Monday, February 22, 2010

ម៉ែខ្ញុំ

រឿងខ្លី​​                                                   
ម៉ែខ្ញុំ

          ម៉ែ...!!!”​ ពាក្យមួយម៉ាត់នេះពិរោះណាស់សម្រាប់កូន... “ម៉ែ”​ ជាពាក្យដែលខ្ញុំនិយាយចេញមកពីបបូរមាត់របស់ខ្ញុំ   កាលខ្ញុំចាប់ផ្តើមរៀននិយាយមុនដំបូងបង្អស់នៃជីវិត។
ស្រាប់តែពាក្យដដែលនេះវាក្លាយជាពាក្យសម្រាប់ទួញសោកហៅមាតារបស់ខ្ញុំជាលើកចុងក្រោយទៅវិញ។​  ព្រះអគ្គីបានត្រ​បាក់លេបរូបកាយដ៏ស្គមស្គាំងរបស់អ្នកម៉ែ ជាមួយនិងបរិវាររបស់វាគឺផ្សែង។ ផ្សែងខ្មួលខ្មាញ់ព័ណ៌ខ្មៅហ៊ំហ៊ួងហែងរូបកាយម៉ែ បាននាំវិញ្ញាណរបស់ម៉ែទៅភពមួយផ្សេងទៀតហើយ!
          ពេលនេះទោះបីខ្ញុំយំឲ្យរីងទឹកនេត្រា ស្រែកឲ្យបែកលោកាទៅទៀតក៏អ្នកម៉ែម្នាក់នោះមិនមានវត្តមាននៅលើពិភពលោកនេះ  មិនបានឮនូវអ្វីៗទាំងអស់ ហើយខ្ញុំក៏មិនអាចរកម៉ែឃើញ​ដែរ។  លោកបានទៅហើយ... ទៅហើយ... ហើយទៅសែនឆ្ងាយ...  ឆ្ងាយគ្មានថ្ងៃនឹងត្រឡប់...
          ម៉ែរបស់ខ្ញុំជាស្រ្តីមេម៉ាយម្នាក់ដែលរស់នៅក្នុងសង្គមមួយដែលចង្អៀតបំផុតសម្រាប់ជីវិតរបស់គាត់។ ក្រោយពេលពុកបានចាកឆ្ងាយចោលម៉ែមក ភារៈបីបាច់បុត្រាបណ្តូលចិត្តតែមួយនេះត្រូវធ្លាក់យ៉ាងធ្ងន់មកលើម៉ែ...​ ម៉ែធ្វើស្រែចម្ការ​ ភ្ជួររាស់​ និងរែកអម្រែកតត្រុកដើម្បីជីវភាពប្រចាំថ្ងៃ។   ​  ដីធ្លីទាំងប៉ុន្មានដែលជាកេរមរតករបស់យាយតា ​   ត្រូវបានក្លាយជាតំបន់អភិវឌ្ឍន៍របស់រដ្ឋ។  ម៉ែកាន់តែលំបាកបន្តិចម្តងៗ​  ប្រាក់កាសដែលគេប៉ះប៉ូវជំនួសការដូរដីស្រែចំការនោះក៏ចាប់ផ្តើមអស់ទៅជាលំដាប់។   តម្លៃការផលិតក៏មិនចំណេញធ្វើឲ្យគ្រួសារខ្មែរជាច្រើននៅភូមិរបស់ខ្ញុំសុខចិត្តលះបង់ភូមិកំណើត ទៅជ្រកក្រោមសំយ៉ាបអគារនៅរាជធានីដើម្បីរកអង្ករច្រកឆ្នាំង អាហារច្រកក្រពះម៉្ងៃៗ ។ 
          ភាពលំបាកវេទនារបស់ម៉ែក្រោមការមើលស្រាល​ និងរើសអើងពីសំណាក់អ្នកដទៃនោះ  បានធ្វើឲ្យគាត់កាត់ចិត្តចុះចោលស្រុកកំណើតមករស់នៅក្នុងទីរួមខេត្ត។  ម៉ែបានយកខ្ញុំមកផ្ញើនៅមណ្ឌលកុមារកំព្រាខេត្ត។
          ម្តាយ​ដ៏កម្សត់របស់ខ្ញុំលោកមើលឃើញអ្វីៗនៅលើផែនដីនេះឃើញដោយភ្នែកតែម្ខាង​ប៉ុណ្ណោះ។ ម៉ែដើរតត្រុកជើងទទេលក់ការ៉េមឲ្យក្មេងៗនៅសាលារៀន ក្រោយពេល​ត្រឡប់មកពីលក់បន្លែវិញ។  មានថ្ងៃមួយម្តាយរបស់ខ្ញុំទៅលក់ការ៉េមដល់សាលារៀនបឋមសិក្សាដែលខ្ញុំសិក្សា។  គាត់ព្យាយាមហុចនំដែលគាត់ធ្វើផ្ទាល់ដៃឲ្យមកខ្ញុំ គាត់និយាយលួងលោមខ្ញុំជាភាសាដ៏ពិរោះដែលមាតាដ៏ល្អក្នុងលោកតែងតែនិយាយទៅរកបុត្របណ្តូលចិត្តរបស់​ខ្លួន៖
          នរាកូនម៉ែមកជិតម៉ែបន្តិចមកកូន!  ម៉ែនឹកកូនណាស់... នេះជានំដែលកូនចូលចិត្តម៉ែធ្វើយកមកផ្ញើកូនណ៎ា!” ម៉ែព្យាយាមនិយាយអង្វរខ្ញុំឲ្យទទួលយកនំដែលគាត់យកមកផ្ញើ  តែខ្ញុំមិនត្រឹមតែមិននិយាយទៅរកគាត់ទេ ថែមទាំងមិនទទួលនំហើយរត់ចេញពីមុខគាត់ទៀត។ ​ខ្ញុំមិនចង់ឃើញមុខគាត់ទាល់តែសោះ  ខ្ញុំស្អប់គាត់... ហេតុអ្វីបានជាគាត់ព្យាយាមមកលងបន្លាចជីវិតខ្ញុំរហូតបែបនេះ?  
ថ្ងៃបន្ទាប់មកមិត្តភក្តិដែលរៀនជាមួយខ្ញុំ គេសើចឲ្យខ្ញុំហើយចំអកថា​ ម្តាយរបស់ខ្ញុំមានភ្នែកតែម្ខាង។  ខ្ញុំខ្មាសមិត្តរួមថ្នាក់មែនទែន រហូតមិនទៅលេងម្តាយខ្ញុំនៅឯផ្ទះអស់ជាច្រើនខែ។  ពេលដែលមិនឃើញខ្ញុំចូលទៅលេងផ្ទះយូរខែ ម្តាយរបស់ខ្ញុំក៏ទៅរកខ្ញុំដល់មណ្ឌលកុមារកំព្រា ខ្ញុំស្តីឲ្យម៉ែនូវពាក្យដែលមិនពិរោះ ទ្រគោះបោះបោកទៅលើគាត់ៈ
“ម៉ែ...! ម៉ែឯងមិនបាច់មកលេងនឹងខ្ញុំទៀតទេ... ម៉ែដឹងទេមិត្តភក្តិរបស់ខ្ញុំគេសើចចំអកឲ្យខ្ញុំ ពេលដែលឃើញភ្នែករបស់ម៉ែបែបនេះនោះ... គេថាឲ្យខ្ញុំថា ខ្ញុំមានម្តាយខ្វាក់ភ្នែក... បើម៉ែមកព្រោះតែធ្វើឲ្យកូនខ្មាសគេនោះម៉ែមិនបាច់មកទៀតក៏បានដែរ... ឈប់មកឲ្យខ្ញុំឃើញមុខទៀត... ខ្ញុំស្អប់ណាស់ ចេញទៅ...!!! ចេញទៅ...!!!   ខ្ញុំគ្មានម្តាយខ្វាក់ភ្នែកដូចអ្នកទៀតទេ!!!”  ខ្ញុំស្តីដៀលស្រ្តីដែលបានឲ្យកំណើតខ្ញុំយ៉ាងចាស់ដៃ។  ទឹកភ្នែកស្រ្តីវ័យអាយុជ្រេរបន្តិចម្នាក់នោះក៏បានស្រក់ចុះដោយមិនដឹងខ្លួន... គាត់គ្មានអ្វីវាចាសូម្បីមួយម៉ាត់មានតែឈរធ្មឹងសម្រក់ទឹកភ្នែកជោគផែនថ្ពល់ក្រហូងស្វិតជ្រួញគួរឲ្យ​​អនិច្ចា។  ម៉ែដើរត្រុកៗចេញពីមណ្ឌលរបស់កុមារកំពា្រ       សំដៅជម្រកដែលជាកូនខ្ទមតូចបាក់បែករហែកដោយកន្លែង។ ទោះបីអ្នកគ្រូរបស់ខ្ញុំខំស្រែកហៅយ៉ាងណាក៏គាត់មិនងាកក្រោយដែរ។ ​អ្នកគ្រូធ្លាប់និយាយប្រាប់ខ្ញុំថា ម្តាយខ្ញុំក៏ធ្លាប់ធ្វើជាគ្រូបង្រៀនក្មេងមត្តេយ្យនៅក្នុងជម្រុះដែរនៅពេលដែលភ្នែករបស់គាត់នៅល្អនោះ    តែក្រោយពេលដែលអជ្ញាធរប្រទេសថៃឲ្យផ្លាស់មករស់នៅទីប្រជុំជនក្នុងប្រទេសវិញគេក៏បោះបង់គាត់ចោលទៅ។ 
ពេលដែលខ្ញុំបានបញ្ចប់មធ្យមសិក្សាបឋមភូមិ​    ខាងអង្គការសង្គ្រោះកុមារកំព្រាបាន​
បញ្ជូនខ្ញុំឲ្យមករស់នៅមណ្ឌលកុមារកំព្រាអង្គការមិត្តសម្លាញ់ឯរាជធានីភ្នំពេញ។ ក្រោយមកខ្ញុំមានម្តាយធម៌ជាជនជាតិអូស្រា្តលី។  ជីវិតរស់នៅរបស់ខ្ញុំនៅមណ្ឌលនេះធ្វើឲ្យខ្ញុំភ្លេចអ្វីៗទាំងអស់ សូម្បីតែម្តាយដ៏កម្សត់ម្នាក់នោះខ្ញុំក៏បានបំភ្លេចស្រមោលគាត់ចេញពីបេះដូង      ដែរ។  ម្ង៉ៃៗមានតែការរៀនសូត្រ​​ និងដើរកំសាន្តតាមរមណីយដ្ឋានផ្សេងៗតាមគម្រោងរបស់អង្គការ។  តែខ្ញុំក៏នៅមិនភ្លេចសេចក្តីព្យាយាមរៀនសូត្រដែរ។ ក្រោយពេលបញ្ចប់មធ្យមសិក្សាទុតិយភូមិ   ខ្ញុំទទួលបានអាហាររូបករណ៍ទៅសិក្សានៅប្រទេសអូស្រ្តាលីរយៈពេលប្រាំឆ្នាំ។   មុនពេលចាកចេញពីមាតុភូមិខ្ញុំបានផ្តាំផ្ញើពាក្យថា  ”លា” ទៅម្តាយតាមរយៈមិត្តភក្តិរបស់ខ្ញុំ។  រយៈពេលកន្លងមក និងពេលដែលខ្ញុំទៅបន្តការសិក្សានោះ ខ្ញុំមិនបានទទួលដំណឹង ឬក៏ផ្ញើដំណឹងទៅសួរសុខទុក្ខម្តាយរបស់ខ្ញុំម្តងណាឡើយ។  
          ការសិក្សារបស់ខ្ញុំបានបញ្ចប់ដោយជោគជ័យ។  ក្រោយពេលមាតុភូមិនិវត្តន៍បានប្រមាណពីរខែខ្ញុំទទួលបានការងារមួយយ៉ាងសមរម្យមានតួនាទីឋានៈតំណែង ដែលមានមនុស្ស​តិចណាស់អាចធ្វើបាន។  ខ្ញុំមិនបានទៅជាន់ទឹកដីកំណើតម្តងណាឡើយ។  ខ្ញុំសម្រេចចិត្តរៀបចំគ្រួសារក្រោយពេលបម្រើការងារបានមួយឆ្នាំ។  ខ្ញុំមានផ្ទះមួយខ្នងដ៏ស្អាត ដែលជាចំណងដៃរបស់ឪពុកម្តាយក្មេកពេលរៀបអាពាហ៍ពិពាហ៍។ ខ្ញុំព្យាយាមបិទបាំងរឿងខ្ញុំជានិច្ច​ គ្រួសាររបស់ខ្ញុំដឹងថាខ្ញុំជាកូនកំព្រាគ្មានឪពុកម្តាយ។  ក្រោយមកខ្ញុំក៏ចាប់
ផ្តើមមានបុត្តធីតាតាមបំណងភរិយារបស់ខ្ញុំ។  
...........................
          បួនឆ្នាំក្រោយមក ម្តាយរបស់ខ្ញុំក៏ព្យាយាមមកភ្នំពេញដើម្បីមកលេងចៅៗរបស់គាត់។
ធម្មតាធម្មជាតិជាម្តាយ ជាជីដូនតែងតែមានសេចក្តីនឹករលឹកកូនចៅជារឿងមួយដែលមាតាទាំងឡាយត្រូវតែមាននៅក្នុងបេះដូងជានិច្ច។  ថ្ងៃនោះទ្វាររបងផ្ទះមិនទាន់ទាំងបិទផងស្រាប់
តែមានមនុស្សចូលមកមកគោះទ្វារ៖
          “តុក...!!! តុក...!!! មានមនុស្សនៅផ្ទះទេ?”  ខ្ញុំក៏មិនខ្វល់នឹងសម្លេងនោះដែរ។ កូនៗរបស់ខ្ញុំរត់ទៅបើកទ្វារ។   សម្លេងស្រែកយំហាក់ដូចជាតក់ស្លុតរបស់កូនៗខ្ញុំក៏លាន់ឡើងមួយរំពេចហើយពួកគេរត់មកឱបហើយពួននឹងជើងរបស់ខ្ញុំ ពួកគេភ័យខ្លាចដូចជាបានឃើញខ្មោចអីចឹង។  
          “ប៉ា...! ប៉ា...​! ប៉ាអើយខ្មោចលង  កូនខ្លាចណាស់!!!”  កូនប្រុសច្បងបន្ថែម៖
          “ប៉ា...​អើយ...​ មិនមែនខ្មោចទេ!​ មនុស្សឆ្គួត!!!​​ អាក្រក់មើលណាស់”
          កូនយំស្រែកបែបនេះខ្ញុំចេញទៅមើល។  ស្រ្តីចាស់ម្នាក់មានភ្នែកតែម្ខាង ក្នុងសម្លៀកបំពាក់ចាស់ៗស្នាមបំណាស់ដោយកន្លែងសម្លឹងមកលើរូបខ្ញុំ  គាត់ខំសង្កេតពីក្បាលរហូតចុងជើងរបស់ខ្ញុំ ដៃរបស់ស្រ្តីជរាស្វិតក្រញៀវសរសៃរមេញញ័រៗលូកមកបំរុងអង្អែលដៃខ្ញុំ។  គាត់បញ្ចេញសម្លេងបែបញ័រៗមួយៗមកខ្ញុំ៖
          “នេះ... ”ជាកូននរាមែនទេ...?  នរាកូន!​  ម៉ែនឹកកូនណាស់! ម៉ែមិនបានឃើញមុខកូនជាច្រើនឆ្នាំហើយ!  កូនចាស់ច្រើនណាស់... នរាកូនម៉ែ!  ម៉ែនឹកកូនខ្លាំងណាស់... ចៅៗរបស់ម៉ែទៅណាអស់ហើយ!”  ខ្ញុំមិនព្រមស្តាប់សំនួររបស់គាត់ហើយព្យាយាមរលាស់ដៃគាត់ចេញព្រមទាំងគំហកដាក់យាយចាស់ម្នាក់នោះថា៖
          “នរណាជានរារបស់យាយនោះ...!!!   ទីនេះគ្មាននរានរ៉ាណាទេ! ចេញទៅ...  ចេញពី
ទីនេះភ្លាមទៅ!!!    ហើយឈប់មកលងបន្លាចកូនៗរបស់ខ្ញុំទៀត!”     ម្តាយរបស់ខ្ញុំឈរស្ងៀម
ហើយលើកដៃសំពះសូមទោសខ្ញុំ ញ័រទទ្រាក់ៈ
          “ឲ្យខ្ញុំសូមទោសលោកប្រុស!​   ប្រហែលជាខ្ញុំច្រឡំអាសយដ្ឋានហើយមើលទៅ...
ហើយខ្ញុំសូមទោសផងដែរដែលបានធ្វើឲ្យកូនៗរបស់លោកប្រុសខ្លាច”    ក្រោយមកគាត់ក៏​ចេញពីផ្ទះខ្ញុំបាត់ទៅ។  
          ព្រោះតែការងារធ្វើឲ្យខ្ញុំភ្លេចអ្វីៗទាំងអស់។  ថ្ងៃមួយខ្ញុំបានទទួលលិខិតអញ្ជើញមួយច្បាប់ពីមណ្ឌលកុមារកំព្រាខេត្ត​ដើម្បីចូលរួមពិធីសម្ភោធអគារស្នាក់នៅថ្មីរបស់ក្មេងកំព្រានៅទីនោះ។  ក្រោយពេលទទួលបានលិខិតភ្លាមខ្ញុំក៏កុហកភរិយារបស់ខ្ញុំថាចុះទៅបំពេញភារកិច្ចនៅតាមខេត្ត។  ខ្ញុំមានសេចក្តីរីករាយមែនទែននៅពេលដែលបានមកដល់ស្រុកកំណើតនោះ។  ខ្ញុំនឹងទៅជួបម្តាយដ៏កម្សត់របស់ខ្ញុំ  សង់ផ្ទះថ្មីឲ្យគាត់នឹងធ្វើអាហារឆ្ងាញ់ៗសម្រាប់គាត់... ជូនប្រាក់កាសគាត់សម្រាប់គាត់ធ្វើបុណ្យទាន...
          ខ្ញុំធ្វើដំណើរមកស្រុកកំណើតដោយក្តីសង្ឃឹម ហើយសង្ឃឹមថា នឹងបានមកជួបម្តាយ!
          ពេលដែលរថយន្តមកដល់ក្បែរខ្ទមដ៏កម្សត់ដែលខ្ញុំធ្លាប់រស់នៅកាលពីតូចនោះស្រាប់​តែឃើញទង់ក្រពើកំពុងបក់រវិចៗជាប់នឹងចុងឫស្សី... ក្លងខែកកំពុងតែឈ្លោះប្រកែកគ្នារងំលើបង្គោលឫស្សីនៅខាងកើតខ្ទមជរារបស់ម្តាយខ្ញុំ។
          “ពុទ្ធោ!  ម៉ែ!...  ម៉ែ!!!!” ខ្ញុំចុះពីរថយន្តរត់ចូលទៅក្នុងផ្ទះហើយស្ទុះទៅឱបរាងកាយដែលស្គមមានតែស្បែកដណ្តប់ឆ្អឹងគ្របភួយកញ្ចាស់មានស្នាមបំណះដោយកន្លែង។  
          “ម៉ែ!... ម៉ែ!!!... ម៉ែស្លាប់ចោលកូនហើយ... ម៉ែទៅឆ្ងាយចោលកូនហើយ...”ខ្ញុំទ្រហោរ យំនៅលើសពម្តាយ។  អតីតអ្នកគ្រូរបស់ខ្ញុំបានហុចសំបុត្រមួយច្បាប់ដែលម្តាយខ្ញុំបានសរសេរទុកផ្ញើឲ្យខ្ញុំ៖
         
                   ខ្ទមកម្សត់, ថ្ងៃទី០១ មករា ២០០៧
                   នរាកូនសម្លាញ់របស់ម្តាយ!
          ម្តាយនឹកកូនខ្លាំងណាស់! ម្តាយចង់រស់នៅក្បែរកូន ចង់ឃើញសុភមង្គលរបស់កូន។ ឲ្យម៉ែសូមទោសណា៎ដែលម៉ែទៅរកកូនដល់ផ្ទះ ហើយធ្វើឲ្យកូនៗរបស់កូនភ័យខ្លាចព្រោះតែភាពមិនគ្រប់លក្ខណៈរបស់ម៉ែ។  ម៉ែសែនត្រេកអរនៅពេលដឹងថា កូនត្រូវបានអញ្ជើញមកចូលរួមក្នុងពិធីសម្ភោធឆ្លងអន្តេវាសិកកុមារកំព្រានៅខេត្តរបស់យើង។ តែគួរឲ្យស្តាយណាស់ដែល​ ម្តាយមិនអាចទៅឃើញមុខរបស់កូនជាលើកចុងក្រោយបាន... ឲ្យម្តាយសូមទោសដែលម្តាយបានធ្វើឲ្យកូនខ្មាសមិត្តភក្តិនៅពេលដែលកូនរៀននៅបឋមសិក្សា។ 
          កូនមានដឹងឬទេ?  នៅពេលកូននៅតូច កូនតែងតែទៅតាមឪពុកទៅចម្ការឪពុកកូនជាន់មីន គាត់ទទួលមរណភាពណែកកូនត្រូវរបួសភ្នែក... ក្នុងនាមជាម្តាយដែលមានព្រហ្មវិហារធម៌នោះ ម្តាយត្រូវបញ្ជូនកូនទៅវះកាត់នៅប្រទេសជិតខាងទាំងគ្មានប្រាក់មួយសេនជាប់ខ្លួន។ ម្តាយឲ្យពេទ្យវះកាត់ភ្នែកស្តាំរបស់ម៉ែដាក់ឲ្យទៅកូន... ម៉ែមិនអាចឈរមើលកូនធំឡើងមានភ្នែកតែម្ខាងនោះទេ... ឪពុកបានបាត់បង់ទៅហើយកុំឲ្យបាត់បង់កូនជាទីស្រឡាញ់ស្មើបេះដូងទៅទៀត...!!!  ម្តាយសប្បាយរីករាយណាស់ដែលកូនបានឃើញពិភពជីវិតថ្មីមួយដោយកែវភ្នែករបស់ម្តាយ។ ទោះបីពេលដែលកូនអានសំបុត្រនេះម្តាយមិនបាននៅលើផែនដីក៏ដោយ ម្តាយក៏នៅមានកូននិងកែវភ្នែកដែលគ្មានមន្ទិលនោះនៅមើលអ្វីៗនៅលើលោកនេះជំនួសម្តាយដែរ...

​​                                                     ពីអ្នកដែលស្រឡាញ់កូនគ្មានថ្ងៃចុងក្រោយ!


អានសំបុត្រនោះចប់ ទើបខ្ញុំដឹងថាម្តាយរបស់ខ្ញុំស្រឡាញ់ខ្ញុំប៉ុនណា! ហើយលោកបានលះបង់អ្វីខ្លះសម្រាប់ខ្ញុំ។  អ្នកម៉ែធ្វើអ្វីៗគ្រប់យ៉ាងដើម្បីកូន។ ម៉ែស៊ូទ្រាំលំបាកដើម្បីចិញ្ចឹមបីបាច់កូនឲ្យបានធំធាត់ ដើម្បីកូនបានរៀនសូត្រ... តាំងតែពីតូចរហូតមកដល់ពេលនេះខ្ញុំនៅមិនទាន់មានអ្វី​ ឬបានធ្វើអ្វីដើម្បីជាការតបស្នងសងគុណដល់អ្នកម្តាយដ៏កម្សត់ដែលឥឡូវកំពង់តែបិទភ្នែកមិនអាចឃើញអ្វីៗទាំងអស់នោះសោះ។       កុំថាឡើយលុយកាក់មាសប្រាក់ ឬរបស់ផ្សេងៗ សូម្បីតែធ្វើឲ្យលោកសប្បាយចិត្តក៏គ្មានផង។ តើ​មានប្រយោជន៍អ្វីសម្រាប់របស់របរដែលខ្ញុំយកមកផ្ញើគាត់នៅពេលនេះ?  ផ្ទុយទៅវិញវាក្លាយជាគ្រឿងបង្សុកូលសពកាត់ទៅវិញ... តើត្រូវធ្វើផ្ទះថ្មីឲ្យនរណានៅ? តើត្រូវទិញនំចំណីមកឲ្យនរណាពិសាទៅ ? បើមាត់ដែលត្រូវទំពារនោះវាបិទជិតទៅហើយ...!!! ហើយបំពង់កដែលត្រូវទទួលអាហារនោះវាដេកបាត់ទៅហើយ...!!! តើនៅមានន័យអ្វីទៀតចំពោះអំពើល្អដែលធ្វើក្រោយពេលអ្វីត្រូវបានបញ្ចប់នោះ... 
ខ្ញុំអាចនិយាយបានថាគ្មានសេចក្តីស្រឡាញ់ សេចក្តីស្នហាណាមួយដែលបរិសុទ្ធ ដូច
សេចក្តីស្រឡាញ់ និងសេចក្តីស្នេហារបស់ឪពុកម្តាយចំពោះបុត្តធីតានោះទេ!  សេចក្តីស្រឡាញ់របស់លោកជាសេចក្តីស្រឡាញ់ដែលគ្មានថ្ងៃចុងក្រោយ...!!!


ដោយ ប៉ាកកាមាស
សម្រួលពីកិច្ចការសាលា “ភាសាអង់គ្លេស”
ដុងឌុក, ថ្ងៃសៅរ៍ទី២១ កុម្ភៈ ២០០៧

No comments: