Thursday, June 7, 2012

ជីវិតម៉ែ


ជីវិតម៉ែ

(កំណាព្យបទពាក្យ៧)

Ä​ ប៉ាក​​កា​​រៀប​រាប់​ភ្ជាប់​សេចក្តី​----------កវី​​សាក​ល្បង​ក្រង​ឃ្លា​កាព្យ​

    ចារិក​ពី​ម្តាយ​ទោះ​តូច​ទាប​​----------  ពាក្យ​គួរ​ពុំរាប​ជ្រាប​សេចក្តី​។

Ä កវីវ័យ​​ក្មេង​តែង​ពាក្យ​ពេចន៍​​----------រំលេច​ជា​តួ​ប្តូរ​សម្តី​

    បង្ហាញ​ដល់​បុត្ត​ទាំង​ប្រុស​ស្រី​​-------- កវី​រៀប​រាប់​ជីវិត​ម៉ែ​។

Ä ចាប់តាំង​ពីកូន​មាន​កំណើត​​---------- ក្នុងឧទ្ទរ​កើតនៅ​នឹង​ម៉ែ​

   ​តែងតែខ្វល់គ្មាន​ពេលល្ហែរ​​----------   ខ្លាច​ក្រែង​មាស​ស្នេហ៍​កូន​បាត់ទៅ។

Ä ធ្វើទុក្ខ​បុកម្នេញ​ម្តាយ​គ្មាន​ស្បើយ​​​------ដង្ហក់ដង្ហើយ​ក្នុង​យប់ជ្រៅ

   ម្តាយ​ខំរក្សា​ស្រស់ពាល​ពៅ​​----------  គង់វង់​រស់នៅ​ក្នុងផ្ទៃ​មាតុ។

Ä ថ្នាក់ថ្នម​បីបម​មិន​ឲ្យប៉ះ​----------     ថែទាំល្អល្អះ​មិនឲ្យឃ្លាត

   ខ្លាចមាសស្ងួនក្តៅរោគបៀនបៀត​​----- ជីវិតកូនទៀត​នៅក្នុង​ផ្ទៃ​។

Ä គ្រប់ខែប្រសូតចាកឧទ្ទរ​​----------     ម្តាយសែនត្រេកអរ​ឃើញភ័ក្ត្រថ្លៃ

   ពេលកូនបាន​ឃើញពន្លឺថ្ងៃ​​----------    ​ជីវិត​ម្តាយ​ថ្លៃ​ស្ទើរ​តែសូន្យ។

Ä ម៉ែ​ជា​ដុំ​ពេជ្រ​របស់​កូន​----------        ម៉ែ​ថ្នាក់​ថ្នម​ស្ងួន​ឥត​បី​ល្ហែរ​

   បីបាច់​រូប​កូន​រាប់​ឆ្នាំ​ខែ​----------        ដួងចិត្ត​អ្នក​ម៉ែ​សែន​ថ្កើង​ថ្កាន​។

Ä វេហា​ធំធេង​លើស​អ្វីៗ​​----------       ប៉ុន្តែ​មិន​អាច​ប្រៀប​ម្តាយ​បាន​

    បើ​កូនៗ​ឈឺ​មិន​សំរាន្ត​​----------        ម៉ែ​ថ្នម​កល្យាណ​ជិត​ជាប់​កាយ​។​

Ä ម៉ែ​យល់​ពី​ទុក្ខ​ធុរៈ​កូន​​----------         នឹម​នួន​ម៉ែ​តែង​ស្ទាប​រាង​កាយ​

   ក្រែង​​កូន​ក្តៅ​ខ្លួន​ឬ​ផ្តាសាយ​​----------   កូន​ទៅ​ទីឆ្ងាយ​ម្តាយ​គ្មាន​ស្បើយ​។​

Ä កាល​ស្ងួន​នៅ​តូច​ម៉ែ​ថ្នម​ថ្នាក់​​----------ម្តាយ​មិន​ធ្លាប់​ដាក់​កូន​ចោល​ឡើយ​

   ទោះ​បីរ​វល់​ម្តេច​ក៏​ដោយ​​----------     ម៉ែ​អើយ​កូន​តែង​ជាប់​ទ្រូង​ម៉ែ​។​

Ä ទឹកដោះ​ម្តាយ​ថ្លៃ​តម្លៃ​ខ្ពស់​​----------   ផ្អែម​ឆ្ងាញ់​តឹង​ពោះ​ច្រើន​ថ្ងៃ​ខែ

   កូន​បឺត​ស្រូប​ជាតិ​ពីខ្លួន​ម៉ែ​​----------    បុត្រ​មាន​ផ្កា​ផ្លែ​រាង​កាយ​ថ្លោស។​

Ä កូន​ធំ​ដឹង​ក្តី​ស្រដី​ថា​----------           កូន​ទៅ​សាលា​ម៉ែ​នៅ​ចុះ

   ​កូនសាង​កិត្តិយស​​ឲ្យ​​បាន​ខ្ពស់​​----------នឹង​បាន​រួម​រស់​ក្បែរ​ម្តាយ​ថ្លៃ​។​

Ä ទោះ​មេឃ​ភ្លៀង​ផ្គរ​ម៉ែ​ខិត​ខំ​---------- ម៉ែ​សន្សំ​ប្រាក់​ជា​កម្រៃ​        

   ផ្ញើ​ឲ្យ​រូប​កូន​រៀន​គ្មាន​សំចៃ​​----------   តើ​នរណា​ឆ្មៃ​ភ្លេច​អ្នក​ម្តាយ។​

Ä ម៉ែ​ខំភ្ជួរ​រាស់​ច្រូត​ដក​ស្ទូង​​----------    ម៉ែ​ញ័រ​បេះ​ដូង​ហេវ​ហត់​ណាយ​

   ​តែ​ម៉ែ​តស៊ូ​លះ​បង់​កាយ​​----------      ចំណាយ​អ្វីៗ​ដល់​រូប​កូន​។​

Ä​ ម៉ែ​ទ្រាំ​លំបាក​រង​​វេទនា​​----------     ជីវិត​កំព្រា​ស្ងាត់ឈឹង​សូន្យ​

   លក់​នំ​ត្នោត​ទៀន​ចិញ្ចឹម​កូន​​----------  លក់​ត្រាវ​ត្រកួន​ននោង​ស្ពៃ។​

Ä ម៉ែ​ដើរ​ត្រុកៗ​ជើង​ទទេរ​​----------     ម្តាយ​មិន​ត្រូវ​ទេ​​ខោ​អាវ​ថ្លៃ​

   ផា​មួង​ហូល​ប៉ាក់​មូដ​ថ្មី​​ៗ​​----------     ម្តាយ​ថ្លៃ​ក្រ​គ្មាន​ប្រើ​ហ្នឹង​គេ។​

Ä ម៉ែអើយ​ម៉ែ​ខ្ញុំ​សែន​អភ្វ័ព​​----------     ជីវិត​អ៊ូរអាប់​អ្វី​ម្លេះ​ទេ

   ម៉ែ​ត្រ​ដរ​រស់ធ្វើ​​ខ្ញុំ​គេ​​​----------          បោក​គក់​គ្មាន​ល្ហែ​សន្សំ​ប្រាក់​៕

   ២៨/០៨/២០០៣ (រាត្រីម៉ោង៩.០០)
    ​​​​​ដោយ ឡឹក ជំនោរ
(អត្ថបទកំណាព្យ​ដែលសរសេរ​ក្នុងសៀវភៅ​ចាស់​មួយ ហើយ​ទើបរើសឃើញ)



No comments: