(ថ្ងៃទី 5 ឧសភា 2012, ម៉ោង 02:12:PM) | ដោយ: សុខ ភក្តី
នាយករដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ៤ អាណត្តិមកហើយ បានប្រកាសជាសាធារណនៅថ្ងៃទី៥ឧសភាថា បើសិនជាអ្នកគាំទ្រសម្តេច ស្ថិតនៅក្រោម ៦០% សម្តេចនឹងលាឈប់ពីនាយករដ្ឋមន្ត្រី។
ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ២១៤ ដែលនឹងត្រូវដូរមកជាផ្លូវជាតិលេខ ៩ ប្រវែង ១៤៣,៤១ គីឡូម៉ែត្រ ពីខេត្តស្ទឹងត្រែង ទៅដល់ខេត្តព្រះវិហារ និងស្ពានទន្លេមេគង្គស្ទឹងត្រែង ប្រវែង ១.៧៣១ ម៉ែត្រ នៅទីរួមខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១២ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា "ខ្ញុំដាក់គោលដៅ បើមនុស្សលែងជឿ ( សម្តេចហ៊ុនសែន ) ស្ថិតនៅក្រោម ៦០% ខ្ញុំនឹងចាកចេញ មិនតំណាងឲ្យបក្ស ( គណបក្សប្រជាជនកម្ពុជា ) ក្នុងតំណែងជានាយករដ្ឋមន្ត្រី"។
ជាមួយនឹងសេចក្តីប្រកាសផ្ទាល់មាត់ខាងលើនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសពីលទ្ធផលស្តង់មតិមួយ ដែលអង្គការបរទេស បានធ្វើឡើង ហើយបានយកទៅបង្ហាញសម្តេច មុននឹងអង្គការបរទេសនោះ ចេញផ្សាយរបាយការណ៍ស្តង់មតិ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ចម្លើយក្នុងចំណោមអ្នកផ្តល់សម្ភាសន៍ ៨១ % ក្នុងចំណោមមនុស្ស ២.០០០ នាក់ ឆ្លើយថា រដ្ឋាភិបាលរបស់សម្តេចសព្វថ្ងៃ ដើរលើផ្លូវត្រូវ។ ក្នុងនោះ អ្នកឆ្លើយថា បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ចំនួន ៦៧% ហើយអ្នកដែលជឿលើសម្តេចហ៊ុនសែន ៨៧%។
ជាការកត់សម្គាល់ វិទ្យាស្ថាន IRI ប្រចាំកម្ពុជា តែងតែធ្វើការស្តង់មតិ ទាក់ទងនឹងសំណួរ ថាតើរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដើរលើផ្លូវត្រូវ ឬផ្លូវខុស?។ ក្នុងរបាយការណ៍ ប្រចាំឆ្នាំទាំងនោះ សុទ្ធតែបង្ហាញភាគរយខ្ពស់ថា រដ្ឋាភិបាលកម្ពុជា កំពុងដើរលើផ្លូវត្រូវ តាមរយៈការសាងសង់ផ្លូវស្ពាន សាលារៀន និងមន្ទីរពេទ្យ ជាដើម៕
No comments:
Post a Comment