រឿង
រស្មីចុងក្រោយ
“ផាំងៗ ... ផាំង...!!!”
..........
លាន់ឮទៀតហើយ... ឮម្តងទៀតហើយ...!!! សម្លេងបែបនេះវាកើតឡើងទៀតហើយ...!!!
សម្លេងជេរប្រទេចបណ្តាសា ដៀលពូជអំបូរបែបនេះ គ្មាននរណាចង់ដឹងចង់ឮទៀតទេ... អស់រយៈពេលច្រើនខែកន្លងមកហើយដែលខ្ញុំបានឮសម្លេងនេះកើតឡើង។
ដើមឡើយ... គ្រួសាររបស់ខ្ញុំជាគ្រួសារមួយដែលមានភាពកក់ក្តៅ ហើយមានសុភមង្គលបំផុត... គ្រួសារដ៏តូចនេះមានលោកឪពុកអ្នកម្តាយ និងកូនស្រី យើងរស់នៅជួបជុំគ្នានៅលើដំបូលតែមួយ។ រាល់ថ្ងៃពុកទៅធ្វើការ អ្នកម៉ែទៅផ្សារ ពុករបស់ខ្ញុំគ្រាន់តែជាតម្រួតមួយរូបប៉ុណ្ណោះ ម៉ែជាអ្នកលក់បន្លែបន្តិចបន្តួចនៅតាមផ្សារ។ ពុកនិងម៉ែស្រឡាញ់គ្នាណាស់ ទៅណាមកណាលោកតែងតែទៅជាមួយគ្នា ពួកគាត់ស្គាល់ភាពក្តៅត្រជាក់របស់គ្រួសារ និងចេះអត់ធ្មត់ខន្តី... ទោះបីគ្រួសាររបស់នាងខ្ញុំក្រពិតក៏មែន ប៉ុន្តែខ្ញុំមានអារម្មណ៍មោទនភាពចំពោះការចិញ្ចឹមជីវិតបែបងាយៗរបស់គ្រួសារដ៏តូចនេះណាស់។ មិត្តភ័ក្តិជាអ្នកមានគេតែងតែមើលលើមើលក្រោមលើរូបខ្ញុំ ពួកគេមានប្រាក់កាសចាយវាយពេញដៃ... មានម៉ូតូថ្មីៗ មានកាបូដាក់សៀវភៅស្អាតៗ មានសម្លៀកបំពាក់ថ្មីៗ មានគ្រឿងអល្លង្កាពាក់ជ្រែកខ្លួន តាមពិតពួកគេមើលមកខ្ញុំបែបនេះត្រឹមត្រូវណាស់ ព្រោះខ្ញុំគ្មានឱកាសនឹងបានប្រើប្រាស់របស់អស់នោះ។ ប៉ុន្តែអ្វីដែលសំខាន់គឺខ្ញុំមិនរុញរា ហើយមិនយកចិត្តទុកដាក់ និងពាក្យឡកឡាយរបស់ពួកគេឡើយ។ ខ្ញុំនៅតែមានសេចក្តីសង្ឃឹម និងមានសុបិនដូចជាមនុស្សដ៏ទៃទៀតដែរ ប៉ុន្តែខ្ញុំត្រូវទុកវាមួយកន្លែងសិន ព្រោះដឹងច្បាស់ថា សេដ្ឋកិច្ចគ្រួសាររបស់ខ្ញុំវាទន់ខ្សោយ។
ខ្ញុំំមិនធ្លាប់សុំអ្វីពីឪពុកម្តាយទេ ព្រោះខ្ញុំគិតថា បើខ្ញុំលាដៃសុំប្រាក់ពុកម៉ែងាយៗនោះវាដូចជាមិនយល់ពីអ្វីទាំងអស់ពីស្ថានភាពគ្រួសារ គឺខណៈដែលលោកទាំងទ្វេស៊ូអត់ឃ្លានដើម្បីសន្សំប្រាក់នោះ...
ខ្ញុំនៅចាំបានថា មានពេលមួយនោះ ខ្ញុំបានហាមាត់សុំប្រាក់អ្នកម៉ែ៖
“ម៉ែៗ កូនចង់សូមប្រាក់ម៉ែខ្លះទៅបង់រៀនបន្ថែម... កូនចង់រៀនបន្ថែមទៀត...”
“កុំរៀនអីកូនអើយ! ផ្ទះយើងឥឡូវនេះមានការចាយវាយច្រើនណាស់ ប្រសិនបើកូនរៀនបន្ថែមទៀតនោះ តើថ្លៃទឹក ភ្លើង រាល់ខែ ម៉ែបានប្រាក់មកពីណាមកចំណាយ?”
នេះជាចម្លើយដែលធ្វើឲ្យខ្ញុំស្អិតទឹកមាត់ ជាប់បំពង់ក បង្ហាញពីការសោកស្តាយ តូចចិត្ត និងខុសបំណង
វាមកស្ទះជាប់ក្នុងក្រឡើតរបស់ខ្ញុំ ហើយដំណក់ទឹកមូលៗថ្លាៗ បានរមៀលចេញពីកែវភ្នែករបស់ខ្ញុំ... ទីបំផុតខ្ញុំចាំបាច់ត្រូវរៀនដោយខ្លួនឯង ខ្ញុំមិនលះបង់សេចក្តីព្យាយាមនោះទេ ខ្ញុំនៅមានពុកម៉ែជាអ្នកផ្តល់កម្លាំងចិត្តឲ្យខ្ញុំជាដរាប។ ខ្ញុំបានក្លាយជាសិស្សពូកែនៅក្នុងថ្នាក់ ជាសិស្សពូកែប្រចាំសាលា គ្រប់ៗគ្នាសរសើរខ្ញុំមិនដាច់ពីមាត់ ពុកម៉ែរីករាយនឹងលទ្ធផលរបស់ខ្ញុំ ទោះបីវាជារបស់សដែលតូចតាចនៅក្នុងខ្សែភ្នែករបស់អ្នកដែលមានសមត្ថភាពខ្ពស់ជាងខ្ញុំក៏ដោយ ប៉ុន្តែវាផលសម្រេចដ៏ធំធេងរបស់ខ្ញុំ។
ក្រោយមកហេតុការណ៍ដែលគ្មាននរណាម្នាក់ស្មានត្រូវនោះបានមកកើតលើគ្រួសាររបស់ខ្ញុំ... ល្ងាចនោះ ពុកត្រឡប់មកផ្ទះខុសពីប្រក្រតី... ពុកធ្វើដំណើរចូលមកក្នុងផ្ទះទាំងទ្រហែបទ្រហប ព្រជាមួយពាក្យប្រាប់ម៉ែថា គាត់ត្រូវឆ្នោតរង្វាន់ទី១ ណា៎! ទៀតផង។
ខ្ញុំហើយនឹងម៉ែនិយាយអ្វីមិនចេញ។ ពុកឱបម៉ែជាប់ ម៉ែស្រក់ទឹកឹកភ្នែកដោយក្តីរំភើប៖
“ឪវា... ឪវាឯងគិតឃើញយ៉ាងម៉េចបានជាទៅទិញលេខឆ្នោត... រាប់សិបឆ្នាំហើយ ខ្ញុំមិនធ្លាប់ឃើញឯងនឹកនារឿង ឆ្នោត អ្វីទេ” ម៉ែសួរទៅពុកទាំងទឹកភ្នែកពេញក្នុងកែវភ្នែក។
ពុកប្រាប់រឿងរ៉ាវយលសប្តិឲ្យម៉ែស្តាប់។ ពុកនិងម៉ែស្រវាបឱបគ្នាដោយទឹកភ្នែកនិងក្តីរំភើប។ គ្រួសារពេលនោះប្រៀបបានទៅនឹងទឹកភ្លៀងមួយមេធំធ្លាក់មកស្រោចស្រពផ្ទៃដីដ៏បែកក្រហែងឲ្យសើមជោគជាំអ៊ីចឹង។
ចាប់តាំងពីពេលនោះមកគ្រួសារឪពុកម្តាយកូនយើង ប្រៀបបាននឹងរុក្ខជាតិដែលត្រូវទឹក និងជីវជាតិ ក៏ចាប់
ផ្តើមពន្លកត្រួយថ្មី គឺបានផ្លាស់ប្តូរពីសភាពមួយទៅជាសភាពមួយទៀតដែលមិនគួរឲ្យជឿ... ពុក និងម៉ែបានផ្លាស់ប្តូរមុខរបរថ្មីរៀងខ្លួន ពួកគាត់បានបើកហាងលក់ឥវ៉ាន់យ៉ាងធំ... ចំណែកខ្ញុំមកដល់ពេលនេះរៀនថ្នាក់ទី១១ដែរ។ គ្រួសាររបស់ខ្ញុំមានផ្ទះថ្មីមួយខ្នងស្អាតធំទូលាយ ពុក និងម៉ែក៏ទិញរថយន្តថ្មីទំនើប ពួកគាត់មិនជិះម៉ូតូទៀតទេ ហើយអ្នកម៉ែក៏មិនចាំបាច់ក្រោកពីព្រលឹមដើម្បីទៅទទួលលើកបន្លែពីគេមកលក់ទៀតដែរ។ មួយរយៈក្រោយមកគ្រួសារខ្ញុំបានបង្កើតជាសាខាលក់ដូរជាច្រើនកន្លែងនៅតាមខេត្ត។ ភាពសប្បាយហ៊ឺហា មានទ្រព្យសម្បត្តិហូរហៀរបែបនេះ ធ្វើឲ្យពុកម៉ែគ្មានឱកាសនៅក្បែរខ្ញុំទៀតទេ ខ្ញុំដូចជាគ្មានភាពកក់ក្តៅអ្វីបន្តិចសោះឡើយ។ ពេលខ្លះគាត់ទៅចោលខ្ញុំមួយអាទិត្យ មួយខែក៏មាន គាត់ទុកខ្ញុំចោលឲ្យនៅម្នាក់ឯង ខ្ញុំយកភាពអផ្សុកជាមិត្ត ។ ប៉ុន្តែទោះជាយ៉ាងណាក៏ខ្ញុំត្រូវអត់ធ្មត់ដូចពីមុនអញ្ចឹងដែរ ហើយព្យាយាមផ្តល់កម្លាំងចិត្តឲ្យខ្លួនឯងរហូត...
សព្វថ្ងៃគ្រួសាររបស់ខ្ញុំមានទ្រព្យសម្បត្តិប្រាក់កាសជាច្រើន ចង់បានអ្វីក៏បានភ្លាម។ ខ្ញុំមានមិត្តភ័ក្តិច្រើនគួរសមដែរ ម្នាក់ៗចង់ដើរលេងជាមួយខ្ញុំ។ ខ្ញុំមានម៉ូតូហុងដាសេ១០០ សេរីឆ្នាំថ្មី ជាកាដូថ្ងៃខួបកំណើតរបស់ខ្ញុំគម្រប់១៧ឆ្នាំ។ ខ្ញុំទៅសាលាដោយម៉ូតូថ្មីនេះទៅបង្អូតពួកម៉ាកជានិច្ច មិត្តភ័ក្តិរបស់ខ្ញុំសរសើរពីម៉ូតូថ្មីរបស់ខ្ញុំអារម្មណ៍របស់ខ្ញុំប្រកបដោយសេចក្តីសុខ វាជាសេចក្តីសុខរបស់ខ្ញុំដែលមិនធ្លាប់មាន។ ខ្ញុំប្តូរពីទម្លាប់ហៅពុកៗម៉ែៗ ទៅជាប៉ាៗម៉ាក់ៗវិញ។ មួយរយៈនេះលោកប៉ាអ្នកម៉ាក់មិនចូលចិត្តទៅណាជាមួយគ្នានោះទេ ពេលដែលម៉ាក់នៅផ្ទះប៉ារវល់នៅខាងក្រៅ នៅពេលដែលប៉ានៅផ្ទះម៉ាក់ចេញទៅខាងក្រៅ។ ប៉ាម៉ាក់នៅពេលនេះចាប់ផ្តើមឮមាត់ឮកដាក់គ្នា រហូតមានប្រើហិង្សាទៀតផង។ រឿងរ៉ាវទាំងអស់ក៏ព្រោះតែលោកប៉ាទៅមានស្រីនៅតាមខេត្ត ប៉ាទៅរកពួកគេរហូតមិនសូវចូលផ្ទះទេ ចំណែកម៉ាក់ក៏ចាប់ផ្តើមមានមិត្តភ័ក្តិពួកម៉ាក លេងល្បែងស៊ីសង ប៊ីប៉ោ ផឹកស៊ី ពេលត្រឡប់ចូលផ្ទះយប់ជ្រៅ ហើយគាត់ចូលចិត្តនាំប្រុសក្មេងមកជាមួយផងដែរ។ បុរសដែលជារឿយៗម៉ាក់នាំចូលមក្នុងផ្ទះនោះគេអាយុតិចជាងម៉ាក់ជាងដប់ឆ្នាំឯណោះ គេចូលចិត្តចោលខ្សែភ្នែកដ៏ពិសពុលរបស់គេមកលើរូបខ្ញុំជានិច្ច ម៉ាក់មិនដែលសង្កេតសកម្មភាពរបស់គេឡើយ។ ក្រោយមកប្រុសម្នាក់នោះចូលមកក្នុងផ្ទះជាមួយម៉ាក់កាន់តែញឹកទៅៗ។ ពាក្យថា “ពូ” ជាពាក្យដែលខ្ញុំបានឮ ចេញពីមាត់ម្តាយខ្ញុំ គាត់ណែនាំឲ្យខ្ញុំ ឲ្យស្គាល់គេ។ វាជាសុបិនរបស់ខ្ញុំដែលមិនអាចទទួលយកបាន ម៉ាក់បានហៅខ្ញុំឲ្យទៅជួបនៅក្នុងបន្ទប់ទទួលភ្ញៀវគាត់ណែនាំបុរសនោះឲ្យខ្ញុំស្គាល់៖
“នីត នេះពូដេត គាត់ជាឪពុកថ្មីរបស់កូន ជម្រាបសួរពូទៅកូន!”
សម្តីរបស់អ្នកម៉ាក់បានត្របាក់ផ្តាច់ទងប្រម៉ាត់បេះដូងខ្ញុំ។ ខ្ញុំស្តាប់អ្វីមិនចូលក៏ស្ទុះចូលទៅក្នុងបន្ទប់
គេង។ ខ្ញុំតឹងទ្រូងរកនិយាយអ្វីលែងរួច ខ្លួនប្រាណខ្ញុំប្រៀបបាននឹងមេឃបាក់សង្កត់ពេលដែលឮពាក្យថា “ឪពុកថ្មី” ដូចជាអ្វីៗលើផែនដីនេះឈប់វិលអីចឹង។
ពីមុនខ្ញុំមិនបានដឹងថា គ្រួសាររបស់ខ្ញុំជំពាក់បំណុលគេច្រើនប៉ុនណានោះទេ។ មុខជំនូញរបស់គ្រួសារត្រូវបានគេរឹបអូស ហាងទំនិញ ដីធ្លី រថយន្ត ត្រូវបានធនាគារលក់ឡៃឡុងចោលដើម្បីដោះបំណុល។ មកដល់ពេលនេះម៉ាក់ចាប់ផ្តើមបន្ថែមគ្រឿងស្រវឹងច្រើនជាងមុន... ប៉ាបានចុះទៅតាមខេត្ត រយៈពេលយូរទៅៗត់មួយខែជាពីរខែ ទើបត្រឡប់មកផ្ទះ គាត់ចូលផ្ទះម្តងៗ គ្មានអ្វីក្រៅពីឈ្លោះប្រកែកគ្នា ហើយវាយឆ្នាំងវាយចាននោះឡើយ ខ្ញុំមិនដឹងជាត្រូវធ្វើដូចម្តេចចំពោះរូបភាពទាំងអស់នោះទេ...។
ខ្ញុំសញ្ជឹងគិត គិតហើយគិតទៀត ពីបញ្ហាគ្រួសារ ដែលពេលនេះមិនអាចនឹងរកច្រកចេញបាន... រឿងទាំងអស់នេះគឺវាកើតឡើងពីបញ្ហាតែមួយគាត់គឺ “លុយ” លុយជាដើមហេតុ ដែលធ្វើឲ្យគ្រួសារខ្ញុំផ្លាស់ប្តូរទៅជា
បែបនេះ។ លុយបានបំផ្លាញជីវិតដ៏សែនស្ងប់សុខ ជីវិតពោរពេញដោយភាពសុខដុមរមនានៃថ្ងៃមុន ទោះបីវាមិនមែនជាសេចក្តីសុខខាងផ្លូវកាយក៏ដោយ ប៉ុន្តែវាជាសេចក្តីសុខខាងផ្លូវចិត្តដែលពិបាកនិងរកបានកាលគ្រាកន្លង... ប្រសិនបើខ្ញុំអាចទាញពេលវេលាឲ្យត្រឡប់ថតក្រោយបាននោះ ខ្ញុំនិងធ្វើភ្លាម មិនឲ្យគ្រួសាររបស់ខ្ញុំផ្លាស់ប្តូរបែបនេះទេ មិនឲ្យប៉ាគាត់ត្រូវឆ្នោត ចង់ឲ្យម៉ាក់មានអាជីពដូចមុន មុខរបររបស់អ្នកម៉ាក់ជារបរដែលបានប្រាក់តិចតូច ហើយស្ថិតថេរ ជារបរដែលសុច្ចរិត វាមិនដូចជារបររបស់ប៉ាម៉ាក់នៅពេលនេះមានតែស្រមោល និងការបោកប្រាស់។
រយៈពេលចុងក្រោយនេះការសិក្សារបស់ខ្ញុំចាប់ធ្លាក់ចុះជាលំដាប់។ ខ្ញុំក្លាយជាសិស្សដែលមិនចូលសាលារៀន ព្រោះតែខ្ញុំចង់ចេញទៅខាងក្រៅផ្ទះដើម្បីសម្រួលអារម្មណ៍ស្មុគ្រស្មាញ។ នុតជាមិត្តស្រីរបស់ខ្ញុំ។ នាងជាកូនស្រីម្នាក់ដែលឪពុកម្តាយលែងលះហើយរស់នៅជាមួយយាយ នាងខ្វះភាពកក់ក្តៅក្នុងជីវិតដូចជាខ្ញុំនាពេលនេះដែរ។ នុតមិនខុសពីខ្ញុំទេពេលនេះ នាងជាសិស្សដែលពូកែគេចសាលារៀន។ នាងជាមិត្តដ៏ល្អម្នាក់ដែលយល់ចិត្តខ្ញុំ យើងទាំងពីរនាក់មានរឿងរ៉ាវមិនខុសគ្នាទេ។ ខ្ញុំត្រូវបានលោកគ្រូនាយកសាលាហៅមកព្រមានដាស់តឿនជារឿយៗ។ លោកគ្រូស្តីបន្ទោសពួកយើងទាំងពីរ យ៉ាងតិចពីដងក្នុងមួយសប្តាហ៍ ប្រយោគស្តីបន្ទោសរបស់លោកគ្រូអ្នកគ្រូនៅងំក្នុងត្រចៀករបស់ខ្ញុំជានិច្ចនៅពេលដែលខ្ញុំអង្គុយក្នុងថ្នាក់រៀន។
រាត្រីមួយនុតបាននាំខ្ញុំទៅរាំនៅក្លឹបមួយកន្លែងកណ្តាលក្រុង។ នុតបានបំពេញបំណងខ្ញុំនៅពេលដែលខ្ញុំមានសំណូមពរឲ្យនាងជួយធ្វើឲ្យខ្ញុំសប្បាយចិត្ត។ វាជាលើកទីមួយហើយដែលខ្ញុំស្គាល់ក្លឹបរាត្រី។ មុនដំបូងខ្ញុំមានអារម្មណ៍ប្លែកៗ រសេះរសោះអ្វីម្យ៉ាងមិនដឹង ក្រោយមកខ្ញុំចាប់ផ្តើមក្រេបប៊ៀយែរបន្តិចម្តងៗ រហូតអស់ពីកែវ។ នៅពេលដែលជាតិស្រវឹងបានជ្រាបដល់ខួរក្បាលខ្ញុំមានចាប់ផ្តើមក្លាហានហើយរាំយឺតៗតាមតន្រ្តី។ វាជាសេចក្តីសុខម្យ៉ាងសម្រាប់ខ្ញុំដែលមិនធ្លាប់ជួបប្រទះពីមុនមក ខណៈមានបុរសម្នាក់បានដើរមករកខ្ញុំ៖
“សូមជល់កែវមួយមក បានឬទេអ្នកនាង?”
ខ្ញុំធ្វើតាមសំណូមពររបស់គេ។ គេជាបុរសម្នាក់ដែលសង្ហាហើយសុភាព យប់នោះយើងបានស្គាល់គ្នា។ “នីត ឲ្យខ្ញុំសូមលេខទូរស័ព្ទបានឬទេ សង្ឃឹមថា នារីរូបស្អាតបែបនេះមិនស្អប់ខ្ពើមខ្ញុំនោះទេ?”
សំនួររបស់គេខ្ញុំមិនបានឆ្លើយទេ ប៉ុន្តែអ្នកដែលឆ្លើយនោះគឺនុតមិត្តស្រីរបស់ខ្ញុំ ហើយក៏ជាមិត្តចាស់របស់នាងដែរ។ ប្រយោគនេះជាប្រយោគដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល ហើយជាប្រយោគដែលខ្ញុំទើបតែបានឮ ។ បុរសនោះឈ្មោះណារ៉ា។ ណារ៉ាជាមិត្តថ្មីរបស់ខ្ញុំហើយជាមិត្តដែលពិសេសជាងមិត្តភ័ក្តិដទៃដែលខ្ញុំធ្លាប់សេពគប់កន្លងមក។
រាត្រីទីមួយរបស់ខ្ញុំនៅក្នុងក្លឹបនោះក៏បានកន្លងផុតទៅយ៉ាងរហ័ស។ ការរាំរែកក៏បានចប់ទៅ... រាត្រីនោះខ្ញុំមានណារ៉ា ជាអ្នកជួនមកផ្ទះ។ ដាក់ខ្នងដល់ពូកភ្នែករបស់ខ្ញុំបិទមិនជិតព្រោះតែវង់ភ័ក្ត្ររបស់ណារ៉ា។ ព្រឹកឡើងនុត និងខ្ញុំជជែកគ្នាពីរឿងរ៉ាវសប្បាយកាលពីរាត្រី ដោយមិនបានគិតថា ខ្លួនកំពុងអង្គុយរៀន រហូតដល់អ្នកគ្រូអត់ទ្រាំពុំបានដេញពួកយើងចេញពីបន្ទប់រៀន។ ក្រោយមកពួកយើងទាំងពីរត្រូវាបានសាលាសម្រេច ឲ្យត្រួតថ្នាក់។ ខ្ញុំ និងនុតមិនបានឡើងថ្នាក់ទី១២ ដូចមិត្តភ័ក្តិដទៃទៀតទេ។ លទ្ធផលដ៏សែនទាល់ច្រកនៃការសិក្សារបស់ខ្ញុំមិនអាចពិភាក្សាជាមួយនរណាម្នាក់បានទេក្រៅពីនុត។ ពេលនេះហើយដែលខ្ញុំអស់ផ្លូវដើរ ពាក្យសើចចំអករបស់មិត្តភ័កិ្តក្នុងថ្នាក់់បានធ្វើឲ្យត្រចៀករបស់ខ្ញុំហឹងរកស្តាប់អ្វីមិនត្រូវ ឱរាស្ទើរតែប្រេះធ្លាយ ពាក្យស្តីបន្ទោសរបស់លោកគ្រូអ្នកគ្រូ។
ពីថ្ងៃនោះមកខ្ញុំចាប់ផ្តើមដើរតាមផ្លូវតែម្នាក់ឯង ខ្ញុំចង់ឃើញមុខណារ៉ា ព្រោះសង្ឃឹមថា ណារ៉ាអាចជួយ់ឲ្យខ្ញុំបានសប្បាយចិត្តខ្លះ ប៉ុន្តែឧបសគ្គរបស់ខ្ញុំគឺខ្ញុំគ្មានអ្វីទំនាក់ទំនងទៅណារ៉ាព្រោះខ្ញុំគ្មានទូរស័ព្ទ ចំណែកទូរស័ព្ទលើកតុនៅផ្ទះខ្ញុំក៏ត្រូវបានកាត់ផ្តាច់ដោយមិនបានបង់ប្រាក់។ ខ្ញុំសុំយោបល់នុតពីមធ្យោបាយជួបណារ៉ា។ នុតបានឲ្យយោបល់ខ្ញុំទិញទូរស័ព្ទមួយគ្រឿងដើម្បីទាក់ទងទៅណារ៉ា នាងប្រាប់ថា បើគ្មានទូរស័ព្ទមិនទាន់សម័យទេ។ ក្រោយមកខ្ញុំព្យាយាមលួចលុយរបស់ប៉ាដើម្បីទិញទូរស័ព្ទ។ ប៉ាគាត់មិនបានដឹងទេព្រោះលុយគាត់ទុកចោលក្នុងហោប៉ៅ។ ក្រោយពីទិញទូរស័ព្ទបានមកនុតបានបបួលខ្ញុំជប់លៀងទូរស័ព្ទថ្មីនោះ ខ្ញុំធ្វើតាមសំណូមពររបស់នុត ប៉ុន្តែខ្ញុំបានឲ្យនុតណាត់ណារ៉ាមកចូលរួមផងដែរ។
ល្ងាចនោះនុតបានទៅណាត់ណារ៉ាមកដូចបំណងរបស់ខ្ញុំ។ រាត្រីនោះយើងទាំងបីនាក់បានរាំលេងនៅក្លឹបរាត្រីមួយបន្ទាប់ពីនាំគ្នាទៅជប់លៀងទូរស័ព្ទថ្មីនៅព្រែកលៀបមក។ យប់នោះខ្ញុំមានអារម្មណ៍ថា ខ្លួនឯង
ស្រវឹងជាខ្លាំងរហូតបាត់ស្មារតីម្តងៗ ពេលដែលខ្ញុំដឹងខ្លួនឡើងស្រាប់តែខ្ញុំនៅក្នុងបន្ទប់ជាមួយណារ៉ា ដោយខ្លួនប្រាណអាក្រាត គ្មានសម្លៀកបំពាក់នៅជាប់នឹងខ្លួនប្រាណមួយបំណែកឡើយ។ អ្វីៗបានកន្លងផុតទៅហើយ ខ្ញុំមិនដឹងត្រូវធ្វើដូចម្តេចបន្តទៀតទេ មានតែអង្គុយសម្រក់ទឹកភ្នែកដូចមនុស្សដែលគ្មានវិញ្ញាណ។ ណារ៉ាបានលួងលោមទទួលខុសត្រូវលើកកំហុសរបស់គេ គេធ្វើនេះព្រោះតែស្រឡាញ់ខ្ញុំ។ ចាប់តាំងពីរាត្រីនោះមកខ្ញុំបានទទួលភពមួយថ្មីទៀតដែលណារ៉ាជាអ្នកបង្កើតវា វាជាឋានសួគ៌យ៉ាងមនោរម្យ យើងទាំងពីរជិះម៉ូតូឌុបគ្នាជាគូៗ ទៅកំសាន្តនៅកន្លែងផ្សេងៗ ផឹកស៊ី រហូតដល់ពេលស្រវឹងយើងនាំគ្នាទៅគេងនៅផ្ទះសំណាក់ជាប្រចាំ។ ថ្ងៃមួយណារ៉ាបាននាំខ្ញុំទៅកន្លែងមួយដែលខ្ញុំមិនធ្លាប់ឃើញ គេបានណែនាំខ្ញុំឲ្យមិត្តភ័ក្តិស្រីប្រុសរបស់គេផ្សេងទៀតបានស្គាល់។
ពេលនេះខ្ញុំក្លាយជាមនុស្សដែលគ្មានការងារធ្វើ ក្រៅពីដើរលេងពេញមួយថ្ងៃ និងលួចយកលុយកាក់ក្នុងផ្ទះទៅចាយ បើថ្ងៃណាលួចមិនបានខ្ញុំតែងតែយករបស់របរនៅក្នុងផ្ទះទៅលក់។ រាងកាយរបស់ខ្ញុំស្លេកស្លាំងប្រាស់ចាកភាពស្រស់បំព្រង ស្អាតផួរផង់ មកជាក្មេងអនាថា ស្រីពាលាអាវាសែ ជាក្មេងទំនើង ទីបំផុតខ្ញុំក្លាយជាក្មេងទំនើងក្នុងបញ្ជើខ្មៅរបស់តម្រួត ព្រោះតែរឿងថ្នាំញៀនស្រវឹងរបស់ណារ៉ា។ ពេលដែលខ្ញុំគ្មានលុយទិញថ្នាំទេ ខ្ញុំតែងតែកាត់សរសៃឈាមបឺតឈាមដើម្បីបន្ថយភាពញៀន។ ចំណែកណារ៉ាពេលនេះគេបានឃ្លាតពីខ្ញុំគេហាក់ដូចជាតោះតើយជាមួយខ្ញុំ រហូតបាត់ស្រមោល ខ្ញុំគិតថា គេបោះបង់ខ្ញុំចោលហើយ អ្វីៗរបស់ខ្ញុំបានរុះរោយដោយស្នាដៃរបស់គេ រីឯមិត្តនារីរបស់ខ្ញុំនុតក៏បានបោះបង់ខ្ញុំចោល ខ្ញុំមិនបានជួបគេចាប់តាំងពីណារ៉ាទៅបាត់ៗជាមួយខ្ញុំ។
ពេលនេះជីវិតដែលធ្លាប់តែហ៊ឺហារបស់ខ្ញុំប្រែជាឯកា ព្រោះតែគ្មានណារ៉ានៅក្បែរ។ ខ្ញុំមានអារម្មណ៍ញ័រសាច់ វិលមុខម្តងម្កាល ណាយអាហារ ពេលខ្លះក្អួតចង្អោរស្ទើរដាច់ខ្យល់។ ខ្ញុំព្យាយាមត្រដរខ្លួនទៅមន្ទីរពេទ្យដើម្បីឲ្យពេទ្យពិនិត្យសុខភាពរកមួលហេតុនៃភាពខុសប្រក្រតីរបស់ខ្ញុំ លទ្ធផលបានចេញមកធ្វើឲ្យខ្ញុំស្ទើរតែដាច់បង្ហើម។ គ្រូពេទ្យប្រាប់ថា ខ្ញុំមានផ្ទៃពោះជាងពីរខែហើយ ហើយបានហាមមិនឲ្យខ្ញុំប្រើថ្នាំញៀនបន្តទៀត បើមិនដូច្នោះខ្ញុំនឹងមានបញ្ហាធំដល់ជីវិត។ ឈានជើងចេញេពីមន្ទីរពេទ្យឯកជនមួយនៅម្តុំក្បាលថ្នល់ ខ្ញុំសម្រេចចិត្តឡើងទៅលើស្ពានអាកាសដើម្បីធ្វើអ្វីមួយលុបលាងរឿងរ៉ាវ ស្លាកស្នាមរបួស ប៉ុន្តែត្រូវតម្រួតតាមឃ្លាំមើល ខ្ញុំធ្វើអ្វីមិនកើត។
ជីវិតរបស់ខ្ញុំពីមួយថ្ងៃទៅមួយថ្ងៃចាប់ផ្តើមងងឹតសូន្យសុងជាដរាប តើខ្ញុំនឹងយកមុខទៅជួបប៉ាម៉ាក់បានយ៉ាងដូចម្តេច ត្រូវដោះស្រាយយ៉ាងណាជាមួយមនុស្សជុំវិញខ្លួន វិធីដោះស្រាយរបស់ខ្ញុំមានតែមួយគត់គឺកូនដបនេះទេ ដែលអាចបញ្ចប់អ្វីៗដែលខ្ញុំបានសាងឡើង បញ្ចប់អ្វីៗដែលជាភាពគម្រក់របស់ខ្ញុំ...
“អូ! ភ្ញាក់ហើយ!” សម្លេងរបស់ម្តាយខ្ញុំ។ គាត់កំពុងអង្គុយនៅក្បែរគ្រែរបស់ខ្ញុំគេង។ ទឹកភ្នែករបស់គាត់ជោគជាំថ្ពាល់ គាត់យំខ្សឹកខ្សួល៖
“នីត កូនម៉ែ! ឲ្យម៉ែសូមទោសណា៎... កន្លងមកម៉ែមិនបានមើលថែរក្សាកូនដោយខ្លួនឯង ម៉ែធ្វើខុស មករហូត ពេលនេះម៉ែដឹងកំហុសហើយ ម៉ែបានដឹងច្បាស់ពីកាតព្វកិច្ចជាម្តាយហើយកូន... ពេលនេះដេត គេបានទៅចោលម៉ែហើយ គេបោកប្រាស់ម៉ែអស់ពីខ្លួន ពេលនេះម៉ែនឹងនាំកូនកសាងជីវិតថ្មី...” ខ្ញុំស្រវាឱបម្តាយខ្សឹកខ្សួលទាំងកណ្តាលរាត្រីស្ងាត់។
ថ្ងៃបន្ទាប់មកទៀតពេលដែលខ្ញុំបានជាសះស្បើយ លោកគ្រូពេទ្យបានប្រាប់ខ្ញុំថា ទារកនៅក្នុងផ្ទៃរបស់ខ្ញុំបានស្លាប់បាត់ហើយ ព្រោះតែឥទ្ធិពលថ្នាំដែលខ្ញុំបានលេបសម្លាប់ខ្លួននោះ។
សម្លេងបក្សាបក្សី ស្រែកច្រៀងយ៉ាសប្បាយខ្ញៀវខ្ញាអបអរថ្ងៃថ្មីនៃជិវិត។ ដែលផ្ទុយស្រឡះពីខ្ញុំដែលគិតថា ជិវិតរបស់ខ្លួនឯងប្រៀបបានទៅនឹងវត្ថុដ៏ធ្ងន់ព្យួរជាមួយខ្សែឆ្មារតូចមួយសរសៃ មានថ្ងៃណាមួយខ្សែដ៏ឆ្មារតូចនោះវានឹងដាច់ធ្លាក់មកដី... ពេលដែលវាដាច់ទៅជិវិតប្រៀបបាននឹងកូនបក្សីដ៏តូចដែលកំពុងហោះហើរកាត់ខ្យល់ព្យុះភ្លៀងគ្មានទិសដៅ។ ខ្ញុំសម្រេចចិត្តទៅរកណារ៉ា ហើយលើកលែងទោសកំហុសដែលគេបានធ្វើមកលើខ្ញុំ ព្រោះខ្ញុំគិតថា វាជាស្នេហាគ្រាដំបូងរបស់ខ្ញុំ... ប៉ុន្តែពេលទៅដល់ដល់មុខបន្ទប់គេ ស្រាប់តែខ្ញុំឮណារ៉ាកំពុងនៅជាមួយនារីម្នាក់ គេកំពុងនិយាយពីរាត្រីដំបូងដែលខ្ញុំនៅក្នុងកណ្តាប់ដៃរបស់គេ តាមការពិតរឿងរ៉ាវដែលកើតឡើងនៅរាត្រីនោះវាជាស្នាដៃរបស់ពួកគេ។ នុតបានដាក់ថ្នាំក្នុងកែវស្រារបស់ខ្ញុំ។ នុតជាមនុស្សដែលគ្រោះថ្នាក់បំផុត។ ខ្ញុំឈានជើងចេញពីទីនោះ ហើយដើរទៅមុខដោយគ្មានព្រំដែន។ ខ្ញុំព្យាយាមបំភ្លេចពួកគេ បំភ្លេចស្នេហាគ្រាដំបូងដ៏អប្រិយនោះចេញពីខួរក្បាលរបស់ខ្ញុំ។
ជាច្រើនខែក្រោយមកឪពុករបស់ខ្ញុំត្រូវតម្រួតចាប់ខ្លួនពីបទបោកប្រាស់ និងវាយដំប្រពន្ធចុងរបស់គាត់។ ចំណែកខ្ញុំ និងម៉ែបានចាប់ផ្តើមជីវិតថ្មីមួយនៅក្នុងកូនខ្ទមដ៏តូចមួយលើដីឡូតិ៍មួយកន្លែងដែលជាកេរ្តិ៍ចុងក្រោយរបស់ជីតានៅឯកៀនស្វាយ។ ខ្ញុំនិងម៉ែបានធ្វើសួនបន្លែ ហើយយកផលបន្លែទៅលក់នៅឯផ្សារ។ ជីវិតដែលជួបប្រទះនូវរឿងរ៉ាវកន្លងមកជាមេរៀន ដ៏ធំធេងដែលធ្វើឲ្យខ្ញុំមានសេចក្តីសង្ឃឹមថ្មី... មកដល់ពេលនេះខ្ញុំមានជីវិតថ្មីម្តងទៀត។ ខ្ញុំត្រៀមខ្លួនរួចជាស្រេច នឹងដើរទៅមុខជាមួយសេចក្តីសុខក្នុងពិភពលោកនៃការពិត។
ព្រះអាទិត្យនាពេលសាយ័ណ្ណ បានសន្សឹមៗបាំងបាត់ទៅនឹងបុព្វតានៃបច្ចឹមទិស រស្មីរុងរោចន៍ចិញ្ចែងចិញ្ចាយចុងក្រោយបានបាចសាចលើវាហាកាស... វាជារស្មីចុងក្រោយដែលធ្វើឲ្យជីវិតរបស់ខ្ញុំកក់ក្តៅមនោរម្យសារជាថ្មី...៕
សម្រួលថ្មី, ៣១ ធ្នូ ២០១០
ប៉ាកកាខ្មែរ
2 comments:
So good story! I like it. My team was around my face too when I read this story! Thank writer!
Thank your for your comments.
I thinks it so small in my written. I always try to write...
I have no time to traint about writing in Khmer yet.
Post a Comment