ក្តីសង្ឃឹមក្នុងសុបិន
បក្សាបក្សីតូចធំស្រែកច្រៀងប្រដេញគ្នានៅលើដើមរំដួលនៅជាប់បង្អូចក្បែរបន្ទប់គេងរបស់ខ្ញុំ។ សម្លេងសកុណា ទាំងឡាយបានដាស់ខ្ញុំឲ្យរលឹកពីដំណេក។ព្រះទិនករចាំងជះរស្មីចូលតាមបង្អូចមកលើរាងកាយរបស់ខ្ញុំដែលជាសញ្ញាបញ្ជាក់ថា ថ្ងៃថ្មីបានចូលមកដល់ហើយ។
ថ្ងៃថ្មីថ្ងៃនេះមិនចង់ឲ្យខ្ញុំក្រោកពីគ្រែភ្លាមទេ ខ្ញុំបានរង់ចាំរាត្រីកាលនេះជាយូរមកហើយ វាជារាត្រីកាលដ៏ស្រស់បំព្រងរបស់ខ្ញុំ ហើយជារាត្រីដែលខ្ញុំបានឃើញចិន្តាក្នុងសុបិន។ទោះបីជាពេលវេលាទាំងឡាយបានកន្លងផុតទៅតែមួយប្រព្រិចភ្នែកក៏ដោយ ប៉ុន្តែខ្ញុំនៅតែមិនភ្លេចថ្លាថ្លែងនូវអំណរគុណអ្នកទាំងឡាយដែលនៅពីខាងក្រោយខ្នងរបស់ពួកយើង ហើយធ្វើឲ្យខ្ញុំមានឱកាសបានជួបចិន្តាម្តងទៀត មុននឹងខ្ញុំរលត់សង្ខារពីភពផែនដីនេះទៅ។
គូស្នេហ៍របស់យើងទាំងពីរបានចំណាយពេលវេលាជាងប្រាំពីរឆ្នាំដើម្បីសិក្សាគ្នាទៅវិញទៅមក។ រយៈពេលប្រាំពីរឆ្នាំ ដែលខ្ញុំបានស្គាល់ចិន្តា ស្រឡាញ់ហើយគ្រប់បង្ហើមចេញចូលរបស់ខ្ញុំគឺមានតែចិន្តាម្នាក់គត់ដែលខ្ញុំរលឹកស្រមៃ ខ្ញុំបានផ្តិតឆ្លាក់រូបរបស់នាងនៅក្នុងបេះដូងរបស់ខ្ញុំ។ រយៈពេលបួនឆ្នាំសិក្សារបស់ពួកយើង ពួកយើងទាំងពីរបានរក្សាសំណង់ស្នេហ៍ឲ្យរឹងមាំរហូត ឃើងមិនដែលឃ្លាតឡើយ។ នៅពេលដែលខ្ញុំមិនសប្បាយចិត្ត ឬរុញរេដោយសារហេតុអ្វីមួយ ខ្ញុំមានចិន្តាជាផ្តល់កម្លាំងចិត្ត ពេលដែលខ្ញុំឯកោកណ្តោចកណ្តែងដោយប្រការអ្វីមួយខ្ញុំមានចិន្តានៅថ្នាក់ថ្នមលួងលោម។ កែវនេត្រាភ្លឺថ្លា ខ្មៅយង់មានរស្មីមួយគូនោះហើយដែលមានចិន្តាជាម្ចាស់របស់វា ហើយនាងតែងតែប្រើវាសម្លឹងមករកខ្ញុំ វាជាកែវភ្នែកដែលបង្កប់ទៅដោយស្នាមញញឹម មន្តស្នេហ៍ និងភាពកក់ក្តៅមកលើរូបខ្ញុំ។
ខ្ញុំជាបុរសម្នាក់ដែលឯកោកណ្តោចកណ្តែង ដូចជាចកអណ្តែតកណ្តាលជលសារ គ្មានញាតិសន្តានគ្មានមិត្តភ័ក្តិ។ ខ្ញុំធំធាត់ដឹងក្តីគឺដោយសារតែបាយបាតលោក។ វត្តអារាមជាទីជម្រក ជាកន្លែងសំណាក់អាស្រ័យរៀនសូត្ររបស់ខ្ញុំ ប៉ុន្តែខ្ញុំមិនដែលធ្លាប់គិតតូចចិត្តនឹងវាសនារបស់ខ្លួនឯងសូម្បីបន្តិចឡើយ។ ចាប់តាំងពីពេលដែលចិន្តា បានឈានជើងជាន់លើជណ្តើរស្នេហ៍ ហើយយាត្រាចូលទៅក្នុងបន្ទប់បេះដូងរបស់ខ្ញុំមក ចិន្តាមិនធ្លាប់ធ្វើឲ្យខ្ញុំខួចចិត្តម្តងណាទេ... ពេលដែលខ្ញុំមានកំហុសខ្ញុំតែងតែបន្ទោសខ្លួនឯង ប៉ុន្តែចំពោះចិន្តានាងតែងតែណែនាំខ្ញុំជានិច្ច។ខ្ញុំនៅចាំបានប្រយោគរបស់់នាងដែលពន្យល់ខ្ញុំថា៖ “រាល់រូបមនុស្សត្រូវសិក្សារៀនសូត្រពីកំហុសរបស់ខ្លួនឯង កំហុសជាមេរៀនដ៏ប្រសើរបំផុត ដែលយើងទាំងអស់ត្រូវស្វែងរកដោយខ្លួនយើងផ្ទាល់... ថ្ងៃនេះយើងធ្វើខុស យើងត្រូវទទួលស្គាល់កំហុសរបស់ខ្លួនឯង តើយើងខុសអី? ខុសត្រង់ណា? ដោយសារអ្វី? ហើយត្រូវយកចំណុចខ្វះខាតទាំងឡាយនោះទៅដោះស្រាយ មិនមែន មានកំហុសហើយដោះស្រាយកំហុសដោយបង្កើតអារម្មណ៍ក្តៅក្រហាយមូហ្មង លើកំហុសខ្លួនឯងនោះទេ!”
ពាក្យសម្តីរបស់ចិន្តាទាំងប៉ុន្មានវានៅងំពេញក្នុងត្រចៀករបស់ខ្ញុំគ្មានថ្ងៃនឹងរលត់។ គ្រប់កាយវិការគ្រប់ពាក្យសម្តីរបស់នាងសុទ្ធតែបំណងល្អដែលនាងធ្វើលើរូបខ្ញុំ។ ស្នាមញញឹមដែលនាងផ្តល់មកឲ្យខ្ញុំ វាជាស្នាមញញឹមដែលបង្កប់នូវភាពទន់ភ្លន់ ស្រស់ស្រាយ មានមន្តស្នេហ៍ នាងផ្តល់ឲ្យខ្ញុំនូវក្តីសង្ឃឹម និងកម្លាំងចិត្តគួបផ្សំនឹងពាក្យពេចន៍ដែលនាងធ្លាប់វាចា៖ “មនុស្សយើងរស់ក៏ព្រោះតែក្តីសង្ឃឹម សេចក្តីសុបិន និងសេចក្តីប្រាថ្នាចង់បាន”។ សុបិនដែលពួកយើងចង់បាននោះ ពួកយើងបានគូសវាសរួមគ្នា លាបព័ណ៌ជាមួយគ្នា បង្កើតជារូបរាងហើយផ្តល់ទិសដៅនៃក្តីសង្ឃឹម។ រូបភាពនៃក្តីសុបិនទាំងនោះមកដល់ពេលនេះនៅមិនទាន់ហើរព័ណ៌ សាបរលាបចេញពីខួរក្បាលខ្ញុំនៅឡើយ ទោះបីពេលវេលាបានកន្លងផុតទៅជាយូរមកហើយក៏ដោយ ក៏អនុស្សាវរីយ៍ល្អដែលយើងបានកសាងរួមគ្នា វានៅគង់វង់ កប់ជ្រៅក្នុងក្រអៅបេះដូងខ្ញុំជានិច្ច។ រូបភាពការស្រមើស្រមៃរបស់ខ្ញុំ ពាក្យសន្យា ដែលពួកយើងបានផ្តល់ឲ្យគ្នានោះ ខ្ញុំនៅរក្សាទុក ហើយថែទាំដោយបេះដូងបរិសុទ្ធរបស់ខ្ញុំ។
