Saturday, February 23, 2013

នាយក​រដ្ឋមន្ត្រី​ប្រកាស​ឲ្យ​កងទ័ព​ត្រៀម​ការពារ​ព្រំដែន​តំបន់​ព្រះវិហារ


ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី២២ ខែ​កុម្ភៈ បាន​ប្រកាស​ថា កង​កម្លាំង​យោធា និង​កង​កម្លាំង​ប្រដាប់​អាវុធ​នានា​នៃ​ប្រទេស​កម្ពុជា ត្រូវ​តែ​ត្រៀម​ខ្លួន​កម្រិត​ខ្ពស់​បំផុត ដើម្បី​ការពារ​ព្រំដែន​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ នៅ​គ្រា​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ អាយស៊ីជេ (ICJ = International Court of Justice) គ្រោង​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ នៃ​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ នៅ​ពាក់​កណ្ដាល​ខែ​មេសា ឆ្នាំ​២០១៣ ខាង​មុខ​នេះ។

ហ៊ុន សែន ៣០៥ ថ្មី
១៥-មិថុនា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល រាជធានី​ភ្នំពេញ។
RFA/Sok Serey
ប៉ុន្តែ កង​កម្លាំង​ទាំង​នោះ​ត្រូវ​តែ​រក្សា​ភាព​ស្ងប់ស្ងៀម មិន​ប្រើ​អំពើ​ហិង្សា​បំផ្ទុះ​អាវុធ​ឡើយ នៅ​គ្រា​ដែល​តុលាការ​នោះ​បកស្រាយ​សាលក្រម ទោះ​ជា​លទ្ធផល​យ៉ាង​ណា​ក៏ដោយ។
ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ប្រកាស​ដូច្នេះ ប្រាប់​ទៅ​មន្ត្រី​ជាន់​ខ្ពស់​នគរបាល​ជាតិ​ចំនួន​ជិត ៧០០​នាក់ នៅ​ក្នុង​ការ​បិទ​សន្និបាត​ប្រចាំ​ឆ្នាំ​២០១២ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​២០១៣ ដែល​បាន​ចូល​រួម​ដោយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ជា​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក​នាយ​ឧត្តមសេនីយ៍ ទៀ បាញ់ និង​ជា​ឧបនាយក​រដ្ឋមន្ត្រី និង​អគ្គស្នងការ​នគរបាល​ជាតិ លោក​នាយ​ឧត្តមសេនីយ៍ នេត សាវឿន។
កន្លង​មក មាន​សេចក្តី​រាយការណ៍​ថា ក្រុម​ជ្រុល​និយម​ថៃ មួយ​ចំនួន បាន​ប្រកាស​មិន​ទទួល​ស្គាល់​យុត្តាធិការ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នោះ​ទេ ហើយ​ក្រុម​ជ្រុល​និយម​ថៃ មួយ​ចំនួន​ទៀត បាន​ប្រកាស​សុំ​ឲ្យ​អនុវត្តន៍​សន្ធិសញ្ញា​ឆ្នាំ​១៩៤១ នៅ​ទីក្រុង​តូក្យូ (Tokyo) ប្រទេស​ជប៉ុន (Japan) ដែល​កាត់​ទឹក​ដី​ខេត្ត​បាត់ដំបង ខេត្ត​សៀមរាប និង​ខេត្ត​កំពង់ធំ ឲ្យ​ថៃ វិញ បើ​សិន​ណា​ការ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ នោះ ឲ្យ​កម្ពុជា ឈ្នះ​ក្តី​ជា​ដដែល​នោះ។
ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា លោក​បាន​ជម្រាប​ប្រាប់​អ្នកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) នាយក​រដ្ឋមន្ត្រី​ថៃ នៅ​ក្នុង​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបរមសព ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ កាល​ពី​ដើម​ខែ​កុម្ភៈ កន្លង​ទៅ​នេះ​ថា លោក​ព្រួយ​បារម្ភ​អំពី​ចលនា​ជ្រុល​និយម​ថៃ ដែល​ប្រឆាំង​នឹង​ការ​បកស្រាយ​សាលក្រម​ខាង​មុខ​នេះ។
លោក ហ៊ុន សែន៖ «ខ្ញុំ​សុំ​បញ្ជាក់​ចំណុច​បន្តិច នៅ​ក្នុង​ប្រទេស​យើង វា​ងាយ​ស្រួល​ទេ ព្រោះ​និន្នាការ​នៅ​ប្រទេស​យើង​មិន​មាន​និន្នាការ​និយម​ជ្រុល​ទេ មិន​ថា​សាលក្រម​នោះ​វា​ចេញ​បែប​ណា​ទេ គឺ​កម្ពុជា បើ​ទោះ​បី​ជា​កម្ពុជា មាន​ប្រៀប កម្ពុជា ក៏​មិន​ប្រើប្រាស់​កម្លាំង​ដើម្បី​ទៅ​រុញ​ច្រាន​កម្លាំង​របស់​ថៃ ដើម្បី​ចេញ​ពី​តំបន់​នោះ​ដែរ។ យើង​ត្រូវ​មាន​ការ​ពិភាក្សា​គ្នា​ដើម្បី​រៀបចំ​ឲ្យ​មាន​ដំណើរ​ការ​ល្អ ប៉ុន្តែ​នៅ​ខាង​ប្រទេស​ថៃ ឯ​ណោះ​វិញ មាន​មតិ​ច្រើន​ណាស់»
លោក​បាន​ស្នើសុំ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ថៃ អ្នកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត់ កុំ​ឲ្យ​រឿង​នេះ​រីក​រាលដាល​ជា​ជម្លោះ​ព្រំដែន​ទាំង​មូល និង​ប៉ះពាល់​ដល់​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​ថៃ លើ​វិស័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម។
ទាក់​ទង​នឹង​បញ្ហា​នេះ អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច ដែល​តែង​តែ​តាម​ដាន​ស្ថានការណ៍​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ បាន​មាន​ប្រសាសន៍​ថា លោក​គាំទ្រ​អនុសាសន៍​របស់​លោក ហ៊ុន សែន៖ «ទី១ ទាក់​ទង​នឹង​ផ្លូវ​ច្បាប់ យើង​ឈ្នះ​ហើយ។ បើ​សិន​ណា​យើង​ប្រើប្រាស់​កម្លាំង​បាយ ឬ​ផ្ទុះ​អាវុធ យើង​ទេ​ជា​ចំណាប់​របស់​ប្រទេស​ថៃ ថា​យើង​ប្រហែល​ជា​មាន​បញ្ហា​ទៅ​លើ​ប្រព័ន្ធ​ច្បាប់។ ហើយ​ទី២ ការ​ផ្ទុះ​អាវុធ​អត់​អាច​កើត​ឡើង​ទេ ព្រោះ​ទាហាន​គោរព​មេ​បញ្ជាការ​ណាស់ គ្មាន​មេ​បញ្ជាការ​បញ្ជា​មិន​អាច ហើយ​អ្នក​ដែល​បញ្ជា​នៅ​ពេល​ដែល​ផ្ទុះ​អាវុធ​នៅ​ក្នុង​ទ្រង់ទ្រាយ​ធំ​នោះ ទាល់​តែ​មាន​បញ្ជា​ពី​នាយក​រដ្ឋមន្ត្រី ឬ​ព្រះមហាក្សត្រ។ ដូច្នេះ មិន​អាច​កើត​មាន​ឡើង។ បើ​សិន​មាន​ទាហាន​ណា​មួយ​ផ្ទុយ​ពី​បញ្ជា​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រព័ន្ធ​ច្បាប់ ពីព្រោះ​លោក​ជា​មេ​បញ្ជាការ​នៅ​ពេល​ដែល​មាន​សង្គ្រាម»
ដោយ​ឡែក លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​បញ្ជា​ឲ្យ​បិទ ឬ​បញ្ចប់​ការ​កែច្នៃ​ឈើ​ក្រញូង ការ​ឆ្លង​កាត់ និង​ការ​ជួញ​ដូរ​ឈើ​ក្រញូង​នៅ​ប្រទេស​កម្ពុជា ចាប់​ពី​ពេល​នេះ​ត​ទៅ៕

ប្រភពអាស៊ីសេរី

No comments: