ឆ្លើយតបតាមការអញ្ជើញរបស់ក្រសួងឧត្តមសិក្សានៃប្រទេសម៉ាឡេស៊ី គណៈប្រតិភូអប់រំដឹកនាំដោយឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរូមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអប់រំអាស៊ី-អឺរ៉ុបលើកទី ៤ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣-១៤ ខែឧសភា ឆ្នាំ ២០១៣ នៅទីក្រុងកួឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំមានការចូលរួមដោយរដ្ឋមន្រ្តីអប់រំមកពីទ្វីបអាស៊ីនិងអឺរុប ព្រមទាំងតំណាងស្ថាប័ន អង្គការអន្តរជាតិពាក់ព័ន្ធ ដែលមានសរុបចំនួន ១៤៩ នាក់។ អង្គប្រជុំបានគាំទ្រស្មារតីនៃកិច្ចប្រជុំកំពូល អាស៊ី- អឺរុប លើកទី ៩ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នាខែវិច្ឆិកា ឆ្នាំ ២០១២ ដែលបានយកចិត្តទុកដាក់លើការលើកកម្ពស់ការអប់រំ និងបណ្តុះបណ្តាល ឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបតិ្តការអប់រំល្អ ដោយផ្តល់នូវផលប្រយោជន៍រួមរវាងតំបន់ទាំងពីរ អាស៊ី និងអឺរុប។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ី-អឺរុបលើកទី ៤ បានលើកយកប្រធានបទស្តីពីយុទ្ធសាស្រ្តសហប្រតិបត្តិការអប់រំ អាស៊ី-អឺរុប មកពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងបានធ្វើការកត់សម្គាល់ពីលទ្ធផលនៃកិច្ចសហប្របតិបត្តការអប់រំ អាស៊ី-អឺរុប ដែលប្រទេសជាសមាជិកសម្រេចបាននាឆ្នាំកន្លងមក ហើយបានកំណត់ទិសដៅ និងផែនការសកម្មភាពសម្រាប់អនុវត្តនាពេលខាងមុខ ដោយផ្តោតលើប្រធានបទសំខាន់មួយចំនួន រួមមាន៖ ១-ការធានា និងទទួលស្គាល់គុណភាពអប់រំ ២-ការភ្ជាប់ធុរៈកិច្ច និងឧស្សាហកម្មក្នុងវិស័យអប់រំ ៣-តុល្យភាពនៃការចល័តនិស្សិត និង ៤-ការសិក្សាពេញមួយជីវិត និងការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកម្មវិធីសកម្មភាពទាំងនេះត្រូវបានអង្គប្រជុំគាំទ្រនិងចូលរួមអនុវត្តពីបណ្តាប្រទេសសមាជិកទាំងអស់ សំដៅធានានិរន្តរភាពក្នុងការលើកកម្ពស់ជីវភាពប្រជាជនប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍន៍។ នាឱកាសនៃកិច្ចប្រជុំនេះដែរ ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបប្រជុំទ្វេរភាគីជាមួយឯកឧត្តមប្រធានគណៈប្រតិភូក្រសួងឧត្តមសិក្សានៃប្រទេសម៉ាឡេស៊ី ឯកឧត្តមប្រធានគណៈប្រតិភូក្រសួងអប់រំនៃប្រទេសបែលហ្សិក និងឯកឧត្តមប្រធានគណៈប្រតិភូក្រសួងធនធានមនុស្សនៃប្រទេសហុងគ្រី ដែលកិច្ចប្រជុំទ្វេរភាគីនេះបានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តការវិស័យអប់រំតាមរយៈការស្នើឲ្យមានកិច្ចព្រមព្រៀងទ្វេរភាគីលើកម្មវិធីផ្តល់អាហារូបករណ៍ ការសិក្សាស្រាវជ្រាវ ការអប់រំបច្ចេកទេសនៅកម្រិតមធ្យមសិក្សាចំណេះទូទៅ និងការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ក្នុងវិស័យអប់រំ។ |
វចនាធិប្បាយភាសាខ្មែរ
Wednesday, May 29, 2013
ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញចូលរូមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអប់រំអាស៊ី-អឺរ៉ុប លើកទី៤ នាទីក្រុងកួឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី
Subscribe to:
Post Comments (Atom)
No comments:
Post a Comment