Wednesday, October 2, 2013

អ្នក​ជំនាញ៖ កំណែ​ទម្រង់​របស់​បក្ស​ប្រជាជន​ពិត​ជា​ពិបាក​ទទួល​ជោគ​ជ័យ

ក្រុម​អ្នក​ជំនាញ​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា និយាយ​ថា ការ​ធ្វើ​កំណែ​ទម្រង់​ផ្នែក​ខ្លះ​ក្រោម​គោល​នយោបាយ​ចតុកោណ​ដំណាក់​កាល​ទី៣ របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​នីតិកាល​ទី៥ នេះ ទំនង​ជា​នឹង​ពិបាក​ទទួល​ជោគជ័យ​ណាស់។លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ កញ្ញា ឆ្នាំ​២០១៣។ RFA Screenshot
ប៉ុន្តែ កាល​ពី​ថ្ងៃ​ពុធ កន្លង​ទៅ​នេះ លោក ហ៊ុន សែន មាន​សេចក្ដី​សង្ឃឹម​ថា តាម​រយៈ​នយោបាយ​ដែល​បាន​ដាក់​ចេញ​លើក​នេះ នឹង​ធ្វើ​ឲ្យ​បក្ស​ប្រជាជន​កម្ពុជា អាច​ទទួល​បាន​ការ​គាំទ្រ​ឡើង​វិញ។
កិច្ច​ពិគ្រោះ​យោបល់​របស់​ក្រុម​អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន ដែល​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​សាន់វេ (Sunway Hotel) រំពឹង​ថា យុទ្ធសាស្ត្រ​កែ​ទម្រង់​គោល​នយោបាយ​របស់​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ អាណត្តិ​ទី​៥ នេះ ទំនង​ជា​ពុំ​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន ផ្លែផ្កា​ដូច​អ្វី​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​នោះ​ទេ។
កិច្ច​សន្ទនា​នេះ ធ្វើ​ឡើង​រយៈពេល ៦​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ដាក់​ចេញ​នូវ​គោលការណ៍​កំណែ​ទម្រង់​ស្ថាប័ន​សំខាន់ៗ និង​សេវា​សាធារណៈ​របស់​រដ្ឋ​សម្រាប់​អាណត្តិ​ទី​៥ នេះ។
និពន្ធ​នាយក​វិទ្យុ​បារាំង​អន្តរជាតិ ជា​ភាសា​ខ្មែរ លោក ប៉ែន បូណា លើក​ឡើង​ថា គោល​នយោបាយ​ដែល លោក ហ៊ុន សែន ធ្វើ​កំណែ​ទម្រង់ ដូច​ជា ជំរុញ​ឲ្យ​មាន​វេទិកា​សាធារណៈ និង​ការ​ផ្លាស់​ប្ដូរ​សមាសភាព​រដ្ឋមន្ត្រី​មួយ​ចំនួន​ក្នុង​ពេល​ថ្មីៗ​នេះ ទំនង​ជា​មិន​អាច​ជួយ​អ្វី​បាន​ច្រើន សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី​ឡើយ។ ប៉ុន្តែ​ថា អ្វី​ដែល​អាច​ទម្លាយ​បញ្ហា​ទាំង​នេះ​ទៅ​បាន គឺ​ត្រូវ​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​ឲ្យ​រួច​រាល់​ជា​មុន​សិន៖ «ពេល​នេះ ប្រទេស​កម្ពុជា ខ្ញុំ​បាន​និយាយ​រួច​ហើយ​នៅ​ក្នុង​វិទ្យុ​ខ្ញុំ ហាក់​ដូច​កំពុង​ប្រឈម​ចំពោះ​ជម្រើស​ពីរ​ទេ សំខាន់​ណាស់។ ទី​មួយ កំណែ​ទម្រង់។ ទី​ពីរ គឺ​បដិវត្ត ដើម្បី​ផ្លាស់​ប្ដូរ។ នេះ​កំពុង​តែ​បង្ហាញ​ចំពោះ​មុខ​យើង​ខ្ញុំ»
