Thursday, August 15, 2013

ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួង​អប់រំ​​​​ ត្រូវបាន​បកអាក្រាត​​ និងចោទប្រកាន់ថា ពុករលួយ និងបក្ខពួកនិយមជាប្រព័ន្ធ


​មជ្ឈដ្ឋាន​មិត្ត​អ្នកអាន​បានផ្តល់​ពិន្ទុ​វាយតម្លៃ​ទៅលើ​ការដឹកនាំ​របស់​ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ថា ដឹកនាំ​ប្រកបដោយ​ភាពពុករលួយ និង​មិន​ខ្វល់​ពី​មន្ត្រីក្រោមឱវាទ​នៅ​ថ្នាក់កណ្តាល​។​ ​
ពាក់ព័ន្ធ​នឹង​ការរៀបចំ​ដំណើរ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចាប់តាំងពី​ចុងខែ​កក្កដា កន្លងមក ក្រសួង​អប់រំ​បាន​ចំណាយ​ថវិកា​រាប់លាន​រៀល​ចំពោះ​ការប្រឡង ដើម្បី​សម្រិតសម្រាំង​គុណភាព​អប់រំ​។​ ​ប៉ុន្តែ​ការចំណាយ​ថវិកា​ទាំងនេះ​មិនបាន​ឆ្លើយតប​ទៅនឹង​ផែនការ​អប់រំ​នោះទេ ព្រោះ​ឯកឧត្តម អ៊ឹម សិទ្ធី បាន​បណ្តែតបណ្តោយ​ឲ្យ​មន្ត្រី​នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះ​ទូទៅ​បង្ក​ភាពពុករលួយ​តាម​អំពើ​ចិត្ត​ក្នុង​ការរៀបចំ​គណៈកម្មកា​រ​មេ​ប្រយោគ​ប្រឡង ដែល​ត្រូវបាន​ប្រិយមិត្ត​អ្នកអាន​បង្ហាញ​នូវ​ហេតុផល ដូចតទៅ​៖
១- គណៈកម្មការ​មេ​ប្រយោគ​ទូទាំងប្រទេស និង​អប្បមាទ គឺ​រៀបចំ​តាម​ខ្សែ «​អ្នក​ស្និទ្ធស្នាល នៅ​ខេត្ត​ជិត និង​អ្នក​មិន​ស្និទ្ធស្នាល ត្រូវ​រៀប​អីវ៉ាន់​ចេញទៅ​ខេត្ត​ឆ្ងាយៗ​ដាច់ស្រយាល​»​។​
២- គណៈកម្មការ​អប្បមាទ​ត្រូវ​កំណត់​យក​អ្នកមាន​តួនាទី​ជា​ប្រធាន អនុប្រធាន​ការិយាល័យ ប៉ុន្តែ​លេចចេញ​ឃើញ​មាន​មន្ត្រី​មួយចំនួន​ដែល​មិន​ឋិត​ក្នុង​នាយកដ្ឋាន​ជំនាញ​ក៏បាន​ចូលរួម​ជា​គណៈកម្មការ​អប្បមាទ​ដែរ «​អ្នក​ទាំងនោះ​មាន​ខ្សែ​ទុយោ និង​មាន​បក្ខពួក​របស់ខ្លួន​»​។​
៣- ប្រធាន អនុប្រធាន​មណ្ឌល​មួយចំនួន​រៀបចំ​តាម​បណ្តាញ​ពុករលួយ ជាពិសេស​សូក​យក​ប៉ុស្តិ៍​ល្អៗ​។ ម្យ៉ាងទៀត​គឺ​ត្រូវបាន​រៀបចំ​ប្រធាន អនុប្រធាន​មណ្ឌល​ជា​ក្រុម ដើម្បី​ងាយស្រួល​ពេល​ដំណើរការ​វិញ្ញាសា ហើយ​ប្រធាន អនុប្រធាន​មណ្ឌល​មួយចំនួន​ឆ្នាំ​ណា​ក៏​ដង្ហែ​នៅ​មណ្ឌល​ជាមួយគ្នា​ដែរ «​ដូចជា​មណ្ឌល​វិទ្យាល័យ​បាក់​ទូក​ឆ្នាំ​២០១២ និង​មណ្ឌល​វិទ្យាល័យ​ព្រែក​ឯង ឆ្នាំ​២០១៣ និង​នៅ​មណ្ឌល​ផ្សេងៗ​ទៀត​»​។​
៤- គណៈកម្មការ​ត្រួត​អគារ និង​អនុរក្ស​ឆ្លងខេត្ត ជា​រៀងរាល់ឆ្នាំ​មានការ​សូកប៉ាន់​រើសយក​ប៉ុស្តិ៍​ក្នុងតម្លៃ​ពី​១៥​ដុល្លារ ទៅ​២០​ដុល្លារ​អាមេរិក ហើយ​បណ្តាញ​ទាំងនោះ​គឺ​ការិយាល័យ​ប្រឡង ឬ​ការិយាល័យ​មធ្យមសិក្សា​ចំណេះ​ទូទៅ​តាម​ខេត្ត​ជា​អ្នក​នាំសារ​។ រីឯ​មួយចំនួនទៀត​គឺ​មន្ត្រី​ការិយាល័យ​ប្រឡង​នៃ​នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះ​ទូទៅ​។​
៥- ចំណែក​គ្រូ ដែល​មិន​បង្រៀន​ថ្នាក់​ទី​១២ នៅ​រាជធានី​ភ្នំពេញ ភាគច្រើន​គឺ​ចេញ​ធ្វើជា​គណៈកម្មការ​អនុរក្ស​ផង និង​ជា​គណៈកម្មការ​បែងចែក​សន្លឹក​កិច្ចការ​ផង​ដែល​រៀបចំ​ជា​បណ្តាញ​សូកប៉ាន់ តាម​សាលា ដើរតួ​ជា​អ្នក​នាំ​ា​សារ «​សូម​ពិនិត្យមើល​លិខិត​ឧទ្ទេសនាម​អនុរក្ស និង​លិខិត​ឧទ្ទេសនាម​បែងចែក​សន្លឹក​កិច្ចការ​នៅ​៩​មណ្ឌល​កំណែ​»​។​
៦- គណៈកម្មការ​បូក ស្រង់ ពិនិត្យ​ផ្ទៀងផ្ទាត់​ពិន្ទុ «​លិខិត​ឧទ្ទេសនាម​លេខ​៣៥​ម​ប្រ​ទ​» មាន​បាតុភាព​មិន​ប្រក្រតី​មួយចំនួន ដោយ​គណៈកម្មការ​ទាំង​នោះ​មួយចំនួន​កើតចេញពី​ការ​សូកប៉ាន់ «​តម្លៃ​ពី​២៥​ដុល្លារ ទៅ​២៥​ដុល្លារ​អាមេរិក​» ដូចជា​មន្ត្រី​អប់រំ​ថ្នាក់ក្រោម​ជាតិ​មួយចំនួន ខ្លះ​ចេញ​ធ្វើជា​គណៈកម្មការ ប្រធាន អនុប្រធាន​មណ្ឌល ខ្លះ​ធ្វើជា​គណៈកម្មការ​អប្បមាទ និង​ខ្លះទៀត​ធ្វើជា​អនុរក្ស​នៅតាម​មណ្ឌល​ក្នុង​ខេត្ត​។ ប៉ុន្តែ​ពេល​បូក ស្រង់​បែរជា​មានឈ្មោះ​ចេញ​ជា​គណៈកម្មការ​បូក ស្រង់​ពិន្ទុ ខ្លះ​ជា​គណៈកម្មការ​ពិនិត្យ​ពិន្ទុ «Sic!»​។​
៧- ចំពោះ​មន្ត្រី​បម្រើ​ការងារ​នៅ​ថ្នាក់កណ្តាល​វិញ គឺ​ឯកឧត្តម អ៊ឹម សិទ្ធី ដែលជា​រដ្ឋមន្ត្រី​មិន​ខ្ចី​ខ្វល់ខ្វាយ​ឈឺក្បាល​ហាលងៀត​អ្វី​ឡើយ ទោះបី​មន្ត្រី​អប់រំ​ដែល​បម្រើ​ការងារ​នៅតាម​អង្គភាព​នានា​ចំណុះ​ក្រសួង​ទាំងនោះ​មួយចំនួន​មិនបាន​ចូលរួម​ធ្វើជា​គណៈកម្មការ​ផ្សេងៗ​ក្នុង​ការប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ក៏ដោយ​។​ ​
ប្រិយមិត្ត​អ្នកអាន​ក៏បាន​ទាញអារម្មណ៍​ឲ្យ​មានការ​ពិចារណា​ដែរ​ថា មន្ត្រី​អប់រំ​ធ្វើការ​នៅ​ថ្នាក់កណ្តាល ធ្វើការ​ពីរ​ពេល ក្នុង​មួយថ្ងៃ​ដោយ​ទទួលបាន​ប្រាក់បៀវត្សរ៍​តិចតួច បែរជា​មិន​ឲ្យ​ចូលរួម​ធ្វើជា​គណៈកម្មការ​ផ្សេងៗ​ក្នុងការ​ប្រឡង​បាក់​ឌុប តើ​នេះ​ជា​មេដឹកនាំ​ល្អ​ឬ​? ចំណែក​គ្រូបង្រៀន​នៅ​រាជធានី​ភ្នំពេញ ធ្វើការ​មួយ​សប្តាហ៍ ១៦ ឬ​១៨ ម៉ោង​ទទួលបាន​ប្រាក់បៀវត្សរ៍​គួរសម បែរជា​បាន​ចូលរួម​ក្នុង​គណៈកម្មការ​ប្រឡង​២ ឬ​៣​ដង ទាំង​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ ទាំង​បឋមភូមិ ខណៈដែល​នាយក​វិទ្យាល័យ និង​មន្ត្រី​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត ដែល​ចេញ​ជា​ប្រធាន អនុប្រធាន​មណ្ឌល ជា​អប្បមាទ ជា​អនុរក្ស បែរជា​ឲ្យ​ចូលរួម​ក្នុង​គណៈកម្មការ​បូក ស្រង់​ពិន្ទុ​ថែមទៀត តើ​នេះ​មាន​យុត្តិធម៌​ដែរឬទេ​?៕​
Im-Sithy0
ប្រភព៖ ដើមត្នោត

No comments: