Monday, October 28, 2013

គ្រូ​បង្រៀន​នៅ​សៀមរាប​មិន​ពេញ​ចិត្ត​ការ​តម្រូវ​ឲ្យ​បង់​លុយ​ពេល​សុំ​ឡើង​កាំ​ប្រាក់

គ្រូ​បង្រៀន​ខ្លះ​នៅ​សាលា​គរុកោសល្យ​ខេត្ត​សៀមរាប បាន​សំដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​​មន្ត្រី​ ការងារ​​រដ្ឋបាល ដែល​​តម្រូវ​ឱ្យ​ពួកគេ​បង់​ប្រាក់​នៅ​ពេល​ដែល​ទទួល​ធ្វើ​សំណុំ​ឯកសារ​ជុំវិញ​ការ​សុំ​ដំឡើង​ថ្នាក់​មន្ត្រី​​រាជការ​នោះ។

ដោយ ហង្ស សាវយុត
2013-10-28

អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព

ក្រុម​គ្រូ​បង្រៀន​បាន​​និយាយ​ថា បច្ចុប្បន្ន​ពួកគេ​ដែល​មាន​តួនាទី​ត្រឹមតែ​គ្រូបង្រៀន គឺ​មិន​​មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​បង់​​ថ្លៃ​ឡើង​ថ្នាក់​បាន​ទេ។
គ្រូបង្រៀន​ថ្នាក់​មធ្យម​នៃ​កម្រិត​មូលដ្ឋាន​ម្នាក់ នៅ​សាលា​គរុកោសល្យ​ខេត្ត​សៀមរាប គឺ​លោក ជួប សំអុល។ លោក​បាន​មាន​ប្រសាសន៍​​កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៦ ខែ​តុលា ថា ជា​ច្រើន​ឆ្នាំ​មក​ហើយ ក្រុម​របស់​​​លោក​ដែល​​​មាន​គ្នា​ប្រមាណ ៦-៧​នាក់ ​បាន​ខិតខំ​ព្យាយាម​ទៅ​រៀន​នៅ​​មហា​វិទ្យាល័យ​ឯកជន លុះ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​​ហើយ គឺ​ស្ថាប័ន​ដែល​លោក​បម្រើ​ការ​បាន​អនុញ្ញាត​ឱ្យ​ឡើង​កាំ​ពិសេស។ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​ក្រុម​របស់​លោក​រៀបចំ​បំពេញ​ឯកសារ ដើម្បី​ឡើង​កាំ​ពិសេស​រួចរាល់ ស្រាប់​តែ​ខាង​​ហិរញ្ញវត្ថុ​តម្រូវ​ឱ្យ​បង់​​ប្រាក់​ម្នាក់ ២០​ដុល្លារ​សហរដ្ឋ​អាមេរិក។
លោក ជួប សំអុល បាន​​​​បញ្ជាក់​ថា លោក​មិន​ពេញ​ចិត្ត​ចំពោះ​​ការ​ដំឡើង​ឋានៈ​មន្ត្រី​រាជការ​តម្រូវ​ឱ្យ​បង់​លុយ​ដូច្នេះ​ទេ៖ «ខ្ញុំ​អត់​សប្បាយ​ចិត្ត ហើយ​ខ្ញុំ​ថា ខ្ញុំ​អត់​បង់​ទេ។ ១​កាំ ៣-​៤​ពាន់​រៀល រួច​ហើយ​ទារ​ដល់​ទៅ ២០​ដុល្លារ​អាមេរិក មាន​ស្អី? ...អយុត្តិធម៌​មែន​ទែន​តែម្ដង។ ធ្វើ​អ៊ីចឹង​គ្រូ​បាក់​ទឹក​ចិត្ត អ្នក​ខ្លះ​នោះ​អត់​ចង់​ធ្វើ ឮ​តែ ២០​ដុល្លារ​ គ្នា​អត់​លុយ​បង់។ ចង់​ឱ្យ​នាយកដ្ឋាន​បុគ្គលិក និង​ហិរញ្ញវត្ថុ ជួយ​ពន្យល់​ពី​បញ្ហា​ដំឡើង​កាំ​ពិសេស​ហ្នឹង ហេតុ​អ្វី​បាន​ជា​យក​លុយ?»
គ្រូបង្រៀន​ដដែល​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​លោក​ជជីក​សួរ​ពី​រឿង​នេះ គឺ​មន្ត្រី​មន្ទីរ​អប់រំ​ថ្នាក់​ខេត្ត​ឆ្លើយ​ថា ជា​គោលការណ៍​ដែល​ចេញ​ពី​ក្រសួង។
ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី ​មិន​អាច​ទាក់ទង​មន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដើម្បី​សុំ​ការ​ពន្យល់​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ។
ចំណែក​ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា ខេត្ត​សៀមរាប លោក អ៊ុង សេរីឌី បាន​បដិសេធ​មិន​​ធ្វើ​ការ​ពន្យល់​​បញ្ហា​នេះ ​ដោយ​លោក​មាន​ប្រសាសន៍​ថា កំពុង​ជាប់​រវល់​ប្រជុំ។
សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​អះអាង​ថា ការ​ដំឡើង​ថ្នាក់​គ្រូបង្រៀន​នៅ​តាម​បណ្ដា​​ខេត្ត​ក្រុង​នានា គឺ​ក្រសួង​អប់រំ​យុវជន​និង​កីឡា មិន​មាន​គោលការណ៍​ណា​មួយ​តម្រូវ​ឱ្យ​បង់​លុយ​ដូច្នេះ​ទេ។
ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន បាន​ចាត់​ទុក​ការ​យក​លុយ​ពី​គ្រូបង្រៀន​នៅ​ពេល​ឡើង​កាំ​មន្ត្រី​រាជការ​​នោះ គឺ​គ្រាន់​តែ​ជា​ការ​ឆ្លៀត​ឱកាស​ពី​ជន​​មួយ​ចំនួន​ដែល​ធ្វើ​ខុស​ច្បាប់៖ «ការ​ដែល​ទារ​ថ្លៃ​ហ្នឹង គ្រាន់​តែ​ជា​ជន​ឆ្លៀត​ឱកាស ដើម្បី​កេង​ចំណេញ​លើ​គ្រូបង្រៀន ឬ​មួយ​ក៏​ជា​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ហើយ»
លោក រ៉ុង ឈុន បាន​ជំរុញ​​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដែល​ទើប​តែ​ឡើង​កាន់​តំណែង​ថ្មី ត្រូវ​ចាត់​វិធានការ​ផ្លូវ​ច្បាប់ ដើម្បី​លុប​បំបាត់​បញ្ហា​ទាំង​នោះ ជៀសវាង​កុំ​​ឱ្យ​មាន​បញ្ហា​ដដែលៗ​នេះ​នៅ​តែ​កើត​មាន​តាំង​តែ​ពី​យូរ​មក​ហើយ និង​បន្ត​ទៅ​មុខ​ទៀត៕

ផ្សាយបន្តពី RFA ភាសាខ្មែរ

No comments: