Friday, June 14, 2013

តុលាការ​ឯករាជ្យ​ទាល់​តែ​បំពេញ​ការ​ខ្វះ​ចន្លោះ​ច្បាប់


លោក ឌុន វិបុល ប្រធាន​ក្រុម​មេធាវី​អាស៊ី​សកល មាន​ទីតាំង​នៅ​អគារ​អាយខន់ មហា​វិថី​ព្រះ​នរោត្តម ទល់​មុខ​ក្រសួង​មហា​ផ្ទៃ នៅ​ក្នុង​រាជធានី​ភ្នំពេញ។ លោក ឌុន វិបុល កើត​នៅ​ឆ្នាំ​១៩៧៧ មាន​ស្រុក​កំណើត​នៅ​ភូមិ​កំពង់បឹង ឃុំ​កំពង់ហៅ ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង។ លោក​ជា​កូន​ប្រុស​ច្បង​នៅ​ក្នុង​បង​ប្អូន ៦នាក់។ លោក​បាន​បញ្ជប់​ការ​សិក្សា​និង​បាន​ទទួល​សញ្ញាបត្រ​បរិញ្ញាបត្រ​នីតិសាស្រ្ត ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត​និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច​(សាលា​ច្បាប់) នៅ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ក្នុង​ឆ្នាំ ១៩៩៩ ។ លោក​មេធាវី ឌុន វិបុល បាន​ផ្តល់​កិច្ច​សម្ភាស​ជា​ពិសេស​ជាមួយ​កាសែត ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ទី១២ ខែ​មិថុនា ឆ្នាំ​២០១៣ ពាក់​ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ច្បាប់​ការ​លើក​តម្កើង​និង​គោរព​ច្បាប់ និង​នីតិរដ្ឋ នៅ​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា មាន​ខ្លឹមសារ​ជា​អាទិ៍​ដូច​ខាង​ក្រោម៖

លោក​ក្លាយ​ជា​មេធាវី​នៅ​ឆ្នាំ​ណា?ហេតុ​អ្វី​ក៏​ជ្រើស​រើស​យក​អាជីព​ជា​មេធាវី?
ខ្ញុំ​ប្រឡង​ជាប់​ចូល​រៀន​នៅ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​និង​វិក្រឹត្យការ​វិជ្ជាជីវៈ​មេធាវី​នៅ​ឆ្នាំ​២០០៥ និង​បាន​ក្លាយ​ជា​មេធាវី​នៅ​ឆ្នាំ ២០០៦។ មូលហេតុ​ខ្ញុំ​ជ្រើស​រើស​យក​វិជ្ជាជីវៈ​មេធាវី​នេះ ពី​ព្រោះ​វា​ជា​វិជ្ជាជីវៈ​សេរី ឯករាជ្យ និង​ដែល​សង្គម​ឲ្យ​តម្លៃ។ ម្យ៉ាង​វិញ​ទៀត គឺ​ជា​ការងារ​ដែល​អាច​ទទួល​បាន​ចំណូល​ច្រើន​ជាង​ការងារ​ផ្សេងៗ​ទៀត។
តើ​លោក​យល់​ថា មេធាវី​មាន​តួនាទី​សំខាន់​ដូចម្តេច​ខ្លះ​ដែរ​ក្នុង​ការ​ចូល​រួម​អភិវឌ្ឍ​ការ​ផ្សព្វ​ផ្សាយ និង​ការ​អនុវត្ត​ច្បាប់ និង​នីតិរដ្ឋ នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​?
ខ្ញុំ​យល់​ឃើញ​ថា តួនាទី​របស់​មេធាវី​ពិត​ជា​ចូល​រួម​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ពិសេស​អភិវឌ្ឍ​ដល់​វិស័យ​ច្បាប់​សម្រាប់​ប្រទេស​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​កែ​លម្អ​និង​កែ​ទម្រង់។ មេធាវី​ជា​អ្នក​ដែល​ធ្វើ​ការ​បក​ស្រាយ​ពិភាក្សា​វែកញែក រក​ខុស រក​ត្រូវ រក​យុត្តិធម៌​ឲ្យ​អ្នក​ដែល​មាន​បញ្ហា​ខាង​ផ្លូវ​ច្បាប់​។ បញ្ហា​ដែល​កើត​ឡើង​និង​មិន​អាច​ដោះស្រាយ​បាន​គឺ​ធ្លាក់​ទៅ​ដល់​ស្ថាប័ន​តុលាការ​ដែល​មាន​មេធាវី​ជា​អ្នក​ចូល​រួម​តស៊ូ​មតិ​ជាមួយ​តុលាការ​ដើម្បី​ការពារ​នូវ​តម្លៃ​របស់​ច្បាប់​និង​ផល​ប្រយោជន៍​របស់​កូន​ក្តី​ដែល​ច្បាប់​បាន​ផ្តល់​ឲ្យ។
ក្នុង​ការ​ប្រកប​អាជីព​ជា​មេធាវី ភាគ​ច្រើន តើ​លោក​ការពារ​ប្រភេទ​រឿង​ក្តី​អ្វី​ជា​ពិសេស​និង​ធ្លាប់​ការពារ​ក្តី​បាន​ប៉ុន្មាន​ករណី​ដែរ​?
ចាប់​តាំង​ពី​ប្រកប​មុខ​របរ​ជា​មេធាវី​មក ខ្ញុំ​ធ្លាប់​បាន​ការពារ​ក្តី​ស្ទើរ​តែ​គ្រប់​ករណី​។ ខ្ញុំ​ធ្លាប់​ជា​មេធាវី​ការពារ​ក្តី​ឲ្យ​ជន​ក្រីក្រ សហជីព​កម្មករ​ផ្នែក​វិវាទ​ការងារ និង​ការពារ​ក្តី​សហគមន៍​ក្រីក្រ​ដែល​បាត់បង់​ដី​ពី​ការ​បណ្តេញ​ចេញ​និង ឈ្មួញ​រឹប​អូស​ដី...​។ ក្រោយ​មក ខ្ញុំ​បាន​បើក​ការិយាល័យ​មេធាវី​ខ្លួន​ឯង និង​បាន​ការពារ​ក្តី​លើ​សំណុំ​រឿង​ទូទៅ ពិសេស​វិវាទ​កិច្ច​សន្យា វិវាទ​គ្រួសារ​លែងលះ ស្មុំ​កូន​ជាដើម​។ ប៉ុន្តែ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ខ្ញុំ​ចាប់​យក​ជំនាញ​ការពារ​រឿង​ក្តី​ព្រហ្មទណ្ឌ​ធំៗ ដូចជា រឿង​ភេរវកម្ម ឃាតកម្ម គ្រឿង​ញៀន រំលោភ​ផ្លូវ​ភេទ សញ្ចារកម្ម ការ​ទិញ​ពេស្យាចារ​កុមារ​ដោយ​ជន​បរទេស​ជាដើម​។ បើ​សរុប​ក្តី​គឺ​មាន​ប្រមាណ​ជា​២០០​ករណី។
រហូត​ទល់​សព្វ​ថ្ងៃ​នេះ តើ​លោក​មាន​បាន​ជួយ​ការពារ​ក្តី​ជន​បរទេស​ប៉ុន្មាន​ដែរ​ភាគ​ច្រើន​តើ​ពួក​គេ​ជាប់​ចោទ​ពី​បទ​អ្វី?​និង មាន​ប៉ុន្មាន​ករណី ដែល​លោក​ឈ្នះ​ក្តី?
មក​ដល់​ថ្ងៃ​នេះ ខ្ញុំ​ធ្លាប់​បាន​ធ្វើ​ជា​តំណាង​និង​ការពារ​ក្តី​ព្រហ្មទណ្ឌ​ឲ្យ​កូន​ក្តី​ជា​ជន​បរទេស​ជាច្រើន មាន​សញ្ជាតិ អឺរ៉ុប អាមេរិក អាហ្វ្រិក ចិន វៀតណាម ជាដើម ដែល​ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ធ្ងន់​ធ្ងរ​។​អ្នក​ខ្លះ​មាន​ទោស​ដល់​៣០ ឆ្នាំ​ក៏​មាន ពី​បទ​រត់​ពន្ធ​ថ្នាំ​ញៀន បទ​ភេរវកម្ម​គំរាម​បំផ្ទុះ​គ្រាប់​បែក​ស្ថានទូត​បរទេស​នៅ​កម្ពុជា បទ​ទិញ​ពេស្យាចារ​កុមារ កម្ពុជា បទ​ចាប់​ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​...​។ ក្នុង​នោះ ករណី​ខ្លះ​គឺ​បាន​ការ​លើក​លែង​បទ​ចោទ​រួច​ខ្លួន ឬ ជាប់​ពន្ធនាគារ​តិច​ឆ្នាំ​តែ​ប៉ុណ្ណោះ។
តើ​អ្វី​ជា​ការ​ប្រឈម​ក្នុង​តួនាទី​ជា​មេធាវី​របស់​លោក ក្នុង​ដំណាក់​កាល​បច្ចុប្បន្ន?
