Thursday, October 24, 2013

ក្រសួង​ប្រកាស​កែ​ទម្រង់​និង​ពង្រឹង​វិស័យ​អប់រំ

រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ទើប​ចូល​កាន់​តំណែង​ថ្មី បាន​ប្រកាស​អំពី​ការ​កែ​ទម្រង់​លើ​វិស័យ​អប់រំ និង​ពង្រឹង​វិស័យ​អប់រំ ឡើង​វិញ។ កន្លង​មក វិស័យ​អប់រំ​កម្ពុជា ទទួល​រង​ការ​រិះគន់​ជាច្រើន ដូច​ជា ប្រាក់​ខែ​មន្ត្រី​រាជការ ពិសេស​គ្រូ​បង្រៀន​មិន​អាច​សមាមាត្រ​នឹង​តម្លៃ​ទំនិញ ដែល​នាំ​ឲ្យ​គ្រូ​ខ្លះ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​គ្រូ​ខ្លះ​យក​ម៉ោង​រដ្ឋ​ទៅ​បង្រៀន​សាលា​ឯកជន​ជាដើម។

ដោយ អ៊ុក សាវបូរី
2013-10-21
RFA
ស្ដាប់ ឬ ទាញ​យក​សំឡេង 
ស្តាប់សំឡេង ថតសំឡេង
ហង់ ជួនណារ៉ុន ៦១០
រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន ថ្លែង​ក្នុង​វេទិកា​ស្ដីពី​ការងារ​អប់រំ យុវជន និង​កីឡា នា​វិទ្យាស្ថាន​ជាតិ​អប់រំ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៣។ RFA/Ouk Savborey
លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី ប្ដេជ្ញា​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​៣ របស់​រាជ​រដ្ឋាភិបាល ដែល​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​នៅ​ក្នុង​អង្គ​ប្រជុំ​គណៈរដ្ឋមន្ត្រី​លើក​ទី​១ សម្រាប់​នីតិកាល​ទី​៥។
រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន ថ្លែង​ថា អាណត្តិ​ថ្មី​របស់​រាជ​រដ្ឋាភិបាល គឺ​ជា​របត់​ថ្មី​មួយ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា គឺ​ត្រូវ​ដណ្ដើម​មក​វិញ​នូវ​បេះដូង​បុគ្គលិក​សិក្សា និង​យុវជន ដែល​ស្ថិត​ក្នុង​វ័យ​សិក្សា។ លោក​ថ្លែង​យ៉ាង​ដូច្នេះ ក្នុង​សន្និសីទ​ស្ដីពី​ការងារ​អប់រំ យុវជន និង​កីឡា ឆ្នាំ​២០១៣ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​តុលា ដែល​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​ក្រសួង និង​មន្ត្រី​ក្រោម​ឱវាទ​ក្រសួង​អប់រំ ប្រមាណ ៩០០​នាក់។
លោក ហង់ ជួនណារ៉ុន៖ «ហើយ​ធ្វើ​ការ​មិន​ចេះ​តែ​បក្ខពួក​គេ តែង​តាំង​តែ​បក្ខពួក​ខ្លួន​ឯង​ទៅ​អ្នក​ផ្សេង​ទៀត​អត់​មើល អ៊ីចឹង​ជា​ចំណុច​មួយ អ្នក​ដែល​គ្នា​ពូកែ គេ​អត់​ចង់​នៅ​ទេ​កន្លែង​ហ្នឹង ធ្វើ​ម៉េច​ត្រូវ​តែ​ចេញ​ទៅ​ធ្វើ​ការ​នៅ​ខាង​ក្រៅ ហើយ​បើ​សិន​ជា​យក​បក្ខពួក​និយម យក​គ្រួសារ​និយម​ទៅ ដូច​បក្ខពួក​ខ្លួន បាន​ឡើង​តំណែង អា​ហ្នឹង​ហើយ​ដែល​បង្កើត​ជា​បញ្ហា​ធំ»
លោក​បន្ត​ថា ក្រៅ​ពី​កែលំអ​គុណភាព​អប់រំ ក៏​ត្រូវ​ពិនិត្យ​កន្លែង​លេង​កីឡា​របស់​សិស្ស​ដែរ៖ «កំណែ​ទម្រង់​វិស័យ​កីឡា​ធំ​ណាស់។ យើង​មើល​ការ​គ្រប់គ្រង​របស់​យើង​កន្លង​ទៅ​នេះ ហាក់​មាន​ការ​ធូររលុង ដោយសារ​តែ​កន្លែង​ដែល​ទាត់​បាល់​កីឡាដ្ឋាន​ជាតិ គេ​យក​ទៅ​ជួល​ទៅ​អី​ធ្វើ​ឲ្យ​មាន​បញ្ហា។ អ៊ីចឹង ត្រូវ​ពិនិត្យ​ឡើង​វិញ អ្នក​ដែល​កាន់​ខាង​កីឡា សុំ​ពិនិត្យ​ឡើង​វិញ ហើយ​កែ​ទម្រង់​វិស័យ​របស់​ខ្លួន»
វេទិកា​បាន​កំណត់​អាទិភាព​នៃ​កំណែ​ទម្រង់​វិស័យ​អប់រំ យុវជន និង​កីឡា ឆ្នាំ​២០១៣ ទៅ​ឆ្នាំ​២០១៨។
លោក ហង់ ជួនណារ៉ុន បន្ត​ថា ដើម្បី​ធ្វើ​កំណែ​ទម្រង់​វិស័យ​អប់រំ ក្រសួង​អប់រំ បាន​រៀប​ចំ​ឯកសារ​ឲ្យ​មាន​ការ​កែ​ទម្រង់​ដូច​ជា ឧត្តម​សិក្សា​ត្រូវ​ជជែក​គ្នា​រវាង​ផ្ទៃ​ក្នុង​ក្រសួង ជាមួយ​នឹង​គ្រឹះស្ថាន​ឧត្តម​សិក្សា ហើយ​អនុវត្ត​ឲ្យ​បាន​ក្នុង​រយៈពេល ៥​ឆ្នាំ។ ទី​២ គោល​នយោបាយ​បណ្ដុះ​បណ្ដាល​បច្ចេកទេស។ ទី​៣ គោល​នយោបាយ​ស្ដីពី​ការ​បង្កើត​ការងារ​ដល់​យុវជន៖ «ពីព្រោះ​យុវជន​ហ្នឹង​សំខាន់​ណាស់ ៥០% នៃ​ប្រជាជន​កម្ពុជា មាន​អាយុ​ពី ១៥​ឆ្នាំ ទៅ ២៤​ឆ្នាំ ហើយ​បើ​គិត​ទៅ​ដល់ ៣០​ឆ្នាំ មាន​ជាង ៧០%។ អ៊ីចឹង ការងារ​យុវជន​នេះ គឺ​សំខាន់​ណាស់ ដែល​យុវជន​យើង​ដែល​មិន​សូវ​មាន​ជំនាញ​អ៊ីចឹង យើង​ត្រូវ​មាន​វគ្គ​បណ្ដុះ​បណ្ដាល​ខ្លី វែង​អ៊ីចឹង ការ​ផ្តល់​អាហារូបករណ៍​អ៊ីចឹង»
លោក ហង់ ជួនណារ៉ុន បន្ថែម​ថា មាន​ការ​រិះគន់​ពី​ការ​ប្រឡង​បាក់​ឌុប ដែល​ត្រូវ​កែលំអ និង​ត្រូវ​ជជែក​គ្នា​តាំង​ពី​ឥឡូវ រហូត​ដល់​ចុង​ឆ្នាំ។ ការ​ជជែក​ត្រូវ​ឲ្យ​អស់​ពី​វិធាន​ការ​ដែល​ត្រូវ​ធ្វើ ហើយ​នៅ​ពេល​ប្រឡង​បាក់​ឌុប លើក​ក្រោយ ត្រូវ​ធ្វើ​ឲ្យ​បាន ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ទាំងអស់​គ្នា​ទទួល​ស្គាល់៖ «ព្រោះ​សង្គម​យើង​គេ​មើល​ការងារ​មិន​ល្អ​មក​ពី​បាក់​ឌុប វា​មិន​កើត។ អ៊ីចឹង​អ្នក​ដែល​ប្រឡង​ចេញ​ហ្នឹង ក៏​មាន​បញ្ហា ហើយ​ទៅ​មុខ​ទៀត ក៏​មាន​បញ្ហា ហើយ​បើ​យើង​ធ្វើ​រឿង​នេះ​មិន​បាន យើង​ចង់​ធ្វើ​អី​ទៀត​ដែល​ល្អ​ក៏​គេ​អត់​ជឿ​ដែរ»
គ្រូ​បង្រៀន ៦១០
បុគ្គលិក​សិក្សា​ចូល​រួម​ក្នុង​វេទិកា​ស្ដីពី​ការងារ​អប់រំ យុវជន និង​កីឡា នា​វិទ្យាស្ថាន​ជាតិ​អប់រំ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៣។ RFA/Ouk Savborey
លោក​បន្ថែម​ថា កន្លង​មក​ការ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ បាន​ធ្វើ​ការ​ផ្ទុយ​គ្នា។ អ្នក​កាន់​គោល​នយោបាយ មិន​បាន​ធ្វើ​ការ​ជាមួយ​អ្នក​កាន់​ថវិកា​ទេ ឥឡូវ​នេះ​ត្រូវ​ប្ដូរ​ឲ្យ​មាន​ការ​អង្គុយ​ជជែក​គ្នា ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​កិច្ច​សហការ​គ្នា ដើម្បី​អភិវឌ្ឍ​ជាតិ​ទាំង​មូល៖ «អ្នក​ដែល​កាន់​គោល​នយោបាយ​មាន​តែ​គោល​នយោបាយ អ្នក​ដែល​កាន់​លុយ​មាន​តែ​លុយ។ ដល់​អ៊ីចឹង វា​អត់​ស៊ី​គ្នា អ៊ីចឹង​យើង​ត្រូវ​ធ្វើ​ម៉េច​ឲ្យ​វា​ស៊ី​គ្នា ពី​រឿង​គោល​នយោបាយ ហើយ​និង​ធនធាន ទាំង​ធនធាន​មនុស្ស ក៏​ដូច​ជា​ធនធាន​ហិរញ្ញវត្ថុ»
ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ថ្លែង​ថា សមាគម​នេះ​រង់ចាំ​មើល​ការ​អនុវត្ត​យុទ្ធសាស្ត្រ​កំណែ​ទម្រង់​វិស័យ​អប់រំ​របស់​ក្រសួង​អប់រំ ដែល​ស៊ី​ជម្រៅ ហើយ​សមាគម​គ្រូ​នឹង​គាំទ្រ​ការ​អនុវត្ត​បាន ប្រសិន​បើ​រដ្ឋមន្ត្រី​ឡើង​កាន់​តំណែង​ថ្មី​ជួយ​ស៊ើប​អង្កេត​ពី​អំពើ​ពុក​រលួយ​នៅ​ពេល​ប្រឡង​គ្រូ​ថ្មីៗ នៅ​តាម​បណ្ដា​ខេត្ត​ដែល​កំពុង​តែ​មាន​សំណូក៖ «ប្រឡង​គ្រូ​ឧត្តម​សិក្សា​ថ្ងៃ​២៩ កញ្ញា កន្លង​ទៅ​នេះ ក៏​ឃើញ​មាន​ការ​ពុក​រលួយ​ពី ៣​ពាន់​ដុល្លារ ទៅ ៣.៥០០​ដុល្លារ ជាប់ ហើយ​ឲ្យ​លោក​រដ្ឋមន្ត្រី​ត្រូវ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត»
សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​ពី​ការ​កែ​ទម្រង់​មាន ទី​១ បញ្ហា​ប្រឈម​ចំពោះ​មុខ ដូច​ជា​ការ​គ្រប់គ្រង​បុគ្គលិក ការ​ប្រឡង​នៅ​គ្រប់​កម្រិត​សិក្សា គុណភាព​អប់រំ​យុវជន​មាន​ជំនាញ​ទាប។ ទី​២ បញ្ហា​គន្លឹះ ដូច​ជា ពង្រឹង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ និង​ការ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​រដ្ឋ ពង្រឹង​ការ​គ្រប់គ្រង​បុគ្គលិក ពង្រឹង​ការ​ប្រឡង​គ្រប់​ប្រភេទ បង្កើត​ធនាគារ​ខួរ​ក្បាល​ក្នុង​វិស័យ​អប់រំ កំណែ​ទម្រង់​ឧត្តម​សិក្សា បង្កើន​គុណភាព​សិក្សា​ឲ្យ​មាន​ការ​អភិវឌ្ឍ​សម្រាប់​យុវជន នូវ​ជំនាញ​បច្ចេកទេស និង​ជំនាញ​ទាន់​ពេល និង​កំណែ​ទម្រង់​ការ​អប់រំ​កាយ និង​កីឡា៕
ផ្សាយបន្តពី៖ ទំព័រព័ត៌មានខ្មែរ 

No comments: