Tuesday, July 23, 2013

ការ​ចែក​រំលែក​អំពី​វិធីសាស្ត្រ​ស្រាវជ្រាវ​


សកម្មភាព​​​របស់​​សិក្ខាកាម​​ក្នុង​​ឱកាស​​​​បើក​​​សិក្ខាសាលា​​​ថ្នាក់​​ជាតិ​​​លើក​​​ទី​១​​​ស្ដី​​អំពី​វិធីសាស្ត្រ​​​ស្រាវជ្រាវភ្នំពេញថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៣
រូប​ភាព៖​ អង្គការវិទ្យាស្ថានបើកទូលាយ

ថ្ងៃទី១៧ ខែ​មិថុនា ឆ្នាំ២០១៣ ភ្នំពេញ ​៖ អង្គការ វិទ្យាស្ថាន​បើកទូលាយ​បាន បាន​រៀប​ចំ​សិក្ខាសាលា​ថ្នាក់​ជាតិ​លើក​ទី​១​ស្ដី​អំពី​វិធីសាស្ត្រ​ ស្រាវជ្រាវ ក្រោម​កិច្ចសហការ​ពី ​​នាយកដ្ឋាន​ឧត្ដម​សិក្សា​នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​ឧបត្ថម្ភ​ថវិកា​ដោយ​ភ្នាក់ងារ​អេស្ប៉ាញ​​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​អន្តរជាតិ (AECID) នៅ​ថ្ងៃ​ទី​៨ ៩​ ខែ​មិថុនា ឆ្នាំ២០១៣ នៅ​សណ្ឋាគារ​សាន់វេ។ សិក្ខាសាលា​នេះ​រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​បង្កើន​ការ​សិក្សា​ស្រាវជ្រាវ​ក្នុង​គ្រប់​វិស័យ​ជា​ភាសា​ជាតិ​ដោយ​ប្រើប្រាស់​បច្ចេកទេស​ស្រាវជ្រាវ​ត្រឹមត្រូវ​តាម​ប្រភេទ​មុខ​វិជ្ជា​ដោយ​ប្រមូល​ផ្ដុំ​អ្នក​មាន​បទពិសោធន៍​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​មក​ធ្វើ​បទ​បង្ហាញ​ពី​វិធីសាស្ត្រ និង​បច្ចេកទេស​ស្រាវជ្រាវ និង​សំណើ​ស្រាវជ្រាវ​ដល់​សិក្ខា​កាម​ដែល​បាន​ចូលរួម ។ មាន​សិក្ខាកាម​​ចំនួន ៣២២​នាក់​ ​ដែល​ជា​សិស្ស/និស្សិត​ គ្រូ​បង្រៀន បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល មន្ត្រី​រាជការ​ បុគ្គលិក​ក្រុម​ហ៊ុន​ឯក​ជន​​​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ​។

លោក​បណ្ឌិត​ អ៊ុន លាង លោក​ Juan Pita​ ​ឯកឧត្ដម​ម៉ក់​ ង៉យ លោក​ស្រី​ជឹម​ ម៉ាណាវី នឹង​លោក​បណ្ឌិត​ និត ប៉ុនឡាយក្នុង​ឱកាស​​​បើក​​សិក្ខាសាលា​​ថ្នាក់ ជាតិ​​លើក​​ទី​១​​ស្ដី​​អំពី​​វិធីសាស្ត្រ​​ស្រាវជ្រាវ
ភ្នំពេញថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៣
រូប​ភាព៖​ អង្គការវិទ្យាស្ថានបើកទូលាយ
មាន ​ប្រសាសន៍​ស្វាគមន៍​ក្នុង​កម្មវិធី​សិក្ខាសាលា​នេះ​ដែល លោក​បណ្ឌិត​ អ៊ុន លាង អនុប្រធាន​នាយកដ្ឋាន​ឧត្ដមសិក្សា​បាន​បញ្ជាក់​ថា​"សិក្ខាសាលា​នេះ​ គឺ​ជា​​ ការ​ចែក​រំលែក​បទ​ពិសោធន៍​នៃ​ការ​សិក្សា​ស្រាវជ្រាវ និង​ពង្រឹង​វិធីសាស្ត្រ​ពិត​ប្រាកដ​ដើម្បី​នាំ​មក​នូវ​ចំណេះ​ដឹង​នៅ​ ក្នុង​ការ​​ស្វែង​រក​បញ្ហា​ពិត​ប្រាកដ​​"។
​ឯកឧត្ដម​ម៉ក់​ ង៉យ អគ្គនាយក​​​នៃ​អគ្គនាយកដ្ឋាន​ឧត្ដមសិក្សា​បាន​មាន​ប្រសាសន៍​ថា "កម្មវិធី​របស់​សិក្ខាសាលា​ថ្ងៃ​នេះ​គឺ​ពិត​ជា​មាន​សារៈសំខាន់ ដោយ​មាន​វាគ្មិន​នឹង​ធ្វើ​ការ​បង្ហាញ អំពី​វិធីសាស្ត្រ​នៃ​ការ​ស្រាវជ្រាវ ហើយ​ដើម្បី​យើង​អាច​ធ្វើការ​ស្រាវជ្រាវ​បាន យើង​ត្រូវ​តែ​កំណត់​នូវ​​វិធីសាស្ត្រ​នៃ​ការ​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់​ លាស់​។..." លោក​បាន​បន្ត​ថា​"​ខ្ញុំ​​សង្ឃឹម​ថា​បទពិសោធន៍​ដែល​វាគ្មិន​យក​មក​បង្ហាញ​ ក្នុង​អង្គ​សិក្ខាសាលា​រយៈពេល​មួយ​ថ្ងៃ​កន្លះ​នឹង​បង្ហាញ​នូវ​ភាព​សំបូរ​បែប ​នៃ​វិធីសាស្ត្រ​ស្រាវជ្រាវ។..."
​​​​​​​​​​លោក​ Juan Pita អ្នក​សម្របសម្រួល​ប្រចាំ​ប្រទេស នៃ​ភ្នាក់ងារ​អេស្ប៉ាញ​​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​អន្តរជាតិ (AECID)បាន​មាន​ប្រសាសន៍​ថា​ភ្នាក់ងារ​អេស្ប៉ាញ​​សម្រាប់​កិច្ច​ សហប្រតិបត្តិការ​អភិវឌ្ឍ​អន្តរជាតិ (AECID) គឺ​ជា​ដៃគូ​រយៈពេល​យូរ ជា​មួយ​គណៈកម្មាធិការ​ជា​ច្រើន​​ដើម្បី​ធ្វើ​ការ​គាំទ្រ​លើ​មធ្យោបាយ​ដែល​ ទទួល​បាន​​ចំណេះ​ដឹង​ក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​​​អង្គការ​វិទ្យា​ស្ថាន​ បើក​ទូលាយ ជា​​អង្គការ​ក្នុង​ស្រុក ជាពិសេស​ជាមួយ​លោក​ស្រី​ជឹម​ ម៉ាណាវី និង​លោក ហាបៀរ សូឡា​ ធ្វើ​ការ​ក្នុង​ប្រទេស​កម្ពុជា​​​​។
លោក​បាន​បន្ត​ ថា​ភ្នាក់ងារ​អេស្ប៉ាញ​​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​អន្តរជាតិ (AECID) បាន​បន្ត​ធ្វើ​ការ​គាំទ្រ​ដល់​ដំណើរ​ការ​នៃ​មធ្យោបាយ​ដែល​ទទួល​បាន​​ចំណេះ ​ដឹង​ និង​វប្បធម៌​ខ្មែរ​ចេញ​ពី​ទស្សនៈ​ផ្សេង​គ្នា​​​ ដែល​​អនុវត្ត​​ដោយ​អង្គការ​វិទ្យា​ស្ថាន​បើក​ទូលាយ​។ លោក​បាន​បញ្ជាក់​បន្ថែម​ថា​"ខ្ញុំ​ជឿ​ជាក់​ថា​ចំណេះ​ដឹង​ គឺ​ជា​មូលដ្ឋានគ្រឹះ​នៃ​សេរីភាព និង​ការអភិវឌ្ឍន៍​ដ៏​ពិត​ប្រាកដ។​..."
​អត្ថបទ​ដែល​ទាក់ទង

No comments: