ព្រះបាទ អង្គឌួង / អង្គដួង ជាក្សត្ររក្សាសីលយ៉ាងខ្ជាប់ខ្ជួន ទ្រង់ប្រកបដោយធម៌ និង ប្រតិពលក្នុងរាជកិច្ច, រាជកវីនិពន្ធ និងជាពុទ្ធសាសនិកដ៏ឆ្នើមនាសម័យឧដុង្គមានជ័យ ។ក្នុងចំណោមវណ្ណកម្មអក្សរសិល្ប៍របស់ព្រះអង្គ, កូនខ្មែរជំនាន់ក្រោយមិនអាចភ្លេចបានទេនូវព្រះរាជនិពន្ធ “ច្បាប់ស្រី” និងរឿង “កាកី” ដែលជាវណ្ណកម្មដ៏អស្ចារ្យ។
រឿង កាកី វគ្គ២
ដោយឃើញឱកាសល្អក៏ហោះនាំកែវកាកីទៅដល់ទីស្ថានរបស់ខ្លួន ដោយគ្មាននរណាម្នាក់បានដឹងដានសោះឡើយ។
ដល់ហើយគ្រុឌបានដាក់កែវកាកីលើទីទែនសយនា ហើយក៏ប្រែប្រាណជាទេវបុត្រមួយរូបដ៏ស្រស់សង្ហា ចូលទៅបបោសអង្អែលថែថើបកាកីដោយក្ដីស្រលាញ់ពេកកន្លង។ ចំនែកកាកីប្រើកិរិយាធ្វើជារុញច្រាន រូបអង្គទេវបុត្ររួចនិយាយថាៈ
ឱព្រះអង្គអើយ ខ្ញុំម្ចាស់នេះមានស្វាមីរួចទៅហើយ មិនគួរឡើយព្រះអង្គមកស្នេហាចំពោះខ្ញុំមចាស់ដូចនេះទៀតទេម្យ៉ាងទៀតព្រះអង្គមិនគួរឡើយមានព្រះទ័យមិនស្មោះត្រង់នឹងក្សត្រាទៅលបលួចយកខ្ញុំម្ចាស់ដោយមិនគិតអាណិតដល់ព្រះទ័យព្រះអង្គតិចតួចឡើយ ហើយនេះបើខ្ញុំមចាស់ព្រមស្រលាញ់ ព្រះអង្គខ្លាច ក្រែងថ្ងៃក្រោយទៅ ព្រះអង្គណាយចិត្តឈប់ស្រលាញ់ខ្ញុំម្ចាស់ទៅយកស្រីសួរមកវិញនោះ ខ្ញុំមចាស់នឹងទៅជាយ៉ាងណា អ្នកផងនឹងដៀលថាជាស្រីស្រើបមានស្វាមីហើយឆ្លៀតទៅយកប្ដីជាគ្រុឌទៀត ចំនែកព្រះអង្គក៏មានឈ្មោះថាជាអ្នកលួចភរិយាគេមកដែរ។
គ្រុឌស្ដាប់ឮសំដីកាកីនិយាយត្អូញត្អែរសព្វគ្រប់ហើយ ក៏ឆ្លើយវិញថាៈ
បងនេះដឹងហើយថាប្អូនមានស្វាមីរួច ចំណែកព្រះអង្គទ្រង់ក៏ស្រលាញ់ទុកព្រះទ័យចុះពោះបងខ្លាំងណាស់ដែរ តែបងមិនខ្លាចទ្រង់ឡើយបើសិនជាទ្រង់សណ្ដាប់រឿងនេះនោះ។ ប្អូនដឹងទេកាលពីព្រឹកមិញនេះ បើតាមចិត្តដែលស្រលាញ់ប្អូននោះ បងស្ទើរតែស្ទុះទៅកន្ត្រាក់ចាប់បីប្អូនហោះមកតែម្ដងទៅហើយ តែនេះបងការកេរ្តិ៍ទាំងប្អូនទាំងបង ដូច្នេះហើយទើបបងទ្រាំដល់យប់ទើបបានយកប្អូនមកទីនេះ ប្អូនអើយប្អូនគិតក្រែងគេនិន្ទាដៀលបងថាលួចភរិយាគេ តែប្អូនកុំភ័យថ្វីព្រោះកាលដែលបងយកប្អូនមកនេះ មិនមាននរណាមួយស្គាល់ដឹងថាបងនេះជាអ្នកនាំប្អូនមកទីនេះឡើយ។
កែវកាកីស្ដាប់គ្រុឌហើយសេនពេញចិត្តពេកក្រៃក្នុងចិត្តជ្រួលច្របល់ស្មានមិនត្រូវ តែសង្កត់ចិត្តធ្វើជានិយាយថាៈ
នេះព្រះអង្គពោលពាក្យបែបនេះនាំឲ្យខ្ញុំម្ចាស់រឹងរឹតតែសង្ស័យថា ស្រីសួរគគោកម្ដេចក៏ព្រះអង្គមិន សព្វព្រះទ័យ បែជាមកសព្វព្រះទ័យអ្វីលើរូបខ្ញុំម្ចាស់ដែលជាស្រីនៅផែនដីនោះ ឬមួយក៏ព្រះអង្គពោលថា ស្រលាញ់តែព្រះឱស្ឋព្រះអង្គទេ បើដូច្នោះមែនខ្ញុំម្ចាស់នឹងសោកសង្រេងអស់មួយជីវិតហើយ។
គ្រុឌបានស្ដាប់កាកីនិយាយរួចហើយក៏ឆ្លើយលួងលោមវិញថាៈ
ឱកែវកាកីប្អូនសំលាញ់អើយ ពិតមែនតែស្រីសួគ៌សែនស្រស់ល្អ ស្អាតមានគគោកក៏ពិតមែន តែបងនេះមិនត្រូវហរទ័យសោះ ប្អូនកុំភ័យថាបងនេះនឹងដោះដៃចោលប្អូននោះ ចូរប្អូនជឿបងចុះថា ពាក្យដែលបងនិយាយហើយជាពាក្យពិត។
ស្ដេចគ្រុឌមាត់ចេះតែនិយាយ ដៃចេះតែបបោសអង្អែលកែវកាកី ឲ្យលង់ក្នុងអារម្មនណ៍រកស្មានមិនត្រូវតែមាត់ចេះតែនិយាយថាអាណិត ខ្លួនដែលត្រូវមកបង្ខំប្រតិព័ទ្ធ ដោយមិនអាចជួយ ឬតវាបានព្រោះខ្លួនជាស្រីហើយមានតែមួយអង្គឯង។
ទោះជាកែវកាកីខំនិយាយយ៉ាងណាក៏គ្រុឌមិនបានគិតឬស្ដាប់អ្វីទាំងអស់ គេគិតតែបីក្រសោបឱបប្រាណកែវកាកីហើយក៏ស្រង់ក្លិនខ្លួនកែវកាកីដែលជាក្លិនពិដោរយ៉ាងពិសេសលើសអស់ស្រីនានាលើភពផែនដីហើយក្លិនយ៉ាងពិសេសដែលគ្រុឌបានទទួលហើយនោះ ធ្វើឲ្យគ្រុឌភ្លេចអស់ព្រៃព្រឹក្សា ភ្លេចអស់អាហារដែលធ្លាប់តែបរិភោគក្ដាជារៀងរាល់ថ្ងៃ។ ចំនែកកាកីពេលនេះនាងក៏ភ្លេចអស់នូវអ្វីៗ ដែលធ្លាប់មានពីមុនមកដែរ ដូចជាល្បែងកំសាន្តផ្សេងៗ ទាំងឧទ្យានដែលធ្លាប់លេងកំសាន្តជាពិសេសនាងភ្លេចទាំងព្រះមហាក្សត្រព្រហ្មទត្តដែលជាស្វាមីនាងទៀតផង។
យើងឈប់ស្លេះរឿងកែវកាកីនិងស្ដេចគ្រុឌតែត្រឹមនេះសិន សូមបែមកមើលឯព្រះរាជវាំងវិញម្ដង ក្រោយពេលដែលមេឃងងិតព្យុះភ្លៀងត្រូវបានស្ងប់ស្ងាត់ហើយនោះ ព្រះរាជាព្រហ្មទត្តយាងចូលក្រឡាបន្ទំដើម្បីរកព្រះមហេសីកែវកាកីស្រាប់តែស្ងាត់ឈឹងទ្រង់ស្លុតអស់អង្គព្រះកាយ ទ្រង់ដណ្ដឹងសួរអស់ស្រីស្នំភិលៀងទាំងឡាយ គ្មាននរណាម្នាក់បានដឹងឡើយ។ ព្រះអង្គទ្រង់ចាត់ឲ្យរត់រកគ្រប់ទីកន្លែងដែនមណ្ឌលនៅតែមិនបានជួប ទីបំផុតព្រះអង្គព្រហ្មទត្តទ្រង់ព្រះកន្សែងនឹកស្ដាយកែវកាកីជាពន់ពេកទ្រង់ព្រះចិន្តាថាៈ
ឱមាសមិត្តរបស់បងអើយពេលនេះតើឲ្យបងទៅរកប្អូននៅឯណា? ប្អូនអើយបងនេះសែនស្ដាយប្អូនពេកកន្លងព្រោះថាប្អូនជាស្រី ដែលដឹងអស់ការរាក់ជ្រៅដឹងទាបដឹងខ្ពស់សមជាឯកក្សត្រីស្រីកល្យាណមែន។ បងស្ដាយប្អូនមានប្រាជ្ញា ចេះចាត់ចែងចរចារពុំចេះឆ្ងល់ដល់អ្វីឡើយ។ ប្អូនចេះដឹងសុខទុក្ខដល់ស្រីស្នំទាំងឡាយ ប្អូនអើយបើគិតដល់ក្លិនខ្លួននួនស្រីដែលធ្លាប់ផ្ទុំផ្ទឹមខ្នើយនិងបងនោះបងគិតថានឹងគ្មានស្រី ណានឹងប្រដូចបានទេ បងធ្លាប់យល់ភ័ក្រប្អូនគង់ក្រសាលជិតបង ធ្លាប់ស្រង់គង្គារ និងរាំលេងកំសាន្ដ នាំឲ្យទុក្ខសោកទាំងប៉ុន្មាននិរាសចេញបានហើយយល់តែសេចក្ដីសុខស្កប់ស្កល់ពេញទាំអកាយ ប៉ុន្តែប្អូនអើយពេលនេះតើប្អូនព្រាត់ទៅឯណា? តើបានសុខឬ ក៏ជាទុក្ខ? ប្អូនអើយបើពេលនេះបងដឹងថាប្អូននៅស្ថានណានោះ បងនឹងតាមទៅយកប្អូនមកវិញជាក់ជាមិនខាន តែពេលនេះព្រលឹងមាសបងអើយ បងបានតែគិត និងរងចាំប្អូនតែប៉ុណ្ណោះ។
ស្ដេចព្រហ្មទត្តទ្រង់សោកសង្រេងនឹកជាយាគ្រប់ទិវារាត្រី ទ្រង់ភ្លេចទាំងស្រង់គង្គារ ភ្លេចអស់ទាំងល្បែងដែលទ្រង់ធ្លាប់ក្រសាលកំសាន្ត ភ្លេចអស់ស្រីស្នំនិម្មលទាំងឡាយ ពេលសោយក្រយាស្ងោយទ្រង់សោយ
ទាំងទុកសោកគ្រាមក្រំពេកកន្លង។ ទីបំផុតព្រះអង្គទ្រង់ក៏ត្រាស់បញ្ជាឲ្យហៅគន្ធ័ន មកចូលគាល់ព្រះអង្គហើយទ្រង់បានប្រាប់រឿងដែលជាយាបានបាត់ពីប្រាសាទ។ គន្ធ័នបានស្ដាប់ហើយក៏ក្រាបសម្ដេចព្រហ្មទត្តហើយទូលថាៈ
សូមទ្រង់ព្រះមេត្តាប្រោស កាលដែលព្រះអង្គទ្រង់ក្រសាលបាស្កានិងចៅមាណពនោះ ទូលបង្គុំជាខ្ញុំបានឃើញព្រះមហេសីទ្រង់យាងឆ្ពោះទៅទ្វារហើយមើលទៅចៅមាណព ចំនែកចៅមាណពក៏បានមើលទៅ ព្រះមហេសីវិញដែរ ហើយក៏បានញញឹមដាក់គ្នាទៀតផង។ ទូលបង្គំជាខ្ញុំឃើញហើយមានសេចក្ដីក្រោធ យ៉ាងខ្លាំងជំនួសព្រះអង្គ ទូលបង្គំស្ទើរតែស្ទុះទៅស៊ីសាចើទាំងរស់ទេ ប៉ុន្តែទូលបង្គំខំទប់កំហឹងហើយសញ្ជឹងគិតថា បើសិនណាចៅមាណពជាមនុស្សធម្មតានៅស្រុកអាយហេតុម្ដេចក៏ឃើញហើយមិនថ្វាយ បង្គំយ៉ាងនេះ ម្យ៉ាងទៀតបើអ្នកមកពីឆ្ងាយវិញនោះហេតុម្ដេចក៏ទៅមកបានឆាប់យ៉ាងនេះ? ទូលបង្គំគិតមើលទៅឃើញថាប្លែកណាស់ ឬមួយក៏ចៅមាណពជាក្រុងគ្រុឌក្លែងរូបកាយបំភ័នភ្នែកដើម្បីលេងបាស្កា និងព្រះអង្គ ហើយលបលួចយកអគ្គទេពីទៅសោយសុខនៅសិម្ពលី ហើយមើលទៅទូលបង្គំយល់ដូច្នេះ ប៉ុន្តែយ៉ាងណានោះសូមទានល្អងធូលីព្រះបាទរង់ចាំ៧ថ្ងៃសិន ទូលបង្គំគិតថាគេប្រាកដជានឹងមកជាមិនខានពេលនោះយើងនឹងតាមដានឲ្យបានដឹងការពិត ហើយបើបានដឹងប្រាកដហើយយើងនឹងប្រើកលយ៉ាងណាដើម្បីឲ្យគេជូនព្រះមហេសីត្រឡបើមកវិញ។
អង្គក្សត្រព្រហ្មទត្តទ្រង់ស្ដាប់គន្ធ័នហើយ ហាក់បានធូស្បើយក្នុងអារម្មណ៍ខ្លះទើបមានព្រះបន្ទូលថាៈ
ហៃគន្ធ័នបងសំលាញ់អើយ បើពិតដូច្នោះមែនអង្គអញសែនត្រេកអរក្រៃហើយដូច្នេះចូរបងរៀបចំប្រុងប្រៀបផងចុះហើយកាលដែលធ្វើដំនើរក្នុងផ្លូវឆ្ងាយនោះ ចូរបងប្រយ័ត្នប្រយែងខ្លួនប្រាណផង ហើយយ៉ាងណាៗនោះសូមបងឆាបើត្រឡបើមកវិញ។
គន្ធ័នស្ដាប់ហើយក៏ក្រាបបង្គំលាព្រះមហាក្សត្រត្រលប់ទៅទីស្ថានរបស់ខ្លួនវិញ ចំណែកអង្គក្សត្រទ្រង់ក៏យាងចូលក្រឡាបន្ទំដែរតែទ្រង់ចេះតែមានការសោកសៅនឹករលឹកកែវកាកីជានិច្ច។
អានវគ្គ៣ បន្ត
No comments:
Post a Comment