ដោយ​ឡែក លោក ពុយ គា អ្នក​ឆ្លើយ​ឆ្លង​សារព័ត៌មាន​ក្យូដូ (Kyodo) របស់​ជប៉ុន ប្រចាំ​កម្ពុជា គិត​ថា ការ​កែ​ទម្រង់​សម្រាប់​អាណត្តិ​នេះ ហាក់​មិន​ខុស​ពី​អាណត្តិ​មុនៗ​ឡើយ។ ពោល គឺ​ការ​កែ​ទម្រង់​លើក​នេះ ត្រូវ​គេ​ដឹង​ថា​មាន​ការ​រុះរើ​តិចតួច​លើ​មន្ត្រី​ផ្នែក​រដ្ឋាភិបាល​ ប៉ុណ្ណោះ។ ចំណែក​ក្បាល​ម៉ាស៊ីន​រដ្ឋាភិបាល​សំខាន់ៗ គឺ​នៅ​ដូច​ដើម។ ហេតុ​នេះ លោក​គិត​ថា​នេះ​ទំនង​ជា​ពិបាក​ណាស់ ដើម្បី​ក្នុង​ការ​សម្រេច​គោលដៅ​នៃ​ការ​កែ​ទម្រង់ ដែល​អាច​ទាក់ទាញ​ការ​ជឿ​ទុក​ចិត្ត​បាន​នោះ៖ «យើង​មិន​ដឹង​ថា តើ​ការ​ស៊ី​ជម្រៅ​នៃ​ការ​កែ​ទម្រង់​របស់​គាត់​ហ្នឹង ហ៊ាន​ប៉ុណ្ណា ហ៊ាន​កាត់​សាច់​បាន​ប៉ុន្មាន។ កាត់​សាច់​ស្អុយ​របស់​គាត់ ពីព្រោះ​បើ​យើង​មើល​ទៅ គ្រាន់​តែ​យើង​មើល​រដ្ឋាភិបាល​ត្រឡប់​មក​វិញ ដូច​ជា​ពិបាក។ ជា​ពិសេស គឺ​តួអង្គ​មនុស្ស​ដដែលៗ​ហ្នឹង​ច្រើន»
យ៉ាង​ណា​ក៏ដោយ កិច្ច​ប្រជុំ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​ពុធ សប្ដាហ៍​កន្លង​ទៅ​នេះ លោក ហ៊ុន សែន បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​បី​ថា កំណែ​ទម្រង់ គឺ​ជា​ចំណុច​ស្លាប់​រស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា។
ទន្ទឹម​នឹង​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្ដេជ្ញា​ដែរ​ថា លោក​នឹង​មិន​លើក​លែង​ត​ទៅ​ទៀត​ឡើយ ហើយ​ក៏​មិន​បន្ធូរបន្ថយ​ដល់​មន្ត្រី​ក្រោម​បង្គាប់​របស់​លោក​ដែរ ដែល​ធ្វើ​ខុស ហើយ​ទុក​ឲ្យ​គោល​នយោបាយ​របស់​លោក​ត្រូវ​បរាជ័យ​ទៀត​ទេ៖ «តែ ​ដល់​ដំណាក់​កាល​ព្យាបាល​ហើយ​ប្រហែល​ជា ព្រោះ​ជួន​កាល​គេ​ត្រូវ​ការ​វះកាត់ ដូច​អ្នក​ជំងឺ​អ៊ីចឹង បើ​មិន​កាត់​វា​អាច​កង់ស៊ែរ។ គេ​អាច​កាត់​ដៃ​ម្ខាង​ចេញ ដើម្បី​គេ​កុំ​ឲ្យ​មហា​រីក​រាល​ដាល​ពេញ​ទាំង​ខ្លួន។ អ៊ីចឹង​ទេ រាជ​រដ្ឋាភិបាល ឬ​ទី​កន្លែង​ណា​មិន​អាច​ទុក​ឲ្យ​មន្ត្រី​ម្នាក់​ពីរ​នាក់ បង្ក​ការ​រំខាន​ក្លាយ​ទៅ​ជា​ជំងឺ​មហា​រីក​ទេ»
