Monday, January 10, 2011

> ក្តីសង្ឃឹមក្នុងសុបិន


ក្តីសង្ឃឹមក្នុងសុបិន


      បក្សាបក្សីតូចធំស្រែកច្រៀងប្រដេញគ្នានៅលើដើមរំដួលនៅជាប់បង្អូចក្បែរបន្ទប់គេងរប​​​ស់ខ្ញុំ។ សម្លេងសកុណា ទាំងឡាយបាន​​ដាស់ខ្ញុំឲ្យរលឹកពីដំណេក។ព្រះ​ទិនករចាំងជះរស្មីចូល​តាមបង្អូចមកលើ​រាងកាយរបស់ខ្ញុំដែល​​ជាសញ្ញាបញ្ជាក់ថា ថ្ងៃថ្មីបានចូលមកដល់ហើយ។

​​​      ថ្ងៃថ្មីថ្ងៃនេះមិនចង់ឲ្យខ្ញុំក្រោក​ពីគ្រែភ្លាមទេ ខ្ញុំបានរង់ចាំរាត្រី​​​កាលនេះជាយូរមកហើយ វាជារាត្រីកាលដ៏ស្រស់​បំព្រង​របស់ខ្ញុំ ហើយជារាត្រីដែលខ្ញុំបានឃើ​ញចិន្តាក្នុងសុបិន។ទោះបីជាពេ​លវេលាទាំងឡាយបានក​ន្លងផុត​ទៅតែមួយប្រព្រិចភ្នែកក៏ដោយ ប៉ុន្តែខ្ញុំនៅតែមិនភ្លេចថ្លាថ្លែងនូវអំណរគុណអ្នក​​ទាំងឡាយ​ដែល​​នៅពីខាង​ក្រោយ​ខ្នងរបស់ពួកយើង ហើយធ្វើឲ្យខ្ញុំមានឱកាសបានជួបចិន្តាម្តងទៀត មុននឹងខ្ញុំរលត់សង្ខារពីភពផែនដីនេះទៅ។

      គូស្នេហ៍របស់យើងទាំងពីរបានចំណាយពេលវេលា​ជាងប្រាំពីរឆ្នាំដើម្បីសិក្សា​​គ្នាទៅវិញទៅមក។ រយៈពេល​ប្រាំពីរ​ឆ្នាំ ដែលខ្ញុំបានស្គាល់ចិ​ន្តា ស្រឡាញ់ហើយគ្រប់បង្ហើមចេញចូលរបស់ខ្ញុំគឺមានតែចិន្តាម្នាក់គត់ដែល​ខ្ញុំរលឹក​ស្រមៃ ខ្ញុំ​បា​នផ្តិតឆ្លាក់រូបរបស់នាងនៅក្នុងបេះដូងរបស់ខ្ញុំ។ រយៈពេលបួនឆ្នាំសិក្សារបស់ពួកយើង ពួកយើង​ទាំងពីរ​បានរក្សា​សំណង់​ស្នេហ៍ឲ្យរឹ​​​ងមាំរហូត ឃើងមិនដែលឃ្លាតឡើយ។ នៅពេលដែលខ្ញុំមិនសប្បាយចិត្ត ឬរុញរេ​ដោយ​​សា​​រហេតុអ្វីមួយ​​​ ខ្ញុំ​មានចិន្តាជាផ្តល់កម្លាំងចិត្ត ពេលដែលខ្ញុំឯ​កោកណ្តោចកណ្តែងដោយប្រ​ការអ្វីមួ​យខ្ញុំមា​នចិន្តា​នៅថ្នាក់ថ្នមលួងលោម។ កែវនេត្រាភ្លឺថ្លា ខ្មៅយង់​មានរស្មីមួយគូ​នោះហើយ​ដែលមានចិន្តាជាម្ចា​​ស់របស់វា ហើយ​​នាងតែងតែប្រើ​វាសម្លឹងមករកខ្ញុំ វាជាកែវភ្នែកដែលបង្កប់ទៅដោយស្នាមញញឹម មន្តស្នេហ៍ និងភាពកក់ក្តៅមក​លើរូបខ្ញុំ។

      ខ្ញុំជាបុរសម្នាក់ដែលឯកោកណ្តោចកណ្តែង ដូចជាចកអណ្តែតកណ្តាលជលសារ គ្មានញាតិសន្តានគ្មានមិត្តភ័ក្តិ។ ខ្ញុំធំធាត់ដឹ​ងក្តីគឺដោយសា​រតែបាយបាតលោក។ វត្តអារាមជាទីជម្រក ជាកន្លែងសំណាក់អាស្រ័យរៀនសូត្ររបស់ខ្ញុំ ប៉ុន្តែខ្ញុំមិនដែលធ្លាប់គិតតូចចិត្តនឹងវាសនារបស់ខ្លួនឯងសូម្បីបន្តិចឡើយ។ ចាប់តាំងពីពេលដែលចិន្តា បានឈានជើង​ជាន់លើជណ្តើរស្នេហ៍ ហើយយា​ត្រាចូលទៅក្នុងបន្ទប់បេះដូ​​ងរបស់ខ្ញុំមក ចិន្តាមិនធ្លាប់ធ្វើឲ្យខ្ញុំខួចចិត្តម្តងណាទេ... ពេលដែលខ្ញុំមានកំហុស​ខ្ញុំតែងតែបន្ទោសខ្លួនឯង ប៉ុន្តែចំពោះចិន្តានាងតែងតែណែ​នាំខ្ញុំជានិច្ច។​ខ្ញុំនៅចាំបាន​ប្រយោ​គ​រប​ស់់​នា​ងដែល​ពន្យល់ខ្ញុំថា៖ “រាល់រូបម​នុស្សត្រូវសិក្សារៀ​​នសូត្រពីកំហុសរបស់ខ្លួនឯង កំហុសជាមេរៀនដ៏ប្រ​សើរ​បំផុត​​ ដែលយើ​ងទាំ​ងអស់ត្រូវស្វែងរកដោយខ្លួនយើងផ្ទាល់... ថ្ងៃនេះយើងធ្វើខុស យើងត្រូវទទួល​ស្គាល់កំហុស​​របស់ខ្លួ​​ន​ឯង តើយើងខុ​សអី? ខុសត្រង់ណា? ដោយសារអ្វី? ហើយត្រូវយ​កចំណុចខ្វះខាតទាំងឡាយនោះ​ទៅដោះ​ស្រា​​យ ​មិនមែ​ន មានកំហុ​ស​ហើយដោះស្រាយកំហុសដោ​យបង្កើតអារម្មណ៍​ក្តៅក្រហាយមូហ្មង លើកំហុសខ្លួ​នឯងនោះទេ!”
       ពាក្យសម្តីរបស់ចិន្តាទាំងប៉ុន្មានវានៅងំពេញក្នុងត្រចៀករបស់ខ្ញុំគ្មានថ្ងៃនឹងរលត់។ គ្រប់កាយវិការគ្រប់ពាក្យសម្តីរបស់នាងសុទ្ធតែបំណងល្អដែលនាងធ្វើលើរូបខ្ញុំ។ ស្នាមញញឹមដែលនាងផ្តល់មកឲ្យខ្ញុំ វាជាស្នាមញញឹមដែលបង្កប់នូវភាពទន់ភ្លន់ ស្រស់ស្រាយ មានមន្តស្នេហ៍ នាងផ្តល់ឲ្យខ្ញុំនូវក្តីសង្ឃឹម និងកម្លាំង​ចិត្តគួបផ្សំនឹងពាក្យពេចន៍ដែលនាងធ្លាប់វាចា៖ “មនុស្សយើងរស់ក៏ព្រោះតែក្តីសង្ឃឹម សេចក្តីសុបិន និងសេចក្តីប្រាថ្នា​ចង់បាន”។  សុបិនដែលពួកយើងចង់បាននោះ ពួកយើងបានគូសវាសរួមគ្នា លាបព័ណ៌ជាមួយគ្នា បង្កើតជារូបរា​ងហើយផ្តល់ទិសដៅនៃក្តីសង្ឃឹម។ រូបភាពនៃក្តីសុបិនទាំងនោះមកដល់ពេលនេះនៅមិនទាន់ហើរព័ណ៌ សាបរលា​បចេញពីខួរក្បាលខ្ញុំនៅឡើយ ទោះបីពេលវេលាបានកន្លងផុតទៅជាយូរមកហើយក៏ដោយ ក៏អនុស្សាវរីយ៍​​ល្អដែលយើងបាន​កសាងរួមគ្នា វានៅគង់វង់ កប់ជ្រៅក្នុងក្រអៅបេះដូងខ្ញុំជានិច្ច។ រូបភាព​ការស្រមើស្រមៃរបស់ខ្ញុំ ពាក្យសន្យា ដែលពួកយើងបានផ្តល់ឲ្យគ្នានោះ ខ្ញុំនៅរក្សាទុក ហើយថែទាំដោ​យបេះដូងបរិសុទ្ធរបស់ខ្ញុំ។
​នៅពេល​​ដែលសុរិយារៀបអស្តង្គត ពួកយើងតែងតែនាំ​គ្នាមកអង្គុយនៅប្របមមាត់ច្រាំងស្ទឹងនេះជានិច្ច។ អ​ង្រឹងដែល​ចងភ្ជាប់និងមែកស្វាយ​នេះហើយជាទីកន្លែងដែ​​លយើងទាំងទ្វេរអង្គុយសាសងគ្នា ត្រង់នេះហើយដែលចិ​ន្តាអង្គុយប្រកៀកស្មាខ្ញុំ... ខ្ញុំមានក្តីសុខបំផុតនៅពេលដែលមានចិន្តានៅអង្គុយក្បែរខ្ញុំ។ ខ្ញុំសប្បាយចិត្ត និង​​ញាប់ញ័រ​បំ​ផុតពេ​លដែលឮពាក្យសន្យាដែលចិន្តាបានប្រគល់កមឲ្យខ្ញុំ។

      “នភា” ចិន្តាហៅឈ្មោះរបស់ខ្ញុំដោយសម្លេងមុតមាំ។ ខ្ញុំមិនទាន់ឆ្លើយភ្លាមទេ ប៉ុន្តែចិន្តាក៏និយាយបន្ត៖
     “នឹងគ្មាននរណាមកអង្គុយនៅត្រង់នេះក្រៅពីនភាទេ!” ចិន្តានិយាយព្រមទាំងចង្អុលមកកន្លែងដែលខ្ញុំកំពុងអង្គុយ។
     “យ៉ាងម៉េច?” ខ្ញុំសួរទៅចិន្តាភ្លាមដោយការចង់ដឹង។ នាងសម្លឹងមុខខ្ញុំដោយមិនដាក់ភ្នែក​រួចបែរមុខទៅម្ខាង​រួចនិយាយ​ចេញមក៖

      “ខ្ញុំមានជំនឿថាមនុស្សប្រុសនិងមនុស្សស្រីគូណាដែលមានឱកាសមកអង្គុយមើលទស្សនីយ៍ភាពថ្ងៃរៀបអស្តង្គតជាមួយគ្នាបែបនេះត្រូវតែជាគូព្រេងនឹងគ្នា” ចិន្តានិយាយពាក្យនេះចេញមកដោយការតាំងចិត្ត។

     ខ្ញុំមានអារម្មណ៍ដូចជាទទួលបានអ្វីម្យ៉ាងពីនាង ហើយនិយាយចេញមកដោយមិនបានតាំងចិត្ត៖
    “ដូច្នេះយើងទាំងពីរ ជាគូព្រេងនឹងគ្នាពិតមែនទេ?” ចិន្តាគ្រវីក្បាលតិចៗបដិសេធហើយតបមកវិញ៖
    “មិនដឹងដូចគ្នា”

    ខ្ញុំមិនដឹងថាចិន្តាមានជំនឿនេះមកពីណានោះទេប៉ុន្តែខ្ញុំនិយាយទៅកាន់នាងដោយកាយវិការស្មោះស្ម័គ្រ៖

     “នឹងគ្មាននារីណាម្នាក់មកអង្គុយនៅកន្លែងនេះជំនួសចិន្តាឡើយ!”    ប្រយោគនេះមិនទាន់ចេញផុតពី​បបូរមាត់​របស់​ខ្ញុំស្រួលបួលផង ស្រាប់តែនាងងាកមកដោយអាកប្បកិរិយាខុសប្រក្រតីដាក់ខ្ញុំ៖
   “ហេតុអ្វីទៅ?” ខ្ញុំយកដៃទៅថ្នាក់ដៃទាំងពីររបស់នាងដាក់លើគ្នារួចនិយាយ៖
   “ពីព្រោះថា គូព្រេងរបស់ខ្ញុំមានតែមនុស្សម្នាក់ប៉ុណ្ណោះ ហើយពេលនេះនារីម្នាក់នោះកំពុងអង្គុយនៅទីនេះ​ជាមួយ​នឹងខ្ញុំ ខ្ញុំសន្យាថាទោះបីជាមានឧបសគ្គយ៉ងណាក៏ដោយក៏ខ្ញុំមានតែចិន្តាតែម្នាក់ប៉ុណ្ណោះរហូតដល់ខ្យល់​ដង្ហើម​ចុងក្រោយ” ខ្ញុំសម្តែងពាក្យសន្យារបស់ខ្ញុំទៅរកចិន្តា។

    ពេលនេះនារីម្នាក់ដែលកំពុងអង្គុយក្បែរខ្ញុំមានអារម្មណ៍អៀន នាងញញឹមស្ងប់បន្តិច៖
   “រហូតលង់លក់ក្នុងធរណីនភានៅតែស្រឡាញ់ខ្ញុំមែនទេ?”  ខ្ញុំមិនតបអ្វីទេ ខ្ញុំក៏បង្វែរចម្លើយទៅជាការរំលឹកវិញ។
   “ចិន្តានៅចាំបានទេ ថ្ងៃដែលយើងជួបគ្នាដំបូងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ... ថ្ងៃនោះខ្ញុំបានត្រឹមតែជា​មនុស្ស​ម្នាក់​ដែលប្លែកជាងគេព្រោះខ្ញុំជាក្មេងស្រុកស្រែ ជាក្មេងវត្ត ការស្លៀកពាក់របស់ខ្ញុំមិនស្រស់សង្ហាដូចជាបុរសដ៏ទៃ​ឡើយ គឺដោយសារតែកាបូបលុយរបស់ចិន្តាជ្រុះនោះទេ វាជាហេតុផលដែលមានថ្ងៃនេះ!”

      “អរគុណច្រើន” ចិន្តានិយាយមកខ្ញុំជាមួយនឹងស្នាមញញឹមដ៏សមល្មមនឹងបបូរមាត់ព័ណ៌ស៊ីជម្ពូ ខ្ញុំអាចសន្និដា្ឋន​បាន​ថា ចិន្តាមិនមែនជាអ្នកមកពីតាមខេត្ត។

     “មិនបាច់គុណស្រ័យអ្វីទេ!” ចំពោះពាក្យនេះវាល្អបំផុតសម្រាប់រូបខ្ញុំដែលនិយាយចេញមកនៅក្រោម​គំនាបនៃភាព​អៀនខ្មាស។ ចិន្តាក៏បន្ត៖

    “មកពីខេត្តណាដែរ?” ខ្ញុំក៏តបទៅនាងវិញជាមួយការញញឹមស្ងួតស្ងប់បន្តិច៖

   “ខេត្តស្វាយរៀង...”

    ឮថាខេត្តស្វាយរៀង នាងបើកភ្នែកធំៗ ចាប់អារម្មណ៍លើចម្លើយរបស់​ខ្ញុំ។ នាងបន្ត៖

    “ស្វាយរៀង... នៅស្រុកណាដែរ?”

    “ស្រុករមាសហែក” ខ្ញុំឆ្លើយទៅវិញទាំងកំបុត។ ក្រោយមកចិន្តាបានបន្តសំនួរសន្ទនាជាមួយខ្ញុំជាច្រើនផ្សេងទៀត។
ចិន្តាប្រាប់ខ្ញុំថា ម្តាយនាងក៏ជាអ្នកស្វាយរៀងដូចខ្ញុំដែរ ប៉ុន្តែនាងមិនធ្លាប់បានទៅលេងស្រុកកំណើតម្តាយម្តងណា​ឡើយ។ ហេតុការណ៍ថ្ងៃនោះបានធ្វើឲ្យខ្ញុំបានមានឱកាស បានជជែកលេងជាមួយចិន្តា។ ខ្ញុំស្ទើរតែមិនជឿសោះ​ឡើយណាថាថ្ងៃនោះ វាជាថ្ងៃដែលខ្ញុះចាប់ផ្តើមគ្រប់យ៉ាង មិនថា មិត្តភាព ក្តីអាណិតអាសូរ ដែលចិន្តាបានប្រគល់​មកឲ្យខ្ញុំ ព្រមទាំក្តីសេ្នហ៍ដ៏បរិសុទ្ធ ដែលពួកយើងកំពុងមាននៅពេលនេះ។

    ក្រោយពេលដែលខ្ញុំបានរំលឹករឿងនោះឡើងមក ចិន្តានាងស្ងៀម។ នាងសម្លឹងមើលទៅឆ្ងាយសែនឆ្ងាយដាច់​អាល័យ គឺកំពុងមើលអ្វីមួយដែលមានគ្មានភាពជាក់លាក់ គ្មានព្រំដែនកំណត់។
    “អ្នកនាង” ខ្ញុំហៅចិន្តា ធ្វើឲ្យនាងភ្ញាក់ពីភាពស្រមើស្រមៃនោះភ្លាមរួចសម្លឹងមករកខ្ញុំ។ ខ្ញុំក៏បន្ត៖

   “ជាងមួយឆ្នាំហើយដែលយើងបានស្គាល់គ្នា ចិន្តាដើរតួជាអ្នកផ្តល់ឲ្យច្រើនជាងទទួលយក”  ឮពាក្យនេះភ្លាមនាង​កើតស្មាមញញឹមម្តងទៀត។ ហើយនិយាយបន្តថា៖
   “អ្នកប្រុស ក៏ប្រគល់ឲ្យខ្ញុំដូចគ្នាដែរ អ្នកប្រុសដើរតួជាគ្រូទីពីររបស់ខ្ញុំ បទពិសោធន៍ជីវិត មេរៀនដែលខ្ញុំមិនច្បា​ស់នភាតែងតែព​ន្យល់ខ្ញុំជានិច្ច ច្រើនបែបនេះហើយនៅតែនិយាយថា ខ្លួនឯងជាអ្នកទទួលតែម្យ៉ា​ងទៀត”
ចប់ប្រយោ​គ​របស់នាងខ្ញុំលូកដៃទៅចាប់ដៃនាងយ៉ាងណែនរួចរបាយនូវអ្វីដែលបានលាកឮ់ក្នុងបោះដូង​ជាងមួយឆ្នាំកន្លងមកឲ្យនាងបានដឹង៖

   “អ្វីដែលខ្ញុំអាចធ្វើបានចំពោះចិន្តា ខ្ញុំនឹងធ្វើដោយគ្មានរុញរា ពេលនេះខ្ញុំមិនទាន់មានលទ្ធភាពនឹងទិញរបស់​អ្វីមួ​យដែលមានតម្លៃសម្រាប់ចិន្តានៅឡើយទេ ខ្ញុំគ្មានអ្វីក្រៅពីបេះដូង និងស្នេហាបរិសុទ្ធមួយប៉ុណ្ណោះ ខ្ញុំំគ្មានអ្វីមាន​តម្លៃម​កជំនួយ​​​ស្បថសច្ចា គឺមានតែ ស្ទឹង មេឃាពេលសុរិយារៀបអស្តង្គត ព្រឹក្សា និងវាយោ​នេះទេគឺជាសាក្សី​ជួតដឹងឮនូវពាក្យស្បថសច្ចារបស់ខ្ញុំចំពោះចិន្តា!”

ខ្ញុំសច្ចានៅ​​ចំពោះ​មុខចិន្តាប៉ុណ្ណេះ នាងមិនហាស្តី! នាងញញឹមហើយយកដៃមកច្បិចច្រមុះខ្ញុំស្រាលៗ។

...........

       ទិវាទាំងឡាយបានមកពូនផ្តុំគ្នាផ្សំបានជាខែឆ្នាំ។ ពួកយើងទាំងពីរស្រឡាញ់គ្នាខ្លាំងឡើងៗ រហូតដល់ពួក​យើង​បានលាប​ព័ណ៌រូបភាពជីវិតរួមគ្នា...

     ពេលនេះការសិក្សារបស់យើងទាំងពីរបានបញ្ចប់ដោយជោគជ័យ។ ក្រោយមកពួកយើងបានធ្វើការសន្សំប្រាក់កា​សដើម្បីរៀបចំគ្រួសារ យើងនឹងយក​បុត្រាបុត្រីពីរនាក់។ ចិន្តាបានដាក់ឈ្មោះឲ្យពួកគេរួចហើយ កូនប្រុ​សខ្ញុំដា​​ក់ឈ្មោះថា ធរណិន្ទ ប៉ុន្តែឈ្មោះនេះនាងមិនយល់ស្របជាមួយនឹងខ្ញុំទេ នាងដាក់ឈ្មោះថា វាហាស៍ ឲ្យស្រ​ដៀងនិង​​ឈ្មោះឪ​ពុក ហើយពេលគេធំឡើងឲ្យសិក្សាផ្នែកច្បាប់ និងក្លាយជាអ្នកនយោបាយ ចំណែកកូនស្រី ចិន្តាបានប្រគ​​ល់ឲ្យខ្ញុំជា​អ្នកដាក់ឈ្មោះឲ្យ គ្រាន់តែខ្ញុំហាមាត់និយាយចេញមកនាងប្រាប់ថា មិនពិរោះទាំងអស់ ខ្ញុំប្រគល់​ឲ្យនាងចាអ្នកដាក់ឈ្មោះវាទាំងអស់ ព្រោះនាងជាអ្នកបង្កើតពួកគេ... ថ្ងៃនោះចិន្តាខ្មាសអឿនជាខ្លាំង ព្រមទាំងគក់ទ្រូងខ្ញុំយ៉ាងដំណំ។   គេហដ្ឋានរបស់ពួកយើងមិនចាំបាច់ជាគេហដ្ឋានដែលធំពេកនោះទេ បានត្រឹមតែជា​ជម្រកមួយដែលអាចបិទបាំងសុភមង្គល។ ការងារចេញម៉ូតផ្ទះខ្ញុំជាអ្នកគូស ព្រោះខ្ញុំជាវិស្វករ។ រាល់សកម្មភាពជីវិត​ដែល​​យើងបានក​សាងរួមគ្នា វានៅតែដិតជាប់នៅក្នុងខួរក្បាលរបស់ខ្ញុំ វាបានបង្ហាញជាលំដាប់លំដោយ ប្រៀបដូ​ច​ម៉ាស៊ី​​នកុំព្យូ​ទ័​​រដែលកំពុងបង្ហាញទិន្ន័យនៅពេលដែត្រូវបញ្ជា វាចេញមកដោយស្វ័យប្រវត្តិ។
     ពីរឆ្នាំក្រោ​​យបញ្ចប់ការសិក្សាខ្ញុំក៏មានលទ្ធភាពគ្រប់យ៉ាង ខ្ញុំបានជ្រើសរើសថ្ងៃល្អមួយជាមួយចាស់ទុំចូ​​លទៅស្តីដ​ណ្តឹងចិ​ន្តា​ ព្រមជា​មួយគ្រឿង​បណ្តាការយ៉ាងសមរម្យតាមគន្លងប្រពៃណី។ថ្ងៃអាពា​​ហ៍ពិពាហ៍របស់ពួកយើងគ្មាននារី​ណាមួយប្រៀបបាននឹងចិន្តាឡើយ។​ សម្រាប់ខ្ញុំថ្ងៃនោះចិន្តាស្រស់​​ស្អាតមែនទែននៅក្នុង​កំឡុងពេល​ដែលខ្ញុំបាន​ស្គាល់​នាង​។ មិត្ត​ភ័ក្តិបងប្អូនដែលចូលរួមទាំងអស់បានសរសើរមិនដាច់ពីមាត់ថា ពួកយើងសម​​គ្នាណាស់ គូសេ្នហ៍មួយគូ​នេះ​សម​គ្នាបំផុត ពួកយើងបានប្រើពេលវេលាប្រាំពីរឆ្នាំក្នុងការសិក្សាចិត្តថ្លើមគ្នាទើបលះបង់ភាពក្រមុំកម្លោះ។ ថ្ងៃ​​នោះខ្ញុំ​មានសេចក្តីសុខបំផុតក្នុងជីវិតរបស់ខ្ញុំហើយខ្ញុំក៏បានស្គាល់អ្វីៗដែលជាមនុស្សភាគច្រើននិយាយថា ឋានសួ​គ៌លោ​កីយ៍។
        ថ្ងៃមួយក្រោយ​​ពេលយើងរៀបការបានប្រាំពីរថ្ងៃ។ ថ្ងៃនោះជាថ្ងៃដែលនៅតែដិតជាប់នៅក្នុងកែវភ្នែករបស់ខ្ញុំ វាជាថ្ងៃចុងក្រោយបង្អស់ គឺពេលដែលចិន្តាសន្លប់ស្នូកស្តឹងលើទ្រូងថ្នល់ រាងកាយរបស់នាងជោគជាំដោយលោហិត ថ្ងៃនោះខ្ញុំបានបណ្តោយឲ្យមនុស្សដែលខ្ញុំស្រឡាញ់ស្មើជីវិតរបស់ខ្ញុំ ចេញចាកចោលលោកនេះទៅផ្ទាល់ភ្នែក ដោយខ្ញុំមិ​​នអាចជួយនាងបានសូម្បីតែបង្ហើមចុងក្រោយ។ ចិន្តាចាក​​ចោលខ្ញុំទៅជាមួ​យអ្វីៗទាំងអស់ដែលដែលខ្ញុំមានមិនថាឡើ​យក្តីសង្ឃឹមនៅថ្ងៃអនាគត ខ្ញុំក្លាយជាមនុស្សដែលមា​នតែរាងាកាយ គ្មានបេះដូងព្រោះថា បេះដូងរបស់ខ្ញុំ ចិន្តា​​បានយក​​វាទៅហើយយកទៅអស់ហើយ... កម្លាំងចិត្តដែលធ្វើឲ្យខ្ញុំមានថ្ងៃកន្លងមក ថ្ងៃទទួលបរិញ្ញាបត្រ ថ្ងៃ​​ដែលធ្វើ​​ការនៅ​ក្រុ​​មហ៊ុនធំ មានប្រាក់ខែខ្ពស់ រាល់ពេលជោគជ័យរបស់ខ្ញុំតែងតែមានចិន្តានៅក្បែរជានិច្ច... ថ្ងៃនេះ​​ខ្ញុំបានប្រ​គល់​ជូនចិ​ន្តាអស់ហើយ ខ្ញុំសម្លឹងមើលឃើញជីវិតខ្លួនឯងហាក់ដូចជាស្តួចស្តើងបំផុត វាប្រៀបបានទៅ​​នឹងអំពិល​អំពែកដ៏តូចមួយ​ដែលមិនអាចញ្ចេញពន្លឺជ្រែកជំនះអន្ធការរាត្រីដ៏សែនធំល្វឹងល្វើយបាន។ វាជាការមួយល្អប្រសើរដែរ ប្រសិនបើយើងអាចផ្លាស់ប្តូរការពិតឲ្យក្លាយទៅជាសុបិន... ផ្លាស់ប្តូរថ្ងៃដែលខ្ញុំសោកសៅខួចចិត្ត ព្រមជាមួ​យ​ការ​ចាកទៅ​រ​​បស់ចិន្តា​ឲ្យក្លាយទៅជាសុបិ​​នបាន ហើយក្រោកឡើងឃើញចិន្តានៅជាមួយនឹងខ្ញុំដូចកាលគ្រាដើម។ ប៉ុន្តែ​​នេះជាជីវិត... ​ជាជីវិតដែលពោរពេញទៅដោយការពិត... ហើយវាក៏ល្អម្យ៉ាងដែរ ដែលជីវិតនៅមានសុបិន... ក្តីសុបិនដែលធ្វើឲ្យខ្ញុំមានឱ​កាសបានឃើញចិន្តា... ​

      ចិន្តា! ថ្ងៃនេះបងបានមកកន្លែងដែលជាដានអនុស្សាវរីយ៍របស់យើងទាំងពីរ បងម​កដើម្បីរំលឹ​ករឿងរ៉ាវដែ​​លយើងបាន​​​សា​​ងរួមគ្នា ទាំ​​ងមិនអាចដឹងបានថា ចិន្តាពេលនេះ​នៅទីណា? បាន​សុខ​សប្បា​យឬយ៉ាងណា? បងក៏ចង់ប្រកា​​សប្រា​ប់​អូន​​តាមខ្សែទឹកស្ទឹងនេះ... ផ្ទៃមេឃព័ណ៌ក្រហមឆ្អៅ... ព្រៃព្រឹក្សានិង​ព្រះវេយោ​ថា៖ “បងសូ​មទោស ដែ​​លបងមិនអាចគោរពតាមពាក្យសន្យាដែលបងបានប្រគល់ឲ្យអូនក្នុង​គ្រានោះ ព្រោះរ​ហូតកមដល់​​ពេលនេះ​ទើបបងដឹងថា ជីវិតរបស់មនុស្ស​កើតមកមិនអាចប្រ​គល់ឲ្យនរណាម្នាក់បានទេ... បងប្រាប់អូនថា បងស្រឡាញ់អូ​នណាស់... ប៉ុន្តែក៏មិនមែនមានន័យថា ជីវិតរបស់បងកើតមកសម្រាប់​​តែអូន​តែម្នាក់នោះដែរ។
     ព្រះវាយោអើយ​មេ​ត្តាពាំនាំ​ពាក្យសូមទោស​ខ្ញុំទៅប្រាប់ចិន្តាឲ្យបានដឹងផង ​ទោះ​​បីជា​នាងមិនអ​​នុគ្រោះឲ្យខ្ញុំ​ក៏ដោយ...៕



                                                                                            វៀងចន្ទន៍, ឧសភា ៣០, ឆ្នាំ២០០៨

                                                                                                              ប៉ាកកាខ្មែរ

No comments: