Friday, April 12, 2013

ទេពធីតា​រក្សា​ឆ្នាំ​ថ្មី​ព្រះនាម​ទុ​ង្សា​ទេវី សោយ​ផ្លែ​ល្វា ជិះ​សត្វ​គ្រុឌ​

សង្ក្រាន្ត​ចូលមក ឬ​ពាក្យ​សាមញ្ញ​និយាយថា​ចូល​ឆ្នាំ​ថ្មី​មកដល់ នៅ​ថ្ងៃ​អាទិត្យ ៤​កើត ខែ​ចេត្រ​ ត្រូវ​នឹងថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​២០១៣ វេលា​ម៉ោង ២ : ១២​នាទី រំលង​អធ្រាត្រ ហើយ​ទេពធីតា​រក្សា​ឆ្នាំ​នេះ​ព្រះនាម ទុ​ង្សា​ទេវី​ ដែលជា​បុត្រី​ទី​មួយ​របស់​កបិល​មហា​ព្រហ្ម ។​ទេពធីតា​ទុ​ង្សា​ទេវី​ទ្រង់​អម្ពរ​ពណ៌​ក្រហម សៀតផ្កា​ទទឹម គ្រឿង​ប្រដាប់​បទុមរាគ ភក្សាហារ​ផ្លែ ឧទុម្ព​រ​(​ផ្លែ​ល្វា​) ព្រះហស្ត​ស្តាំ​ទ្រង់​កងចក្រ ព្រះហស្ត​ឆ្វេង​ទ្រង់​ស័ង្ខ គង់​លើ​គ្រុឌ​ជា​ពាហនៈ ។​

​    ​.​ថ្ងៃអាទិត្យ ៤​កើត ​ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ ១៤ មេសា ឆ្នាំ​២០១៣ ម៉ោង ២:១២​នាទី​រំលង អធ្រាត្រ​ជា​ថ្ងៃ​ចូល​។​
​    ​.​ថ្ងៃ​ចន្ទ ៥​កើត​ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ ១៥ មេសា ឆ្នាំ​២០១៣ ជា​ថ្ងៃ​វន​ប័ត​។​
​    ​.​ថ្ងៃ​អង្គរ ៦​កើត ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ ១៦ មេសា ឆ្នាំ​២០១៣ ជា​ថ្ងៃ​ឡើង​ស័ក​។​
​    ​គម្រប់​សង្ក្រាន្ត​បី​ថ្ងៃ​ស្រេច​បរិបូណ៌ ចូល​ជា​សកល​ឆ្នាំម្សាញ់​តទៅ​។​


​    ​ក្នុងឱកាស​សង្ក្រាន្ត​ទាំងបី​ថ្ងៃនេះ សូម​អស់​ជនានុជន​ប្រុស​ស្រី​ទាំងឡាយ​រៀបចំ​គ្រឿង​សក្ការបូជា​មាន ទៀន ធូប ផ្កា​ភ្ញី ថ្វាយ​ព្រះ​រតនត្រ័យ និង​នំចំណី​ មាន​ផ្លែឈើ​ជាដើម​ជូន​មាតា បិតា អាណា​ព្យាបាល​ជា​បុព្វ​ការី ព្រមទាំង​ទទួល​ស្វាគមន៍​ទេវតា​ឆ្នាំ​ថ្មី ហើយ​ខិតខំ​លះបង់​នូវ​ចិត្ត​អា​ក្រក់​ជាចិ​ត្ត​ប្រកប​ដោយ​អភិ​ជ្ឈា​ព្យាបាទ មិច្ឆា​ទិដ្ឋិ ឱ្យ​ជ្រះស្រឡះ ចម្រើន​ឡើងវិញ​នូវ​ចិត្ត​ប្រកប​ដោយ​បញ្ញា និង​ព្រហ្ម​វិហារធម៌​គឺ មេត្តា ករុណា មុទិតា ឧបេក្ខា ធ្វើបុណ្យ​សុន្ទរ៍ទាន រក្សាសីល​តាម ប្រពៃណី​ឱ្យ​បាន​ជាប់​ជានិច្ច នោះ​ទេព្តា​នឹង​ឱ្យ​ពរ​សព្ទសាធុការ លោកអ្នក​នឹង​ទទួល​សិរី​សួស្តី សុភ​មង្គល វិបុល​សុខ​គ្រប់ប្រការ ប្រកប​ការងារ​បាន​ត្រជាក់ត្រជុំ​អាយុ​យឺនយូរ​ត​រៀង​ទៅ​។​
​    ​រណ្តាប់​ទទួល​ទេវតា​
​    ​រណ្តាប់​ទទួល​ទេវតា តាម​ទំនៀម​ពី​បុរាណ​រៀង​រហូត​មក មាន​រាន​ទទួល​ទេវតា​មួយ សម្រាប់​តាំង​គ្រឿង​ពលីការ​ផ្សេងៗ​។ ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌​ស ហើយ​រៀប​បាយ​សី​៩​ថ្នាក់​មួយគូ បាយ​សី​៧​ថ្នាក់​មួយគូ បាយ​សី​៥​ថ្នាក់​មួយគូ បាយ​សី​៣​ថ្នាក់​មួយគូ បាយសីប៉ាក់ឆាម​មួយគូ ស្លាធម៌​មួយគូ ទឹកអប់​មួយគូ ទៀន​៥ ធូប​៥ លា​ជ​៥ ផ្កា​៥ បារី ស្លា​ម្លូ ដាក់​លើ​ជើងពាន​មួយ ផ្លែ​ឧទុម្ពរ​(​ផ្លែ​ល្វា​)​និង​ដូង​ឡៅ​មួយគូ​។​
​    ​ទំនាយ​ប្រចាំឆ្នាំ​
​    ​.​កេណ្ឌ​ពិរុណសាស្ត្រ ឆ្នាំ​នេះ​ព្រះ​សុក្រ​ជា​អធិបតី មាន​នាគ​មួយ​បង្អុរ​ភ្លៀង ៦០០​មេ​។ ភ្លៀង​ធ្លាក់​នៅ​ចក្រ​វា​ល ២៤០​មេ​, ហិមពាន្ត ១៨០​មេ ,​មហាសមុទ្រ ១២០​មេ ,​ជម្ពូទ្វីប​មនុស្សលោក ៦០​មេ​។ ភ្លៀង​ដើមឆ្នាំ កណ្តាល​ឆ្នាំ ចុង​ឆ្នាំ​ល្អ​ដូចគ្នា​។​
​    ​.​កេណ្ឌ​ធា​រា​ទិគុណ  ឆ្នាំ​នេះ​អាបោធាតុ​ចុះ អាកាសធាតុ​ត្រជាក់ មាន​ព្យុះ​ច្រើនដង  ទឹក​
​តាម​ទន្លេ ស្ទឹង ច្រើន​បរិបូណ៌។​
​    ​.​កេណ្ឌ​ធុ​ញ្ញា​ហារ ឆ្នាំ​នេះ​មាន​កេណ្ឌ​មួយ​មានឈ្មោះ​ថា លា​ភៈ ទំនាយ​ទាយ​ថា ស្រូវ​ក្នុង​ស្រែ​បាន​ផល​ប្រាំបួន​ភាគ ខូច​បង់​មួយ​ភាគ ស្រែ​ទំនាប​បាន​ផល​ល្អ និង​ស្រែ​ទួលបាន​ផល​មធ្យម ផ្លែឈើ​និង​ដំណាំ​ផ្សេងៗ​បាន​ផល​បរិបូណ៌​។​
​    ​បាតុភូត​លើ​ផ្ទៃមេឃ​(​គ្រា​ស​)
​    ​នៅក្នុង​ឆ្នាំ ២០១៣ នេះ​មាន​គ្រាស​ចំនួន​ប្រាំ​ដង ដែល​សូរ្យគ្រាស​មាន​ពីរ​ដង​និង​ចន្រ្ទ​គ្រា​សមាន​បី​ដង តាម​កាល​បរិឆ្ឆេទ​ដូចខាងក្រោមៈ​
​    ​១- នៅ​រាត្រី​ថ្ងៃ​សុក្រ ១​រោច ខែ​ចេត្រ ឆ្នាំម្សាញ់​បញ្ច​ស័ក ចុល្លសករាជ ១៣៧៥ ត្រូវ​នឹង ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០១៣ មាន​ចន្ទ​គ្រាស​ជា​អឌ្ឍ​គ្រាស​(Partial Eclipse of the Moon)​មើលឃើញ​នៅ​អ៊ឺរ៉ុប អាហ្វ្រិកា អូស្ត្រាលី អាស៊ី ចាប់ផ្តើម​ពី​ម៉ោង ០១:០២​នាទី​រំលង​អាធ្រា​ត្រដល់ ម៉ោង ០៥:១៤​នាទី ទៀប​ភ្លឺ​។ កម្ពុជា​មើលឃើញ​នៅ​ម៉ោង ០១:០២​នាទី​រំលង​អាធ្រា​ត្រ​ហើយ បញ្ចប់​ទៅ​វិញ​នៅ​ម៉ោង ០៥:១៤​នាទី​មើល​ឃើញ​ត្រឹម​មួយ​ភាគរយ​។​ជា​គ្រាស​ដែល​មាន​តែ​ស្រមោល​ក្រហម​ព្រាលៗ​មើល​ដោយ​ភ្នែក​ទទេ​មិនឃើញ​ទេ​។​
​    ​
​    ​២-​នៅ​ថ្ងៃ​សុក្រ ១​កើត ខែ​ពិសាខ ឆ្នាំម្សាញ់​បញ្ច​ស័ក ចុល្លសករាជ ១៣៧៥ ត្រូវ​នឹង​ថ្ងៃទី ១០ ខែ​ឧសភា ឆ្នាំ​២០១៣ មាន​សូរ្យគ្រាស​ជា​រូប​ចិញ្ចៀន (Annular Eclipse of the Sun) មើលឃើញ​នៅ​អូស្ត្រាលី សូ​លូ​ម៉ុង ប៉ាស៊ីហ្វិក​កណ្តាល ចាប់ផ្តើម​ពី​ម៉ោង ០៤:២៦ ដល់​ម៉ោង ១០:២៦ នាទី​។ នៅ​ទីក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា មើល​មិន​ឃើញ​ទេ​។​

​    ​៣-​នៅ​ថ្ងៃ​សៅរ៍ ១​រោច ខែ​ពិសាខ ឆ្នាំម្សាញ់​បញ្ច​ស័ក ចុល្លសករាជ ១៣៧៥ ត្រូវ​នឹង​ថ្ងៃ ទី ២៥ ខែ​ឧសភា ឆ្នាំ​២០១៣ មាន​ចន្ទ​គ្រា​ស (Penumbral Eclipse of the Sun) មើលឃើញ​នៅ​អាមេរិក អាហ្វ្រិក ចាប់ផ្តើម​នៅ​ម៉ោង ១០:៤៣​នាទី បញ្ចប់​នៅ​ម៉ោង ១១:៣៨​នាទី​។ នៅ​កម្ពុជា​យើង​មើល​មិនឃើញ​ទេ​។​
​    ​
​    ​៤-​នៅ​រាត្រី​ថ្ងៃ​សៅរ៍ ១៥​កើត ខែ​អស្សុជ ឆ្នាំម្សាញ់​បញ្ច​ស័ក ចុល្លសករាជ ១៣៧៥ ត្រូវ​នឹ ង​ថ្ងៃទី ១៩ ខែតុលា ឆ្នាំ​២០១៣ មាន​ចន្ទ​គ្រាស​ជា​ស្រមោល​ព្រាលៗ (Penumbral Eclipse of the Moon) ដែល​មើលឃើញ​នៅ​អាមេរិក អ៊ឺរ៉ុប អាហ្វ្រិក មើលឃើញ​ចាប់ពី​ម៉ោង ០៤:៤៩​បញ្ចប់ នៅ​ម៉ោង ០៨:៥៣​នាទី​។ កម្ពុជា​មើលឃើញ​នៅ​ម៉ោង ០៤:៤៩​នាទី បញ្ចប់​ទៅ​វិញ​នៅ​ម៉ោង ០៨:៥០​នាទី មើល​ឃើញ​ជា​ស្រមោល​ក្រហម​ព្រា​លៗ មើល​ដោយ​ភ្នែក​ទទេ​មិនឃើញ​ទេ​។​
​    ​
​    ​៥-​នៅ​ថ្ងៃ​អាទិត្យ ១​កើត ខែ​ក​ក្តិក ឆ្នាំម្សាញ់​បញ្ច​ស័ក ចុល្លសករាជ ១៣៧៥ ត្រូវ​នឹង​ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ​២០១៣ មាន​សូរ្យគ្រាស ជា​រូប​ចិញ្ចៀន និង​សារពើ​គ្រា​ស​(Annular Total Eclipse of the Sun) ចាប់ផ្តើម​ពី​ម៉ោង ១៧:០៥​នាទី ដល់​ម៉ោង​២២:២៩​នាទី មើលឃើញ​នៅ​អាមេរិក ខាងកើត អ៊ឺរ៉ុប អាហ្វ្រិកា​។ មើល​ឃើញ​ជា​សារពើ​គ្រាស​និង​រូប​ចិញ្ចៀន​នៅ​អង់​តា​ក់ទិច អា​ហ្វ្រិ កា​កណ្តាល ចាប់ផ្តើម​ពី​ម៉ោង​១៨:០៦ ដល់​ម៉ោង ២១:២៨​នាទី​។ នៅ​ទីក្រុង​ភ្នំពេញ​ប្រទេស​ក ម្ពុ​ជា​យើង​មើល​មិនឃើញ​ទេ​៕
​(ដកស្រង់ពីមហាសង្រ្កាន្តផ្លូវការ) - See more at: http://www.cen.com.kh/localnews/show_detail/132?token=MTk5YTcwOD#sthash.9GVNlCxF.dpuf

No comments: