(ដោយ ឡឹក ជំនោរ)
ក្រោយពីផ្ញើសារត្រឡប់ទៅខ្សែម្ខាងទៀតរួច ខ្ញុំក៏ចូលទៅគេង។ កណ្តាលទ្រូងនៃរាត្រីដ៏សែនស្ងាត់ ខ្ញុំគេងស្តាប់សត្វយំឆ្លើយឆ្លងគ្មានដាច់សូរ។ សុភមង្គលរបស់ពួកគេប្រៀបបាននឹងកំពុងមានពិធីជប់លៀងអ្វីមួយអ៊ីចឹង... ខ្ញុំបន្តបិទភ្នែកមិនជិត។
ខ្ញុំតែងតែសួរខ្លួនឯងថា ហេតុអ្វីបានជាខ្ញុំធ្វើដំណើរមកកាន់តំបន់នេះមុនការកំណត់?
ជីវិតដែលធ្លាប់តែសប្បាយរីករាយហ៊ឺហារបស់ខ្ញុំត្រូវបានបញ្ចប់មួយរយៈ បញ្ចប់អ្វីៗដោយគ្មានហេតុផល។ ទោះបីជាទីនេះជាតំបន់ព្រៃភ្នំ នៅឃ្លាតឆ្ងាយពីភាពរីកចម្រើន ក៏ខ្ញុំពេញចិត្ត ខ្ញុំពេញចិត្តនូវជីវភាពដ៏សមល្មមរបស់អ្នកភូមិជនជាតិភាគតិចនៅតំបន់នេះទោះបីជាកម្រិតជីវភាពរបស់ពួកគាត់ខុសប្លែកពីបងប្អូនខ្មែរ នៅតាមបណ្តាខេត្តនានា និងរាជធានីក៏ដោយ ក៏ជីវិតដ៏ប្រពៃនេះបានបង្ហាញយ៉ាងច្បាស់លើការថែរក្សាមរតកធម្មជាតិរបស់ខ្មែរបានយ៉ាងល្អប្រសើរ។ រវល់តែគិតនាឡិកាបានវាយម៉ោងពីររំលងអធ្រាត្រទៅហើយ។
ក្រោកពីដំណេកព្រឹកនេះខ្ញុំជ្រុលម៉ោងបន្តិច។ ខ្ញុំព្យាយាមរួតរះដើម្បីធ្វើដំណើរទៅស្រុកពេជ្រចិន្តា តាមគំរោងដែលក្រុមការងារបានដាក់ជូនកាលពីសប្តាហ៍មុន។ តាមពិតទៅគំរោងការងារបណ្តុះបណ្តាលអ្នកភូមិមួយនោះចាប់អនុវត្តន៍នៅចុងខែកុម្ភៈឯណោះ ប៉ុន្តែខ្ញុំសុំសិទ្ធិពិសេសដើម្បីមករៀបចំ និងសំណេះសំណាលបង្កើតភាពស្និទ្ធស្នាលរវាងអ្នកស្រុកជាមុនសិន។
ដំណើរដ៏វែងឆ្ងាយពីទីរួមខេត្តមណ្ឌលគីរីមកស្រុកពេជ្រចិន្តាឆ្ងាយគួរសម ដោយធ្វើដំណើលើផ្លូវក្រាលគ្រួសក្រហម ហុយស៊ុបទ្រុប រកមើលអ្វីមិនយល់។ ទៅដល់កន្លែងបណ្តុះបណ្តាលលោកតំណាងសសហគមន៍បានណែនាំខ្ញុំឲ្យស្គាល់បងប្អូនអ្នកភូមិជាច្រើនអ្នកផ្សេងទៀត។ ខ្ញុំមានសេចក្តីរីករាយណាស់ទៅសកម្មភាពដ៏ល្អៗរបស់បងប្អូនយើងនៅទីនោះ។ ខ្ញុំបានទទួលឲ្យស្នាក់នៅផ្ទះលោកអ៊ំប្រធានសហគមន៍។ ការទទួលភ្ញៀវដោយស្នាមញញឹមរបស់គាត់បានធ្វើឲ្យខ្ញុំប្រៀបបាននឹងជនជាតិនៅទីនោះដែរ ខ្ញុំទៅព្រៃកវល្លិ៍ជ័រ រៀនសង្កេតការគោរពបូជា តាមប្រពៃណីរបស់បងប្អូនជនជាតិយ៉ាងជាក់លាក់។ ជីវិតដែលនៅដិតជាប់នឹងធម្មជាតិរបស់ខ្ញុំបានធ្វើឲ្យខ្ញុំភ្លេចអស់ភាពរវើរវាយសៅហ្មងដែលមាននៅក្នុងខួរក្បាលរបស់ខ្ញុំនៅឯទីក្រុងរាជធានី...
ថ្ងៃស្អែកនេះជាថ្ងៃពិសេសមួយរបស់ខ្ញុំដែលបងប្អូនយើងបាននាំខ្ញុំទៅលេងទឹកជ្រោះប៊ូស្រា ខ្ញុំរំភើបណាស់រហូតគេងមិនលក់ មិនដឹងថា រូបភាពពិតនៃលម្អធម្មជាតិនេះល្អយ៉ាងណានោះទេ? កន្លងមកខ្ញុំបានឃើញតែរូបភាពវីដេអូប៉ុណ្ណោះ។ គេងមិនទាន់លក់ស្រួលបួលផង ស្រាប់តែនាឡិការទូរស័ព្ទខ្ញុំរោទិ៍ឡើង ខ្ញុំស្រវាចាប់ទូរស័ព្ទឡើងមកភ្លាម... ខ្ញុំចាប់ទូរស័ព្ទយ៉ាងណែន អានដោយហ្មត់ចត់នូវតួអក្សរដែលស្តែងចេញពីសំឡេងរោទិ៍នោះ “ម៉ែ! ថ្ងៃកំណើតរបស់អ្នកម៉ែ...!”
អានចប់ខ្ញុំចាប់ផ្តើមទូរស័ព្ទទៅអ្នកម៉ែខ្ញុំភ្លាម...
“អាឡូអ្នកម៉ែ! ម៉ែ! រីករាយថ្ងៃកំណើតអ្នកម៉ែ... កូនជូនពរអ្នកម៉ែនូវពរគ្រប់ប្រការ... សូមឲ្យស្នាមញញឹមរបស់អ្នកម៉ែស្ថិតនៅក្នុងដួចចិត្តកូនជានិច្ច ណាម៉ែណា... ឲ្យកូនសូមអភ័យទោសអ្នកម៉ែផង ដែលថ្ងៃសំខាន់របស់អ្នកម៉ែគ្មានកូននៅជិតម៉ែ កូនស្រឡាញ់អ្នកម៉ែ ស្រឡាញ់ពុក ស្រឡាញ់បងប្អូនយើងទាំងអស់...”
ខ្ញុំនិយាយទៅអ្នកម៉ែទាំងកណ្តាលអធ្រាត្រ ខ្ញុំរំភើប រំភើបជាមួយទឹកភ្នែក ខ្ញុំមានភាពកក់ក្តៅពីដង្ហើមដួងចិត្តនៃអ្នកម៉ែ លោកអូសនូវប្រយោគវែងខ្លីមកខ្ញុំ ជាពាក្យដ៏ពីរោះដែលខ្ញុំបានទទួលពីអ្នកមានគុណរបស់ខ្ញុំ។ ពេលនៅឆ្ងាយពីទ្រូងម៉ែទើបខ្ញុំដឹងថា សេចក្តីស្នេហា និងការស្រឡាញ់នោះមានន័យធំធេងប៉ុនណាហើយកក់ក្តៅយ៉ាងណា!
ក្រោយពីសន្ទនាជាមួយអ្នកម៉ែចប់ខ្ញុំដាក់ទូរស័ព្ទចុះមិនទាន់ផុតពីដៃផង សម្លេងរំលឹករបស់ទូរស័ព្ទរោទិ៍ជាថ្មី តែម្តងនេះហាក់ដូចជាមិនសូវច្បាស់...
“ថ្ងៃកំណើតមិត្តស្រី...” ខ្ញុំនៅមិនច្បាស់ក្នុងចិត្តសោះថា មិត្តស្រីម្នាក់នោះជានរណា? ខ្ញុំដាក់ទូរស័ព្ទចុះរួចទាញសៀវភៅកំណត់ហេតុមកបើកមើលម្តងទៀត នៅតែគ្មាននរណាប្រាកដនៅក្នុងថ្ងៃនេះ។ ខ្ញុំក៏ដាច់ចិត្តគេងដោយក្នុងចិត្តគិតថា បើខ្ញុំដឹងថា ជានរណាម្នាក់នោះក៏ខ្ញុំមិនអាចខលទៅគេទាំងកណ្តាលអធ្រាត្រដែរ។ បិទភ្នែកភ្លាមក៏នឹកឃើញមិត្តម្នាក់នោះភ្លាម។
ខ្ញុំក្រោកទៅលប់លាងមុខដើម្បីជម្រះភាពហ្មងសៅទាំងឡាយ។ ខ្ញុំអង្គុយសំកុកមើលរូបថតរបស់មិត្តភក្តិរួមជំនាន់កាលនៅរៀននៅសាលាគរុកោសល្យភូមិភាគព្រៃវែង... ខ្ញុំបើកទៅបើកមកនូវសៀវភៅកម្រងអនុស្សារិយ៍របស់មិត្តភ័ក្តិទាំងអស់។ បើកដល់ទំព័រមិត្តទីបី ទើបខ្ញុំបានអានអត្ថន័យដែលនាងបានសរសេរនៅលើកម្រងទំព័រនោះម្តងទៀត។ “វិបុត្ត ជាមិត្តតែម្នាក់គត់ដែលខ្ញុំទុកក្នុងចិត្ត អ្នកជាតារាដែលកំពុងរះក្នុងដួងចិត្តខ្ញុំ និងជាចំណងមិត្តភាពនៃវ័យសិក្សារបស់ខ្ញុំ... វិបុត្តជាបុរសម្នាក់ដែលចិត្តល្អបរិសុទ្ធ រូសរាយរាក់ទាក់... គ្រប់ទង្វើរបស់វិបុត្តបានបញ្ជាក់នូវមរតកនៃភាពជារៀមច្បងយ៉ាងគ្មានមន្ទិល អ្នកជាបងប្រុសទី២ របស់ខ្ញុំ...” ខ្ញុំអានអត្ថន័យនៅលើទំព័រនេះជាច្រើនសារ ខ្ញុំនឹកដល់វ័យនោះមួយរំពេច។ ខ្ញុំរំភើប ខ្ញុំខាំមាត់សង្កត់ចិត្ត ទឹកភ្នែកហាក់កំពុងដណ្តើមគ្នាចេញមកដោយគ្មានឲ្យដំណឹង ដៃរបស់ខ្ញុំញ័រព្យាយាមបើកទំព័រថ្មីមួយទៀត...
ស្នាមញញឹមស្ងួតប្រកបដោយមន្តសណ្តំ នៃរូបថតរបស់នាងដែលអង្គុយលើថ្មកំពូលភ្នំឈើកាច់បិទភ្ជាប់លើទំព័រនោះ។ ខ្ញុំលើកមកពិនិត្យយ៉ាងជិតភ្នែក ខ្ញុំនឹកដល់រឿងរ៉ាវឈើកាច់បាភ្នំមួយរំពេច... ខ្ញុំនឹកដល់សំដីគ្រប់ម៉ាត់របស់មិត្តខ្ញុំម្នាក់នេះ “ទោះបីជាវិបុត្តខ្មៅតែទឹកចិត្តវិបុត្តសណាស់សម្រាប់ខ្ញុំ ខ្ញុំសប្បាយចិត្តណាស់ដែលរស់ក្នុងជាតិនេះបានស្គាល់វិបុត្ត...” ខ្ញុំលាត់មើលខាងខ្នងរូបថតនេះភ្លាម “វីវឌ្ឍ សូមជូនរូបថតមួយសន្លឹកនេះទុកជាអនុស្សាវរីយ៍ពេលយើងបែកគ្នា... រូបថតនេះប្រៀបបាននឹងខ្ញុំបាននៅក្បែរវិបុត្ត សូមថែរក្សាឲ្យបានល្អណា J ”
“តើប្រុសដឹងទេ ថាអូនស្នេហ៍បង ជាតិនេះអូនផ្សងឲ្យជួបប្រុសថ្លៃ...” ចម្រៀងនេះខ្ញុំអានយ៉ាងយកចិត្តទុកដាក់បំផុត វិវឌ្ឍ បានសរសេរជូនខ្ញុំលើទំព័រចម្រៀងជូនមិត្ត។ អានចប់ខ្ញុំយល់ថា ហេតុអ្វីក៏ខ្ញុំគ្មានភាពរឹងមាំល្មមសម្រាប់ទទួលយកដូចនេះ ឬកាលនោះខ្ញុំមិនយល់និយមន័យនៃពាក្យល្អៗដែលនាងសរសេរមកខ្ញុំ?
ខ្ញុំអង្គុយគិត នឹកស្តាយអនុស្សាវរីយ៍ នឹកស្តាយមិត្តភាព ដែលបានកសាងកន្លងមក... ហេតុអ្វីបានជាខ្ញុំបំភ្លេចចោល ខ្ញុំអាត្មានិយមណាស់។ ខ្ញុំបន្ទោសនឹងខ្លួនឯង បន្ទោសពេលវេលាដែលកំណត់រូបខ្ញុំឲ្យទៅជាយ៉ាងនេះ។ ខ្ញុំសម្រេចចិត្តទូរស័ព្ទទៅមិត្តម្នាក់នោះ។
“អាឡូ! វិវឌ្ឍ! វិវឌ្ឍ នៅចាំខ្ញុំទេ? រីករាយថ្ងៃកំណើត...” ស្ងាត់គ្មាននរណាឆ្លើយតបមកខ្ញុំ... បន្តិចក្រោយមកសំឡេង រអាក់រអួលពីខ្សែម្ខាងទៀត។
“ចា៎ស! ចា៎ស វិបុត្ត... វិបុត្តនៅមិនទាន់សម្រាកទេអី? អរគុណណា ដែលវិបុត្តនៅចាំថ្ងៃរបស់ខ្ញុំ តទៅ វឌ្ឍសង្ឃឹមថា វិបុត្តនៅចាំវារហូត...
“ជូនពរឲ្យវិវឌ្ឍរស់នៅដោយសុភមង្គល ជួបប្រទះតែសេចក្តីសុខគ្រប់ប្រការ... ខ្ញុំនឹកវឌ្ឍណាស់ យើងអាចជួបគ្នាបានដែរទេ…?”
“តែ... តែ... តែ...ខ្ញុំ...ខ្ញុំ...!!!”
“សូមឲ្យបុត្តឈប់រំលឹករឿងរ៉ាវយុវវ័័យរបស់ពួកយើងកាលពីដប់ឆ្នាំមុនទៅ ឲ្យវារសាយទៅតាមខ្យល់ទៅចុះ អ្វីៗជាសុបិនរបស់ដួងចិត្តនារីទន់ខ្សោយដូចរូបខ្ញុំ... អ្វីៗគ្រាន់តែជាស្រមោលនៃក្តីសង្ឃឹម ដួងចិត្តដែលខំសន្សំច្រើនឆ្នាំ ឲ្យក្លាយជាមរតកអាប់អួជាប់បេះនឹងដូងខ្ញុំតែម្នាក់បានហើយ...បុត្ត...”
“វិវឌ្ឍ! វិវឌ្ឍ! វិវឌ្ឍ... ដាច់បាត់ទៅហើយ។”
ខ្ញុំព្យាយាមទូរស័ព្ទទៅវិវឌ្ឍទាំងកណ្តាលយប់ ដើម្បីចង់និយាយអ្វីម្យ៉ាងដែលខ្ញុំមិនទាន់បាននិយាយប្រាប់នាងកាលពីដប់ឆ្នាំមុន...
“ពុទ្ធោ! ខ្ញុំជាអ្នកខុស ខ្ញុំជាអ្នកសាងវា ឬខ្ញុំជាអ្នកចិញ្ចឹមវា ហេតុអ្វីខ្ញុំបន្ទុករឿងនេះឲ្យមិត្តខ្ញុំជាអ្នកថែរក្សាទៅវិញ?” ក្នុងវិការភាពមួយគ្មានកោះត្រើយ ខ្ញុំអណ្តែតអណ្តូងដល់អនុស្សាវរីយ៍ទាំងឡាយទាំងពួងដែលខ្ញុំបានធ្វើកន្លងមក។ ខ្ញុំបិទទូរស័ព្ទ។
ព្រឹកឡើងបើកទូរស័ព្ទភ្លាមខ្ញុំទទួលការហៅចូលមួយរំពេច។
“អាឡូ! នរណាគេហ្នឹង? មានការអ្វីទាំងព្រលឹមអុរដូចនេះ?”
“បងវិបុត្ត... ហេតុអ្វីបងនិយាយភាសានេះដាក់អូន បងមិនស្គាល់លេខរបស់អូនទេឬ? ម៉េចបងទៅស្រុកព្រៃមួយសប្តាហ៍ភ្លេចក្រុង ភ្លេចចន្ទ្រាហើយឬ! អូនមិនសុខចិត្តទេ អូននឹងប្រាប់លោកអ៊ំហើយ...”
“បងរវល់ណាស់ណា! រីករាយថ្ងៃនៃក្តីស្រឡាញ់ សូមឲ្យអូនមានមន្តសេ្នហ៍រហូត!”
“អរគុណបង... អូនក៏ស្រឡាញ់បងណាស់ដែរ... ហេតុអ្វីបានជាបងទៅឆ្ងាយអូនអ៊ីចឹង បងមិនស្រឡាញ់អូនទេឬ?”
“ចន្រ្ទា ស្នេហ៍បងចំពោះអូនមានជារៀងរហូតណា៣៦៥ថៃ្ង មិនមែនសម្រាប់តែថ្ងៃនេះទេ”
“ចាស៎ អរគុណបង ... សូមឲ្យទិវានេះក្លាយជាមរតកអមតៈសម្រាប់ស្នេហាទាំងឡាយ ពិសេសសេចក្តីស្រឡាញ់របស់បង និងអូន!”
“បាទ អរគុណ! អូហ៍!, ចន្ទ្រាមានបានទទួលសៀវភៅមួយក្បាលដែលបងផ្ញើទុកឲ្យអូនទេ?”
“ចាស៎ បានទទួលហើយបង អានរួចហើយ... ពិសេសអូនបានអានរឿង រាត្រីនៅវៀងចន្ទន៍ ដែលជាស្នាដៃរបស់បងរួចហើយ...”
“យ៉ាងម៉េចដែរអូន... ពីរោះទេ?”
សំណួររបស់ខ្ញុំបានធ្វើឲ្យចន្ទ្រាស្ងាត់មួយស្របក់។ នាងបន្ត។
“... បងបុត្ត... បងឯងទៅធ្វើអ្វីខ្លះនៅប្រទេសលាវ... បើមិនបានអានអូនមិនដឹងថា អនាគតស្វាមីរបស់ចន្ទ្រាយ៉ាងណាទេ... អូនខឹងនឹងបងហើយ...”
“នេះជារឿងរ៉ាវកន្លងទេ ព្រលឹងបង... ឈប់គិតច្រើនទៅ... ជួបអូនទើបបងពន្យល់ពីរឿងនេះ បងលាហើយណា... រីករាយថ្ងៃនៃក្តីស្រឡាញ់!” :)
តាមពិតខ្ញុំធុញទ្រាន់នឹងពាក្យ “រីករាយនៃក្តីស្រឡាញ់នេះខ្លាំងណាស់!” ខ្ញុំឆ្លើយតបទៅនាងដើម្បីកុំឲ្យនាងខឹងប៉ុណ្ណោះ វាគ្មានអ្វីសំខាន់សោះសម្រាប់ខ្ញុំ ការស្រឡាញ់របស់ខ្ញុំមិនមែនមានន័យថា ទាល់តែបុរសស្ត្រីមួយគូស្រឡាញ់គ្នាបូជាគ្រប់យ៉ាងឲ្យគ្នានាថ្ងៃនេះនោះទេ ខ្ញុំស្រឡាញ់មនុស្សរាល់គ្នា ស្រឡាញ់ទាំងអស់គ្នា ស្រឡាញ់ពេញៗមួយឆ្នាំ។
ខ្ញុំបានទាញយកអគតិភាពនៃទិវានៃក្តីស្រឡាញ់នេះដាក់ក្នុងចិត្ត។នៅពេលដែលរាល់ឆ្នាំនាថ្ងៃនេះគេនាំគ្នាធ្វើអ្វីដែលវាខុសស្រឡះពីសេចក្តីស្រឡាញ់ដ៏ល្អប្រពៃដែលជាអត្ថន័យពិតប្រាកដនៃទិវានេះ ខ្ញុំខ្មាសម្ចាស់ទិវានេះណាស់ ហេតុអ្វីក៏យើងទទួលយកវប្បធម៌របស់គេហើយអនុវត្តមិនបានដូចគេទៅវិញ...។
សកម្មភាពសប្បាយខ្ញៀវខ្ញារ ដូចសារិកាស្រែកពេញព្រៃបានផ្ទុះឡើងកាត់ចង្វាក់របស់ខ្ញុំ។ ខ្ញុំសែនធុញទ្រាន់គេចពីក្រុងចូលមកដល់ព្រៃហើយនៅតែគេចមិនផុត។ ខ្ញុំអង្គុយលំហែនៅមាត់ជ្រោះ។ ទឹកជ្រោះកំពុងទាញខ្លួនទម្លាក់គ្មាននឿយហត់... “ទឹកជ្រោះប៊ូស្រាពិតជាគ្រឿងអល្លង្កានៃមានតុភូមិកម្ពុជាមែន!” ស្នូរទឹកជ្រោះឈ្លោះនឹងថ្មដា បានជំនួសភាពសោកាសៅហ្មង បន្លែបន្លំអារម្មណ៍ខ្ញុំឲ្យផុតឆ្ងាយពីកង្វល់បានច្រើនណាស់។
“លោកគ្រូមកសម្ងំនៅទីនេះអ៊ីចឹងបានជាខ្ញុំរកមិនឃើញ...” អ្នកគ្រូដែលជាគ្រូបង្គោលតំណាងបងប្អូនជនជាតិខ្មែរលើបានបង្ហើបវាចាបង្កប់នូវក្តីបារម្ភ។ ខ្ញុំញញឹមទទួល ហើយបន្លប់នូវភាសាមួយដល់នាង។
“ខ្ញុំសប្បាយចិត្តណាស់ដែលឃើញបងប្អូនយើងបានសប្បាយរីករាយ អ្នកគ្រូសប្បាយឬទេក្នុងដំណើរទស្សនកិច្ចសិក្សាថ្ងៃនេះ?”
“ខ្ញុំសប្បាយរីករាយណាស់ ខ្ញុំរំភើបណាស់នៅពេលដែលមានវត្តមានលោកគ្រូ ដែលជាអ្នកទីក្រុងហើយបានមកដល់ទីនេះ បងប្អូនយើងក៏មានតែលោកគ្រូដែរដែលអាចជួយដោះទុក្ខលំបាកកន្លងមកបាន វត្តមានរបស់លោកគ្រូបានដក់ជាប់ក្នុងបេះដូងរបស់នាងខ្ញុំ និងបងប្អូនយើងជានិច្ច” អ្នកគ្រូសារាយ ញញឹមស្ងួតមុននឹងបញ្ចប់ប្រយោគ។
“ស្តាយណាស់ដែលខ្ញុំមកបេសកម្មគ្រានេះមិនបានមានអ្វីជាប់ដៃក្រៅពីទឹកចិត្តជួយអ្នកទាំងអស់គ្នា!”
“បងប្អូនយើងគ្មានចង់បានអ្វីឡើយក្រៅពីវត្តមានលោកគ្រូ... ហើយថ្ងៃនេះជាថ្ងៃពិសេសមួយដែលសារាយចង់ជម្រាបអ្វីម្យ៉ាងដល់លោកគ្រូ... មិនដឹងថាលោកគ្រូយល់យ៉ាងណាទេ?” ខ្ញុំញញឹមដៃទះស្មានាងថ្នម ដូចជាបងប្រុសលោមប្អូនស្រី។
“សារាយមានអ្វីឲ្យខ្ញុំជួយនិយាយមកកុំលាក់លៀមអី...!”
“ទោះបីបុស្បាមួយទងនេះជាបុប្ផាជាតិព្រៃភ្នំក្រំថ្មក៏ដោយក៏វាជាតំំណាងចិត្តភ័ក្តី និងភាពបរិសុទ្ធនៃបេះដូងធ្លាប់កំព្រាសម្រាប់ជូនលោកគ្រូនៅក្នុងទិវានៃក្តីស្រឡាញ់នេះ... សារាយគ្មានលម្អអ្វីលើសពីនេះទេ ដែលជាការតបស្នង សូមលោកគ្រូជួយថែផ្កាព្រៃនេះផង...” សារាយហុចផ្កាមួយទងដល់ខ្ញុំ ដៃនាងញ័រជាមួយវាចាសារភាពអ្វីមួយដែលពិបាកយល់។
ខ្ញុំទាញដៃនាងឲ្យក្រោកឈរ ដៃខ្ញុំទាំងពីរកាន់ស្មានាងជាប់។ ខ្ញុំចង់ពន្យល់រឿងរ៉ាវនេះឱ្យនាងយល់ច្បាស់។ រាងកាយនាងញ័រចំប្រប់ដោយភាពភ័យខ្លាច... មិនទាន់បាននិយាយអ្វីផងនាងឱបខ្ញុំដោយភាពខ្សឹកខ្សួល។
“លោកគ្រូវិបុត្ត! បេះដូងក្រមុំនៃបុប្ផាព្រៃ ប្អូនទុកជូនបងរក្សាហើយ...!”
ខ្ញុំអង្អែលខ្នងនាងស្រាលៗ ហើយនិយាយពន្យល់លួងលោមដោយវាចាទន់ភ្លន់។
“សារាយ ស្តាប់ខ្ញុំសិន... កន្លងមកខ្ញុំមិនធ្លាប់ចាត់ទុកប្អូន និងបងប្អូនទាំងអស់គ្នានៅក្រៅបេះដូងខ្ញុំម្តងណាឡើយ ទុក្ខលំបាករបស់បងប្អូនយើងទាំងអស់គ្នាក៏ដូចជាទុក្ខលំបាករបស់ខ្ញុំដែរ យើងជាខ្មែរ រស់នៅលើទឹកដីខ្មែរ មានរឿងអ្វីត្រូវយើងស្អប់ខ្ពើមគ្នានោះ... ខ្ញុំបានសម្រេចចិត្ត និងតាំងចិត្តយ៉ាងមុតមាំថា ខ្ញុំនឹងការពារផលប្រយោជន៍របស់បងប្អូនយើង ទោះបីពេលខ្លះមានអ្នកទីក្រុងគិតថា យើងជាអ្នករស់នៅដាច់ស្រយាលក៏ដោយ... អរគុណណាស់ដែលប្អូនបានផ្តល់ក្តីស្រឡាញ់ឲ្យបង បងនឹងថែរក្សវាឲ្យល្អ ឲ្យស្រស់បំព្រងដូចជាបុប្ផាដែលប្អូនជូនបងនៅពេលនេះអ៊ីចឹង”
ស្តាប់ខ្ញុំដោយវាយោគ នាងចាប់កាន់ដៃខ្ញុំ វង់ភ័ក្ត្រមូលក្រឡង់ កែវភ្នែកពោរពេញដោយទឹកថ្លាៗ នាងងើបមើលមុខខ្ញុំ... ទឹកភ្នែកបានរមៀលលើថ្ពល់ដ៏រលោងបរិសុទ្ធមិនធ្លាប់ស្គាល់ម្សៅ ម្តងមួយៗ។
“សារាយ យល់ហើយ... តែមិនយូរបងវិបុត្តនឹងត្រឡប់ទៅវិញ ហើយភ្លេចនូវសេចក្តីស្រឡាញ់នៃថ្ងៃនេះចោលជាមិនខានទេ...”ខ្ញុំចាប់កាន់ដៃនាងយ៉ាងណែនហើយពន្យល់នាងជាថ្មី។
“សារាយ... ថ្ងៃនេះជាទិវានៃក្តីស្រឡាញ់ដែលមនុស្សក្នុងលោកបានផ្តល់ជូនគ្នាទៅវិញទៅមក... ថ្ងៃនេះប្អូនបានប្រកាសប្រាប់អ្នកតាចាស់ស្រុក អ្នកបង់បត់ដែលរក្សាព្រឹក្សព្រៃដងជ្រោះនេះ ថា សារាយស្រឡាញ់បង... បងអរគុណប្អូនណាស់ ព្រោះបងបានទទួលនូវក្តីស្រឡាញ់ពីសារាយ ប៉ុន្តែក្តីស្រឡាញ់របស់សារាយប្រហែលមានតែថ្ងៃនេះទេមើលទៅ ! តែសម្រាប់បងវិញ បងបានផ្តល់ជូនសារាយរាល់ថ្ងៃ មិនថាថ្ងៃនេះ ថ្ងៃស្អែក ឬឆ្នាំក្រោយឡើយ គឺបងមានវា រហូតសម្រាប់ជូនសារាយ” សារាយយកកន្សែងជូតទឹកភ្នែក ហើយញញឹម។" ខ្ញុំញញឹមតបសងនាងវិញ។
“សូមប្អូនកុំច្រឡំថា ថ្ងៃទី១៤ កុម្ភៈ ជាថ្ងៃដែលដែលយើងត្រូវលះបង់អ្វីៗទៅឲ្យបុរសនោះ ការធ្វើបែបនេះវាប្រាសចាកអត្ថន័យពិតនៃទិវានេះខ្លាំងណាស់... ទិវានេះជាទិវាមួយដែលមនុស្សរាល់រូបបានផ្តល់ក្តីស្រឡាញ់ជូនគ្នា មិនថា គ្រូ សិស្ស ឪពុកម្តាយ... បងសង្ឃឹមថា ប្អូននឹងយល់ពីអត្ថន័យនេះ ហើយធ្វើជាមគ្គុទេសក៏ណែនាំពន្យល់រឿងល្អដល់បងប្អូនយើងឱ្យយល់កាន់តែច្បាស់ជាងនេះ ចៀវវាងការរយល់ច្រឡំតទៅទៀត...” សារាយ គ្មានមន្ទិល ដៃទាំងពីរជូតទឹកភ្នែកស្ងួតហើយដឹកដៃខ្ញុំទៅអង្គុយលេងជាមួយបងប្អូន។ ខ្ញុំបានពន្យល់រឿងនេះយ៉ាងច្បាស់ៗដល់ពួកគេ សំណើចក្អាកក្អាយរីករាយបានផ្ទុះឡើង នៅក្រោមស្នាមញញឹមរបស់ពួកយើងទាំងពីរ។
ហេតុអ្វីបានជាប្រពៃណីយល់ខុសទៅលើទិវានៃក្តីស្រឡាញ់នេះបានជ្រាបទៅដល់បងប្អូនជនជាតិយើងលឿនម្លេះ... តើមានគូស្នេហ៍ណាខ្លះដែលបានបូជាភាពបរិសុទ្ធដោយភ័ន្តច្រឡំនោះ! មិនគួរណាទិវាដ៏ល្អនេះបានក្លាយជាមរតកទឹកភ្នែករបស់យុវវ័យសោះ...
“វ៉ាលិនថាញដេយ៍” ថ្ងៃនៃក្តីស្រឡាញ់របស់មនុស្សមានជាដរាបរាល់ថ្ងៃពេញមួយឆ្នាំ ជាទិវាដួងចិត្ត ដែលយើងត្រូវផ្តល់ជូនអ្នកដែលយើងស្រឡាញ់បានគ្រប់ពេលវេលា J
(កំណែចុងក្រោយ)
រាជធានីភ្នំពេញ ថ្ងៃទី៦ ធ្នូ ឆ្នាំ២០១១
|
វចនាធិប្បាយភាសាខ្មែរ
Sunday, February 12, 2012
ទិវាដួងចិត្ត
Subscribe to:
Post Comments (Atom)
No comments:
Post a Comment