Showing posts with label រឿងខ្លីSHORT STORY. Show all posts
Showing posts with label រឿងខ្លីSHORT STORY. Show all posts

Wednesday, January 11, 2017

Content image - Phnom Penh Post សមាគម​អ្នក​និពន្ធ​ខ្មែរ​នៅ​បារាំង​បើក​​ការប្រកួត​ «កំណាព្យ ​និង​រឿងខ្លី»


ភ្នំពេញៈ
 ​សមាគម​អ្នក​និពន្ធ​ខ្មែរ​នៅ​បរទេស​ប្រចាំ​ប្រទេស​បារាំង​ បាន​បង្កើត​កម្មវិធី​ប្រកួត​ប្រជែង​ស្នាដៃ​ «ពាន​រង្វាន់​អក្សរ​សិល្ប៍​សន្តិភាព​ លើក​ទី ៣​ ប្រចាំ​ឆ្នាំ ២០១៧» ផ្នែក​កំណាព្យ​ និង​ រឿង​ខ្លី​ជា​លើក​ដំបូង។
លោក ​ហេង​ ឧត្ដម សមាជិក​រៀប​ចំកម្ម​វិធី​ប្រកួត​បាន​ថ្លែង​ប្រាប់​ LIFT ថ្ងៃ​ពុធ​នេះ​ថា​ ការ​បើក​ប្រកួត​ពាន​រង្វាន់​ស្នាដៃ​ ផ្នែក​ កំណាព្យ ​និង​រឿខ្លី​នេះ ​ព្រោះ​សមាគម​មាន​បំណង​ចង់​បំផុស​ការ​ប្រកួត​ប្រជែង​អក្សរ​សិល្ប៍​បែប​នេះ​ឡើង​វិញ​ បន្ទាប់​ពី​មាន​ការ​ស្ងប់​ស្ងាត់​មួយ​រយៈ​នា​ពេល​កន្លង​មក ពី​សំណាក់​សមាគម​តែង​និពន្ធ​នានា។
លោក​ថ្លែង​ថា​៖«សមាគម​យើង​ចង់​ឲ្យ​មាន​ការ​ប្រកួត​ស្នាដៃ​អក្សរ​សិល្ប៍​បែប​នេះ​ឲ្យ​មាន​ការ​រស់​រវើក​ឡើង​វិញ ​ហើយ​វា​ក៏​ជា​សកម្មភាព​មួយ​របស់​សមាគម​អ្នក​និពន្ធ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ដែរ ​តែ​អ្វី​ដែល​ប្លែក​នោះ​ គឺ​កម្ម​វិធី​ប្រកួត​លើក​នេះ ​បាន​ផ្ដោត​ទៅ​លើ​ការ​តែង​និពន្ធ​រឿង​ខ្លី ​និង​កំណាព្យ​ជា​លើក​ដំបូង​ ដែល​ពីមុន​យើង​បាន​ធ្វើ​ទៅ​លើ​តែ​រឿង​ប្រលោម​លោក​វែង​ៗ​»។
លោក ​ឧត្ដម​ បាន​ឲ្យ​ដឹង​ថា ​សមាគម​អ្នក​និពន្ធ​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​បារាំង​ បាន​មើល​ឃើញ​សន្ទុះ​នៃ​ការ​តែង​និពន្ធ ​និង​ការ​អាន​របស់​យុវជន​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​ខ្លាំង។​ ដូច្នេះ​ការ​ប្រកួត​នេះ ​ក៏​ចូល​រួម​ចំណែក​ឲ្យ​មាន​ការ​តែង​និពន្ធ ​និង​ការ​អាន​កាន់​តែ​ច្រើន​និង​អាច​ផ្ដល​ឱកាស​ឲ្យ​អ្នក​និពន្ធ​បាន​បោះ​ពុម្ព​ផ្សាយ​ស្នា​ដៃ​របស់​ខ្លួន​ផង​ដែរ​។
លោក​និយាយ​ថា​ «​ការ​និពន្ធ​រឿង​ខ្លី​ និង​ការ​តែង​កំណាព្យ​នេះ ​កំពុង​មាន​ភាព​ជឿន​លឿន​ជាង​មុន ​ព្រោះ​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​និពន្ធ​ឲ្យ​ចូល​រួម​បាន​ច្រើន ហើយ​អ្នក​និពន្ធ​ចំណាយ​ពេល​វេលា​តិចនឹង​​ក៏​ជា​ផ្លូវ​ដើម្បី​​ឲ្យ​អ្នក​និពន្ធ​ឈាន​ដល់​ការ​និពន្ធ​ប្រលោម​លោក​ខ្នាត​វែង​ដែរ​»។
បើ​តាម​លោក​ ឧត្ដម បាន​ឲ្យ​ដឹង​ថា «ការ​ប្រកួត​នេះ​អ្នក​និពន្ធ​អាច​ជ្រើស​រើស​ ប្រ​ធាន​បទ​ដោយ​សេរី​ ប្រ​កប​ដោយ​​​ទស្សន​វិជ្ជា​ជីវិត មាន​សោភ័ណ ឆ្លុះបញ្ចាំង​ពី​សន្ដិភាព និង​ជា​ស្នាដៃ​ថ្មី»។
គណៈកម្មាការ​ចូល​រួម​វាយ​តម្លៃការ​ប្រកួត​នេះ​ គឺជា​អ្នក​ស្រាវជ្រាវ កវី និង​អ្នក​និពន្ធ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា បារាំង អាល្លឺម៉ង កាណាដា ជប៉ុន និងអាមេរិក។
បេក្ខ​ជន​ម្នាក់​អាច​ដាក់​ស្នាដៃ​ប្រកួត​ប្រជែង​បាន​២ស្នាដៃ​ ស្នា​ដៃ​ត្រូវ​សរសេរ​ដោយ​កុំព្យូទ័រ​ មិន​លើស​ពី១៥​ទំព័រ​ត្រូវ​បញ្ជាក់​ឈ្មោះ អាសយដ្ឋាន សារអេឡិត្រូនិក និង​លេខ​ទូរស័ព្ទ​ឲ្យ​បាន​ច្បាស់​លាស់។ 

ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្ដើម​ ទទួល​ស្នាដៃ​ពីថ្ងៃ​ទី ១ ខែ​មករា ឆ្នាំ២០១៧ រហូត​ដល់​ថ្ងៃទី ៣១ ខែ​ឧសភា ឆ្នាំ​២០១៧ ជា​កំហិត។ រង្វាន់មាន ទឹកប្រាក់ វិញ្ញាបនបត្រ និងការបោះពុម្ពស្នាដៃរ ហើយរង្វាន់​នឹង​ប្រកាស​នៅ ​ខែ​វិច្ឆិកា​ ឆ្នាំ២០១៧ នារាជធានីភ្នំពេញ។ បេក្ខជន​អាច​ផ្ញើ​ស្នា​ដៃ​ តាម​រយៈសារ​អេឡិចត្រូនិក៖ p.prize2017@gmail.com ៕ (សម្រង់អត្ថបទទាំងស្រុងពីភ្នំពេញប៉ុស្តិ៍ ដោយ )

ដើម្បីទទួលបានប្រកាសជា pdf file ចុចលើរូបភាពខាងក្រោម
https://drive.google.com/file/d/0B7toWSA66SU8RjFqU3hucUwwRTQ/view?usp=sharing
ឬ ដើម្បីទទួលបានឯកសារប្រកាសសូមចុចទីនេះ

Wednesday, February 24, 2016

អ្នកណាចាប់រំលោភនាងលក្ខណ៍? និពន្ធដោយ សុខ ចាន់ផល


       ការសរសេរនរណាៗ ក៏អាចសរសេរបានដែរ ប៉ុន្តែមុខងារនៃការសរសេរ (និពន្ធន៍) ម្នាក់រមែងខុសគ្នា មានរស ​មាន​បែបផែនផ្សេងៗ គ្នា ។   ដូចនេះការសរសេរឲ្យបានល្អ ឲ្យជាទីពេញ​ចិត្​ត​របស់​អ្នក​អាន​គឺជា​គន្លឹះ​ចម្បង​ដែល​ស្មេរ​ត្រូវយកចិត្ត​ទុកដាក់។ ទឹកដមប៉ាកកា​ក៏ជាឯកលក្ខណៈមួយដែល​យើង​ត្រូវយកចិត្ត​ទុកដាក់ផងដែរ។ ​ខ្ញុំនៅមិនទាន់​បានចាត់ខ្លួនឯងជា​អ្នកសរសេរ​នៅឡើយទេ ហើយ​ខ្ញុំ​ក៏មិនបាន​​ចាត់ទុក​ឬវាយតម្លៃស្នាដៃ​អ្នកដទៃថា​យ៉ាងណានោះដែរ។  ខ្ញុំចាប់សរសេរដំបូង​គឺ​ខ្ញុំ​សរសេរ​ជាមួយការណែនាំរបស់​គ្រូ​ពេទ្យម្នាក់ដែល​ព្យាបាល​ជំងឺ​បាត់ការចង់ចាំរបស់​ខ្ញុំ (ឆ្នាំ២០០៧ ខ្ញុំមានគ្រោះថ្នាក់ប៉ះទង្គិចខួរក្បាល) ។  កំណត់ហេតុ​ប្រចាំថ្ងៃ​គឺ​ជា បង្អែម​ដែល​ខ្ញុំតែងតែហូបមុនចូលគេង។  ខ្ញុំព្យាយាម​នឹក​ឡើងវិញ​នូវសកម្មភាព​ប្រចាំថ្ងៃ... សូម្បី​តែ​ខ្ញុំ​មាន​អារម្​មណ៍ផ្លូវភេទ​ក៏សរសេរចូលដែរ។
           ក្រោយពីព្យាបាល​បាន​បី​ខែ អាការជំងឺរបស់ខ្ញុំជាបានខ្លះ ខ្ញុំមក​បួស...  ខ្ញុំសមា្មធិ​ដើម្បីរំលឹកការចងចាំ។ មុនគ្រានោះប្រហែល៥ឆ្នាំ ខ្ញុំចាំបាន​ថា ខ្ញុំធ្លាប់សរសេរគូសវាឲ្យមិត្ត​ៗ​ ពេល​គេខួចចិត្ត ខ្ញុំក៏គិតថា ការសរសេររបស់​ខ្ញុំចាប់ផ្តើមយូរជាង​នេះ គឺ​ចាប់តាំង​ពីខ្ញុំចេះ​គិតថា ខ្ញុំឃើញ​មិត្ត​ស្រីៗ​ស្អាតៗ សម័យរៀន។   សូមទោសត្រឡប់មក​ខាង​ដើមវិញ​... ខែ តុលា ២០០៨ ខ្ញុំបាន​ចូលវគ្គ​សង្កេត​ហើយសរសេរ មើល​ភាពយន្ត​ហើយ​សរសេរ​អត្ថបទនោះ​ឡើងវិញ ឬ​ភាពយន្តឯកសារជាដើម។  លោក​គ្រូ​ជនជាតិឡាវ​របស់​ខ្ញុំ Prof. Bunthan PhungPhicht លោកបង្រៀនពួកយើង។  លោក​និយាយ​ពីប្រវត្តិនៃសរសេររបស់​អ្នក​និពន្ធល្បី អ្នក​និពន្ធឧត្តមគតិ​លាក់ឈ្មោះ ហើយ​ណែនាំឲ្យ​យើង​​បង្កើត​នាម​ប៉ាកកាក្នុងសំណេរ​ដើម្បីការពារខ្លួន ក្នុងនាមជាខ្មែរ ខ្ញុំបង្កើតនាមប៉ាកកាខ្ញុំថា "ប៉ាកកាខ្មែរ Khmer Pen/ និង ម្ចាស់ប៉ាកកា The Pen) ។ នាម​ប៉ាកកាទាំង​ពីរនេះ​ខ្ញុំប្រើផ្សេងគ្នា គឺ​រឿងខ្លី​ប្រើ ប៉ាកកាខ្មែរ កំណាព្យ ប្រើម្ចាស់​ប៉ាកកា។  មិនតែប៉ុណ្ណោះ ប៉ាកកាខ្មែរ ឬ Khmer Pen ខ្ញុំក៏យក​មកដាក់​ជាឈ្មោះ​ពុម្ពអក្សរខ្មែរមួយចំនួនដែល​ខ្ញុំ​បាន​បង្កើត។
        សូមទោសនិយាយច្រើនពេកហើយ... ត្រឡប់មក​និយាយ​ពីការបង្កើតស្នាដៃវិញ​ កាល​រៀន​នៅលាវ​ខ្ញុំ​បាន​ប​ក​ប្រែ​រឿង អ្នក​ណារំលោភ​នាងលក្ខណ៍ បិទ​លើ​ក្តារព័ត៌មានសាលា​ឲ្យ​និស្សិតបានអាន... កាល​នោះ​ខ្ញុំមិនទាន់ស្គាល់មុខ​អ្នក​និពន្ធ​រឿងនេះ​ទេ។ ​ដោយសារ​តែរឿងនេះ​បាន​បណ្តុះចិត្ត​ខ្ញុំឲ្យគិត​ពីការសរសេរ​ទ្វេរដង ... សួរថា រឿងនេះ​ល្អទេ...​ ចម្លើយគឺមិនល្អប៉ុន្មានទេ.... សួរថាអាក្រក់ទេ? ចម្លើយ​ មិនអាក្រក់ទេ។ ​ការបកស្រាយរបស់​ខ្ញុំគឺ ចង់ប្រាប់​ថា ខ្ញុំមិនអាចសរសេរឲ្យល្អស្មើរឿងនេះបានទេ!!!
             សូមមិត្តអ្នកអាន​ មេត្តា​អានរឿងនេះតាមសម្រួល... ដើម្បីលើកស្ទួយកាតអាន​របសជាតិ...

             សូមអរគុណ

អ្នកណាចាប់រំលោភនាងលក្ខណ៍?
និពន្ធដោយ សុខ ចាន់ផល
កុម្ភៈ ២០០៧

(រក្សាសិទ្ធិ)
          “ឃើញនាងលក្ខណ៍មុខស្រងូត ម៉ែចេះតែឆ្ងល់ថាវាកើតស្អី? ដំបូងម៉ែព្រួយខ្លាចថាវាកើតជំងឺគ្រុនផ្តាសាយបក្សី... ប្រុងតែយកទៅមន្ទីរពេទ្យទៅហើយ ដឹងអីស្រាប់តែ... នេះគឺជាសំឡេងមីងសួនកំពុងបន្លឺប្រាប់កូនប្រុសឈ្មោះ កក្កដា និងកូនប្រសាស្រីឈ្មោះ ចរិយា។ កក្កដា និងចរិយា ពួកគេធ្វើការនៅក្រុងភ្នំពេញ ហើយថ្ងៃនេះទាំងពីរនាក់ប្តីប្រពន្ធ បាននាំគ្នាមកលេងម្តាយនៅស្រុកកំណើត ប៉ុន្តែដល់ឮដំណឹងក្រៀមក្រំរបស់មីងសួន ពួកគេក៏នាំគ្នាធ្វើមុខឱ្យស្រងូត។
មីងសួនគ្រវីក្បាលពោលទៀតថា នាងលក្ខណ៍ក្អួតចង្អោររាល់ថ្ងៃ... ហ៊ឺ! វាមិនទាន់គ្រប់ការត្រឹមត្រូវផងទេ។ ទើបតែកើតម៉្ងៃណោះសោះ បែរជាត្រូវមកពពោះទៅកើត! ម៉ែអាណិតវាខ្លោចចិត្តហើយ!
         សម្តីមីងសួនធ្វើឱ្យចរិយានឹកឃើញរឿងនិយាយ ម៉ែ! ចុះម៉ែមានរកម្ជូរ ឱ្យវាអត់?            
         “កូនអើយ! នាងលក្ខណ៍ដូចជាមិនចូលចិត្តម្ជូរសោះ! ពេលឃើញម្ជូរ វាបានតែហិតរួចដើរចេញបាត់។ គ្នាត្រូវគេរំលោភធ្វើបាបអ៊ីចឹង តើឱ្យគ្នាមានអារម្មណ៍ឯណានឹកឃើញម្ជូរនោះ?
ចប់សម្តីម្តាយ កក្កដាដែលរវល់តែឱនមុខជ្រប់យូរហើយនោះ ក៏បិទភ្នែកគិតអ្វីម៉្យាង ទើបបើកភ្នែកមកវិញ ហើយនិយាយរបៀបច្រឡោត
        “តើអាណាចាប់រំលោភនាងលក្ខណ៍នោះ? ម៉ែរកមុខវាឃើញឬនៅ? មីងសួនឆ្លើយថា
        “រឿងហ្នឹងម៉ែនិងស្រីពៅកំពុងតែស៊ើប! ទើបតែរកឃើញតម្រុយខ្លះៗទេ!
         “ចុះស្រីពៅនៅឯណាម៉ែ? កក្កដាសួរ។ ផុតសំឡេងនេះ ស្រីពៅជាកុមារីរៀនបឋមសិក្សា ស្លៀកពាក់ឯកសណ្ឋានសិស្សក៏បានត្រឡប់មកពីរៀនវិញល្មម។ នាងច្រមក់នេះឃើញបងប្រុសស្រីមកលេង ក៏សម្តែងការរាក់ទាក់
         “ជម្រាបសួរបងប្រុស បងស្រី! គ្រានោះមីងសួនក៏ឧទានប្រាប់កូនស្រីពៅរបស់គាត់
         “ស្រីពៅកូន! ម៉េចទៅហើយរឿងយើងស៊ើបរកអាណាចាប់រំលោភនាងលក្ខណ៍នោះ? បងប្រុសកូនឯងកំពុងតែចង់ដឹង។ តើមានតម្រុយថ្មីស្អីទេ?
        ឮសំណួរម្តាយ នាងច្រមក់ស្រីពៅបើកភ្នែកឡើងមូលក្រឡង់ រួចយកចង្អុលដៃបិទបបូរមាត់ប្រាប់ឱ្យអ្នកគ្រប់គ្នាស្ងាត់ ទើបនិយាយខ្សឹបៗ ធ្វើហាក់ដូចជាខ្លួននាងនោះចំណាប់ខ្លាំងណាស់
         “លើកនេះខ្ញុំដឹងតម្រុយមួយច្បាស់ខ្លាំងណាស់! មានសាក្សីម្នាក់អះអាងថាគេបានឃើញដំណើររឿងទាំងប៉ុន្មានផ្ទាល់នឹងភ្នែក។ ប៉ុន្តែ...
         “ប៉ុន្តែយ៉ាងម៉េចកូន?
         “រឿងនេះទាល់តែស៊ើបច្បាស់ទើបខ្ញុំហ៊ាននិយាយ ព្រោះវាអាចប៉ះពាល់ដល់សីលធម៌សង្គមជាតិទាំងមូល។ ខ្ញុំខ្លាចថាវាអាចមានអាថ៌កំបាំងអ្វីនៅក្នុងរឿងនេះ ព្រោះខ្ញុំស្តាប់គេនិយាយទៅ វា... វាដូចជាមិនសមទាល់តែសោះ... តែគេហ៊ានធានា១០០%... ហេតុនេះខ្ញុំសុំមិននិយាយដោយខ្លួនឯងទេ!
កក្កដាឃើញប្អូនស្រីនិយាយបត់បែនច្រើនពេក ក៏ស្តីឱ្យផាំង
         “ម៉េចក៏ក្បាច់ក្បូរច្រើនម៉្លេះ! បើថាមិនដឹងទេ កុំធ្វើឱ្យគេឆ្ងល់!
មីងសួនក៏ពោលថា អើ! បើមិនហ៊ាននិយាយខ្លួនឯងទេ ឱ្យអ្នកណាដែលដឹងរឿងនោះមកនិយាយមក៍! អ្នកណាគេជាសាក្សីនោះ? ស្រីពៅឆ្លើយ
         “គឺអាប្រុសម៉ែ! ចាំមួយភ្លែត ខ្ញុំទៅហៅវាមកឥឡូវនេះតែម្តង! មួយស្របក់ក្រោយមកក៏លេចមុខស្រីពៅ ដឹកដៃសាក្សីនោះមកវិញមែន។ គេគឺជាកុមារាដ៏តូច ដែលត្រូវជាកូនចៅអ្នកជិតខាងផ្ទះមីងសួន។ មីងសួនសួរទៅគេថា
         “អាប្រុស! ឯងដឹងថាតើអាណារំលោភនាងលក្ខណ៍ មែនទេ? អាប្រុសឆ្លើយយ៉ាងក្លាហានថា
         “បាទអ៊ំ! អ៊ីចឹងឯងរៀបរាប់ឱ្យអស់! កុំខ្លាចអី ចាំអ៊ំឱ្យស្ករគ្រាប់ស៊ី។ ឮថាបានស្ករគ្រាប់ផង អាប្រុសក៏រៀបរាប់ដំណើររឿងដែលវាដឹងដូចតទៅ
         “ថ្ងៃនោះពេលរសៀលជិតល្ងាច... ខ្វះតែបន្តិចល្ងាចហើយ... ខ្ញុំកំពុងតែបត់ជើងតូចនៅខាងក្រោយផ្ទះខ្ញុំ ស្រាប់តែឮសំឡេងនាងលក្ខណ៍ស្រែកខ្លាំងមែនទែន រួចខ្ញុំក៏ដើរលបៗទៅមើល ក៏បានឃើញនាងលក្ខណ៍ត្រូវគេដេញពេញតែព្រៃចេក ហើយក្រោយមកនាងលក្ខណ៍ក៏រត់ហត់... ហើយក៏ត្រូវ... ខ្ញុំអត់ចេះនិយាយតទៀតទេ ព្រោះខ្ញុំនៅក្មេងពេក! មីងសួនក្រោកឈរព្រឺស ឯមុខមាត់គាត់ឡើងពណ៌ក្រហម រួចស្រែកសួរអាប្រុសថា
         “អាណា? អាណាចាប់រំលោភនាងលក្ខណ៍? ឯងចំណាំមុខវាបានទេ? បើឯងចំណាំមិនបាន អត់បានស្ករគ្រាប់ទេ! អាប្រុសឆ្លើយភ្លាម ចាំបានច្បាស់ក្រឡែតអ៊ំ!
         “អាណា? ប្រាប់មក៍! ឈឺចិត្តណាស់ត្រូវតែប្តឹងប៉ូលិសឱ្យចាប់វា! ពោលចប់មីងសួនឱនត្រចៀកឱ្យអាប្រុសខ្សឹបប្រាប់ អ្នកដែលចាប់រំលោភនាងលក្ខណ៍គឺឪពុកបង្កើតរបស់វា! មីងសួនខឹងទធាក់ជើង
         “ហ៊ឹះ! ឪពុករំលោភកូន! អាសត្វតិរច្ឆាន! ទោះជាខ្លាសាហាវយ៉ាងណាក៏មិនស៊ីកូនឯងដែរ! អាប្រុស! នេះហ៍ឯងច្បាស់ហើយអ្ហេះ បានហ៊ាននិយាយ?
         “ច្បាស់ហើយអ៊ំ! តែនាងលក្ខណ៍និងឪពុកវាមិនមែនជាខ្លាឯណា អ៊ំ? ឥឡូវអ៊ំឱ្យស្ករគ្រាប់ខ្ញុំមក៍! ខ្ញុំប្រញាប់ទៅផ្ទះវិញ ខ្លាចម៉ែជេរ ហើយអ៊ំកុំប្រាប់រឿងខ្ញុំធ្វើសាក្សីនេះឱ្យម៉ែខ្ញុំដឹងឱ្យសោះ កុំឱ្យម៉ែគាត់ថាខ្ញុំនៅតូចចេះដឹងរឿងចាប់រំលោភ!
         “ណេះ! យកលុយទៅទិញស្ករគ្រាប់ខ្លួនឯងទៅ! អាប្រុសបានលុយក៏រត់ចេញទៅបាត់ រីឯមីងសួនក៏ងាកទៅត្អូញដាក់កូនប្រុសស្រីបន្ត
         “នាងលក្ខណ៍អើយនាងលក្ខណ៍! អីក៏អភ័ព្វម៉្លេះ! ពោះកាន់តែធំរាល់ថ្ងៃហើយ។ ចាំមើលដល់ពេលកូនកើតមក កូនសួររកឪពុក មិនដឹងជាឆ្លើយប្រាប់កូនថាយ៉ាងម៉េចទេ! ចរិយាក៏បន្លឺលួងលោមម្តាយក្មេក
         “កាត់ចិត្តទៅម៉ែ! វាប្រហែលជាកម្មពៀររបស់នាងលក្ខណ៍ទេ! ស្រីពៅ! អូនឯងនាំបងទៅមើលនាងលក្ខណ៍បន្តិចមើល៍ តើវាយ៉ាងម៉េចទៅហើយ? ស្រីពៅនាំផ្លូវបងថ្លៃស្រីទៅមើលនាងលក្ខណ៍បណ្តើរ ពោលបណ្តើរថា
         “បងអើយ! នាងលក្ខណ៍ឈឺចិត្តពេក រាល់ថ្ងៃឃើញតែដេកស្តឹក ទោះជាមានសត្វកណ្តុរវារលើខ្លួន ក៏មិនរវល់ផង។ លុះពួកគេដើរទៅដល់បន្ទប់មួយ ស្រីពៅក៏បើកទ្វារចូលទៅ រួចក៏ឮសំឡេងទាំងពីរនាក់បន្លឺព្រមគ្នា
         “នាងលក្ខណ៍អើយនាងលក្ខណ៍! ...នោះហ្ន៎! នាងលក្ខណ៍ឆ្មាសម្បុរបី រាងតូចស្តើង ដេកបើកភ្នែកភ្លឹះៗសម្លឹងម្ចាស់!អ្នកណាចាប់រំលោភនាងលក្ខណ៍?
         “ឃើញនាងលក្ខណ៍មុខស្រងូត ម៉ែចេះតែឆ្ងល់ថាវាកើតស្អី? ដំបូងម៉ែព្រួយខ្លាចថាវាកើតជំងឺគ្រុនផ្តាសាយបក្សី... ប្រុងតែយកទៅមន្ទីរពេទ្យទៅហើយ ដឹងអីស្រាប់តែ... នេះគឺជាសំឡេងមីងសួនកំពុងបន្លឺប្រាប់កូនប្រុសឈ្មោះ កក្កដា និងកូនប្រសាស្រីឈ្មោះ ចរិយា ។ កក្កដា និងចរិយា ពួកគេធ្វើការនៅក្រុងភ្នំពេញ ហើយថ្ងៃនេះទាំងពីរនាក់ប្តីប្រពន្ធ បាននាំគ្នាមកលេងម្តាយនៅស្រុកកំណើត ប៉ុន្តែដល់ឮដំណឹងក្រៀមក្រំរបស់មីងសួន ពួកគេក៏នាំគ្នាធ្វើមុខឱ្យស្រងូត។ មីងសួនគ្រវីក្បាលពោលទៀតថា
         “នាងលក្ខណ៍ក្អួតចង្អោររាល់ថ្ងៃ... ហ៊ឺ! វាមិនទាន់គ្រប់ការត្រឹមត្រូវផងទេ។ ទើបតែកើតម៉្ងៃណោះសោះ បែរជាត្រូវមកពពោះទៅកើត! ម៉ែអាណិតវាខ្លោចចិត្តហើយ! សម្តីមីងសួនធ្វើឱ្យចរិយានឹកឃើញរឿងនិយាយ
         “ម៉ែ! ចុះម៉ែមានរកម្ជូរ ឱ្យវាអត់?
         “កូនអើយ! នាងលក្ខណ៍ដូចជាមិនចូលចិត្តម្ជូរសោះ! ពេលឃើញម្ជូរ វាបានតែហិតរួចដើរចេញបាត់។ គ្នាត្រូវគេរំលោភធ្វើបាបអ៊ីចឹង តើឱ្យគ្នាមានអារម្មណ៍ឯណានឹកឃើញម្ជូរនោះ? ចប់សម្តីម្តាយ កក្កដាដែលរវល់តែឱនមុខជ្រប់យូរហើយនោះ ក៏បិទភ្នែកគិតអ្វីម៉្យាង ទើបបើកភ្នែកមកវិញ ហើយនិយាយរបៀបច្រឡោត
         “តើអាណាចាប់រំលោភនាងលក្ខណ៍នោះ? ម៉ែរកមុខវាឃើញឬនៅ? មីងសួនឆ្លើយថា                 
         “រឿងហ្នឹងម៉ែនិងស្រីពៅកំពុងតែស៊ើប! ទើបតែរកឃើញតម្រុយខ្លះៗទេ!
         “ចុះស្រីពៅនៅឯណាម៉ែ? កក្កដាសួរ។ ផុតសំឡេងនេះ ស្រីពៅជាកុមារីរៀនបឋមសិក្សា ស្លៀកពាក់ឯកសណ្ឋានសិស្សក៏បានត្រឡប់មកពីរៀនវិញល្មម។ នាងច្រមក់នេះឃើញបងប្រុសស្រីមកលេង ក៏សម្តែងការរាក់ទាក់
         “ជម្រាបសួរបងប្រុស បងស្រី! គ្រានោះមីងសួនក៏ឧទានប្រាប់កូនស្រីពៅរបស់គាត់ ស្រីពៅកូន! ម៉េចទៅហើយរឿងយើងស៊ើបរកអាណាចាប់រំលោភនាងលក្ខណ៍នោះ? បងប្រុសកូនឯងកំពុងតែចង់ដឹង។ តើមានតម្រុយថ្មីស្អីទេ? ឮសំណួរម្តាយ នាងច្រមក់ស្រីពៅបើកភ្នែកឡើងមូលក្រឡង់ រួចយកចង្អុលដៃបិទបបូរមាត់ប្រាប់ឱ្យអ្នកគ្រប់គ្នាស្ងាត់ ទើបនិយាយខ្សឹបៗ ធ្វើហាក់ដូចជាខ្លួននាងនោះចំណាប់ខ្លាំងណាស់
         “លើកនេះខ្ញុំដឹងតម្រុយមួយច្បាស់ខ្លាំងណាស់! មានសាក្សីម្នាក់អះអាងថាគេបានឃើញដំណើររឿងទាំងប៉ុន្មានផ្ទាល់នឹងភ្នែក។ ប៉ុន្តែ...
         “ប៉ុន្តែយ៉ាងម៉េចកូន? រឿងនេះទាល់តែស៊ើបច្បាស់ទើបខ្ញុំហ៊ាននិយាយ ព្រោះវាអាចប៉ះពាល់ដល់សីលធម៌សង្គមជាតិទាំងមូល។ ខ្ញុំខ្លាចថាវាអាចមានអាថ៌កំបាំងអ្វីនៅក្នុងរឿងនេះ ព្រោះខ្ញុំស្តាប់គេនិយាយទៅ វា... វាដូចជាមិនសមទាល់តែសោះ... តែគេហ៊ានធានា១០០%... ហេតុនេះខ្ញុំសុំមិននិយាយដោយខ្លួនឯងទេ! កក្កដាឃើញប្អូនស្រីនិយាយបត់បែនច្រើនពេក ក៏ស្តីឱ្យផាំង
         “ម៉េចក៏ក្បាច់ក្បូរច្រើនម៉្លេះ! បើថាមិនដឹងទេ កុំធ្វើឱ្យគេឆ្ងល់! មីងសួនក៏ពោលថា
         “អើ! បើមិនហ៊ាននិយាយខ្លួនឯងទេ ឱ្យអ្នកណាដែលដឹងរឿងនោះមកនិយាយមក៍! អ្នកណាគេជាសាក្សីនោះ? ស្រីពៅឆ្លើយ
         “គឺអាប្រុសម៉ែ! ចាំមួយភ្លែត ខ្ញុំទៅហៅវាមកឥឡូវនេះតែម្តង! មួយស្របក់ក្រោយមកក៏លេចមុខស្រីពៅ ដឹកដៃសាក្សីនោះមកវិញមែន។ គេគឺជាកុមារាដ៏តូច ដែលត្រូវជាកូនចៅអ្នកជិតខាងផ្ទះមីងសួន។ មីងសួនសួរទៅគេថា
         “អាប្រុស! ឯងដឹងថាតើអាណារំលោភនាងលក្ខណ៍ មែនទេ? អាប្រុសឆ្លើយយ៉ាងក្លាហានថា
         “បាទអ៊ំ! អ៊ីចឹងឯងរៀបរាប់ឱ្យអស់! កុំខ្លាចអី ចាំអ៊ំឱ្យស្ករគ្រាប់ស៊ី។ ឮថាបានស្ករគ្រាប់ផង អាប្រុសក៏រៀបរាប់ដំណើររឿងដែលវាដឹងដូចតទៅ
         “ថ្ងៃនោះពេលរសៀលជិតល្ងាច... ខ្វះតែបន្តិចល្ងាចហើយ... ខ្ញុំកំពុងតែបត់ជើងតូចនៅខាងក្រោយផ្ទះខ្ញុំ ស្រាប់តែឮសំឡេងនាងលក្ខណ៍ស្រែកខ្លាំងមែនទែន រួចខ្ញុំក៏ដើរលបៗទៅមើល ក៏បានឃើញនាងលក្ខណ៍ត្រូវគេដេញពេញតែព្រៃចេក ហើយក្រោយមកនាងលក្ខណ៍ក៏រត់ហត់... ហើយក៏ត្រូវ... ខ្ញុំអត់ចេះនិយាយតទៀតទេ ព្រោះខ្ញុំនៅក្មេងពេក! មីងសួនក្រោកឈរព្រឺស ឯមុខមាត់គាត់ឡើងពណ៌ក្រហម រួចស្រែកសួរអាប្រុសថា
         “អាណា? អាណាចាប់រំលោភនាងលក្ខណ៍? ឯងចំណាំមុខវាបានទេ? បើឯងចំណាំមិនបាន អត់បានស្ករគ្រាប់ទេ! អាប្រុសឆ្លើយភ្លាម ចាំបានច្បាស់ក្រឡែតអ៊ំ!
         “អាណា? ប្រាប់មក៍! ឈឺចិត្តណាស់ត្រូវតែប្តឹងប៉ូលិសឱ្យចាប់វា! ពោលចប់មីងសួនឱនត្រចៀកឱ្យអាប្រុសខ្សឹបប្រាប់ អ្នកដែលចាប់រំលោភនាងលក្ខណ៍គឺឪពុកបង្កើតរបស់វា! មីងសួនខឹងទធាក់ជើង
         “ហ៊ឹះ! ឪពុករំលោភកូន! អាសត្វតិរច្ឆាន! ទោះជាខ្លាសាហាវយ៉ាងណាក៏មិនស៊ីកូនឯងដែរ! អាប្រុស! នេះហ៍ឯងច្បាស់ហើយអ្ហេះ បានហ៊ាននិយាយ?
ច្បាស់ហើយអ៊ំ! តែនាងលក្ខណ៍និងឪពុកវាមិនមែនជាខ្លាឯណា អ៊ំ? ឥឡូវអ៊ំឱ្យស្ករគ្រាប់ខ្ញុំមក៍! ខ្ញុំប្រញាប់ទៅផ្ទះវិញ ខ្លាចម៉ែជេរ ហើយអ៊ំកុំប្រាប់រឿងខ្ញុំធ្វើសាក្សីនេះឱ្យម៉ែខ្ញុំដឹងឱ្យសោះ កុំឱ្យម៉ែគាត់ថាខ្ញុំនៅតូចចេះដឹងរឿងចាប់រំលោភ!
ណេះ! យកលុយទៅទិញស្ករគ្រាប់ខ្លួនឯងទៅ! អាប្រុសបានលុយក៏រត់ចេញទៅបាត់ រីឯមីងសួនក៏ងាកទៅត្អូញដាក់កូនប្រុសស្រីបន្ត
         “នាងលក្ខណ៍អើយនាងលក្ខណ៍! អីក៏អភ័ព្វម៉្លេះ! ពោះកាន់តែធំរាល់ថ្ងៃហើយ។ ចាំមើលដល់ពេលកូនកើតមក កូនសួររកឪពុក មិនដឹងជាឆ្លើយប្រាប់កូនថាយ៉ាងម៉េចទេ! ចរិយាក៏បន្លឺលួងលោមម្តាយក្មេក
         “កាត់ចិត្តទៅម៉ែ! វាប្រហែលជាកម្មពៀររបស់នាងលក្ខណ៍ទេ! ស្រីពៅ! អូនឯងនាំបងទៅមើលនាងលក្ខណ៍បន្តិចមើល៍ តើវាយ៉ាងម៉េចទៅហើយ? ស្រីពៅនាំផ្លូវបងថ្លៃស្រីទៅមើលនាងលក្ខណ៍បណ្តើរ ពោលបណ្តើរថា
         “បងអើយ! នាងលក្ខណ៍ឈឺចិត្តពេក រាល់ថ្ងៃឃើញតែដេកស្តឹក ទោះជាមានសត្វកណ្តុរវារលើខ្លួន ក៏មិនរវល់ផង។ លុះពួកគេដើរទៅដល់បន្ទប់មួយ ស្រីពៅក៏បើកទ្វារចូលទៅ រួចក៏ឮសំឡេងទាំងពីរនាក់បន្លឺព្រមគ្នា
         “នាងលក្ខណ៍អើយនាងលក្ខណ៍! ...នោះហ្ន៎! នាងលក្ខណ៍ឆ្មាសម្បុរបី រាងតូចស្តើង ដេកបើកភ្នែកភ្លឹះៗសម្លឹងម្ចាស់!
ទទួលសិទ្ធិផ្សព្វផ្សាយដោយ ឡឹក ជំនោរ រូបភាពប្រកបសាច់រឿងដោយកញ្ញា វល័ក្ខណ៍ ជឿន



Thursday, January 1, 2015

០១-០១-១០ រាត្រីនៅភ្នំពេញ


រាត្រីនៅភ្នំពេញ
០១-០១-១០
និពន្ធដោយ ឡឹក ជំនោរ

            ៙ពន្លឺដ៏ភ្លឺស្រទន់របស់ព្រះចន្ទ្រានាពេញបូណ៌មីបានបាចសាចមកលើផែនភសុធា ធ្វើឲ្យរាត្រីនៅរាជធានីភ្នំពេញមានសភាពហាក់ដូចជាស្ថិតនៅក្នុងក្លឹបមួយ។ ភាពសប្បាយរីករាយរបស់ប្រជារាស្ត្រ ជាមួយនឹងសុខសន្តិភាពយ៉ាងពេញបរិបូរណ៍ និងការអភិវឌ្ឍន៍របស់កម្ពុជា រាជាធានីភ្នំពេញក៏ប្រែមុខមាត់យ៉ាងស្រស់បំព្រងនឹកស្មានមិនត្រូវ។ រាជធានីបេះដូងនៃព្រះរាជាណាចក្រកម្ពុជាពេលនេះមានការរៀបចំយ៉ាងមានសណ្តាប់ធ្នាប់ មហាវិថីធំៗ សួនច្បារ រូបសំណាក សំណង់អគារខ្ពស់ៗ ភ្លើងចម្រុះព័ណ៌ ...
បើយើងងាកមកខាងក្រោយប្រមាណជាងសាមសិបឆ្នាំយើងពិតជាមិនអាចស្មានដល់ថា ជាតិមួយដែលកាលណោះធ្លាក់នូវក្នុងរណ្តៅអវចីខ្មៅងងឹតនោះបែរជាប្រែមុខមាត់ស្រស់បស់ប៉ុណ្ណេះសោះ... ភ្លើង សង្គ្រាមឈ្លានពានពីបរទេស និងសង្គ្រាមស៊ីវិលកាប់សម្លាប់ជាតិសាសន៍ឯងបានធ្វើឲ្យដែនដីសុវណ្ណភូមិដ៏តូចមួយនេះធ្លាក់ដល់ចំណុចសូន្យ...

         ក្រោយពីការអភិវឌ្ឍឥតឈប់ឈរ... ភាពស៊ីវិល័យ និងអរិយធម៌បរទេសក៏បានជ្រៀតចូលមក ក្នុងសង្គមខ្មែរបន្តិចៗម្តង រហូតមកដល់ពេលនេះប្រទេសកម្ពុជា ក៏ជាប្រទេសមួយដែលអាចនិយាយបានថាជាប្រភពនៃវប្បធម៌មួយយ៉ាងសម្បូរបែប សម្បូរ! រហូតដល់កូនខ្មែរទាំងស្រីទាំងប្រុសបានភ្លេចខ្លួនឯងជាខ្មែរ ជាប្រជាជាតិមួយដែលមានវប្បធម៌រុងរឿងថ្កុំថ្កើង ។ ភាពពាលាអាវាសែរបស់សង្គមខាងក្រៅបានធ្វើឲ្យចរិតមារយាទស្រ្តីខ្មែរប្រែប្រួលតាមបែប អរិយធម៌លោកខាងលិចស្ទើរតែទាំងអស់។ ភាពពាលានេះហើយ ដែលសង្គមខ្មែរទាំងមូលកំពុងមានបញ្ហា ហើយសកម្មភាពក្មេងទំនើងពីមួយថ្ងៃទៅមួយថ្ងៃចេះតែរីកដុះដាលឡើងៗ បើនិយាយពីការស្លៀកពាក់របស់ពួកគេវិញពិបាកមើលណាស់... ឱ!ខ្មែរអើយ... កូនខ្មែរ!... នារីខ្មែរអើយ ពេលនេះអ្នកកំពុងស្ថិតក្នុងការទំពក់នៃសម្ភារនិយមហើយ ឬ?

        ខ្ញុំនិយាយបែបនេះ ព្រោះថារឿងរ៉ាវទាំងអស់នោះរូបខ្ញុំផ្ទាល់មិនទាន់បានប្រឡូកនៅឡើយទេ គ្រាន់តែកំពុងរស់នៅក្នុងសភាពមួយដែលពិបាក នឹងរស់តទៅទៀត... ក្នុងឱកាសបុណ្យទាន ឬទិវាសំខាន់ៗម្តងៗ ផ្ទះសំណាក់បារ ក្លឹបរាត្រីទូទាំងរាជធានី ឬជាយៗរាជធានីទាំងអស់ពេញទាំងអស់... តើមនុស្សមកពីណា? ហេតុអ្វីថ្ងៃធម្មតាបែរជាស្រឡះទៅវិញ?...

(រូបភាព អិនទ័រណែត តំណាង Google right)

          ចំពោះសំណួរខាងលើនេះខ្ញុំទើបតែទទួលបាននូវចម្លើយមួយ ហើយវាជាចម្លើយដែលធ្វើឲ្យអ្វីៗត្រូវបានបាត់បង់ទៅគ្មានថ្ងៃនឹងវិលមកដូចដើមវិញ! ការគេចសាលារៀន លបលួចមានស្នេហាខុសប្រពៃណីទំនៀមទម្លាប់ខ្មែរ... ទីបំផុតខ្ញុំខ្លួនឯងក៏ជ្រុលហួសចូលក្នុងកំហុសនោះដោយមិនបានដឹងខ្លួន ដែរ...

         រាត្រីពេញបូរណ៌មីថ្ងៃនេះជាឱកាសមួយយ៉ាងល្អនៃការបារព្ធពិធីបុណ្យឆ្លងកំណើតរាជធានីគម្រប់៥៧៥ឆ្នាំ ហើយវាត្រូវចំថ្ងៃឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីឆ្នាំសកល គ.ស.២០១០ ទៀតផង។ 

           ព្រះចន្ទ្រនៃរាត្រី  ក៏ចេះតែរំកិលទិវាកាលឲ្យរសាត់អណ្តែតបន្តិចម្តងៗ ភ្ជាប់នូវស្នាមញញឹមមកលើសត្តនិករដែលកំពុងអំណរឆ្នាំថ្មីនេះគ្មានមន្ទិលឡើយ។ ទោះបីជាស្នាមញញឹមនៅតែមាននៅរាត្រីថ្ងៃស្អែក ឬពេញបូណ៌មីខែក្រោយទៀតក៏ដោយ ក៏អ្វីៗដែលបានកើតឡើងនៅក្នុងរាត្រីដ៏មនោរម្យនេះមិនបានត្រឡប់មកវិញដែរ... ទំហំនៃការបាត់បង់ទៅរបស់ខ្ញុំវាគ្មានអ្វីមកជំនួសបានទេ ទោះបីជាខ្ញុំស្លាប់ទៅរាប់រយជាតិក៏ដោយ ក៏សុភមង្គលដែលខ្ញុំធ្លាប់មានមុនទិវានេះមិនអាចមកប៉ះផ្សារបានដែរ។ ខ្ញុំស្តាយស្នាមញញឹមដ៏ត្រកាលរបស់ព្រះចន្ទ្រានាត្រីនោះ ខ្ញុំស្តាយខ្លួនប្រាណខ្ញុំដែលនៅពេលនោះដូចជាសំពត់ក្នុងផ្នត់ ស្តាយពាក្យប្រៀងប្រដៅរបស់លោកប៉ាអ្នកម៉ាក់ដែលធ្លាប់តែដាស់តឿនខ្ញុំ ស្តាយការសិក្សា ស្តាយមិត្តភាព ស្តាយប្រយោគស្នេហ៍បរិសុទ្ធមួយដែលបានវាចាចេញពីបបូរមាត់ដ៏ស្រស់ស្អាតរបស់ខ្ញុំនៅពេលនោះ... ប៉ុន្តែការពិតវិញ វាមិនអាចត្រឡប់ក្រោយបានទៀតឡើយ ទោះជាប៉ាកកាមួយដើមនេះជ្រលក់ទឹកខ្មៅសរសេរឲ្យអស់រយពាន់ទំព័រទៀតក៏មិនអាច ពណ៌នាពីអ្វីដែលកើតឡើងនៅរាត្រីនោះបានដែរ...

          ខ្ញុំជានិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យមួយនៅក្នុងរាជធានីភ្នំពេញ។ អំឡុងពេលសិក្សាយ៉ាងមមាញឹកពេញមួយត្រីមាសនេះពួកយើងគ្មានបានទៅទស្សនកិច្ចសិក្សានៅកន្លែងណាមួយទេ ព្រោះឆ្នាំនេះខាងសាកលវិទ្យាល័យចង់ឲ្យការប្រព្រឹត្តទៅនៃការបង្រៀន និងរៀនបានចប់សព្វគ្រប់នៅដើមខែមិថុនា ដូច្នេះគ្រប់វិជ្ជាត្រូវសិក្សាដោយបង្ខំទាំងអស់។

           ថ្ងៃព្រហស្បតិ៍ទី៣១ ខែធ្នូ ឆ្នាំ២០០៩ នេះលោកសាស្រ្តចារ្យបានដឹកនាំនិស្សិតទៅកម្សាន្តនៅ រមណីដ្ឋានភ្នំប្រុសភ្នំស្រី ខេត្តកំពង់ចាម។ ដំណើរកំសាន្តរបស់ពួកយើងបានចាប់ផ្តើមចេញពី ព្រលឹមដើម្បីឆាប់បានត្រឡប់មកវិញទាន់ពេល ចូលរួមកម្សាន្តបុណ្យឆ្លងខួបរាជធានីភ្នំពេញ។ ដំណើររបស់ខ្ញុំពេលនេះមានការរាំងស្ទះបន្តិចពីលោកប៉ាអ្នកម៉ាក់ ពីព្រោះថា ថ្ងៃនេះពួកគាត់មានដំណើរទៅលេង លោកយាយលោកតានៅតាមខេត្តផងដែរ ដូច្នេះផ្ទះគ្មាននរណានៅទាល់តែសោះ ហើយការធ្វើដំណើរទៅ លេងនៅកំពង់ចាមនេះបើគ្មានរូបខ្ញុំមិត្តភ័កិ្តជាច្រើនទៀតក៏មិនអាចទៅបានដែរ ខ្ញុំមិនអាចកាត់មិត្តភាពមិត្តភ័ក្តិបានទេ ខ្ញុំក៏សម្រេចចិត្តទៅដើរលេងដោយប្រឆាំងនឹងការសូមអង្វរកររបស់ប៉ាម៉ាក់។ រាល់សំណូមពរបស់ខ្ញុំប៉ាម៉ាក់មិនធ្លាប់រារាំងឡើយ ហើយម្យ៉ាងគាត់មានកូនស្រីបណ្តូលចិត្តតែម្នាក់គត់ លោកមិនធ្លាប់សម្តីធំ ឬធ្ងន់ដាក់ខ្ញុំឡើយ ទោះបីជាខ្ញុំមានកំហុសក៏ដោយ ខ្ញុំស្តាប់បង្គាប់គាត់គ្មានហ៊ានលោះលើស សម្តីគាត់ឡើយ។ ប៉ុន្តែម្តងនេះក៏ព្រោះតែអំណាចវាចារបស់មិត្តភ័ក្តិប្រុស របស់ខ្ញុំម្នាក់ដែល ទើបតែស្គាល់មិនប៉ុន្មានថ្ងៃនោះ ធ្វើឲ្យខ្ញុំមិនអាចច្រានចោលនូវសំណូមពររបស់គេបាន... មិនដឹងថា ហេតុអ្វីបានជាពិសមន្តវាចារបស់គេពីរោះម្ល៉េះក្នុងថ្ងៃនោះ? គិតពីគេភ្លាមខ្ញុំចាប់អារម្មណ៍លើគេភ្លាម ហើយមើលឃើញរូបគេក្នុងរឿងសុទិដ្ឋនិយមទាំងអស់...។

            រថយន្តក្រុងបានចេញដំណើរផុតទៅត្រើយម្ខាងទៅហើយនៅតែមិនឃើញវណ្ណៈមកទៀត... ខ្ញុំគិតក្នុងចិត្តរួចសួរទៅជីវាដែលជាមិត្តជិតស្និទ្ធរបស់គេ៖
             “ជីវា... ឯណាមិនឃើញបងវណ្ណៈ គាត់មិនមកទេអី?” ខ្ញុំសួរទៅជីវាដូចជាចាប់អារម្មណ៍យកចិត្តទុកដាក់លើគេខ្លាំងណាស់អីចឹង តែសំណួរបស់ខ្ញុំទទួលបានមកវិញនូវចម្លើយមួយដែលមិនគួរចង់ស្តាប់៖
              “​អើ... ក្រែងវល័ក្ខឯងបានណាត់គ្នារួចហើយហ្តើ ម្តេចក៏មកសួរគ្នាទៅវិញមិនដឹងទេ បើចង់ដឹងម៉េចមិនទូរស័ព្ទទៅគេសួរខ្លួនឯងទៅ...” គេឆ្លើយរួចបែរមុខទៅម្ខាងប្រងើយ។
          ចម្លើយរបស់គេបានធ្វើឲ្យខ្ញុំគិតដល់អ្វីៗដែលជាការបរាជ័យរបស់ជីវា ព្រោះជីវាពីមុនក៏ជាមិត្តសិ្នទ្ធរបស់ខ្ញុំដែរ ប៉ុន្តែទីបំផុតគេមានបំណងសូមសេ្នហ៍ពីខ្ញុំ តែត្រូវខ្ញុំបដិសេធគេ ទីបំផុតពាក្យសម្តីដដែលរបស់ ជីវាបែរជាពាក្យថ្មីរបស់វណ្ណៈប្រើមកលើរូបខ្ញុំទៅវិញ... ខ្ញុំអាណិតជីវាណាស់ ជីវាជាមនុស្សល្អជាបុរសដែលខ្ញុំអាចទុកចិត្តបាន ខ្ញុំនៅមិនទាន់ចង់ទទួលរឿងនេះភ្លាមទេ ព្រោះយើងទាំងពីរស្ថិតក្នុងវ័យស្វែងរកវិជ្ជា ប៉ុន្តែធ្វើដូចម្តេចបើពេលនេះអ្វីៗបានកន្លងហូសទៅហើយនោះ។ បំណងចម្បងរបស់ខ្ញុំពួកគេទាំងពីរជាមិត្រដ៏ល្អរបស់ខ្ញុំ មានតែមិត្តភាពប៉ុណ្ណោះដែលអាចធ្វើឲ្យពួកយើងមើលមុខគ្នាចំ ស្រឡាញ់គ្នាបានយូរអង្វែង។(ខ្ញុំសញ្ជឹងគិតពីរឿងខ្ញុំនិងជីវា)

         “មិនអីទេ វល័ក្ខ នេះ! ខ្ញុំមានលេខទូរស័ព្ទហៅទៅគេចុះ...” ម៉ារ៉ាឌីហុចទូរសព្ទមកឲ្យខ្ញុំ។
          “អរគុណ ម៉ារ៉ាឌី...តែមិនបាច់ក៏បានដែរ ប្រហែលជាគាត់ជាប់រវល់ហើយមើលទៅ... ប៉ុន្តែបើគាត់រវល់ពិតមែននោះ គាត់ប្រាកដជាមកតាមក្រោយជាមិនខានឡើយ...” ម៉ារ៉ាឌី និងខ្ញុំ ញញឹមដាក់គ្នារួចអង្គុយស្ងៀមក្នុងរថយន្តក្រុងគយគន់មើលទេសភាពតាមដងផ្លូវពីភ្នំពេញទៅកំពង់ចាមស្ទើរភ្លេចខ្លួន។
មិនយូរប៉ុន្មានរថយន្តក៏ទៅដល់រមណីដ្ឋានដោយសុវត្ថិភាព។ និស្សិតទាំងអស់បានចុះពីរថរៀបចំឥ វ៉ាន់ប្រដាប់ប្រដាម៉ាស៊ីនថត រួចបំបែកគ្នាដើរជាក្រុមតូចៗ ក្រុមខ្លះក៏មាន ពីរ មានបី មានប្រាំនាក់... ចំណែកបុរសវណ្ណៈវិញចេញពីក្រុងភ្នំពេញយឺតបន្តិច តែគេក៏អាចទៅដល់គោលដៅប្រហែលគ្នានឹងរថយន្តក្រុងធំនោះដែរ។
             “វល័ក្ខ... ឲ្យខ្ញុំសូមទោសដែលធ្វើឲ្យល័ក្ខបារម្ភព្រោះខ្ញុំជាប់បង្ហើយការងារជូនលោក ប៉ា និងជូនគាត់ឡើងយន្តហោះទៅមើលការងារនៅឯបរទេសបន្តិច ឲ្យខ្ញុំសូមទោសអស់ពីចិត្តតែម្តងណា!” វណ្ណៈចុះពីរថយន្តផ្ទាល់ខ្លួនរបស់គេសំដៅមករកខ្ញុំដែលពេលនោះកំពុងឈររេរាអាល់អែកមិនចង់ទៅជាមួយមិត្តទាំងឡាយ ដោយក្នុងអារម្មណ៍របស់ខ្ញុំនៅខ្វះអ្វីម្យ៉ាងក៏មិនដឹង ហើយឈរធ្វើមិនស្តីពេលដែលឃើញវណ្ណៈអង្វរសូមទោសបែបនោះ។ ឃើញសភាពខ្ញុំធ្វើបែបនេះវណ្ណៈចូលទៅជិតរួចចាប់ដៃទាំងពីររបស់ខ្ញុំរួចពោលពាក្យលួងលោមនូវវាចាដ៏ពីរោះ... ឃើញកាយវិការរបស់គេបែបនេះមិត្តនារីដ៏ទៃទៀតក៏ដើរចេញអស់ទុកឱកាសឲ្យយើងទាំងពីរបានយល់ចិត្តគ្នា។ ពេលដែលបានស្តាប់ការលួងលោមបែបនេះចំពេលដែលខ្ញុំមុននេះបន្តិចបារម្ភពីគេផងនោះក៏មានកូនចិត្តអាណិតគេភ្លាមហើយញញឹមទទួល។

            ដំណើរកំសាន្តរបស់និស្សិតនៅគ្រានេះបានបញ្ចប់ទៅដោយភាពសប្បាយរីករាយ បង្កប់នូវអនុស្សាវរីយ៍មិនអាចកាត់ថ្លៃបាននៅក្នុងជីវិតសិក្សារបស់ពួកយើង។ ខ្ញុំ និងវណ្ណៈក៏មានឱកាសបានសាសងគ្នាយ៉ាងផ្អែមត្រជាក់ យល់ចិត្តថ្លើមគ្នា សច្ចាថានឹងស្រឡាញ់គ្នាយ៉ាងស្មោះស័្មគ្រ...
              ក្រោយពេលបញ្ចប់ដំណើរទស្សនកិច្ចប្រកបដោយអនុស្សាវរីយ៍នោះមក ខ្ញុំមិនបានធ្វើដំណើរតាមក្បួនរថរបស់សាលាទៀតទេ ខ្ញុំបែរជាជិះមកជាមួយរថយន្តផ្ទាល់ខ្លួនរបស់វណ្ណៈវិញ។ ពួកយើងទាំងពីរមានឱកាសសាងស្នេហាយ៉ាងមានឥស្សរភាពជាមួយគ្នាគ្មានភ្នែក ឬការរំខានពីមិត្តណាម្នាក់ឡើយ មកជិតដល់ព្រែកលាភ វណ្ណៈបានបបួលខ្ញុំចូលទៅហូបបបរសនៅហាងរាត្រីមួយកន្លែងនៅមិនឆ្ងាយពីរាជធានី ដើម្បីរង់ចាំពេលចូលឆ្នាំថ្មី។

        ការណ៍ខកខានមកផ្ទះរបស់ខ្ញុំពេលនេះគ្មាននរណាហៅរកដូចសព្វមួយដងឡើយ។ ធម្មតាពេលដែលខ្ញុំចូលផ្ទះខុសធម្មតាប៉ាម៉ាក់តែងតែទូរស័ព្ទរកហើយមកទទួល ប៉ុន្តែចំឡែកម្តងនេះហេតុអ្វីបានជាពេលនេះស្ងាត់សូន្យអីចឹង ខ្ញុំព្យាយាមទូរសព្ទមកជម្រាបប៉ាម៉ាក់ដែរតែទាក់ទងមិនបានរហូត។
         ពាក្យពេចន៍ផ្អែមល្ហែមរបស់វណ្ណៈធ្វើឲ្យខ្ញុំលង់លក់ដោយមិនដឹងខ្លួន។ ខ្ញុំដឹងតែម្យ៉ាងប៉ុណ្ណោះគឺគេបានហៅដូងក្រឡុកមួយផ្លែមកឲ្យខ្ញុំ ក្រោយពេលដែលខ្ញុំដឹងខ្លួនឡើងអ្វីបានបញ្ចប់អស់ទៅហើយ។ ខ្ញុំបានដឹងខ្លួននៅពេលដែលឮស្នូរផ្ទុះយ៉ាងខ្លាំង... វាគឺជាស្នូរកាំជ្រួចដែលគេបាញ់អបអរឆ្នាំថ្មី អបអរខួប៥៧៥ឆ្នាំរបស់រាជធានីភ្នំពេញ ហើយជាការបញ្ជាក់ថា ឆ្នាំចាស់បានផ្លាស់ដោយឆ្នាំថ្មីហើយ... ខ្ញុំដឹងខ្លួនឡើងក្នុងរង្វង់ដៃរបស់បុរសដែលជាមិត្តរួមថ្នាក់របស់ខ្ញុំហើយខ្ញុំទើបតែស្គាល់គេស្និទ្ធកាលពីថ្ងៃមិញ... ហេតុអ្វីជាតិជាស្រ្តីក៏ទន់ខ្សោយយ៉ាងនេះ... គ្មានអ្វីក្រៅពីដំណក់ទឹកភ្នែកទេដែលមកលាងជម្រះនូវភព ខ្មៅអប្រិយនៅក្នុងរាត្រីនោះ។ ខ្ញុំបានដឹងហើយថា វាជាស្នេហ៍គ្រាដំបូងដែលខ្ញុំទទួលយកបានហើយកំពុង តែបាត់បង់ទៅ។ វណ្ណៈ លួងលោមខ្ញុំថានឹងទទួលខុសត្រូវនូវគ្រប់ទង្វើរបស់គេ គេធ្វើបែបនេះព្រោះតែគេស្រឡាញ់ខ្ញុំ។ ទោះបីជាគេបានបបោសអង្អែលលួងលោមខ្ញុំប៉ុណ្ណាក៍ដោយក៏មិនអាចមកជំនួសអ្វីៗដែលខ្ញុំបានបាត់បង់នូវរាត្រីនោះដែរ...!!! កាំជ្រួចក៏បានបន្ថយស្នូរបន្តិចម្តងៗរហូតបាត់លែងឮ   ព្រះចន្រ្ទដ៏ស្រស់ថ្លានៅក្នុងរាត្រីនោះក៏មានដុំពពកខ្មៅ មករាំងបាំងជិត អន្ធការក៏មកជំនួសវិញ... ខ្ញុំក៏លង់លក់ក្នុងសាគរកាមគុណគ្មានកោះត្រើយសារជាថ្មី។ អ្វីៗបានកន្លងផុតទៅហើយ។ ខ្ញុំគ្មានសល់អ្វីទៀតក្រៅពីកាកសំណល់ជីវិត និងឈ្មោះថាជាក្រមុំតែស្រោម។
         កំពុងតែលង់លក់ក្នុងរង្វង់ដៃរបស់ប្រុសេស្នហ៍សំឡេងទូរសព្ទបានរោទិ៍ឡើង ខ្ញុំភិតភ័យជាខ្លាំងគិតថា ប្រាកដជាប៉ាម៉ាក់តាមរកហើពេលនេះ តើខ្ញុំនឹងដោះស្រាយជាមួយគាត់យ៉ាងដូចម្តេច? កំពុងតែគិតមិនទាន់បានលើកទូរស័ព្ទផងស្រាប់តែផ្តាច់ទៅវិញ ខ្ញុំពិនិត្យលេខទូរស័ព្ទដែលហៅចូលភ្លាម។ ក្រោយពេលពិនិត្យរួចដួងចិត្តបានស្បើយបន្តិចព្រោះមិនមែនជាលេខរបស់ប៉ាម៉ាក់ ក្នុងចិត្តរបស់ខ្ញុំគិតថា ប្រហែលជាគាត់ទៅដល់ស្រុកកំណើត ទូរស័ព្ទគ្មានសេវាទើបមិនបានទូរសព័្ទមកខ្ញុំ ខ្ញុំក៏ឆាប់សម្រាកទៅវិញ។ មួយសន្ទុះក្រោយមកហៅចូលម្តងទៀត ម្តងនេះជាលេខទូរស័ព្ទលើតុ ហើយមិនមែនជាលេខរបស់គ្រួសារខ្ញុំទៀត... ខ្ញុំចាប់ទទួលភ្លាម៖
             “ជម្រាមសួរ ហៅមកពីខាងណាដែរចា៎ស!” ខ្ញុំសួរទៅខ្សែម្ខាងទៀត តែខ្ញុំទទួលបាននូវប្រយោគមួយដែលមិនគួរឲ្យជឿ ហើយស្មានមិនត្រូវទៅវិញ។
            “ទីនេះមន្ទីរសង្រ្គោះនៃមន្ទីរពេទ្យកាល់ម៉ែត អ្នកនាងត្រូវជាកូនស្រីរបស់លោកសម្បត្តិ និងលោកស្រីស៊ីនួនមែនទេ ពេលនេះសូមអ្នកនាងមកទទួលយកសពរបស់ពួកគាត់ទៅផ្ទះផង...”
ការសន្ទនារបស់ខ្ញុំជាមួយលោកគ្រូពេទ្យតាមទូរស័ព្ទមិនទាន់បានចប់ផងស្រាប់តែទូរស័ព្ទបានធ្លាក់ពី
ដៃរបស់ខ្ញុំទាំងមិនដឹងខ្លួន។ ខ្ញុំឈរទ្រឹងបេះដូងរបស់ខ្ញុំឈប់កម្រើកទន់ជង្គង់ចុះគ្មានវិញ្ញាណមួយរំពេច... ពុទ្ធោហេតុអ្វីបានជាមានរឿងនេះកើតឡើងទៅវិញ។
ឃើញសភាពខ្ញុំបែបនេះ វណ្ណៈមកត្រកងខ្ញុំហើយជូនខ្ញុំមកមន្ទីរពេទ្យកាល់ម៉ែត។ រឿងរ៉ាវទាំងអស់ដូចជាយល់សប្តិអីចឹង! ខ្ញុំដឹងខ្លួនឡើងក្នុងមន្ទីរពេទ្យ... ខ្ញុំស្ទុះក្រោកចេញពីគ្រែរួចសំដៅទៅរកប៉ាម៉ាក់...
               “លោកប៉ា... អ្នកម៉ាក់...កូនខុសហើយ!!!” រាងកាយដ៏ស្តូកស្តឹងរបស់លោកនៅគ្រែទន្ទឹមគ្នា។ ខ្ញុំយំសោកស្តាយនូវអ្វីៗដែលបានបាត់បង់ទៅ... អ្នកមានគុណ និងវ័យក្រមុំរបស់ខ្ញុំ ការសិក្សាមិត្រភាព... ការបាត់បង់របស់ខ្ញុំក្នុងជាតិនេះទោះបីជាខ្ញុំព្យាយាមទួញសោកឲ្យរហែកផែនដីទៀតក៏របស់ទាំងអស់នោះមិនអាចវិលត្រឡប់មកវិញដែរ។

           ក្រោយពេលដែលខ្ញុំបាននាំសពប៉ាម៉ាក់មកដល់ផ្ទះ ខ្ញុំបានទទួលដំណឹងពីមិត្តភ័ក្ត្រថា វណ្ណៈមិត្រប្រុសរបស់ខ្ញុំដែលប៉ុន្មានម៉ោងមុននេះយើងទាំងពីរបានទៅដល់ស្ថានមួយដែលជាមរតកនៃស្នេហានោះបានលាពីខ្ញុំទៅភពមួយផ្សេងទៀតដោយគ្រោះថ្នាក់ចរាចរ។ តាមពិតពេលដែលខ្ញុំសន្លប់ពេលទទួលដំណឹងពីលោកគ្រូពេទ្យនោះ គេបាននាំខ្ញុំមកសង្គ្រោះ នៅមន្ទីរពេទ្យហើយក៏គេចបាត់ទៅ...
ទទួលដំណឹងដ៏គួរឲ្យតក់ស្លុតនេះភ្លាមខ្ញុំក៏ចាប់ផ្តើមកើតក្តីអស់សង្ឃឹមជាថ្មី... បែរទៅឪពុកម្តាយត្រូវស្លាប់ចោលអស់ ងាកមករកគូស្នេហ៍ត្រូវលាលោកនេះទៀត... ពេលនេះខ្ញុំនៅសល់តែសំបកជីវិតតែប៉ុណ្ណោះ ព្រហ្មលិខិតហេតុអ្វីបានជាអ្នកដាក់ទណ្ឌកម្មមកលើរូបខ្ញុំខ្លាំងម្ល៉េះ!
លោកប៉ាអ្នកម៉ាក់ កូនខុសហើយ! កូនខុសមិនស្តាប់បង្គាប់លោក... មិនដើរតាមគន្លងរបស់លោកទាំងពីរ...!!!

          ខ្ញុំពេលនេះ ក្លាយជាមនុស្សគ្មានញាតិគ្មានមិត្ត មានតែភាពសោកសៅប៉ុណ្ណោះជាគ្នាកំដរជីវិតរបស់ខ្ញុំនៅ។ រាត្រីភ្នំពេញ ទិវា០១-០១-១០ មិនបានពាំនាំសេរីសួស្តីមកឲ្យខ្ញុំទេ... លោកបែរជានាំអវចីភាពនៃជីវិតមកឲ្យខ្ញុំទៅវិញ... រាត្រីនេះហើយដែលធ្វើឲ្យខ្ញុំបាត់បង់នូវអ្វីទាំងអស់... សូមឲ្យនារីខ្មែរទាំងឡាយកុំបីភ្លើតភ្លើនដូចជារូបខ្ញុំឲ្យសោះ អ្នកត្រូវចាំថាការបាត់បង់នៃភាពជាមនុស្សមិនអាចនឹងវិលថតក្រោយបានឡើយដូចទឹកដមវាចារបស់ប្រុសព្រានឡើយ... ភាពស្រស់ស្អាតរបស់យើងជានារីសម័យនេះអាចក្លាយជាទំនិញដែលមានទីផ្សារល្អបំផុត សម្រាប់ប្រុសព្រាន... នាងត្រូវគិតឲ្យបានល្អិតល្អន់មុនពេលសម្រេចបង្ហូរពាក្យថា “សេ្នហា”ចេញពីបបូរមាត់របស់អ្នក... ៚

(រឿងខ្លីមួយនេះ សរសេរដោយឈរលើមូលដ្ឋានព័ត៌មានពិតមួយ ដែលបានកើតឡើងនៅក្នុងរាជធានីភ្នំពេញ រាត្រី០១-០១-២០១០ អ្នកនិពន្ធសុំរក្សាសិទ្ធិមិនបញ្ចេញឈ្មោះអ្នកផ្តល់ព័ត៌មាន និងកែច្នៃឱ្យមានសោកនាដកម្មបន្ថែម)

រាជធានីភ្នំពេញថ្ងៃសុក្រទី០១ មករា ២០១០

ម៉ោង០៧.០០នាទី

ឡឹក ជំនោរ