Saturday, February 23, 2013

សង្គម​ស៊ីវិល​រិះគន់​គម្រោង​ផ្តល់​តំណែង​ឲ្យ​កូនៗ​មន្ត្រី​បក្ស​ប្រជាជន


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​សង្គម​ស៊ីវិល​រិះគន់​ថា កំពុង​រៀបចំ​ផែនការ​ឲ្យ​កូន​ប្រុស​លោក​ម្នាក់​ស្នង​តំណែង​ទៅ​ថ្ងៃ​អនាគត។ កូន​ប្រុស​ច្បង​នោះ គឺ​លោក ហ៊ុន ម៉ាណែត អាយុ ៣៥​ឆ្នាំ បច្ចុប្បន្ន​កំពុង​មាន​តួនាទី​ជា​នាយក​អង្គភាព​ប្រឆាំង​ភេរវកម្ម និង​ជា​អនុប្រធាន​អង្គរក្ស​នាយក​រដ្ឋមន្ត្រី។

ហ៊ុន ម៉ាណែត ៣០៥
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​កូន​ប្រុស លោក ហ៊ុន ម៉ាណែត។ លោក ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១១ ត្រូវ​បាន​តែងតាំង​ជា​មេបញ្ជាការ​រង​នៃ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ។
Photo courtesy of camnews.com
ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​អះអាង​តាម​ទូរស័ព្ទ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​តែ​គិត​ថា នាយ​ទាហាន​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​គ្រប់គ្រង​ប្រទេស។ លោក អ៊ូ វីរៈ បន្ត​ថា ទោះ​បី​ជា​កូន​ប្រុស​ពៅ​របស់​លោក ហ៊ុន សែន មាន​គម្រោង​ឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ​សម្រាប់​ការ​បោះ​ឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ​នេះ​ក៏ដោយ ប៉ុន្តែ​កូន​ដែល​នឹង​អាច​ស្នង​តួនាទី​ជំនួស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ គឺ​លោក ហ៊ុន ម៉ាណែត វិញ​ទេ។

ទីភ្នាក់ងារ​ព័ត៌មាន (AFP) ដក​ស្រង់​សម្ដី​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប ថា លោក ហ៊ុន ម៉ានី កូន​ប្រុស​ពៅ និង​កូន​ប្រសា​របស់​លោក ហ៊ុន សែន ដែល​ត្រូវ​ជា​កូន​ប្រុស​បង្កើត​របស់​អតីត​អគ្គស្នងការ​នគរបាល​ជាតិ លោក ហុក ឡង់ឌី ព្រម​ទាំង​កូនៗ​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ជាច្រើន​រូប​ទៀត គ្រោង​នឹង​ឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ជំនួស​តំណាង​រាស្ត្រ​មួយ​ចំនួន​ដែល​មាន​វ័យ​ចំណាស់។
លោក អ៊ូ វីរៈ មាន​ប្រសាសន៍​បញ្ជាក់​ផង​ដែរ​ថា ប្រការ​នេះ​នឹង​នាំ​ឲ្យ​សមាជិក​ក្មេងៗ​ផ្សេង​ទៀត​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាក់​ទឹក​ចិត្ត​ដោយ​យល់​ឃើញ​ថា ពួក​គេ​មិន​អាច​ប្រកួត​ប្រជែង​ជាមួយ​បេក្ខជន​តំណាង​រាស្ត្រ​ជា​កូនៗ​របស់​មន្ត្រី​ធំៗ​ទាំង​នោះ ដែល​មាន​អំណាច និង​មាន​ទ្រព្យ​សម្បត្តិ។

កម្ពុជា នឹង​រៀបចំ​ការ​បោះ​ឆ្នោត​សកល​នា​ចុង​ខែ​កក្កដា ខាង​មុខ។ បច្ចុប្បន្ន គណបក្ស​ប្រជាជន​កម្ពុជា មាន​តំណាង​រាស្ត្រ​ចំនួន ៩០​រូប ក្នុង​ចំណោម​សមាជិក​សភា​សរុប​ចំនួន ១២៣​រូប។ ចំណែក​គណបក្ស សម រង្ស៊ី ទទួល​បាន ២៦​អាសនៈ គណបក្ស សិទ្ធិ​មនុស្ស បាន ៣​អាសនៈ និង​គណបក្ស នរោត្តម រណឫទ្ធិ បាន ២​អាសនៈ៕

ប្រភព អាស៊ីសេរី

No comments: