បរិបទនយោបាយនៅក្នុងអតីតកាល បានបង្ហាញឲ្យដឹងថា ប្រទេសកម្ពុជា បានក្លាយជាទិសដៅនៃការឈ្លានពានបូរណភាពទឹកដីពីប្រទេសជិតខាង ដូចជាប្រទេសថៃ និងប្រទេសវៀតណាម ជាដើម។ ចំណែកក្នុងពេលបច្ចុប្បន្ននេះវិញ ទឹកដីរបស់ខ្មែរស្ទើរទាំងស្រុងនៅតាមជួរភ្នំដងរែក ដែលជាអតីតបន្ទាយឈរជើងរបស់ទាហានតស៊ូនៅតាមជាយដែន ត្រូវបានយោធាឈុតខ្មៅថៃ ឈរជើងនៅទីនោះ។
២០-កុម្ភៈ-២០១៣៖ បង្គោលលេខ១៧ ធ្វើពីស៊ីម៉ង់ នៅចំណុចភ្នំប៉ោយ លើភ្នំដងរែក ខេត្តឧត្តរមានជ័យ ត្រូវគេរំកិលចូលដីខ្មែរប្រហែលជិតកន្លះគីឡូម៉ែត្រពីព្រំប្រទល់ចាស់ ក្នុងសម័យអាណានិគមនិយមបារាំង ដែលត្រួតត្រាប្រទេសកម្ពុជា។
RFA/Morm Moniroth
ប៉ុន្តែមន្ត្រីគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា បញ្ជាក់ថា បូរណភាពទឹកដីកម្ពុជា នឹងមិនបាត់បង់នោះឡើយ ព្រោះភាគីទាំងពីរឯកភាពទទួលស្គាល់ការកំណត់ព្រំដែនដែលមានស្រាប់នៅក្នុងសម័យបារាំង ឆ្នាំ១៩០៤។
អតីតទាហានតស៊ូនៅតាមជាយដែនកម្ពុជា-ថៃ និយាយថា ភាគីថៃ បានចូលគ្រប់គ្រងទឹកដីខ្មែរមួយផ្នែកធំបន្ថែមទៀតនៅតាមខ្សែបន្ទាត់ជួរភ្នំដករែក និងអតីតបន្ទាយតស៊ូរបស់កងទ័ពខ្មែរ ក្រោយពីការបញ្ចប់ជម្លោះសង្គ្រាមស៊ីវិលផ្ទៃក្នុងដ៏រ៉ាំរ៉ៃ ក្រោមកិច្ចផ្ដួចផ្ដើមសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។
លោក ញាណ សារុំ អតីតកងទ័ពជាតិ ដែលធ្លាប់តស៊ូនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយមានការគាំទ្រពីព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ និងបច្ចុប្បន្នជាចៅសង្កាត់ទី២ នៃក្រុងសំរោង ខេត្តឧត្តរមានជ័យ មានប្រសាសន៍កាលពីថ្ងៃទី២០ កុម្ភៈ ថា ប្រទេសកម្ពុជា បានបាត់បង់ទឹកដីរបស់ខ្លួនមួយផ្នែកធំបន្ថែមទៀតក្នុងពេលបច្ចុប្បន្នទៅប្រទេសថៃ។ លោកបន្តថា ការបាត់បង់ទឹកដីមានផ្នែកខ្លះរហូតដល់ជាងមួយគីឡូម៉ែត្រនេះ គឺកើតឡើងនៅក្នុងចន្លោះរវាងឆ្នាំ១៩៩១ និងឆ្នាំ១៩៩៨ ក្រោយពីរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន សម្រេចដកយោធារបស់ខ្លួនចេញពីខ្សែក្រវាត់ព្រំដែនកម្ពុជា-ថៃ មកនោះ។
លោក ញាណ សារុំ៖ «ខ្ញុំសង្ស័យថា វាអត់ឈប់រឿងថៃ ខ្ញុំថាវាអាចធ្វើបានទៀត បើសិនជាយើងនៅតែខ្សោយ។ ខ្សោយវាអាចបង្ខិតបញ្ចូលមកទៀត ពីព្រោះថាវាអត់ឈប់ហ្មង វាទាមទារយកទាល់តែបាន។ បើតាមគម្រោងការ វាធ្វើទាល់តែបាន បើតាមគម្រោងការ វាធ្វើម៉េចឲ្យយើងចុះពីលើភ្នំឲ្យអស់ អានេះបើតាមខ្ញុំយល់ដឹងនោះណាស់។ សឹងថាមួយថ្ងៃ វាបង្ខិតមួយចំអាមផងមួយថ្ងៃ»។
ស្ថិតក្នុងវ័យ ៥១ឆ្នាំ លោក ញាណ សារុំ មានជំនឿថា ភាគីថៃ នៅតែបន្តការរំកិលព្រំដែនរបស់ខ្លួនបន្ថែមទៀតចូលមកក្នុងទឹកដីរបស់កម្ពុជា ប្រសិនណាបើរដ្ឋាភិបាលពុំបានគ្រប់គ្រងដិតដល់ទេនោះ។ លោកគិតថា មហិច្ឆតាចង់បានទឹកដីរបស់រដ្ឋាភិបាលទីក្រុងបាងកក នេះ គឺមិនបញ្ចប់ការជ្រៀតជ្រែកបូរណភាពទឹកដីកម្ពុជា ត្រឹមការសន្យា ឬចុះអនុសារណៈយោគយល់រវាងទ្វេភាគី ដែលមានគណៈកម្មាធិការព្រំដែននៃប្រទេសទាំងពីរកំពុងអនុវត្ត ដើម្បីរកច្រកចេញនោះឡើយ។
នៅលើជួរភ្នំដងរែក ត្រង់ចំណុចភ្នំប៉ោយ មានបង្គោលលេខ១៧ ដែលគេផលិតឡើងពីស៊ីម៉ង់ និងមានចាក់បេតុងសើៗលើដីផងនោះ ត្រូវបានគេដាក់បន្តុបស្ទើរក្បែរមាត់ជ្រោះនៃជួរភ្នំដងរែក ចូលមកក្នុងទឹកដីកម្ពុជា ដែលមានចម្ងាយពីជំរំអតីតកងទ័ពបារ៉ារបស់ព្រះអង្គម្ចាស់នរោត្តម ចក្រពង្ស ឈរជើងប្រហែលពី ៨០០ ទៅ ៩០០ម៉ែត្រ។ ចំណែកទង់ជាតិដែលមានរូបប្រាង្គប្រាសាទអង្គរវត្ត បានបក់រវិចៗនៅលើកំពូលភ្នំដងរែក ដោយស្នាព្រះហស្តរបស់ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម ស៊ីហនុ កសាងឡើង នៅក្នុងសម័យតស៊ូនៅតាមជាយដែន ហាក់បានក្លាយជាភស្តុតាងដ៏រឹងមាំមួយ បញ្ជាក់ពីវិសាលភាពនៃទឹកដីខ្មែរក្នុងអតីតកាល បើទោះជាបង្គោលកំណត់ព្រំដែនលេខ១៧ ត្រូវគេរំកិលដែលមានចម្ងាយឆ្ងាយពីដងទង់ជាតិនោះប្រហែល ៦០ ទៅ ៧០ម៉ែត្រក្ដី។
អតីតយោធាខ្មែរមួយចំនួននៅក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីសម័យតស៊ូនៅតាមជាយដែនកម្ពុជា-ថៃ និយាយថា បង្គោលលេខ១៧ នេះ គឺពុំមែនជាការកំណត់ខណ្ឌសីមាប្រទេសទាំងពីរ ដោយអាណាព្យាបាលសម័យបារាំង គ្រប់គ្រងលើប្រទេសកម្ពុជា នោះទេ។ ពួកគេគិតថា បង្គោលនេះ គឺជាការកែច្នៃដោយភាគីថៃ ដើម្បីរំកិលព្រំដែនក្រោយពីកម្ពុជា បង្កើតយន្តការនៃគោលនយោបាយបង្រួបបង្រួមជាតិឆ្នាំ១៩៩១ និងការធ្វើសមាហរណកម្មដកកងទ័ពរបស់ខ្លួនចេញពីលើជួរភ្នំដងរែក ក្នុងឆ្នាំ១៩៩៨ ប៉ុណ្ណោះ៖ «យើងកាលណោះ យើងគ្រប់គ្រងបានទាំងស្រុង ថៃអត់ហាន។ ព្រំដែនតាំងពីបង្គោលឡាក់ គឺអត់ហានថៃ ព្រោះយើងបានទៅនៅជាប់ព្រំ អរជាមួយបន្ទាយថៃ»។
អ្នកសិក្សាផ្នែកប្រវត្តិសាស្ត្រ ឲ្យដឹងថា ជម្លោះដណ្ដើមទឹកដីរវាងអាណាចក្រដែលមានព្រំដែនជាប់គ្នារវាងកម្ពុជា និងថៃ នេះ បានកើតមានឡើងតាំងពីសតវត្សទី១៣ ពោល គឺនៅអំឡុងឆ្នាំ១២៨០។ ជម្លោះនេះ នៅតែបន្តអូសបន្លាយរហូតមកដល់ពេលបច្ចុប្បន្ន។ អ្នកសិក្សាផ្នែកប្រវត្តិសាស្ត្រ ឲ្យដឹងថា គិតមកដល់សតវត្សទី២១ នេះ បានន័យថា ជម្លោះដណ្ដើមទឹកដីរវាងកម្ពុជា និងថៃ មានរយៈពេលជាង ១ពាន់ឆ្នាំមកហើយ។
លោក សំបូរ មាណ្ណារ៉ា អនុប្រធានផ្នែកប្រវត្តិសាស្ត្រ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាសាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា មានប្រសាសន៍កាលពីថ្ងៃទី១៨ កុម្ភៈ ថា ជម្លោះនេះជាទូទៅត្រូវគេរកឃើញថា កើតឡើងព្រោះតែការជ្រៀតជ្រែករបស់ភាគីថៃ មកលើអធិបតេយ្យរបស់កម្ពុជា៖ «បើយើងនិយាយពីប្រវត្តិ គឺកើតឡើងនៅក្នុងកំឡុងនៃសតវត្សទី១៣ ប្រមាណជាឆ្នាំ១២៨០ គឺក្នុងនៅកំឡុងពេលព្រះរាជាមួយនៃសម័យអង្គរ ដែលមានព្រះបាទ លំពង់ រាជា។ នៅពេលនោះ គឺយើងមានការមិនពេញចិត្តនឹងគ្នា ឬក៏មានការងើបឡើងប្រឆាំងតវ៉ាជាមួយម្ចាស់ស្រុក ដោយក្រុមនៃមនុស្សនៅក្នុងតំបន់សុខោទ័យ ហើយបង្កើតទៅជាអរិយភាពក្នុងការបង្កើតរដ្ឋថ្មី គឺរដ្ឋសុខោថៃ ដែលក្រុមទាំងអស់នោះបានធ្វើ»។
អតីតកងទ័ពតស៊ូនៅតាមជាយដែនកម្ពុជា-ថៃ របស់ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ គឺលោក ញាណ សារុំ បញ្ជាក់ថា ពុំមែនតែនៅតាមជួរភ្នំដងរែក ទេដែលកម្ពុជា ត្រូវបាត់បង់ទឹកដីទៅប្រទេសថៃ ក្នុងពេលបច្ចុប្បន្ន។ លោកបន្តថា ដូចជាអតីតបន្ទាយកងពល១៥ ឬហៅទំនប់១៥ នៅជាប់ខេត្តសុរិន្ទ ប្រទេសថៃ ក៏ត្រូវយោធាថៃ ចូលកាន់កាប់ទាំងស្រុងអស់ជាច្រើនគីឡូម៉ែត្រ នៅបន្ទាប់ពីគោលនយោបាយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចរំសាយកងទ័ពចេញពីខ្សែបន្ទាប់ព្រំដែន ក្រោយឆ្នាំ១៩៩៨។
លោក ញាណ សារុំ៖ «ហើយដូចជានៅភ្នំប៉ោយ គេអាចនឹងដូចកងទ័ពនិយាយមិញ គឺកាលណោះយើងបានទៅនៅជិតបន្ទាយវា។ អើដូចបន្ទាយវាហ្នឹង ដែលសៀម សព្វថ្ងៃមកនៅបន្ទាយបារ៉ា ណេះ នៅលើបន្ទាយបារ៉ា។ អ៊ីចឹង កាលបារ៉ា នៅសៀម អត់ហានមកនៅទេ។ យើងដូចអាង១៥ អ៊ីចឹងកាលបារ៉ា នៅសៀមអត់ហានមកនៅទេ ដល់ពេលបារ៉ា ដកចេញ សៀម គេមកនៅទាំងអស់»។
បញ្ហានេះ ត្រូវបានលោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា មានប្រសាសន៍ថា បូរណភាពទឹកដីកម្ពុជា នឹងពុំមានការបាត់បង់នោះឡើយទៅលើប្រទេសថៃ ព្រោះរដ្ឋាភិបាលទីក្រុងភ្នំពេញ និងរដ្ឋាភិបាលទីក្រុងបាងកក មានព្រំដែនរួចមកហើយក្រោយឆ្នាំ១៩០៤ ដែលជាបង្គោលព្រំដែនអន្តរជាតិទទួលស្គាល់ដោយអាណាព្យាបាលបារាំង ចំនួន ៧៣បង្គោល នៅតាមខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ។