នៅពេលដែលសុរិយារៀបអស្តង្គត ពួកយើងតែងតែនាំគ្នាមកអង្គុយនៅប្របមមាត់ច្រាំងស្ទឹងនេះជានិច្ច។ អង្រឹងដែលចងភ្ជាប់និងមែកស្វាយនេះហើយជាទីកន្លែងដែលយើងទាំងទ្វេរអង្គុយសាសងគ្នា ត្រង់នេះហើយដែលចិន្តាអង្គុយប្រកៀកស្មាខ្ញុំ... ខ្ញុំមានក្តីសុខបំផុតនៅពេលដែលមានចិន្តានៅអង្គុយក្បែរខ្ញុំ។ ខ្ញុំសប្បាយចិត្ត និងញាប់ញ័របំផុតពេលដែលឮពាក្យសន្យាដែលចិន្តាបានប្រគល់កមឲ្យខ្ញុំ។
“នភា” ចិន្តាហៅឈ្មោះរបស់ខ្ញុំដោយសម្លេងមុតមាំ។ ខ្ញុំមិនទាន់ឆ្លើយភ្លាមទេ ប៉ុន្តែចិន្តាក៏និយាយបន្ត៖
“នឹងគ្មាននរណាមកអង្គុយនៅត្រង់នេះក្រៅពីនភាទេ!” ចិន្តានិយាយព្រមទាំងចង្អុលមកកន្លែងដែលខ្ញុំកំពុងអង្គុយ។
“យ៉ាងម៉េច?” ខ្ញុំសួរទៅចិន្តាភ្លាមដោយការចង់ដឹង។ នាងសម្លឹងមុខខ្ញុំដោយមិនដាក់ភ្នែករួចបែរមុខទៅម្ខាងរួចនិយាយចេញមក៖
“ខ្ញុំមានជំនឿថាមនុស្សប្រុសនិងមនុស្សស្រីគូណាដែលមានឱកាសមកអង្គុយមើលទស្សនីយ៍ភាពថ្ងៃរៀបអស្តង្គតជាមួយគ្នាបែបនេះត្រូវតែជាគូព្រេងនឹងគ្នា” ចិន្តានិយាយពាក្យនេះចេញមកដោយការតាំងចិត្ត។
ខ្ញុំមានអារម្មណ៍ដូចជាទទួលបានអ្វីម្យ៉ាងពីនាង ហើយនិយាយចេញមកដោយមិនបានតាំងចិត្ត៖
“ដូច្នេះយើងទាំងពីរ ជាគូព្រេងនឹងគ្នាពិតមែនទេ?” ចិន្តាគ្រវីក្បាលតិចៗបដិសេធហើយតបមកវិញ៖
“មិនដឹងដូចគ្នា”
ខ្ញុំមិនដឹងថាចិន្តាមានជំនឿនេះមកពីណានោះទេប៉ុន្តែខ្ញុំនិយាយទៅកាន់នាងដោយកាយវិការស្មោះស្ម័គ្រ៖
“នឹងគ្មាននារីណាម្នាក់មកអង្គុយនៅកន្លែងនេះជំនួសចិន្តាឡើយ!” ប្រយោគនេះមិនទាន់ចេញផុតពីបបូរមាត់របស់ខ្ញុំស្រួលបួលផង ស្រាប់តែនាងងាកមកដោយអាកប្បកិរិយាខុសប្រក្រតីដាក់ខ្ញុំ៖
“ហេតុអ្វីទៅ?” ខ្ញុំយកដៃទៅថ្នាក់ដៃទាំងពីររបស់នាងដាក់លើគ្នារួចនិយាយ៖
“ពីព្រោះថា គូព្រេងរបស់ខ្ញុំមានតែមនុស្សម្នាក់ប៉ុណ្ណោះ ហើយពេលនេះនារីម្នាក់នោះកំពុងអង្គុយនៅទីនេះជាមួយនឹងខ្ញុំ ខ្ញុំសន្យាថាទោះបីជាមានឧបសគ្គយ៉ងណាក៏ដោយក៏ខ្ញុំមានតែចិន្តាតែម្នាក់ប៉ុណ្ណោះរហូតដល់ខ្យល់ដង្ហើមចុងក្រោយ” ខ្ញុំសម្តែងពាក្យសន្យារបស់ខ្ញុំទៅរកចិន្តា។
ពេលនេះនារីម្នាក់ដែលកំពុងអង្គុយក្បែរខ្ញុំមានអារម្មណ៍អៀន នាងញញឹមស្ងប់បន្តិច៖
“រហូតលង់លក់ក្នុងធរណីនភានៅតែស្រឡាញ់ខ្ញុំមែនទេ?” ខ្ញុំមិនតបអ្វីទេ ខ្ញុំក៏បង្វែរចម្លើយទៅជាការរំលឹកវិញ។
“ចិន្តានៅចាំបានទេ ថ្ងៃដែលយើងជួបគ្នាដំបូងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ... ថ្ងៃនោះខ្ញុំបានត្រឹមតែជាមនុស្សម្នាក់ដែលប្លែកជាងគេព្រោះខ្ញុំជាក្មេងស្រុកស្រែ ជាក្មេងវត្ត ការស្លៀកពាក់របស់ខ្ញុំមិនស្រស់សង្ហាដូចជាបុរសដ៏ទៃឡើយ គឺដោយសារតែកាបូបលុយរបស់ចិន្តាជ្រុះនោះទេ វាជាហេតុផលដែលមានថ្ងៃនេះ!”
“អរគុណច្រើន” ចិន្តានិយាយមកខ្ញុំជាមួយនឹងស្នាមញញឹមដ៏សមល្មមនឹងបបូរមាត់ព័ណ៌ស៊ីជម្ពូ ខ្ញុំអាចសន្និដា្ឋនបានថា ចិន្តាមិនមែនជាអ្នកមកពីតាមខេត្ត។
“មិនបាច់គុណស្រ័យអ្វីទេ!” ចំពោះពាក្យនេះវាល្អបំផុតសម្រាប់រូបខ្ញុំដែលនិយាយចេញមកនៅក្រោមគំនាបនៃភាពអៀនខ្មាស។ ចិន្តាក៏បន្ត៖
“មកពីខេត្តណាដែរ?” ខ្ញុំក៏តបទៅនាងវិញជាមួយការញញឹមស្ងួតស្ងប់បន្តិច៖
“ខេត្តស្វាយរៀង...”
ឮថាខេត្តស្វាយរៀង នាងបើកភ្នែកធំៗ ចាប់អារម្មណ៍លើចម្លើយរបស់ខ្ញុំ។ នាងបន្ត៖
“ស្វាយរៀង... នៅស្រុកណាដែរ?”
“ស្រុករមាសហែក” ខ្ញុំឆ្លើយទៅវិញទាំងកំបុត។ ក្រោយមកចិន្តាបានបន្តសំនួរសន្ទនាជាមួយខ្ញុំជាច្រើនផ្សេងទៀត។
