វិធីសាស្ត្រនៃការនិពន្ធរឿងខ្លី
ដោយប៉ិច សង្វាវ៉ាន
យើងហៅប្រលោមលោកខ្នាតខ្លី ថា«រឿងខ្លី»។ បារាំងហៅថា«NOUVELLE»ពាក្យអង់គ្លេសថា «SHORT STORY»។
រឿងខ្លីពុំមែនជាកូនប្រលោមលោកតូចៗ និងពុំមែនជារឿងប្រលោមលោកវែងដែលយកមកសង្ខេបឬបង្រួញឲ្យខ្លីឡើយ។ សូមបញ្ជាក់ថា យើងមិនត្រូវស្រង់យកវគ្គណាមួយពីក្នុងប្រលោមលោកខ្នាតវែងមកធ្វើជារឿងខ្លីទេ ទោះបីជាវគ្គនោះមានខ្លឹមសារ យ៉ាងណាក្តីក៏វានៅខ្វះលក្ខណៈនៃវិធីសាស្រ្តនិពន្ឋរឿងខ្លី មិនខុសពីមនុស្សដែលមិនគ្រប់លក្ខណៈដូច្នោះដែរ។ តាមការសង្កេតចំណាំ គេអាចសរសេររឿងខ្លីពី១ទំព័រទៅដល់៧ទំព័រ។ បើវែងក៏មិនត្រូវសរសេរឲ្យលើសពី១៥ទំព័រឡើយ។
វិធីសាស្ត្រនៃការនិពន្ឋរឿងខ្លី
ការសរសេររឿងខ្លីនិងការសរសេរប្រលោមលោកវែងមានគោលការណ៍ជាគ្រឹះចំនួន៣ដូចគ្នាគឺ៖អត្ថរស អត្ថរូប និង អត្ថន័យឬខ្លឹមសារ (សូមអានវិធីសាស្រ្តនៃការនិពន្ឋប្រលោមលោកដែលខ្ញុំបានប្រកាសហើយ)។ ស្តីពីការដំណាលរឿងនៅក្នុងប្រលោមលោកទាំងពីរខ្នាត អ្នកនិពន្ឋអាចប្រើមនុស្សទី១(ឬបុរសទី១)ថា«ខ្ញុំ» និងអាចប្រើមនុស្សទី៣ឬ
បុរសទី៣ថា«នាង អ្នកស្រី លោក លោកស្រី ឯកឧត្តម លោកជំទាវ …។ល។ ទៅតាមថានៈវណ្ណៈតួអង្គក្នុងសាច់រឿងដូចគ្នា ប៉ុន្តែរបៀបគ្រោងរឿងប្រលោមលោកទាំងពីរប្រភេទ(វែងនិងខ្លី)មានលក្ខណៈខុសគ្នា។តើខុសត្រង់ណាខ្លះ ?
ការសរសេររឿងខ្លីខុសពីការនិពន្ឋប្រលោមលោកខ្នាតវែងនៅត្រង់ការកម្រិតដូចតទៅ៖
- ចំនួនទំព័រ
- ចំនួនតួអង្គ
- ទង្វើនិងសកម្មភាពតួអង្គ
- បញ្ហានិងដំណោះស្រាយក្នុងរឿងមានតិចឬមានតែ១គត់
- របៀបពិព៌ណនាដែលយើងហៅថាការដំណាលរឿងក៏មិនត្រូវអូសបន្លាយទេ។ សូមសរសេរសង្ខេបយកតែចំណុចសំខាន់ឲ្យអ្នកអានយល់រឿងច្បាស់តែប៉ុណ្ណោះល្អគ្រប់គ្រាន់ហើយ។
- ដំណើររឿងទាំងមូលទៀតសោតក៏ត្រូវកាត់ឲ្យខ្លីដែរ ប៉ុន្តែសូមគោរពគោលវិធីគ្រឹះទាំង៣ជាដាច់ខាត គឺ អត្ថរស អត្ថរូប និងអត្ថន័យ។ អាស្រ័យហេតុនេះ ខ្ញុំសូមគូសបញ្ជាក់ដែរ បើអ្នកសរសេររឿងខ្លី អ្នកត្រូវគិតអំពីរបៀបសរសេររឿងខ្លី ដើម្បីសម្របទៅតាមវិធីសាស្រ្តនៃការនិពន្ឋរឿងខ្លី។
គន្លឹះសំខាន់ទាំង១០នៃវិធីសាស្ត្រនិពន្ឋរឿងខ្លី
ដើម្បីបញ្ចៀសការស្មុគស្មាញដែលអាចកើតមានឡើងនៅក្នុងការនិពន្ឋរឿងខ្លី ខ្ញុំសូមជូនគន្លឹះសំខាន់ៗដូចតទៅនេះ៖
១-តួអង្គ ៖ ក្នុងរឿងខ្លី តួអង្គមានចំនួនតិចគឺពីម្នាក់ទៅ៣នាក់យ៉ាងច្រើនបំផុត។ អ្នកនិពន្ឋអាចបង្កើតតួអង្គតែម្នាក់ក៏បានដែរ។ ក្នុងករណីតួអង្គតែម្នាក់គត់នេះ សាច់រឿងបាត់បង់សម្ភស្សនិងមិនសូវមានសភាពរស់រវើកទេ។ ជាពិសេស បើសាច់រឿងគ្មានពាក្យសន្ទនានោះ ការនិពន្ឋរឿងខ្លីមិនត្រឹមតែប្រាសចាកវិធីសាស្ត្រជាគោលនោះទេ វាអាចធ្វើឲ្យអ្នកអានគិតថាជាអត្ថបទរៀបរាប់ពីព្រឹត្តការណ៍អ្វីមួយទៅវិញ។
ដូច្នេះ អ្នកអាចធ្វើឲ្យតួអង្គទោលនេះឆ្លើយឆ្លងជាមួយសម្លេងសម្បជញ្ញៈខ្លូនឯងឬអាចប្រើបច្ចេកទេសម៉្យាង គឺលើកយកវាចារបស់តួអង្គណាម្នាក់ដែលអ្នកនិពន្ឋមិនបានបង្កើតឡើងឲ្យមានសកម្មភាពទេដែលជាតួអង្គស្រមោល។
ឧទាហរណ៍៖ រឿង«ខ្យល់សមុទ្រ»ក្នុងសៀវភៅរឿង«ស្រមោលស្នេហ៍»របស់ខ្ញុំ (សូមអានវិធីសាស្រ្តនៃការនិពន្ឋប្រលោមលោកទំព័រ៧៣៖ ខ្ញុំបានសរសេរឲ្យឧត្តមនឹកឃើញវាចារបស់ម្តាយរបស់ខ្លួន។)
២- សកម្មភាពនិងទង្វើតួអង្គ ៖ ក្នុងរឿងខ្លីមិនដូចនៅក្នុងប្រលោមលោកវែងទេ គឺអ្នកមិនត្រូវបង្កើតសកម្មភាពនិងទង្វើតួអង្គច្រើននាំឲ្យស្មុគស្មាញ និងលើសខ្នាតរឿងខ្លីឡើយ។
៣-បញ្ហារឿងនិងការដោះស្រាយរឿង ក្នុងរឿងខ្លីក៏មានបញ្ហាតែ១ឬចំនួនតិចតួចបំផុត (សូមអានរឿង«បាច់ផ្កា» ក្នុងសៀវភៅរឿង«ម្តាយក្មេកទំនើប»របស់ខ្ញុំ។ យ៉ាងណាមិញ ការដោះស្រាយបញ្ហាក៏មានតែបន្តិចបន្តួចទៅតាមបញ្ហាដែលតិចនោះដែរ។ បើអ្នកបង្កើតបញ្ហាច្រើន អ្នកមិនត្រឹមតែប្រាសចាកការនិពន្ឋរឿងខ្លីទេ អ្នកត្រូវខាតចង់ពេលវេលាគិតនិងសរសេរឡើងវិញ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកប្រាកដជាវិលក្បុងហើយជួបប្រទះនិងការពិបាកដោះស្រាយបញ្ហាដែលអ្នកបានបង្កើតយ៉ាងច្រើននោះព្រោះតែមិនបានប្រមាណទៅតាមខ្នាតរឿងខ្លីនិងចំនួនទំព័រ ជាពិសេសគឺពិបាកបញ្ចប់ឬបញ្ចប់មិនល្អដូចការគ្រោងទុក។
៤-ការរៀបឆាកឬវគ្គ៖ សូម គិតថាវគ្គនេះសម្រាប់តួអង្គណាមួយ? ជាអ្វីដូចម្តេច? ពេលណា?នៅកន្លែងណា?។ ការសរសេរឆាកឬវគ្គនៅក្នុងរឿងខ្លីតម្រូវឲ្យ អ្នកសរសេរត្រួសៗយ៉ាងខ្លីៗ តែច្បាស់ដើម្បីជួយអ្នកអានឲ្យងាយយល់ដំណើររឿងពីវគ្គមួយទៅវគ្គមួយទៀត។ ដូច្នេះ អ្នកមិនត្រូវសរសេរវែងអន្លាយឆ្ងាយហួសពីការចង់ដឹងរបស់ អ្នកអានឡើយ កុំឲ្យគេធុញទ្រាន់និងទ្រលាន់។
៥-ការពិព៌ណនាឬការដំណាលរឿង៖ ក៏ដូចគ្នានិងការរៀបចំឆាកឬវគ្គដែរ បើសរសេរកាន់តែខ្លី កាន់តែច្បាស់ កាន់តែល្អ។ សូមសម្រិតសម្រាំងពាក្យពេចន៍ឃ្លាប្រយោគនិងគុណភាពរឿង ដើម្បីបង្កអារម្មណ៍អ្នកអានឲ្យឆាប់ញោចទៅតាមដំណើរសាច់រឿង ទើបសិល្ប៍វិធីនិពន្ឋមានប្រសិទ្ឋភាព។ យ៉ាងណាមិញ នៅក្នុងសិល្ប៍វិធីនៃការនិពន្ឋរឿងខ្លី ការប្រើមធុរសភាសានិងគុណភាពអក្សរសិល្ប៍សុទ្ឋសឹងជាធនធាននិងជាមធ្យោបាយ អន្ទងចិត្តអ្នកអានឲ្យអានរឿងបន្តទៅមុខជានិច្ច និងឲ្យ អ្នកអានស្លុងចូលក្នុងសាច់រឿងនិងចូលតួ។ រឿងខ្លះ យើងអានចប់ហើយមិនចង់ឲ្យចប់សោះ។
៦-ភាព ចាំ បាច់ នៅក្នុងរឿងខ្លីគឺការរក្សាចម្ងល់និងអាថ៌កំបាំង ដើម្បីធ្វើឲ្យអ្នក អានតាមដានចង់ដឹងជាហូរហែមួយចប់សាច់រឿងទាំងមូល។ អ្នកអាចបង្វែងអ្នកអានដែលកំពុងតាមដានដើម្បីកុំឲ្យគេគិតឃើញដំណោះស្រាយ របស់អ្នកត្រូវឲ្យសោះនៅមុនដល់ការបញ្ចប់សាច់រឿង។ ចំណុចត្រង់នេះសំខាន់ណាស់ ទោះបីជានៅក្នុងការសរសេររឿងខ្លីក៏ដូចជាការនិពន្ឋប្រលោមលោកវែងដែរ។
៧-ចំណងជើង៖ បើអាចធ្វើបាន គួរតែរកចំណងជើងណាដែលអាចបង្កប់ល្បិច។ សូមកុំដាក់ចំណងជើងណាដែលសសៀរទៅក្បែរគំនួចបញ្ហាឲ្យសោះដើម្បីលាក់អាថ៌កំបាំងទុកឲ្យអ្នកអានឆ្ងល់(suspens) រហូតដល់ចុងបញ្ចប់សាច់រឿងតែម្តង(ឧទាហរណ៍៖សូមអានរឿង«បាច់ផ្កា»នៅក្នុងសៀវភៅ«ម្តាយក្មេកទំនើប»របស់ខ្ញុំ)។
៨-ចិត្តសាស្រ្តនិងទស្សនវិជ្ជាក្នុងរឿងខ្លី ៖ សូមលះបង់ការរៀបរាប់បែបចិត្តសាស្ត្រ និងទស្សនវិជ្ជាព្រោះរឿងខ្លីត្រូវដើរត្រង់ភ្លឹងសំដៅឆ្ពោះទៅរកគោលដៅតាមរយៈអំពើ និងទង្វើACTIONរបស់តួអង្គ។
៩- ឃ្លាប្រយោគ ៖ សូមសរសេរឃ្លាប្រយោគដំបូងឲ្យមានធ្នាក់ទាក់ចិត្តអ្នកអាន។ បន្ទាប់មក ទង្វើនិងសកម្មភាពរបស់តួអង្គត្រូវចាប់ផ្តើមប្រព្រឹត្តកុំបង្អង់។ ការប្រព្រឹត្តអំពើរបស់តួអង្គ នៅក្នុងដំណើររឿងជាហូរហែ អាចគ្រប់គ្រងចិត្តសាស្រ្តតួអង្គ និងលាតត្រដាងបង្ហាញឲ្យអ្នកអានដឹងច្បាស់ដោយមិនចាំបាច់ឲ្យអ្នកនិពន្ឋធ្វើអត្ថាធិប្បាយបែបចិត្តសាស្ត្រនិងទស្សនវិជ្ជាទេ។
ឧទាហរណ៍ ៖ រឿង«ព្រោះតែអ្នក»សូមអានទំព័រ៣៦ដល់៤៣ក្នុងសៀវភៅរឿង«ម្តាយក្មេកទំនើប»។ ខ្ញុំមិនចាំបាច់សរសេរពិពណ៌នាបែបចិត្តសាស្រ្តទេទុកឲ្យតួអង្គ ប្រព្រឹត្តអំពើរបស់ខ្លួនវិញ។ ការប្រើសិល្ប៍វិធីបែបនេះអាចធ្វើឲ្យអ្នកអានរំជួលចិត្តជាង និងមានប្រសិទ្ឋភាពលើអារម្មណ៍អ្នកអានជាងការពិពណ៌នារបស់ខ្ញុំត្រង់ៗ។ នេះជាការពិសោធន៍មួយរបស់ខ្ញុំ។
១០ – ប្រលោមលោកខ្លី ឬរឿងខ្លី មិនមែនជារឿងដែលលាតត្រដាងរឿងមួយជីវិតមនុស្សឡើយហើយក៏មិនមែនជារឿងដែលមានរយៈកាលយូរដែរ។ រយៈពេលនៅក្នុងរឿងខ្លី ជារយៈពេលដែលកន្លងទៅយ៉ាងខ្លី ៖ ចាប់ពីបីបួនប្រាំនាទី ឬ១ម៉ោងឬ ១ថ្ងៃឬ ២ថ្ងៃ កម្រមានរយៈពេលយូរណាស់។ លើកលែងតែសរសេរបែបរចនាបទ ឬស្ទីល flash back ដែលផ្តេកផ្តួលនិងផ្អែកទៅរកអតីតកាល៕ចប់៕
អានផងដែរប្រភព៖ វិធីសាស្ត្រនៃការនិពន្ធ
No comments:
Post a Comment