Saturday, February 9, 2013

ព្រះរាជ​ពិធី​រើស​ព្រះ​បរម​អដ្ឋិ​ព្រះ​បរម​រតន​កោដ្ឋ


ព្រះរាជ​ពិធី​រើស​ព្រះ​បរម​អដ្ឋិ​ព្រះ​បរម​រតន​កោដ្ឋ

2013-02-05
ព្រះរាជ​ពិធី​រើស​ព្រះ​បរម​អដ្ឋិ​របស់​ព្រះ​បរម​រតន​កោដ្ឋ ត្រូវ​បាន​រៀបចំ​ឡើង​តាំង​ពី​ម៉ោង​ជាង ៧​ព្រឹក ថ្ងៃ​ទី​៥ ខែ​កុម្ភៈ។ ព្រះ​រាជ​ពិធី​នេះ​ត្រូវ​បាន​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ព្រះ​រាជ​ពិធី​បុណ្យ​បញ្ជាក់​ថា ជា​ព្រះ​រាជ​ពិធី​ដែល​ប្រតិបត្តិ​តាម​ព្រះ​រាជប្បវេណី ដែល​មាន​តាំង​ពី​ព្រះអង្គ​ក្សត្រ​មុន។
RFA/Mom Sophon
ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​អង្គារ​ទៅ​បំប្លែង​នៅ​ទន្លេ​ចតុមុខ នៅ​ព្រឹក​ថ្ងៃ​ទី​៥ កុម្ភៈ ឆ្នាំ​២០១៣។
ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និង​សម្ដេច​ព្រះ​មហា​ក្សត្រី ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ យាង​រើស​ព្រះ​បរម​អដ្ឋិ​ដោយ​ផ្ទាល់​ព្រះហស្ត ដាក់​លើ​តោក​មាស ដោយ​មាន​ក្រុម​បារគូ ថ្វាយ​ទក្ខិណា​ពពិល ៩​ជុំ និង​ភ្លេង​ពិណពាទ្យ​ប្រគំ។
ក្នុង​ពិធី​រើស​ព្រះ​បរម​អដ្ឋិ គេ​ឃើញ​មាន​ការ​និមន្ត​ព្រះសង្ឃ​ចំនួន ១២​អង្គ សម្រាប់​ថ្វាយ​ពរ​ទឹក និង​ថ្វាយ​ប្រែ​ព្រះ​បរម​រូប។
ព្រះមហាក្សត្រ និង​សម្ដេច​ព្រះ​មហា​ក្សត្រី ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ បាន​យក​ទឹក​ដូង និង​ទឹក​បរិសុទ្ធ​មក​ពី​ភ្នំ​គូលែន នៅ​ខេត្ត​សៀមរាប សម្រាប់​សម្អាត​ព្រះ​បរម​អដ្ឋិ។
ព្រះ​មហាក្សត្រ​បាន​ហែ​ព្រះ​បរម​អដ្ឋិ​ពី​ព្រះ​បរម​មេរុ​ទៅ​តម្កល់​ក្នុង​ព្រះ​ពន្លា​ខាង​ត្បូង ដោយ​អម​នឹង​ក្រុម​បារគូ​ថ្វាយ​ស័ង្ខ។ ទ្រង់​បាន​តម្កល់​ព្រះ​បរម​អដ្ឋិ​ចំនួន ២​តោក​មាស ទៅ​លើ​មហា​បញ្ចា ៩​ជាន់ ដែល​មហា​បញ្ចា ៩​ជាន់​នោះ​ឋិត​នៅ​ព្រះ​ពន្លា​ខាង​ត្បូង។ ក្រោយ​ពី​តម្កល់​ព្រះ​បរម​អដ្ឋិ​ហើយ​នោះ ព្រះសង្ឃ​ចំនួន ៩០​អង្គ បាន​ថ្វាយ​ព្រះ​ធម៌​បង្សុកូល​ក្នុង​ពិធី​នោះ។
នៅ​វេលា​ម៉ោង ៥​រសៀល​ថ្ងៃ​ដដែល មាន​ការ​យាង​ព្រះ​បរម​អដ្ឋិ​ឲ្យ​គង់​ក្នុង​ព្រះ​កោដ្ឋ​ពេជ្រ ហើយ​និង​បាន​យាង​ព្រះ​បរម​អដ្ឋិ​គង់​ក្នុង​ព្រះ​កោដ្ឋ​ពេជ្រ​នោះ យក​ទៅ​តម្កល់​ក្នុង​ព្រះ​មេរុ។
ចំពោះ​ព្រះ​អង្គារ (ធ្យូង​ដែល​សល់​ពី​ការ​ថ្វាយ​ព្រះ​ភ្លើង) ព្រះ​មហាក្សត្រ​ក៏​បាន​កើប​ដោយ​ផ្ទាល់​ព្រះហស្ត សម្រាប់​ពិធី​ដង្ហែ​ទៅ​តម្កល់​លើ​តោក​មាស និង​តម្កល់​លើ​ព្រះ​ទីន័ង​រាជ​រថ ហែ​ដោយ​ក្បួន​ទៅ​បំប្លែង​ក្នុង​ទន្លេ​ចតុមុខ។
អនុ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រះ​រាជ​ពិធី​បុណ្យ លោក ញឹក ប៊ុនឆៃ បញ្ជាក់​ថា ពិធី​បំប្លែង​ព្រះ​អង្គារ​នៅ​តាម​ទន្លេ គេ​ឃើញ​មាន​តាំង​ពី​បុរាណ គឺ​តាំង​ពី​អង្គ​ក្សត្រ​មុនៗ ដោយ​គេ​មាន​ជំនឿ​ថា ការ​បាច​ផេះផង់​ទាំង​នោះ​ចូល​ក្នុង​ទន្លេ នឹង​ធ្វើ​ឲ្យ​មាន​ការ​ត្រជាក់ត្រជំ ប្រទេស​ជួប​តែ​សេចក្ដី​សុខ​សន្តិភាព។ ម្យ៉ាង​ការ​បាច​ព្រះ​អង្គារ ឬ​ផេះផង់​នោះ គេ​ក៏​ឃើញ​មាន​ធ្វើ​ឡើង​ចំពោះ​អង្គ​ក្សត្រ​មួយ​ចំនួន​នៅ​ប្រទេស​ថៃ ដែល​គោរព​ប្រតិបត្តិ​សាសនា​ព្រះពុទ្ធ​ដូច​ប្រទេស​កម្ពុជា​ដែរ៖ «ពី​អង្គ​មុនៗ ក៏​គេ​ធ្វើ​អ៊ីចឹង​ដែរ ចង់​បម្លែង​ថា ឲ្យ​ប្រទេស​បាន​សុខ​សន្តិភាព ឲ្យ​សុខ​សប្បាយ»
ទោះ​ជា​យ៉ាង​ណា ព្រះមហាក្សត្រ និង​សម្ដេច​ព្រះ​មហាក្សត្រី​ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ មិន​បាន​ស្ដេច​យាង​ទៅ​ដង្ហែ​ព្រះ​អង្គារ​យក​ទៅ​បំប្លែង​ក្នុង​ទន្លេ​ទេ ដោយ​ស្ដេច​យាង​ប្រទាន​ឲ្យ​សម្ដេច នរោត្តម យុវនាថ ដែល​ជា​បុត្រា​របស់​អតីត​ព្រះ​មហាក្សត្រ រោត្តម សីហនុ ជា​ព្រះរាជ​តំណាង​អម​ដោយ​ព្រះរាជវង្សានុវង្ស។
ព្រះ​អង្គារ​ត្រូវ​បាន​តម្កល់​លើ​ព្រះ​ទីន័ង​ដង្ហែ​តាម​ក្បួន​តុប​តែង​ជា​រាង​រូប​នាគរាជ ដោយ​មាន​សម្ដេច​ព្រះសង្ឃ​រាជ​ទាំង​ពីរ​គណៈ ព្រះរាជវង្សានុវង្ស និង​ក្រុម​បារគូ​ជិត ១០០​នាក់ យក​ទៅ​បំប្លែង​ក្នុង​ទន្លេ​ចតុមុខ ខាង​មុខ​ព្រះ​បរម​រាជវាំង។
មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៦ នៃ​ពិធី​បុណ្យ​ជា​ពិធី​សាសនា ហើយ​នៅ​ពេល​យប់​នឹង​មាន​ការ​អុជ​ប្រទីប​ជ្វាលា​នៅ​ព្រះ​បរម​មេរុ និង​បរិវេណ​ជុំវិញ និង​មាន​ការ​អុជ​កាំជ្រួច​ភ្ញី​ទៀន។ ពិធី​បុណ្យ​ថ្ងៃ​ចុង​ក្រោយ គឺ​ថ្ងៃ​ទី​៧ គឺ​ជា​ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ក្នុង​កោដ្ឋ​ពេជ្រ គង់​លើ​ព្រះរាជ​ទីន័ង​បុស្បុក​ពី​ព្រះ​បរម​មេរុ កាត់​តាម​ផ្លូវ​សំខាន់ៗ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ចូល​មក​តម្កល់​ក្នុង​ព្រះ​បរម​រាជ​វាំង៕

No comments: