Monday, January 2, 2012

បណ្តាំមាតាបិតា

បណ្តាំមាតាបិតា

(បទពាក្យ៧)

១. នាទីឃ្លាតឆ្ងាយម្តាយសូមលា                 ណាកែវពុំងាណាប្រុសពៅ

    សូមកូនបានសុខកុំហ្មងសៅ                 កូនពៅរស់នៅថែទាំគ្នា ។

២. បងប្អូនបង្កើតកុំទាស់ទែង                       ប្រណាំងប្រជែងចិត្តពុំជា

     សាច់ឯងឈាមឯងត្រូវការពារ              រួបរួមសាមគ្គាជាធ្លុងមួយ ។

៣. ពេលមានធុរៈគ្រោះថ្នាក់ឈឺ                  ជួយដឹងជួយឮជួយលើកស្ទួយ

     បើគ្នាក្រខ្សត់រិះគិតព្រួយ                        លះបង់ជំនួយជួយគ្នាផង ។

៤. កុំបានហូបឆ្អែតតែមាត់ឯង                     ខោវែងអាវវែងជ្រែងដាក់បង

     ស៊ីផឹកឡូឡាមាត់អឺងកង                     មើលឥតឃើញបងខោរហែក ។

៥. ឥតពីម្តាយទៅនៅពេលណា                   មានតែរៀមរ៉ាទទួលរែក

    កូនច្បងនេះហើយទុកជាភ្នែក              បីពរំលែកចែកពីម៉ែ ។

៦. ចំណែកកូនពៅគ្នានៅតូច                    ទោះបីខិលខូចត្រូវជួយថែ

    កុំខឹងសម្លក់ភ្នែកលៀនថ្លែ                     ថែទាំដូចម៉ែថែកូនស្ងួន ។

៧. កុំឈ្លោះប្រកែកជជែកគ្នា                   រក្សាកាពារឲ្យខ្ជាប់ខ្ជួន

    តាំងចិត្តស្លូតបូតឲ្យមាំមួន                        បែកបាក់បងប្អូនមិនល្អឡើយ។

៨. សង្ខាមិនទៀងរៀងរាល់កាយ                 ម៉ែឃ្លាតទៅឆ្ងាយពីកូនហើយ

    ខានជួបមុខកូនខានកៀកកើយ          ទៅទាំងស្តាយហើយនឹកកូនណាស់ ។

៩. ម្តាយលាកូនឯងលែងឃើញមុខ            លាភូមិលាស្រុកលាទាំងផ្ទះ

    លាស្រែចម្ការតាដូនចាស់                        លាម្លប់មុខផ្ទះម្តាយធ្លាប់ជ្រក ។

១០.លាហើយក្តីស្នេហ៍ធ្លាប់ថែកូន             លាបាត់ស្ងាត់សូន្យលែងវិលមក

     លាដៃធ្លាប់បីកូនពន្លក                          លាពេលនឹកភ្នករាវរកកូន ។

១១.លាហើយញាតិមិត្តទោះជិតឆ្ងាយ         លាបុត្រមាសម្តាយទាំងបងប្អូន

       លាទៅងឹតយប់ស្ងាត់សូន្យ                   ម្តាយសូមលាកូនចៅប្រុសស្រី ។

១២.លើកហត្ថប្រណមសូមបញ្ចប់              រៀបរាប់មិនសព្វព្រោះពេលខ្លី

       ក្រាបថ្វាយបង្គំគុណកែវបី                 ប្រទានពជ័យខ្ញុំនេះណា ។

១៣ សូមជួបប្រទះច្បាស់នឹងធម៌                  ជួបសំណាងល្អគ្រប់ប្រការ

        រួចផុតចាកទុកកម្មវេរា                     រហូតដល់គ្រាអវសាន ។





៙ នេះជាកំណាព្យរបស់លោកតាអាចារ្យ ហែម ង៉ុយ វត្តព្រែកថ្លឹង ភូមិព្រែក

   កំពឹស ឃុំព្រែកកំពឹស ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល។

៙ ចម្លងបន្តដោយលោកអាចារ្យ កែន សុន្ទរ៍ ថ្ងៃទី០៧ មិថុនា ២០០៦

   ព.ស. ២៥៥០ ត្រូវថ្ងៃ ១១ កើត ខែជេស្ឋ រដូវវស្សា។

៙ អត្ថបទអេឡិចត្រូនិចដោយឧបាសក ឡឹក សំខាន់

(ថ្ងៃសៅរ៍ ទី៣១ ធ្នូ ឆ្នាំ២០១១ ម៉ោង ២១.៣៣ នាទី)


រក្សាសិទ្ធិ


No comments: