Showing posts with label វិភាព័ត៌មាន. Show all posts
Showing posts with label វិភាព័ត៌មាន. Show all posts

Saturday, September 14, 2013

បក្ស​ប្រជាជន​ប្រកាន់​ជំហរ​មិន​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី

គណបក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង កំណត់​យក​ថ្ងៃ​ទី១៦ ខែ​កញ្ញា ជា​ថ្ងៃ​ជួប​ចរចា​ជា​ថ្មី​ទៀត រវាង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​ទាំង​ពីរ។ ករណី​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា បក្ស​កាន់​អំណាច​នឹង​នៅ​តែ​ប្រកាន់​ជំហរ​មិន​ឯកភាព​ឲ្យ​មាន​ការ​បង្កើត​អង្គការ​ចាត់​តាំង​ណា​មួយ ដើម្បី​ដោះស្រាយ​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ទេ។

ជាម យៀប ៣០៥
លោក ជាម យៀប ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ និង​សវនកម្ម​នៃ​រដ្ឋ​សភា ថ្លែង​ពី​ការ​ពន្យារ​ពេល​បូម​ប្រេង​កាត​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ កាល​ពី​ថ្ងៃ​ទី​៤ ឧសភា ឆ្នាំ​២០១៣។
RFA/Morm Moniroth
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ថា ជំហរ​របស់​គណបក្ស​កាន់​អំណាច គឺ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មការ ដើម្បី​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ទេ ដោយសារ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ដោះស្រាយ​ពី​ភាព​មិន​ប្រក្រតី​រួច​រាល់​ហើយ។ លោក​បន្ត​ថា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច នឹង​រង់ចាំ​ការ​ចរចា​ជាមួយ​បក្ស​ប្រឆាំង​តាម​ព្រះរាជ​តម្រិះ​ព្រះមហាក្សត្រ ហើយ​នឹង​ពិចារណា​ឲ្យ​បាន​ដិតដល់​បំផុត រាល់​ការ​លើក​ឡើង​របស់​បក្ស​ប្រឆាំង។ លោក​បញ្ជាក់​ថា គណបក្ស​ប្រជាជន ក៏​មិន​ហាម​ឃាត់​ការ​តវ៉ា​របស់​គណបក្ស​ប្រឆាំង​ដែរ ប៉ុន្តែ រឿង​សើរើ​លទ្ធផល​បោះ​ឆ្នោត​នោះ​ជា​រឿង​ហួស​ពេល​ទៅ​ហើយ។
លោក ជាម យៀប មិន​ប្រាប់​ថា តើ​គណបក្ស​កាន់​អំណាច​នឹង​លើក​យក​បញ្ហា​អ្វី​ខ្លះ​មក​ជជែក​ជាមួយ​បក្ស​ប្រឆាំង​ទេ នៅ​ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ប៉ុន្តែ​លោក​បញ្ជាក់​ថា បញ្ហា​សំខាន់ គឺ​ដើម្បី​ដោះស្រាយ​ភាព​ជាប់​គាំង​ផ្នែក​នយោបាយ និង​ជជែក​ដើម្បី​ប្រយោជន៍​ជាតិ។
ទោះ​ជា​បែប​ណា​ក្តី គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ប្រកាស​ជំហរ​ធ្វើ​បាតុកម្ម​រយៈពេល ៣​យប់ ៣​ថ្ងៃ​ជាប់ៗ​គ្នា គឺ​ថ្ងៃ​ទី១៥ ១៦ និង ១៧ ខែ​កញ្ញា ថ្វី​បើ​ក្រសួង​មហាផ្ទៃ បាន​ចេញ​លិខិត​អនុញ្ញាត​ឲ្យ​ធ្វើ​បាតុកម្ម​តែ ១​ថ្ងៃ គឺ​ថ្ងៃ​ទី១៥ ខែ​កញ្ញា ក៏ដោយ។
មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា ព្រះមហាក្សត្រ​មាន​ព្រះរាជ​បំណង​ចង់​ឲ្យ​ភាគី​ទាំង​ពីរ​ដោះស្រាយ​បញ្ហា​ជាតិ ដោយ​ការ​ចរចា និង​រក្សា​ស្ថិរភាព​សង្គម។ លោក​បន្ត​ថា ក្រសួង​មហាផ្ទៃ មិន​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​ធ្វើ​បាតុកម្ម​តាម​សំណើ ៣​យប់ ៣​ថ្ងៃ​ទេ ហើយ​ក្រសួង​ក៏​មិន​ទាន់​សម្រេច​ថា នឹង​ចាត់​ការ​យ៉ាង​ណា បើ​សិន​ជា​គណបក្ស​ប្រឆាំង​បន្ត​ធ្វើ​បាតុកម្ម ៣​យប់ ៣​ថ្ងៃ​មែន​នោះ​ដែរ។ លោក​បញ្ជាក់​ថា បាតុកម្ម និង​ការ​បង្ក្រាប​បាតុកម្ម សុទ្ធតែ​ផ្ទុយ​នឹង​ព្រះរាជ​បំណង​ព្រះមហាក្សត្រ។ ហេតុ​នេះ លោក​សង្ឃឹម​ថា ការ​ជួប​ចរចា​របស់​ថ្នាក់​ដឹក​នាំ​បក្ស​ទាំង​ពីរ​នៅ​ថ្ងៃ​ទី១៦ ខែ​កញ្ញា នឹង​បាន​លទ្ធផល​ផ្លែផ្កា ហើយ​បាតុកម្ម​ក៏​ប្រហែល​ជា​មិន​មាន​ទៀត​ដែរ។
កិច្ចប្រជុំ​ជា​ថ្មី​ទៀត​រវាង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ទាំង​២ គ្រោង​នឹង​ធ្វើ​នៅ​វិមាន​រដ្ឋសភា ដោយ​ចាប់​ផ្ដើម​ពី​ម៉ោង ៨​ព្រឹក។ មន្ត្រី​ជាន់​ខ្ពស់​បក្ស​កាន់​អំណាច​ប្រាប់​ថា ក្នុង​ជំនួប​រវាង​គណបក្ស​ទាំង​ពីរ​នៅ​ថ្ងៃ​ច័ន្ទ ទី១៦ ខែ​កញ្ញា គណបក្ស​ប្រជាជន​កម្ពុជា មាន​សមាសភាព​ចូល​រួម ៦​នាក់ ដឹក​នាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់ ៥​រូប​ផ្សេង​ទៀត រួម​មាន អនុ​ប្រធាន​ទី១ ព្រឹទ្ធសភា លោក សាយ ឈុំ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី លោក ប្រាក់ សុខុន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក សក់ សេដ្ឋា និង​នាយក​រង​ខុទ្ទកាល័យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សោម សឿន។ គណបក្ស​សង្គ្រោះ​ជាតិ ដឹក​នាំ​ដោយ​លោក សម រង្ស៉ី ប្រធាន​គណបក្ស លោក កឹម សុខា អនុ​ប្រធាន​គណបក្ស លោក ប៉ុល ហំម លោក យឹម សុវណ្ណ លោក អេង ឆៃអ៊ាង និង លោក គួយ ប៊ុនរឿន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Friday, August 30, 2013

លោក​សម​ រង្ស៊ី​ ​សរសេរ​​លិខិត​​ជា​លើក​​ទី២​​ទៅ​លោក​ ​ជា ស៊ីម ​​ដើម្បី​​សុំ​​ចរចា​


លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
Siv Channa/RFI

ដោយ ប៉ែន បូណា
ដោយ​មិន​អស់​ចិត្ត​នឹង​ចម្លើយ​របស់​លោក ​ជា ស៊ីម ​កាលពី​ថ្ងៃ​ទី​២៩​ សីហា​ ​ ទើប​នៅថ្ងៃ​ទី ៣០​ សីហា​នេះ​ លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ បាន​សរសេរ​លិខិត​មួយច្បាប់​ទៀត​ទៅ​ជូន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​ដោយ​នៅ​តែ​ទទូច​សុំ​ឲ្យ​មាន​ជំនួប​​កំពូល​រវាង​គណបក្ស​ទាំងពីរ​ដដែល។

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​លោក ​ជា ស៊ីម​ នៅ​រសៀល​ថ្ងៃ​សុក្រ​ទី ៣០​ សីហា​នេះ​ លោក​ សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​​ នៅតែ​ទទូច​ឲ្យ​មាន​ជំនួប​កំពូល​រវាង​​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះជាតិ​ដដែល។ ​នេះ​ជា​លើក​ទី២​ហើយ ​ដែល​មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​សរសេរ​លិខិត​ទៅ​កាន់​មេដឹកនាំ​គណបក្ស​កាន់អំណាច​​ ដើម្បី​សុំ​បើក​ការចរចា​ថ្នាក់​កំពូល​រវាង​គណបក្ស​ទាំងពីរ ​ដើម្បី​ជជែក​រក​ដំណោះ​ស្រាយ​បញ្ហា​ក្រោយ​ការបោះឆ្នោត។​
លោក​ សម រង្ស៊ី ​បាន​បញ្ជាក់​ថា​ លោក​គាំទ្រ​ការដោះស្រាយ​បញ្ហា​ទៅ​តាម​ស្មារតី​ផ្សះផ្សា​​​​បង្រួប​បង្រួម​ជាតិ​ ដូច​ការលើក​ឡើង​របស់​លោក​ ជា ស៊ីម។ ប៉ុន្តែ ​ដើម្បី​ដោះស្រាយ​បញ្ហា​​បាន​​ទាល់​​តែ​មាន​ជំនួប​ចរចា​ថ្នាក់​កំពូល​រវាង​គណបក្ស​ទាំងពីរ។ ​កាលពី​ថ្ងៃទី ២៨​ សីហា​ លោក​ សម រង្ស៊ី ​បាន​សរសេរ​លិខិត​ម្តង​ហើយ​ ទៅ​កាន់​ប្រធាន​គណបក្ស​ប្រជាជន​​កម្ពុជា ​ដោយ​មាន​កម្មវត្ថុ​ដូចគ្នា​នេះ។​

ក្នុង​លិខិត​ឆ្លើយ​តប​កាលពី​ថ្ងៃ​ទី​២៩​ សីហា ​លោក​ ជា ស៊ីម​ បាន​ស្តី​បន្ទោស​គណបក្ស​សង្គ្រោះជាតិ​ ថា​បាន​ក្រឡះ​សម្តី​បន្ទាប់​ពី​កិច្ចប្រជុំ​លើក​ទី​១​កាល​ពី​ថ្ងៃទី ​៣​សីហា ​ដែល​គណបក្ស​ទាំងពីរ​សម្រេច​ថា​ នឹង​បង្កើត​គណៈកម្មការ​ចម្រុះ​រួមគ្នា ​ដោយ​មាន​ គ.ជ.ប​ ជា​អ្នក​សម្រប​សម្រួល។ ​ប៉ុន្តែ ​ក្រោយ​មក​ គណបក្ស​សង្គ្រោះជាតិ​បាន​បដិសេធ​តួនាទី​របស់ ​គ.ជ.ប​ វិញ​ ហើយ​មិន​បាន​បញ្ជូន​តំណាង​មក​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​ តាម​សំណើ​របស់ ​គ.ជ.ប​ ទៀត​ឡើយ។​

នេះ​ជាហេតុផល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ស្តី​បន្ទោស​គណបក្ស​សង្គ្រោះជាតិ​ ថា​បាន​ធ្វើ​ឲ្យ​កិច្ចចរចា​ទទួល​បរាជ័យ។ ​លោក​ ជា ស៊ីម​ បាន​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ ​ដំណើរការ​ដោះស្រាយ​បណ្តឹង​បាន​ទៅ​ដល់​ដៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ហើយ ​ហើយ​គណបក្ស​កាន់អំណាច​ចង់​ឲ្យ​ស្ថាប័ន​នេះ​បំពេញ​ការងារ​របស់​ខ្លួន​រហូត​ដល់​ចប់​សព្វ​គ្រប់។ លោក ​ជា ស៊ីម ​ក៏បាន​បញ្ជាក់​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​មាន​សុឆន្ទៈ​ដោះស្រាយ​បញ្ហា ​តែ​ត្រូវ​ឈរ​លើ​លទ្ធផល​នៃ​ការបោះឆ្នោត។​

យ៉ាងណា​ក៏ដោយ ​លោក​ សម រង្ស៊ី​ នៅ​តែ​យល់​ឃើញ​ថា​ មាន​តែ​ជំនួប​កំពូល​រវាង​គណបក្ស​ទាំងពីរ​ទេ​ទើប​អាច​ស្រាយ​បញ្ហា​បាន។ ​នៅមិន​ទាន់​មាន​ចម្លើយ​យ៉ាងណា​ពី​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឡើយ​ទេ ​រហូត​មក​ទល់​ល្ងាច​ថ្ងៃ​សុក្រ​នេះ៕
ប្រភព៖ វិទ្យុបារាំងខេមរភាសា

Saturday, May 4, 2013

វិភាគ​៖ សង្គ្រាម​នយោបាយ​ទាក់ទាញ​យុវជន នៅក្នុង​ការបោះឆ្នោត​



(ថ្ងៃទី 4 ឧសភា 2013, ម៉ោង 01:55:PM) | ដោយ: គ្រីទិច
ក- ក ក+ | Print
ភ្នំពេញ: នៅពេលដែល​គេ​ចូល​ទៅ​កាន់​ហ្វេ​សប៊ុក (Facebook) គេ​នឹង​បានឃើញ សារ​រិ​:​គន់​ជាច្រើន​បាន​បាចសាច​មក​លើ​គណបក្ស​កាន់អំណាច​ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្សប្រឆាំង កំពុងតែ​ចំណាយលុយ​ផ្សាយពាណិជ្ជកម្ម​នៅក្នុង​សារព័ត៌មាន​សង្គម​មួយ​នេះ​។ ប៉ុន្តែ​នៅពេល​គេ​មើល​ទូរទស្សន៍ គេ​នឹង​បានឃើញ​រូបភាព​មនុស្ស​សំខាន់ៗ នៅក្នុង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួប​ជាមួយ​យុវជន​។ ពិសេស​នៅ​ថ្ងៃនេះ សម្តេច​ហ៊ុន​សែន បាន​ទៅ​ចូលរួម​ផ្ទាល់​បុណ្យសព​របស់​យុវជន​ម្នាក់ ដែល​បាន​ស្លាប់​នៅ​ពេល​ដែល​ពួកគេ បាន​បំពេញ​តួនាទី​ជា​អ្នកស្ម័គ្រចិត្ត ដើម្បី​វាស់​ដីធ្លី​ជូន​ប្រជាជន​។​

​ទិដ្ឋភាព​ទាំងនោះ ឆ្លុះបញ្ចាំង​អំពី​គោលដៅ​រួម​របស់​គណបក្ស​នយោបាយ​ទាំងពីរ​។ នោះ គឺ​ពួកគេ កំពុងតែ​ប្រកួត​គ្នា ដើម្បី​ដណ្តើម​បេះដូង​អ្នកបោះឆ្នោត​វ័យក្មេង ដែល​តំណាងអោយ​ជាង ៥០​ភាគរយ នៃ​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ទាំងអស់​។​

​លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា ចំនួន​អ្នក​ចុះបញ្ជី​បោះឆ្នោត មាន​ចំនួន​ជាង ៩,៦ លាន​នាក់​។ នៅក្នុង​ចំណោម​នោះ គឺ​យុវជន​អ្នក ដែល​មាន​អាយុ​ពី ១៨ ឆ្នាំ ដល់ ៣០ ឆ្នាំ គឺ​មាន​ចំនួន​ជាង ៥២ ភាគរយ នៃ​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ទាំងអស់​។​

​តួលេខ​នេះ បាន​ឆ្លុះបញ្ចាំង​អំពី​សារសំខាន់ នៃ​មនុស្ស​វ័យក្មេង នៅ​ក្នុង​ការកំណត់​លទ្ធ​ផល​នៃ​ការបោះឆ្នោត ដែល​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ខាងមុខ​។​

​លោក ទេព នីថា បាន​និយាយ​បន្តទៀតថា គណបក្ស​នីមួយៗ​បាន​ធ្វើ​ការវាយតម្លៃ​ឃើញ​ដោយ​ខ្លួនគេ​ផ្ទាល់ ហើយ​បាន​រៀបចំ​គោលនយោបាយ ដើម្បី​ទាក់ទាញ​មនុស្ស​នៅក្នុង​ក្រុម​នេះ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​ភាព​លេចធ្លោ​ច្បាស់លាស់ នៅក្នុង​យុទ្ធនាការ​ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនងរ​បស់​លោក និង​គណបក្ស​ប្រជាជន ជាមួយនឹង​យុវជន​។ យុទ្ធនាការ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដើម្បី​ក្លាយ​ជា​គណបក្ស​មួយ ដែល​នឹង​បម្រើ​ដល់​ផលប្រយោជន៍​យុវជន​នោះ បានចាប់ផ្តើម នៅពេលដែល​លោក​បាន​ប្រើប្រាស់​យុវជន ជា​កម្លាំង​ស្នូល​នៅ​ក្នុង​ការ​បែងចែក​ដីធ្លី​ដល់​ប្រជាកសិករ នៅតាម​បណ្តា​ខេត្ត នៅ​ពេល​មួយ​ដែល​ជម្លោះដីធ្លី បាន និង​កំពុងតែ​ញាំញី​ប្រទេស ដែល​មាន​ប្រជាជន​ជាង ១៤ លាន​នាក់​។​

​ប្រភព​គួរ​ទុកចិត្ត​បាន​មួយ បាន​បង្ហើប​ថា យុវជន​យ៉ាងតិច​ចំនួន ៦.០០០ នាក់​ហើយ បាន​ចូលរួម​នៅ​ក្នុង​ការ​បែងចែក​ដីធ្លី នៅក្នុង​គម្រោង​ដែល​ផ្តួចផ្តើម​ដោយ​សម្តេច​ហ៊ុន​សែន​។  នៅ​គ្រប់​ពេល​បង្ហាញមុខ​សាធារណ​: សម្តេច​ហ៊ុន​សែន បាន​បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​លោក ចំពោះ​យុវជន​។ 

​នៅពេល​ដែល​យុវជន​ពីររូប ក្នុង​ក្រុម​វាស់វែង​ដីធ្លី បាន​ស្លាប់​នោះ សម្តេច​ផ្ទាល់ បាន​ចូលរួម​ពិធី​បុណ្យសព ដើម្បី​បង្ហាញ​សមានចិត្ត​ដ៏​ស្មោះត្រង់​របស់លោក​ចំពោះ​យុវជន​។​

​សម្តេច​ក៏​ត្រូវ​បាន​ដឹង​ថា មាន​ការជួបជុំ​ញឹកញាប់​ជាមួយនឹង​កម្លាំង​យុវជន​ផងដែរ​។​

​ចំណែក​លោក ហ៊ុន ម៉ា​នី ដែលជា​កូនប្រុស​របស់​លោក​ផ្ទាល់ បាន​ដឹកនាំ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​មាន​រចនាស័ម្ពន្ឋដ៏​រឹងមាំ នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ប្រកាស​ជា​ផ្លូវការ​នៅក្នុង​មហាសន្និបាត កាលពី​ថ្ងៃ​ទី​២ និង​ថ្ងៃ​ទី​៣ ខែ​ធ្នូ​។ វា​មាន​ដើមកំណើត ចេញ​ពី​សមាគម​យុវជន​សង្គ្រោះ​ជាតិ​កម្ពុជា​។​

​ដើម្បី​បង្ហាញ​ថា ខ្លួន​ជា​គណបក្ស ដែល​យកចិត្តទុកដាក់​ខ្លាំង​បំផុត​ដល់​យុវជន​នោះ គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​ជ្រើសរើស​បេក្ខជន​តំណាងរាស្ត្រ​វ័យក្មេង សម្រាប់​ការបោះឆ្នោត​នៅ​ពេល​ខាង​មុខ​ផង​ដែរ​។ មាន​ការវិភាគ​ថា រដ្ឋាភិបាល នៅ​អាណត្តិ​ក្រោយ ក៏​នឹង​មាន​មនុស្ស​វ័យក្មេង ចូលរួម​ផង​ដែរ​។​

​ជារួម គណបក្ស​ប្រជាជន​កម្ពុជា បាន​រៀន​ចំ​យុទ្ធសាស្ត្រ​ជា​ខ្សែសង្វាក់ ដើម្បី​ផ្សារ​សាច់ឈាម ជាមួយនឹង​កម្លាំង​យុវជន​។​

​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​តួអង្គ​សំខាន់ សម្រាប់​ប្រកួតប្រជែង ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ ក៏​បាន​យកចិត្តទុកដាក់​ខ្លាំង នៅ​ក្នុង​ការទាក់ទាញ​កម្លាំង​យុវជន​។ ក្រៅពី​កសាង​កម្លាំង​យុវជន យុទ្ធនាការ​ឃោសនា​ទាក់ទាញ​យុវជន ក៏​ត្រូវបាន​គណបក្ស​ប្រឆាំង ធ្វើឡើង​។​

​វា​គឺជា​លើកទីមួយ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា ដែល​គណបក្ស​នយោបាយ បាន​ប្រើប្រាស់​បណ្តាញសារព័ត៌មាន​សង្គម និយាយអោយចំ Facebook ដើម្បី​ឃោសនា​នយោបាយ​។ 
​ក្រុមយុវជន​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ជា​ការច្របាច់បញ្ចូល​គ្នា​នៃ​គណបក្ស​សម រង្ស៊ី និង​គណណ​បក្ស​សិទ្ធិមនុស្ស បាន​ប្រើប្រាស់ Facebook 
​ដើម្បី​ទាក់ទាញ​អ្នកបោះឆ្នោត​វ័យក្មេង​។​

​សមាជិក​យុវជន ឬ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្សព្វផ្សាយ​សារ​នយោបាយ ដែល​មាន​លក្ខណៈ​រិះគន់​យ៉ាង​ទូលំទូលាយ តាមរយ​:​សារព័ត៌មាន​សង្គម ពិសេស Facebook និង youtube ដើម្បី​បណ្តុះបង្អាប់​គណបក្ស​ប្រជាជន​កម្ពុជា​។​

​គួរអោយ​ចាប់អារម្មណ៍​ជាងនេះទៀត គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ក្លាយ​ជា​គណបក្ស​ដំបូង​គេ ដែល​បាន​ផ្សាយ​ពាណិជ្ជកម្ម តាម Facebook​។ នេះ​ជា​លើកដំបូង​ហើយ ដែល​គណបក្ស​នយោបាយ ធ្វើ​ការផ្សាយ​ពាណិជ្ជកម្ម ដូច​អ្វី​ដែល​បាន​កើតមាន​នៅ​ប្រទេស​អាមេរិក​។​

​គណបក្ស​សង្គ្រោះ​ជាតិ ទំនង​ជា​មើលឃើញ​ពី​សារសំខាន់ នៃ​ការប្រើប្រាស់ Facebook ដើម្បី​ធ្វើការ​ឃោសនា​នយោបាយរ​បស់​ខ្លួន​។ គិត​ម​ដល់​ត្រឹម​ថ្ងៃ​ទី​៥ ខែ​មេសា Facebook បាន​បង្ហាញ​តួលេខ​ថា មាន​អ្នកប្រើប្រាស់ Facebook ចំនួន​ជាង ៧,៥ សែន​នាក់​ហើយ ជា​ជនជាតិ​កម្ពុជា​។ ភាគច្រើន​ជា​មនុស្ស​វ័យក្មេង ដោយ​នៅ​ក្នុង​ចំណោម​នោះ មាន​មនុស្ស​អាយុ​ចន្លោះ​ពី ១៨​ឆ្នាំ ទៅ ៣០​ឆ្នាំ មាន​ចំនួន​រហូត​ដល់ ៦​សែន​នាក់​។ 

​នេះ​បញ្ជាក់ថា រាល់​សារ​ទាំងឡាយ ដែល​នឹង​ធ្វើ​ការផ្សព្វផ្សាយ​តាម​ហ្វេ​សប៊ុក នឹង​ទៅ​ដល់​មនុស្ស ដែល​មាន​អាយុ​នៅ​ចន្លោះ ១៨ ទៅ ៣០ ឆ្នាំ ដែល​មាន​ច្រើនជាងគេ​នៅក្នុង​បញ្ជី​អ្នកបោះឆ្នោត​។ 

​លក្ខណៈពិសេស​របស់​ហ្វេ​សប៊ុក គឺ​មនុស្ស​គ្រប់គ្នា អាច​ធ្វើ​ផ្សព្វផ្សាយ​បន្ត នូវ​អ្វី​ដែល​គេ​បាន​ដាក់​នៅ​ទីនោះ​។ និយាយ​ម្យ៉ាងទៀត មនុស្ស​គ្រប់គ្នា គឺ​សុទ្ធតែ​អាច​ដើរតួ​ជា​អ្នកសារព័ត៌មាន ដើម្បី​ធ្វើ​ការផ្សព្វផ្សាយ​ព័ត៌មាន និង​រូបភាព​ផ្សេងៗ​។ 

​ជាមួយនឹង​កម្លាំង​ខ្លាំង​បែបនេះ វា​អាច​នឹង​មាន​ឥទ្ធិពល​ខ្ពស់ នៅក្នុង​ការធ្វើ​ទំនាក់ទំនង​ជាមួយ​យុវជន​។​

​នៅពេល​ដែល​គណបក្ស​ធំ​ទាំងពីរ កំពុងតែ​ប្រកួតប្រជែង​គ្នា ដើម្បី​ការគាំទ្រ​ពី​យុវជន​នោះ ពួកគេ​បាន​ប្រើ​យុទ្ធសាស្ត្រ​ខុសគ្នា​។ 

​តាម​ការសង្កេត​តាម​សារព័ត៌មាន គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច ហ៊ុន សែន បាន​ព្យាយាម​ទាក់ទាញ​យុវជន អោយ​មើលឃើញ​អំពី​អ្វី ដែល​ជា​អំពើ​ល្អ និង​ស្នាដៃ​របស់​គណបក្ស​កាន់អំណាច និង​សម្តេច ហ៊ុន សែន​។ 
​ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ព្យាយាម​ឆ្លុះបញ្ចាំង​អ្វី ដែល​ជា​បរាជ័យ ដើម្បី​បោកបក់​កំហឹង និង​សម្អប់​ចំពោះ​គណបក្ស​កាន់អំណាច​។​

​លទ្ធផល​នៃ​ការបោះឆ្នោត នៅ​ខែ​កក្កដា​ខាងមុខ នឹង​អាច​បង្ហាញ​ថា តើ​យុវជន​នឹង​ជឿជាក់​ទៅលើ​គណបក្ស​ណាមួយ​ជាង​?៕​

- See more at: http://www.cen.com.kh/localnews/show_detail/29?token=OTI1YmFhYm#sthash.8vaeYukB.dpuf