December 26, 2013 at 12:02pm
ពេលវេលាដូចជាលឿនសម្បើមណាស់ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ រឿងរ៉ាវហាក់ដូចជាទើបនិងកើតឡើងថ្មីៗនៅឡើយ ។ កើតមានជីវិត កើតមានទុក្ខព្រួយ កើតមានសប្បាយ ក្រៀមក្រំ រំភើប ហើយរសជាតិនៃជីវិតទៀតសោតខុសឆ្ងាយពី រសជាតិអាហារដែលយើងទទួលទាន នឹកដល់រឿងនេះ ខ្ញុំដូចជាខ្លាចរអា …………
យប់ខែរនោច ងងឹតមើលមិនយល់ សម្លេងសត្វរាត្រីលាន់រំងំប្រៀបដូចជាតន្ត្រីដែលច្រៀងបំពេរ អោយមនុស្សលោកបានលង់លក់ក្នុងរាត្រីដ៏ត្រជាក់ គួបផ្សំនិងខ្យល់បបោសអង្អែលផងដែរ …… ម៉ោង ២ព្រឹក ចូលដល់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៣ ទៅហើយ តែខ្ញុំមិនអាចគេងលង់លក់ដូចគេគ្រប់គ្នាសោះ អារម្មណ៍ រវើរវាយ ហោះហើរ គិតទៅដល់រឿងរ៉ាវអតីតកាលរបស់ខ្ញុំ ខ្ញុំយកដៃគងថ្ងាសនិងបិទភ្នែក រំលឹករឿងកន្លងផុតទៅ ៖
អតីតកាល
ខ្ញុំបានស្គាល់បុរសម្នាក់ ឈ្មោះ “ ស្រមោល ” តាមរយះហ្វេសប៊ុក ឈ្មោះរបស់គេគួរអោយចាប់អារម្មណ៍ណាស់ សំណេររបស់គេគួរអោយចង់អានណាស់ដែរ ដោយការស្រលាញ់ និង ចូលចិត្តអាន ខ្ញុំបាន សូមរាប់អាន ស្រមោល ជាមិត្ត។ យូរៗម្តង ទើប ខ្ញុំបានជួប ស្រមោល ជជែកគ្នា ការជជែកទៀតសោត ដូចជាត្រូវផ្លែត្រូវដង គ្នាផង ក្នុងចិត្តរបស់ខ្ញុំពេលនោះ ចាត់ទុក ស្រមោល ជាសុភាពបុរសម្នាក់ ………
ចូលមកដល់ខែមេសា ឆ្នាំ ២០១៣ ការរាប់អានរបស់ ស្រមោល និង ខ្ញុំ ដូចជាស្និទ្ធស្នាលគ្នា កាន់តែខ្លាំង រហូតដល់ថ្នាក់ គេ ប្រាប់ខ្ញុំថា គេស្រលាញ់ខ្ញុំណាស់ ពាក្យសម្តីគេ ធ្វើអោយខ្ញុំភ្ញាក់ផ្អើលជាខ្លាំង ខ្ញុំតបទៅគេវិញថា ៖
- ស្រមោល ខ្ញុំជាមនុស្សស្រីមិនស្អាតទេ ហើយមិនសុភាពរាបសា ខ្ញុំនេះទៀតសោតជាកូនអ្នកស្រែចំការ ជាអ្នកក្រ គ្មានថានះ យសសក្តិ ធ្វើការងារតូចតាច នៅក្រុមហ៊ុនឯកជនមួយ។ ខ្ញុំដឹងខ្លួនច្បាស់ណាស់ថាមិនសមនិង ស្រមោល ទេ សូមគិតឡើងវិញផង ម្យ៉ាងវិញទៀត ខ្ញុំ តែងគិតថា ស្រមោល មានប្រពន្ធ ឬ កំណាន់ចិត្ត រួចហើយ ។
ការបដិសេធ របស់ខ្ញុំហាក់ដូចជាគ្មានន័យទេ ស្រមោល តបមកវិញដោយពាក្យផ្អែមល្ហែម និង ជឿជាក់ថាទទួលបានក្តី ស្នេហ៍ ពីខ្ញុំ គេថាគេនៅកម្លោះទេ ហើយចិត្តស្នេហ៍របស់គេមកលើខ្ញុំគឺមានតាំងពីយូរណាស់មកហើយ តាំងពីគេមិន ទាន់ស្គាល់ រូបរបស់ខ្ញុំមកម្ល៉េះ ………
ស្រីអើយស្រី ខ្លាំងប៉ុណ្ណាក៏ត្រូវទន់ជ្រាយនិងពាក្យសម្តីផ្អែមល្ហែមរបស់បុរសដែរ ទោះបីខំប្រឹង ប្រាប់ខ្លួនឯងថា គេជាអ្នកនិពន្ធ គេលេងសើចនិងនាងទេ តែ……………………………………
ស្រមោល បានប្រាប់ខ្ញុំថា គេត្រូវបានម្តាយចាប់បង្ខំអោយរៀបការជាមនុស្សមនុស្ស ស្រីម្នាក់ដែលគេមិនបានស្រលាញ់ តែមនុស្សស្រីម្នាក់នោះជាកូនអ្នកមាន អាចជួយពង្រឹង នឹង ពង្រីង មុខរបរ របស់ ឳពុកម្តាយគេបាន តែគេមិនបានស្រលាញ់ទេ ចិត្តគេមានតែខ្ញុំម្នាក់គត់ ។ការបង្ខិតបង្ខំ របស់ម្តាយគេ ជាមួលហេតុដែលគេត្រូវរត់ទៅនៅក្រៅប្រទេសដើម្បី ឆ្ងាយពីការ បង្ខំ និង ការសិក្សាផងដែរ អ្វីដែល ខ្ញុំអាណិត ដកចិត្តមិនរួចនោះ គឺគេ រស់នៅជាមួយនិងបេះដូងសិប្បនិមិត្ត (ដូរបេះដូង) ហ៊ឺ…………… ស្នេហារបស់ខ្ញុំអើយ ។
ស្នេហា
ស្នេហាចាប់ផ្តើមដោយការផ្អែមល្ហែម ស្អិតប្រៀបដូចកាវ ៥០២អញ្ចឹង តែដល់យូរទៅ ការរង្គោះរង្គើ ការមិនជឿជាក់គ្នាក៏កើត មានឡើង មិនមែន ខ្ញុំចេះតែបង្ករឿងដោយគ្មានមូលហេតុនោះទេ ហើយ ក៏មិនមែនខ្ញុំចេះតែសូមបែក ដោយគ្មានហេតុ ផល ឬ ស្វែងរកអ្នកថ្មី នោះដែរ មនុស្សស្រីដូចខ្ញុំ មិនចេះចែករំលែកស្នេហា របស់ខ្ញុំអោយទៅស្រីដទៃទេ បើគេមិនអាច ដកចិត្តពីម្នាក់ស្រីនោះបាន ខ្ញុំសូមបែក សូមចាកចេញពីស្នេហាមួយនេះ ។ ខ្ញុំដឹង.... ក្រៅពីខ្ញុំ ស្រមោល បានទាក់ទង និង មនុស្សស្រីម្នាក់ ដែលជាអ្នកស្និទ្ធស្នាលនិងខ្ញុំ ម្នាក់ស្រីនោះ ប្រាប់ខ្ញុំទាំងអស់ រវាងស្នេហាគេ និងស្រមោល ក្នុងចិត្ត មនុស្សស្រីនោះ ស្រមោល គឺជាមនុស្សពិសេស និង កក់ក្តៅណាស់សម្រាប់គេ គេជឿជាក់ ស្រមោល ជាងខ្ញុំទៅទៀត ភាពតានតឹងកើតឡើងរវាងខ្ញុំ និង ស្រីម្នាក់នោះ ហ៊ឺ……… គិតសព្វទៅ ស្រីម្នាក់នោះគ្មានកំហុសទេ ព្រោះគេមិនបាន ដឹងរឿងខ្ញុំនិង ស្រមោល ដូចនេះខ្ញុំមិនត្រូវខឹងនិងគេទេ អ្វីដែលខ្ញុំអន់ចិត្តនិងគេបំផុតនោះ គឺគេស្រែកអោយខ្ញុំ ” ថាអោយ ខ្ញុំមើលទៅមនុស្សដែលគេស្រលាញ់ក្នុងផ្លូវល្អខ្លះផង” ពាក្យសម្តីមួយនេះធ្វើអោយទឹកភ្នែកខ្ញុំស្រក់ចុះ និងញញឹមទទួល ស្គាល់ថា ការស្រលាញ់របស់ខ្ញុំ មិនធំធេងដូចគេទេ ចិត្តខ្ញុំចង្អៀតណាស់ ។
ភាពខ្លាចនិងស្នេហា ធ្វើអោយខ្ញុំលើកទោសអោយគ្រប់គ្នា សូម្បី តែ ស្រមោល ក៏ខ្ញុំមិនបានខឹង និងគេដែរ ព្រោះថា អ្នកណា ក៏ចង់បានមនុស្សល្អគាប់ប្រសើរ មកធ្វើជាគូ ជីវិតដែរ ដូចនេះមុននិងបានជួបមនុស្សល្អ គេច្បាស់ជាសាកល្បង ស្វែងរកតាមវិធីសាស្រ្តផ្សេងៗ ទោះបីជាការសាកល្បងនោះ ប៉ះពាល់ដល់ទឹកចិត្តភាគីម្ខាងទៀតក៏ដោយ។
រាប់សិបដង ដែលខ្ញុំសូមបែកពី ស្រមោល លទ្ធផលមិនបានគាប់ចិត្តទេ មានតែការឈឺកាន់តែខ្លាំង និង ពាក្យលួងលោម ថា “ មួយជីវិតនេះ បងស្រលាញ់តែអូនម្នាក់គត់ បងគ្មានចិត្តស្អីបន្តិចលើគេទេ បងតែងចាត់ទុកគេជាប្អូនស្រីរបស់បង តែគេទេដែលស្រលាញ់បង ទោះបីបងប្រាប់គេនោះថា បងមានអូនហើយក៏ដោយ “ ស្រមោលស្នេហ៍របស់អូនអើយ ហេតុអ្វីក៏បងពោលពាក្យបែបនេះ បើស្រីម្នាក់នោះបាន ឮ បានដឹង នោះ មិនដឹងជាគេឈឺចិត្តយ៉ាងម៉េចទេ ……………… អូនដឹងច្បាស់ណាស់ ថា ពាក្យនេះ បងនិយាយទៅកាន់ស្រីម្នាក់នោះដូចនិយាយមកកាន់អូនអញ្ចឹង។
រន្ធត់
ក្តីស្រលាញ់ពិតប្រាកដ បានអោយខ្ញុំ សម្រេចចិត្តចាកចេញពីស្នេហាមួយនេះ មិនមែនខ្ញុំមិនស្តាយនោះទេ តែខ្ញុំ អាណិត ស្រមោល និង ស្រីនោះណាស់ ម្យ៉ាង មិនចង់អោយស្រមោល ធ្វើបាបចិត្តគេនោះដែរ គេនោះ ល្អ គ្រប់ ទាំងថានះ គ្រួសារ ការងារ ខុសពីខ្ញុំដែលគ្មានអ្វីសោះ ។
ខ្ញុំបានផ្ញើសារ ទៅ ស្រមោល សូមចាកចេញពីបេះដូងរបស់គេ ហើយសូមទៅឆ្ងាយពីរូបគេទៀតផង ការរៀនពីការឃ្លាត ឆ្ងាយមិនទាន់បានមួយថ្ងៃផង មានមិត្តរបស់ខ្ញុំម្នាក់គេផ្ញើ សារ តាមទូរស័ព្ធដៃមកថា “ អ្នកដែលឯងស្គាល់ បានលាចាក លោកនេះទៅហើយ ថ្ងៃនេះ ជា ៧ថ្ងៃរបស់គេហើយ ……… “ ឌុកដាក់ ឌុកដាក់ បេះដូងលែងស្តាប់ម្ចាស់ ការតាំងចិត្តត្រូវបានបញ្ឈប់ ខ្ញុំត្រូវតែត្រលប់មកវិញ ភាំងអស់ស្មារតី គាំងអស់វិញ្ញាណ ទឹកភ្នែកដណ្តើមគ្នាចេញ សម្លេងយំ លែងខ្សឹបខ្សួលហើយ លាន់ឮពេញបន្ទប់គេងរបស់ខ្ញុំ …………
រាត្រីរនោច
រំលឹកដល់ត្រឹមនេះ ខ្ញុំដកដង្ហើមធំ អោយធូរក្នុងទ្រូងបន្តិច រូចយកដៃគងថ្ងាស សួរខ្លួនឯងថា ៖
-តើខ្ញុំមកវិញធ្វើអី ? បើខ្ញុំស្ម័គ្រចិត្តផ្តាច់ចំណងស្នេហ៍នេះហើយ
-ខ្ញុំយំធ្វើអី ? បើគេមិនបានធ្វើតាមអ្វីដែលគេសន្យាជាមួយខ្លួនផងនោះ
-ហេតុអ្វីខ្ញុំគេងមិនលក់?
សំនួរគ្មានចម្លើយ បានចាក់ក្នុងខួរក្បាលរបស់ខ្ញុំ ខ្ញុំបម្រះខ្លួនចុះឡើងចុះឡើង រួចខំបិទភ្នែកគេង តែភ្នែកមិនស្តាប់បញ្ជា អារម្មណ៍ហោះហើរឆ្ងាយកាយ ចិត្តក៏មិនស្ងប់សុខសោះ ទោះមានខ្នើយកើយ ខ្នើយកើយគង ភួង កន្ទេលនៅជិតខ្ញុំក៏ដោយ ។
មួយយប់ទល់ភ្លឺនៅតែគេងមិនលក់ ទ្រាំមិនបានខ្ញុំក៏ងើបឡើងរៀបចំខ្លួនទៅធ្វើការទាំងចិត្ត និង កាយ ពេញដោយកង្វល់។
២៦ ធ្នូ ២០១៣
ធីតា ឈូករ័ត្ន
ឈូក ទើបតែរៀនសរសេរ បើសិនមានការខុសឆ្គង សូមបងប្អូន លោកគ្រូ អ្នកគ្រូ មេត្តា ជួយកែតម្រូវ និងសូមការ អធ្យាស្រ័យផង។
No comments:
Post a Comment