ភ្នំពេញៈ ថ្វីបើក្រសួងអប់រំ យុវជន និងកីឡាធានាថា នឹងមិនលេចធ្លាយវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះក៏ដោយ ក៏កាលពីម្សិលមិញនេះកំណែវិញ្ញាសាប្រឡងមួយចំនួនគេឃើញបង្ហោះផ្សាយតាំងពីព្រឹក តាមប្រព័ន្ធ ហ្វេសប៊ុកដែលដាក់ឈ្មោះ ជា ចំរើន ដែលមានឋានៈជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យពហុបច្ចេកវិទ្យាផងដែរ។
ក្រៅពីការបង្ហោះចម្លើយវិញ្ញាសាតាមប្រព័ន្ធ ហ្វេសប៊ុកខាងលើនេះ គេនៅសង្កេតឃើញមានការលក់នូវចម្លើយវិញ្ញាសាសរសេរដៃថតចម្លង ក្នុងមួយមុខវិជ្ជាតម្លៃ ៥ ដុល្លារ នៅតាមមណ្ឌលប្រឡងមួយចំនួនទៀត។ មិនតែប៉ុណ្ណោះ មានបេក្ខជនមួយចំនួន អះអាងថាមានការប្រមូលលុយគ្នាពី៥ពាន់រៀល ទៅ១ម៉ឺនរៀលឲ្យទៅអនុរក្ស ដើម្បីបានឱកាសតិចតួចក្នុងការលួចចម្លងគ្នាថែមទៀត។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា កាលពីព្រឹកថ្ងៃចន្ទលោកទទួលដំណឹងពីខេត្តស្ទឹងត្រែង កំពង់ចាម កំពង់ធំ កណ្ដាល ពោធិ៍សាត់ និងភ្នំពេញ ថា មានការបែកធ្លាយវិញ្ញាសា គីមីវិទ្យា និងជីវវិទ្យា។
លោកបន្តថា៖ «កំណែវិញ្ញាសាមុខវិជ្ជាទាំងពីរត្រូវគេសរសេរដៃ និងថតចម្លងលក់ចែកចាយ បន្តក្នុងតម្លៃ ៥ ដុល្លារ ក្នុងមួយមុខវិជ្ជា មិនតែប៉ុណ្ណោះមានការបង្ហោះកំណែវិញ្ញាសាទាំងពីរតាមប្រព័ន្ធហ្វេសប៊ុកឈ្មោះជា ចំរើន។
លោកថ្លែងទៀតថា៖ «ការបែកធ្លាយវិញ្ញាសាប្រឡងបានកើតឡើងដដែលៗ នេះបង្ហាញថាអ្នកគ្រប់គ្រងវិញ្ញាសាមានភាពធូររលុង ឬ មានការឃុបឃិតគ្នាជាប្រព័ន្ធនៅតាមមណ្ឌល»។
លោកអំពាវនាវសុំឲ្យក្រសួងធ្វើការស្រាវជ្រាវអំពីបញ្ហានេះ ហើយថា បើគណនី ហ្វេសប៊ុកនោះជារបស់លោក ជា ចំរើន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ពហុបច្ចេកវិទ្យាមែន នោះវាគឺជា «បញ្ហាខុសឆ្គងដ៏ធំមួយ និងជាការប្រមាថដល់ចំណេះដឹងពិតប្រាកដរបស់សិស្សកម្ពុជាយើង និងជាការបន្ទាបបន្ថោកឧត្តមភាពវិស័យអប់រំរបស់ជាតិ»។
លោកសាកលវិទ្យាធិការ ជា ចំរើន មិនអាចទាក់ទងសុំការបំភ្លឺបានទេ កាលពីម្សិលមិញបើទោះជាភ្នំពេញ ប៉ុស្តិ៍ បានព្យាយាមទំនាក់ទំនងទៅបុគ្គលិកសិក្សាសាកលវិទ្យាល័យរបស់លោកក្ដី ហើយលេខទូរស័ព្ទដែលមាននៅក្នុងហ្វេសប៊ុកនោះ ស្ត្រីម្នាក់ ដែលប្រាប់ថាឈ្មោះ សិន នីតា ជាម្ចាស់លេខទូរស័ព្ទនោះនិយាយថា នាងមិនពាក់ព័ន្ធនិងហ្វេសប៊ុក នោះទេ។ នីតា បន្តថា៖«ខ្ញុំមិនដឹងថា ហេតុអ្វីបានជាម្ចាស់ Page Facebook មួយនេះ ដាក់លេខទូរស័ព្ទដៃខ្ញុំនោះទេ »។
លោក អ៊ឹង ង៉ោហុក ប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅនៃក្រសួងអប់រំ យុវជននិងកីឡា ប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា លោកបានទទួលព័ត៌មានស្ដីពីភាពមិនប្រក្រតីនេះ និងបានព្រីនស្ទ៍ឯកសារពីប្រព័ន្ធ ហ្វេសប៊ុកនោះរួចហើយ ប៉ុន្តែទោះយ៉ាងណា លោកជឿថា វានឹងមិនមែនជារបស់លោក ជា ចំរើន ទេ។
លោកថ្លែងថា៖«កំណែវិញ្ញាសា នោះមិនត្រឹមត្រូវទេ វាគឺជាការបោកប្រាស់ទាំងស្រុង។ ទោះជាបែបណាការចុះផ្សាយនោះមិន សមរម្យទេ តែខ្ញុំជឿថា វាមិនមែនជារបស់គាត់[ជា ចំរើន]ទេ។ យើងនឹងធ្វើការស្រាវជ្រាវបញ្ហានេះ»។
បើតាមការអះអាងរបស់បេក្ខ-ជនប្រឡងនៅមណ្ឌលវិទ្យាល័យ ហ៊ុន សែនប៊ុនរ៉ានី វត្តភ្នំ ជាទីដែលលោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា និងលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានចុះទៅបើកវិញ្ញាសា ប្រកាសបើកការប្រឡងនោះ ថា វិញ្ញាសានោះពិតជាត្រូវ។
បេក្ខនារីមា្នក់សុំមិនបញ្ចេញឈ្មោះ ហៅក្រៅ រក្សា បានប្រាប់ពេលនាងចេញប្រឡងពេលថ្ងៃត្រង់ថា៖«ខ្ញុំបានចំណាយអស់៣ម៉ឺនរៀលដើម្បីយកនាំចូលទូរស័ព្ទដៃអាយហ្វូន និង ១ម៉ឺនរៀលទៀត សម្រាប់ការលួចចម្លងចម្លើយដែលបញ្ជូនតាមប្រព័ន្ធ Facebook»
រក្សា បានបន្តថា៖«នៅបន្ទប់របស់ខ្ញុំគណៈមេប្រយោគ និង អនុរក្ស មិនប្រកែកចំពោះពួកខ្ញុំដែលប្រមូលលុយជូនគាត់ ជាថ្នូរនៃការលួចចម្លងគ្នានោះទេ»។
ដោយឡែក យុវសិស្សឈ្មោះ គិត ឧត្តម បេក្ខជនប្រឡងនៅក្នុងមណ្ឌលនោះដែរ ប្រាប់ថា បន្ទប់គេគណៈមេប្រយោគមានការរិតបន្តឹងជាខ្លាំង។
ឧត្តមបន្តថា៖«ពួកគាត់ បានប្រមូលចាប់យកវិញ្ញាសាអស់គ្មានសល់ ហើយព្រមានថា បើនរណាហ៊ានប្រមូលលុយនៅក្នុងបន្ទប់ប្រឡង ពួកគាត់និងបញ្ឈប់ការប្រឡងនឹងធ្វើរបាយ-ការណ៍បញ្ជូនទៅគណៈកម្មការប្រឡងប្រចាំមណ្ឌលភ្លាម»។
ឧត្តម ថា៖«ខ្ញុំមានការខកចិត្តនៅពេល ដែលឮមិត្តខ្ញុំគេថាពួកគេលួចចម្លងគ្នាបាន តែពួកខ្ញុំមិនអាច វាជាភាពអយុត្តិធម៌មួយសម្រាប់ពួកខ្ញុំ»៕
No comments:
Post a Comment