Thursday, October 31, 2013

តើ​ពេល​ណា​ទើប​បញ្ចប់​វប្បធម៌​លួច​ចម្លង​ស្នាដៃ​?
ការ​បង្ក្រាប CD ខុសច្បាប់​ កាល​ពី​ពេល​កន្លង​ទៅ
ការ​បង្ក្រាប CD ខុសច្បាប់​ កាល​ពី​ពេល​កន្លង​ទៅ
@RFI
ដោយ លាង ដឺលុច
ការ​លួច​ចម្លង​ស្នាដៃ ដូច​ជា សៀវភៅ និងអត្ថបទ​​សារព័ត៌មាន​ លួច​ចម្លង​ផលិតផល​សិល្បៈ​ចម្រៀង និង​វីដេអូ​ជា​ដើម បាន​ក្លាយ​ទៅ​ជា​វប្បធម៌​ទៅ​ហើយ​ នៅ​ពេល​ដែល​គេ​មិន​ដឹង​ថា តើ​ច្បាប់​ស្តី​កម្មសិទ្ធិ​បញ្ញា​នឹង​ត្រូវ​គេ​អនុវត្ត​នៅ​ពេល​ណា​នៅ​កម្ពុជា។ ការ​បណ្តែត​បណ្តោយ​អោយ​សកម្មភាព​នៃ​ការ​លួច​ចម្លង​នេះ ​នៅ​ប្រព្រឹត្តិ​ទៅ​ដោយ​គ្មាន​វិធាន​ការ​អ្វី​សោះ​យ៉ាង​ដូច្នេះ វា​កំពុង​ធ្វើ​អោយ​អ្នក​និពន្ធ និង​ផលិតករ​នានា​បន្ត​បាក់​ទឹក​ចិត្ត នឹង​ទទួល​រង​ភាព​អយុត្តិធម៌​។ បើ​មិន​ទាន់​អនុវត្ត​ច្បាប់ តើ​អាច​មាន​យុទ្ធនាការ​អប់រំ​ផ្នែក​សីលធម៌ ដើម្បី​កាត់​បន្ថយ​ការ​លួ​ចម្លង​នេះ មុន​មាន​ការ​អនុវត្ត​ន៍​ច្បាប់​ជំនាញ​ដែរ​ឬ​ទេ?
ការ​លួច​ចម្លងស្នាដៃ​នៅ​កម្ពុជា វា​បាន​ក្លាយជា​ប្រធាន​បទ​ដែល​គេ​សឹង​តែ​ឈប់​និយាយ​ទៅវិញ​ហើយ។ គេ​ឈប់​និយាយ​ពីព្រោះ វា​បាន​ក្លាយជា​វប្បធម៌ ឬ​ជាសកម្មភាព​យ៉ាង​សាមញ្ញ​មួយ​នៅ​កម្ពុជា។ សៀវភៅ​ចេញ​ថ្មី​ភ្លាម ក៏​មានច្បាប់ចម្លង​ដាក់​លក់​ទន្ទឹម​គ្នា​ដែរ ដោ​យ​គ្មាន​ការ​ខ្លាចរអា ខ្លាច​ញញើត​ម្ចាស់​កម្មសិទ្ធិ​បន្តិច​សោះ​ឡើយ។ CD និង​ VCD ចម្រៀង ក៏ដូចគ្នា។ អត្ថបទ​សារព័ត៌មាន​​តាម​គេហទំព័រ​ ក៏​រឹត​តែ​ស្រួល​ចម្លង​ទៀត។ អ្នកខ្លះ​គ្រាន់តែ​បង្កើត​អសយដ្ឋាន​គេហទំព័រ​មួយ ហើយ​លួច​អត្ថបទ​គ្រប់​បែប​យ៉ាង​​មក​បំពេញ​ទំព័រ​របស់​ខ្លួន​ ក៏​រួច​ជាស្រេច។ សកម្មភាព​អសីលធម៌ និង​គ្មាន​មនសិការ​នេះ កំពុង​តែ​រីក​ដុះដាល​យ៉ាង​សេរី និង​យ៉ាង​ទូលំទូលាយ។
អ្នក​ផលិត CD VCDចម្រៀង អ្នកនិពន្ធ​សៀវភៅ អ្នក​និពន្ធ​អត្ថបទ​កាសែត​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​តែ​បាក់​ទឹក​ចិត្ត និង​ក្លាយ​ជា​ជនរងគ្រោះ​​នៃ​វប្បធម៌​អសីលធម៌​មួយ​នេះ។

ជា​ការ​ពិត ការ​លួច​ចម្លង​ស្នាដៃ​នេះ​មាន​គុណ​សម្បត្តិ​ខ្លះ​ដែរ​ នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូច​កម្ពុជា។ និយាយ​អំពី​ស្នាដៃ​មួយ​ចំនួន​ដូចជា​សៀវភៅ​អាន ផលិតផល​សិល្បៈ​ចម្រៀង និង​ភាពយន្ត។ ច្បាប់​ចម្លង ឬ​របស់​ក្លែងក្លាយ​នៃ​ផលិតិផល​ទាំងនេះ ​ដែល​ក្រុម​ឈ្មួញ​ទុច្ចរិត​​បាន​លួច​ធ្វើ​នោះ ត្រូវ​ដាក់​លក់​ក្នុង​តម្លៃ​ថោកជាង​ច្បាប់​ដើម។ ដូច្នេះ ផលិតផល​ក្លែងក្លាយ​នេះ បាន​បម្រើ​ផលប្រយោជន៍​ប្រជាជន​ក្រីក្រ​ខ្លះ​ដែរ។

នៅ​ក្នុងវិស័យ​សារព័ត៌មាន​វិញ ក្រុម​ហ៊ុនសារព័ត៌មាន​ខ្លះ​ដែល​មិនមាន​ធនធាន​គ្រប់គ្រាន់នោះ ក៏​មានតែ​រង់ចាំ​លួច​ចម្លង​យក​អត្ថបទ​របស់​គេ ពី​ឆ្វេង​ពីស្តាំ​មក​ធ្វើ​ជា​របស់​ខ្លួន។ អ្នកខ្លះ​ទៀត លួច​ចម្លង​របស់​ម្ចាស់​ដើម​ទាំង​ដុល ដោយ​គ្មាន​កែ​សម្រួល​បន្តិច​ឡើយ ហើយ​ក៏​មិនទាំង​ប្រាប់​ប្រភព​ម្ចាស់​ដើម​នៃ​អត្ថបទ​នោះ​ទៀត​ផង។ ហើយ​ជំនួញ​របស់​ពួកគេ​ ក៏​ចេះ​តែ​រស់​ដោយ​អំពើ​អសីលធម៌ និង​គ្មាន​មនសិការ​នេះ​ទៅ។

និយាយ​ត្រង់​នេះ ប្រយោជន៍​ ឬ​គុណសម្បត្តិ​វា​បាន​កើត​មាន​ដល់​មហាជន​ទូទៅ​ដែល​មាន​ជីវភាព​ខ្សត់​ខ្សោយ​មែនហើយ ហើយ​គេ​ក៏​អាច​ចាត់​ទុក​ថា វា​ជា​ចំណែក​មួយ​នៃ​ការ​ផ្សព្វផ្សាយ​ចំណេះដឹង កា​រ​អប់រំ ឬ​ព័ត៌មាន​ទៅ​ដល់​ក្រុម​មនុស្សដែល​​លទ្ធភាព​ពួកគេ​នៅ​មា​ន​កម្រិត​។

ប៉ុន្តែ ប្រសិន​បើ​គេ​ប្រៀបធៀប​​គុណសម្បតិ្ត​ជាមួយ​នឹង​គុណ​វិបត្តិ​វិញ គុណវិបត្តិ​ពិត​ជា​មាន​ធំធេង​ណាស់ ចំពោះ​អនាគត​នៃ​សង្គម​កម្ពុជា។ ជា​បឋម គេ​មិន​ត្រូវ​ភ្លេច​ទេ​ថា ការ​លួច​ចម្លង​ស្នាដៃ​ ឬ​ការ​លួច​ចម្លង​កម្មសិទ្ធិ​បញ្ញា​ គឺ​ជា​ទង្វើ​ផ្ទុយ​​ច្បាប់។ វៀរ​​លែង​តែ​កម្ពុជា ជា​រដ្ឋ​ដែល​ចាត់ទុក​ទង្វើ​ផ្ទុយ​ច្បាប់​ ជា​បញ្ហា​ធម្មតា។

បន្ទាប់​មក​ទៀត គេ​ត្រូវ​​គិត​ថា ការ​លួច​ចម្លង​ស្នាដៃ​នឹង​សម្លាប់​អ្នក​ផលិត​ និង​​អ្នកនិពន្ធ​ទាំងឡាយ។  អ្នក​និពន្ធ​សៀវភៅ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​តែ​បន្ត​​និយាយទាំងអស់​សង្ឃឹម​​​ថា ពួកគេ​ឈប់​និពន្ធ​សៀវភៅ​លក់​ទៀត​ហើយ​ ពីព្រោះ​​ពួកគេ​បោះ​ពុម្ព​មិន​ទាន់អ្នក​​លួច​ចម្លង​លក់នោះទេ។ អ្នកនិពន្ធ​អត្ថបទ​កាសែត ​និង​អ្នក​ផលិត​ចម្រៀងក៏​មាន​អារម្មណ៍​មិនសូវ​ខុសគ្នា​​ពី​អ្នក​សរសេរ​សៀវភៅ​នោះ។ ការ​នេះ​​វា​កំពុង​តែ​នាំ​ក្រុម​អ្នកនិពន្ធ និង​ផលិតករ​នានា​បោះបង់​អាជីព​របស់​ពួកគេ​ចោល។ ពួកគេ​ទាំងនេះ​មិន​អាច​បញ្ចេញ​បញ្ញាញាណ​ សម្រាប់​តែ​ការ​លួច​ចម្លង​នោះ​ដែរ។

និយាយ​យ៉ាង​ដូច្នេះ​ មិន​មែន​មាន​ន័យថា កន្លងមក​គ្មាន​ការ​បង្ក្រាប​នោះទេ។ ប៉ុន្តែ​ ការ​បង្ក្រាប​បទល្មើស​​មួយនេះ មិនខុស​ពី​ការ​បង្ក្រាប​បទ​ល្មើស​ផ្សេងទៀត ដែល​ត្រូវបាន​គេ​មើល​ឃើញថា ដូច​ជា​ការ​វែកចក។ គេ​ក៏ស​ង្កេត​ឃើញថា នៅ​ពេល​ណា​មាន​ករណីបង្ក្រាប​ម្តង​ៗ ពេល​នោះ​ក្រុម​ឈ្មួញ​ទុច្ចរិត​ គ្រាន់តែ​បន្ថយ​សកម្មភាព​បន្តិច​ប៉ុណ្ណោះ។ ប៉ុន្តែ​ ក្រោយ​មក​ទៀត នៅ​ពេល​ស្ងប់ស្ងាត់​នៃ​ការ​បង្ក្រាប​នោះ អ្វីៗ​បាន​វិល​មក​ធម្មតា​ដដែល។ គឺ​លួច​ចម្លង លក់​ដដែល។

និយាយ​អំពី​វិធានការ​ទប់ស្កាត់​ការ​លួច​ចម្លងនេះ ប្រសិន​បើ​គេ​មើល​ករណី​បង្ក្រាប​ដែល​បាន​ធ្វើ​អោយ​ថមថយ​ការ​ចេញ​របស់​ក្លែងក្លាយ ឬ​របស់​ចម្លងនោះទៅ គឺ​បាន​ន័យ​ថា ក្រុម​ឈ្មួញ​ទុច្ចរិត​ក៏​ខ្លាច​ការ​អនុវត្ត​ន៍​ច្បាប់​ដែរ។ ដូច្នេះ​ វិធានការ​ប្រសិទ្ធភាព​មួយ​នោះ គឺ​ការ​បង្ក្រាប​ជា​ប្រចាំ​លើ​គ្រប់​ផលិតផល​លួច​ច​ម្លង ទាំង​ប្រភេទ​ផលិត​ផល​សិល្បៈ​ចម្រៀង ភាពយន្ត និង​សៀវភៅ​ជាដើម។ ប្រការ​​សំខាន់នោះ គឺ​ព្រមាន​អំពី​ការ​អនុវត្តន៍​អោយតឹងរ៉ឹង​នូវ​ច្បាប់​កម្មសិទ្ធិ​បញ្ញា។

វិធាន​ការ​មួយ​ទៀតនោះ គឺ​យុទ្ធនា​ការ​អប់រំ។ អប់រំ​អោយ​មនុស្ស​ទូទៅ ពិសេស​អ្នកលួច​ចម្លង​នោះ អោយពួកគេ​មាន​សតិសម្បជញ្ញៈ​ឡើងវិញ អោយពួកគេ​យល់​ថា ការ​លួច​ចម្លង​​បញ្ញា គឺ​ជា​​អំពើ​អសីលធម៌ គ្មាន​មនសិការ។ និង​ចុងក្រោយ​នោះ គឺ​កំលាំង​អតិថិជន​វិញ។ អតិថិជន​ត្រូវ​តែ​បដិសេធ​​ផលិតផល​ចម្លង និង​ក្លែងក្លាយ ហើយ​ត្រូវ​មាន​អារម្មណ៍​មោទនៈ​ ចំពោះ​ផលិតផល​ដើម និង​ផលិតផល​ពិត។ ប្រសិន​បើ​ គេ​អាច​អនុវត្ត​វិធាន​ការ​ទាំងនេះ​បាន​មែន នោះ​កម្ពុជា​នឹង​ប្រាកដ​ជា​មាន​អ្នកនិពន្ធ​ចម្រុះ មាន​ការ​បង្កើត​ស្នាដៃ​ថ្មី គំនិត​ច្នៃ​ប្រឌិត​ថ្មី ដោយ​គ្មាន​ក្តី​បារម្ភ​អំពី​ការ​លួច​ចម្លង​ស្នាដៃ​ទៀត​នោះ​ឡើយ៕

ផ្សាយបន្តពី ទំព័រ​ដើម

No comments: