- សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដើម្បីធ្វើជាមន្រ្តីល្អ មិនមែនទៅត្រួតត្រា ឬជាម្ចាស់របស់ប្រជា ជននោះទេ គឺត្រូវតែបម្រើ និងផ្តល់សេវាដល់ប្រជាជន ហើយបើតាំងខ្លួន ជាម្ចាស់របស់ប្រជាជន និងការត្រួតត្រា ប្រជាជន ជាកំហុសដ៏ធ្ងន់ធ្ងរ។ សម្តេចបានបញ្ជាក់ថា ប្រជាជនអាចទទួលបាននូវការបម្រើ និងសេវារបស់យើង មិនមែនតែងតាំងជាមន្រ្តីហើយ ហើយធ្វើជាម្ចាស់ប្រជាជននោះទេ។
- ជាមួយគ្នានេះ សម្តេចចង់ឲ្យលុបចោលនូវការប្រើពាក្យពេចន៍ តេជគុណម្ចាស់ និងបាទទានជាដើម។ សម្តេច នាយករដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា ដើម្បីក្លាយខ្លួនជាមន្រ្តីល្អ នៅពេលណាក៏ដោយ ត្រូវដឹងថា អញជាអ្នក បម្រើប្រជាជន មិនជាចៅហ្វាយប្រជាជននោះទេ។ សម្តេចបានមានប្រសាសន៍បន្តថា យើងមិនអាចបំពេញចិត្ត មនុស្សបានទាំងអស់ នោះទេ ប៉ុន្តែធ្វើយ៉ាងណា បំពេញចិត្តមនុស្សឲ្យបានភាគច្រើន ហើយសូម្បីតែព្រះពុទ្ធ ក៏មិន មានមនុស្សគោរពទាំងអស់ ដែរ ហេតុដូច្នេះហើយ ទើបមានយេស៊ូ ព្រះអាឡោះ និងហិណ្ឌូជាដើម សូម្បីតែព្រះ ពុទ្ធក៏មានមារម្ចាញ់ដែរ។
- នៅចំពោះមុខសិស្សសាលាភូមិន្ទរដ្ឋបាល សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តាំផ្ញើចំពោះការធ្វើការ ត្រូវរៀប ចំផែនការ កម្មវិធី និងគោលនយោបាយឲ្យច្បាស់លាស់មិនចេះតែនឹកឃើញអី ធ្វើហ្នឹងនោះទេ នាំឲ្យមានគ្រោះ ថ្នាក់ធ្ងន់ធ្ងរណាស់ ហើយការដាក់ចេញគោលនយោបាយ ត្រូវមានរយៈពេលវែង។ ជាក់ស្តែងមហាសន្និបាតរបស់ គណបក្សប្រជាជន ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៧-១៨ ខែមីនា ឆ្នាំ២០១៣នេះ សម្តេចតេជោ បានមាន ប្រសាសន៍ថា មុននិងចេញរូបរាង អ្នកធ្វើសេចក្តីព្រាង បានចេញដំណើរធ្វើតាំងពី៦ខែមកហើយ រួចហើយ។
សម្តេចតេជោ បានមានប្រសាសន៍ទៀតថា នៅពេលដែលរៀបចំផែនការកម្មវិធី និងគោលនយោបាយហើយនោះ ជំហានបន្ទាប់ គឺត្រូវចាត់តាំងអនុវត្តន៍ រួចបន្តទៀតត្រូវតាមដានត្រួតពិនិត្យ ខ្លាចក្រែងមានកត្តាចៃដន្យណាមួយ កើតឡើង។ ឧទាហរណ៍ ការដាក់ចេញគោលនយោបាយលុបចោលឡូត៍នេសាទ ត្រូវតាមដានចំពោះបញ្ហានេះ តើប្រជាពលរដ្ឋបានទទួលដែរឬទេ?
