Wednesday, September 11, 2013

«ចំណោទ»នៃ​តួ​នាទី​ព្រះមហាក្សត្រ​កើត​ឡើង​ជា​ថ្មី​!

ព្រះ​មហាក្សត្រ សម្តេច​ព្រះ​បាទ​បរម​នាថ នរោត្តម សីហមុនី និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា។
ព្រះ​មហាក្សត្រ សម្តេច​ព្រះ​បាទ​បរម​នាថ នរោត្តម សីហមុនី និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា។
rfi/Siv Channa
ដោយ ប៉ែន បូណា
ព្រះមហាក្សត្រ​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី នឹង​យាង​ត្រឡប់មក​ប្រទេស​វិញ​នៅ​ថ្ងៃ​ពុធ​នេះ​ បន្ទាប់ពី​បានទទួល​ការពិនិត្យ​ព្រះរាជសុខភាព​ពី​គ្រូពេទ្យ​ចិន។ ព្រះអង្គ​គ្រោង​នឹង​កោះអញ្ជើញ​អ្នកតំណាងរាស្ត្រ​ជាប់ឆ្នោត​ទាំងអស់​ឲ្យ​ចូលរួម​ប្រជុំ​សភា​ដំបូង​នៅ​ថ្ងៃ​ទី​២៣​កញ្ញា​​នេះ។ ប៉ុន្តែ ការកោះប្រជុំ​សភា​ដំបូង​របស់​ព្រះមហាក្សត្រ​ក្នុងស្ថានភាព​ជាប់គាំង​នយោបាយ​​បែប​នេះ កំពុង​ក្លាយជា​ប្រធានបទ​នៃ​ការជជែក​វែកញែក​យ៉ាង​ផុលផុស​ក្នុងចំណោម​អ្នកនយោបាយ និង​ក្រុមអ្នកវិភាគ។ នេះ​បានបង្ហាញ​ឲ្យ​ឃើញ​ជាថ្មីទៀត​ពី​ចំណោទ​​នៃ​​តួនាទី​​ព្រះមហាក្សត្រ​។
ប្រសិន​បើ​ព្រះមហាក្សត្រ​កោះអញ្ជើញ​អ្នកតំណាងរាស្ត្រ​ជាប់ឆ្នោត​ទាំងអស់​ឲ្យ​ចូលប្រជុំ​សភា និង​​ប្រសិនបើ​ព្រះអង្គ​នឹង​យាង​ចូលរួម​ធ្វើជា​ព្រះរាជអធិបតី​ក្នុង​ពិធី​បើក​កិច្ចប្រជុំសភា​ដំបូង​មែន​នោះ នេះ​គឺ​ពិតជា​ការវិវឌ្ឍ​នយោបាយ​ដ៏​សំខាន់​មួយទៀត។

ការ​កោះប្រជុំ​របស់​ព្រះមហាក្សត្រ​មានន័យថា ព្រះអង្គ​បានផ្តល់​តម្លៃ​ពេញលេញ​ដល់​លទ្ធផល​​នៃ​ការបោះឆ្នោត និង​តម្លៃ​ពេញលេញ​ដល់​កិច្ចប្រជុំសភា​ដំបូង។ និយាយ​ដោយឡែក ការកោះប្រជុំ​របស់​ព្រះមហាក្សត្រ​គឺជា​ការផ្តល់​ទម្ងន់​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​​ទាំង​​ខាង​ទិដ្ឋភាព​ផ្លូវច្បាប់ និង​ទិដ្ឋភាព​នយោបាយ ដែល​ធ្វើ​ឲ្យ​គណបក្សកាន់អំណាច​មាន​​ប្រៀប​ទៅលើ​គូបដិបក្ខ​របស់ខ្លួន​នៅក្នុង​ជម្លោះ​នយោបាយ​ក្រោយ​ការបោះឆ្នោត។

ប៉ុន្តែ ស្ថានភាព​នេះ​បានដាក់​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ស្ថិតក្នុង​សភាព​លំបាក​ដោយហេតុថា គណបក្ស​​នេះ​​បានប្រកាស​រួចហើយ​ថា ខ្លួន​នឹងមិន​ចូលរួម​ប្រជុំ​សភា​ដំបូង​ជាដាច់ខាត​ប្រសិនបើ​គ្មាន​ដំណោះស្រាយ​នយោបាយ​ទេនោះ។ ដូច្នេះ តើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​សម្រេច​​បែបណា​រវាង​ការគោរព​ព្រះមហាក្សត្រ និង​ការសន្យា​របស់ខ្លួន​នៅ​ចំពោះមុខ​អ្នកបោះឆ្នោត​ដែលថា ខ្លួន​នឹងមិន​ចូលប្រជុំ​សភា​ជាដាច់ខាត​នោះ? ការ​ស្វះស្វែង​របស់​បក្សប្រឆាំង​ដើម្បី​បាន​ជួប​ព្រះមហាក្សត្រ​នៅ​ថ្ងៃ​ពុធ​នេះ ពិតជា​មិនអាច​ចៀស​ផុតពី​ប្រធានបទ​នេះឡើយ។

មិន​ត្រឹមតែ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ សូម្បីតែ​ព្រះមហាក្សត្រ​ក៏​ទំនងជា​ស្ថិតក្នុង​ស្ថានភាព​លំបាក​​ដែរ ​គឺ​លំបាក​ដោយសារតែ​អ្នកនយោបាយ​មិន​ចុះសម្រុង​គ្នា។ ដូច្នេះ ការកោះប្រជុំ និង​ការយាង​ទៅ​ចូលរួម​ជា​ព្រះរាជាធិបតីភាព​នៃ​កិច្ចប្រជុំសភា​ដំបូង​របស់​ព្រះមហាក្សត្រ​ក្នុងស្ថានភាព​បែបនេះ​ប្រាកដជា​ចៀស​មិន​ផុត​ឡើយ​ពី​ការ​រ​ង្គៀ​ស​ចិត្ត​ពី​សំណាក់​គណបក្ស​សង្គ្រោះ​​ជាតិ និង​អ្នកគាំទ្រ​គណបក្ស​នេះ។ ពួកគេ​ច្បាស់​ជាមាន​អារម្មណ៍​ថា ព្រះអង្គ​បដិសេធ​ចោល​​ទាំង​ស្រុង​នូវ​បុព្វហេតុ​នៃ​ការតវ៉ា​របស់​ពួកគេ។

ជា​ការ​ពិតណាស់ ព្រះមហាក្សត្រ អនុវត្តន៍​តាម​នីតិវិធី​ច្បាប់​ដែល​តម្រូវ​ដោយ​រដ្ឋធម្មនុញ្ញ​ឲ្យ​ព្រះអង្គ​​ធ្វើតាម​បែបបទ​របស់​ស្ថាប័ន​ជាតិ​ដែលមាន​សមត្ថកិច្ច​តែប៉ុណ្ណោះ។ ដូច្នេះ នៅ​ពេល​ដែល គ.ជ.ប និង​​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​បំពេញ​កិច្ចការ​របស់ខ្លួន​ទាក់ទង​នឹង​ការបោះឆ្នោត​រួចរាល់​ហើយ​នោះ ព្រះអង្គ​ក៏ត្រូវ​កោះប្រជុំ​សភា​ដំបូង​ក្នុង​រយៈពេល​យ៉ាងយូរ៦០ថ្ងៃ​ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ ក្នុងន័យនេះ គេ​មិនអាច​ស្តីបន្ទោស​ព្រះអង្គ​បានឡើយ។

ប៉ុន្តែ ដោយហេតុថា គណបក្សនយោបាយ​ដែល​ជាប់ឆ្នោត​នៅ​មិនទាន់​ស្រុះស្រួល​គ្នា​អំពី​លទ្ធផល​​នៃ​ការបោះឆ្នោត​នៅឡើយ​នោះ ការបំពេញ​ព្រះរាជតួនាទី​របស់​ព្រះមហាក្សត្រ​ទៅ​តាម​​រដ្ឋធម្មនុញ្ញ​គឺជា​ចំណោទ​ដ៏​ធំ​មួយ។ ចំណោទ​នេះ​ធ្លាប់បាន​កើតជា​ហូរហែរ​រួចមកហើយ​តាំងពី​រជ្ជកាល​របស់​ព្រះ​បរម​រត​កោដ្ឋ សម្តេច​ឳ នរោត្តម សីហនុ មកម្ល៉េះ។ កាលណោះ ពេល​ជួបនឹង​ស្ថានភាព​ជាប់គាំង​នយោបាយ​ដោះស្រាយ​មិន​ចេញ សម្តេច​ឳ​បាន​ប្រើ​វិធី​ពីរ​យ៉ាង៖
ទី១៖ ព្រះអង្គ​ធ្វើ​ព្រះរាជអន្តរាគមន៍​ដោះស្រាយ​វិបត្តិ​នយោបាយ​ឲ្យ​បាន​មុន​ការបើក​កិច្ចប្រជុំសភា​លើកដំបូង​ដើម្បី​អនុញ្ញាត​ឲ្យ​គណបក្ស​ជាប់ឆ្នោត​អាច​ចូលប្រជុំ​សភា​ដោយ​ស្រុះស្រួល​គ្នា ។ ទី២៖ ក្នុងករណី​ដែល​វិបត្តិ​នយោបាយ​មិនអាច​ដោះស្រាយបាន ជាទូទៅ ព្រះអង្គ​ច្រើនតែ​ផ្ទេរ​តួនាទី​ឲ្យ​ប្រមុខរដ្ឋ​ស្តីពី​ដើម្បី​កោះប្រជុំ និង​ដឹកនាំ​កិច្ចប្រជុំ។ វិធី​នេះ​ត្រូវគេ​មើលឃើញថា ដើម្បី​ចៀសវាង​ការរិះគន់​ពី​សំណាក់​គណបក្ស​ដែល​មិន​សុខចិត្ត​ពីព្រោះ​គណបក្ស​ណាក៏ដោយ​សុទ្ធតែជា​កូនចៅ​របស់​ព្រះអង្គ។ នេះ​ជា​ទម្លាប់​ដែល​សម្តេច​ឳ​តែង​បានធ្វើ ប៉ុន្តែ វា​មិនមែនជា​ច្បាប់​ដែល​តម្រូវ​ឲ្យ​មហាក្សត្រ​គ្រប់​អង្គ​ត្រូវធ្វើ​ដូច្នោះ​ឡើយ។

យ៉ាងណាក៏ដោយ គំរូ​ដែល​ព្រះមហាវីរក្សត្រ​បានធ្វើ​នៅតែមាន​តម្លៃ​ដើម្បី​ទម្លុះទម្លាយ​ភាពទ័លច្រក​នយោបាយ។ ពីនេះ​ដល់​ថ្ងៃទី ២៣ កញ្ញា គណបក្ស​ទាំងពីរ​គួរតែ​សាកល្បង​ថ្វាយ​ព្រះរាជតួនាទី​ដល់​ព្រះមហាក្សត្រ​ដើម្បី​កោះប្រជុំ​រក​ដំណោះស្រាយ​បញ្ហា​ដែល​កំពុង​ប្រឈម។ ពិត​ហើយ​ថា សម្រាប់​ក្រសែភ្នែក​ក្រុមអ្នកវិភាគ គោលដៅ​របស់​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​ពិបាក​នឹង​រក​ចំណុចប្រសព្វ​គ្នា​ណាស់ ហើយ​ព្រះមហាក្សត្រ​ក៏​ពិបាក​នឹង​អន្តរាគមន៍​ដែរ។
ប៉ុន្តែ នេះ​ជា​ដំណាក់កាល​ចុងក្រោយ​សំខាន់​មួយទៀត​ដែល​គ្រប់ភាគី​ពាក់​ព​ន្ធ័​គួរ​សាកល្បង​ប្រើប្រាស់​តួនាទី​ព្រះមហាក្សត្រ ​ដើម្បី​ដោះស្រាយ​បញ្ហា​ដោយ​សាកល្បង​តម្កល់​ផល​ប្រយោជន៍​​ជាតិ​ជាធំ។ ប្រសិនបើ​មិន​ដូច្នោះ​ទេ ជម្លោះ​នយោបាយ​ក៏​មិនអាច​ដោះស្រាយបាន រីឯ​​ព្រះរាជតួនាទី​ព្រះមហាក្សត្រ​ក៏​នៅតែ​បន្ត​រងគ្រោះ​ព្រោះ​ជម្លោះ​អ្នកនយោបាយ​គ្មាន​ទី​បញ្ចប់​​ឡើយ៕
http://www.khmer.rfi.fr/cambodia/20130911-king-domestic-politic-conflict


No comments: