កើត​មន្ទីរពេទ្យ​ចិត្ត​សាស្ដ្រ​មួយ​សម្រាប់​ជន​រងគ្រោះ​ដោយ​សម័យ​ខ្មែរក្រហម។​ គ្រូពេទ្យ​ឯកទេស​ផ្លូវ​ចិត្ត​កម្ពុជា​យល់​ថា ​មន្ទីរពេទ្យ​នេះ​មាន​សារៈ​សំខាន់​ ​ក៏​ប៉ុន្ដែ​មន្ដ្រី​ផ្លូវការ​របស់​រដ្ឋាភិបាល​គិត​ថា​ ​មិន​មាន​ការ​ចាំបាច់​សម្រាប់​បង្កើត​មន្ទីរ​ពេទ្យ​ដូច្នេះ​ទេ។
ប្រាំ​មួយ​ឆ្នាំ​បន្ទាប់ពី​ចាប់ផ្ដើម​សិក្សា​ទៅ​លើ​ស្ថានភាព​ជំងឺ​ផ្លូវចិត្ត​របស់​ជន​រងគ្រោះ​ដោយ​របប​ខ្មែរក្រហម​ ​នៅ​ពេល​នេះ​ ក្រុម​វេជ្ជ​បណ្ឌិត​ផ្នែក​ចិត្ត​សាស្ដ្រ​មកពី​សហ​រដ្ឋ​អាមេរិក​​ និង​មក​ពី​ប្រទេស​ពីរ​ផ្សេង​ទៀត​របស់​ទ្វីបអឺរ៉ុប​នឹង​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ក្នុង​ខែ​តុលា​ខាងមុខ​នេះ​ដើម្បី​ធ្វើ​ការ​សិក្សា​​បញ្ចប់​រួម​គ្នា​ជាមួយ​នឹង​ក្រុម​គ្រូពេទ្យ​កម្ពុជា​ទៅ​លើ​តម្រូវ​ការ​សម្រាប់​ការ​សាងសង់​មន្ទីរពេទ្យ​ឯកទេស​ផ្លូវ​ចិត្ត​មួយ​ដល់​ជន​រងគ្រោះ​ដោយ​របប​ខ្មែរក្រហម។​ ហើយ​ក្រុម​វេជ្ជ​បណ្ឌិត​ទាំង​នេះ​នឹង​ជូន​​យោបល់​ដល់​រដ្ឋាភិបាល​សម្រាប់​បង្កើត​មន្ទីរពេទ្យ​នេះ។
លោក​ឆាំង យុ ​នាយក​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​ដែល​បាន​រៀបចំ​ការ​សិក្សា​នេះ​ ​មាន​ប្រសាសន៍​ថា​ ​​ការសិក្សា​អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​បាន​បង្ហាញ​ថា​ ​សេវា​កម្ម​ព្យាបាល​ជំងឺ​ផ្លូវចិត្ត​ដល់​ជន​រងគ្រោះ​ដោយ​របប​ខ្មែរក្រហម​ និង​ដល់​អ្នក​ជំងឺ​ផ្លូវចិត្ត​ជាទូទៅ​ ​មិន​គ្រប់​គ្រាន់​ទេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ហើយ​រដ្ឋាភិបាល​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​សាងសង់​មន្ទីរពេទ្យ​នេះ។

“យើង​ឈាន​ទៅ​ដល់​ដំណាក់​កាល​មួយ​ថា​ ​រដ្ឋាភិបាល​គួរតែ​សាង​សង់​មន្ទីរ​ពេទ្យ​មួយ​សម្រាប់​សេវា​កម្ម​សុខភាព​ផ្លូវចិត្ត​ ​ដោយសារ​យើង​បាន​រក​ឃើញ​ថា​ ​ទោះបីជា​នៅ​កន្លែង​ផ្សេងៗ​ទៀត​ ​ទោះបី​មាន​សេវា​កម្ម​ក៏ដោយ​ ​វា​មិន​គ្រប់គ្រាន់​ទេ​ ​ហើយ​​វាទាក់ទង​នឹង​ការតព្វ​កិច្ច​របស់​រដ្ឋាភិបាល​ ​ហើយ​​វាអាច​ជា​សំណង​សម្រាប់​ជន​រងគ្រោះ​ដែល​បាន​ឆ្លង​កាត់​ដំណើរ​ការ​នៃ​ការ​កាត់​ទោស​ខ្មែរក្រហម។​ យើង​នឹង​ស្នើ​ជូន​រដ្ឋាភិបាល​សុំ​ឲ្យ​មាន​ការ​សាងសង់​មន្ទីរពេទ្យ​មួយ​ដែល​បម្រើ​សុខ​ភាព​ផ្លូវចិត្ត​ដល់​អ្នក​ណា​ដែល​ជា​ជន​រងគ្រោះ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិប​តេយ្យ"។
លោក​ឆាំង​ យុ ​បាន​បន្ថែម​ថា​ ​ក្រុម​វេជ្ជ​បណ្ឌិត​ផ្នែក​ចិត្ត​សាស្រ្ដ​ទាំង​បួន​ប្រទេស​ ​ដែល​មាន​គ្នា​សរុប​ចំនួន​១៦​នាក់​ ​នឹង​ត្រូវ​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន​នៅ​ខែ​ធ្នូ ​ឆ្នាំ​២០១០​នេះ។​ ហើយ​ពួក​គេ​នឹង​ដាក់​របាយ​ការណ៍​សិក្សា​នេះ​ដែល​មាន​កម្រាស់​ជាង​៤០០​ទំព័រ​ជូន​ទៅ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដែល​នៅ​ក្នុង​របាយ​ការណ៍​នេះ​ ​ក្រុម​គ្រួពេទ្យ​ជូន​យោបល់​ថា​ ​ការ​សាង​សង់​មន្ទីរពេទ្យ​ផ្លូវ​ចិត្ត​ ​ដាច់​ដោយ​ឡែក​ពី​មន្ទីរ​ពេទ្យ​ព្យាបាល​ជំងឺ​ទូទៅ​ ​ពិសេស​សម្រាប់​ព្យាបាល​ជំងឺ​ផ្លូវចិត្ត​ជន​រងគ្រោះ​ដោយ​របប​ខ្មែរក្រហម​​គឺ​ជា​ការ​ចាំបាច់។
លោក​ឆាំង​ យុ​ មាន​ប្រសាសន៍​ថា​ ​មន្ទីរ​ពេទ្យ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​ដោយសារ​របប​ខ្មែរក្រហម​នេះ​នឹង​ក្លាយ​ទៅ​ជា​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​មួយ​នៅ​ថ្ងៃ​អនាគត​ផង​ដែរ។

“សំណួរ​មួយ​ដែល​យើង​សួរ​ថា​ ​ចុះ​បើ​យើង​មាន​សព្វថ្ងៃ​នេះ​ ​​អ្នក​ដែល​រស់រាន​មាន​ជីវិត​មាន​រហូត​​ដល់​ប្រាំលាន​នាក់​ ​តើ​យើង​អាច​ដឹង​ថា​ ​ក្នុង​ចំណោម​​ប្រាំ​លាន​នាក់​នេះ​មាន​ប៉ុន្មាន​នាក់​ដែល​ទទួល​រង​បញ្ហា​នេះ? ហើយ​មាន​សេវា​កម្ម​អ្វី​ខ្លះ​ដែល​ផ្ដល់​ជូន​គាត់​ប្រសិន​បើ​គាត់​ត្រូវការ?​ ហើយ​មន្ទីរពេទ្យ​នេះ​ជា​កន្លែង​ប្រជុំ​សិក្សា​ស្រាវជ្រាវ​អំពី​ផ្នែក​ចិត្ត​សាស្ដ្រ​ ​រក​វិធី​ផ្សេងៗ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​បន្សល់​ទុក​ពី​សម័យ​ខ្មែរក្រហម​​ ​ក៏​ដូចជា​ក្រោយ​ពេល​​ដែល​តុលាការ​​ត្រូវ​បាន​​បញ្ចប់​ទៅ"។

របប​កម្ពុជា​ប្រជាធិប​តេយ្យ​របស់​ពួក​​ខ្មែរក្រហម​បាន​បង្អត់​​អាហារ​ ​បង្ខំ​ឲ្យ​ប្រជាជន​ខ្លួន​ឯង​​ធ្វើ​ពល​កម្ម​យ៉ាង​ធ្ងន់​ធ្ងរ​ ​រួម​ទាំង​ធ្វើ​​ទារុណ​កម្ម​ និង​កាប់​សម្លាប់​ប្រជាជន​ស្លូត​ត្រង់​ដោយ​ពុំ​មាន​ការ​វិនិច្ឆ័យ​ទោស​ទៀត​ផង​ទេ។ ​ជន​រងគ្រោះ​យ៉ាង​តិច​១,៧​លាន​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​​ក្នុង​ការ​គ្រប់គ្រង​អស់​រយៈ​ពេល​៣ឆ្នាំ៨​ខែ​២០​​ថ្ងៃ​របស់​របប​ខោអាវ​ខ្មៅ​នេះ។ ​ជន​សង្ស័យ​សរុប​ចំនួន​ប្រាំ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​យក​មក​ឃុំ​ឃាំង​ទុក​ជា​បណ្ដោះ​អាសន្ន​ ​នៅ​ក្នុង​នោះ​មាន ​​នួន ​ជា​ ​ខៀវ ​សំផន​ ​អៀង​ សារី​ ​អៀង ​​ធារិទ្ធ​ និង​​ឌុច ​អតីត​ប្រធាន​គុក​ទួលស្លែង។ ​ក៏ប៉ុន្ដែ​ ​ឌុច​ត្រូវ​បាន​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​​ពេល​៣៥​ឆ្នាំ​ ​កាល​ពី​ចុង​​ខែ​កក្កដា។​ រី​ឯ​ជន​ជាប់ចោទ​​ចំនួន​បួន​​នាក់​ផ្សេង​ទៀត​ត្រូវ​រង់ចាំ​ការកាត់​ទោស​​ជា​ប្រវត្តិ​សាស្រ្ដ​នៅ​ដើម​​ឆ្នាំ​២០១១។

យោង​តាម​ឯកសារ​របស់​មជ្ឈ​មណ្ឌល​ឯកសារ​​កម្ពុជា​បង្ហាញ​ថា​ ​មាន​កុមារ​កំព្រា​ប្រមាណ​ជា​២០០​ ០០០​​នាក់​ក្រោយ​ពី​របប​ខ្មែរក្រហម​​ត្រូវ​បាន​ផ្តួល​រំលំ។ ​រី​ឯ​ក្នុង​ចំណោម​​ជន​រងគ្រោះ​ដែល​​នៅ​សេស​សល់​ ​គេច​ផុត​ពី​ការ​កាប់​សម្លាប់​​នោះ​គឺ​ស្ទើរ​តែ​៧០​ភាគរយ​​ជាស្ដ្រី។ ​ជន​រងគ្រោះ​ដែល​​នៅ​សេស​សល់​ពី​របប​ខ្មែរក្រហម​នោះ​តែងតែ​ដក់ជាប់​នូវ​ការ​ឈឺ​ចាប់​ ​ភាព​តក់​ស្លុត​ ​និង​ការ​បាក់​ស្បាត​ជាដើម។ ​បញ្ហា​ទាំង​នេះ​ដែល​ជា​សញ្ញា​នៃ​ជំងឺ​ផ្លូវចិត្ត។
លោក​ខៀវ​ កាញារិទ្ធ​ ​រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន​ និង​ជា​អ្នក​នាំពាក្យ​រដ្ឋា​ភិបាល​​ ​មាន​ប្រសាសន៍​ថា​ ​រដ្ឋា​ភិបាល​បាន​និង​កំពុង​ព្យាបាល​អ្នក​មាន​ជំងឺ​ផ្លូវ​ចិត្ត​ទាំងឡាយ​ ​នៅ​តាម​មន្ទីរពេទ្យ​សាធារណៈ​ ​ដូច្នេះ​មិន​មាន​ការចាំបាច់​បង្កើត​មន្ទីរពេទ្យ​របៀប​នេះ​ដាច់​ដោយ​ឡែក​នោះ​ទេ។ ​ក៏​ប៉ុន្ដែ​លោក​មាន​ប្រសាសន៍​ថា​ ​រដ្ឋាភិបាល​ស្វាគមន៍​ការ​បង្កើត​មន្ទីរ​ពេទ្យ​នេះ​ជា​លក្ខណៈ​ឯកជន​ណា​មួយ​នោះ។

“នេះ​ជា​ការងារ​សុខាភិបាល​រួម​ ​ទោះបី​ជា​តុលាការ​នេះ​​ចប់​ក្ដី។​ ការងារ​​ពេទ្យ ​(នេះ) ​ត្រូវ​​តែ​ធ្វើ​ជា​បន្ត​ទៀត​​ ​គ្រាន់​តែ​ឥឡូវ​យើង​មិន​សូវ​មាន​អ្នក​ចិត្តវិទូ​ច្រើន។​ ឥឡូវ​បើសិន​ជា​ឯកជន​ណា​ចង់​សាងសង់​ (មន្ទីរពេទ្យ)​ ​ឲ្យ​គេ​ធ្វើ​ទៅ"។
ប្រទេស​កម្ពុជា​​មិន​សូវ​សម្បូរ​គ្រូពេទ្យ​ឯកទេស​ផ្នែក​ជំងឺ​ផ្លូវ​ចិត្ត​នោះ​ទេ។ ​យោង​តាម​លោក​វេជ្ជ​បណ្ឌិត​ មុនី​ សុថារ៉ា​ ​ប្រធាន​ផ្នែក​ជំងឺ​ផ្លូវចិត្ត​នៃ​មន្ទីរពេទ្យ​ព្រះកុសមៈ​ ​ក្រុង​ភ្នំពេញ​ ​និង​ជា​អ្នក​សម្រប​សម្រួល​កម្ម​វិធី​ជំងឺ​ផ្លូវ​ចិត្ត​របស់​អង្គការ​ចិត្ត​សង្គម​ ​អន្ដរ​វប្បធម៌​ (TPO)​ បាន​ឲ្យដឹង​ថា​ ​ប្រទេស​កម្ពុជា​ទើបតែ​បាន​បង្កើត​ឲ្យ​មាន​គ្រូពេទ្យ​ចិត្ត​សាស្រ្ដ​ឡើង​វិញ​នៅ​ឆ្នាំ​១៩៩៤​ ​បន្ទាប់​ពី​របប​ខ្មែរក្រហម​បាន​ដួល​រលំ។

លោក​វេជ្ជបណ្ឌិត​មុនី​ សុថារ៉ា​ មាន​ប្រសាសន៍​ថា​ ​បើ​តាម​គោល​ការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក​ ​គេ​មិន​គួរ​បង្កើត​មន្ទីរពេទ្យ​ចិត្ត​សាស្ដ្រ​មួយ​នៅ​ក្រៅ​មន្ទីរពេទ្យ​សាធារណៈ​ ​ឬ​​ក៏​មន្ទីរពេទ្យ​ពិគ្រោះ​ជំងឺ​ទូទៅ​នោះ​ទេ។​ ក៏​ប៉ុន្ដែ​សម្រាប់​រូបលោក​ ​លោក​យល់ឃើញ​ថា​ ​គួរ​តែ​មាន​មន្ទីរពេទ្យ​ឯក​ទេស​សម្រាប់​ការ​ព្យាបាល​បញ្ហា​ផ្លូវ​ចិត្ត​ ​ជាពិសេស​សម្រាប់​ការព្យាបាល​ជំងឺ​បាក់ស្បាត​របស់​ជន​រង​គ្រោះ​ដោយ​របប​ខ្មែរក្រហម​ ​ក៏ប៉ុន្ដែ​លោក​វេជ្ជ​បណ្ឌិត​មុនី​ សុថារ៉ា​មាន​ប្រសាសន៍​ថា​ ​ការបង្កើត​មន្ទីរ​ពេទ្យ​ដាច់​ដោយ​ឡែក​ដើម្បី​ព្យាបាល​ជំងឺ​ផ្លូវចិត្ត​ដល់​ជន​រងគ្រោះ​ដោយ​របប​ខ្មែរក្រហម​នេះ​ ​ត្រូវតែ​​មាន​គ្រូពេទ្យ​ និង​ក្រុម​វេជ្ជ​បណ្ឌិត​មាន​គុណភាព​ជាក់លាក់៕

ប្រភពទាំងស្រុងពី៖ http://www.voanews.com/khmer/news/psychiatrists-sought-for-a-speacialized-khmer-rouge-hospital-102647569.html

ហេឡូវីអូអេ ២៣ មករា ២០១២៖ ផលប៉ះពាល់ផ្លូវចិត្តពីរបបខ្មែរក្រហមនិងវិធីព្យាបាល

ការ​អភិវឌ្ឍ​ប្រទេស​ជា​កត្តា​សំខាន់​មួយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផ្លូវចិត្ត​នៅក្នុង​ប្រទេស​កម្ពុជា


រូបថត៖ Courtesy of Ka Sunbaunat
លោក​សាស្រ្តាចារ្យ​កា​ ស៊ុនបូណាត​ ជា​សាស្រ្តាចារ្យ ដែល​​បាន​ធ្វើការ​លើ​ផ្នែក​សុខភាព​ផ្លូវចិត្ត​នៅក្នុង​ប្រទេស​កម្ពុជា​តាំងពី​ទសវត្សរ៍​១៩៨០​មក នា​​ពេល​បច្ចុប្បន្ន​នេះ​ លោក​សាស្រ្តាចារ្យ​ជា​ប្រធាន​ផ្នែក​វិកលវិជ្ជា​ និង​ជា​នាយក​មហាវិទ្យាល័យ​ឱសថ​សាស្រ្ត​នៃ​សាកល​វិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល​ និង​ជា​ប្រធាន​កម្មវិធី​ជាតិ​សម្រាប់​សុខភាព​ផ្លូវចិត្ត។





«ជា​ទូទៅ​ គាត់​មិន​ទទួលស្គាល់​ថា​ គាត់​កើត​បញ្ហា​ផ្លូវចិត្ត​ទេ​ ព្រោះ​ការ​យល់ដឹង​អំពី​បញ្ហា​ចិត្តសាស្រ្ត​ និង​ជំងឺ​ផ្លូវចិត្ត​នៅក្នុង​ប្រទេស​កម្ពុជា​មិន​បាន​ភាព​ច្បាស់លាស់​ព្រោះ​ ថា​ យើង​ច្រើនតែ​យល់​ថា​ បើ​មាន​ជំងឺ​ផ្លូវចិត្ត​ ទាល់តែ​ឆ្កួត​ និយាយ​ស្តាប់​គ្នា​លែង​បាន​»។
                 បញ្ហា​សុខភាព​ផ្លូវចិត្ត​ជា​បញ្ហា​ចំបង​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។​ បញ្ហា​នេះ​បណ្តាល​មកពី​អំពើ​ហិង្សា​ដ៏​ឃោរឃៅ​នៅក្នុង​របប​ខ្មែរក្រហម​ រួមទាំង​សង្រ្គាម​ និង​អំពើ​ហិង្សា​នៅ​មុន​ និង​ក្រោយ​របប​ខ្មែរក្រហម។​ ប្រជា​ពលរដ្ឋ​ខ្មែរ​ជាច្រើន​បាន​រងគ្រោះ​បញ្ហា​ផ្លូវចិត្ត​នេះ។​ លោក​សាស្រ្តាចារ្យ​កា​ ស៊ុនបូណាត​ក៏​ជា​អ្នក​រងគ្រោះ​បញ្ហា​ផ្លូវចិត្ត​មួយ​រូប​ផងដែរ។​ លោក​សាស្រ្តាចារ្យ​បាន​ធ្វើការ​លើ​ផ្នែក​សុខភាព​ផ្លូវចិត្ត​នៅក្នុង​ប្រទេស​កម្ពុជា​តាំងពី​ទសវត្សរ៍​១៩៨០​មក។​ នា​ពេល​បច្ចុប្បន្ន​នេះ​ លោក​សាស្រ្តាចារ្យ​ជា​ប្រធាន​ផ្នែក​វិកលវិជ្ជា​ និង​ជា​នាយក​មហាវិទ្យាល័យ​ឱសថ​សាស្រ្ត​នៃ​សាកល​វិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល​ និង​ជា​ប្រធាន​កម្មវិធី​ជាតិ​សម្រាប់​សុខភាព​ផ្លូវចិត្ត។
លោក​សាស្ត្រាចារ្យ​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​ខ្មែរ​អំពី​បញ្ហា​សុខភាព​ផ្លូវចិត្ត​នៅក្នុង​ប្រទេស​កម្ពុជា​ និង​បទពិសោធន៍​របស់​លោក​ផ្ទាល់​ពាក់ព័ន្ធ​នឹង​ការ​បណ្តុះបណ្តាល​ផ្នែក​សុខភាព​ផ្លូវចិត្ត​ និង​ព្យាបាល​អ្នក​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត។
                       លោក​សាស្រ្តាចារ្យ​ពន្យល់​ថា​ ដើម្បី​ដោះស្រាយ​បញ្ហា​ផ្លូវចិត្ត​នៅក្នុង​ប្រទេស​កម្ពុជា​ ដាច់ខាត​យើង​ត្រូវ​ដោះស្រាយ​កត្តា​ ៤​ ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្លូវចិត្ត​ គឺ​កត្តា​ជីវសាស្រ្ត​ កត្តា​ចិត្តសាស្រ្ត​ កត្តា​សង្គម​ និង​កត្តា​ជំនឿ។​ ចំពោះ​កត្តា​ជីវសាស្រ្ត​ យើង​ត្រូវ​ប្រើ​ឱសថ​ជួយ​អ្នកជំងឺ។​ ចំពោះ​កត្តា​ចិត្តសាស្រ្ត​ យើង​ត្រូវ​ប្រើ​ការ​អប់រំ​ ដូចជា​ការ​អប់រំ​តាម​បែប​ព្រះពុទ្ធសាសនា​ និង​ចលនា​អប់រំ​សុខភាព​ផ្លូវចិត្ត​ផ្សេងៗ​ទៀត។​ រីឯ​កត្តា​សង្គម​ យើង​ត្រូវ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យ​បាន​រីកចម្រើន។​ ចំណែកឯ​កត្តា​ជំនឿ​វិញ ​យើង​ត្រូវ​តម្រង់​ជំនឿ​របស់​អ្នក​មាន​វិបត្តិ​ផ្លូវចិត្ត​កុំឲ្យ​ជឿ​ជ្រុល​ ឬ​ជឿ​ខុស​ និង​ប្រតិបត្តិ​តាម​ព្រះពុទ្ធ​សាសនា​ ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ដល់​សាច់ញាតិ​ដែល​បាន​ចែក​ឋាន​ទៅ»។
នេះ​ជា​សេចក្តីសង្ខេប​បទសម្ភាសន៍​រវាង​លោក​ភី​ សុភាដា​នៃ​វីអូអេ​ខ្មែរ​ ជាមួយ​លោក​សាស្រ្តាចារ្យ​កា​ ស៊ុនបូណាត។

ភាគ​ទីមួយ​នៃ​កិច្ចសម្ភាស​រវាង​ភី សុភាដា​ និង​ លោក​សាស្រ្តាចារ្យ​ កា ស៊ុនបូណាត
download iconDownload: MP3 | Windows Media
Right click (Control click for Mac) and choose Save Link/Target As

              វីអូអេ៖ ដូច​ដែល​យើង​ដឹង​ហើយ​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​បាន​រងគ្រោះ​ធ្ងន់ធ្ងរ​នៅក្នុង​របប​ខ្មែរ​ក្រហម​ អញ្ចឹង​តើ​លោក​សាស្រ្តាចារ្យ​គិត​ថា​ បញ្ហា​ហ្នឹង​ជះ​ឥទ្ធិពល​អ្វី​ខ្លះ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ ក៏​ដូចជា​សង្គម​ទាំងមូល​ដែរ?
សាស្រ្តាចារ្យ ​កា​ ស៊ុនបូណាត៖ ការណ៍ពិត​ ប្រទេស​កម្ពុជា​រងគ្រោះ​សង្រ្គាម​តាំងពី​ឆ្នាំ​១៩៧០​ រហូត​មក​ដល់​ឆ្នាំ​១៩៧៥។​ បន្ទាប់មក ​ពី​ឆ្នាំ​១៩៧៥​រហូត​ដល់​ឆ្នាំ​១៩៧៩​គឺជា​របប​ប៉ុល ពត។​ ហើយ​ក្រោយមក​ទៀត​ មួយ​ចំណែក​នៃ​ប្រទេស​កម្ពុជា​ ជាពិសេស​ផ្នែក​ខាងលិច​ នៅ​រងគ្រោះ​ដោយ​សង្គ្រាម​រហូត​ដល់​ក្រោយ​ឆ្នាំ​១៩៧៩​ ហើយ​មក​ទល់​នឹង​ឆ្នាំ​១៩៩៨​ ទើប​យើង​បាន​សន្តិភាព​ទាំងស្រុង។​ ទាំងអស់​នេះ​ជា​ផល​ប៉ះពាល់​ទៅលើ​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ធ្លាប់​ទទួល​រងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ទាំងអស់​នេះ។​ វា​ធ្វើឲ្យ​មាន​ផល​ប៉ះពាល់​ទៅជា​ជំងឺ​ផ្លូវចិត្ត​ជាច្រើន​ ជាពិសេស​ជំងឺ​ថប់​អារម្មណ៍​ ជំងឺ​ធ្លាក់​ទឹកចិត្ត​ និង​ជំងឺ​បាក់ស្បាត។​ ដោយសារ​ការ​ខ្វះខាត​ការ​ព្យាបាល​ដ៏​យូរ​ច្រើន​ឆ្នាំ​ ច្រើន​ទសវត្សរ៍​ បានជា​ធ្វើឲ្យ​ជំងឺ​បាក់ស្បាត​នេះ​ប្រែក្លាយ​ទៅជា​ជំងឺ​ម៉្យាង​ដែល​ហៅ​ថា​ «ពិបាក​ចិត្ត​ ធ្វើ​ទុក្ខ​កាយ»។​ វា​ទៅជា​ឈឺ​ពោះ​ ឈឺ​ក្បាល​ ឈឺ​ពេញ​ខ្លួន​ ណែន​ទ្រូង​ ថប់​ដង្ហើម​ លើស​ឈាម។​ ហើយ​សម្រាប់​អ្នក​ខ្លះ​ទៀត​ដែល​មាន​បញ្ហា​ថប់​អារម្មណ៍​ ដើម្បី​ដោះស្រាយ​ការ​ធ្វើ​ទុក្ខ​ម្តងៗ​ គាត់​បែរ​ទៅជា​ពិសារ​ស្រា​ ហើយ​ការ​ពិសារ​ស្រា​នេះ​ជា​ផល​វិបាក​ប៉ះពាល់​ដល់​សង្គម​កម្ពុជា​យើង។
                   មិន​ត្រឹមតែ​ប៉ុណ្ណេះ​ទេ​ សម្រាប់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​រងគ្រោះ​ផ្ទាល់​នោះ​ គាត់​ទទួល​រង​នូវ​បញ្ហា​អស់​ទាំងនេះ។​ តែ​ដោយសារតែ​ឪពុក​ម្តាយ​ដែល​មាន​ជំងឺ​ផ្លូវចិត្ត​ទាំងអស់​ហ្នឹង​ គាត់​ពិបាក​នឹង​អត់ទ្រាំ​ឲ្យ​ស្ងប់​ក្នុង​ចិត្ត​ ដូច្នេះ​ហើយ​វា​ងាយ​ធ្វើ​ឲ្យ​គាត់​ហ្នឹង​មាន​ចរិត​កាច​ច្រឡោត​ ទប់​ចិត្ត​អត់​បាន​ បង្ក​ទៅជា​ធ្វើ​អំពើហិង្សា​ក្នុង​គ្រួសារ។​ ដូច្នេះ​យើង​សង្កេត​ឃើញ​ថា​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ច្រើន​ណាស់​ជា​ផល​វិបាក​នៃ​ជំងឺ​ផ្លូវចិត្ត​ ហើយ​ជាពិសេស​គឺ​បណ្តាល​មកពី​ឪពុក​ម្តាយ​ដែល​រងគ្រោះ​ដោយសារ​សង្រ្គាម​ និង​របប​ប៉ុល ពត​ហ្នឹង​តែម្តង។​ ហើយ​អំពើ​ហិង្សា​នេះ​ជះ​ឥទ្ធិពល​ដល់​ក្មេង​ស្រករ​ក្រោយ​ ដែល​មិន​ដែល​រងគ្រោះ​ មិនដែល​ឃើញ​ មិនដែល​ស្គាល់​របប​ប៉ុល ពត​ ឬក៏​សង្រ្គាម​សោះ។​ អញ្ចឹង​ឃើញ​ថា​ សង្រ្គាម​ និង​របប​ប៉ុល ពត​បាន​ជះ​ឥទ្ធិពល​ផ្ទាល់​ និង​ប្រយោល​ ទៅដល់​អ្នក​ដែល​ធ្លាប់​រស់នៅ​ក្នុង​ហ្នឹង​ផ្ទាល់​ និង​ប្រជាពលរដ្ឋ​ស្រករ​ក្រោយ​ ដែល​នេះ​ជា​បញ្ហា​មួយ​ធំធេង​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ ដែល​មិន​ត្រឹមតែ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្នុង​ស្រុក​ទេ​ សូម្បីតែ​ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជីញ​ទៅ​រស់នៅ​ក្នុង​ប្រទេស​ទី​៣​ហើយ​នោះ​ ក៏​ទទួល​រងគ្រោះ​បែប​អញ្ចឹង​ដូចគ្នា​ដែរ។

ភាគ​ទី​ពីរ​នៃ​កិច្ចសម្ភាស​រវាង​ភី សុភាដា​ និង​ លោក​សាស្រ្តាចារ្យ​ កា ស៊ុនបូណាត
download iconDownload: MP3 | Windows Media
Right click (Control click for Mac) and choose Save Link/Target As

                      វីអូអេ៖ លោក​សាស្រ្តាចារ្យ​បាន​មាន​ប្រសាសន៍​ថា​ របប​ប៉ុល ពត​ និង​សង្រ្គាម​ប៉ះពាល់​ផ្ទាល់​ផង​ និង​ប្រយោល​ផង​ ហើយ​ចំពោះ​ការ​ប៉ះពាល់​ផ្ទាល់​ គឺ​ធ្វើឲ្យ​គាត់​ហ្នឹង​ទៅជា​មាន​ជំងឺ​បាក់ស្បាត​ ដែល​មាន​រោគសញ្ញា​មួយ​ចំនួន​ ដូចជា​ទៅ​ពិសារ​ស្រា​ ទៅ​បង្ក​អំពើ​ហិង្សា​ក្នុង​គ្រួសារ​អី​ផ្សេងៗ​ជាដើម។​ តើ​មាន​អាការៈ​អ្វី​ផ្សេង​ពី​ហ្នឹង​ទេ​ ដែល​ស្តែង​ចេញ​មក​ចំពោះ​អ្នក​ដែល​បាន​រងគ្រោះ​ផ្ទាល់​ពី​អំពើ​ហិង្សា​បែប​ហ្នឹង​ ដែល​ធ្វើឲ្យ​យើង​ដឹង​ថា​ គាត់​ដោយសារ​បញ្ហា​ជំងឺ​ផ្លូវចិត្ត​ ធ្វើឲ្យ​គាត់​ស្តែង​ចេញ​អាកប្បកិរិយា​ ឬក៏​រោគសញ្ញា​ផ្សេងៗ​បែប​ហ្នឹង?
                    សាស្រ្តាចារ្យ ​កា​ ស៊ុនបូណាត៖ ចង់​ជម្រាប​ជូន​ថា​ ការ​រងគ្រោះ​ទាំង​ប៉ុន្មាន​ហ្នឹង​ធ្វើឲ្យ​គាត់​កើត​ជំងឺ​ហៅ​ថា​ ជំងឺ​ថប់​អារម្មណ៍​ ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ anxiety​ disorder​ ជំងឺ​ទឹកចិត្ត​ ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ mood​ disorder​ ដែល​មាន​ច្រើន​ជាង​គេ​ ហើយ​ជំងឺ​មួយ​ទៀត​ដែល​មាន​ច្រើន​ជាង​គេ​ដែរ​ គឺ​ជំងឺ​បាក់ស្បាត​ ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ Post-Traumatic Stress Disorder​ (PTSD)​ ដែល​ចេះតែ​ឃើញ​អី​ទៅ​ គាត់​ខ្លាច​ គាត់​ភ័យ​ គាត់​មិន​ហ៊ាន​ទៅ​ណា​មក​ណា។​ ដោយសារ​ឥរិយាបថ​ទាំងអស់​ហ្នឹង​ ធ្វើឲ្យ​គាត់​បាត់បង់​លទ្ធភាព​ការងារ​ ដោយសារ​ភ័យ​ពេក​ ដោយសារ​បារម្ភ​ពេក។​ អញ្ចឹង​ធ្វើឲ្យ​គាត់​ភ្លេចភ្លាំង។​ ការងារ​អី​ដែល​ត្រូវ​ធ្វើ​រហ័ស​ទៅជា​ធ្វើ​យឺត​ ឬ​បើ​មិន​អញ្ចឹង​ទេ​ គាត់​សម្រេចចិត្ត​នៅក្នុង​មុខរបរ​ខុស​ រក​ស៊ី​ចេះតែ​ខាត។​ ឯ​អ្នក​ខ្លះ​ទៀត​លែង​ចង់​ធ្វើ​ការងារ​ ទ្រាំ​សុំ​តែ​បាន​គ្រប់គ្រាន់​សម្រាប់​រស់​ ព្រោះ​គាត់​ខ្លាច​ប្រឈម​នឹង​បញ្ហា​ស្មុគស្មាញ​ ធ្វើឲ្យ​គាត់​នឹក​ឃើញ​ឡើង​វិញ​នូវ​ភាព​លំបាកលំបិន​និង​ស្មុគស្មាញ។​ ពេល​ខ្លះ​ ពេល​ដែល​គាត់​ធ្វើទុក្ខ​ខ្លាំង​ ដូចជា​គាត់​កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត​ខ្លាំង​ជាដើម​ វា​ធ្វើឲ្យ​គាត់​មិនសូវ​បាយ​ មិនសូវ​ទឹក​ មិនសូវ​ថែខ្លួន​ មិនសូវ​រវល់​នឹង​ខ្លូនឯង។​ វា​ធ្វើឲ្យ​សរីរាង្គ​ចុះខ្សោយ​ វា​ងាយ​នឹង​កើត​ជំងឺ​ផ្សេងៗ​ ដូចជា​ផ្តាសាយ​ ក្តៅខ្លួន​ ឬក៏​គ្រុន​រាគរូស​ជាដើម។​ អញ្ចឹង​ឥរិយាបថ​មិន​រវល់​នឹង​ខ្លួនឯង​ក្នុង​ជំងឺ​ផ្លូវចិត្ត​ ដូចជា​ជំងឺ​ធ្លាក់​ទឹកចិត្ត​ហ្នឹង​ ជា​កត្តា​មួយ​ងាយ​ឲ្យ​កើត​ជំងឺ​រាងកាយ​ជា​ទូទៅ​គ្រប់​ផ្នែក​ដូច​បាន​ជម្រាប​អញ្ចឹង។​ ដូច្នេះ​ វា​មាន​ផល​ប៉ះពាល់​ច្រើន​ពី​សុខភាព​មិន​ប្រក្រតី​នេះ​ទៅលើ​ជីវភាព​រស់នៅ​ ទៅលើ​សុខភាព​ទូទៅ​ ទៅលើ​មុខរបរ​ ទៅលើ​អ្វីៗ​ផ្សេងទៀត។​ ជំងឺ​នេះ​មាន​តាំងពី​ប្រភេទ​ស្រាល​ មធ្យម​ និង​ធ្វើទុក្ខ​ខ្លាំង​ ហើយ​ជាទូទៅ​ វា​ជា​បញ្ហា​បង្ក​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ច្រើន​ដែរ។
                      វីអូអេ៖ ដូច​លោក​សាស្រ្តាចារ្យ​បាន​មាន​ប្រសាសន៍​អញ្ចឹង​ ប្រជាពលរដ្ឋ​ខ្មែរ​ប៉ះពាល់​ផ្លូវចិត្ត​តាំងពី​ស្រាល​រហូត​ដល់​ធ្ងន់។ អញ្ចឹង​តាម​ការ​សិក្សា​ ក៏​ដូចជា​ការ​ស្រាវជ្រាវ​របស់​លោក​សាស្រ្តាចារ្យ​ តើ​លោក​សាស្រ្តាចារ្យ​គិត​ថា​ បញ្ហា​ផ្លូវចិត្ត​នៅក្នុង​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ច្រើន​ទេ?
សាស្រ្តាចារ្យ ​កា​ ស៊ុនបូណាត៖ មក​ទល់​នឹង​ពេល​នេះ​ យើង​មិនទាន់​មាន​ការ​ស្រាវជ្រាវ​ស្តីពី​វិធីសាស្រ្ត​ ដែល​កំណត់ឲ្យ​ឃើញ​ច្បាស់​ថា​ ភាគរយ​ប៉ុន្មាន​ល្មម​ ភាគរយ​ប៉ុន្មាន​ធ្ងន់ធ្ងរ​ និង​ភាគរយ​ប៉ុន្មាន​មធ្យម​ទេ។​ គ្រាន់តែ​ខ្ញុំ​សង្កេត​ឃើញ​ថា​ បើ​និយាយ​អំពី​ការ​ចងចាំ​ និង​ផ្លូវ​បញ្ញា​ ប្រជាពលរដ្ឋ​យើង​ដែល​ខ្ញុំ​បាន​ធ្លាប់​ជួប​ ធ្លាប់​ឃើញ​ ស្ថិត​នៅក្នុង​កម្រិត​មួយ​ដែល​មិនសូវ​ខ្ពស់​ប៉ុន្មាន​ទេ។​ គាត់​ឆាប់​ភ័យ​ គាត់​ឆាប់​តក់ស្លុត​ គាត់​ឆាប់​រន្ធត់​ ហើយ​គាត់​ឆាប់​បាត់​ម្ចាស់ការ។​ ត្រង់​ហ្នឹង​ហើយ​ ដែល​វា​ឆ្លុះ​បញ្ចាំង​ថា​ វា​មាន​ការ​ប៉ះពាល់​គួរសម​ដែរ​ទៅលើ​ផ្លូវចិត្ត​របស់​គាត់​ ហើយ​ថែមទាំង​ទៅលើ​ប្រសិទ្ធិភាព​នៃ​ការងារ​របស់​គាត់​ និង​ការ​ប្រឈម​ទៅនឹង​បញ្ហា​ដែល​គាត់​ជួបប្រទះ។
             វីអូអេ៖ លោក​សាស្រ្តាចារ្យ​បាន​មាន​ប្រសាសន៍​អំពី​ឥទ្ធិពល​របស់​បញ្ហា​ផ្លូវចិត្ត​ហ្នឹង​ទៅដល់​អ្នក​ជំនាន់​ក្រោយ។​ អញ្ចឹង​តើ​អ្នក​ជំនាន់​ក្រោយ​ហ្នឹង​បង្ហាញ​អាការៈ​យ៉ាងណា​ដែរ​ ដែល​យើង​ដឹង​ថា​ពួកគាត់​ប៉ះពាល់​ ឬក៏​ទទួល​ឥទ្ធិពល​ផ្នែក​ផ្លូវចិត្ត​ដែរ?
                សាស្រ្តាចារ្យ ​កា​ ស៊ុនបូណាត៖ ខ្ញុំ​សូម​លើក​ឧទាហរណ៍​អំពី​គ្រួសារ​មួយ​ចំនួន​ ដូចជា​ក្រុម​គ្រួសារ​មួយ​នោះ​ ប្តី​កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត​ ប្រពន្ធ​ក៏​កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត​ដែរ។​ ជំងឺ​ធ្លាក់​ទឹកចិត្ត​ហ្នឹង​ធ្វើឲ្យ​ចិត្ត​ ដែល​ទប់ស្កាត់​ ឬក៏​រំងាប់​ចិត្ត​កុំឲ្យ​គ្រេវគ្រោធ​នោះ​ វាចុះ​ខ្សោយ។​ អញ្ចឹង​រវាង​ប្តី​និង​ប្រពន្ធ​នេះ​ឆាប់​អន់​ចិត្ត​គ្នា​ ឆាប់​បន្ទោស​គ្នា​ ឆាប់​ឈ្លោះ​គ្នា។​ ធម្មតា​ទេ​ កូន​ដែល​កើត​មក​ត្រូវការ​ការ​កក់ក្តៅ​ ត្រូវការ​ការ​បីបាច់​ថែរក្សា​ឲ្យបាន​សមរម្យ​ពី​ឪពុក​ម្តាយ​ ទោះបីជា​មិនសូវ​ជា​មាន​លុយកាក់​អី​ក៏ដោយ។​ ប៉ុន្តែ​ដោយសារតែ​ឪពុក​ម្តាយ​ឧស្សាហ៍​តែ​ឈ្លោះគ្នា​ វ៉ៃតប់​គ្នា។​ កូន​នោះ​អត់​មាន​អី​នឹង​កក់ក្តៅ​ ងាក​ទៅ​ម្តាយ​ ម្តាយ​រវល់តែ​យំ​ ត្រូវ​ប្តី​វ៉ៃ​គំរាម​ ដល់​ងាក​ទៅ​ឪពុក​ ឪពុក​កាច។ ​ដូច្នេះ​បរិយាកាស​សម្រាប់​បីបាច់​ថែរក្សា​កូន​ឲ្យ​មាន​សុវត្ថិភាព​ឲ្យ​ត្រជាក់​ត្រជុំ​ វា​អត់មាន។​ អញ្ចឹង​វា​ធ្វើឲ្យ​កូន​ហ្នឹង​ភ័យ​ រងគ្រោះ។​ ករណី​មួយ​ ប្តី​ប្រពន្ធ​ក្មេងៗ​ ប្តី​ទើបតែ​អាយុ​៣០​ជាង​ ប្រពន្ធ​ទើបតែ​អាយុ​៣០​ ឯ​កូន​អាយុ​បាន​១០​ឆ្នាំ​ តែ​ដោយសារ​ប្តី​ធ្លាប់​រងគ្រោះ​ដែល​ធ្វើឲ្យ​គាត់​កាច​ មក​ដល់​ផ្ទះ​វិញ​ឈ្លោះ​ជាមួយ​ប្រពន្ធ​ ឡូឡា​ ក្តុងក្តាំង​ បោកប្រាស់។ កូន​នោះ​អាយុ​២​ ឬ​៣​ឆ្នាំ​ វា​នៅ​អត់​សុខ​ វា​ដូចជា​ខ្វះ​ភាព​កក់ក្តៅ។ ដល់​ឥឡូវ​ហ្នឹង​ទៅជា​រៀន​អត់​កើត​ ភ្លេចភ្លាំង​ ហើយ​បាក់ស្បាត។​ នេះ​ហើយ​ជា​ផលវិបាក​ជា​ប្រយោល​ពី​របប​សង្គ្រាម​ និង​របប​ប៉ុល ពត។
                     វីអូអេ៖តើ​លោក​សាស្រ្តាចារ្យ​គិត​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​យើង​គិត​ថា​ ពួកគាត់​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​ដែរ​ឬទេ?
                    សាស្រ្តាចារ្យ ​កា​ ស៊ុនបូណាត៖ជា​ទូទៅ​ គាត់​មិន​ទទួលស្គាល់​ថា​ គាត់​កើត​បញ្ហា​ផ្លូវចិត្ត​ទេ​ ព្រោះ​ការ​យល់ដឹង​អំពី​បញ្ហា​ចិត្តសាស្រ្ត​ និង​ជំងឺ​ផ្លូវចិត្ត​នៅក្នុង​ប្រទេស​កម្ពុជា​មិន​បាន​ភាព​ច្បាស់លាស់​ព្រោះ​ថា​ យើង​ច្រើនតែ​យល់​ថា​ បើ​មាន​ជំងឺ​ផ្លូវចិត្ត​ ទាល់តែ​ឆ្កួត​ និយាយ​ស្តាប់​គ្នា​លែង​បាន​ មាន​អាការៈ​ដែល​ខុសប្លែក​ពីគេ​ ដើរ​តាម​ចិញ្ចើម​ថ្នល់​ស្រែក​អាឡេអាឡូ​ ឬក៏​សើច​តែ​ឯង​ ឬក៏​យំ​តែ​ឯង។​ ភាគច្រើន​ គាត់​មិន​ទទួលស្គាល់​ថា​ ខ្លួន​មាន​ជំងឺ​ផ្លូវចិត្ត​ទេ​ ដោយសារតែ​ទស្សនៈ​យល់ដឹង​អំពី​ជំងឺ​ផ្លូវចិត្ត​ វា​មិន​ច្បាស់លាស់​ ហើយ​វា​មិន​ត្រូវបាន​យល់ដឹង​ជា​ទូទៅ។​ ​នៅ​ប្រទេស​គេ​ ប្រជាពលរដ្ឋ​គេ​មាន​ការ​ចេះដឹង​ រៀន​បាន​ជ្រៅជ្រះ ​យ៉ាងហោចណាស់​ក៏​ចប់​វិទ្យាល័យ​ដែរ។​ ហើយ​លើស​ពី​នេះ​ទៀត​ ការ​ផ្សព្វផ្សាយ​បែប​អស់​ហ្នឹង​ គេ​មាន​នៅ​តាម​ទូរទស្សន៍​ គេ​មាន​នៅ​តាម​សៀវភៅ​ គេ​មាន​នៅ​តាម​វិទ្យុ​ ហើយ​ប្រជាពលរដ្ឋ​គេ​ជា​អ្នក​ចូលចិត្ត​អាន​សៀវភៅ។​ អញ្ចឹង​ផ្អែក​ទៅលើ​កម្រិត​ចេះដឹង​របស់​គេ​ និង​ការ​ផ្សព្វផ្សាយ​នេះ​ធ្វើឲ្យ​គេ​មាន​ការ​យល់ដឹង​ច្រើន។​ នៅ​ប្រទេស​កម្ពុជា​យើង​ ការ​អភិវឌ្ឍ​សេវា​សុខភាព​ផ្លូវចិត្ត​ហ្នឹង​បានតែ​មួយ​គន្លាក់​ មក​ដល់​ឆ្នាំ​១៩៧៥​ ក៏​ត្រូវ​បាត់បង់​។ ហើយ​​យើង​ក៏​ចាប់ផ្តើម​តិចៗ​មក​វិញ​ ចាប់ពី​ឆ្នាំ​១៩៩៤។​ អញ្ចឹង​ឃើញ​ថា​ ការ​យល់ដឹង​របស់​ប្រជាពលរដ្ឋ​យើង​អំពី​បញ្ហា​ចិត្តសាស្រ្ត​ និង​ពី​ជំងឺ​ផ្លូវចិត្ត​នេះ​ នៅ​មាន​កម្រិត​នៅ​ទាប​នៅឡើយ។​ លើស​ពី​នេះ​ បើ​តាម​ការ​ស្រាវជ្រាវ​នៅ​ឆ្នាំ​១៩៩៩​ ឃើញ​ថា​ ប្រជាពលរដ្ឋ​ប្រហែល​ជា​៤០​ភាគរយ​មិនទាន់​បាន​ចប់​ថ្នាក់​ទី​៣​នៃ​បឋម​សិក្សា​ទេ​ អញ្ចឹង​កម្រិត​ចេះដឹង​ហ្នឹង​ហើយ​ធ្វើឲ្យ​គាត់​មិនសូវ​យល់​អំពី​លក្ខណៈ​វិទ្យាសាស្រ្ត​ ដែល​ទាក់ទង​នឹង​បញ្ហា​សុខភាព​ ជាពិសេស​បញ្ហា​ចិត្តសាស្រ្ត​ទេ។​ តែ​ផ្ទុយ​ទៅវិញ​ យើង​នាំគ្នា​យល់​ទៅលើ​បញ្ហា​អបិ្បយ​ជំនឿ​ទៅលើ​ការ​ធ្វើ​អំពើ​អ្វី​ឯណោះ​ទៅវិញ​ទេ​ តែ​កាលណា​មាន​ជំងឺ​ផ្លូវចិត្ត​អី​ប្លែក​ខុសគេ​ គឺ​គាត់​ទៅ​រក​គ្រូ​ ទៅ​រក​លោកសង្ឃ​ស្រោច​ទឹក​ ឬក៏​ធ្វើ​ខ្សែ​គាថា​ដេញ​ខ្មោច​ ដេញ​ព្រាយ​បិសាច​ទៅវិញ។​ ហេតុ​ដូច្នេះ​ ដោយសារ​ការ​យល់ដឹង​តិចតួច​នេះ​ ហើយនិង​ការ​យល់ច្រឡំ​អំពី​ជំងឺ​ផ្លូវចិត្ត​នេះ​ បានជា​យើង​សព្វថ្ងៃ​នេះ​មាន​អ្នក​មក​រក​ការ​ព្យាបាល​ជំងឺ​ផ្លូវចិត្ត​ហ្នឹង​តិច។​ ប៉ុន្តែ​បើសិនជា​ប្រៀបធៀប​នៅ​មុន​ឆ្នាំ​១៩៩៤​ ឃើញ​ថា​ ការ​យល់ដឹង​នេះ​ច្រើន។​ តែ​បើ​ប្រៀបធៀប​នៅ​ក្នុង​ប្រទេស​យើង​ តាំងពី​យើង​ធ្វើ​ការ​អភិវឌ្ឍ​សុខភាព​ផ្លូវចិត្ត​ហ្នឹង​ ការ​យល់ដឹង​កាន់តែ​ច្រើន​ ហើយ​មាន​ការ​បោះបង់​សេវា​តាម​បែប​បុរាណ​ ឬ​ក៏​អប្បិយ​ជំនឿ​ និង​ងាក​មក​រក​សេវា​នៅ​តាម​មន្ទីរពេទ្យ​របស់​យើង​ក៏​កាន់តែ​ច្រើន។​ តែ​បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​ដទៃ​ យើង​នៅ​ទាប​នៅឡើយ។
វីអូអេ៖ តើ​លោក​សាស្រ្តាចារ្យ​គិត​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​អាច​ដោះស្រាយ​បញ្ហា​វិបត្តិ​ផ្លូវចិត្ត​ ឬក៏​ការ​ប៉ះទង្គិច​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​ហ្នឹង​យ៉ាងម៉េច​ដែរ​ចំពោះ​ខ្លួន​ពួក​គាត់​ផ្ទាល់?
                   សាស្រ្តាចារ្យ ​កា​ ស៊ុនបូណាត៖ក្រៅពី​សេវា​សុខភាព​ផ្លូវចិត្ត​នៅក្នុង​វិស័យ​សុខាភិបាល​ ប្រជាពលរដ្ឋ​អាច​មាន​មធ្យោបាយ​ ដោយ​ខ្លួន​ឯង​ផ្ទាល់​ គឺ​កាលណា​គាត់​ធ្លាប់​មាន​ទុក្ខ​លំបាក​ គាត់​តែងតែ​ជៀសវាង​ ដែល​នៅក្នុង​លោក​ខាង​លិច​តែងតែ​និយាយ​ថា​ «តទល់​ ឬក៏​គេចចេញ»។​ ខ្មែរ​យើង​តែងតែ​យក​ការ​គេចចេញ​ហើយ​ ដែល​ខ្មែរ​យើង​ហៅ​ថា​ សន្សំ​សុខ។​ ការណ៍​ដែល​ធ្វើ​យ៉ាង​នេះ​ មកពី​យើង​យល់​ទៅតាម​ព្រះពុទ្ធ​សាសនា។​ ការ​អប់រំ​តាម​ព្រះពុទ្ធ​សាសនា​ធ្វើឲ្យ​យើង​ចេះ​អត់ទ្រាំ​ និង​ចេះ​ទទួល​យក​ហេតុផល។​ ខ្មែរ​យើង​មិនសូវ​គិត​រឿង​បច្ចុប្បន្ន​ប៉ុន្មាន​ទេ។​ គាត់​គិត​ថា ​ជាតិ​ក្រោយ​ គាត់​ធ្វើ​យ៉ាងម៉េច​ឲ្យ​គាត់​បាន​សុខ។​ អញ្ចឹង​ជាតិ​នេះ​គាត់​កើត​ទុក្ខ​ វា​ជា​កម្មផល។​ ប៉ុន្តែ​គាត់​ក៏​ត្រូវការ​ឲ្យ​ខ្លួន​គាត់​បាន​ស្ងប់​ចិត្ត​ រំងាប់​ចិត្ត​ដែរ។​ ហេតុ​ដូច្នេះ​បានជា​ការ​ស្ងប់​រំងាប់​ចិត្ត​របស់​គាត់​ហ្នឹង​ច្រើន​ជាងគេ​ គឺ​គាត់​ធ្វើ​តាម​បែប​ដក​ខ្លួន​ថយ​ មិន​ប្រឈម​ទៅ​នឹង​បញ្ហា​ មាន​ប៉ុន្មាន​គាត់​ធ្វើឲ្យ​ក្លាយ​ទៅជា​សេចក្តីសុខ​ប៉ុណ្ណឹង។​ គាត់​មិន​លោភ​មិន​អី​ទេ។​ អញ្ចឹង​ឃើញ​ថា​ នៅក្នុង​ព្រះពុទ្ធ​សាសនា​មាន​ក្បួនខ្នាត​ដែល​អាច​ជួយ​ប្រជាពលរដ្ឋ​ ដោយឡែក​ទៅតាម​ការ​យល់ដឹង​របស់​គាត់​ ជំនឿ​របស់​គាត់។​ អ្វី​ដែល​គាត់​ផ្តោត​ផ្សាភ្ជាប់​នឹង​សាសនា​ហ្នឹង​ខ្លាំង​បាន​ធ្វើឲ្យ​គាត់​ស្ងប់ចិត្ត​ ឲ្យ​គាត់​អាច​ទទួលយក​កម្មផល​ហ្នឹង​បាន។​ ប៉ុន្តែ​ការ​ទទួល​កម្មផល​ខ្លាំង​ពេក​ក៏​មិន​ល្អ​ដែរ​ ដូច​ថា​ គេ​ធ្វើ​អី​ក៏​បាន​ដែរ​ ចេះតែ​ទទួល​យក​ក៏​មិន​ត្រឹមត្រូវ​ដែរ។​ គាត់​ទទួល​យក​ល្មម​ដែល​ធ្វើឲ្យ​ចិត្ត​គាត់​ត្រជាក់​ គាត់​ស្ងប់។ អញ្ចឹង​អាការៈ​ទុក្ខ​លំបាក​ហ្នឹង​បាន​ថយ​ទៅតាម​ការ​ប្រតិបត្តិ​តាម​ព្រះពុទ្ធ​សាសនា​ហ្នឹង។​ ទាំងអស់​ហ្នឹង​ហើយ​ដែល​គាត់​ដោះស្រាយ​ដោយ​ខ្លួន​គាត់។​ លើស​ពី​នេះ​ មាន​ព្រះសង្ឃ​ មាន​ពុទ្ធ​បរិស័ទ​បាន​ចេះដឹង​ដោយសារ​គាត់​ធ្លាប់​រងគ្រោះ​ ធ្វើ​ទេសនា​ ធ្វើ​សម្មាធិ​ ធ្វើ​វិបស្សនា​ ដើម្បី​ជួយ​រំលែក​គ្នា​ ឲ្យ​អារម្មណ៍​មូល​ កាត់ផ្តាច់​ចេញ​ពី​បរិយាកាស​ខាងក្រៅ​ដែល​តែងតែ​នាំមក​ទុក្ខ​លំបាក​ប៉ះពាល់​អារម្មណ៍។​ គាត់ធ្វើ​យ៉ាង​នេះ​ឲ្យ​អារម្មណ៍​គាត់​មិនសូវ​យកចិត្ត​ទុកដាក់​ខ្លាំង​ទៅលើ​អ្វី​ដែល​ជា​ការ​ប៉ះទង្គិច។​ លើស​ពី​នេះ​ទៀត​ នៅក្នុង​ព្រះពុទ្ធសាសនា​ហ្នឹង​ដែរ​ យើង​ឃើញ​ថា​ នៅ​ថ្ងៃ​សីល​ ចាស់ៗ​នាំ​គ្នា​ទៅ​វត្ត​ ទៅ​សុំ​សីល​ ដល់​គាត់​សុំ​សីល​ហើយ​ ពេល​ថ្ងៃ​ត្រង់​ គាត់​ពិសារ​បាយ​ជុំ​គ្នា។​ រួច​ពី​ពិសារ​បាយ​ គាត់​និយាយ​រឿងរ៉ាវ​ពីនេះ​ពីនោះ​អំពី​ទុក្ខ​លំបាក​របស់​គាត់។ ​ឱកាស​នេះ​ហើយ​ជា​ឱកាស​ដែល​ គាត់​ចែក​រំលែក​បទពិសោធន៍​គ្នា​ទៅវិញ​ទៅមក​ដើម្បី​ដោះស្រាយ​បញ្ហា​របស់​គាត់​ដែល​មាន​រៀងៗ​ខ្លួន។
                     វីអូអេ៖ បើ​តាម​បទពិសោធន៍​របស់​លោក​សាស្រ្តាចារ្យ​ផ្ទាល់​ក្នុង​ការ​ជួយ​ព្យាបាល​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រងគ្រោះ​ដោយសារ​សុខភាព​ផ្លូវចិត្ត​ តើ​លោក​សាស្រ្តាចារ្យ​បាន​ជួយ​ពួកគាត់​ដោះស្រាយ​បញ្ហា​ផ្លូវចិត្ត​តាម​វិធីសាស្រ្ត​ណា​ខ្លះ?
                       សាស្រ្តាចារ្យ ​កា​ ស៊ុនបូណាត៖ជា​ទូទៅ​គ្រួសារ​ ឬក៏​សង្គម​តែងតែ​មិន​សូវ​យល់ថា អ្នក​កើត​ជំងឺ​ផ្លូវចិត្ត​​​មាន​ជំងឺ​ទេ​ ឬក៏​មិន​យល់​ពី​ជំងឺ​ដែរ។​ គេក៏​មិនបាន​យល់​ពី​ស្ថានភាព​ពិត​ថា​ ហេតុអ្វី​បានជា​គាត់​មាន​អាកប្បកិរិយា​ ឬ​ឥរិយាបថ​អញ្ចឹង។​ ដល់​ពេល​គាត់​មក​ជួប​យើង​ យើង​សម្តែង​ទឹកចិត្ត​ កាយវិការ​ និង​ពាក្យ​សំដី​ ដែល​យើង​ហៅ​ថា​ «ព្រហ្មវិហារធម៌»។​ ទាំងអស់​នេះ​គឺជា​អ្វី​ដែល​គាត់​រងចាំ​យូរ​ណាស់​មកហើយ​ថា​ នៅពេលណា​មួយ​​បាន​គេ​ជឿ​គាត់​ បាន​គេ​ជួយ​ឈឺឆ្អាល​គាត់​ គេ​ប្រាកដជា​ដឹង​ថា​ គាត់​ឈឺ។​ ដល់​យើង​សម្តែង​អញ្ចឹង​ទៅ​​ គាត់​មាន​ការ​រំភើប​ គាត់​សប្បាយ​ចិត្ត​ គាត់​ទុកចិត្ត​យើង​ គាត់​ហ៊ាន​និយាយ​អ្វីៗ​ ទាំងអស់។​ លើសពី​នេះ​ទៀត​ ចំពោះ​អ្នក​ខ្លះ​ដែល​កាច​ អ្នក​ខ្លះ​ដែល​ខ្លាច​ ជួនកាល​គាត់​មាន​អារម្មណ៍​ ដែល​គេ​ហៅ​ថា​ Hallucination​ ចេះតែ​ឃើញ​ ឬ​ចេះតែ​ឮ​អ្វី​ ដែល​អ្នកដទៃ​មិន​ឃើញ​ មិន​ឮ​ តែ​មាន​តែខ្លួនគាត់​ទេ​ដែល​​ឮ​ ដែល​ចេះតែ​ស្រមៃ​គិត​រឿង​អី​អាក្រក់ៗ​ ដល់​អ្នក​នៅក្នុង​ក្រុម​គ្រួសារ​ជាមួយ​គាត់​រក​យល់​អត់​បាន​ អញ្ចឹង​គាត់​ធ្វើ​អ្វី​ទៅ​អត់​ស៊ី​ជាមួយនឹង​អ្វី​ដែល​អារម្មណ៍​អ្នក​ជំងឺ​កំពុងតែ​ទទួល​ទេ។​ យើង​ជា​គ្រូពេទ្យ​ យើង​ធ្លាប់​មើល​ជំងឺ​ យើង​សង្កេត​មើល​ឥរិយាបថ​ និង​ភិនភាគ​ហ្នឹង​ យើង​ដឹង​ថា​ គាត់​មាន​សម្តី​ណាមួយ​ដែល​ឮ​ក្នុង​ត្រចៀក​គាត់​ គេ​គំរាមកំហែង​ គេ​សំឡុត​គាត់​ ឬ​គាត់​ឃើញ​អាការៈ​ ឬក៏​រូបភាព​អី​មួយ​អាក្រក់​ ហើយ​ធ្វើឲ្យ​ខ្លាច។​ អញ្ចឹង​ដោយសារ​ឃើញ​អញ្ចឹង​ យើង​បាន​ជួយ​លើក​ទឹកចិត្ត​គាត់​ និង​ជួយ​ការពារ​គាត់​ថា​ អត់​មាន​អ្នកណា​គំរាមកំហែង​គាត់​បាន​ទេ។​ ឥឡូវ​នេះ​គេ​នៅ​ជុំវិញ​ដើម្បី​ជួយ​គាត់​ រូបភាព​ដែល​ឃើញ​ហ្នឹង​ជា​រូបភាព​មែន​ តែ​មិនមែន​ជា​រូបភាព​ពិត​ទេ។​ រូប​ហ្នឹង​ គាត់​ឃើញ​តែ​ម្នាក់ឯង​ទេ​ តែ​យើង​អត់​ឃើញ​ទេ​ ហើយ​រូបភាព​ទាំងអស់​ហ្នឹង​មិន​អាច​ធ្វើ​អ្វី​គាត់​បាន​ទេ​ ព្រោះ​គាត់​ឃើញ​យូរ​ហើយ។​ មក​ទល់​នឹង​ពេល​នេះ​ រាងកាយ​គាត់​មិនបាន​ប៉ះពាល់​របួស​អ្វី​ទេ។
                        ករណី​ណា​ដែល​គាត់​បាត់​ម្ចាស់ការ​ ករណី​ណា​ដែល​មិន​អាច​ប្រាស្រ័យ​ទាក់ទង​គ្នា​បាន​ និយាយ​គ្នា​ស្តាប់​មិន​បាន​ ឬក៏​ក្នុង​ករណី​ណា​ដែល​គាត់​និយាយ​ស្តាប់​គ្នា​បាន​ក៏ដោយ​ តែ​គាត់​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​អាការៈ​ហ្នឹង​អាច​មាន​គ្រោះថ្នាក់​ដល់​គាត់​ ឬក៏​ដល់​អ្នកដទៃ​ ដូច្នេះ​ចាំបាច់​បំផុត​យើង​ត្រូវ​ប្រើ​ថ្នាំ​ដើម្បីឲ្យ​គាត់​ស្ងប់​ និង​ធានា​បាន​សុវត្ថិភាព​សម្រាប់​គាត់​ និង​អ្នកដទៃ។​ នៅ​ពេលណា​គាត់​ស្ថិត​ក្នុង​ស្ថានភាព​ល្អ​ ដែល​យើង​ប្រាស្រ័យ​ទាក់ទង​និយាយ​គ្នា​ទៅ​បាន​ ពេលនោះ​ហើយ​បន្ថែម​ទៅលើ​ការ​ប្រើប្រាស់​ថ្នាំ​ យើង​ត្រូវ​ធ្វើការ​ប្រឹក្សា​ ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ Counseling​ និង​ការ​ព្យាបាល​ដោយ​ចិត្តសាស្រ្ត​ ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ Psychotherapy​ ទៅតាម​បែបបទ​នានា​ដែល​វា​តម្រូវឲ្យ​ធ្វើ។​ បន្ថែម​ពី​លើ​នេះ​ទៀត​ យើង​ត្រូវ​ធ្វើ​ការ​អប់រំ​អ្នកជំងឺ​ឲ្យ​យល់​ពី​ជំងឺ​ កុំឲ្យ​ភ័យ​តក់ស្លុត​ ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ Psycho-education​ ព្រមទាំង​អប់រំ​ក្រុម​គ្រួសារ​ឲ្យយល់​ពី​អ្នកជំងឺ​ហ្នឹង​ និង​ថែមទាំង​ដោះស្រាយ​រាល់​វិបត្តិ​ និង​ទំនាស់​ដែល​មាន​រវាង​អ្នកជំងឺ​ជាមួយ​ក្រុម​គ្រួសារ​ ព្រោះតែ​ក្រុម​គ្រួសារ​មិន​យល់​ពី​អ្នកជំងឺ​ ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ Family therapy​ និង​មួយ​ទៀត​គឺ​ការ​ដោះស្រាយ​បញ្ហា​ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ Problem solving។​ អញ្ចឹង​ក្នុង​ករណី​ដែល​មាន​អ្នកជំងឺ​ម្នាក់​មាន​ជំងឺ​ផ្លូវចិត្ត​ វា​មិនមែន​ដូចជា​ជំងឺ​ផ្លូវកាយ​ទេ។​ ជំងឺ​ផ្លូវចិត្ត​វា​ជំពាក់ជំពិន​ច្រើន​ណាស់។ ជួន​វា​ជំពាក់ជំពិន​រវាង​អ្នក​ជំងឺ​ជាមួយ​នឹង​នរណា​ម្នាក់​នៅ​ជាមួយ​ក្រុម​គ្រួសារ។​ អញ្ចឹង​ត្រូវ​រក​មនុស្ស​គន្លឹះ​ដែល​ជា​អ្នក​មាន​ការ​ជំពាក់​ជំពិន​មក​រួមគ្នា​ទាំងអស់​ ដើម្បី​ដោះស្រាយ​ឲ្យ​យល់គ្នា​ទៅវិញ​ទៅមក​ ដើម្បី​រៀបចំ​កសាង​បរិយាកាស​សង្គម​ ដែល​គាត់​នឹង​ត្រឡប់​ទៅ​នៅ​វិញ​ឲ្យ​ល្អ។ បើ​យើង​មិន​ធ្វើ​អញ្ចឹង​ទេ​ គាត់​ជា​តែ​នៅក្នុង​មន្ទីរពេទ្យ​ទេ​ ដល់​គាត់​ត្រឡប់​ទៅវិញ​ វា​កើត​រឿង​ដដែល​ ឈឺ​វិញ​ដដែល។
វីអូអេ៖ តើ​លោក​សាស្រ្តាចារ្យ​មាន​អនុសាសន៍​ ឬ​ដំណោះស្រាយ​ណាមួយ​ទេ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សុខភាព​ផ្លូវចិត្ត​នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យ​មាន​ប្រសិទ្ធិភាព​ទេ?
                       សាស្រ្តាចារ្យ ​កា​ ស៊ុនបូណាត៖ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​សង្រ្គាម​ក្តី​ ដោយ​របប​ប៉ុល ពត​ក្តី​ ឬក៏​ក្រោយ​មក​ទៀត​ ដោយសារតែ​ក្រោយ​សង្រ្គាម​ ស្ថានភាព​មិនបាន​ល្អ​ទេ។​ គ្រប់​ប្រទេស​ ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា​ដែរ​ តែ​ក្រោយ​សង្រ្គាម​ជួប​ការ​លំបាកលំបិន​ដូចគ្នា។​ វា​មិន​ខុសពី​ប្រទេស​ខ្មែរ​យើង​ក្រោយ​ពី​សង្រ្គាម​លោក​លើក​ទី​២​បាន​រលត់​ទៅ​ទេ​គឺ​រស់​ដោយ​លំបាក។ អញ្ចឹង​ទុក្ខ​លំបាក​ថ្មី​របស់​ប្រជាពលរដ្ឋ​យើង​ដែល​រងគ្រោះ​ទល់នឹង​របប​ប្រល័យ​ពូជសាសន៍​ក្តី​ ដោយសារ​សង្រ្គាម​ក្តី​ និង​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​កើត​ស្រករ​ក្រោយ​ក្តី​ ធំ​ជាង​គេ​គឺ​ភាព​ក្រីក្រ​នេះ​ឯង។​ ដូច្នេះ​ការ​អភិវឌ្ឍ​ប្រទេស​ជា​ការ​មួយ​ ជួយ​មួយ​ចំណែក​ធំ​ ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​សង្ឃឹម​ និង​ជួយ​គាត់​បន្ថយ​ការ​លំបាក​ដែល​ជា​ផ្នែក​មួយ​ធ្វើឲ្យ​ភាព​តោកយ៉ាក​នេះ​ វិបត្តិ​ទាំង​ប៉ុន្មាន​ហ្នឹង​ ដែល​ជា​កត្តា​ធ្វើឲ្យ​ជំងឺ​ផ្លូវចិត្ត​កាន់តែ​ធ្ងន់។ អញ្ចឹង​ការ​អភិវឌ្ឍ​ប្រទេស​ជា​រឿង​មួយ​ធំ​ណាស់​ ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​យើង​ធូរស្រាល​ពី​កត្តា​ដែល​នាំឲ្យ​កើត​ជំងឺ​ផ្លូវចិត្ត​ និង​កត្តា​ធ្វើឲ្យ​ជំងឺ​ផ្លូវចិត្ត​កាន់តែ​ធ្ងន់ធ្ងរ។​ កាលណា​ធូរស្រាល​ជីវភាព​ទៅ​ គេ​មាន​ឱកាស​នឹង​ទៅ​ព្យាបាល​បាន។​ កាលណា​តែ​រក​មួយ​ថ្ងៃ​សម្រាប់​មួយ​ថ្ងៃ​ គឺ​គ្មាន​ឱកាស​នឹង​ទៅ​ព្យាបាល​ទេ។​ ហេតុ​ដូច្នេះ​ហើយ​ សូម​ឲ្យ​ ពិភពលោក​ទាំងមូល​មើល​ឃើញ​នូវ​ទុក្ខសោក​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​សង្រ្គាម​ ដោយសារ​គ្រោះ​មហន្តរាយ​នា​ពេល​បច្ចុប្បន្ន​ មេត្តា​មើល​ឃើញ​យុទ្ធសាស្រ្ត​អភិវឌ្ឍ​ប្រទេស​ដោយ​ទូលាយ​ ដើម្បី​ជួយ​អ្នកក្រីក្រ​ផង​ និង​អ្នករងគ្រោះ​ដោយសារ​ជំងឺ​ផ្លូវចិត្ត​ផង​ ដែល​ជា​មធ្យោបាយ​ល្អ​ប្រសើរ​ណាស់។​ មានតែ​ប៉ុណ្ណឹង​ទេ​ ដែល​ជា​គន្លឹះ​ធំ​ជួយ​អ្នកក្រីក្រ​ឲ្យបាន​ធូរស្រាល។​ ជីវភាព​តានតឹង​ជា​កត្តា​មួយ​ធ្វើឲ្យ​ជំងឺ​ផ្លូវចិត្ត​កាន់តែ​ធ្ងន់ធ្ងរ​ តែ​បើ​យើង​អភិវឌ្ឍ​ប្រទេស​បាន​ល្អ​ទៅ​ ជីវភាព​របស់​គេ​នឹង​បាន​ធូរស្រាល។​ អញ្ចឹង​បញ្ហា​ផ្លូវចិត្ត​គាបសង្កត់​ហ្នឹង​ក៏​ថយ។​ គ្នា​អាច​មាន​ឱកាស​រក​ប្រាក់កាស​ដើម្បី​រស់នៅ​ ហើយ​ក៏​មាន​ប្រាក់​កាស​ខ្លះៗ​ដើម្បី​ព្យាបាល​ជំងឺ​ដែរ។​ វា​ជា​រឿង​មួយ​ក្នុង​សម័យ​ឥឡូវ​នេះ​ សម្រាប់​ប្រទេស​កម្ពុជា​ក៏​ដូចជា​ប្រទេស​ដទៃ​ដែរ។​ ការ​បើក​ទូលាយ​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ពី​គ្រប់​មជ្ឈដ្ឋាន​ វា​ជា​មធ្យោបាយ​ដ៏​ធំ​ ដ៏​សំខាន់​សម្រាប់​ដោះស្រាយ​រាល់​ការ​លំបាក​ទាំង​ប៉ុន្មាន​ដែល​នាំឲ្យ​កើត​ជំងឺ​ផ្លូវចិត្ត​ ឬក៏​រាល់​កត្តា​ទាំង​ប៉ុន្មាន​ដែល​ជំរុញឲ្យ​ជំងឺ​ផ្លូវចិត្ត​កាន់តែ​ធ្ងន់។
                       មួយវិញទៀត​ យើង​ត្រូវ​គិត​ថា​ ជំងឺ​ផ្លូវចិត្ត​នេះ​ទាក់ទង​នឹង​កត្តា​៣​ គឺ​កត្តា​ជីវសាស្ត្រ​ កត្តា​ចិត្តសាស្រ្ត​ និង​កត្តា​សង្គម​ ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា​ យើង​ត្រូវ​ថែម​មួយ​ទៀត​គឺ​កត្តា​ជំនឿ។​ អញ្ចឹង​បើ​កត្តា​៤​ ហ្នឹង​ជា​កត្តា​នាំឲ្យ​កើត​ជំងឺ។ យើង​ដោះស្រាយ​វិញ។​ យើង​ត្រូវ​ដោះស្រាយ​មូលហេតុ​របស់​វា។​ កត្តា​ជីវសាស្រ្ត​ យើង​ត្រូវ​ប្រើ​ឱសថ​ដើម្បី​កែ​អ្វី​ដែល​ដំណើរការ​មិន​ប្រក្រតី​ ដែល​វា​បាត់​លំនឹង​នៅក្នុង​ប្រព័ន្ធ​ខួរក្បាល​ដែល​គ្រប់គ្រង​អារម្មណ៍។​ កត្តា​ចិត្តសាស្រ្ត​ គឺ​យើង​ធ្វើការ​អប់រំ​ មាន​ព្រះពុទ្ធសាសនា​ មាន​ចលនា​អប់រំ​សុខភាព​ផ្លូវចិត្ត​ និង​មាន​អ្នក​ជំងឺ​ជាច្រើន​ដែល​បាន​ធូរស្បើយ​បាន​អប់រំ​អ្នកដទៃ​ផងដែរ​ ហើយ​ប្រជាពល​រដ្ឋ​ឥឡូវ​ ដោយ​គាត់​បាន​យល់ដឹង​ ភ្លឺស្វាង​ គាត់​ក៏​មាន​ឥរិយាបថ​ ទស្សនៈ​ល្អ។ គាត់​យល់​អធ្យាស្រ័យ​រវាង​គ្នា​និង​គ្នា​ ដែល​បង្កើត​ជា​បរិយាកាស​ល្អ​ ឲ្យ​ម្នាក់ៗ​មាន​ផ្លូវចិត្ត​បាន​ស្រឡះ។​ កត្តា​សង្គម​ បើ​យើង​អភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យ​បាន​ល្អ​ទៅ​ វា​ជា​រឿង​មួយ​ជួយ​ហើយ ​ដូចជា​រាជ​រដ្ឋាភិបាល​ខំ​ប្រឹង​សព្វ​យ៉ាង​ទាំងអស់។​ ក្រៅពី​នេះ​ កត្តា​ជំនឿ​ គឺ​យើង​តម្រង់​ជំនឿ​ហ្នឹង ​កុំឲ្យ​ជឿ​ជ្រុល​ ជឿ​ខុស​ ដូចជា​នៅពេល​ដែល​ឪពុក​ម្តាយ​ស្លាប់​បាត់​ទៅ​ ជិត​ពេល​ភ្ជុំ​ ជិត​ពេល​ចូលឆ្នាំ​ ឬ​ពេលខ្លះ​យល់​សប្តិ​ឃើញ​ឪពុក​ម្តាយ​ក្រ​រហេមរហាម​ ធ្វើឲ្យ​ស្រណោះ​នឹក​ដល់​គាត់​ ហើយ​ចេះតែ​យល់សប្តិ​ពីរបី​ថ្ងៃ​ជាប់ៗ​គ្នា​ទៀត​។ អារម្មណ៍​ហ្នឹង​ធ្វើឲ្យ​គាត់​សោកសៅ​ជាច្រើន​អាទិត្យ​ទៅ​ ទៅជា​ធ្លាក់​ទឹកចិត្ត។ ដូច្នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​ហ្នឹង​ យើង​ធ្វើ​ទៅតាម​សទ្ធា​ដែល​យើង​មាន​ លុយ​តិច​ក៏ដោយ​ យើង​ធ្វើ​ម្ហូប​មួយ​ស្រាក់​អី​ ទៅ​បង្សុកូល​ជូន​ដល់​ព្រលឹង​ម៉ែ​ឪ​ ជីដូន​ជីតា​ទៅ​ អារម្មណ៍​គាត់​ស្រឡះ​ហើយ។​ ការ​ធ្វើ​បែប​នេះ​ វា​ធ្វើឲ្យ​មនុស្ស​នោះ​បាន​ជ្រះស្រឡះ​ថា ​ជីដូន​ជីតា​ហ្នឹង​បាន​ស្ងប់ចិត្ត ​ហើយ​គាត់​បាន​ទទួល​ផល​អី​អស់​ហើយ​ ដល់​ហើយ​គាត់​មិនសូវ​យល់សប្តិ​អាក្រក់​ពី​ជីដូនជីតា​ដែល​បាន​ស្លាប់​បាត់ទៅ។​ អារម្មណ៍​គាត់​ហ្នឹង​ ហើយ​នឹង​ការ​លំបាក​ ធ្លាក់​ទឹកចិត្ត​អី​ក៏​ធូរស្រាល​ដែរ។​ ដូច្នេះ​ យើង​មាន​វិធី​ ៤​ ធំៗ​ដូច​ខ្ញុំ​បាន​ជម្រាប​ដើម្បី​ដោះស្រាយ​ទៅតាម​ស្ថានភាព​របស់​អ្នក​ជំងឺ​ម្នាក់ៗ៕

ប្រភពទាំងស្រុងពី http://www.voanews.com/khmer/news/education/Past-War-Continued-Poverty-Add-to-Mental-Illness-Professor-132646448.html#.T_aEf0uN2F0.facebook

Monday, July 2, 2012

គុណធម៌របស់គ្រូ ៧ ចំនុច

គុណធម៌របស់គ្រូ ៧ ចំនុច

ថ្លែងដោយបណ្ឌិត កុល ផេង ប្រធានពុទ្ធិកបណ្ឌិតសភា

បិយោ ច គរុ ភាវនីយោ វត្តា​​​ ច វចនក្ខមោ
គម្ភីរញ្ច កថំ កត្តា នោ ចដ្ឋានេ និយោជយេ ។


គ្រូត្រូវធ្វើខ្លួនឲ្យជាទីស្រឡាញ់ ធ្វើខ្លួនឲ្យជាទីគោរព
ទូន្មានខ្លួនឲ្យមានចំណេះចម្រើនឡើង ចេះពន្យល់សិស្ស
ឲ្យយល់ដោយជម្រៅ អត់ធន់ចំពោះសំដី ពោលពាក្យឲ្យមានជម្រៅ
បង្រៀនឲ្យអស់ពីលទ្ធភាព មិនដឹកនាំទៅក្នុងផ្លូវខុស ។

គុណធម៌របស់គ្រូ ៧ ចំនុច  ១
គុណធម៌របស់គ្រូ ៧ ចំនុច  ២
គុណធម៌របស់គ្រូ ៧ ចំនុច  ៣

Monday, March 12, 2012

លិខិតជូនពរលោកជំទាវ ប៉ិច សង្វាវ៉ាន

លិខិតជូនពរ


នៅក្នុងឱកាសអបអរសាទរខួបលើកទី១០១

នៃទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០១២នេះ

តាងនាមឱ្យសិស្សនិពន្ធ អ្នកកវីនិពន្ធខ្មែរ

ទាំងក្នុង-ក្រៅប្រទេស

និងបងប្អូនអ្នកសេ្នហាភាសាអក្សរសាស្ត្រខ្មែរ

សូមគោរពអនុញ្ញាតដ៏ខ្ពង់ខ្ពស់លំឱនកាយវាចាចិត្ត

សម្តែងនូវកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅ

បំផុតចំពោះសកម្មភាពជួយលើកស្ទួយ

ចែករំលែកលើវិជ្ជាតែងនិពន្ធនិងវិជ្ជាអក្សរសាស្ត្រ

ពីសំណាក់លោកអ៊ំកន្លងមក

ព្រមទាំងការលះបង់ទ្រព្យសម្បត្តិ

និងការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត

គ្មាននឿយហត់ក្នុងន័យជំរុញបងប្អូន​អ្នកនិពន្ធ

ទាំងអស់ ឱ្យឈានទៅរកភាពរីកចម្រើន។

ឆ្លៀតក្នុង ឱកាសដ៏មហាថ្លៃថ្លានេះ

ខ្ញុំបាទយើងខ្ញុំ

សូមគោរពអនុញ្ញាតលើកហត្ថបួងសួងវត្ថុសក្តិសិទ្ធ

ទាំងឡាយក្នុងលោក បុណ្យបារមីទេវតាថែរក្សា

ប្រទេសកម្ពុជា ព្រមទាំងវិញ្ញាណខ័ន្ធអស់លោក

អ្នកប្រាជ្ញរាជបណ្ឌិត កវីនិពន្ធខ្មែរទាំងអស់

សូមជួយបីបាច់ថែរក្សានិងប្រោះព្រំ

សព្វសាធុការពរជ័យសេរីបវរមហាប្រសើរ

គ្រប់ប្រការជូន

លោកអ៊ំ ប៉ិច សង្វាវ៉ាននិងក្រុមគ្រួសារចៅប្រុសស្រី

សូមលោកអ៊ំប្រកបដោយ

សុខភាពបរិបូរណ៍ កម្លាំងរឹងមាំ បញ្ញាញាណភ្លឺថ្លា

ជន្មាយុយឺនយូរដើម្បីជាម្លប់ដល់កូនក្មួយកវីនិពន្ធ

អ្នកអក្សរសាស្ត្រខ្មែរជំនាន់ក្រោយ

និងសូមឱ្យលោកអ៊ំប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ

អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។

សូមលោកអ៊ំមេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់

អំពីយើងខ្ញុំ។

សេចក្តីគួរពុំគួរសូមសូមមេត្តាខន្តីអភ័យទោស៕

គោរជូនពរពីរាជាណាចក្រថៃ

០៧ មីនា ឆ្នាំ២០១២

តំណាងអ្នកកវីនិពន្ធ

ឡឹក ជំនោរ

LEK Chumnor


Saturday, February 4, 2012

"ហែ" នៅក្នុងជីវិតជនជាតិខ្មែរ


សម្រាប់ទំព័ត៌មានលម្អិតសូមអានទស្សនាវដ្តីខ្ញុំ ឆ្នាំទី១ លេខ០៣, ​ ២០១២