ត្រង់ចំណុចនេះ សម្តេចតេជោ បានមានប្រសាសន៍ថា កម្មវិធីនយោបាយ បានរៀបចំឡើង បានត្រឹម៣០ភាគរយ រួចហើយការអនុវត្តន៍ បានត្រឹម៣០ភាគរយទៀត ដូច្នេះ៤០ភាគរយ សម្រាប់កត្តាចៃដន្យ និងផលប៉ះពាល់ផ្សេងៗ ដែលអាចកើតមានឡើង។ សម្តេចនាយករដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើឲ្យធ្វើជាមន្រ្តីល្អ ហើយមន្រ្តីមានពីរប្រភេទ គឺមន្រ្តីទី ១ ជាប្រភេទមន្រ្តីមានម្ចាស់ការដោះស្រាយបញ្ហានៅនិងកន្លែង ដោយទ្រទ្រង់សភាពការណ៍ មិនរត់ចោលបញ្ហា ដែលសម្តេចចង់បានមន្រ្តីប្រភេទនេះ។ ដោយឡែកមន្រ្តីទី២ ជាមន្រ្តីដែលរាយការណ៍ឲ្យថ្នាក់លើ ហើយបន្ទោស ថ្នាក់ក្រោម ដូច្នេះសម្តេចមិនចង់ឲ្យមានមន្រ្តីប្រភេទទី២ នេះឡើយ។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី បានផ្តាំផ្ញើទៀតថា ការវាយតម្លៃសភាពការណ៍ ពិតជាមានសារៈសំខាន់ ណាស់ ហើយបញ្ហានេះ សម្តេចក៏បានអំពាវនាវទៅអ្នកនាំពាក្យ ក៏ដូចជាមន្រ្តីរាជរដ្ឋាភិបាលផ្សេងទៀត បើសិនជា មិនទាន់ដឹងរឿងពិតប្រាកដ មិនត្រូវនិយាយតាមសារព័ត៌មានឡើយ ដោយតាំងខ្លួនឯងជាអ្នកចេះគ្រប់រឿង។
ការវាយតម្លៃខុស នាំឲ្យអន្តរាយនោះ ត្រូវបានសម្តេចលើកឡើងពីភាពជាប់គាំងនយោបាយឆ្នាំ២០០៣-២០០៤ ដែលពេលនោះ គណបក្សពីរចងសម្ព័ន្ធភាពនិងគ្នា បានវាយតម្លៃថា គណបក្សប្រជាជនកំពុងបែកបាក់ ហើយ សម្តេច ហ៊ុន សែន ត្រូវបានគណបក្សផ្តួលរលំ ប៉ុន្តែផ្ទុយទៅវិញ គណបក្សប្រជាជន មិនបានបែកបាក់នោះទេ បែរ ជាគណបក្សសម្ព័ន្ធភាពទាំងនោះ បែកដោយខ្លួនឯង ហេតុដូច្នេះហើយ គឺជាវាយតម្លៃខុសនូវសភាពការណ៍ ដែល កើតមានឡើង។ សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងពីបញ្ហាមួយ ដែលបានកើតឡើងកាលពីយប់ម្សិលមិញ ដោយសម្តេចបានទទួលទូរស័ព្ទ ពីមន្រ្តីគណបក្សនយោបាយមួយ ដោយសួរសម្តេចថា កូនប្រុសរបស់សម្តេច គឺ លោក ហ៊ុន ម៉ាណែត នឹងក្លាយជាប្រធានគណបក្សប្រជាជន នៅពេលសម្តេចជាស៊ីម ស្លាប់ ហើយទី២ គេឮព័ត៌ មានថា សម្តេច និងលោកជំទាវ ដែលស្នាក់នៅទួលក្រសាំង មានភ្លើងមកព័ទ្ធជុំវិញ៣ជុំ ហើយរលត់ទៅវិញ ដែល ភ្លើងទាំងនោះ ជាព្រលឹងមេទ័ពមហានគរ មកយកព្រលឹងរបស់សម្តេចទៅបាត់ ហើយសម្តេចបានរត់ទៅបន់ស្រន់ ព្រះអថិនៅក្នុងព្រះរាជវាំង ដើម្បីឲ្យជួយ។ សម្តេចតេជោ បានបញ្ជាក់ត្រឡប់ទៅវិញថា បើនិយាយពីបារមី គឺអ្នក ទាំងនោះ មិនដល់ឡើយ។
ជាមួយនិងការក្លាយខ្លួន ជាមន្រ្តីនៅពេលខាងមុខ សម្តេចតេជោ ក៏បានផ្តាំផ្ញើលុបបំបាត់នូវវប្បធម៌ ក្តិចត្រួយ និង ពែងជើងគ្នា ព្រមទាំងរាយការណ៍ទម្លាក់កំហុសដាក់គ្នានៅក្នុងរង្វង់ការងារ។ សម្តេចតេជោ ក៏បានប្រកាសថា វប្បធម៌អន្តរាគមន៍ នៃការចូលកាន់តំណែង មិនត្រូវឲ្យកើតមានទៀតនោះទេ ជាក់ស្តែងការតែងតាំងអភិបាល អភិបាលរង រាជធានី ខេត្ត នៅខែឧសភា ឆ្នាំ២០១៣ខាងមុខនេះ សម្តេចបានប្រកាសថា បើនរណាហ៊ានសរសេរ សំបុត្រមកអន្តរាគមន៍ពីសម្តេច រឿងសុំតំណែងនេះ សម្តេចនឹងកត់ចូលក្នុងបញ្ជីខ្មៅ។ សម្តេចបន្តថា ការតែងតាំង តំណែងខាងមុខនេះ គឺត្រូវធ្វើឡើងក្នុងក្របខណ្ឌផ្ទៃក្នុង និងក្រសួងមហាផ្ទៃ ហើយអាចសុំយោបល់ទៅសម្តេចបាន ពីព្រោះសម្តេចជាអ្នកចុះហត្ថលេខាសម្រេចចុងក្រោយ។
No comments:
Post a Comment