១ បាទ
ដោយ
ឡឹក ជំនោរ
ខ្ញុំនៅទីណា? ខ្ញុំនៅទីណា? ខ្ញុំនៅទីណា?
ខ្ញុំព្យាយាមក្រោកតែហាក់ចុកចាប់ពេញខ្លួន។
ខ្ញុំដើរត្រុកៗភ្នែកសម្លឹងជាប់ទៅលើថ្នល់ក្រាលបេតុងអណ្តែតគ្រួសថ្មតូចៗ...
រំពៃគ្រប់ក្រលៀតស្នាមប្រេះនៃវិថី។ ស្រមោលខ្មៅមកទង្គិចរាងកាយដ៏ស្តើងតូចរបស់ខ្ញុំពេញទំហឹង។
ដងខ្លួនមួយដែលដែលចក្ខុកំពុងតែសម្លឹងជាប់ទៅលើផ្ទៃថ្នល់បានចោលយ៉ាងឆ្ងាយពីលម្នឹងខ្លួន។
ពិតជាមិនគួរធ្វេសប្រហែសឡើយ។
ខ្ញុំមិនគួរធ្លាក់ខ្លួនដល់ថ្នាក់ខ្វះសូម្បីតែប៉ុណ្ណេះសោះ។
ខ្ញុំក្រោយរួចជាមួយសម្លៀកបំពាក់ឯកសណ្ឋានដែលមន្ទីរពេទ្យមួយកន្លែងបានផ្លាស់ប្តរជូន។
ខ្ញុំឱបក្បាលជង្គង់ជាមួយការរិះគិតវិលវល់ពីសកម្មភាពជាងប្រាំម៉ោងដែលខ្ញុំធ្វើ។
-
ពេលនេះគ្រូពេទ្យបញ្ជាឲ្យលោកតាចេញបានហើយ នេះជាឯកសារពិនិត្យដៃ សូមលោកតា
ទៅបង់ប្រាក់នៅបញ្ជរខាងមុខ។
ខ្ញុំស្តាប់បានថា នារីម្នាក់នោះមិនមែនជាខ្មែរទេ តែក៏គិតក្នុងចិត្ត ហើយសួរខ្លួនឯងថា
ហេតុអ្វីបានជាខ្ញុំស្តាប់គេនិយាយបាន។
ខ្ញុំក្រឡេកមើលទៅជញ្ជាំងម្ខាងឃើញសំណេរមិនមែនភាសារបស់ខ្ញុំទេ។
-
តាត្រូវបង់ប្រាក់ប៉ុន្មានចៅស្រី។ អ្នកគ្រូពេទ្យក្នុងឯកសណ្ឋានព័ណ៌ផ្ទៃមេឃបានដឹកដៃបុរសចំណាស់
ហើយវាចា។
-
អស់ ១០០ បាទ ណាលោកតា។
១០០
បាទ! ១០០ បាទ! ១០០ បាទ! ខ្ញុំទន្ទិញ ១០០
បាទៗ ជាប់មាត់ ហេតុអ្វីបានជាខ្ញុំគិតថា “១០០ បាទ” រហូតអីចឹង។ សំឡេងខ្ញុំបានចោលទៅលើត្រចៀក
អ្នកគ្រូពេទ្យឲ្យងាកមកខ្ញុំដោយភាពស្លន់ស្លោរ។
-
លោកមានរឿងអី? លោកមានរឿងអ្វី? ខ្ញុំហាក់យល់សំណួរនាងខ្លះ ដោយសម្លឹងមុខយើង។
-
លុយរបស់ខ្ញុំនៅទីណា? វានៅទីណា? ខោដែលខ្ញុំស្លៀកបាត់ទៅណា?
គ្រូពេទ្យតូចមិនចេញស្តី។ ខ្ញុំនឹកម្តាយឪពុកខ្ញុំ
ខ្ញុំបញ្ចូលប្រាក់និយាយទៅគាត់អស់ហើយឬ? ទេ!
ទេ! ខ្ញុំគិតត្រឡប់មកវិញ តើខ្ញុំបានធ្វើអ្វីខ្លះមុននេះ ខ្ញុំនិយាយទៅពុកម៉ែខ្ញុំគាត់និយាយយ៉ាងណាមកខ្ញុំ?
ថ្ងៃនេះទី៣១
ឧសភា ខ្ញុំដើរតាមដងផ្លូវពីក្នុងសាកលវិទ្យាល័យសំដៅទៅរកហាងទូរសព្ទមួយកន្លែងដើម្បីបញ្ចូលទឹកប្រាក់
។ ខ្ញុំដឹងយ៉ាងច្បាស់ថា ខ្ញុំមានប្រាកតែ ១០០
បាទប៉ុណ្ណោះខ្ញុំត្រូវទូរសព្ទទៅផ្ទះជម្រាបដំណឹងល្អដល់ពុកម៉ែខ្ញុំថា “ខ្ញុំរៀនចប់ហើយ
ជិតដល់ពេលបានជួបជុំពុកម៉ែវិញហើយ” ។ ប្រាក់ ១០០ បាទ មិនអាចឲ្យខ្ញុំបញ្ចូលទឹកប្រាក់បានឡើយ
ព្រោះខ្វះ ១ បាទទៀតជាសេវាកម្មរបស់អ្នកលក់។
អំណាចនៃការនឹករលឹក
មាត់ខ្ញុំខ្សឹមតិចៗ ពីគំរោងថា នឹងជម្រាបដំណឹងល្អដល់គ្រួសាររបស់ខ្ញុំ
ភ្នែកសម្លឹងមិនដាក់រកមើលក្រែងមាននរណាជ្រុះប្រាក់ “១ បាទ”
បើឃើញទោះក្នុងក្រលៀតណា ឬនៅក្នុងជ្រាំក៏ត្រូវរើសវាមកដែរ។ ខ្ញុំសង្ឃឹមថា
ខ្ញុំនឹងនិយាយទៅរកអ្នកមានគុណរបស់ខ្ញុំ... ហើយខ្ញុំត្រូវគេងអត់បាយមួយល្ងាចនេះ... ថ្ងៃស្អែកខ្ញុំនឹងបើកប្រាក់ខែ។
បំណងនៃការស្វែងរកប្រាក់
១ បាទ តាមដងផ្លូវនេះក៏បានដូចបំណង។ ប្រាក់១ បាទ
ចាំងផ្លេកដោយជំនះពន្លឺពីព្រះអាទិត្យលូនមកទាបជាប់ដីឯជើងមេឃ។ ខ្ញុំយកដៃជ្រើសកាក់ ១ បាទ នោះមួយរំពេច
ពាក្យដែលខ្ញុំទន្ទិញជាប់មាត់នោះក៏ចប់ល្មមដែរ ចប់ជាមួយរាងកាយរបស់ខ្ញុំនៅក្រោមដំបូលមន្ទីរពេទ្យនេះ៕
ស៊ីសៈកេត, ថៃឡងដ៏
09/06/2013 22.00
No comments:
Post a Comment