ដោយ សុ ជីវី
2013-02-06
បង្វិលពពិលត្រូវខ្មែរស្គាល់ជាទូទៅថា ជាពិធីមួយក្នុងចំណោមពិធីនានា ក្នុងពិធីរៀបមង្គលការ។ តែបើតាមអ្នកស្រាវជ្រាវផ្នែកជំនឿទំនៀមទម្លាប់ខ្មែរឲ្យដឹងថា បង្វិលពពិលត្រូវខ្មែរប្រើប្រាស់ស្ទើរគ្រប់ពិធីទាំងអស់ដែលទាក់ទងដល់ការឆ្លងវ័យ មិនមែនតែនៅក្នុងពិធីមង្គលការនោះទេ។
ពិធីបង្វិលពពិលនេះ ក៏គេឃើញមានប្រើក្នុងព្រះរាជពិធីរើសអដ្ឋិព្រះបរមរតនកោដ្ឋដែរ។
បង្វិលពពិលតែងធ្វើក្នុងពិធីសំខាន់ៗដែលអ្នកសិក្សាផ្នែកជំនឿទំនៀមទម្លាប់ខ្មែរហៅថា ពិធីឆ្លងវ័យ។ ក្នុងនោះរួមមានពិធី កាត់សក់បង្កក់ឆ្មប កោរជុក ចូលម្លប់ បួសនាគ និងបុណ្យសពជាដើម។
បង្វិលពពិលដែលគេធ្វើក្នុងពិធីឆ្លងវ័យទាំងនេះ ត្រូវប្រទះឃើញជាញឹកញាប់នៅតាមតំបន់មួយចំនួនដែលនៅប្រកាន់ទំនៀមទម្លាប់បូរាណបានខ្ជាប់ខ្ជួន។ តាមស្រុកភូមិខ្លះគេបង្វិលពពិលជុំវិញវត្ថុផ្សេងៗ មានគ្រឿងអង្កររាប និងស្រូវ ដែរ។
សាស្ត្រាចារ្យនៅមហាវិទ្យាល័យបុរាណវិទ្យា លោក អាំង ជូលាន មានប្រសាសន៍ថា បង្វិលពពិលក្នុងគ្រប់ពិធីទាំងអស់ គឺបង្វិលតាមប្រទក្សិណ ហើយមានតែបង្វិលពពិលក្នុងបុណ្យសពទេដែលធ្វើតាមឧត្តរពាត ដែលបញ្ច្រាសនឹងប្រទក្សិណ។ បង្វិលពពិលក្នុងបុណ្យសព គឺគេធ្វើនៅក្រោយពេលបូជា និងរើសធាតុ។
លោកសាស្ត្រាចារ្យ អាំង ជូលាន បន្តថា ចំនួនជុំការបង្វិលពពិលតែងយកចំនួនលេខសេស មាន ៣ជុំ ៥ជុំ និងរហូតដល់ ១៩ជុំ។ លើកលែងតែបង្វិលពពិលក្នុងពិធីបុណ្យពុទ្ធាភិសេក ឬការអភិសេកព្រះ ដែលការបង្វិលពពិលមានច្រើនជុំ គឺរហូតដល់ជាង ១០០ជុំ។
ក្នុងវចនានុក្រមភាសាខ្មែរដែលចងក្រងដោយសម្ដេចព្រះសង្ឃរាជ ជួន ណាត បានឲ្យនិយមន័យពពិលថា ជាប្រដាប់ធ្វើដោយលោហជាតិ មានសណ្ឋានស្រដៀងនឹងស្លឹកពោធិ៍សម្រាប់បិទទៀនអុជកាន់ហុចបន្តគ្នា បង្វិលបក់ផ្សែងចូលជុំវិញមនុស្ស ឬរបស់អ្វី ដើម្បីឲ្យកើតស្រីសួស្ដី។
តាមការស្រាវជ្រាវពពិលនេះ គេអាចធ្វើឡើងដោយសំរិត ស្ពាន់ រឺលោហៈផ្សេងទៀត។ ក្នុងសិលាចារឹកនាសម័យបុរាណ បាននិយាយដល់ពពិលមាស និងប្រាក់ ដែលទំនងថា ពពិលអាចមានធ្វើពីមាស ឬប្រាក់។ ជាទូទៅនៅលើពពិលគឺមានឆ្លាក់ជារូបច្រើនបែបច្រើនយ៉ាង។ ក្នុងនោះគេមានឆ្លាក់ជារូបនាងគង្ហីងច្បូតសក់ រូបតាបសឥសី រូបហនុមាន ដើមចេក រូបពិស្ណុការ ទេពប្រណម្យ ហៅថា “នារីផល“ ពោលគឺស្រីដែលមានតែខ្លួនផុសចេញពីរុក្ខជាតិ មានទងជានាគ ដែលមានមតិខ្លះថា ជានាងនាគ ជាដើម។
លោកសាស្ត្រាចារ្យ អាំង ជូលាន ពន្យល់ថា ការបង្វិលពពិលគឺទាក់ទងនឹងជំនឿលើព្រលឹង។ លោកបន្តថា ពពិលគឺតំណាងយោនី និងលិង្គ ឬកេរភេទមនុស្សប្រុសនិងស្រី បញ្ជាក់ពីការរីកដុះដាលចម្រុងចម្រើនទៅមុខច្រើនផ្អែកលើមូលដ្ឋានរួមភេទ។
អត្ថបទស្រាវជ្រាវរបស់អ្នកនិពន្ធ លឹម កន្និដ្ឋា ដែលផ្សព្វផ្សាយតាមគេហទំព័របណ្ដាញព័ត៌មានវប្បធម៌ខ្មែរ បានអោយដឹងថា ពពិលជាវត្ថុដែលប្រើក្នុងពិធីផ្សេងៗ ជាលក្ខណៈពិសេសរបស់ខ្មែរ ដែលជាតិសាសន៍ដទៃផ្សេងៗទៀតពុំស្គាល់។ អត្ថបទដដែលបានលើកទស្សនរបស់អ្នកស្រុកដែលបានចាត់ទុកថា ទៀនដែលបិទនឹងពពិលនោះថាជាលិង្គព្រះឥសូរ រីឯពពិលគឺជាយោនីនាង ឱមភគវតី ដែលជាអាទិទេពនៃសាសនាព្រាហ្មណ៍។
តាមរយៈអក្សរចារឹកដែលបន្សល់ទុកពីបុរាណកាល បញ្ជាក់អោយដឹងថា ខ្មែរបានប្រើប្រាស់ពពិលជាយូរមកហើយ គឺមុនសម័យអង្គរទៅទៀត។
សាស្ត្រាចារ្យផ្នែកសិលាចារឹក និងភាសាវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក យាង វីរបុត្រ ពន្យល់ថា ពពិលគឺចេញមកពីពាក្យថា វលវេល ដែលប្រទះក្នុងសិលាចារឹកចាស់ៗ ឬមុនសម័យអង្គរ។
មកដល់សម័យអង្គរដែលចាប់ផ្ដើមពីសតវត្សទី៩ ដល់ទី១៤ គេឃើញពាក្យ វលវ្យល ត្រូវប្រើប្រាស់ជំនួសអោយពាក្យថា វលវេល។
សាស្ត្រាចារ្យនៅមហាវិទ្យាល័យបុរាណវិទ្យា លោក អាំង ជូលាន មានប្រសាសន៍ថា នៅមិនទាន់មានការសន្និដ្ឋានជាក់លាក់ថា តើពាក្យនៃមានអត្ថន័យយ៉ាងណាពិតប្រាកដឡើយ គឺគ្រាន់តែដឹងច្បាស់ថា ពពិលត្រូវខ្មែរប្រើប្រាស់តាំងពីបូរាណមក។
លោក អាំង ជូលាន បន្តថា ពិធីបង្វិលពពិលក៏មិនខុសពីពិធីជាច្រើនទៀតនៅក្នុងជំនឿរបស់ខ្មែរដែរ គឺជាការលាយឡំគ្នារវាងពុទ្ធសាសនា ព្រហ្មញ្ញសាសនា និងជំនឿជីវចល ឬជំនឿដែលខ្មែរធ្លាប់មានតាំងពីមុនពេលដែលប្រទេសនេះទទួលឥទ្ធិពលវប្បធម៌ សាសនា ពីឥណ្ឌា។
បង្វិលពពិលក្នុងពិធីឆ្លងវ័យទាំងអស់ មិនថា បង្កក់ឆ្មប រៀបមង្គលការ ឬបុណ្យសពទេ គឺគេតែងសូត្រជ័យន្តោតាមបែបព្រះពុទ្ធសាសនា ដែលមានន័យថា សូមអោយបានចម្រុងចម្រើនដុះដាលទៅមុខ៕
No comments:
Post a Comment