កង់ចាស់
និពន្ធដោយ ឡឹក ជំនោរ
អនិច្ចាកង់ចាស់ គេឈប់ប្រើប្រាស់ រស់រងវេទនា សំកុកហាលភ្លៀង ផ្គរព្យុះសង្ឃរាហ៍ ជីវិតកំព្រា
ច្រែះលងបន្លាច។
កាលកង់នៅថ្មី រូបឆោមប្រិមប្រិយ រស្មីចិញ្ចាច
កម្លាំងមាំមួន ក្លាហានអង់អាច មិនដែលខ្លបខ្លាច
ភក់ល្បាប់ជ្រោះជ្រាំ។
គេជិះគេថែ ជីវិតគ្មានល្ហែ រាងកាយរឹងមាំ
គេដឹកម្ចាស់ស្នេហ៍ លំហែអារម្មណ៍ កង់ខំស៊ូទ្រាំ
ទ្រទ្រង់ទម្ងន់។
បន្ទុករបស់ គ្មានរើសអ្វីសោះ ទ្រូងសែនទារុណ
ម្ចាស់គេបានស្និទ្ធ ចិន្តាអត់ធន់ ម្ចាស់ឈប់ទន់ភ្លន់
ពេលស្នេហ៍គេបែក។
ខុសមកពីកង់ ចិត្តមិនស្មោះត្រង់ ឱ្យស្នេហ៍រហែក
ជ្រុះថាសច្រវ៉ាក់ កណ្តាលផ្លូវចែក ស្នេហាត្រូវញែក
ព្រាត់ចាកបេះដូង។
គេផ្តើមស្នេហ៍ថ្មី ចោលកង់ធ្វើហី ខុសគ្រាដំបូង
ឱកង់អភ័ព្វ រលេះរលួង ឈឺស្ទើរប្រេះទ្រូង
ព្រោះគេបង់បោះ។
មិនយូរប៉ុន្មាន សពកង់កល្យាណ ដល់ឋានស្រណោះ
អេតចាយកាត់ដំ ដោះកង់ចេញអស់ គេគ្មានអាឡោះ
ទៅដល់ភពថ្មី។
យុទ្ធជនខេមរា ជីវិតហានក្លា លីដែកដើរដី
ការពារមាតុ នគរថ្លាថ្លៃ តស៊ូយកជ័យ
សាងសន្តិភាព។
មេឃាជាភួយ ថ្មដាជាខ្នើយ ធរណីរនាប
មោះមុតរឹងមាំ ស៊ូទ្រាំខ្មីឃ្មាត សង្ខារជូនជាតិ
ធាតុជូនមាតា។
ស្រុកទេសសាន្តត្រាណ យុទ្ធជនក្លាហាន ធ្លាក់ខ្លួនពិការ
ប្តូរដៃប្តូរជើង ប្តូរទាំងជីវ៉ា ប្តូរយកសុខា
ជូនជាតិកម្ពុជា។
ស្ទើររស់ស្ទើរស្លាប់ ហត្ថាធ្លាប់ចាប់ អង្អែលស្ងួនភ្ងា
ពេលនេះចង់ថ្នម បីបមដូចគ្រា រួមរស់នឹងគ្នា
ក៏គ្មានវាសនា។
បានត្រឹមញញឹម យល់ភក្ត្របប្រិម ស្រស់កែវកន្និដ្ឋា
បណ្តើរអ្នកថ្មី គ្មានក្តីករុណា យុទ្ធជនពិការ
រស់ទីពឹងអ្វី?
ដូចកង់កញ្ចាស់ ជីវិតប្តូរផ្លាស់ រស់គ្មានសេរី
គេបោះបង់ចោល ព្រោះអស់តម្លៃ ប្រាថ្នាជាតិថ្មី
កើតជាខេមរា៕
ថៃឡង់ដ៍ ២១ កញ្ញា ២០១២
៣.៣៥នាទីព្រឹក
©រក្សាសិទ្ធគ្រប់បែបយ៉ាង
No comments:
Post a Comment