លោក វ៉ា គឹមហុង ៖ «គេបោះ ៧៣បង្គោល តាំងពីហ្នឹងណឹងអស់តើ។ ឥឡូវនេះធ្វើទៅគណៈកម្មការរកបង្គោលចាស់ហ្នឹង ឲ្យវាឃើញទៅ។ រកឲ្យឃើញហើយ រកទីតាំងឲ្យវាពិតប្រាកដទៅណា។ បាទអត់មានទៅបោះអីទេ ហើយបើថាឃើញហើយ ល្អូកគ្នាត្រូវហើយយើងរកឯកភាពគ្នាធ្វើកំណត់ហេតុស៊ីញេអីទៅ ប៉ុន្តែរហូតដល់ឥឡូវ យើងរកហើយតែរកវាមិនទាន់បានគ្រប់ទាំងអស់ រកបានមួយចំនួនហើយ យើងត្រូវរ៉ូវគ្នាខ្លះមិនត្រូវរ៉ូវគ្នា»។
លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា និងជាអគ្គហិរញ្ញិកមកពីគណបក្ស សម រង្ស៊ី ចាត់ទុកការបន្តជ្រៀតជ្រែកបូរណភាពទឹកដីមកលើប្រទេសកម្ពុជា ពីសំណាក់ប្រទេសថៃ និងប្រទេសវៀតណាម ថានោះគឺជាជំងឺដែលគេងាយនឹងព្យាបាល។ ក៏ប៉ុន្តែ លោកគិតថាអ្វីដែលកម្ពុជា នៅតែបន្តអូសបន្លាយលើផ្នែកនេះ នោះក៏ព្រោះតែភាពទន់ជ្រាយនយោបាយការបរទេសរបស់កម្ពុជា៖ «ក្រុមការងារព្រំដែនបារាំង សៀម ហ្នឹង បានបោះបង្គោល៧៦ ហ្នឹងរួចទៅហើយ។ ដូច្នេះ វាច្បាស់លាស់ណាស់ព្រំដែន គឺមិនមានភាពស្រពិចស្រពិលទេ គឺព្រំដែនច្បាស់លាស់ដោយសារមានបង្គោលបោះរួចរវាងគណៈកម្មការទាំងពីរ។ ដូច្នេះ យើងយល់ថា រដ្ឋាភិបាលអត់បានការពារទាំងខាងកើតទាំងខាងលិច»។
ឆ្លើយតបនឹងបញ្ហានេះ លោក វ៉ា គឹមហុង បញ្ជាក់ថា ការកើតមានជម្លោះនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងពេលបច្ចុប្បន្ននេះ នោះគឺជាការមិនទទួលស្គាល់ដោយភាគីថៃ ចំពោះបង្គោលព្រំដែនដែលមានស្រាប់។ លោកបន្តថា ទោះជាបែបណា គណៈកម្មាធិការជំនាញនៃប្រទេសទាំងពីរកំពុងពន្លឿនការរុករកបង្គោលបោះក្នុងសម័យបារាំង ដែលមានស្រាប់ឲ្យឃើញ ដើម្បីឈានទៅបញ្ចប់អរិយភាព ឬជម្លោះនៅតាមព្រំដែន៖ «ឥឡូវហ្នឹង ដែលយើងធ្វើជាមួយសៀម ដោយសៀម វាមានរឿងរ៉ាវជាមួយហ្នឹង គឺដោយសារវាមិនគោរពសន្ធិសញ្ញាទាំងអស់ហ្នឹង។ វាមិនគោរពខ្សែព្រំដែនដែលមាននៅលើផែនទីទាំងអស់ហ្នឹង»។
ក៏ប៉ុន្តែករណីនេះ ត្រូវបានក្រុមអ្នកតាមដានបញ្ហាសង្គម គិតថា ការបញ្ចប់ជម្លោះជាមួយប្រទេសនៅតាមព្រំដែន គឺពុំមែនជាការងាយនោះឡើយ ប្រសិនបើរដ្ឋាភិបាលនៅបន្តគិតពីប្រយោជន៍បុគ្គល ជាជាងការគិតប្រយោជន៍ជាតិជាធំ និងទាំងនយោបាយការបរទេស នយោបាយសេដ្ឋកិច្ច នៅមានកម្រិត ព្រមទាំងមិនព្យាយាមជំរុញការអភិវឌ្ឍនៅព្រំដែនប្រកបដោយប្រសិទ្ធភាពនោះទេ មានន័យថា កម្ពុជា នឹងនៅតែជាសម្ពាធ និងជាគោលដៅនៃការជ្រៀតជ្រែកជាដរាប៕
ប្រភព អាស៊ីសេរី
No comments:
Post a Comment