ភ្នំពេញៈ ការសិក្សាស្រាវជ្រាវរបស់អង្គការសង្គមស៊ីវិលបានរកឃើញថា គ្រាន់តែនៅក្នុងរាជធានីភ្នំពេញតែមួយ សិស្សបានចំណាយប្រាក់អស់រហូតដល់ជាងកន្លះលានដុល្លារ ដើម្បីសូកគ្រូ ក្នុងពេលប្រឡងបាក់ឌុបក្នុងឆ្នាំ ២០១៣ នេះ ដែលការសូកប៉ាន់ បានកើនឡើងជាង ១៦ ភាគរយ បើធៀបនឹងឆ្នាំ ២០១២ កន្លងទៅ។
អង្គការកម្មវិធីអភិវឌ្ឍធនធានយុវជន (YRDP) បានសហការជាមួយនឹងលោក កែម ឡី អ្នកសិក្សាស្រាវជ្រាវ និងជាអ្នកវិភាគសង្គមឯករាជ្យ បានធ្វើការសិក្សាស្រាវជ្រាវ ពីការសូកប៉ាន់របស់សិស្សានុសិស្ស ក្នុងរាជធានីភ្នំពេញ នៅពេលប្រឡងបាក់ឌុបឆ្នាំ ២០១៣ ដែលទើបកន្លងផុតទៅថ្មីៗនេះ ហើយលទ្ធផលបានបង្ហាញថា ការចំណាយប្រាក់ ដើម្បីសូកដល់មេប្រយោគ ជាថ្នូរនឹងការ បានចម្លងវិញ្ញាសាដោយសេរី នៅក្នុងបន្ទប់ប្រឡង មានការកើនឡើងរហូតដល់ទៅ ១៦ភាគរយ។
លោក ហង់ សូវៀត ជំនួយការជាន់ខ្ពស់ កម្មវិធីពង្រឹងសិទ្ធិអំណាចយុវជន នៃអង្គការ YRDP បានឲ្យដឹងកាលពីម្សិលមិញថា ក្នុងរយៈពេលពីរថ្ងៃកន្លះ នៃការប្រឡងបាក់ឌុប សិស្សបានចំណាយប្រាក់សូកគ្រូចំនួន ៣៥ ដុល្លារ គិតជាមធ្យមក្នុងម្នាក់ៗ ដែលការសូកនេះបានកើនឡើងពី ៣០ ដុល្លារ កាលពី ឆ្នាំ២០១២។
លោក សូវៀត បានបញ្ជាក់ថា៖«នៅភ្នំពេញ សិស្សប្រឡងមានចំនួន ១៩ ០៧៩ នាក់ អ៊ីចឹងបើគុណនឹង ៣៥ ដុល្លារ ស្មើនឹង ៦៦៧ ៧៥៦ ដុល្លារ។ នេះគិតតែការចំណាយឲ្យគ្រូទេ មិនគិតថ្លៃទិញប្រ៊ុយយ៉ុងនៅក្រៅសាលានោះឡើយ»។
លោកបានបន្តថា បើគិតនៅទូទាំងប្រទេសដែលមានបេក្ខជនប្រឡងជាង ១០ ម៉ឺននាក់នោះ ឃើញថា ការសូកប៉ាន់ អាចមានជាង ៣ លានដុល្លារ ប៉ុន្តែទិន្នន័យនេះវាមិនសុក្រឹតទាំងស្រុងនោះទេ ដោយសារតែការចំណាយរបស់សិស្សនៅជនបទ មានកម្រិតទាបជាងនៅរាជធានី។ បន្ទាប់ពីរកឃើញការសូកប៉ាន់ នៅពេលប្រឡងនេះរួច អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនគ្រោងនឹងធ្វើអនុសាសន៍ជូនក្រសួងអប់រំយុវជននិងកីឡា និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដែលរួមមានម្ចាស់ជំនួយលើវិស័យអប់រំ។
លោកកែម ឡី ដែលបានជួយផ្នែកបច្ចេកទេស នៅក្នុងការសិក្សាស្រាវជ្រាវនេះ បានមានប្រសាសន៍ថា ការសូកប៉ាន់ ដើម្បីបានចម្លង វាក្លាយជាវប្បធម៌ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានមនុស្ស។ លោក កែម ឡី បានថ្លែង ដូច្នេះថា៖ «វាជាវប្បធម៌ទៅហើយ ដូចដែលយើងទៅផ្សារទិញត្រី គេអ៊ីចឹង គឺត្រូវឲ្យលុយគេ ហើយចូលប្រឡងក៏ឲ្យលុយគេដែរ។ ការរៀនមិនសម្រាប់តែប្រឡងទេគឺដើម្បីចំណេះដឹង»។
ទាក់ទងទៅនឹងបញ្ហានេះ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានឲ្យដឹងថា ការសូកប៉ាន់របស់បេក្ខជនក្នុងការប្រឡងប៉ាក់ឌុបក្នុងឆ្នាំនេះ មានច្រើន និងបើកចំហជាងឆ្នាំ២០១២។
លោក រ៉ុង ឈុន បានបញ្ជាក់ថា៖«ក្រសួងអប់រំ មិនបានចាត់វិធានការអីទាំងអស់ លើបញ្ហានេះ។ អ៊ីចឹងហើយការសូកប៉ាន់ ឬអំពើពុករលួយពេលប្រឡង វាចេះតែកើនទៅៗ»។
លោកបន្តថា ការសូកប៉ាន់ គឺជាអំពើពុករលួយ ចាប់តាំងពីមន្រ្តីអប់រំ រហូតដល់ប្រធានមណ្ឌលប្រឡង។ ប៉ុន្តែក្រសួងអប់រំ គ្មានឆន្ទៈ នៅក្នុងការលុបបំបាត់នោះទេ ហើយតែងតែបដិសេធមិនទទួលស្គាល់ការពិត។
លោកស្រី ទន់ ស៊ីអ៊ី អនុរដ្ឋលេខាធិការក្រសួងអប់រំ បានបដិសេធថា មិនមានការសូកប៉ាន់នៅពេលប្រឡងនោះទេ។
លោកស្រី បានមានប្រសាសន៍ថា៖ «ត្រូវមានភ័ស្តុតាងច្បាស់លាស់ កុំចេះតែថា។ យើងមានច្បាប់អប់រំ ដែលជាម៉ែត្របន្ទាត់ សម្រាប់បុគ្គលិក ដែលប្រព្រឹត្តខុស»។ ទោះយ៉ាណា លោកស្រីសូមឲ្យចាត់វិធានការទៅតាមនីតិវិធីច្បាប់ បើសិនជារកឃើញមានអ្នកប្រព្រឹត្តខុសមែននោះ។
យុវសិស្សអាយុ ១៩ ឆ្នាំម្នាក់ ដែលបានប្រឡងបាក់ឌុប នៅវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញបានអះអាងថា នាងបានចំណាយប្រាក់ចន្លោះពី ៣០ ទៅ ៤០ ដុល្លារ ដើម្បីសូកគ្រូបានចម្លងប្រ៊ុយ៉ុង និងចម្លងពីសិស្សដទៃទៀត។ យុវសិស្សរូបនេះ បានបញ្ជាក់ថា៖ «ទាំងខ្ញុំ ទាំងគេ ឲ្យលុយគ្រូទាំងអស់តែគ្នាហ្នឹង។ បើមិនឲ្យគឺបើកមើលប្រ៊ុយយ៉ុងមិនបានទេ»។
សិស្សជាច្រើនទៀត ក៏បានអះអាងដូចគ្នាផងដែរថា នៅក្នុងបន្ទប់ប្រឡង ពួកគេបានរៃលុយគ្នា ក្នុងម្នាក់ៗ ជាមធ្យមពី ១ ម៉ឺនទៅ២ ម៉ឺនរៀល សម្រាប់មួយមុខវិជ្ជា ដើម្បីយកទៅឲ្យក្រុមមេប្រយោគប្រចាំបន្ទប់ប្រឡងជាថ្នូរនឹងការបើកមើលវិញ្ញាសារ ឬចម្លងពីគ្នាទៅវិញទៅមកក្នុងពេលប្រឡង៕
ប្រភពភ៖ ភ្នំពេញប៉ុស្តិ៍
No comments:
Post a Comment