ចិន្តាប្រាប់ខ្ញុំថា ម្តាយនាងក៏ជាអ្នកស្វាយរៀងដូចខ្ញុំដែរ ប៉ុន្តែនាងមិនធ្លាប់បានទៅលេងស្រុកកំណើតម្តាយម្តងណាឡើយ។ ហេតុការណ៍ថ្ងៃនោះបានធ្វើឲ្យខ្ញុំបានមានឱកាស បានជជែកលេងជាមួយចិន្តា។ ខ្ញុំស្ទើរតែមិនជឿសោះឡើយណាថាថ្ងៃនោះ វាជាថ្ងៃដែលខ្ញុះចាប់ផ្តើមគ្រប់យ៉ាង មិនថា មិត្តភាព ក្តីអាណិតអាសូរ ដែលចិន្តាបានប្រគល់មកឲ្យខ្ញុំ ព្រមទាំក្តីសេ្នហ៍ដ៏បរិសុទ្ធ ដែលពួកយើងកំពុងមាននៅពេលនេះ។
ក្រោយពេលដែលខ្ញុំបានរំលឹករឿងនោះឡើងមក ចិន្តានាងស្ងៀម។ នាងសម្លឹងមើលទៅឆ្ងាយសែនឆ្ងាយដាច់អាល័យ គឺកំពុងមើលអ្វីមួយដែលមានគ្មានភាពជាក់លាក់ គ្មានព្រំដែនកំណត់។
“អ្នកនាង” ខ្ញុំហៅចិន្តា ធ្វើឲ្យនាងភ្ញាក់ពីភាពស្រមើស្រមៃនោះភ្លាមរួចសម្លឹងមករកខ្ញុំ។ ខ្ញុំក៏បន្ត៖
“ជាងមួយឆ្នាំហើយដែលយើងបានស្គាល់គ្នា ចិន្តាដើរតួជាអ្នកផ្តល់ឲ្យច្រើនជាងទទួលយក” ឮពាក្យនេះភ្លាមនាងកើតស្មាមញញឹមម្តងទៀត។ ហើយនិយាយបន្តថា៖
“អ្នកប្រុស ក៏ប្រគល់ឲ្យខ្ញុំដូចគ្នាដែរ អ្នកប្រុសដើរតួជាគ្រូទីពីររបស់ខ្ញុំ បទពិសោធន៍ជីវិត មេរៀនដែលខ្ញុំមិនច្បាស់នភាតែងតែពន្យល់ខ្ញុំជានិច្ច ច្រើនបែបនេះហើយនៅតែនិយាយថា ខ្លួនឯងជាអ្នកទទួលតែម្យ៉ាងទៀត”
ចប់ប្រយោគរបស់នាងខ្ញុំលូកដៃទៅចាប់ដៃនាងយ៉ាងណែនរួចរបាយនូវអ្វីដែលបានលាកឮ់ក្នុងបោះដូងជាងមួយឆ្នាំកន្លងមកឲ្យនាងបានដឹង៖
“អ្វីដែលខ្ញុំអាចធ្វើបានចំពោះចិន្តា ខ្ញុំនឹងធ្វើដោយគ្មានរុញរា ពេលនេះខ្ញុំមិនទាន់មានលទ្ធភាពនឹងទិញរបស់អ្វីមួយដែលមានតម្លៃសម្រាប់ចិន្តានៅឡើយទេ ខ្ញុំគ្មានអ្វីក្រៅពីបេះដូង និងស្នេហាបរិសុទ្ធមួយប៉ុណ្ណោះ ខ្ញុំំគ្មានអ្វីមានតម្លៃមកជំនួយស្បថសច្ចា គឺមានតែ ស្ទឹង មេឃាពេលសុរិយារៀបអស្តង្គត ព្រឹក្សា និងវាយោនេះទេគឺជាសាក្សីជួតដឹងឮនូវពាក្យស្បថសច្ចារបស់ខ្ញុំចំពោះចិន្តា!”
ខ្ញុំសច្ចានៅចំពោះមុខចិន្តាប៉ុណ្ណេះ នាងមិនហាស្តី! នាងញញឹមហើយយកដៃមកច្បិចច្រមុះខ្ញុំស្រាលៗ។
...........
ទិវាទាំងឡាយបានមកពូនផ្តុំគ្នាផ្សំបានជាខែឆ្នាំ។ ពួកយើងទាំងពីរស្រឡាញ់គ្នាខ្លាំងឡើងៗ រហូតដល់ពួកយើងបានលាបព័ណ៌រូបភាពជីវិតរួមគ្នា...
ពេលនេះការសិក្សារបស់យើងទាំងពីរបានបញ្ចប់ដោយជោគជ័យ។ ក្រោយមកពួកយើងបានធ្វើការសន្សំប្រាក់កាសដើម្បីរៀបចំគ្រួសារ យើងនឹងយកបុត្រាបុត្រីពីរនាក់។ ចិន្តាបានដាក់ឈ្មោះឲ្យពួកគេរួចហើយ កូនប្រុសខ្ញុំដាក់ឈ្មោះថា ធរណិន្ទ ប៉ុន្តែឈ្មោះនេះនាងមិនយល់ស្របជាមួយនឹងខ្ញុំទេ នាងដាក់ឈ្មោះថា វាហាស៍ ឲ្យស្រដៀងនិងឈ្មោះឪពុក ហើយពេលគេធំឡើងឲ្យសិក្សាផ្នែកច្បាប់ និងក្លាយជាអ្នកនយោបាយ ចំណែកកូនស្រី ចិន្តាបានប្រគល់ឲ្យខ្ញុំជាអ្នកដាក់ឈ្មោះឲ្យ គ្រាន់តែខ្ញុំហាមាត់និយាយចេញមកនាងប្រាប់ថា មិនពិរោះទាំងអស់ ខ្ញុំប្រគល់ឲ្យនាងចាអ្នកដាក់ឈ្មោះវាទាំងអស់ ព្រោះនាងជាអ្នកបង្កើតពួកគេ... ថ្ងៃនោះចិន្តាខ្មាសអឿនជាខ្លាំង ព្រមទាំងគក់ទ្រូងខ្ញុំយ៉ាងដំណំ។ គេហដ្ឋានរបស់ពួកយើងមិនចាំបាច់ជាគេហដ្ឋានដែលធំពេកនោះទេ បានត្រឹមតែជាជម្រកមួយដែលអាចបិទបាំងសុភមង្គល។ ការងារចេញម៉ូតផ្ទះខ្ញុំជាអ្នកគូស ព្រោះខ្ញុំជាវិស្វករ។ រាល់សកម្មភាពជីវិតដែលយើងបានកសាងរួមគ្នា វានៅតែដិតជាប់នៅក្នុងខួរក្បាលរបស់ខ្ញុំ វាបានបង្ហាញជាលំដាប់លំដោយ ប្រៀបដូចម៉ាស៊ីនកុំព្យូទ័រដែលកំពុងបង្ហាញទិន្ន័យនៅពេលដែត្រូវបញ្ជា វាចេញមកដោយស្វ័យប្រវត្តិ។
ពីរឆ្នាំក្រោយបញ្ចប់ការសិក្សាខ្ញុំក៏មានលទ្ធភាពគ្រប់យ៉ាង ខ្ញុំបានជ្រើសរើសថ្ងៃល្អមួយជាមួយចាស់ទុំចូលទៅស្តីដណ្តឹងចិន្តា ព្រមជាមួយគ្រឿងបណ្តាការយ៉ាងសមរម្យតាមគន្លងប្រពៃណី។ថ្ងៃអាពាហ៍ពិពាហ៍របស់ពួកយើងគ្មាននារីណាមួយប្រៀបបាននឹងចិន្តាឡើយ។ សម្រាប់ខ្ញុំថ្ងៃនោះចិន្តាស្រស់ស្អាតមែនទែននៅក្នុងកំឡុងពេលដែលខ្ញុំបានស្គាល់នាង។ មិត្តភ័ក្តិបងប្អូនដែលចូលរួមទាំងអស់បានសរសើរមិនដាច់ពីមាត់ថា ពួកយើងសមគ្នាណាស់ គូសេ្នហ៍មួយគូនេះសមគ្នាបំផុត ពួកយើងបានប្រើពេលវេលាប្រាំពីរឆ្នាំក្នុងការសិក្សាចិត្តថ្លើមគ្នាទើបលះបង់ភាពក្រមុំកម្លោះ។ ថ្ងៃនោះខ្ញុំមានសេចក្តីសុខបំផុតក្នុងជីវិតរបស់ខ្ញុំហើយខ្ញុំក៏បានស្គាល់អ្វីៗដែលជាមនុស្សភាគច្រើននិយាយថា ឋានសួគ៌លោកីយ៍។
ថ្ងៃមួយក្រោយពេលយើងរៀបការបានប្រាំពីរថ្ងៃ។ ថ្ងៃនោះជាថ្ងៃដែលនៅតែដិតជាប់នៅក្នុងកែវភ្នែករបស់ខ្ញុំ វាជាថ្ងៃចុងក្រោយបង្អស់ គឺពេលដែលចិន្តាសន្លប់ស្នូកស្តឹងលើទ្រូងថ្នល់ រាងកាយរបស់នាងជោគជាំដោយលោហិត ថ្ងៃនោះខ្ញុំបានបណ្តោយឲ្យមនុស្សដែលខ្ញុំស្រឡាញ់ស្មើជីវិតរបស់ខ្ញុំ ចេញចាកចោលលោកនេះទៅផ្ទាល់ភ្នែក ដោយខ្ញុំមិនអាចជួយនាងបានសូម្បីតែបង្ហើមចុងក្រោយ។ ចិន្តាចាកចោលខ្ញុំទៅជាមួយអ្វីៗទាំងអស់ដែលដែលខ្ញុំមានមិនថាឡើយក្តីសង្ឃឹមនៅថ្ងៃអនាគត ខ្ញុំក្លាយជាមនុស្សដែលមានតែរាងាកាយ គ្មានបេះដូងព្រោះថា បេះដូងរបស់ខ្ញុំ ចិន្តាបានយកវាទៅហើយយកទៅអស់ហើយ... កម្លាំងចិត្តដែលធ្វើឲ្យខ្ញុំមានថ្ងៃកន្លងមក ថ្ងៃទទួលបរិញ្ញាបត្រ ថ្ងៃដែលធ្វើការនៅក្រុមហ៊ុនធំ មានប្រាក់ខែខ្ពស់ រាល់ពេលជោគជ័យរបស់ខ្ញុំតែងតែមានចិន្តានៅក្បែរជានិច្ច... ថ្ងៃនេះខ្ញុំបានប្រគល់ជូនចិន្តាអស់ហើយ ខ្ញុំសម្លឹងមើលឃើញជីវិតខ្លួនឯងហាក់ដូចជាស្តួចស្តើងបំផុត វាប្រៀបបានទៅនឹងអំពិលអំពែកដ៏តូចមួយដែលមិនអាចញ្ចេញពន្លឺជ្រែកជំនះអន្ធការរាត្រីដ៏សែនធំល្វឹងល្វើយបាន។ វាជាការមួយល្អប្រសើរដែរ ប្រសិនបើយើងអាចផ្លាស់ប្តូរការពិតឲ្យក្លាយទៅជាសុបិន... ផ្លាស់ប្តូរថ្ងៃដែលខ្ញុំសោកសៅខួចចិត្ត ព្រមជាមួយការចាកទៅរបស់ចិន្តាឲ្យក្លាយទៅជាសុបិនបាន ហើយក្រោកឡើងឃើញចិន្តានៅជាមួយនឹងខ្ញុំដូចកាលគ្រាដើម។ ប៉ុន្តែនេះជាជីវិត... ជាជីវិតដែលពោរពេញទៅដោយការពិត... ហើយវាក៏ល្អម្យ៉ាងដែរ ដែលជីវិតនៅមានសុបិន... ក្តីសុបិនដែលធ្វើឲ្យខ្ញុំមានឱកាសបានឃើញចិន្តា...
ចិន្តា! ថ្ងៃនេះបងបានមកកន្លែងដែលជាដានអនុស្សាវរីយ៍របស់យើងទាំងពីរ បងមកដើម្បីរំលឹករឿងរ៉ាវដែលយើងបានសាងរួមគ្នា ទាំងមិនអាចដឹងបានថា ចិន្តាពេលនេះនៅទីណា? បានសុខសប្បាយឬយ៉ាងណា? បងក៏ចង់ប្រកាសប្រាប់អូនតាមខ្សែទឹកស្ទឹងនេះ... ផ្ទៃមេឃព័ណ៌ក្រហមឆ្អៅ... ព្រៃព្រឹក្សានិងព្រះវេយោថា៖ “បងសូមទោស ដែលបងមិនអាចគោរពតាមពាក្យសន្យាដែលបងបានប្រគល់ឲ្យអូនក្នុងគ្រានោះ ព្រោះរហូតកមដល់ពេលនេះទើបបងដឹងថា ជីវិតរបស់មនុស្សកើតមកមិនអាចប្រគល់ឲ្យនរណាម្នាក់បានទេ... បងប្រាប់អូនថា បងស្រឡាញ់អូនណាស់... ប៉ុន្តែក៏មិនមែនមានន័យថា ជីវិតរបស់បងកើតមកសម្រាប់តែអូនតែម្នាក់នោះដែរ។
ព្រះវាយោអើយមេត្តាពាំនាំពាក្យសូមទោសខ្ញុំទៅប្រាប់ចិន្តាឲ្យបានដឹងផង ទោះបីជានាងមិនអនុគ្រោះឲ្យខ្ញុំក៏ដោយ...៕
វៀងចន្ទន៍, ឧសភា ៣០, ឆ្នាំ២០០៨
ប៉ាកកាខ្មែរ
No comments:
Post a Comment