Saturday, February 9, 2013

ប្រវត្តិ​នៃ​ការ​ទុក​ដាក់​ព្រះ​អដ្ឋិ​ក្នុង​ព្រះ​កោដ្ឋ



2013-02-08
ព្រះរាជ​ពិធី​បុណ្យ​ព្រះបរមសព ព្រះ​មហា​វីរក្សត្រ ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី៧ ខែ​កុម្ភៈ ហើយ​នៅ​ក្នុង​ថ្ងៃ​នោះ ក៏​ជា​ថ្ងៃ​ត្រូវ​ដង្ហែ​ព្រះ​បរម​អដ្ឋិ ឬ​ព្រះ​កោដ្ឋ​នៃ​ព្រះ​បរម​រតន​កោដ្ឋ ដើម្បី​យក​ទៅ​តម្កល់​ទុក​ក្នុង​ព្រះបរមរាជវាំង​តាម​ព្រះ​រាជប្បវេណី​ព្រះមហាក្សត្រ​ខ្មែរ​ផង​ដែរ។

RFA/Mom Sophon
ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ព្រះ​បរម​រតន​កោដ្ឋ ទៅ​តម្កល់​នៅ​ព្រះ​បរម​រាជវាំង នៅ​ព្រឹក​ថ្ងៃ​ទី ៧ កុម្ភៈ ឆ្នាំ​២០១៣។
នេះ​គឺ​ជា​ទិដ្ឋភាព​នៃ​ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ ឬ​ព្រះ​កោដ្ឋ​ព្រះ​បរម​រតន​កោដ្ឋ។ ចាប់​តាំង​ពី​ព្រឹក​ព្រលឹម ថ្ងៃ​ទី៧ ខែ​កុម្ភៈ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី និង​សម្ដេច​ព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ ព្រះ​ញាតិ​វង្សានុវង្ស ព្រម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល ព្រម​ទាំង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​ជា​ច្រើន​រូប​ទៀត បាន​នាំ​គ្នា​យាង​ព្រះ​កោដ្ឋ​ព្រះ​បរម​រតន​កោដ្ឋ ចុះ​ពី​មហា​បញ្ចា​នៃ​ព្រះ​បរម​មេរុ។
បន្ទាប់​មក ក៏​បាន​យាង​ព្រះ​បរម​អដ្ឋិ ដែល​តម្កល់​ទុក​នៅ​ក្នុង​ព្រះ​កោដ្ឋ​មាស​ចំនួន​ពីរ និង​ព្រះ​កោដ្ឋ​ថ្ម​កែវ​១ ទៅ​គង់​លើ​ព្រះ​ទីន័ង​ហង្ស​មាស រួច​ដង្ហែ​ចេញ​ពី​ព្រះ​បរម​មេរុ កាត់​តាម​ផ្លូវ​សុធារស ហើយ​តម្រង់​ឆ្ពោះ​ទៅ​កាន់​ព្រះបរមរាជវាំង។
ចំពោះ​ក្បួន​ដង្ហែ​ព្រះ​កោដ្ឋ​ចូល​ទៅ​ក្នុង​ព្រះបរមរាជវាំង គឺ​គេ​ដង្ហែ​ចូល​តាម​ច្រក​ទ្វារ​ទិស​ខាង​កើត ដែល​គេ​ហៅ​ថា​ទ្វារ​ជ័យ។ រីឯ​ក្បួន​ដង្ហែ​នេះ គេ​សង្កេត​ឃើញ​មិន​សូវ​មាន​ប្រជាពលរដ្ឋ​សាមញ្ញ​ចូល​រួម​ប៉ុន្មាន​ទេ គឺ​ភាគ​ច្រើន​មាន​តែ​មន្ត្រី​ជាន់​ខ្ពស់​នៃ​រាជ​រដ្ឋាភិបាល។
ព្រះអង្គ​ម្ចាស់ ធម្មិកោ ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ បាន​ឲ្យ​ដឹង​ថា ព្រះ​កោដ្ឋ​ព្រះ​បរម​រតន​កោដ្ឋ គឺ​នឹង​តម្កល់​ទុក​នៅ​ក្នុង​ប្រាសាទ​ទេវាវិនិច្ឆ័យ​សិន គឺ​មិន​ទាន់​យាង​ទៅ​តម្កល់​នៅ​ក្នុង​ព្រះវិហារ​ព្រះ​កែវ​មរកត ទេ។
ព្រះអង្គ​ម្ចាស់​បាន​បញ្ជាក់​ទៀត​ថា ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ព្រះ​កោដ្ឋ​ព្រះ​បរម​រតន​កោដ្ឋ អាច​នឹង​តម្កល់​នៅ​ក្នុង​ព្រះ​ចេតិយ​នៃ​ព្រះបរមរាជវាំង​ទៅ​តាម​ព្រះ​រាជប្បវេណី​ព្រះមហាក្សត្រ​សែ​ព្រះ​នរោត្តម៖ «ចាប់​តាំង​ពី​ព្រះករុណា​ព្រះបាទ អង្គឌួង ព្រះករុណា នរោត្តម ព្រះករុណា សុរាម្រិត ហើយ​និង​ព្រះ​មហាក្សត្រិយានី​កុសមៈ​នារីរ័ត្ន។ តម្កល់​ព្រះ​អដ្ឋិ​លោក​នៅ​ក្នុង​ព្រះវិហារ​ព្រះ​កែវ​មរកត។ ប៉ុន្តែ ព្រះករុណា ស៊ីសុវត្ថិ និង​ព្រះករុណា មុនីវង្ស នៅ​ភ្នំ​អដ្ឋរស្ស ទេ។ តែ​តាម​មើល​ទៅ គឺ​ទៅ​តាម​ព្រះរាជ​បណ្ដាំ​របស់​ព្រះករុណា​និមួយៗ»
ទាក់​ទង​នឹង​ព្រះ​រាជប្បវេណី​ទុក​ដាក់​ព្រះ​អដ្ឋិ​ក្នុង​ព្រះ​កោដ្ឋ​មាស​នោះ អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​វប្បធម៌​ខ្មែរ បាន​ឲ្យ​ដឹង​ថា ទំនៀមទម្លាប់​នោះ​គេ​មិន​ឃើញ​មាន​ឯកសារ​ណា​មួយ​បញ្ជាក់​ច្បាស់​លាស់​ទេ ប៉ុន្តែ​គេ​អាច​ប៉ាន់​ប្រមាណ​ថា គឺ​អាច​កើត​មាន​ជាច្រើន​សតវត្សរ៍​មក​ហើយ តាំង​ពី​ព្រះពុទ្ធ​សាសនា​ហូរ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា។
លោក​បណ្ឌិត ស៊ុំ ឈុំប៊ុន អនុប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជា បាន​មាន​ប្រសាសន៍​ថា កាល​ពី​មុន​សម័យ​អង្គរ ឬ​កម្ពុជា មិន​ទាន់​គោរព​ព្រះពុទ្ធ​សាសនា បើ​ទោះ​បី​ជា​ពេល​នេះ​មិន​មាន​ឯកសារ​ណា​បញ្ជាក់​ច្បាស់​លាស់​ក៏ដោយ ក៏ប៉ុន្តែ​តាម​ការ​ស្រាវជ្រាវ​នៅ​ក្នុង​សម័យ​នេះ ដែល​បាន​ឃើញ​មាន​រណ្ដៅ​សាកសព​បុរាណ​នៅ​តាម​ទីកន្លែង​ផ្សេងៗ​ក្នុង​ប្រទេស ដូច​ជា​នៅ​ខេត្ត​បន្ទាយមានជ័យ ជាដើម​នោះ គឺ​អាច​សន្និដ្ឋាន​ថា ប្រជាពលរដ្ឋ​ខ្មែរ ឬ​ក៏​ព្រះ​មហាក្សត្រ​ពេល​ដែល​លោក​សោយ​ទិវង្គត គឺ​បាន​បញ្ចុះ ឬ​កប់​ធ្វើ​ជា​ផ្នូរ​ដោយ​មិន​បូជា ឬ​ប្រើប្រាស់​កោដ្ឋ​ដាក់​ព្រះ​អដ្ឋិ ឬ​ឆ្អឹង​ដូច​សព្វថ្ងៃ​នេះ​ទេ។
លោក​បណ្ឌិត ស៊ុំ ឈុំប៊ុន៖ «ប៉ុន្តែ មិន​ទាន់​មាន​អ្នក​ប្រាជ្ញ​ណា​ស្រាវជ្រាវ​រក​ឃើញ​កន្លែង​តម្កល់​ព្រះរាជ​សព ឬ​ក៏​បូជា​សព​របស់​ព្រះមហាក្សត្រ​ធំៗ​នៅ​ក្នុង​សម័យ​អាណាចក្រ​អង្គរ​ឲ្យ​បាន​ច្បាស់​លាស់​នៅ​ឡើយ​ទេ។ បើ​ដូច​ជា​នៅ​អេហ្សីប វា​មាន​សព​ព្រះចៅ​ប៉ារ៉ាអុង អា​ហ្នឹង​គេ​ធ្វើ​ជា​លក្ខណៈ​រុំ​អប់​ទៅ​ទុក​បាន​យូរ។ ហើយ​នៅ​ក្នុង​ប្រទេស​ចិន គេ​មាន​ផ្នូរ​របស់​ស្ដេច​ហ្នឹង​ធំៗ។ គេ​កសាង​ឡើង​ដើម្បី​ដាក់​ស្ដេច ក៏​ដូច​ជា​ដាក់​មហេសី ក៏​ដូច​ជា​ដាក់​ស្នំ​អ្នក​បម្រើ​ទៅ​តាម​រស់នៅ​ជាមួយ​ផ្នូរ​ធំៗ​នៅ​ប្រទេស​ចិន។ ឯ​ចំណែក​ប្រទេស​យើង​សម័យ​អង្គរ​ក្ដី សុទ្ធ​តែ​នៅ​ជា​ការ​អាថ៌កំបាំង​នៅ​ឡើយ មិន​ទាន់​មាន​បាន​ស្រាវជ្រាវ​ថា​កន្លែង​ណា​ជា​ផ្នូរ​របស់​ព្រះមហាក្សត្រ ហើយ​ពេល​ព្រះមហាក្សត្រ​សុគត​ទៅ​មាន​លក្ខណៈ​យ៉ាង​ណាៗ​នោះ គឺ​យើង​បាត់​ដាន​ច្រើន​ណាស់»
អនុប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជា បាន​ឲ្យ​ដឹង​ទៀត​ដែរ​ថា ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ទំនៀមទម្លាប់​ខ្មែរ​ដែល​បាន​ជ្រើស​រើស​ការ​បូជា​សព ឬ​ព្រះបរមសព ហើយ​ប្រើ​ព្រះ​កោដ្ឋ ឬ​កោដ្ឋ សម្រាប់​ដាក់​ព្រះ​អដ្ឋិ ឬ​ឆ្អឹង​នោះ ក៏​ជា​ការ​ម្យ៉ាង​ដែរ ពីព្រោះ​ទំនៀមទម្លាប់​នេះ​ក៏​អាច​ជា​ផល​ចំណេញ​មួយ​ដែល​មិន​សូវ​ខាត​បង់​ក្នុង​ការ​ចំណាយ​ផ្ទៃ​ដី​ដើម្បី​បញ្ចុះ​សព។ ម្យ៉ាង​ទៀត ដោយ​ហេតុ​ថា​នៅ​ក្នុង​សម័យ​នេះ ជា​សម័យ​វិទ្យាសាស្ត្រ​ទំនើប ដែល​មាន​អារ្យធម៌​ជឿន​លឿន​ផង​ដែរ។
លោក​បណ្ឌិត ស៊ុំ ឈុំប៊ុន៖ «ឥឡូវ​នេះ យើង​ឃើញ​ថា ការ​បូជា​ហ្នឹង គឺ​ថា​គេ​យល់​ថា​ត្រឹមត្រូវ​ពេញ​និយម សូម្បី​តែ​ចិន ឥឡូវ​ហើយ និង​អឺរ៉ុប មួយ​ចំនួន ក៏​គេ​ងាក​មក​បូជា​ដែរ ពីព្រោះ​ថា​ការ​ធ្វើ​ជា​ម៉ុង ដូច​របស់​ចិន ហ្នឹង គឺ​ថា​ខាត​ផ្ទៃ​ដី​ច្រើន​ណាស់។ អីចឹង ចិន ឥឡូវ​ហ្នឹង ក៏​គេ​ជំរុញ​ឲ្យ​មាន​បូជា​សព​ដែរ ហើយ​គេ​ដាក់​នៅ​ក្នុង​ក្រឡ​អី​មួយ ហើយ​រក្សា​ទុក​ទៅ​វា​ស្រួល​ជាង​ធ្វើ​ម៉ុង»
ក្នុង​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ ទាក់​ទង​នឹង​ការ​បូជា​សព​ក្តី ឬ​យក​ព្រះ​អដ្ឋិ ឬ​ឆ្អឹង​ដាក់​ក្នុង​ព្រះ​កោដ្ឋ ឬ​កោដ្ឋ​ក្តី សព្វថ្ងៃ​នេះ​គឺ​នៅ​មាន​ទំនៀមទម្លាប់​មួយ​ទៀត គឺ​យក​ព្រះ​អដ្ឋិ ឬ​ឆ្អឹង​នោះ ទៅ​ដាក់​ក្នុង​ព្រះ​ចេតិយ ឬ​ចេតិយ ដែល​គេ​សាង​សង់​នៅ​ក្នុង​វត្ត​អារាម។
ចំពោះ​ទំនៀមទម្លាប់​នេះ ពីព្រោះ​ដូន​តា​ខ្មែរ​លោក​យល់​ថា ក៏​ដើម្បី​ឲ្យ​កូន​ចៅ​បាន​ធ្វើ​បុណ្យ​តប​ស្នង​សង​គុណ​ដល់​បុព្វការី​ជន​របស់​ខ្លួន ដូច​ជា​មាតា​បិតា ជីដូន​ជីតា​ជាដើម ដែល​បាន​បែក​កាយ​រំលាង​ខន្ធ​ទៅ​កាន់​លោក​ខាង​មុខ​ហើយ​នោះ។
លោក​អាចារ្យ​មួយ​រូប​ឈ្មោះ ញឹក កៅ នៅ​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ទំនៀមទម្លាប់​យក​ឆ្អឹង​មាតា​បិតា ឬ​ជីដូន​ជីតា​ទៅ​ដាក់​ក្នុង​កោដ្ឋ ហើយ​ទៅ​ដាក់​ក្នុង​ចេតិយ​នោះ គឺ​ជា​ជំនឿ​មួយ​របស់​ខ្មែរ ដែល​សំខាន់​គឺ​សុំ​សេចក្តី​សុខ​សប្បាយ​ពី​លោក​អ្នក​មាន​គុណ ហើយ​ក៏​ដើម្បី​ឲ្យ​លោក​អ្នក​មាន​គុណ​ដែល​ចែក​ស្ថាន​ទៅ លោក​មាន​ទីកន្លែង​រស់នៅ​សុខ​សប្បាយ​ដែរ។
លោក​អាចារ្យ ញឹក កៅ៖ «ដែល​គាត់​ចិញ្ចឹម​យើង។ គាត់​មាន​គុណ​ឧបការៈ​លើ​យើង​ហ្នឹង។ យើង​អញ្ជើញ​អ្នក​ម្តាយ អញ្ជើញ​លោក​ឪពុក យាង​ព្រះ​បិតា​អីចឹង​ចូល​ទីកន្លែង​ផ្ទះ​ថ្មី​អីចឹង​ទៅ។ គេ​ឧបមា​គេ​ធ្វើ​កិច្ច​ណា យើង​នឹក​គុណ​ផង​ធ្វើ​កិច្ច​ផង»
ដោយ​ផ្អែក​លើ​ទំនៀមទម្លាប់​នេះ ទើប​សព្វថ្ងៃ​នៅ​តាម​វត្ត​អារាម​នានា ក្នុង​ប្រទេស​កម្ពុជា គេ​ឃើញ​មាន​ចេតិយ​ជាច្រើន ដើម្បី​តម្កល់​កោដ្ឋ​របស់​មាតា​បិតា ជីដូន​ជីតា ឬ​សាច់សាលោហិត​របស់​ក្រុម​គ្រួសារ​និមួយៗ ហើយ​នៅ​ពេល​ដល់​រដូវ​បុណ្យ​ចូល​ឆ្នាំ ឬ​បុណ្យ​ភ្ជុំបិណ្ឌ​ម្ដងៗ អ្នក​ស្រុក​ជា​កូន​ចៅ​បាន​និមន្ត​ព្រះសង្ឃ​មក​បង្សុកូល ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​ចំពោះ​បុព្វការី​ជន​របស់​គេ។
ចំណែក​នៅ​ក្នុង​ព្រះបរមរាជវាំង គេ​ក៏​ឃើញ​មាន​សាងសង់​ព្រះ​ចេតិយ​សម្រាប់​តម្កល់​ព្រះ​កោដ្ឋ ដែល​មាន​ដាក់​ព្រះ​អដ្ឋិ​ព្រះមហាក្សត្រ​នៅ​ក្នុង​នោះ ហើយ​ក៏​មាន​រៀបចំ​ព្រះរាជ​ពិធី​ធ្វើ​បុណ្យ​ឧទ្ទិស​ព្រះរាជ​កុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​ដូច​គ្នា​នឹង​ពិធី​ធ្វើ​របស់​ប្រជាពលរដ្ឋ​សាមញ្ញ​ដែរ ប៉ុន្តែ​ព្រះរាជ​ពិធី​នោះ​មាន​លក្ខណៈ​អធិកអធម​ជាង​ពលរដ្ឋ​ធម្មតា។
តួ​យ៉ាង​ដូច​ជា​ពេល​នេះ​ជាដើម គេ​បាន​សាង​ព្រះ​កោដ្ឋ​សម្រាប់​ដាក់​ព្រះ​អដ្ឋិ​ព្រះ​បរម​រតន​កោដ្ឋ គឺ​ធ្វើ​អំពី​មាស​ដែល​មាន​ទម្ងន់ ១០​គីឡូក្រាម និង​មាន​ដាំ​ត្បូង​ពេជ្រ​ផង។ ប៉ុន្តែ សម្រាប់​ប្រជារាស្ត្រ​សាមញ្ញ ភាគ​ច្រើន​ប្រើ​កោដ្ឋ​ដាក់​ធាតុ ឬ​ឆ្អឹង គឺ​ធ្វើ​អំពី​ប្រាក់ ឬ​ស្ពាន់ ឬ​ថ្ម​កែវ ពោល​គឺ​ធ្វើ​ទៅ​តាម​ធនធាន​ដែល​គេ​មាន៕

No comments: