មិនមែនជាទឹកដីកម្ពុជា
by Khmer Pen
ម្ខាងផ្ជង់ម្ខាងទប់ ចង់វាយសម្រុក ដណ្តើមជយា
ដោតទង់បោះតង់ លើដែនខេមរា គ្មានខ្លាចរអា
ទឹកចិត្តខ្មែរសោះ។
នេះឬជាតិមនុស្ស កាចសាហាវហូស គ្មានដែនគ្មានកោះ
មិនខ្លាចនរណា ខេមរាទាំងអស់ ខ្លាចអីខ្មែរនោះ
ឈ្លោះតែជាតិឯង។
សៀមដៀលជាតិខ្មែរ ចារិតមិនកែ ហាស្រែកក្តែងៗ
ជម្លោះជាតិសាសន៍ ប្រាស់ព្រាត់កន្លែង ខ្លះផ្កាច់ខ្លះក្ងែង
ពិការខ្វិនខ្វាក់។
វិនាសមិនអស់ ទុកទ្រាំឲ្យរស់ ទាំងទ្រូងផ្សាចាប់
ជីវិតលីដែក កាត់បឹងភក់ល្បាប់ ចាប់ចងវាយកាប់
គួរឲ្យស្រណោះ។
បញ្ជាតាមចិត្ត បង្វែរបង្ខិត គាស់កាយចោលអស់
វាយដំវាចេញ កុំឲ្យសល់សោះ កុំឲ្យមានឈ្មោះ
លើដែនខេមរា។
សៀមសូមឲ្យដក សិលាចារលក(ឡក) ដែលសរសេរថា
ទីនេះដីកម្ពុជា មរតកដូនតា វាយដំប្រហារ
ដកវាចេញទៅ!
បើខ្មែរដកចេញ គ្មានអ្វីចំណេញ មានតែបាត់ជ្រៅ
មានន័យក្រឡែត ថាខ្មែរគ្មានផ្លូវ នឹងចារវានៅ
លើដែនខេមរា។
បើខ្មែរដកចេញ អ្វីៗក៏ពេញ នឹងមានន័យថា
ទីដែនសក្ការៈ វត្តកែវសិក្ខា មិនមែនខេមរា
ជាម្ចាស់ទៀតឡើយ៕
រូបថតដោយ ភ្នំពេញប៉ុស្តិ៍ និង ស៊ីអ៊ីអែន
No comments:
Post a Comment