Wednesday, April 25, 2012

ស្នាមញញឹមនិវត្តន៍ជន


ស្នាមញញឹមនិវត្តន៍ជន

(ដោយ ឡឹក​ ជំនោរ)

ខ្ញុំមិនបានគិតថាជារឿង​ចៃដន្យទេ​ ដែលអ្នកម្តាយរបស់ខ្ញុំ​កើត​នៅថ្ងៃទី៨ មីនា ខ្ញុំកើតថ្ងៃទី២១ មីនា ប្អូនស្រី​ជាទីស្រឡាញ់របស់ខ្ញុំ​កើត​ថ្ងៃទី ២៥ ហើយខណៈដែលថ្ងៃកំណើត​របស់លោកឳពុកជាទីគោរពត្រូវនឹងថ្ងៃទី២៧ មីនា ដែរនោះ។ ​

គ្រួសាររបស់ខ្ញុំជាគ្រួសារតូច មានសមាជិក​តែ​បួននាក់។ គ្រួសារដ៏តូចហើយសែនមានសុភមង្គល​សុខុដុម​​នោះ​រស់នៅកណ្តាលភូមិមួយនៃឃុំចន្ត្រី។ សុភមង្គលនៃ​គ្រួសាររបស់ខ្ញុំ​នៅតែកក់ក្តៅ​ជានិច្ចទោះបីជាខ្ញុំ​មិន​ទាន់បាន​រស់នៅក្បែរអ្នកមានគុណ និងប្អូនស្រីជាប់លាប់ក៏ដោយ ហើយគ្រួសារ​របស់យើងក៏​ជា​គ្រួសារ​មួយ​ដែល​ទទួល​បាន​ការ​ពឹង​ពំនាក់​ពី​​អ្នក​ភូមិ​​មិន​ដាច់​ផង​ដែរ​។ ​

ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១២ ជាថ្ងៃដែលខ្ញុំបានបញ្ចប់ការសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីប្រទេស​ភូមិ​ផង​របង​ជាប់​នឹងដែន​សុវណ្ណភូមិនេះ ជាថ្ងៃដែលជីវិតជារាជការរបស់លោកឳពុក​បានបញ្ចប់​ ជាថ្ងៃដែលរូបខ្ញុំបាទជាកូន​ត្រូវកាន់ត្រឡប់មកលំនៅដ្ឋាន​​ដ៏ត្រជាក់ត្រជុំដែល​ជាកន្លែងកប់សុករបស់ខ្ញុំ នូវក្រដាសមួយ​សន្លឹក​។​
ខ្ញុំគ្មានអ្វីក្រៅពីបង្វិចខោអាវ ​និងសៀវភៅសិក្សាឡើយ។ ឈានជើងជាន់ជណ្តើរផ្ទះ​ពុកម៉ែចេញមកទទួល​ខ្ញុំ លោក​ទាំង​​ពីរ​ទាញដៃខ្ញុំឱ្យក្រោកឡើង​នៅពេលដែលខ្ញុំ​ក្រាបសំពះ​បាទារបស់លោកទាំងពីរ។ ពុកម៉ែឱបខ្ញុំ​ដោយក្តី​រំភើប លោករំភើបរហូតស្រក់ទឹកភ្នែក​នៅពេលដែលលោកចាប់កាន់​ក្រដាសមួយសន្លឹកនោះ ខ្ញុំយល់ពីអារម្មណ៍​ត្រេក​អរ​របស់លោកទាំងពីរ​​យល់​នូវ​អ្វីដែល​លោក​ចង់បាន​ចង់​ឃើញ ទន្ទឹមនឹងនោះ​លោក​ពិត​ជាមិនបានជ្រាប​ថា តើ​ក្រដាស​​សញ្ញាបត្រ​​មួយសន្លឹក​នោះអាច​ជាអាហា​រចិញ្ចឹម​ជីវិត ចិញ្ចឹមមនុស្ស​ជំនាន់ក្រោយបានឬ​ក៏យ៉ាងណា​នោះទេ។ ក្នុងអារម្មណ៍របស់ខ្ញុំផ្ទាល់គិតថា បើទោះជាខ្ញុំមាន​អ្វីៗមកបម្រើ​ជាតិ យ៉ាងណាក៏ជាតិយើង​នៅមិនទាន់មានអ្វី​ដែលអាចជួយខ្ញុំវិញបានភ្លាមដែរ តែខ្ញុំនៅតែត្រេកអរ រំភើប អរគុណដែល​ខេមរជាតិ​បានជួយ​ខ្ញុំ ហើយ​ខ្ញុំក៏បាន​ជួយជាតិរបស់ខ្ញុំយ៉ាងមុះមុតដែរ ខ្ញុំមិន​ធ្លាប់​រំខានដល់ជាតិ មិនអាចធ្វើអ្វីដែលជាផលអាក្រក់​ដល់សង្គម​ជាតិ​ដែល​ខ្ញុំរស់នៅនៅឡើយទេ ខ្ញុំខិតខំរៀនសូត្រ​ដើម្បីជួយខ្លួនឯង “ជួយជាតិ​គឺការចេះជួយខ្លួនឯង”។
ខ្ញុំដាក់ខ្លួនអង្គុយចុះលើកៅអី ពុកបាន​ហុច​​សេចក្តីប្រកាសរបស់ក្រសួងដែលលោក​បម្រើការងារមកឱ្យខ្ញុំ។
ខ្ញុំអាន​​​សេចក្តីប្រកាសនោះដោយយកចិត្តទុកដាក់។ ពុកត្រូវបានក្រសួងដាក់ជា​មន្ត្រីចូលនិវត្តន៍ ជាមន្រ្តីដែលគ្មាន​ឈ្មោះ​ក្នុងក្របខ័ណ្ទរាជការ។ ​ពេល​នេះ​ពុក​បាន​សម្រាក​ពី​ការងារ ពុកចប់ភារកិច្ចជួយជាតិទៀតហើយ ពុកដល់អាយុ​​ចូល​និវត្តន៍ហើយ​។​​ ​​ ខ្ញុំស្ទើរតែស្មានមិនត្រូវថា ការតប​ស្នងសងគុណ​របស់ជាតិដល់ពុករបស់ខ្ញុំមិនលើស​អ្វីដែលគាត់​ទទួល​បានកាលពីសាមសិបឆ្នាំមុន គឺនៅពេល​ដែលពុកចូលបម្រើជាតិគ្រា​​​ដំបូង។ ខ្ញុំនៅតែចាំបានថា ពេលដែលពុកចូល​ធ្វើ​ការដំបូង​គឺពុកទទួល​បានតែអង្ករស្រូវសាឡី សាប៊ូ ប្រេងកាត​ តែ​ប៉ុណ្ណោះ។ កង់កញ្ចាស់ដែលពុក​ជិះទៅធ្វើការ​កាល​នោះ​​សព្វថ្ងៃពុកនៅតែរក្សាវាទុកយ៉ាងល្អ​ ហើយអ្វីដែលសល់មកជាប់នៅជាមួយពុក​ពេលដែល​ពុកចូលនិវត្តន៍​នោះ គឺម៉ាស៊ីនអង្គុយលីលេខ ផលិតនៅអាឡឺម៉ង់មួយគ្រឿង ដែលជាមិត្តដ៏ល្អជាមួយការងារពុក ពេលនេះពុកបានជូត​លេង​វាយ៉ាងស្អាតហើយរក្សាទុកលើតុក្នុងផ្ទះរបស់យើង។ ខ្ញុំឃើញពុកឧស្សាហ៍​បបោសលាងវាណាស់​ពុកឈប់​ប្រើវា​ជាង​ប្រាំពីរហើយ គឺនៅពេលដែលពុកចេះប្រើ​កុំព្យូទ័រ។
អាហារពេលល្ងាចក៏បានរៀបចំឡើង​ជាស្នាដៃអ្នកម្តាយរបស់ខ្ញុំស្រេចល្មម។ សម្លកកូរផ្លែត្នោតជា​មុខម្ហូប​មួយ​នៅតុបាយល្ងាចនោះ ជាអាហារយ៉ាងសាមញ្ញដែល​បាន​ចិញ្ចឹម​ជីវិត​អ្នកភូមិគរ៍របស់ខ្ញុំ។ ខ្ញុំនឹកក្នុងចិត្តថា មិន​គួរ​ណាថ្ងៃល្អរបស់ពុក​ ពុកបែរ​ជាទទួលទាន​អាហារ​ធម្មតា​បែបនេះ​សោះ ខ្ញុំសម្លឹងមុខអ្នកម្តាយ​ហើយងាកមករកពុក​ជាមួយ​សំនួរ​។
-​ ពុកចង់ពិសាអ្វីទេ​កូនទៅរៀបចំជូនពុកពិសា កូនថា​ សម្លត្នោតនេះម៉ែបាន​ស្ល​រួចហើយ មិនដឹងថា ពុក​មក​ផ្ទះ​ថ្ងៃនេះទេមើលទៅ។ ពុកសម្លឹងមុខខ្ញុំញញឹមតិចៗ។
- មិនអីទេកូន អ្វីក៏ពុកហូបដែរ កុំបាច់វែងឆ្ងាយអី គ្រួសារយើងធ្លាប់ហូបអ្វី​ហូបបែបហ្នឹង​​ចុះ ប៉ុន្តែពុក​ចង់​ហូបប្រហុកចំំហុចជាមួយពងទា អន្លក់ត្រកួនស្រុស កូនទៅផ្ទះបាយធ្វើមកឱ្យពុកក៏បាន។
ឮសំណូមពររបស់ពុក អ្នកម៉ែក្រោកទៅផ្ទះបាយភ្លាម។ មិនយូរប៉ុន្មាន ស្លឹកច្រេះ និងត្រកួនស្រុស ជាមួយ​ប្រហុក​ក្រឡុក​នឹងពងទាចំហុចបានលើកមកដល់។ ខ្ញុំនឹងពុកពិសាយ៉ាងឆ្ងាញ់។ នៅពេលដែល​ខ្ញុំ​លើកស្លឹកច្រែះ​មក​បូតនោះ​ខ្ញុំសម្លឹងមើលទៅដើម​ច្រែះ​មុខផ្ទះដោយ​យកចិត្ត​ទុកដាក់ ដើមច្រែះ​នេះ​វាខ្ពស់​ណាស់​ហេតុ​អ្វី​ម៉ែបេះ​ស្លឹក​វាបាន? ​ពុកប្រាប់ខ្ញុំថា “អាហារ​អស់ទាំងនេះជាអាហារ​មូលដ្ឋាន​របស់អ្នកភូមិយើង ជាអាហារ​ដែល​យើង​រ​ក​បាន​ដោយ​ងាយ ហើយម៉ែតែង​តែ​យក​ទម្ពក់ទាញ​វា​យក​ទៅ​ដល់​ឯផ្សារខ្លះ​ដែរ​ណាកូន។”
-​ កូននៅចាំ​បានឬទេ កាលពីកូននៅតូចៗ កាលដែល​ពុកចូលធ្វើការ​ដំបូងគ្រួសារ​យើងហូប​ម្ហូប​អាហារ​អស់​ទាំងនេះ ហើយ​ក៏​បន្តហូប​រហូតមក​ កូនបានធំធាត់ក៏ព្រោះតែ​ម៉ែគាត់​លក់បន្លែទាំងអស់នេះចិញ្ចឹមកូនៗ​ដែរ។ ដូចនេះទោះបី​ជាកូនក្លាយជាអ្វី​ក៏ដោយ​នៅអនាគត​សូមកូនកុំភ្លេច​ជីវភាព​ដែលមិនលោភ​លន់នេះ កុំភ្លេច​ស្មៅផ្ទី​អាចម៍​មាន់ឡើយណាកូន​។
ខ្ញុំយល់ពីអារម្មណ៍ពុក យល់ពីអ្វីដែលលោកបានមានប្រសាសន៍ចេញមក​។
-​ កូននឹងអាចបន្តវេន​បម្រើជាតិដូចជាពុកអីចឹងដែរ ទោះបីជាពុកគ្មានជីវភាពមួយប្រសើរ​ដោយការ​បម្រើ​រាជការ​ក៏ដោយ​ក៏កូនមិនត្រូវបោះបង់ដែរ ពុកសង្ឃឹមថា កូន​នឹងយល់ពីអ្វីដែលពុកចង់បាន។ កាលដើមឡើយ​គ្រួសារ​យើងធ្លាប់ហូបអ្វីៗអស់ទាំងនេះ ពេលនេះយើងនៅតែហូបវាដដែល​គឺគ្មានអ្វីប្លែកទេ សម្រាប់ពេលវេលាដែលកន្លង​ទៅ រឿងដែលប្លែកនោះ​គឺយើង​បាន​សងគុណទឹកដីដ៏កម្សត់នេះ​បានប៉ុន្មានតែប៉ុណ្ណោះ គ្រួសារធ្លាប់​ក្រកាលពីមុន ហើយពេលនេះយើងមានជីវភាពល្អប្រសើរនោះទើបជា​រឿង​ប្លែក ហើយអស្ចារ្យ តែពេល​នេះវដ្តចក្រនោះ​វាហាក់​ដូចជាមិនបានវិលទៅមុខទេ។
ខ្ញុំមិនចេញស្តីគ្រាន់តែញញឹមស្រាលតបទៅលោក។ ពុកបន្តទៀតបន្ទាប់ពីបញ្ចប់អាហារពេលល្ងាចរួចរាល់។
-​ មេរៀនជីវិត  កូនពិតជាមិនធ្លាប់​បានរៀនសូត្រ​ទេ ហើយបទពិសោធ​នៃ​ការរស់នៅក្នុង​សង្គម​មួយ​ដែល​មានការ​ប្រណាំងប្រជែងនោះ​ក៏អ្នក​មិនស៊ីជម្រៅ​ដែរ។ ដូចនេះការងារជារាជ​ការជា​ការងារ​មួយ​ដែល​មនុស្សសម័យថ្មី​មិនទាន់ឱ្យតម្លៃពេញលេញទេ​ ទាំងអស់នេះក៏ព្រោះ​តែ​ពួកគេ​មើល​ឃើញជីវភាពរាជការ​ជាជីវភាព​ដែល​លំបាកភ្នែក​ជាជីវិត​ដែល​រស់​ដើម្បីរស់​ ក៏ដូចជា​ជីវភា​ព​ពុកសព្វ​​ថ្ងៃ​​កូន​បា​នដឹងហើយ កូន​ពិត​ជាពុំ​ចង់ដើរតាម​ដាន​នេះទៀតទេ ប៉ុន្តែ​រឿងដែលសំខាន់នោះ​តើ​​មាន​នរណា​ខ្លះដែលស្នេហាជាតិ​ពិត​ប្រាកដ? អ្នក​ស្នេហាជាតិ​ពិត​ប្រាកដ​គឺ​ត្រូ​វ​មានជីវភាពដូចពុកនេះឯង... បើពឹង​លើជីវភាព​របស់ពុក​ដើម្បី​ឱ្យ​កូន​រៀន​នោះ​ប្រហែល​យើង​គ្មាន​សល់​ដីស្រែ​ដូចសព្វ​ថ្ងៃទេ ល្អហើយ​ដែលកូន​អាច​ទៅ​បន្ត​ការសិក្សា​នៅ​ស្រុក​គេ​ដោយ​ពុក​មិ​ន​ចំណាយ​ប្រាក់កាស​លើ​ការសិក្សារបស់កូន។
ពាក្យពេចន៍ដ៏វែងអន្លាយរបស់ពុក ត្រូវបានឆ្លើយ​តបដោយស្នាមញញឹម​របស់ខ្ញុំម្តងទៀត​។ ខ្ញុំខ្លួនឯងមាន​អារម្មណ៍​មិនសូវស្រួល​នៅពេលដែល​ក្រសែ​ជាតិនិយម​បានមកចងរិតខ្លួន​ប្រាណ​របស់ខ្ញុំ​ជាប់​បែបនេះ។ ខ្ញុំទាញ​កៅអី​អង្គុយឱ្យខ្នងទៅពុក ភ្នែក​មើលទៅឆ្ងាយ។ លោកពុក​ក្រោកមកឈរក្រោយខ្នងរបស់ខ្ញុំ​ ដៃស្តាំ​របស់​លោកទះស្មា​ខ្ញុំតិចៗ​ជាមួយវាចា។
-​ កូនអើយ! គ្មាននរណា​ចង់​បាន​ជីវ​ភាព​លំបាកទេ ប៉ុន្តែ​អ្វីៗ​បានកម្រិត​ឱ្យគ្រួសារ​រាជការ​ដូច​យើង​ត្រូវធ្វើ​បែបនេះ។ ពុកដឹង​ថា​មនុស្ស​សម័យ​នេះគេគ្មាន​មនសិការដូច​ជារាជការដុះ​ស្លែដូចពុកទេ ហើយ​ពុកជឿថា កូន​នឹងក៏​មិន​ដើរតាមលំអានពុកដែរ​ កាលទេសៈ​ពិតណាស់​ជាបង្ខំ​សម្បជញ្ញៈ​កូនៗ​ឱ្យដើរ​តាមផ្លូវ​មួយ​ដែល​ត្រូវ​ហើយ​ល្អ​ជាងពុក ហើយពុក​ក៏ដឹង​ថា​ការ​រស់នៅបរទេស​​របស់​កូន ​និងជនជាតិ​ខ្មែរ​ដ៏ទៃ​ទៀត​ពិត​ជាកក្តា​មួយ​ល្អ​ណាស់​សម្រាប់​ការ​ផ្លាស់​ប្តូរ​ការ​កែតម្រង់ជីវភាព​ខ្មែរ​ឱ្យ​រីក​ចម្រើន​ជាង​ពេល​នេះ ហើយ​ពួក​កូន​នឹងក្លា​យ​ជារាជ​ការ​ដែល​​មាន​មនសិការ​ម្នាក់។
ពុកនៅតែបង្រៀនបង្ហាត់បង្ហាញ​ពី​កង្វះខាត ​និង​សេចក្តី​ប្រឹង​ប្រែង​​របស់លោក​ដែល​មានកន្លងមក​ដល់ខ្ញុំ​ដដែល។ ខ្ញុំគ្មានពាក្យ​អ្វី​​នឹងតប​ពុក​ទេមាន​តែញញឹម​ហើយ​ញញឹម​ទៀត​ ញញឹម​ក្នុង​ន័យទទួលយក ញញឹម​ក្នុង​នាម​ប្តេជ្ញា។ គំរូ​វីរៈភាព​ដ៏​ល្អ​ដែល​ពុក​បាន​បន្សល់ទុក​នេះ​ជា​កម្លាំង​ចិត្តមួយ​យ៉ាង​មុត​មាំ​ដែល​យើង​ខ្ញុំត្រូវ​​មាន​ ហើយ​បន្ត​វេនតទៅ​កសាង​រាជាណាចក្រ​នេះ។
-​ កូននឹងទទួល​យក​បទ​ពិសោធស្នេហាជាតិ​ដែល​ពុក​មាន​កន្លងមក ហើយ​រក្សា​នូវ​វីរៈភាពរបស់ពុក​ឱ្យឈរ​លើ​មូលដ្ឋាន​នៃ​ការឈាន​ទៅខាងមុខរបស់​កូន កូន​នៅចាំពុកបានថា មុនពេល​ដែល​កូនទៅ​រៀន​ពុក​បានផ្ញើ​បណ្តាំ​មួយឱ្យកូនថា “កូននឹងអង្គុយនៅទីខ្ពស់​ប្រសិន​បើកូនសិក្សា​បានខ្ពង់ខ្ពស់” ។
ខ្ញុំចាំបាន​សម្តីពុក​គ្រប់ម៉ាត់ ប៉ុន្តែ​ពេល​ខ្លះ​ខ្ញុំមិនចង់អង្គុយខ្ពស់​ហូស​អ្វី​ដែល​ខ្ញុំ​អាច​មើល​ឃើញ​នោះ​ទេ ខ្ញុំ​ធ្វើ​អ្វី​ដែល​ខ្ញុំ​អាច​ជួយ​អ្នក​ដែល​ត្រូវ​ជួយ ជាការរួម​ចំណែក​មួយ​យ៉ាង​ធំ​ក្នុងការកសាងជាតិ។
ខ្ញុំនៅតែចាំយ៉ាងច្បាស់ថា កម្លាំងចិត្ត​ដែលពុក​បានផ្តល់​ឱ្យកូន​នៅពេល​នោះ​ជាជោគជ័យ​ដែល​កូន​​មាននៅ​ពេល​នេះ​ ទោះបី​ជោគ​ជ័យ​នោះ​ជា​រឿងតូច​តាច​សម្រាប់អ្នក​ដ៏ទៃ​ក៏ដោយ តែ​វាធំធេង​ណាស់​សម្រាប់​គ្រួសារ​ខ្ញុំ ជាជោគ​ជ័យ​ដែល​ក្រុម​មនុស្ស​ដូចពួកខ្ញុំត្រូវ​ទទួលបាន។ ខ្ញុំបេ្តជ្ញា​​​ចំពោះ​ពុកចំពោះ​ខ្លួនឯងថា ខ្ញុំនឹង​បម្រើ​ជាតិ សាសនា​ ព្រមហាក្សត្រ​ ជាខេមររាស្ត្រនៅសមរភូមិ​ក្រោយ​ម្នាក់​ឈរលើ​ឧត្តមគតិ។
ពុកទះស្មាខ្ញុំហើយញញឹមតូចស្រាល ខ្ញុំញញឹម​ងើបសម្លឹងមុខ​ពុកដោយក្តីសង្ឃឹមយ៉ាង​មុត​មាំ។

ភ្នំពេញ ២៥ មេសា ២០១២





No comments: