រឿងខ្លី ម៉ែខ្ញុំ “ម៉ែ...!!!” ពាក្យមួយម៉ាត់នេះពិរោះណាស់សម្រាប់កូន... “ម៉ែ” ជាពាក្យដែលខ្ញុំនិយាយចេញមកពីបបូរមាត់របស់ខ្ញុំ កាលខ្ញុំចាប់ផ្តើមរៀននិយាយមុនដំបូងបង្អស់នៃជីវិត។ ស្រាប់តែពាក្យដដែលនេះវាក្លាយជាពាក្យសម្រាប់ទួញសោកហៅមាតារបស់ខ្ញុំជាលើកចុងក្រោយទៅវិញ។ ព្រះអគ្គីបានត្របាក់លេបរូបកាយដ៏ស្គមស្គាំងរបស់អ្នកម៉ែ ជាមួយនិងបរិវាររបស់វាគឺផ្សែង។ ផ្សែងខ្មួលខ្មាញ់ព័ណ៌ខ្មៅហ៊ំហ៊ួងហែងរូបកាយម៉ែ បាននាំវិញ្ញាណរបស់ម៉ែទៅភពមួយផ្សេងទៀតហើយ! ពេលនេះទោះបីខ្ញុំយំឲ្យរីងទឹកនេត្រា ស្រែកឲ្យបែកលោកាទៅទៀតក៏អ្នកម៉ែម្នាក់នោះមិនមានវត្តមាននៅលើពិភពលោកនេះ មិនបានឮនូវអ្វីៗទាំងអស់ ហើយខ្ញុំក៏មិនអាចរកម៉ែឃើញដែរ។ លោកបានទៅហើយ... ទៅហើយ... ហើយទៅសែនឆ្ងាយ... ឆ្ងាយគ្មានថ្ងៃនឹងត្រឡប់... ម៉ែរបស់ខ្ញុំជាស្រ្តីមេម៉ាយម្នាក់ដែលរស់នៅក្នុងសង្គមមួយដែលចង្អៀតបំផុតសម្រាប់ជីវិតរបស់គាត់។ ក្រោយពេលពុកបានចាកឆ្ងាយចោលម៉ែមក ភារៈបីបាច់បុត្រាបណ្តូលចិត្តតែមួយនេះត្រូវធ្លាក់យ៉ាងធ្ងន់មកលើម៉ែ... ម៉ែធ្វើស្រែចម្ការ ភ្ជួររាស់ និងរែកអម្រែកតត្រុកដើម្បីជីវភាពប្រចាំថ្ងៃ។ ដីធ្លីទាំងប៉ុន្មានដែលជាកេរមរតករបស់យាយតា ត្រូវបានក្លាយជាតំបន់អភិវឌ្ឍន៍របស់រដ្ឋ។ ម៉ែកាន់តែលំបាកបន្តិចម្តងៗ ប្រាក់កាសដែលគេប៉ះប៉ូវជំនួសការដូរដីស្រែចំការនោះក៏ចាប់ផ្តើមអស់ទៅជាលំដាប់។ តម្លៃការផលិតក៏មិនចំណេញធ្វើឲ្យគ្រួសារខ្មែរជាច្រើននៅភូមិរបស់ខ្ញុំសុខចិត្តលះបង់ភូមិកំណើត ទៅជ្រកក្រោមសំយ៉ាបអគារនៅរាជធានីដើម្បីរកអង្ករច្រកឆ្នាំង អាហារច្រកក្រពះម៉្ងៃៗ ។ ភាពលំបាកវេទនារបស់ម៉ែក្រោមការមើលស្រាល និងរើសអើងពីសំណាក់អ្នកដទៃនោះ បានធ្វើឲ្យគាត់កាត់ចិត្តចុះចោលស្រុកកំណើតមករស់នៅក្នុងទីរួមខេត្ត។ ម៉ែបានយកខ្ញុំមកផ្ញើនៅមណ្ឌលកុមារកំព្រាខេត្ត។ ម្តាយដ៏កម្សត់របស់ខ្ញុំលោកមើលឃើញអ្វីៗនៅលើផែនដីនេះឃើញដោយភ្នែកតែម្ខាងប៉ុណ្ណោះ។ ម៉ែដើរតត្រុកជើងទទេលក់ការ៉េមឲ្យក្មេងៗនៅសាលារៀន ក្រោយពេលត្រឡប់មកពីលក់បន្លែវិញ។ មានថ្ងៃមួយម្តាយរបស់ខ្ញុំទៅលក់ការ៉េមដល់សាលារៀនបឋមសិក្សាដែលខ្ញុំសិក្សា។ គាត់ព្យាយាមហុចនំដែលគាត់ធ្វើផ្ទាល់ដៃឲ្យមកខ្ញុំ គាត់និយាយលួងលោមខ្ញុំជាភាសាដ៏ពិរោះដែលមាតាដ៏ល្អក្នុងលោកតែងតែនិយាយទៅរកបុត្របណ្តូលចិត្តរបស់ខ្លួន៖ “នរាកូនម៉ែមកជិតម៉ែបន្តិចមកកូន! ម៉ែនឹកកូនណាស់... នេះជានំដែលកូនចូលចិត្តម៉ែធ្វើយកមកផ្ញើកូនណ៎ា!” ម៉ែព្យាយាមនិយាយអង្វរខ្ញុំឲ្យទទួលយកនំដែលគាត់យកមកផ្ញើ តែខ្ញុំមិនត្រឹមតែមិននិយាយទៅរកគាត់ទេ ថែមទាំងមិនទទួលនំហើយរត់ចេញពីមុខគាត់ទៀត។ ខ្ញុំមិនចង់ឃើញមុខគាត់ទាល់តែសោះ ខ្ញុំស្អប់គាត់... ហេតុអ្វីបានជាគាត់ព្យាយាមមកលងបន្លាចជីវិតខ្ញុំរហូតបែបនេះ? ថ្ងៃបន្ទាប់មកមិត្តភក្តិដែលរៀនជាមួយខ្ញុំ គេសើចឲ្យខ្ញុំហើយចំអកថា ម្តាយរបស់ខ្ញុំមានភ្នែកតែម្ខាង។ ខ្ញុំខ្មាសមិត្តរួមថ្នាក់មែនទែន រហូតមិនទៅលេងម្តាយខ្ញុំនៅឯផ្ទះអស់ជាច្រើនខែ។ ពេលដែលមិនឃើញខ្ញុំចូលទៅលេងផ្ទះយូរខែ ម្តាយរបស់ខ្ញុំក៏ទៅរកខ្ញុំដល់មណ្ឌលកុមារកំព្រា ខ្ញុំស្តីឲ្យម៉ែនូវពាក្យដែលមិនពិរោះ ទ្រគោះបោះបោកទៅលើគាត់ៈ “ម៉ែ...! ម៉ែឯងមិនបាច់មកលេងនឹងខ្ញុំទៀតទេ... ម៉ែដឹងទេមិត្តភក្តិរបស់ខ្ញុំគេសើចចំអកឲ្យខ្ញុំ ពេលដែលឃើញភ្នែករបស់ម៉ែបែបនេះនោះ... គេថាឲ្យខ្ញុំថា ខ្ញុំមានម្តាយខ្វាក់ភ្នែក... បើម៉ែមកព្រោះតែធ្វើឲ្យកូនខ្មាសគេនោះម៉ែមិនបាច់មកទៀតក៏បានដែរ... ឈប់មកឲ្យខ្ញុំឃើញមុខទៀត... ខ្ញុំស្អប់ណាស់ ចេញទៅ...!!! ចេញទៅ...!!! ខ្ញុំគ្មានម្តាយខ្វាក់ភ្នែកដូចអ្នកទៀតទេ!!!” ខ្ញុំស្តីដៀលស្រ្តីដែលបានឲ្យកំណើតខ្ញុំយ៉ាងចាស់ដៃ។ ទឹកភ្នែកស្រ្តីវ័យអាយុជ្រេរបន្តិចម្នាក់នោះក៏បានស្រក់ចុះដោយមិនដឹងខ្លួន... គាត់គ្មានអ្វីវាចាសូម្បីមួយម៉ាត់មានតែឈរធ្មឹងសម្រក់ទឹកភ្នែកជោគផែនថ្ពល់ក្រហូងស្វិតជ្រួញគួរឲ្យអនិច្ចា។ ម៉ែដើរត្រុកៗចេញពីមណ្ឌលរបស់កុមារកំពា្រ សំដៅជម្រកដែលជាកូនខ្ទមតូចបាក់បែករហែកដោយកន្លែង។ ទោះបីអ្នកគ្រូរបស់ខ្ញុំខំស្រែកហៅយ៉ាងណាក៏គាត់មិនងាកក្រោយដែរ។ អ្នកគ្រូធ្លាប់និយាយប្រាប់ខ្ញុំថា ម្តាយខ្ញុំក៏ធ្លាប់ធ្វើជាគ្រូបង្រៀនក្មេងមត្តេយ្យនៅក្នុងជម្រុះដែរនៅពេលដែលភ្នែករបស់គាត់នៅល្អនោះ តែក្រោយពេលដែលអជ្ញាធរប្រទេសថៃឲ្យផ្លាស់មករស់នៅទីប្រជុំជនក្នុងប្រទេសវិញគេក៏បោះបង់គាត់ចោលទៅ។ ពេលដែលខ្ញុំបានបញ្ចប់មធ្យមសិក្សាបឋមភូមិ ខាងអង្គការសង្គ្រោះកុមារកំព្រាបាន បញ្ជូនខ្ញុំឲ្យមករស់នៅមណ្ឌលកុមារកំព្រាអង្គការមិត្តសម្លាញ់ឯរាជធានីភ្នំពេញ។ ក្រោយមកខ្ញុំមានម្តាយធម៌ជាជនជាតិអូស្រា្តលី។ ជីវិតរស់នៅរបស់ខ្ញុំនៅមណ្ឌលនេះធ្វើឲ្យខ្ញុំភ្លេចអ្វីៗទាំងអស់ សូម្បីតែម្តាយដ៏កម្សត់ម្នាក់នោះខ្ញុំក៏បានបំភ្លេចស្រមោលគាត់ចេញពីបេះដូង ដែរ។ ម្ង៉ៃៗមានតែការរៀនសូត្រ និងដើរកំសាន្តតាមរមណីយដ្ឋានផ្សេងៗតាមគម្រោងរបស់អង្គការ។ តែខ្ញុំក៏នៅមិនភ្លេចសេចក្តីព្យាយាមរៀនសូត្រដែរ។ ក្រោយពេលបញ្ចប់មធ្យមសិក្សាទុតិយភូមិ ខ្ញុំទទួលបានអាហាររូបករណ៍ទៅសិក្សានៅប្រទេសអូស្រ្តាលីរយៈពេលប្រាំឆ្នាំ។ មុនពេលចាកចេញពីមាតុភូមិខ្ញុំបានផ្តាំផ្ញើពាក្យថា ”លា” ទៅម្តាយតាមរយៈមិត្តភក្តិរបស់ខ្ញុំ។ រយៈពេលកន្លងមក និងពេលដែលខ្ញុំទៅបន្តការសិក្សានោះ ខ្ញុំមិនបានទទួលដំណឹង ឬក៏ផ្ញើដំណឹងទៅសួរសុខទុក្ខម្តាយរបស់ខ្ញុំម្តងណាឡើយ។ ការសិក្សារបស់ខ្ញុំបានបញ្ចប់ដោយជោគជ័យ។ ក្រោយពេលមាតុភូមិនិវត្តន៍បានប្រមាណពីរខែខ្ញុំទទួលបានការងារមួយយ៉ាងសមរម្យមានតួនាទីឋានៈតំណែង ដែលមានមនុស្សតិចណាស់អាចធ្វើបាន។ ខ្ញុំមិនបានទៅជាន់ទឹកដីកំណើតម្តងណាឡើយ។ ខ្ញុំសម្រេចចិត្តរៀបចំគ្រួសារក្រោយពេលបម្រើការងារបានមួយឆ្នាំ។ ខ្ញុំមានផ្ទះមួយខ្នងដ៏ស្អាត ដែលជាចំណងដៃរបស់ឪពុកម្តាយក្មេកពេលរៀបអាពាហ៍ពិពាហ៍។ ខ្ញុំព្យាយាមបិទបាំងរឿងខ្ញុំជានិច្ច គ្រួសាររបស់ខ្ញុំដឹងថាខ្ញុំជាកូនកំព្រាគ្មានឪពុកម្តាយ។ ក្រោយមកខ្ញុំក៏ចាប់ ផ្តើមមានបុត្តធីតាតាមបំណងភរិយារបស់ខ្ញុំ។ ........................... បួនឆ្នាំក្រោយមក ម្តាយរបស់ខ្ញុំក៏ព្យាយាមមកភ្នំពេញដើម្បីមកលេងចៅៗរបស់គាត់។ ធម្មតាធម្មជាតិជាម្តាយ ជាជីដូនតែងតែមានសេចក្តីនឹករលឹកកូនចៅជារឿងមួយដែលមាតាទាំងឡាយត្រូវតែមាននៅក្នុងបេះដូងជានិច្ច។ ថ្ងៃនោះទ្វាររបងផ្ទះមិនទាន់ទាំងបិទផងស្រាប់ តែមានមនុស្សចូលមកមកគោះទ្វារ៖ “តុក...!!! តុក...!!! មានមនុស្សនៅផ្ទះទេ?” ខ្ញុំក៏មិនខ្វល់នឹងសម្លេងនោះដែរ។ កូនៗរបស់ខ្ញុំរត់ទៅបើកទ្វារ។ សម្លេងស្រែកយំហាក់ដូចជាតក់ស្លុតរបស់កូនៗខ្ញុំក៏លាន់ឡើងមួយរំពេចហើយពួកគេរត់មកឱបហើយពួននឹងជើងរបស់ខ្ញុំ ពួកគេភ័យខ្លាចដូចជាបានឃើញខ្មោចអីចឹង។ “ប៉ា...! ប៉ា...! ប៉ាអើយខ្មោចលង កូនខ្លាចណាស់!!!” កូនប្រុសច្បងបន្ថែម៖ “ប៉ា...អើយ... មិនមែនខ្មោចទេ! មនុស្សឆ្គួត!!! អាក្រក់មើលណាស់” កូនយំស្រែកបែបនេះខ្ញុំចេញទៅមើល។ ស្រ្តីចាស់ម្នាក់មានភ្នែកតែម្ខាង ក្នុងសម្លៀកបំពាក់ចាស់ៗស្នាមបំណាស់ដោយកន្លែងសម្លឹងមកលើរូបខ្ញុំ គាត់ខំសង្កេតពីក្បាលរហូតចុងជើងរបស់ខ្ញុំ ដៃរបស់ស្រ្តីជរាស្វិតក្រញៀវសរសៃរមេញញ័រៗលូកមកបំរុងអង្អែលដៃខ្ញុំ។ គាត់បញ្ចេញសម្លេងបែបញ័រៗមួយៗមកខ្ញុំ៖ “នេះ... ”ជាកូននរាមែនទេ...? នរាកូន! ម៉ែនឹកកូនណាស់! ម៉ែមិនបានឃើញមុខកូនជាច្រើនឆ្នាំហើយ! កូនចាស់ច្រើនណាស់... នរាកូនម៉ែ! ម៉ែនឹកកូនខ្លាំងណាស់... ចៅៗរបស់ម៉ែទៅណាអស់ហើយ!” ខ្ញុំមិនព្រមស្តាប់សំនួររបស់គាត់ហើយព្យាយាមរលាស់ដៃគាត់ចេញព្រមទាំងគំហកដាក់យាយចាស់ម្នាក់នោះថា៖ “នរណាជានរារបស់យាយនោះ...!!! ទីនេះគ្មាននរានរ៉ាណាទេ! ចេញទៅ... ចេញពី ទីនេះភ្លាមទៅ!!! ហើយឈប់មកលងបន្លាចកូនៗរបស់ខ្ញុំទៀត!” ម្តាយរបស់ខ្ញុំឈរស្ងៀម ហើយលើកដៃសំពះសូមទោសខ្ញុំ ញ័រទទ្រាក់ៈ “ឲ្យខ្ញុំសូមទោសលោកប្រុស! ប្រហែលជាខ្ញុំច្រឡំអាសយដ្ឋានហើយមើលទៅ... ហើយខ្ញុំសូមទោសផងដែរដែលបានធ្វើឲ្យកូនៗរបស់លោកប្រុសខ្លាច” ក្រោយមកគាត់ក៏ចេញពីផ្ទះខ្ញុំបាត់ទៅ។ ព្រោះតែការងារធ្វើឲ្យខ្ញុំភ្លេចអ្វីៗទាំងអស់។ ថ្ងៃមួយខ្ញុំបានទទួលលិខិតអញ្ជើញមួយច្បាប់ពីមណ្ឌលកុមារកំព្រាខេត្តដើម្បីចូលរួមពិធីសម្ភោធអគារស្នាក់នៅថ្មីរបស់ក្មេងកំព្រានៅទីនោះ។ ក្រោយពេលទទួលបានលិខិតភ្លាមខ្ញុំក៏កុហកភរិយារបស់ខ្ញុំថាចុះទៅបំពេញភារកិច្ចនៅតាមខេត្ត។ ខ្ញុំមានសេចក្តីរីករាយមែនទែននៅពេលដែលបានមកដល់ស្រុកកំណើតនោះ។ ខ្ញុំនឹងទៅជួបម្តាយដ៏កម្សត់របស់ខ្ញុំ សង់ផ្ទះថ្មីឲ្យគាត់នឹងធ្វើអាហារឆ្ងាញ់ៗសម្រាប់គាត់... ជូនប្រាក់កាសគាត់សម្រាប់គាត់ធ្វើបុណ្យទាន... ខ្ញុំធ្វើដំណើរមកស្រុកកំណើតដោយក្តីសង្ឃឹម ហើយសង្ឃឹមថា នឹងបានមកជួបម្តាយ! ពេលដែលរថយន្តមកដល់ក្បែរខ្ទមដ៏កម្សត់ដែលខ្ញុំធ្លាប់រស់នៅកាលពីតូចនោះស្រាប់តែឃើញទង់ក្រពើកំពុងបក់រវិចៗជាប់នឹងចុងឫស្សី... ក្លងខែកកំពុងតែឈ្លោះប្រកែកគ្នារងំលើបង្គោលឫស្សីនៅខាងកើតខ្ទមជរារបស់ម្តាយខ្ញុំ។ “ពុទ្ធោ! ម៉ែ!... ម៉ែ!!!!” ខ្ញុំចុះពីរថយន្តរត់ចូលទៅក្នុងផ្ទះហើយស្ទុះទៅឱបរាងកាយដែលស្គមមានតែស្បែកដណ្តប់ឆ្អឹងគ្របភួយកញ្ចាស់មានស្នាមបំណះដោយកន្លែង។ “ម៉ែ!... ម៉ែ!!!... ម៉ែស្លាប់ចោលកូនហើយ... ម៉ែទៅឆ្ងាយចោលកូនហើយ...”ខ្ញុំទ្រហោរ យំនៅលើសពម្តាយ។ អតីតអ្នកគ្រូរបស់ខ្ញុំបានហុចសំបុត្រមួយច្បាប់ដែលម្តាយខ្ញុំបានសរសេរទុកផ្ញើឲ្យខ្ញុំ៖ ខ្ទមកម្សត់, ថ្ងៃទី០១ មករា ២០០៧ នរាកូនសម្លាញ់របស់ម្តាយ! ម្តាយនឹកកូនខ្លាំងណាស់! ម្តាយចង់រស់នៅក្បែរកូន ចង់ឃើញសុភមង្គលរបស់កូន។ ឲ្យម៉ែសូមទោសណា៎! ដែលម៉ែទៅរកកូនដល់ផ្ទះ ហើយធ្វើឲ្យកូនៗរបស់កូនភ័យខ្លាចព្រោះតែភាពមិនគ្រប់លក្ខណៈរបស់ម៉ែ។ ម៉ែសែនត្រេកអរនៅពេលដឹងថា កូនត្រូវបានអញ្ជើញមកចូលរួមក្នុងពិធីសម្ភោធឆ្លងអន្តេវាសិកកុមារកំព្រានៅខេត្តរបស់យើង។ តែគួរឲ្យស្តាយណាស់ដែល ម្តាយមិនអាចទៅឃើញមុខរបស់កូនជាលើកចុងក្រោយបាន... ឲ្យម្តាយសូមទោសដែលម្តាយបានធ្វើឲ្យកូនខ្មាសមិត្តភក្តិនៅពេលដែលកូនរៀននៅបឋមសិក្សា។ កូនមានដឹងឬទេ? នៅពេលកូននៅតូច កូនតែងតែទៅតាមឪពុកទៅចម្ការឪពុកកូនជាន់មីន គាត់ទទួលមរណភាពណែកកូនត្រូវរបួសភ្នែក... ក្នុងនាមជាម្តាយដែលមានព្រហ្មវិហារធម៌នោះ ម្តាយត្រូវបញ្ជូនកូនទៅវះកាត់នៅប្រទេសជិតខាងទាំងគ្មានប្រាក់មួយសេនជាប់ខ្លួន។ ម្តាយឲ្យពេទ្យវះកាត់ភ្នែកស្តាំរបស់ម៉ែដាក់ឲ្យទៅកូន... ម៉ែមិនអាចឈរមើលកូនធំឡើងមានភ្នែកតែម្ខាងនោះទេ... ឪពុកបានបាត់បង់ទៅហើយកុំឲ្យបាត់បង់កូនជាទីស្រឡាញ់ស្មើបេះដូងទៅទៀត...!!! ម្តាយសប្បាយរីករាយណាស់ដែលកូនបានឃើញពិភពជីវិតថ្មីមួយដោយកែវភ្នែករបស់ម្តាយ។ ទោះបីពេលដែលកូនអានសំបុត្រនេះម្តាយមិនបាននៅលើផែនដីក៏ដោយ ម្តាយក៏នៅមានកូននិងកែវភ្នែកដែលគ្មានមន្ទិលនោះនៅមើលអ្វីៗនៅលើលោកនេះជំនួសម្តាយដែរ... ពីអ្នកដែលស្រឡាញ់កូនគ្មានថ្ងៃចុងក្រោយ! អានសំបុត្រនោះចប់ ទើបខ្ញុំដឹងថាម្តាយរបស់ខ្ញុំស្រឡាញ់ខ្ញុំប៉ុនណា! ហើយលោកបានលះបង់អ្វីខ្លះសម្រាប់ខ្ញុំ។ អ្នកម៉ែធ្វើអ្វីៗគ្រប់យ៉ាងដើម្បីកូន។ ម៉ែស៊ូទ្រាំលំបាកដើម្បីចិញ្ចឹមបីបាច់កូនឲ្យបានធំធាត់ ដើម្បីកូនបានរៀនសូត្រ... តាំងតែពីតូចរហូតមកដល់ពេលនេះខ្ញុំនៅមិនទាន់មានអ្វី ឬបានធ្វើអ្វីដើម្បីជាការតបស្នងសងគុណដល់អ្នកម្តាយដ៏កម្សត់ដែលឥឡូវកំពង់តែបិទភ្នែកមិនអាចឃើញអ្វីៗទាំងអស់នោះសោះ។ កុំថាឡើយលុយកាក់មាសប្រាក់ ឬរបស់ផ្សេងៗ សូម្បីតែធ្វើឲ្យលោកសប្បាយចិត្តក៏គ្មានផង។ តើមានប្រយោជន៍អ្វីសម្រាប់របស់របរដែលខ្ញុំយកមកផ្ញើគាត់នៅពេលនេះ? ផ្ទុយទៅវិញវាក្លាយជាគ្រឿងបង្សុកូលសពកាត់ទៅវិញ... តើត្រូវធ្វើផ្ទះថ្មីឲ្យនរណានៅ? តើត្រូវទិញនំចំណីមកឲ្យនរណាពិសាទៅ ? បើមាត់ដែលត្រូវទំពារនោះវាបិទជិតទៅហើយ...!!! ហើយបំពង់កដែលត្រូវទទួលអាហារនោះវាដេកបាត់ទៅហើយ...!!! តើនៅមានន័យអ្វីទៀតចំពោះអំពើល្អដែលធ្វើក្រោយពេលអ្វីត្រូវបានបញ្ចប់នោះ... ខ្ញុំអាចនិយាយបានថាគ្មានសេចក្តីស្រឡាញ់ សេចក្តីស្នហាណាមួយដែលបរិសុទ្ធ ដូច សេចក្តីស្រឡាញ់ និងសេចក្តីស្នេហារបស់ឪពុកម្តាយចំពោះបុត្តធីតានោះទេ! សេចក្តីស្រឡាញ់របស់លោកជាសេចក្តីស្រឡាញ់ដែលគ្មានថ្ងៃចុងក្រោយ...!!! ដោយ ប៉ាកកាមាស សម្រួលពីកិច្ចការសាលា “ភាសាអង់គ្លេស” ដុងឌុក, ថ្ងៃសៅរ៍ទី២១ កុម្ភៈ ២០០៧ |
វចនាធិប្បាយភាសាខ្មែរ
Monday, February 22, 2010
ម៉ែខ្ញុំ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment