> ព្រះបាទអង្គឌួងទ្រង់មិនត្រឹមតែជាព្រះវីរៈក្សត្រប៉ុណ្ណោះទេ ព្រះអង្គគឺជាកវី និពន្ធមួយព្រះអង្គរបស់ខ្មែរ ដែលមានស្នាព្រះហស្ថ ជាច្រើន។ នៅក្នុងការផ្សាយលើកនេះខ្ញុំបាទសូមបង្ហាញស្នាព្រះហស្ថឯករបស់ព្រះអង្គ ដែលស្រទាប់អ្នកនិពន្ធនៅសម័យនោះស្ងើចសរសើរ...
រឿង កាកី ព្រះរាជនិពន្ធរបស់ព្រះបាទ អង្គ ឌួង
វគ្កទី ១
ក្នុងកាលកន្លងមក ពេលដែលព្រះមហាពោធិសត្វយោនយកកំណើតជាគ្រុឌមួយ ដែលមានឫទ្ធីបារមីខ្លាំងអស្ចារ្យស្ថិតនៅឯលើភ្នំព្រះសុមេរុ។
ក្នុងគ្រានោះដែរ ក៏មានព្រះមហាក្សត្រមួយអង្គទ្រង់ព្រះនាមព្រហ្មទត្ត សោយរាជ្យសម្បត្តិនៅនគរពារាណសី។ ទ្រង់មានភិលៀង ម្នាក់ឈ្មោះថា”គន្ធ័ន” មានឫទ្ធីសិល្ប៍សាស្ត្រដ៏ ខ្លាំងពូកែ ឮល្បីពេញអស់ភពផែនផងទាំងឡាយមិនតែប៉ុណ្ណោះគន្ធ័ន ចេះទាំងដេញពិណ ចេះទាំងច្រៀង ល្បិចល្បោយតែងកាព្យបានយ៉ាងស្ទាត់ជំនាញទៀតផង។ ព្រះបាទព្រហ្មទត្តទ្រង់សោយរាជសម្បត្តិល្បីល្បាញលើសលើលោកា ស្ដេចមួយរយមួយប្រទេសតែងនាំសួយសារអាករមកថ្វាយមិនដែលដាច់ឡើយ។ ព្រះអង្គទ្រង់មានមហេសីមួយអង្គនាមកែវកាកី មានរូបឆោមលោមពណ៌យ៉ាងស្រស់សោភា ល្អគ្មានស្រីណាផ្ទឹមបានឡើយ។ កាកីបានកើតកាយ ចេញពីផ្កាកណិការដូច្នេះហើយទើបខ្លួនប្រាណនាងមានជាប់ក្លិនក្រអូបឈ្ងុយឈ្ងុបដោយ លំអងគន្ធា បើនរណាម្នាក់បានរួមរស់ស្នេហាជាមួយហើយលុះ៧រាត្រីទើបអស់ក្លិនក្រអូប ដោយលំអងគន្ធានោះ។ ព្រះអង្គព្រហ្មទត្តទ្រង់សព្វព្រះរាជហរទ័យនឹងនាងកែវកាកីណាស់ទ្រង់បានតែងតាំងកាកីជាអគ្គមហេសីលើសអស់ស្រីស្នំស្រឹង្គាទាំងពួងនៅកនុងវាំង។
ក្នុងកាលនោះ ស្ដេចគ្រុឌដែលស្ថិតនៅឯចុងសិម្ពលីជាទីស្ថាន និងតេជះបារមី មានកំលាំងខ្លាំងក្លាអស្ចារ្យ អាចលោតផ្លោះឆ្លងមហាសាគរបានយ៉ាងងាយ មិនតែប៉ុណ្ណោះ គ្រុឌអាចប្រែកាយជាអ្វីក៏បានតាមចិត្តប្រាថ្នា។ គ្រុឌតែងហោះផ្លោះឆ្លងទៅកំសាន្ដ បាស្កាជាមួយមហាក្សត្រសជាញឹកញយ ប៉ុន្តែមិនដែលចាញ់ឈ្នះទេ ជួនកាលគ្រុឌទៅសំរាកកំសាន្ដ ជាមួយព្រះមហាក្សត្រទៀតផង លុះដល់វេលាទើបមកវិញ។
វេលាថ្ងៃមួយនោះ គ្រុឌនឹកចង់លេងបាស្កាជាមួយព្រះមហាក្សត្ស ក៏ហោះចេញចាក សិម្ពលីផ្លោះឆ្លងព្រៃភ្នំមហាសាគរ ហើយក៏បានមកដល់ គ្រុឌបានចូលទៅដើមជ្រៃធំមួយហើយ ក៏បានសំដែងឫទ្ធិប្រែកាយជាកំលោះសង្ហាម្នាក់ បើស្រីណាម្នាក់បានឃើញហើយប្រាកដជាលង់ស្រលាញ់ជាក់ជាមិនខាន។ ប្រែកាយរួចស្រេចហើយគ្រុឌក៏បានចេញពីដើមជ្រៃដើរទៅរក ព្រះមហាក្សត្រព្រហ្មទត្ត ដែលទ្រង់គង់នៅក្នុងប្រាសាទ។ លុះទៅដល់ជិតហើយគ្រុឌកំលោះក៏ក្រាបសំពះអង្គស្ដេចធ្វើហាក់ដូចជាខ្លាចនឹងអំនាចទ្រង់ពេកក្រៃ។ ព្រះអង្គទ្រង់ទតឃើញមាណពដូច្នោះ ក៏ហៅឲ្យមកជិត រួចហើយទ្រង់ត្រាស់បញ្ជាឲ្យយកក្ដាបាស្កាមកក្រសាលកំសាន្ត និងមាណព។
កាលនោះដែរនងកែវកាកីដែលជាអគ្គមហេសីព្រះអង្គ ដោយបាត់ស្វាមីយូរពេក ក៏សួរ ពួកភិលៀងទាំងអស់ថា តើស្វាមីយ៉ាងទៅណាទើបបាត់មិនឃើញមកយ៉ាងដូច្នេះ? ភិលៀងទាំងអស់បានឆ្លើយប្រាប់វិញថា ព្រះអង្គកំពុងក្រសាលបាស្កាជាមួយមាណពម្នាក់ ដែលមានរូបរាងសង្ហាពន់ពេកក្រៃ។ គ្រាន់តែបានឮពាក្យភិលៀងទាំងអស់ប្រាប់ថាមានមាណពស្អាតសង្ហាមកលេងបាស្កាជាមួយព្រះអង្គនោះ កែវកាកីក៏កើតចិត្តបេតីចង់ឃើញមាណពនោះតែម្ដង កែវកាកីក៏បានដើរទៅដល់ចុងរាជរោងហើយឈររេរានៅទីនោះ កែវកាកីគយគន់សព្វប្រាណ របស់គ្រុឌហើយក៏ពេញចិត្តពេកក្រៃថែមទាំងចង់បានគ្រុឌជាស្វាមីទៀតផង។ គាប់ជួនពេលនោះមាណពរូបសង្ហាងើបភ័ក្រឡើងត្រង់ក៏ប្រទះឃើញនាងកែវកាកី ហើយក៏កើតចិត្តគុំគួចលួចបេតី ក្នុងចិត្តគិតថាៈ ស្រីនេះល្អអីល្អយ៉ាងនេះគ្មានទាស់ត្រង់ណាសោះឡើយ សូម្បីតែស្រី ក៏នៅមានទាស់ខ្លះដែរ តែនេះរកកន្លែងទាស់គ្មានទាល់តែសោះនេះបើយើងស្មានមិនខុសទេ នាងប្រហែលជាអគ្គមហេសីអង្គក្សត្រនេះហើយមើលទើបហ៊ានមកឈរដោយមិនខ្លាចញញើតយ៉ាងនេះនោះ។ គ្រុឌបក្សាសំលឹងកាកីមិនដាក់ភ្នែក សំលឹងកាន់តែយូរកាន់តែមាន ចិត្តស្រលាញ់ខ្លាំងឡើងៗចំនែកឯកាកីដឹងថាគ្រុឌសំលឹងមកខ្លួនហើយ ក៏ញញឹមដៀងភ្នែកមើលចំហៀងផង ចំផង លុះខ្សែភ្នែកប៉ះចំគ្នាក៏ញញឹមដាក់ប៉ប្រៃធ្វើឲ្យគ្រុឌញាប់ញ័រអស់ហឫទ័យកើតសេចក្ដីស្នេហាចំពោះនាងជាពន្ធពេក។ លុះឃើញថាគ្រុឌឈ្លក់វង្វេងសំលឹងនាងមិនឈប់ហើយ កាកីក៏ធ្វើជាធ្លាក់ស្បៃដែលគ្របដណ្ដប់លើរាងកាយធ្វើឲ្យសុដន់ទាំងគូរបស់នាងបានបង្អួតបង្ហាញចំពោះភ្នែកគ្រុឌដែលតាមសំលឹងគ្មានឈប់នោះ។ គ្រុឌបក្សាឃើញហើយស្ទើតែស្ទុះទៅចាប់បីទៅតែម្ដងក្នុងពេលនោះទេ ប៉ុន្តែចិត្តមួយនៅនឹកគិតដល់កេរ្តិ៍ខ្មាស់ ដូច្នេះហើយទើបគ្រុឌខំសង្កត់ចិត្តលេងបាស្កាជាមួយមហាក្សត្រ ដោយធ្វើយ៉ាងណាដើម្បីកុំឲ្យអង្គក្សត្រព្រហ្មទត្តចាប់អារម្មពីរឿងហ្នឹងឡើយ។ ចំនែកអង្គក្សត្រព្រហ្មទត្តទ្រង់ក្រសាលបាស្កាយ៉ាងសប្បាយពុំបានចាប់អារម្មណ៍និងមហេសីដែលលបលួចប្រើខ្សែភ្នែកដាក់មាណពរូបសង្ហានៅចំពោះមុខព្រះអង្គឡើយ។ លុះព្រះសូរិយាទន់ទេរបន្ទាបខ្លួនចុះបន្តិច កែវកាកីក៏វិលត្រលប់ទៅរាជដំនាក់វិញដោយទុកឲ្យមាណពនៅខ្វល់ខ្វាយក្នុងចិត្តម្នាក់ឯងយ៉ាងក្រៃលែងក្នុងចិត្តគិតថាៈ ត្រូវតែយកអគ្គមហេសីនេះទៅឲ្យបានក្នុងពេលនេះ។
គិតស្រេចមាណព ក៏ក្រាបបង្គុំលាព្រះមហាក្សត្រចរចេញទៅយ៉ាងឆាប់ទៅដល់ដើមជ្រៃភ្លាមមាណពក៏សែកមន្តវិជ្ជាប្រែក្រលាទៅជាគ្រុឌយ៉ាងធំសំបើម ហើយហោះឡើងទៅលើមេឃបង្កខ្យល់ព្យុះយ៉ាងខ្លាំងងងិតអស់ភពផែនពសុធា។
ព្រះអង្គព្រហ្មទត្តទ្រង់យល់ហេតុការណ៍ចំលែកពេកអស្ចារ្យទ្រង់យាងទៅគង់មុខនាម៉ឺនសព្វមុខមន្ត្រីនិងសេនាបតីយទាំងឡាយ ដែលកំពុងផ្អើលនឹងហេតុការណ៍ដ៏ចំលែកនេះ។ ចំនែកគ្រុឌហោះផ្លោះផ្លោងរំលងអស់ភពផែនដី រួចហើយក៏ចុះចូលទៅដល់កន្លែងរបស់កែវកាកី ឃើញហើយគ្រុឌក៏បាននិយាយលួងលោមថាៈ
ហៃប្អូនមាសស្ងួនមាសបងអើយ ប្អូនដឹងទេថាបងនេះហើយជាមាណពពីថ្ងៃនោះ ចាប់តាំងពីពេលដែលបានឃើញប្អូនមក ចិត្តបងមិនមានស្ងប់ឡើយ ចង់បានប្អូនជាគូគាប់ភ្ចាប់និស្ស័យពីពេលនេះឥឡូវនេះទៅ ប្អូនអើយបងខំប្រឹងហិចហោះផ្លោះស្កាត់មករកប្អូនហេតុអ្វីក៏ ប្អូនធ្វើមិនដឹងផ្ទុំលក់ធ្វើព្រងើយយ៉ាងនេះ។ បងនេះនឹងនាំប្អូនទៅទីស្ថានរបស់បងដែលជាស្ថានសុខសួគ៌ាមានសម្បត្តិមហាសាល គ្មានទ្រព្យសម្បត្តិមនុស្សណានឹងប្រៀបបានឡើយ បងនឹងនាំប្អូនហោះផ្លោះដែនមហាសាគរ ដែនគិរីបុព្វតាទៅមើលហើរច្រៀងបំពេរនៅទីស្ថានព្រះឥសូ។ លួងលោមរួចស្រេចហើយគ្រុឌក៏លើកត្រកងអង្គប្រាណកែវកាកីថែថើបដោយក្ដីស្រលាញ់ពន់ពេកពុំចេះឆ្អែតឆ្អន់ឡើយ។ ចំនែកកាកីនាងបានស្ដាប់ឮអស់ស័ព្ទសំដីដែលគ្រុឌបាននិយាយទាំងអស់ តែនាងមិនហ៊ានឆ្លើយតបទេ ព្រោះថាបើនឹងឆ្លើយថាព្រមនោះដូចជាអៀនមាត់ទើបនាងសំងំធ្វើជាកំពុងលង់លក់ដោយមិនដឹងខ្លួន។
(រង់ចាំតាមដានវគ្គ២)
No comments:
Post a Comment