ជាមួយ​គ្នា​នេះ លោក ប៉ែន សមិទ្ធិ ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា ចាត់​ទុក​ថា អ្វី​ដែល​ជា​ការ​តាំង​ចិត្ត​របស់​អ្នក​នយោបាយ គឺ​ជា​ផ្នែក​មួយ​ល្អ​ប្រសើរ ប៉ុន្តែ​សំខាន់​នៅ​ត្រង់​ថា តើ​អ្នក​នយោបាយ​នឹង​យក​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ផ្អែក​លើ​គោលការណ៍​ ធ្វើ​កំណែ​ទម្រង់​នេះ ទៅ​អនុវត្ត​បាន​កម្រិត​ណា។ បើ​ទោះ​ជា​បែប​ណា លោក​គិត​ថា ការ​កែ​ទម្រង់​គោល​នយោបាយ​ដែល​ប្រសើរ គួរ​ចាប់​ផ្ដើម​ពី​ប្រព័ន្ធ​យុត្តិធម៌​សង្គម ដែល​ជា​ផ្នែក​មួយ​អាច​ជះ​ឥទ្ធិពល​ដល់​ការ​សម្រេច​ស្មើ​គ្នា​រវាង​ពលរដ្ឋ និង​មន្ត្រី​រដ្ឋាភិបាល៖ «ជា​យោបល់​ផ្ទាល់​របស់​ខ្ញុំ គឺ​យុត្តិធម៌​សង្គម ជា​រឿង​ដែល​ត្រូវ​តែ​ចាប់​ផ្ដើម ជា​អាទិភាព។ មាន​ពេល​ខ្លះ មនុស្ស​បាន​រស់​នៅ​គ្រប់គ្រាន់​គួរ​សម​ហើយ ផ្លូវ​អាច​មាន​បញ្ហា​តិចតួច លិច​នៅ​ពេល​ភ្លៀង​អាច​ទ្រាំទ្រ​បាន ប៉ុន្តែ​ភាព​អយុត្តិធម៌​នៅ​ក្នុង​សង្គម គឺ​ជា​រឿង​លំបាក​ដែល​នឹង​ទ្រាំទ្រ»
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទាមទារ​ឲ្យ​មាន​ការ​កែ​ទម្រង់​គោល​នយោបាយ​ភ្លាមៗ​ក្រោយ​ពី​ប្រជុំ​សភា​ជា​ លើក​ដំបូង កាល​ពី​ថ្ងៃ​ទី២៣ ខែ​កញ្ញា រួច។ ស្ថិត​ក្រោម​ហេតុ​ផល​នេះ ត្រូវ​បាន​អ្នក​វិភាគ​សង្គម​គិត​ថា នោះ​ទំនង​ជា លោក ហ៊ុន សែន មើល​ឃើញ​ពី​ការ​បរាជ័យ​រួច​ទៅ​ហើយ ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា កន្លង​ទៅ។ នៅ​ក្នុង​នីតិកាល​ទី​៥ នេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​របូត​កៅអី​សភា​ចំនួន ២២​អាសនៈ ក្នុង​ចំណោម ៩០​អាសនៈ កាល​ពី​អាណត្តិ​ទី​៤។
ថ្លែង​នៅ​ក្នុង​វេទិកា​អ្នក​និពន្ធ​សារព័ត៌មាន​អំពី​ការ​សម្លឹង​មើល​ ប្រទេស​កម្ពុជា ក្នុង​រយៈពេល ៥​ឆ្នាំ​ខាង​មុខ ក្រោម​ការ​ដឹក​នាំ​នៃ​រដ្ឋាភិបាល​ថ្មី។ ក្រុម​អ្នក​ជំនាញ​ផ្នែក​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា គិត​ថា ឆន្ទៈ​នយោបាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី គឺ​ជា​យន្តការ​ដែល​អាច​ធ្វើ​ឲ្យ​ក្បាល​ម៉ាស៊ីន​នៃ​រដ្ឋាភិបាល​ថ្មី​មាន​ភាព​ ជោគជ័យ។ ប៉ុន្តែ គេ​ត្រូវ​ពិនិត្យ​ថា តើ​ការ​កែ​ទម្រង់​នោះ​ឆ្លើយ​តប​នឹង​គោលការណ៍​ដែល​ដាក់​ចេញ​ដែរ​ឬ​ទេ។ ក្នុង​ន័យ​នេះ គេ​គិត​ថា ទំនង​ជា​ពិបាក​ណាស់​ដែល​អាច​ធ្វើ​ឲ្យ​គោល​នយោបាយ​ថ្មី​នេះ​សម្រេច​តាម​បំណង។
តំណាង​មូលនិធិ​ខុនរ៉ាដ ប្រចាំ​ប្រទេស​កម្ពុជា លោក ដេននីស រេយ (Denis Schrey) និយាយ​ថា ដើម្បី​ទាក់ទាញ​ការ​គាំទ្រ និង​ការ​ជឿ​ទុក​ចិត្ត​ពី​ម្ចាស់​ឆ្នោត គណបក្ស​នយោបាយ​ទាំង​ពីរ​គួរ​ធ្វើ​កំណែ​ទម្រង់​ឲ្យ​បាន​ស៊ី​ជម្រៅ​បន្ថែម​ទៀត សម្រាប់​រយៈពេល ៥​ឆ្នាំ​ខាង​មុខ​នេះ។ លោក​គិត​ថា ការ​កែ​ទម្រង់ គឺ​ជា​ផ្នែក​មួយ ប៉ុន្តែ​ការ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ទើប​ជា​មធ្យោបាយ​ដ៏​ប្រសើរ៖ «ខ្ញុំ​ជឿជាក់​ថា ក្នុង​រយៈពេល ៥​ឆ្នាំង​ខាង​មុខ​ទៀត​នេះ ពិត​ជា​មាន​ការ​កំណែ​ទម្រង់​មួយ​ដ៏​ចាំបាច់ ទើប​អាច​កសាង​ជំនឿ​ទុក​ចិត្ត​បាន។ ក្នុង​នោះ ទាមទារ​ឲ្យ​មាន​ការ​កែ​ទម្រង់​ផ្នែក​នយោបាយ ផ្នែក​សេដ្ឋកិច្ច និង​នីតិរដ្ឋ។ ជា​ពិសេស ធ្វើ​ឲ្យ​វិស័យ​សារព័ត៌មាន​មាន​ភាព​សេរី និង​ប្រសិទ្ធភាព»
ចំណែក កៃ គឹមសុង និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ភាសា​ខ្មែរ មាន​ប្រសាសន៍​ថា ប្រសិន​បើ​រដ្ឋាភិបាល​កែ​ទម្រង់​គោល​នយោបាយ​រួច​ហើយ ប៉ុន្តែ​អនុវត្ត​ប្រហាក់​ប្រហែល​អាណត្តិ​ទី​៤ បញ្ហា​នេះ​នឹង​មិន​បាន​ផល​ច្រើន​ឡើយ៖ «តើ ៧% ហ្នឹង វា​ប្រាកដ​បាន​ទៅ​ប្រជាពលរដ្ឋ។ វា​ចែក​រំលែក​គេ​ហៅ​សៀ (Share) ទៅ​ប្រជាពលរដ្ឋ ឬ​ក៏​បាន​តែ ១៥% នៃ​ក្រុម​មនុស្ស​អ្នក​មាន​ទេ។ ឧបមា​ថា បើ​សិន​យើង​គូរ​ពីរ៉ាមីត​វិញ គឺ​ថា ជី.ឌី.ភី (GDP) ៧% ហ្នឹង នៅ​វើលបេង (World Bank) របាយការណ៍​នៅ​វើលបេង យើង​ឃើញ​ហើយ​បាន​តែ ១៥% នៃ​កំពូល​ទេ គឺ​ក្រុម​មនុស្ស​អ្នក​មាន។ អ៊ីចឹង ជី.ឌី.ភី ឥត​បាន​ទៅ​ដល់​អ្នក​ស្រុក​ស្រែ​ចម្ការ​ជនបទ​ទេ អា​ហ្នឹង​រឿង​សេដ្ឋកិច្ច។ ហើយ​មួយ​ទៀត​សង្គមកិច្ច សង្គមកិច្ច​យើង​ឃើញ​ហើយ យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​ប្រាកដ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ផ្ទះ​នៅ ប្រជាពលរដ្ឋ​ត្រូវ​មាន​ការងារ​ធ្វើ សីលធម៌​ប្រជាពលរដ្ឋ​ត្រូវ​ឲ្យ​ប្រសើរ​ជាង​មុន»
នេះ​ពុំ​មែន​ទើប​តែ​លើក​ទី​មួយ​ទេ​ដែល លោក ហ៊ុន សែន ព្រមាន​ធ្ងន់ៗ​ដល់​មន្ត្រី​របស់​លោក ហើយ​ប្រកាស​អំពី​ការ​កែ​ទម្រង់​គោល​នយោបាយ។ ពោល គឺ​លោក​នាយក​រដ្ឋមន្ត្រី​ក៏​ធ្លាប់​ព្រមាន​ដាក់​អាយុ​ជីវិត​ខ្លួន​លោក​ ផ្ទាល់​ផង​ដែរ បើ​លោក​ការពារ​ធនធាន​សម្បត្តិ​ធម្មជាតិ​មិន​បាន និង​កាត់​បន្ថយ​អំពើ​ពុក​រលួយ ព្រម​ទាំង​ប្រព័ន្ធ​យុត្តិធម៌​សង្គម ដែល​រង​ការ​រិះគន់​ថា មាន​ភាព​ស្មុគស្មាញ​នោះ៕

ដោយៈ ម៉ម មុនីរតន៍
 - RFA

No comments: