Monday, September 17, 2012

ច្រកចេញនៃជីវិត

ច្រកចេញនៃជីវិត
                                    និពន្ធដោយ ឡឹក ជំនោរ
ថ្ងៃព្រហស្បតិ៍ ទី៦ ខែកញ្ញា ឆ្នាំ២០១២ ។ ខ្ញុំធ្វើដំណើរកាត់ដំណក់ទឹកភ្លៀងប្រុយៗ សំដៅច្រកពិនិត្យចេញពី​ព្រំដែនខ្មែរ-ថៃ ចំណុចអូរស្មាច់ ខេត្តឧត្តរមានជ័យ។ ពិនិត្យសំណុំបែបបទរួច​ ខ្ញុំក៏ឈានជើងចូលទៅលើទឹកដី​មាតុ​ភូមិ... ឈានមិនទាន់បាន​ប៉ុន្មាន​ជំហានផងស្រាប់តែឮសំឡេងក្មេងស្រីប្រុសពីរបីនាក់ ស្រែកហៅខ្ញុំ​ជាភាសាថៃ “ប៉ា ប៉ា សុំ ប្រាំបាតទិញបាយហូប” ខ្ញុំងាកមកឃើញមុខពួកវា រួចក៏ខ្វេះកាក់បាតឱ្យម្នាក់១០ បាទ វាតបជាភាសាខ្មែរវិញ​ថា “អរគុណ” បន្ទាប់ពីខ្ញុំនិយាយប្រាប់ពួកគេថា “ពូគ្មាន​កាក់បាតច្រើនទេ”​ ហើយវាក៏លែង​​​ ដើរតាម។ ​មិនទាន់​បោះ​ជំហាន​​បាន​ប៉ុន្មានទៅមុខផង ​ស្រាប់តែឃើញ​ស្រី្តម្នាក់អង្គុយសំកុក​ឱប​កូនង៉ាតូចញ័រចំប្រប់​សំឡេងខ្សាវៗរណ្តំថ្គាម “ពូសុំ១០បាតមក​​​ទិញ​ទឹកដោះគោឱ្យកូន ខ្ញុំគ្មាន​ទឹកដោះទេ​” ខ្ញុំឈរដោយភាពហួ​សវិស័យ នឹក​គ្រប់យ៉ាង​ទៅអនាគត​ក្មេង វាសនា​​កុមារ​​ខ្មែរ  ខ្ញុំក៏ហូតក្រដាសប្រាក់២០បាទឱ្យគាត់។
ភ្លៀងចាប់ផ្តើមក្រាស់ស្តើងៗតាមកម្លាំងរបស់ខ្យល់​។ទិដ្ឋភាពស្រុកខ្មែរមើលពីលើកំពូលភ្នំអូរស្មាច់ហាក់បីដូច​ជា​ស្រស់ញញឹមម្យ៉ាង ស្រស់ញញឹមជាមួយស្លាកស្នាមអតីតកាល​នៃសង្គ្រាម​កម្ពុជា "ដែនដីអូរស្មាច់ឆ្ងាយដាច់ពីរភ្នំ" ។  ទោះបីមេឃភ្លៀង​ធ្លាក់​យ៉ាង​ណា ក៏ខ្ញុំនៅតែញញឹមដោយភាពកក់ក្តៅ​ នៅពេល​បាន​ជាន់ទឹកដី​ខ្មែរម្តងៗ។ មិន​ទាន់ទាំង​អស់អារម្មណ៍​សប្បាយហេហាពេលឃើញទឹកដីកំណើតផង​ លោក​គ្រូថៃ​ម្នាក់ក៏ទូរសព្ទ ប្រាប់ថា ខ្ញុំត្រូវមកបន្ទាន់ជួយការងារ​លោក​សិន​សឹមទៅផ្ទះ... ខ្ញុំក៏សម្រេចចិត្តបំពេញបែបបទចូលមក​ប្រទេសថៃវិញក្នុងថ្ងៃដដែល។
រងាតិចៗផង ខ្ញុំឈរឱបដៃតម្រង់ជួរដើម្បីពិនិត្យលិខិតឆ្លងដែនចូលស្រុកថៃវិញ។ សំឡេង​កញ្ចែបន្លឺ​ឡើងបីដង​ខ្ញុំងាករកសំឡេងនោះឆ្វេងស្តាំ “ពុទ្ធោ! រថយន្តឃ្លុបប៉ូលិសថៃ” ខ្ញុំគិតក្នុងចិត្តថា ប្រកដ​ជាមាន​បញ្ហាអ្វី​ទៀតហើយ។ មួយសន្ទុះស្រាប់តែទ្វាររថព័ណ៌ខ្មៅនោះរបើកមក មនុស្សប្រុសស្រី ក្មេងតូច និង​មនុស្សកំលោះក្រមុំ​ប្រមាណ២០ នាក់បាន​ចុះពីលើរថនោះដោយទឹកមុខក្រៀមក្រំ ភ័យខ្លាច។ បុរសសម្បុរស្រអែមសក់រួញម្នាក់ និងនាងក្រមុំបាន​ដឹកដៃគ្នា​ចុះ​ក្រោយ​គេស្របពេលសំឡេងសម្លុត​របស់​ប៉ូលិស “ឆាប់ឡើងៗ ​ទាំង​អស់គ្នា​អង្គុយចុះ...”  ម្នាក់ៗឱប​កាបូបស្ពាយ​អង្គុយចុះ។ ក្មេង​ក្រមុំម្នាក់នោះហាក់ដូចជាគ្រាហ៍កំលោះសក់រួញ​នោះ​ជាប់។  ខ្ញុំចាំបុរសនិងនារីម្នាក់​នេះ​បាន​​យ៉ាងច្បាស់​ពួកគេគេក៏មកដល់ទីនេះដែរ។
ក្នុងពេលឈរតម្រង់ជួររង់ចាំ​ខ្ញុំរំកិលខ្លួន​បន្តិចៗម្តង​រហូតបាន​ត្រួតពិនិត្យចូលមកក្នុង​ទឹកដីថៃ។ ខ្ញុំងាក​ក្រោយ​រំពៃជានិច្ចនូវ​វាសនារបស់ពួកគេដែល​កំពុង​នឹង​បញ្ជូនចូលស្រុកកំណើតវិញ  ហើយ​សង្ឃឹមថាពួកពលករ​ខ្មែរ​ឆ្លង​ដែន​ទាំង​នោះ​នឹង​យល់ច្បាស់​ហើយ​ស្រឡាញ់​ទីកំណើត របស់ខ្លួនកាន់តែខ្លាំង​នៅពេលដែល​បាន​ទទួលធម៌ក្តៅ​ពីអាជ្ញាធរ​ថៃ។ ​
ខ្ញុំបានធ្វើដំណើរចូលមកដល់ខេត្តស្រិន្ទ្រប្រទេសថៃ ប៉ុន្តែដោយ​ត្រូវ​ទៅរកទិញឯកសារ​ដែលរកដោយលំបាក​ផងនោះ ​ខ្ញុំត្រូវ​ខកដំណើររហូតយប់។ អ្វីៗបាន​ធ្វើឱ្យខ្ញុំរង់ចាំដដែល។  ខ្ញុំឆ្លៀត​ទៅទិញ​សាច់ក្រក​អាំង​ពីក្មេង​ប្រុស​ម្នាក់ដែល​លក់នៅមុខហាងសៀវភៅល្បីឈ្មោះមួយកន្លែង​នៅក្នុងទីរួមខេត្តនេះ។ ខ្ញុំច្រឡំនិយាយភាសាខ្មែរ​ដើម្បី​ទិញ​សាច់ក្រកគេ គេ​ក៏ធ្វើភ្នែកឡឹងឡង់ ក្នុង​សភាព​ភ័យផង​អរផង តបមក​នូវចម្លើយ​ដែល​ខ្ញុំមិនបាន​សួរ។
-​ បង​មកទីនេះ​ធ្វើអ្វីដែរ?  ខ្ញុំញញឹម មិនទាន់ឆ្លើយសំណួរក្មេង​ប្រុសនោះផង​ស្រាប់តែ​សំណួរថ្មី​បាន​មកដល់​មួយទៀត។
-​ បងធ្វើការអង្គការ ឬក្រុម​ស៊ើបការណ៍​ខ្មែរ? បង​អើយ​កុំធ្វើបាប​ខ្ញុំណា! ខ្ញុំក្រណាស់​បងស្រី​យក​មកឱ្យ​ជួយលក់នៅ​ទីនេះ គាត់ធានាគ្រប់យ៉ាង។
ចម្លើយដែលគ្មានសំណួរបាន​ចេញមកមិនឈប់រហូត​ខ្ញុំបញ្ឈប់វា។ អូនកុំខ្លាចបង បងខ្មែរ​ដូច​អូនដែរទេ បង​មក​រៀននៅស្រុកនេះ​ បងមក​រកសៀវភៅ​។ ចម្លើយសំណេះសំណាលរបស់ខ្ញុំធ្វើឲ្យ  ​គេក៏ចាប់ផ្តើម​រីករាយ​ដូចឃើញ​រង្វាន់ល្អមួយ​អ‍៊ីចឹង។ ​យើង​ទាំង​ពីរ​សន្ទនា​ពីនេះ​ពីនោះច្រើន។ គេក៏បាន​ប្រាប់ថា បង​ប្អូនខ្មែរ​យើង​មក​រស់​នៅ​ស៊ី​ឈ្នួល​គេនៅទីនេះ​ច្រើន​ណាស់ ខ្លះ​ក៏​ប៉ូលិសចាប់​ដាក់គុក ខ្លះ​ក៏​បញ្ជូន​ទៅ​វិញ​ជារឿយៗ​ រហូត​ខ្ញុំ​ក្លាយ​ជា​មនុស្ស​ម្នាក់ដែល​ខ្លាចមុខក្រោយ​រហូត។ ក្មេង​ប្រុសម្នាក់​នេះ​មក​ពីបាត់ដំបង  គេបាន​ឈប់រៀន នៅពេល​ដែល​គេ​គ្មាន​លុយ​បង់ថ្លៃ​រៀន​កួរ​ថ្នាក់ទី​១២ គេក៏​មិនមាន​ឱកាស​បាន​បាក់ឌុប​នឹង​គេ ក៏សម្រេចចំណាក​ស្រុកមក​ទី​នេះ។ ខ្ញុំក៏មិនមាន​អ្វី ជជែក​នឹង​គេតទៅទៀត​ដែរ  ពេលវេលាបាន​បង្ខំខ្ញុំឱ្យ​ធ្វើដំណើរចេញ​ពីក្មេង​ប្រុសម្នាក់នោះ​ទាំង​កណ្តាលយប់ដោយរថយន្តក្រុង​មកសាលារៀនរ​បស់ខ្ញុំ។
ធ្វើដំណើរមករៀនស្រុកថៃម្តងៗ ខ្ញុំត្រូវធ្វើដំណើរទាំងយប់ថ្ងៃ​ទាំងងោកទាំងងងុយ តស៊ូៗ ដើម្បីតែបរិញ្ញាមួយសន្លឹក។ មកដល់ខេត្តស្រិន្ទខ្ញុំបន្តរថយនតក្រុងមកសាលា​រៀនខ្ញុំប្រមាណ80គីឡូូម៉ែត្រទៀត។ ខ្ញុំអង្កូយលើរថយន្តក្រុងដោយ​អារម្មណ៌នឿយហត់យ៉ាងខ្លាំង។​ លើរថយន្តនេះខ្ញុំអង្គុយ​នៅកៅអីជួរក្រោយ​​គេ​បង្អស់ ​ខ្ញុំ​អង្គុយកណ្តាល​ជួរមនុស្សដែលមាន​សម្បុរ​ស្រែៗដូចជាខ្ញុំដែរ។ រថយន្តចេញដំណើរមិនយូរ​ប៉ុន្មាន​ សំ​ឡេងខ្សឹបខ្សៀវ​ពី​អ្នក​ជិះ​ជុំវិញ​ខ្ញុំក៏ឮឡើង។ “ពូនេះ​ទៅធ្វើការនៅខេត្តណាដែរ?” ឮសំណួរខ្ញុំហាក់ដូច​ជាភ្ញាក់​ពីងងុយ​​​បន្តិចហើយ​រកមើលនរណានិយាយមិញ  ទីបំផុតក៏ញញឹម​ដាក់បុរស និងនារីក្មេង​ម្នាក់ដែលអង្គុយខាង​ឆ្វេង​ខ្ញុំ។ ឃើញខ្ញុំ​ញញឹម​ពួកគេក៏គិតថា​ខ្ញុំមិនចេះខ្មែរ ដូចនេះ​ពួកគេ​អាចនិយាយគ្នាបាន។
-​ ស្អែកយើង​ធ្វើម៉េចឱ្យដល់ក្រុងថេប ហើយ​ប្រញាប់ចេញឱ្យលឿន​ពីស្ថានីយ៍រថយន្តក្រុង​ដើម្បី​ជួប​អ្នក​មក​ទទួល​ដែលរង់ចាំនៅទិសខាងកើតទីនោះ។ បុរសម្នាក់ផ្សេងទៀតហាក់ដូចជាស្គាល់ក្រុងថេប​ច្បាស់ណាស់​បាន​និយាយចេញមក  ​ខ្ញុំក៏បើកភ្នែក​គាត់ហើយ​ព្យាយាមស្តាប់។ ខ្ញុំឆ្ងល់បើទៅក្រុងថេបហេតុអ្វីជិះឡានទៅខនគែនទៅវិញ។ 
-​ បងអាចរកកាងារងបាន​ភ្លាម​ឬទេបង បើខ្ញុំគ្មាន​ប្រាក់ជាប់ខ្លួនបែបនេះ​។ នារីម្នាក់នោះ​ក៏ត​ប​ទាំង​ក្រៀមក្រំ។ ​បុរសម្នាក់នោះញញឹមផ្តល់កម្លាំងចិត្ត។
-​ ឯង​ស្រី​កុំភ័យ​បើគ្មា​នការងារ​ភ្លាម​ក៏មិនងាប់ដែរ បងហ៊ាន​ធានារកការងារ​ឆាប់បាន​លុយ​ចាយ​ប្រចាំថ្ងៃឱ្យបាន​មុនពេលរក​ការងារ​បាន​ស្រួលបួល។ 
នាងតូចបាន​ដាក់សំណួរដោយភាពមិនយល់ការណ៍។
-​ មានការងារដែលបានប្រាក់រហ័សចឹងមែនឬបង តែ​ខ្ញុំមិនហ៊ាន​ធ្វើ​ទេ យ៉ាងណា​ក៏​ពឹង​បងសិនហើយ។​
-​ មិនអីទេ បងឱ្យ​ឯងខ្ចីសិនទម្រាំរកការបានធ្វើ ចាំសងរំលោះមក​ក៏បាន​។
កិច្ចសន្ទនារវាងនារី​ជា​មួយ​​បុរស ដែលខ្ញុំសន្និដ្ឋាន​ជាអ្នកវៃឆ្លាតជាង​គេនោះ​បាន​ធ្វើឱ្យ​បុរស​សក់រួចដែល​អង្គុយ​ជាប់ខ្ញុំមើល​ទៅ​បុរស​នោះ​មិនដាក់ភ្នែក។
រថមកដល់ស្ថានិយ៍ចាក់ប្រេងមួយ ចំពេល​​បងប្រុសប្រធានសមាគមទូរសព្ទមកខ្ញុំសួរនាំរឿង​ឯកសារ​។ខ្ញុំទទួលទូរសព្ទ​គាត់ហើយ​និយាយមក​យ៉ាង​យូរ។ ក្រោយពេលដែលចប់ការសន្ទនា​ស្រាប់តែបុរសនារីដែល​អង្គុយ​ក្បែរខ្ញុំយក​ក្រមាមកឃ្លុំមុខជិត ធ្វើហាក់ដូចជារងា។ ខ្ញុំងាកទៅរក​បុរសម្នាក់ដែល​ជា​អ្នកនាំផ្លូវ​នោះស្រាប់​តែគាត់​ញញឹមដោយភាពភ័យខ្លាច។
-​ បងប្រុស  បងឯង​ខ្មែរ​ដែរឬ?
ខ្ញុំញញឹមជាមួយចម្លើយ​។
-​ បាទ​! ​ខ្ញុំជាខ្មែរមក​ពីខេត្តស្វាយរៀង។ បុរសម្នាក់នោះហាក់ដូចជារីករាយឡើងវិញ ហើយ​បន្តសំណួរ​ខណៈ​​បុរសសក់រួច​ និង​នារី​ជំទើរម្នាក់នោះ​សម្លឹងយើងទាំងពីរដោយយកចិត្តទុកដាក់។​
-​ បងមកនេះ​យូរហើយ​ឬ បាន​ជានិយាយភាសាថៃបាន ហើយ​បង​មក​ធ្វើការ​អីដែរ?
យើងទាំងពីរសន្ទនាជាភាសាថៃ។ ពេលនោះ​ខ្ញុំយល់កាន់តែច្បាស់ថា បុរសម្នាក់នោះពិត​ជាមេខ្យល់​នាំពួកគេ​មកធ្វើការនៅប្រទេសនេះ​។
ខ្ញុំក៏ចាប់ផ្តើមសន្ទនាជាមួយ​បុរសម្នាក់នោះ​ជាភាសាខ្មែរវិញ ​ដើម្បី​បន្ថយភាព​ភ័យខ្លាច​របស់បុរស និង​នារី​។ ពួកគេញញឹមហើយឆ្លើយឆ្លងនឹង​ខ្ញុំក្រោយពេលដែល​ខ្ញុំរៀបរាប់ពីការពិត​របស់ខ្ញុំ។ ខ្ញុំក៏បាន​ណែនាំឱ្យពួកគេបានដឹង​ និងរឿងប្រយ័ត្នប្រយែង បើ​មានការអី​អាច​ជួយបាន​ទូរសព្ទមក​ខ្ញុំមក​ក្រែងខ្ញុំ​អាច​ជួយបាន​ខ្លះ ដូច​ជាការចង់ទៅផ្ទះ​វិញ​ជាដើម ហើយខ្ញុំក៏ហុច​លេខទូរសព្ទ​ទៅឱ្យពួកគេ។  ដោយភាព​ស្និទ្ធស្នាលរបស់​បុរសនារី​គូ​នេះ ​ក៏ចាប់ផ្តើម​ហ៊ានចរចានឹង​ខ្ញុំ  ខ្ញុំក៏សួរនាំ​ពី​មូលហេតុនៃការមករកការងាររបស់ពួកគេទាំងពីរ។
-​ បងអើយ​ខ្ញុំរៀន​មិន​ទាន់ចប់ទេ ប៉ុន្តែពុកម៉ែក្រពេក ហើយគ្មាន​ការងារ​ធ្វើ ណាមួយ​មក​ធ្វើការ​នៅ​ភ្នំពេញ​ក៏​មិនសូវ​បាន​ប្រាក់ប៉ុន្មាន​ ហើយសង្ឃឹមថា មកទីនេះ​នឹង​អាច​រកប្រាក់ខ្លះ​ទៅ​ជួយដោះបំណុលធនាគារ​ ពុកម៉ែ​ជំពាក់គេកាល​ពីរដូវរាំងស្ងួត​ឆ្នាំកន្លង​ទៅផង  ខ្ញុំរៀន​ប៉ុណ្ណឹង​បាន​ហើយ រកលុយឱ្យ​ប្អូន​ក្រោយៗបានរៀនខ្លះផង  ហើយ​​យ៉ាងហោចណាស់ក៏ខ្ញុំអាចមានប្រាក់ខ្លះ​ទៅរកស៊ី​នៅស្រុកយើងវិញដែរ...។
ចម្លើយរៀបរាប់របស់នាង​ បាន​ធ្វើឱ្យ​ខ្ញុំសម្លឹង​គិតមកទិដ្ឋភាព​អ្នកភូមិខ្ញុំ ជាច្រើន​រយ​នាក់ ដែល​ត្រូវ​បាន
ចាក​​ចោល​ស្រុកកំណើត​​មកធ្វើការនៅលើទឹកដីនេះ។ ខ្ញុំក៏​សួរនាងពីបុរសសក់រួញ ​ដែល​អង្គុយ​ប្រកៀកនឹង​នាង ប៉ុន្តែសំណួរបស់ខ្ញុំ បុរសនោះ​ជាអ្នកឆ្លើយដោយ​ខ្លួនឯង។
-​ បងអើយ​ខ្ញុំស្រឡាញ់គ្នាយូរហើយ​គ្មាន​ប្រាក់រៀបការទេ ពេល​នេះ​នាង​ចង់មក​ធ្វើការ​នៅទីនេះ​ ខ្ញុំក៏មក​តាម​នាង​តែម្តង​ទៅ រក​ប្រាក់កាស់បាន​សល់ពួកយើង​នឹង​ត្រឡប់ទៅស្រុកកំណើតវិញហើយ។
សម្តីរបស់គេធ្វើឱ្យខ្ញុំនឹក​គិតដល់កម្រិត​ជីវភាព​ខ្មែរបច្ចុប្បន្ន​ដែលតែងតែ​ពុះពារ​គ្រប់ច្រក​ល្ហកដើម្បី​រកស៊ីចិញ្ចឹម​ជីវិត មាន​មនុស្សជាច្រើន​ក៏​បាន​ចាកចោល​ទ្រនំ លាប្តី​លាប្រពន្ធកូន​មក​ធ្វើការស្រុកគេ ទាំង​លួចលាក់។​ ខ្ញុំខ្លួនឯង​ក៏​មិន​ដឹង​ធ្វើយ៉ាងណដែរចំពោះរឿង​នេះ​​ ​បើសង្គម​យើង​បង្ខំពួកគេឱ្យត្រូវ​តែធ្វើបែបនេះ​ទៅហើយ។
រថយន្តក៏មកចត​នៅចំណតមួយ គឺដល់ពេល​ខ្ញុំត្រូវ​ចុះ។ មុននឹងចុះ​ពីលើរថយន្តបុរសម្នាក់ដែល​ជា​មេខ្យល់ក៏​បាន​និយាយ​ជាមួយនឹ​ខ្ញុំថា “អរគុណហើយបង ដែល​បាន​និយាយលេង​ជាមួយប្អូន... ​សូមបងកុំប្រាប់សមត្ថ​កិច្ចថៃថា នៅលើរថយន្ត​នេះ​មាន​ខ្មែរចំណាកស្រុកណាបង...” ខ្ញុំងក់ក្បាលរាដៃលាគេហើយក៏ចុះ។
ជីវិតពិត​ជាគ្មាន​អ្វីជាការទៀងទាត់មែន​...ទីបំផុត​ពួកគេក៏ត្រូវ​សមត្ថកិច្ចថៃ​ដាក់រថយន្ត​សំណាញ់​ដែក​ភ្នែកក្រួចឃ្លុបព័ណ៌ខ្មៅបញ្ជូនមកវិញយ៉ាងសង្វេគ។  បុរសសក់រួញដែលអង្គុយញ័រក្បែរនារីក្រោយ​ពីប៉ូលិសផ្លុំក​ញ្ចែ​ឱ្យ​​អង្គុយនោះហើយ​ដែល​ខ្ញុំបាន​សន្ទនា​នឹង​ពួកគេនៅលើរថយន្តក្រុង​នៅលើទឹកដីថៃ ហើយខណៈនេះ​គេកំពុងឱប​សម្ពៀត​​ខោអាវហាលភ្លៀង​នៅច្រក​ព្រំដែនដោយភាពស្លេក​ស្លាំង។ ពិត​ជាគួរឱ្យអនិច្ចាកំលោះក្រមុំមួយគូ​ ដែល​សង្ឃឹម​​ថា នឹង​ទៅរក​ប្រាក់មករៀបការ​នោះណាស់ សេចក្តីសង្ឃឹម ភាពអំណត់ព្យាយាម ឆ្លងដែនកាត់ព្រៃ កាត់​គ្រោះ​ថ្នាក់ តែ​ទីបំផុតក្លាយ​ជាសុបិន​ ជាសុបិនភ្នែកស្រស់​ដែល​ស្ថិត​នៅត្រង់ចំណុចសូន្យ​នៃសីមាខ័ណ្ឌចែកទឹកដី​កម្ពុជា-ថៃ៕​
ថៃឡងដ៍ ថ្ងៃសុក្រ ទី១៦ កញ្ញា ២០១២

No comments: