ដោយ វណ្ណ វិចារ
2013-02-05
ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះករុណា ព្រះមហាវីរក្សត្រ បានបញ្ចប់កាលពីថ្ងៃទី៤ កុម្ភៈ ដោយមានការចូលរួមពីប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ មេដឹកនាំបរទេស និងអ្នកសារព័ត៌មានល្បីៗជាច្រើន ទូទាំងពិភពលោក។
អ្នកតាមដានបញ្ហាសង្គម យល់ឃើញថា ព្រះរាជកម្មវិធីដង្ហែព្រះបរមសពដ៏អធិកអធម មិនត្រឹមតែផ្តល់ព្រះមហាកិត្តិយសដល់ព្រះមហាក្សត្រ និងសែរាជវង្សប៉ុណ្ណោះទេ តែការរៀបចំព្រះរាជពិធីនោះ ក៏បានបញ្ជាក់ពីផ្នត់គំនិតស្នេហាអង្គសម្ដេចឪរបស់ប្រជាពលរដ្ឋខ្មែរ និងបង្ហាញវប្បធម៌ អរិយធម៌ខ្មែរ ឲ្យបរទេសបានស្គាល់ទៀតផង។
ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះករុណា ព្រះបរមរតនកោដ្ឋ ដែលចំណាយប្រាក់អស់រាប់លានដុល្លារ បានធ្វើឲ្យពិភពលោកបានឃើញនូវឥទ្ធិពលរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ និងអរិយធម៌ វប្បធម៌ របស់ប្រជាជាតិខ្មែរទាំងមូល។
ប្រជាពលរដ្ឋជាច្រើននាក់ ស្រែកទ្រហោយំពេលឮស្នូរកាំភ្លើងធំដែលជាសញ្ញាប្រាប់ថា ព្រះបរមសពអង្គសម្ដេចឪ សម្ដេចតា ត្រូវបានព្រះភ្លើងឆាបឆេះហើយ។ មហាជនត្រៀបត្រាលុតជង្គង់លើកដៃប្រណម បួងសួងសូមឲ្យព្រះវិញ្ញាណក្ខន្ធព្រះអង្គយាងទៅកាន់ទីឋានបរមសុខ នៅខាងមុខសមត្ថកិច្ចដែលឈរយ៉ាងមាំ រារាំងមិនឲ្យពួកគាត់ចូលទៅកៀកព្រះបរមមេរុ។
ការចង់ចូលទៅកាន់ទីព្រះបរមមេរុ គឺដើម្បីបានឃើញទិដ្ឋភាពផ្ទាល់នឹងភ្នែក និងម្យ៉ាងទៀតដើម្បីបង្ហាញពីទឹកចិត្តស្រឡាញ់ស្វាមីភក្ដិ ចំពោះព្រះអង្គ។ ប្រការទាំងនេះ ជាឥទ្ធិពលរបស់ព្រះអង្គចំពោះទឹកចិត្តប្រជានុរាស្ត្រកម្ពុជា៖ «ខានជួបព្រះភ័ក្ត្រព្រះបិតាទៀតហើយ ព្រះបិតាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង»។
អ្នកតាមដានបញ្ហាសង្គម និងជាអ្នកវិភាគឯករាជ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ព្រោះតែអង្គសម្ដេចឪមានឥទ្ធិពលធំធេងទៅលើពលរដ្ឋខ្មែរ ដូចនេះហើយអ្នកនយោបាយជំនាន់មុនចង់ឱបក្រសោបព្រះអង្គដើម្បីអំណាច ដូចជារបប ប៉ុល ពត ហ៊្វុនស៊ិនប៉ិច វៀតណាម រួមទាំងគណបក្សកាន់អំណាចសព្វថ្ងៃ។ លោកបន្តថា អតីតព្រះមហាក្សត្រជាអ្នកនាំឯករាជ្យដំបូងក្នុងរយៈពេលរាប់រយឆ្នាំមកឲ្យកម្ពុជា ជាប្រវត្តិសាស្ត្របន្ទាប់ពីស្ដេចមុនៗស្ថិតក្រោមឥទ្ធិពលសៀម និងយួន រហូតដល់ក្រោមអាណានិគមនិយមបារាំង ទៀត។
លោក ឡៅ ម៉ុងហៃ បញ្ជាក់ថា ការចូលរួមរបស់ពលរដ្ឋក្នុងព្រះរាជពិធីទាំងនោះ ជាការបង្ហាញឲ្យឃើញថា ពលរដ្ឋខ្មែរត្រូវការរបបរាជានិយម៖ «បង្ហាញថា ជាសក្ខីភាពខ្មែរយើងជាទូទៅហ្នឹងស្រឡាញ់របបរាជានិយម ស្រឡាញ់ប្រទេសមានស្ដេចជាប្រវត្តិសាស្ត្រ ហ្នឹងគឺដក់អារម្មណ៍តែម្តង»។
ក្រៅពីការបង្ហាញសេចក្ដីស្រឡាញ់ព្រះមហាក្សត្រ ព្រះរាជពិធីនេះក៏បានបញ្ជាក់ឲ្យបរទេសស្គាល់ពីរបៀបរបបប្រពៃណីថ្វាយព្រះភ្លើងព្រះមហាក្សត្រខ្មែរ តាមសាសនា និងប្រពៃណីវប្បធម៌ជាតិថែមទៀត។ ប្រការដែលថ្មីសម្រាប់ប្រជាពលរដ្ឋ និងអន្តរជាតិ ដូចជា ពិធីយកព្រះភ្លើង ការថ្វាយព្រះបរមមរណនាម ព្រះរាជពិធីសប្តប្រករណ៍ ព្រះរាជពិធីថ្វាយខ្លឹមចន្ទន៍ ព្រះរាជក្បួនដង្ហែព្រះបរមសព និងព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិជាដើម។
ជំនួយការស្រាវជ្រាវឯកសារព្រះបរមរាជវាំង លោកសាស្ត្រាចារ្យ សាម សុវណ្ណនិ មានប្រសាសន៍ថា ព្រះរាជពិធីថ្វាយព្រះភ្លើងនេះ ប្រព្រឹត្តទៅបានអធិកអធមដោយសារតែកម្ពុជា មានធនធានគ្រប់គ្រាន់ ទាំងធនធានមនុស្ស សម្ភារៈ និងជាពិសេសឯកសារបន្សល់ទុកពីសម័យមុន។ លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានចាត់ចែងធនធានមនុស្សបានល្អ ដើម្បីបម្រើការក្នុងព្រះរាជពិធីទាំងមូលដែរ។
លោក សាម សុវណ្ណនិ បញ្ជាក់ថា ការរៀបចំព្រះរាជពិធីនោះ បានបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់ប្រជាជាតិខ្មែរ៖ «ចង់បង្ហាញពីវប្បធម៌ និងអរិយធម៌ឲ្យកូនខ្មែរបានដឹង ថាពិធីដង្ហែព្រះបរមសពហ្នឹង គេធ្វើយ៉ាងម៉េច បូជាមានក្បួនខ្នាតច្បាស់លាស់ណាស់ ក្បួននៃការដើររបស់នៃការដើរហ្នឹង ក៏តាមក្បួនខ្នាត ហើយរបស់ដែលប្រើហ្នឹង ក៏មានក្បួនខ្នាតច្បាស់លាស់ទៀត»។
លោក សាម សុវណ្ណនិ បញ្ជាក់ថា ការរៀបចំព្រះរាជពិធីបុណ្យនោះ ក៏បង្ហាញពីសាមគ្គីភាពរបស់ប្រជាពលរដ្ឋកម្ពុជា ដែរ។
ទោះយ៉ាងណាក៏ដោយ រាល់ខ្លឹមសារនៃព្រះរាជកម្មវិធីទាំងអស់មិនត្រូវបានផ្សព្វផ្សាយឲ្យទូលំទូលាយទេ អ្នកសារព័ត៌មានខ្លះបានសរសេរពីអត្ថន័យព្រះរាជពិធីនិមួយៗបានច្បាស់ និងឲ្យមិត្តអ្នកទស្សនាបានយល់ជ្រួតជ្រាបដែរ។ តែកាសែតធំៗជាច្រើនក្នុងពិភពលោក បែរជាចាប់អារម្មណ៍ និងរាយការណ៍តែទិដ្ឋភាពខាងក្រៅប៉ុណ្ណោះ។ ដូចនេះ បានន័យថា សន្ទុះនៃការនាំទំនៀមទម្លាប់ អរិយធម៌ខ្មែរ ឲ្យអន្តរជាតិបានយល់ និងស្គាល់ យកទៅផ្សាយបន្តនោះ ក៏នៅមានកម្រិតទាបដែរ។
ចំណែកឯអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគឯករាជ លោកបណ្ឌិត សុខ ទូច ពន្យល់ថា សន្ទុះនៃការគាំទ្រអតីតព្រះមហាវីរក្សត្រ បានមកពីគុណបំណាច់ព្រះអង្គចំពោះជាតិមាតុភូមិ និងម្យ៉ាងទៀត ក៏បានមកដោយសារសារព័ត៌មាន វិទ្យុ ទូរទស្សន៍ កាសែត ផ្សព្វផ្សាយពីស្នាដៃល្អៗរបស់ព្រះអង្គ ក្រោយពេលព្រះអង្គចូលព្រះទិវង្គត។ លោកបន្តថា ព្រះរាជពិធីទាំងអស់បង្ហាញឲ្យអ្នកសិក្សាស្វែងយល់ពីបញ្ហាមួយចំនួន ដូចជា វប្បធម៌ ការលើកពីគុណសម្បត្តិថ្នាក់ដឹកនាំ ការដោះដូរអំណាចរបស់សម្ដេចឪមកមហាក្សត្រសព្វថ្ងៃ តាមរដ្ឋធម្មនុញ្ញ និងទឹកចិត្តពលរដ្ឋចំពោះរបបរាជានិយម។
លោក សុខ ទូច បញ្ជាក់ថា ប្រជាពលរដ្ឋជឿលើសម្ដេចឪ តែពួកគាត់ត្រូវតែពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ ផ្អែកលើប្រវត្តិសាស្ត្រ ជៀសវាងត្រូវអ្នកនយោបាយខិលខូចបោកប្រាស់៖«ទាញយកផលចំណេញរៀងខ្លួន មានផលប្រយោជន៍គ្រប់គណបក្សទាំងអស់ យកព្រះអង្គ ហើយបង្ហាញពីថាស្រឡាញ់រាជបល្ល័ង្ក ផ្ទុយទៅវិញ បើស្តាប់ប្រហែលជាមិនជាប់គាំងរាជរដ្ឋាភិបាលឆ្នាំ២០០៣ ទេ ពិបាកណាស់ពេលអ្នកនយោបាយចង់បាន គេចាប់ផ្ដើម ពេលគេអត់ចង់បាន គេថាខ្វះនេះខ្វះនោះអីចឹងទៅ»។
លោកបណ្ឌិត សុខ ទូច បញ្ជាក់ថា ប្រជាពលរដ្ឋមិនចាំបាច់អស់សង្ឃឹមពេកទេ នៅពេលដែលបាត់បង់សម្ដេចឪ សម្ដេចតា ព្រោះប្រទេសខ្មែរនៅមានព្រះមហាក្សត្រគង់ប្រថាប់ជាម្លប់បន្តទៅទៀត ហើយតាមរដ្ឋធម្មនុញ្ញ ព្រះអង្គជាប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងជាប្រធានឧត្តមក្រុមប្រឹក្សាការពារជាតិទៀតផង។
ផ្អែកតាមប្រវត្តិសាស្ត្រ អង្គសម្ដេចតា សម្ដេចឪ ក៏ដូចជាអ្នកនយោបាយដទៃទៀតដែរ ពោលគឺព្រះអង្គបានធ្វើទង្វើពីរយ៉ាងជាសំខាន់ ទាំងផ្នែកវិជ្ជមាន និងអវិជ្ជមាន។ ផ្នែកវិជ្ជមាន នៅត្រង់ថា ព្រះអង្គបានទាមទារឯករាជ្យឲ្យកម្ពុជា ពីបារាំង ស្ថាបនិកកិច្ចព្រមព្រៀងទីក្រុងប៉ារីស នយោបាយអព្យាក្រឹត្យសម្រាប់កម្ពុជា នាំមកសម័យសង្គមរាស្ត្រនិយម ការទាមទារប្រាសាទព្រះវិហារ ពីថៃ និងកេរដំណែលសិល្បៈជាច្រើនទៀត ទាំងភាពយន្ត ចម្រៀង ដូរ្យតន្ត្រី។
ចំពោះចំណុចអវិជ្ជមានវិញ ដូចជាការអនុញ្ញាតឲ្យវៀតណាម កសាងផ្លូវលំហូជីមិញ នាំឲ្យមានសង្គ្រាមលើដីខ្មែរ ការចូលរួមកម្លាំងបដិវត្តន៍ធ្វើឲ្យរបបកម្ពុជាប្រជាធិបតេយ្យបានជ័យជំនះជាដើម។ តែចំណុចអវិជ្ជមាន មិនត្រូវបានពលរដ្ឋទូទៅដឹងឲ្យបានទូលំទូលាយឡើយទេ ដោយសារកត្តាអប់រំចំណេះដឹងជាដើម។ អ្នកវិភាគលើកឡើងថា ទៅថ្ងៃអនាគត ប្រជាពលរដ្ឋគួរតែសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រ និងពិចារណាឲ្យច្បាស់លាស់ ជៀសវាងជឿស្លុងទៅលើអ្នកនយោបាយរបស់បក្សណាមួយដោយងប់ងុល ដែលនាំឲ្យមានអន្តរាយដល់ប្រទេសជាតិទាំងមូល៕
ចម្លងការផ្សាយពីវិទ្យុអាស៊ីសេរីភាសាខ្មែរ
No comments:
Post a Comment