Friday, October 11, 2013

ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​មន្ត្រី​ជា​ចំណែក​ជោគជ័យ​នៃ​កំណែ​ទម្រង់​រដ្ឋាភិបាល​

ភាពស្និទ្ធ​ស្នាល​របស់​សម្តេច​ព្រះនរោត្តម​ សីហនុ ជាមួយ​ប្រជារាស្ត្រ ជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​ប្រជាប្រិយភាព​របស់​ព្រះអង្គ។
ភាពស្និទ្ធ​ស្នាល​របស់​សម្តេច​ព្រះនរោត្តម​ សីហនុ ជាមួយ​ប្រជារាស្ត្រ ជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​ប្រជាប្រិយភាព​របស់​ព្រះអង្គ។
@Google
ដោយ ប៉ែន បូណា
រដ្ឋាភិបាល​អាណត្តិ​ទី​៥​បាន​ចេញ​ដំណើរ​ហើយ ​ទោះ​បី​ជា​វិបត្តិ​នយោបាយ​នៅ​មិន​ទាន់​ដោះស្រាយ​បាន​ក៏​ដោយ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​កំណែ​ទម្រង់​ជា​ច្រើន ​ដើម្បី​ស្តារ​​ប្រជាប្រិយភាព​រដ្ឋាភិបាល​ឡើង​វិញ។ ប៉ុន្តែ ការ​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​មន្ត្រីរ​ដ្ឋា​ភិ​បាល និង​មន្ត្រី​អាជ្ញាធរ​ក៏​ត្រូវ​គេ​មើល​ឃើញ​ថា មាន​សារៈសំខាន់​ចាំ​បាច់​ មិន​អាច​មើល​រំលង​បាន​ដែរ ​ពីព្រោះ​វា​ជា​ចំណែក​នៃ​ជោគជ័យ ​ឬ​បរាជ័យ​នៃ​កំណែ​ទម្រង់​រដ្ឋាភិបាល។
ការ​គិតគូរ​ពី​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ខាង​គោលនយោបាយ ​គឺ​ជា​បញ្ហា​ចាំ​បាច់​ដើម្បី​ស្តារ​​ប្រជាប្រិយភាព​របស់​រដ្ឋាភិបាល ​ពីព្រោះ​ប្រសិន​បើ​គ្មាន​គោល​នយោបាយ​ល្អ​ដែល​ឆ្លើយ​តប​នឹង​សេចក្តី​ត្រូវការ​ជាក់​ស្តែង​របស់​ប្រជាពលរដ្ឋ​ទេ ការ​ដឹកនាំ​ប្រទេស​ក៏​មិន​ទទួល​ជោគជ័យ​ដែរ។ នេះ​គឺ​ជា​កត្តា​សត្យានុម័ត​ដែល​គ្មាន​រដ្ឋាភិបាល​ណា​មើល​រំលង​បាន​ឡើយ​ ជាពិសេស​ក្នុង​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ។
ប៉ុន្តែ មុន​នឹង​ឈាន​ទៅ​សម្រេច​គោល​នយោបាយ អាកប្បកិរិយា​របស់​ម​ន្ត្រី​រដ្ឋាភិបាល ​និង​មន្ត្រី​អាជ្ញាធរ​ក៏​ជា​ចំណែក​សំខាន់​មួយ​ដែរ​ដែល​គួរ​ពិចារណា។ មាន​បញ្ហា​ច្រើន​ណាស់​ដែល​កើតចេញ​ពី​អាកប្បកិរិយា​របស់​មន្ត្រី​មាន​បុណ្យ​ស័ក្តិ ហើយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខក​ចិត្ត​ដោយ​មិន​ទាន់​គិត​ដល់​សមត្ថភាព​ការងារ​ផង។ ភាព​ឆ្គាំ​ឆ្គង​សំខាន់​មួយ​របស់​មន្ត្រី​ទាំង​នោះ​គឺ​ការ​សម្ញែង​ទ្រព្យ​សម្បត្តិ​ដ៏​ស្តុកស្តម្ភ​របស់​ខ្លួន។

ជា​ទូទៅ  មន្ត្រី​ធំៗ​ថ្នាក់​លើ និង​អ្នក​ធ្វើ​ការ​ចំ​កន្លែង​ខ្លាញ់ ពួកគេ​បាន​បង្ហាញ​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​យ៉ាង​លឿន​រហ័ស និង​យ៉ាង​សម្ញែង​ដោយ​គ្មាន​លាក់លៀម។ ផ្ទះ​វីឡា ដី​ជា​ច្រើន​កន្លែង រថយន្ត​ទំនើប​ជាច្រើន​គ្រឿង និង​ប្រាក់​ចាយវាយ​យ៉ាង​ពោរ​ពាស​...។ ប៉ុន្តែ អ្នក​ទាំងនោះ​ហាក់ដូចជា​ភ្លេច​គិតថា តើ​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ដែល​ពួកគេ​មាន​នេះ ​បាន​មក​ពី​ណា? នេះ​ជា​សំណួរ​ដែល​អ្នកផង​ទាំងពួង​នាំ​គ្នា​ចោទសួរ​ និង​ខ្សឹប​ខ្សៀវ​គ្រប់​គ្នា។ ចម្លើយ​ដ៏​សាមញ្ញ​បំផុត​នោះ​គឺ មកពី​គេ​ធ្វើការ​ចំ​កន្លែង​ខ្លាញ់។

នៅ​ពេល​ដែល​មន្ត្រី​ទាំង​នោះ​ចុះ​មូលដ្ឋាន​ម្តងៗ ពួកគេ​បាន​បង្ហាញ​ពី​ភាព​ខុស​គ្នា​ស្រឡះ​ធៀប​នឹង​ជីវភាព​ប្រជាពលរដ្ឋ ​និង​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​ជាតិ។ ភាព​ខុសគ្នា​បាន​ស្តែង​ឡើង​តាមរយៈ​រថយន្ត​ដែលមាន​តម្លៃ​ខ្ពស់​កប់​ពពក និង​សម្ភារៈ​ប្រើប្រាស់​ទំនើបៗ​ជា​ច្រើន​ទៀត។

ទោះ​បី​ជា​ក្រុម​អ្នក​ភូមិ​ចោមរោម​មើល​ដោយ​ក្តី​ស្ងប់​ស្ញែង ក៏ប៉ុន្តែ ភាព​ស្ញប់ស្ញែង​ទាំងនោះ​បង្កប់​ដោយ​ការ​ឈឺចាប់​ និង​អស់សង្ឃឹម។ ពួកគេ​តែង​ដណ្តឹង​សួរ​គ្នា​ថា «តើ​ជាតិ​ណា​ទើប​ពួកយើង​អាច​មាន​ទ្រព្យសម្បត្តិ​ដូច​គេ?» សំណួរ​នេះ​ ក៏​បង្កប់ន័យ​ខកចិត្ត​យ៉ាងខ្លាំង​ណាស់ដែរ។

ក្រៅ​ពី​ទ្រព្យសម្បត្តិ មន្ត្រី​ភាគ​ច្រើន​ប្រកាន់​ឫក​ពារ​ក្រអឺតក្រទម​ក្នុងនាម​ជា​អ្នកមាន​និង​អ្នកទីក្រុង ដែល​ខុស​ស្រឡះ​ពី​អ្នកក្រ​និង​អ្នកស្រែ​ចម្ការ។ កង​អង្គរក្ស​ព្រោងព្រាត អ្នក​បើក​ទ្វារ​ឡាន និង​អ្នក​ហែហម​តាម​គោរព​រណែបរណប សូម្បីតែ​ពួកគេ​ចុះ​ទៅ​វាលស្រែ​សោះ​ក៏​ដោយ។ ពួកគេ​ចង់​បង្ហាញថា ធ្វើ​ធំ​គឺ​ដូច្នេះ​ឯង។ មើលទៅ បញ្ហា​មុខមាត់​ហាក់​ដូចជា​រឿង​សំខាន់​ណាស់​គឺ​សំខាន់​រហូតដល់​ភ្លេច​គិតពី​ភាព​សមរម្យ​ និង​ការ​សម្រប​ខ្លួន​ទៅនឹង​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ និង​ស្ថានភាព​ប្រទេសជាតិ។ មាន​មន្ត្រី​ច្រើន​ណាស់​ដែល​ត្រូវ​ប្រជាពលរដ្ឋ​និយាយ​ដើម​ពីក្រោយ​ខ្នង​ ក្រោយពី​ចុះទៅ​មូលដ្ឋាន ឬ​សូម្បីតែ​ទៅ​ចែក​អំណោយ។

ការ​ប្រើ​អំណាច​ដើម្បី​ឲ្យ​គេ​ខ្លាច​ក៏​ជា​បញ្ហា​ពេញ​និយម​មួយទៀត។ ជា​ទូទៅ ​អ្នក​មាន​បុណ្យស័ក្តិ​ច្រើន​តែ​ប្រាថ្នា​ចង់​ឲ្យ​អ្នកផង​ទាំងពួង​គោរព កោតខ្លាច ហើយ​តាំងខ្លួន​ជា​អ្នកឈ្នះ​ជានិច្ច មិន​ថា ខុស​ឬ​ត្រូវ​ឡើយ។ និយាយ​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​វិញ ការ​កេះកៀវ​រកលុយ​កាក់​គឺជា​ជំងឺ​ដែល​ពិបាក​ព្យាបាល។ ទោះបីជា​នាយករដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ពួកគេ​បម្រើ​រាស្ត្រ ប៉ុន្តែ រហូត​មក​ទល់​ម៉ោង​នេះ តើ​មាន​មន្ត្រី​ប៉ុន្មាន​នាក់​ដែល​ធ្វើ​ឯកសារ សំណុំ​បែបបទ​ផ្សេងៗ ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ហើយ​យកទៅ​ជូន​ដល់ផ្ទះ​ដូច​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ចង់​បាន​នោះ?

ទម្លាប់​មួយ​ទៀត​ដែល​មន្ត្រី​ចូលចិត្ត​ធ្វើ​នោះ​ គឺ​ការចូល​ចិត្ត​ឲ្យ​គេ​ផ្គាប់ផ្គន់។ ពេល​មេ​ចុះ​ទៅ​ដល់​ណា កូនចៅ​តាម​ខ្សែ​បណ្តោយ​ត្រូវ​តាម​ផ្គាប់ផ្គន់ យកចិត្ត​ថ្លើម ទោះ​មេ​ចង់បាន​អ្វី​ក៏បាន​ដូច​ចិត្ត​ពី​ព្រោះ​គឺ​ដោយសារ​មេនេះ​ហើយ​ បាន​ជា​ពួកគេ​មាន​កាស​ធ្វើ​ការ​នៅ​កន្លែង​ខ្លាញ់។ ដូច្នេះ មន្ត្រី​ថ្នាក់ក្រោម​ធ្វើការ​ផ្គាប់ចិត្ត​មេជាង​ផ្គាប់ចិត្ត​ម្ចាស់ឆ្នោត។ ការប្រតិបត្តិ​បែបនេះ​ ហាក់​បានកើត​ឡើងតៗគ្នា​ តាំងពី​ថ្នាក់លើ​រហូត​ថ្នាក់ក្រោម។ នេះ​គ្រាន់តែ​ជា​ចំណុចខ្លះៗដែល​ស្តីពី​អាកប្បកិរិយា​អវិជ្ជមាន ​របស់​មន្ត្រី​មួយចំនួន​តែប៉ុណ្ណោះ។ រូបភាព​អវិជ្ជមាន​ទាំងនេះ​ស្ថិតក្រោម​ក្រសែភ្នែក​តាមដាន​របស់​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា។ ទីបំផុត វា​ក៏​ផ្តល់​ផល​អវិជ្ជមាន​ដល់​រដ្ឋាភិបាល​វិញ។

ដូច្នេះ រយៈពេល​៥​ឆ្នាំ​ខាងមុខ​នេះ​ ជា​ពេលវេលា​សំខាន់​ណាស់​ដែល​មន្ត្រី​ត្រូវ​ផ្លាស់ប្តូរ​ឥរិយាបថ​អវិជ្ជមាន​របស់ខ្លួន​ជា​ចាំបាច់​ មុននឹង​និយាយ​ដល់​កំណែទម្រង់​គោល​នយោបាយ​ផ្សេង។ ប្រសិនបើ​មិន​ដូច្នោះ​ទេ រដ្ឋាភិបាល​ច្បាស់​ជា​មិនអាច​ស្តារ​​ប្រជាប្រិយភាព​របស់ខ្លួន​បានឡើយ

No comments: