Tuesday, January 11, 2011

> វិធីសាស្ត្រនៃការនិពន្ធរឿងខ្លី ដោយ​ប៉ិច ​សង្វាវ៉ាន

វិធីសាស្ត្រនៃការនិពន្ធរឿងខ្លី

ដោយប៉ិច សង្វាវ៉ាន

​        យើងហៅប្រលោមលោកខ្នាតខ្លី ថា«រឿងខ្លី»។ បារាំងហៅថា«NOUVELLE»ពាក្យអង់គ្លេសថា «SHORT STORY»។

រឿងខ្លីពុំមែនជាកូនប្រលោមលោកតូចៗ និងពុំមែនជារឿងប្រលោមលោកវែងដែលយកមកសង្ខេបឬបង្រួញឲ្យខ្លីឡើយ។ សូមបញ្ជាក់ថា យើងមិនត្រូវស្រង់យកវគ្គណាមួយពីក្នុងប្រលោមលោកខ្នាតវែងមកធ្វើជារឿងខ្លីទេ ទោះបីជាវគ្គនោះមានខ្លឹមសារ យ៉ាងណាក្តីក៏វានៅខ្វះល​ក្ខណៈនៃ​វិធី​សាស្រ្តនិពន្ឋរឿងខ្លី មិនខុសពីមនុស្សដែលមិនគ្រប់លក្ខណៈដូច្នោះដែរ។ តាមការស​ង្កេ​តចំណាំ គេអាចសរសេររឿងខ្លីពី១ទំព័រទៅដល់​​៧ទំព័រ។ បើវែងក៏មិនត្រូវសរសេរឲ្យលើសពី១៥ទំព័រ​ឡើយ។

វិធីសាស្ត្រនៃការនិពន្ឋរឿងខ្លី

ការសរ​សេ​ររឿង​ខ្លីនិងកា​រសរសេរប្រលោមលោកវែងមានគោលការណ៍ជាគ្រឹះចំនួន៣ដូចគ្នាគឺ៖អត្ថរស អត្ថរូប និង អត្ថន័យឬខ្លឹមសារ (សូមអានវិធីសាស្រ្តនៃការនិពន្ឋប្រលោមលោកដែលខ្ញុំបានប្រកាសហើយ)។ ស្តីពីការដំណាលរឿងនៅក្នុងប្រលោមលោកទាំងពីរខ្នាត អ្នកនិពន្ឋអាចប្រើមនុស្សទី១(ឬបុរសទី១)ថា«ខ្ញុំ» និងអាចប្រើមនុស្សទី៣ឬ

បុរសទី៣ថា«នា​ង អ្នកស្រី លោក លោកស្រី ឯកឧត្តម លោកជំទាវ …។ល។ ទៅតាមថា​នៈវណ្ណៈតួអ​ង្គក្នុងសា​​ច់រឿងដូ​ចគ្នា ប៉ុន្តែរបៀបគ្រោងរឿងប្រលោមលោកទាំងពីរប្រភេទ(វែងនិងខ្លី)មានលក្ខ​​ណៈខុស​គ្នា។តើខុសត្រង់ណា​ខ្លះ ? ​​
​​
ការសរសេររឿងខ្លីខុ​សពីការនិពន្ឋប្រលោមលោកខ្នាតវែងនៅត្រង់ការកម្រិតដូចតទៅ៖

- ចំនួនទំព័រ

- ចំនួនតួអង្គ

- ទង្វើនិងសកម្មភាពតួអង្គ

- បញ្ហានិងដំណោះស្រាយក្នុងរឿងមានតិចឬមានតែ១គត់

- របៀបពិព៌ណនាដែលយើងហៅថាការដំណាលរឿងក៏មិនត្រូវអូសបន្លាយទេ។ សូមសរសេរសង្ខេប​​យកតែចំណុចសំខាន់ឲ្យអ្ន​​កអានយល់រឿងច្បាស់តែប៉ុណ្ណោះល្អគ្រប់គ្រាន់ហើយ។

- ដំណើររឿងទាំង​​មូលទៀតសោតក៏ត្រូវកាត់ឲ្យខ្លីដែរ ប៉ុន្តែសូមគោរពគោលវិធីគ្រឹះទាំង៣ជាដាច់ខាត គឺ អត្ថរស អត្ថរូប និងអត្ថន័យ​។ អាស្រ័យហេតុនេះ ខ្ញុំសូមគូសបញ្ជាក់ដែរ បើអ្នកសរសេររឿងខ្លី អ្នកត្រូវគិតអំពីរបៀ​បសរសេររឿង​​ខ្លី ដើម្បីសម្របទៅតាមវិធីសាស្រ្តនៃការនិពន្ឋរឿងខ្លី។
​​
គន្លឹះសំខាន់​ទាំង១០នៃវិធីសាស្ត្រនិពន្ឋរឿងខ្លី

ដើម្បីបញ្ចៀសការស្មុគ​ស្មាញដែល​​អាចកើតមានឡើងនៅក្នុងការនិពន្ឋរឿងខ្លី ខ្ញុំសូមជូនគន្លឹះសំខាន់ៗដូចតទៅនេះ៖

១-តួអង្គ ៖ ក្នុង​រឿងខ្លី តួអង្គមានចំនួនតិចគឺពីម្នាក់ទៅ៣នាក់យ៉ាងច្រើនបំផុត។ អ្នកនិពន្ឋអាចបង្កើត​តួអង្គតែម្នាក់ក៏បានដែរ។ ក្នុ​ងករណីតួអង្គតែម្នាក់គត់នេះ សាច់រឿងបាត់បង់ស​ម្ភស្សនិងមិនសូវមាន​សភាពរស់រវើ​​កទេ។ ជាពិសេស បើ​សាច់រឿងគ្មានពាក្យសន្ទនានោះ ការនិពន្ឋរឿងខ្លីមិនត្រឹមតែប្រា​សចាកវិធីសាស្ត្រជា​គោលនោះ​​ទេ វា​អា​​ចធ្វើឲ្យអ្នកអានគិតថាជាអត្ថបទរៀបរាប់ពីព្រឹត្តការណ៍អ្វីមួយទៅវិញ។

ដូច្នេះ​ ​អ្នក​អាច​ធ្វើឲ្យ​តួអង្គទោលនេះឆ្លើយឆ្លងជាមួយសម្លេងសម្បជញ្ញៈខ្លូនឯងឬអាចប្រើបច្ចេកទេសម៉្យាង គឺលើកយក​វា​ចារបស់​តួអង្គណាម្នាក់ដែលអ្នកនិពន្ឋមិនបានបង្កើតឡើងឲ្យមានសកម្មភាពទេដែលជាតួអង្គស្រមោល។

ឧទាហរណ៍៖​ រឿង«ខ្យល់ស​​មុទ្រ»ក្នុងសៀវភៅរឿង«ស្រមោលស្នេហ៍»របស់ខ្ញុំ (សូមអានវិធីសាស្រ្តនៃកា​រនិពន្ឋប្រលោម​លោក​ទំព័រ៧៣៖ ខ្ញុំបានសរសេរឲ្យឧត្តមនឹកឃើញវាចារបស់ម្តាយរបស់ខ្លួន។)

២- សកម្មភាព​និង​ទង្វើតួអង្គ ៖ ក្នុងរឿងខ្លីមិនដូចនៅក្នុងប្រលោមលោកវែងទេ គឺអ្នកមិនត្រូវបង្កើត​​សកម្មភាពនិងទង្វើ​តួអង្គច្រើននាំឲ្យស្មុគស្មាញ និងលើសខ្នាតរឿងខ្លីឡើយ។

៣-បញ្ហារឿងនិងកា​​រដោះស្រាយរឿង ក្នុងរឿងខ្លីក៏មានបញ្ហាតែ១ឬចំនួនតិចតួចបំផុត (សូមអានរឿង«បាច់ផ្កា» ក្នុងសៀវភៅរឿង«ម្តា​យ​​ក្មេ​​កទំនើប»របស់ខ្ញុំ។ យ៉ាងណាមិញ ការដោះស្រាយបញ្ហាក៏​មានតែបន្តិចបន្តួចទៅតាមបញ្ហាដែលតិចនោះដែរ។ បើអ្នកបង្កើតបញ្ហាច្រើន អ្នកមិនត្រឹមតែប្រាសចាកការនិពន្ឋរឿងខ្លីទេ អ្នកត្រូវខាតចង់ពេលវេលាគិតនិងសរសេរឡើងវិញ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកប្រាកដជាវិល​ក្បុ​​​ងហើយជួបប្រទះ​និងការពិបាកដោះ​ស្រាយបញ្ហាដែលអ្ន​​កបានបង្កើតយ៉ា​ងច្រើននោះព្រោះ​តែមិនបានប្រមាណទៅតាមខ្នាតរឿងខ្លីនិងចំនួនទំព័រ ជាពិសេសគឺពិបាកបញ្ចប់ឬបញ្ចប់មិនល្អដូចការគ្រោងទុក។

៤-ការរៀបឆាកឬវគ្គ៖ សូម គិតថាវគ្គនេះសម្រាប់តួអង្គណាមួយ? ជាអ្វីដូចម្តេច? ពេលណា?នៅកន្លែងណា?។ ការសរសេរឆាក​ឬ​វ​គ្គនៅក្នុងរឿងខ្លីតម្រូវឲ្យ អ្នកសរសេរត្រួសៗយ៉ាងខ្លីៗ តែច្បាស់ដើម្បីជួយអ្នកអានឲ្យងាយយ​ល់ដំណើររឿងពីវគ្គមួយទៅវគ្គមួយទៀត។ ដូច្នេះ អ្នកមិនត្រូវសរសេរ​វែងអន្លាយឆ្ងាយហួស​ពីការចង់ដឹ​ងរបស់ អ្នកអានឡើយ កុំឲ្យគេធុញទ្រាន់និងទ្រលាន់។
​​
៥-ការពិព៌ណនាឬការដំណាលរឿង៖ ក៏ដូចគ្នានិងការរៀបចំឆាកឬវគ្គដែរ បើសរសេរកាន់តែខ្លី កាន់តែច្បាស់ កាន់តែល្អ។ សូម​សម្រិតសម្រាំងពាក្យពេចន៍ឃ្លាប្រយោគនិងគុណភាពរឿង ដើម្បីបង្កអារម្មណ៍អ្នកអាន​ឲ្យឆាប់ញោចទៅតាមដំណើរ​សាច់រឿង ទើបសិល្ប៍វិធីនិពន្ឋមានប្រសិទ្ឋភាព។ យ៉ាងណាមិញ នៅក្នុងសិល្ប៍​វិធីនៃការនិពន្ឋរឿងខ្លី ការប្រើមធុរសភាសានិងគុណភាពអក្សរសិល្ប៍សុទ្ឋសឹងជាធនធាននិងជាមធ្យោបាយ អន្ទងចិត្តអ្នកអានឲ្យអា​នរឿងបន្តទៅមុខជានិច្ច និងឲ្យ អ្នកអានស្លុងចូលក្នុងសាច់រឿងនិងចូលតួ។ រឿងខ្លះ យើងអានចប់ហើយមិន​​ចង់ឲ្យចប់សោះ។​

៦-ភាព ចាំ បាច់ នៅ​​​ក្នុងរឿងខ្លីគឺការរក្សាចម្ងល់និងអាថ៌កំបាំង ដើម្បីធ្វើឲ្យអ្នក អានតាមដានចង់ដឹងជាហូរហែមួយចប់សាច់រឿងទាំងមូល។ អ្នកអាចបង្វែងអ្នកអា​នដែលកំពុងតាមដានដើ​ម្បីកុំ​​ឲ្យគេគិតឃើ​ញដំណោះ​ស្រា​យ របស់​អ្នកត្រូវឲ្យសោះនៅមុនដល់ការបញ្ចប់សាច់រឿង។ ចំណុចត្រង់នេះសំ​ខាន់ណា​ស់​​ ​ទោះ​​​​បីជានៅក្នុងការស​រសេររឿងខ្លីក៏ដូចជាការនិពន្ឋប្រលោមលោកវែងដែរ។
​​​​
៧-ចំណងជើង៖ បើអាចធ្វើបាន​ គួរតែរកចំណងជើងណាដែលអាចបង្កប់ល្បិច។ សូមកុំដាក់ចំណងជើងណាដែ​លសសៀ​​រ​ទៅក្បែរគំនួចបញ្ហាឲ្យសោះដើម្បីលាក់អាថ៌កំបាំងទុកឲ្យអ្នកអានឆ្ងល់(suspens) រហូតដល់ចុងប​​ញ្ចប់សាច់រឿ​ងតែម្តង(ឧទាហរណ៍៖សូមអានរឿង«បាច់ផ្កា»នៅក្នុងសៀវភៅ«ម្តាយក្មេកទំនើប»របស់ខ្ញុំ)។

៨-ចិត្តសា​​ស្រ្តនិង​​ទស្សនវិជ្ជា​ក្នុងរឿងខ្លី ៖ សូមលះបង់ការរៀបរាប់បែបចិត្តសាស្ត្រ និងទស្សនវិជ្ជាព្រោះ​រឿងខ្លីត្រូវដើរត្រង់ភ្លឹងសំដៅឆ្ពោះ​ទៅរកគោលដៅតាមរយៈអំពើ និងទង្វើACTIONរបស់តួអង្គ។

៩- ឃ្លាប្រ​យោគ ៖ ​​​សូមសរសេរឃ្លាប្រយោគដំបូងឲ្យមានធ្នាក់ទាក់ចិត្តអ្នកអាន។ បន្ទាប់មក ទង្វើនិងសកម្ម​ភាពរបស់តួអង្គត្រូ​វចា​ប់ផ្តើមប្រព្រឹត្តកុំបង្អង់។ ការប្រព្រឹត្តអំពើរបស់តួអង្គ នៅក្នុងដំណើររឿងជាហូរហែ អាចគ្រ​​ប់គ្រ​ង​ចិ​ត្ត​​​​​​សាស្រ្តតួអង្គ និងលាតត្រដា​ងបង្ហាញឲ្យអ្នកអានដឹង​​ច្បាស់ដោយ​មិនចាំបាច់ឲ្យអ្ន​កនិពន្ឋធ្វើអត្ថា​ធិប្បាយបែបចិត្តសាស្ត្រនិងទស្សនវិជ្ជាទេ។

ឧទាហរណ៍​​ ​​៖ រឿង«ព្រោះតែអ្នក»សូមអានទំព​័រ៣៦ដល់៤៣ក្នុងសៀវភៅរឿង«ម្តាយក្មេកទំនើប»។ ខ្ញុំមិនចាំបាច់ស​រសេរពិព​ណ៌នាបែបចិត្តសាស្រ្តទេទុកឲ្យតួអង្គ ប្រព្រឹត្តអំពើរបស់ខ្លួនវិញ។ ការប្រើសិល្ប៍វិធីបែ​​បនេះអាចធ្វើឲ្យ​អ្នកអា​ន​រំ​ជួល​ចិត្ត​ជាង និងមានប្រសិទ្ឋភាពលើអារម្មណ៍អ្នកអានជាងការពិពណ៌នារបស់ខ្ញុំត្រង់ៗ។ នេះជាការពិសោ​ធន៍មួ​យ​របស់ខ្ញុំ។​

១០ – ប្រលោមលោកខ្លី ឬរឿងខ្លី មិនមែនជារឿងដែលលាតត្រដាងរឿងមួយជីវិតមនុស្សឡើយហើយក៏មិនមែនជារឿងដែលមានរយៈកាលយូរដែរ។ រយៈពេលនៅក្នុងរឿ​​ង​ខ្លី ជារយៈ​ពេលដែល​​កន្លងទៅយ៉ាងខ្លី ៖ ចាប់ពីបីបួនប្រាំនាទី ឬ១ម៉ោងឬ ១ថ្ងៃឬ ២ថ្ងៃ កម្រមានរយៈពេលយូ​​រណា​ស់។​ លើកលែងតែសរសេរបែបរចនាបទ ឬស្ទីល flash back ដែលផ្តេកផ្តួលនិង​ផ្អែកទៅរកអតីតកាល៕ចប់៕


អានផងដែរប្រភព៖ វិធីសាស្ត្រនៃការនិពន្ធ

No comments: