ភ្នំពេញៈ សមាគមអ្នកនិពន្ធខ្មែរនៅបរទេសប្រចាំប្រទេសបារាំង បានបង្កើតកម្មវិធីប្រកួតប្រជែងស្នាដៃ «ពានរង្វាន់អក្សរសិល្ប៍សន្តិភាព លើកទី ៣ ប្រចាំឆ្នាំ ២០១៧» ផ្នែកកំណាព្យ និង រឿងខ្លីជាលើកដំបូង។
លោក ហេង ឧត្ដម សមាជិករៀបចំកម្មវិធីប្រកួតបានថ្លែងប្រាប់ LIFT ថ្ងៃពុធនេះថា ការបើកប្រកួតពានរង្វាន់ស្នាដៃ ផ្នែក កំណាព្យ និងរឿខ្លីនេះ ព្រោះសមាគមមានបំណងចង់បំផុសការប្រកួតប្រជែងអក្សរសិល្ប៍បែបនេះឡើងវិញ បន្ទាប់ពីមានការស្ងប់ស្ងាត់មួយរយៈនាពេលកន្លងមក ពីសំណាក់សមាគមតែងនិពន្ធនានា។
លោកថ្លែងថា៖«សមាគមយើងចង់ឲ្យមានការប្រកួតស្នាដៃអក្សរសិល្ប៍បែបនេះឲ្យមានការរស់រវើកឡើងវិញ ហើយវាក៏ជាសកម្មភាពមួយរបស់សមាគមអ្នកនិពន្ធខ្មែរនៅក្រៅប្រទេសដែរ តែអ្វីដែលប្លែកនោះ គឺកម្មវិធីប្រកួតលើកនេះ បានផ្ដោតទៅលើការតែងនិពន្ធរឿងខ្លី និងកំណាព្យជាលើកដំបូង ដែលពីមុនយើងបានធ្វើទៅលើតែរឿងប្រលោមលោកវែងៗ»។
លោក ឧត្ដម បានឲ្យដឹងថា សមាគមអ្នកនិពន្ធខ្មែរប្រចាំនៅប្រទេសបារាំង បានមើលឃើញសន្ទុះនៃការតែងនិពន្ធ និងការអានរបស់យុវជននៅកម្ពុជាមានការកើនឡើងខ្លាំង។ ដូច្នេះការប្រកួតនេះ ក៏ចូលរួមចំណែកឲ្យមានការតែងនិពន្ធ និងការអានកាន់តែច្រើននិងអាចផ្ដលឱកាសឲ្យអ្នកនិពន្ធបានបោះពុម្ពផ្សាយស្នាដៃរបស់ខ្លួនផងដែរ។
លោកនិយាយថា «ការនិពន្ធរឿងខ្លី និងការតែងកំណាព្យនេះ កំពុងមានភាពជឿនលឿនជាងមុន ព្រោះផ្ដល់ភាពងាយស្រួលដល់អ្នកនិពន្ធឲ្យចូលរួមបានច្រើន ហើយអ្នកនិពន្ធចំណាយពេលវេលាតិចនឹងក៏ជាផ្លូវដើម្បីឲ្យអ្នកនិពន្ធឈានដល់ការនិពន្ធប្រលោមលោកខ្នាតវែងដែរ»។
បើតាមលោក ឧត្ដម បានឲ្យដឹងថា «ការប្រកួតនេះអ្នកនិពន្ធអាចជ្រើសរើស ប្រធានបទដោយសេរី ប្រកបដោយទស្សនវិជ្ជាជីវិត មានសោភ័ណ ឆ្លុះបញ្ចាំងពីសន្ដិភាព និងជាស្នាដៃថ្មី»។
គណៈកម្មាការចូលរួមវាយតម្លៃការប្រកួតនេះ គឺជាអ្នកស្រាវជ្រាវ កវី និងអ្នកនិពន្ធខ្មែរនៅប្រទេសកម្ពុជា បារាំង អាល្លឺម៉ង កាណាដា ជប៉ុន និងអាមេរិក។
បេក្ខជនម្នាក់អាចដាក់ស្នាដៃប្រកួតប្រជែងបាន២ស្នាដៃ ស្នាដៃត្រូវសរសេរដោយកុំព្យូទ័រ មិនលើសពី១៥ទំព័រត្រូវបញ្ជាក់ឈ្មោះ អាសយដ្ឋាន សារអេឡិត្រូនិក និងលេខទូរស័ព្ទឲ្យបានច្បាស់លាស់។
ការប្រកួតនេះនឹងចាប់ផ្ដើម ទទួលស្នាដៃពីថ្ងៃទី ១ ខែមករា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៧ ជាកំហិត។ រង្វាន់មាន ទឹកប្រាក់ វិញ្ញាបនបត្រ និងការបោះពុម្ពស្នាដៃរ ហើយរង្វាន់នឹងប្រកាសនៅ ខែវិច្ឆិកា ឆ្នាំ២០១៧ នារាជធានីភ្នំពេញ។ បេក្ខជនអាចផ្ញើស្នាដៃ តាមរយៈសារអេឡិចត្រូនិក៖ p.prize2017@gmail.com ៕ (សម្រង់អត្ថបទទាំងស្រុងពីភ្នំពេញប៉ុស្តិ៍ ដោយ វ៉ន ដារ៉ា)
ដើម្បីទទួលបានប្រកាសជា pdf file ចុចលើរូបភាពខាងក្រោម
ឬ ដើម្បីទទួលបានឯកសារប្រកាសសូមចុចទីនេះដើម្បីទទួលបានប្រកាសជា pdf file ចុចលើរូបភាពខាងក្រោម
No comments:
Post a Comment