សម្រាប់​ប្រទេស​កម្ពុជា​ដែល​នីតិរដ្ឋ​នៅ មាន​កម្រិត​ការ​គោរព​សិទ្ធិ​មនុស្ស​មិន​ទាន់​បាន​ពេញ​លេញ​នោះ ការ​បំពេញ​ការងារ​ដើម្បី​ការពារ​សិទ្ធិ​កូន​ក្តី​ជា​ជន​ជាប់​ចោទ​តែង​មាន​ការ​លំបាក​ដែល​មាន​ដូច​ជា មន្រ្តី​អនុវត្ត​ច្បាប់​(មន្ត្រី​និង​ភ្នាក់ងារ​នគរបាល​យុត្តិធម៌) មាន​សមត្ថភាព​ផ្នែក​ច្បាប់​មាន​កម្រិត កង្វះ​ច្បាប់​សំខាន់ៗ ក្នុង​ការ​ធានា​ឲ្យ​ប្រព័ន្ធ​តុលាការ​ឯករាជ្យ កង្វះ​ចៅក្រម​ជា​ដើម​ដែល​ពេល​ខ្លះ​ធ្វើ​ឲ្យ​សំណុំ​រឿង​កក​ស្ទះ។ ការ​ស៊ើប​អង្កេត​ដាក់​បន្ទុក​និង​ដោះ​បន្ទុក ពុំ​បាន​ធ្វើ​ឡើង​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ទេ។ កង្វះ​នូវ​អ្នក​ជំនាញ មន្ទីរ​ពិសោធន៍ ពេទ្យ​តុលាការ និង​អ្នក​បក​ប្រែ​ភាសា​បរទេស​សម្រាប់​ជន​ជាប់​ចោទ​បរទេស​ជា​ដើម។ គោលការណ៍​សន្មត​ទុក ជា​មុន​ថា​មាន​ឬ​គ្មាន​ទោស​នោះ ក៏​ពុំ​ត្រូវ​បាន​គោរព​ទាំង​ស្រុង​ដែរ​។ ក្នុង​នាម​ជា​មេធាវី​ការពារ​ក្តី​ក្នុង​រឿង​ព្រហ្មទណ្ឌ​ត្រូវ​ប្រើ​ប្រាស់​ទឡ្ហីករណ៍​ផ្នែក​ច្បាប់​បង្ហាញ​ភ័ស្តុតាង​ដោះ​បន្ទុក​ក្នុង​សវនាការ​ដើម្បី​ការពារ​សិទ្ធិ​ឲ្យ​កូន​ក្តី។
ដើម្បី​ចូល​រួម​លើក​តម្កើង​ការ​គោរព​និង​អនុវត្ត​ច្បាប់ ឲ្យ​កម្ពុជា​ក្លាយ​ជា​នីតិរដ្ឋ តើ​លោក​មាន​ការ​អំពាវនាវ​យ៉ាង​ណា​ដែរ?
ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​ប្រជាជន​យើង​ខិតខំ​ស្វែង​យល់​ពី​ច្បាប់​និង​រៀន​ប្រើ​សិទ្ធិ​របស់​ខ្លួន ព្រោះ​ថា​ពេល​យើង​យល់​ដឹង​ពី​ច្បាប់​គឺ​អាច​បង្ការ​ឬ​ចៀសវាង​ពី​ជម្លោះ​មិន​ចាំ​បាច់​នានា​បាន។ ប្រសិន​បើ​មាន​រឿង​ក្តី​ក្តាំ​មក​តុលាការ គឺ​មាន​តែ​ការ​ខាត​បង់​ទាំង​ពេល​វេលា​និង​ប្រាក់​កាស និង​កិត្តិយស...តែ​ប៉ុណ្ណោះ៕
 ចម្លងអត្ថបទទាំងស្រុងពីភ្នំពេញប៉ុស្តិ៍(គោលបំណងរក្សាឯកសារ​ដើម្បីសិក្សារៀនសូត្របន្ត)http://www.postkhmer.com/index.php/national/law-talk/99322-2013-06-14-02-20-25

No comments: