សិស្សសាលានៅភ្នំពេញ បានចំណាយប្រាក់ប្រមាណជាង ៧សែនដុល្លារអាមេរិក ដើម្បីសូកគ្រូអនុរក្សនៅពេលប្រឡងសញ្ញាបត្របាក់ឌុប នាថ្ងៃទី៥ ដល់ទី៧ ខែសីហា។ ការបញ្ចេញចំនួនទឹកប្រាក់សូកប៉ាន់ ធ្វើឡើងស្របពេលដែលលទ្ធផលប្រឡងបាក់ឌុប ចេញនៅថ្ងៃទី៣០ ខែសីហា។
ការសិក្សាស្រាវជ្រាវមួយរបស់អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន វ៉ាយ.អ.ឌី.ភី (YRDP) បានបង្ហាញអោយឃើញថា បេក្ខជនប្រឡងបាក់ឌុប នៅភ្នំពេញ បានចំណាយជាមធ្យមម្នាក់ ៣៧ដុល្លារអាមេរិក ដើម្បីសូកអនុរក្សក្នុងរយៈពេលប្រឡងចំនួន ២ថ្ងៃកន្លះ ពីថ្ងៃទី៥ ដល់ព្រឹកថ្ងៃទី៧ ខែសីហា។
បើទោះជាការស្រាវជ្រាវមិនបានបង្ហាញចំនួនទឹកប្រាក់សរុបដែលបេក្ខជនបានចំណាយក្នុងពេលប្រឡងក៏ដោយ តែបើគេយកចំនួនទឹកប្រាក់មធ្យមដែលសិស្សចំណាយម្នាក់ ៣៧ដុល្លារ គុណនឹងចំនួនបេក្ខជនសរុបនៅភ្នំពេញទាំងអស់ ១៩.០៧៩នាក់ នោះគេនឹងឃើញថា សិស្សទាំងនោះបានចំណាយប្រមាណជាង ៧សែនដុល្លារអាមេរិក ក្នុងពេលប្រឡង។ ហើយចំនួនទឹកប្រាក់ជាង ៧សែនដុល្លារ នេះ មិនបានរាប់បញ្ចូលប្រាក់ដែលសិស្សបានចំណាយសម្រាប់ចម្លង ឬទិញវិញ្ញាសាប្រឡងនៅខាងក្រៅឡើយ។
ការសិក្សាស្រាវជ្រាវរបស់អង្គការ វ៉ាយ.អ.ឌី.ភី ត្រូវបានប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា លោក រ៉ុង ឈុន បង្ហាញជំហរគាំទ្រចំពោះអង្គការមួយនេះ ដែលបានខិតខំស្រាវជ្រាវបង្ហាញលទ្ធផលអោយសាធារណជន ជាពិសេសអោយរដ្ឋាភិបាលបានដឹងពីភាពមិនប្រក្រតីដែលបានកើតឡើងក្នុងពេលប្រឡងម្តងៗ។ លោកមានប្រសាសន៍ថា ការសិក្សាស្រាវជ្រាវនេះ គឺបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែង ដែលបានកើតឡើងក្នុងមណ្ឌលប្រឡង ហើយថា ការស្រាវជ្រាវនេះ គឺជាការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិល ក្នុងការផ្តល់ព័ត៌មានពិតអោយថ្នាក់ដឹកនាំក្រសួងអប់រំ ពិសេសរដ្ឋាភិបាលកម្ពុជា បានជ្រាប។
លោក រ៉ុង ឈុន៖ «ប៉ុន្តែ យើងមានការសោកស្ដាយ សោកស្ដាយត្រង់ថា រដ្ឋាភិបាលយើងតាំងពីថ្នាក់លើដល់ថ្នាក់ក្រោមដូចគ្នាទាំងអស់ មិនដែលមានសេចក្តីក្លាហានទទួលយកនូវរបាយការណ៍របស់សង្គមស៊ីវិលជាតិ និងអន្តរជាតិ ដែលគេបានលើកឡើងថា ត្រូវធ្វើការកែលំអ ជាពិសេសដូចរឿងអប់រំអ៊ីចឹង គេបានបង្ហាញម្តងហើយម្តងទៀត តែតែងបានបដិសេធ ហើយនិយាយលាក់បាំងការពិត។ បញ្ហាហ្នឹង វាធ្វើអោយសង្គមយើងងើបអត់រួចទេ យើងត្រូវធ្វើការកែប្រែគោលជំហរមិនទទួលខុសត្រូវហ្នឹង»។
ការស្រាវជ្រាវរបស់អង្គការ វ៉ាយ.អ.ឌី.ភី បង្ហាញអោយឃើញថា អំពើពុករលួយដែលបានកើតឡើងក្នុងពេលប្រឡង ភាគច្រើនផ្ដួចផ្ដើមចេញពីសិស្សខ្លួនឯងដែលនាំគ្នាប្រមូលលុយប្រគល់អោយគ្រូអនុរក្ស។ ប៉ុន្តែ កន្លែងខ្លះ គ្រូអនុរក្សបានបង្ខំសិស្សប្រមូលលុយអោយពួកគេតែម្តង។ ត្រង់ចំណុចនេះ អាចអោយគេលើកជាសំណួរបានថា តើអ្នកណាដែលជាអ្នកខុសពិតប្រាកដ សិស្ស ឬក៏គ្រូអនុរក្ស?
ទាក់ទិននឹងបញ្ហានេះ លោក រ៉ុង ឈុន បានបញ្ចេញទស្សនៈថា វាមិនមែនជាកំហុសរបស់សិស្ស ហើយវាក៏មិនមែនជាកំហុសរបស់គ្រូដែរ តែអ្នកដែលខុសពិតប្រាកដនោះ គឺថ្នាក់ដឹកនាំរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងអប់រំ ដែលមិនយកចិត្តទុកដាក់ដោះស្រាយពីការលំបាក បញ្ហាជីវភាពរបស់គ្រូបង្រៀន ពិសេសមិនយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រាក់បៀវត្សរបស់ពួកគេ។ លោកបន្ថែមថា កត្តាដែលធ្វើអោយគ្រូទទួលយកលុយពីសិស្ស ដោយសារគ្រូទាំងនោះមានជីវភាពទីទ័លលំបាក ដូច្នេះពួកគេត្រូវឆ្លៀតឱកាសពេលប្រឡង ដើម្បីស្វែងរកកម្រៃបន្ថែមផ្គត់ផ្គង់ជីវភាព។
លោក រ៉ុង ឈុន៖ «បើគាត់មានប្រាក់បៀវត្សសមរម្យ បញ្ហាភាពមិនប្រក្រតីនឹងត្រូវបានលុបបំបាត់ ទោះបីសិស្សរៃអោយអនុរក្សក៏ដោយ ពេលនោះគាត់បដិសេធមិនទទួលទេ ពេលហ្នឹង គាត់ស្រឡាញ់កិត្តិយសហើយ ហើយគាត់នឹងចូលរួមលុបបំបាត់នូវរាល់អំពើពុករលួយនៅតាមមណ្ឌលប្រឡង ក៏ដូចជាថ្នាក់ប្រឡងនីមួយៗ អ៊ីចឹង អ្នកដែលមានកំហុសធ្ងន់នោះ គឺអ្នកដឹកនាំរដ្ឋាភិបាលតែម្តង»។
វិទ្យុអាស៊ីសេរី បានទាក់ទងមន្ត្រីក្រសួងអប់រំ ដើម្បីសុំប្រតិកម្មទាក់ទងនឹងការស្រាវជ្រាវរបស់អង្គការ វ៉ាយ.អ.ឌី.ភី តែមន្ត្រីទាំងនោះមិនបានធ្វើអត្ថាធិប្បាយទេ ដោយលើកហេតុផលថា កំពុងជាប់រវល់ ហើយក៏បានផ្តល់យោបល់អោយទៅសួរអ្នកសិក្សាស្រាវជ្រាវនៅអង្គការ វ៉ាយ.អ.ឌី.ភី វិញ។
ទោះជាយ៉ាងណាក៏ដោយ គេសង្កេតឃើញជាទូទៅថា ភាពមិនប្រក្រតីតែងកើតមានឡើងជារៀងរាល់ឆ្នាំ ក្នុងសម័យប្រឡង។ ភាពមិនប្រក្រតីទាំងនោះរួមមាន ការបែកធ្លាយវិញ្ញាសាមុនពេលប្រឡង ការអនុញ្ញាតអោយសិស្សបើកមើលកំណែវិញ្ញាសាប្រឡង ការអនុញ្ញាតអោយសិស្សចម្លងគ្នា ការអនុញ្ញាតអោយមានលំហូរចម្លើយវិញ្ញាសាពីបន្ទប់ប្រឡងមួយទៅបន្ទប់ប្រឡងមួយ និងការប្រព្រឹត្តអំពើពុករលួយក្នុងពេលប្រឡងជាដើម។
ការប្រឡងសញ្ញាបត្របាក់ឌុប ចាប់ផ្ដើមពីថ្ងៃច័ន្ទ ទី៥ និងបញ្ចប់នៅថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០១៣។ ក្រសួងអប់រំ បានឲ្យដឹងថា ការប្រឡងនេះមានបេក្ខជនសរុបចំនួន ១០៥.២៩៧នាក់ រីឯការប្រកាសលទ្ធផលសញ្ញាបត្រនេះ សម្រាប់មណ្ឌលនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ធ្វើនៅថ្ងៃទី៣០ ខែសីហា និងខេត្តផ្សេងៗទៀត ប្រកាសនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៣។ ក្រសួងអប់រំ បានអោយដឹងនៅថ្ងៃទី៣០ ខែសីហា ថា បេក្ខជនដែលបានប្រឡងជាប់មានចំនួន ៩១.៣៧០នាក់ ដែលស្មើប្រមាណជា ៨៧% នៃបេក្ខជនប្រឡងសរុប៕
ប្រភព៖ អាស៊ីសេរី
ប្រភព៖ អាស៊ីសេរី
No comments:
Post a Comment